ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៦:៦០–៧១


យ៉ូហាន ៦:៦០–៧១

« តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? »

Jesus talking to a large group of people.

បន្ទាប់ពីព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជានំបុ័ងជីវិតមក ( សូមមើល យ៉ូហាន ៦:៣៥ ) មនុស្សជាច្រើនមិនយល់ ហើយជ្រើសរើសឈប់ធ្វើតាមទ្រង់ ។ នៅពេលដែលព្រះយេស៊ូវបានសួរពួកសាវកដប់ពីរនាក់ថា តើពួកគេនឹងទៅដែរឬ នោះពេត្រុស បានឆ្លើយថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៦៨ ) ។ មេរៀននេះអាចជួយអ្នកឲ្យពង្រឹង និងរក្សាភាពស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តរបស់អ្នក ក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ទោះបីជាអ្នកផ្សេងទៀតអាចមិនជ្រើសរើសដើរតាមទ្រង់ក៏ដោយ ។

ការឆ្លើយតបចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះ

សូមបង្កើតសាច់រឿងមួយ ដែលជារឿងពិត ឬក៏ជារឿងប្រឌិតមួយរបស់សមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានសម្រេចចិត្តឈប់ធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះតទៅទៀត ។ វាអាចមានគុណប្រយោជន៍ក្នុងការបំពេញចន្លោះនៅក្នុងសាច់រឿងដូចខាងក្រោមនេះ ។

[ ឈ្មោះ និងទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នក ] បានសម្រេចចិត្តឈប់ចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅពេលអ្នកសួរពួកគេពីមូលហេតុដែលពួកគេលែងចូលរួម ពួកគេនិយាយថា « [ មូលហេតុដែលលែងចូលរួមក្នុងសាសនាចក្រ ] » ។ នៅពេលអ្នកគិតអំពីចម្លើយរបស់ពួកគេ អ្នកមានអារម្មណ៍ថា [ សូមពិពណ៌នាអំពីអារម្មណ៍របស់អ្នក ] ។

សេចក្តីពិតដែលបានលើកឡើងនៅក្នុងមេរៀននេះ អាចជួយអ្នកឲ្យរក្សាភាពស្មោះត្រង់ នៅពេលអស់អ្នកដែលអ្នកស្រឡាញ់ អាចដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សេចក្តីពិតទាំងនេះក៏អាចជួយអ្នកផងដែរ ប្រសិនបើអ្នកកំពុងព្យាយាមសម្រេចចិត្តថា តើអ្នកចង់ចូលរួមក្នុងសាសនាចក្រនេះខ្លាំងប៉ុណ្ណា ។ សូមបើកដួងចិត្តរបស់អ្នក ដើម្បីទទួលការបំផុសគំនិតដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានពរដល់អ្នក ។

សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមមួយណា ដែលទាក់ទងនឹងអ្នក ៖

  • នៅពេលខ្ញុំឃើញអ្នកដទៃបាត់បង់សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ នោះវាប៉ះពាល់ដល់សេចក្ដីជំនឿរបស់ខ្ញុំ ។

  • ទោះបីជាដួងចិត្តខ្ញុំអាចឈឺចាប់ ប៉ុន្ដែសេចក្ដីជំនឿរបស់ខ្ញុំនៅតែប្រកាន់ខ្ជាប់ នៅពេលអ្នកផ្សេងទៀតនៅជុំវិញខ្ញុំបាត់បង់សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ក៏ដោយ ។

  • ខ្ញុំមិនខ្វល់ទេ នៅពេលនរណាម្នាក់ចេញពីសាសនាចក្រនេះ ប្រសិនបើការធ្វើដូច្នោះធ្វើឲ្យពួកគេសប្បាយចិត្តនោះ ។

  • ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងនៅតែធ្វើជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រដដែល ។

  • ខ្ញុំនៅតែកំពុងសម្រេចចិត្តថា តើខ្ញុំចង់ក្លាយជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រនេះដែរឬទេ ។

នៅក្នុង យ៉ូហាន ៦:២៦–៥៨ ព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជានំបុ័ងជីវិតដែលចុះមកពីស្ថានសួគ៌ ហើយថាអស់អ្នកដែលទទួលទានព្រះកាយ និងព្រះលោហិតរបស់ទ្រង់ នោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។

សូមអាន យ៉ូហាន ៦:៦០–៦៦ ដោយរកមើលថា តើមនុស្សមួយចំនួនបានឆ្លើយតបយ៉ាងណាចំពោះការបង្រៀនរបស់ព្រះអម្ចាស់ ។

  • ហេតុអ្វីបានជាអ្នកគិតថា មនុស្សពិបាកនឹងទទួលយកការបង្រៀនថ្មីទាំងនេះពីព្រះយេស៊ូវ ?

  • តើការបង្រៀនអ្វីខ្លះរបស់ព្រះអង្គសង្គ្រោះនៅសម័យយើង ដែលពិបាកនឹងទទួលយក ?

  • តើអ្នកគិតថាមានមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យមនុស្សមួយចំនួននៅសម័យរបស់យើងនេះ ជ្រើសរើសឃ្លាតឆ្ងាយពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?

សូមចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់មនុស្សគ្រប់គ្នា—រួមទាំងអ្នកដែលបានជ្រើសរើសដើរចេញពីសាសនាចក្រផងដែរ ។ យើងអាចបន្តស្រឡាញ់ ហើយព្យាយាមយល់ពីអ្នកដែលបានចាកចេញ ។ ដោយសារតែនរណាម្នាក់សម្រេចចិត្តចាកចេញ នោះមិនមែនមានន័យថា ពួកគេជាមនុស្សអាក្រក់ ឬថាពួកគេនឹងត្រូវវេទនាជានិច្ច ដោយសារតែពួកគេចាកចេញនោះទេ ។ ក៏មិនមែនមានន័យថា ពួកគេនឹងមិនជ្រើសរើសត្រឡប់មកសាសនាចក្រវិញនាពេលអនាគតនោះដែរ ។ ព្រះអម្ចាស់អាចបំផុសគំនិតអ្នកនូវអ្វីដែលត្រូវនិយាយ និងត្រូវធ្វើចំពោះអស់អ្នកដែលបានដើរចេញ ។

« អ្នករាល់គ្នាចង់ថយទៅដែរឬ ? »

សូមអាន យ៉ូហាន ៦:៦៧ ហើយសម្គាល់មើលសំណួរដែលព្រះយេស៊ូវបានសួរពួកសាវករបស់ទ្រង់ ។

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីរបៀបដែលសំណួររបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងយើង ។

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

នៅទីបំផុត យើងម្នាក់ៗត្រូវតែឆ្លើយសំណួររបស់ព្រះអង្គសង្គ្រោះ ៖ « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » [ យ៉ូហាន ៦:៦៧ ] ។ យើងទាំងអស់គ្នាត្រូវស្វែងរកចម្លើយចំពោះសំណួរនោះដោយខ្លួនឯង ។ អ្នកខ្លះឆ្លើយថាស្រួល អ្នកខ្លះទៀតឆ្លើយថាពិបាក ។

( អិម រ័សុល បាឡឺដ « To Whom Shall We Go? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩២ )

សូមអាន យ៉ូហាន ៦:៦៨–៦៩ ដោយរកមើលចម្លើយរបស់ពេត្រុសចំពោះសំណួររបស់ព្រះអង្គសង្រ្គោះ ។

  • ហេតុអ្វីបានជាអ្នកគិតថា ពេត្រុស អាចឆ្លើយតបតាមរបៀបដែលគាត់បានឆ្លើយតបបែបនេះ ?

  • តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ពេត្រុស ?

ដោយថ្លែងពីជម្រើសដែលពួកសាវកដប់ពីរនាក់បានធ្វើ ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

នៅគ្រានោះ ខណៈពេលដែលអ្នកដទៃផ្ដោតទៅលើអ្វី ដែលពួកគេពុំអាចទទួលយកបាន ពួកសាវកបានជ្រើសរើសផ្ដោតទៅលើអ្វីដែលពួកលោក បាន ជឿ និងដឹង ជាលទ្ធផល ពួកលោកបានបន្ដនៅជាមួយព្រះគ្រីស្ទ ។

( អិម. រ័សុល បាឡឺត « To Whom Shall We Go? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០ )

  • ពេត្រុសបានប្រកាសថា ព្រះអង្គសង្គ្រោះបានមាន « ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៦៨ ) ។ តើការបង្រៀនអ្វីខ្លះរបស់ព្រះយេស៊ូគ្រីស្ទដែលអ្នកដឹងថាពិត ?

  • តើពរជ័យអ្វីខ្លះដែលអ្នកទទួលបាន ដោយសារតែសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?

ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ទៅកាន់បុគ្គលទាំងឡាយ ដែលអាចនឹងពិចារណាចង់ចាកចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សូមមើល « To Whom Shall We Go? » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៥:៣៥ ដល់ ៨:១៦ ។ នៅពេលអ្នកស្តាប់ប្រធាន បាឡឺដ សូមយកចិត្តទុកដាក់ចំពោះសំណួរដែលលោកសួរ ។

  • តើអ្នកមានគំនិតអ្វីខ្លះ កាលដែលអ្នកបានស្ដាប់ប្រធាន បាឡឺដ ?

  • តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាន ដែលជួយអ្នកឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយចូលរួម ឬបន្ដនៅក្នុងសាសនាចក្ររបស់ទ្រង់ ?

  • តើការចងចាំបទពិសោធន៍ទាំងនេះអាចជួយអ្នកយ៉ាងដូចម្តេច នៅពេលសេចក្ដីជំនឿរបស់អ្នកត្រូវបានសាកល្បង ?

14:23

To Whom Shall We Go?

Elder Ballard asks us to consider where we will turn to if we turn away from the Church of Jesus Christ when our faith is tested. If we stay, we are blessed.

ប្រសិនបើអ្នកកំពុងជួបការលំបាកក្នុងសេចក្ដីជំនឿរបស់អ្នក សូមចងចាំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ។ អ្នកអាចទូលសូមជំនួយពីព្រះវរបិតាសួគ៌របស់អ្នកបានជានិច្ច ។ អ្នកក៏អាចនិយាយជាមួយឪពុកម្តាយ ថ្នាក់ដឹកនាំរបស់សាសនាចក្រ ឬគ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់អ្នកបានដែរ អំពីសំណួរ និងកង្វល់ដែលអ្នកមាន ។

Writing on a piece of paper with a pen or pencil. ១ . សូមឆ្លើយសំណួរពីរ ឬច្រើនខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើព្រះអម្ចាស់សួរអ្នកថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » ( យ៉ូហាន ៦:៦៧ ) ។

  • តើអ្នកអាចធ្វើអ្វីខ្លះដើម្បីទទួលបាន និងពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ?

  • តើអ្នកចង់ចងចាំអ្វីខ្លះ នៅពេលនរណាម្នាក់ដែលអ្នកស្រឡាញ់ អាចសម្រេចចិត្តដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនោះ ?

  • តើអ្នកនឹងនិយាយអ្វីទៅនរណាម្នាក់ ដែលកំពុងតែឈឺចិត្តដោយសារតែមនុស្សដែលពួកគេខ្វល់ខ្វាយ បានសម្រេចចិត្តដើរចេញពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនោះ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ៦:៦៧–៦៩ ។ តើពេត្រុស និងពួកដប់ពីរនាក់បានយល់អ្វីខ្លះ ដែលបានជួយពួកគេឲ្យនៅតែជាអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

ខ្ញុំពុំដឹងថាតើនៅគ្រានោះ ពេត្រុស និងបងប្អូនប្រុសរបស់លោកយល់អំពីអ្វីដែលព្រះអម្ចាស់កំពុងបង្រៀន បានច្រើនជាងពួកសិស្សដែលកំពុងបោះបង់ចោលលោកចៅហ្វាយឬអត់នោះទេ ប៉ុន្តែពេត្រុសបានដឹងដោយឃើញហេតុការណ៍ពីព្រះវិញ្ញាណយ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ( សូមមើលផងដែរ ម៉ាថាយ ១៦:១៥–១៧ ) ហើយថាសេចក្ដីសង្គ្រោះពុំអាចរកបាននៅកន្លែងណាផ្សេងនោះទេ ។ ហេតុដូច្នោះហើយ លោកបានតាំងចិត្តធ្វើតាមព្រះយេស៊ូវយ៉ាងពេញទំហឹង ។ បើលោកមានចម្ងល់ ចម្ងល់ទាំងនោះអាចដោះស្រាយបានតាមពេលកំណត់ ប៉ុន្តែលោកមិនបានផ្លាស់ការតាំងចិត្តពីភក្ដីភាពចំពោះព្រះរាជបុត្រានៃព្រះនោះទេ—ដោយធ្វើជាគំរូដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ។

( ឌី ថត គ្រីស្ដូហ្វឺសិន « The Living Bread Which Came Down from Heaven » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៩ កំណត់ចំណាំទី ៨ )

តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យយ៉ាងណាចំពោះអ្នកដែលចាកចេញទៅ ?

ប្រធាន ហិនរី ប៊ី អាវរីង នៃគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Henry B. Eyring taken March 2018.

ពីមុនលោកិយនេះមកម្ល៉េះ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ដែលពេញដោយក្តីស្រឡាញ់ បានស្រឡាញ់ និងធ្វើការជាមួយនឹងអស់អ្នកដែលទ្រង់ទាំងទ្វេញាណដឹងថានឹងវង្វេងចេញទៅ ។ ទ្រង់ស្រឡាញ់ពួកគេជានិរន្តរ ។

( ហិនរី ប៊ី អាវរិង « To My Grandchildren » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២ )

តើខ្ញុំអាចធ្វើអ្វីបាន ចំពោះអ្នកដែលមិនសូវសកម្ម ឬអ្នកដែលបានចាកចេញពីសាសនាចក្រ ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ចម្លើយរបស់ខ្ញុំគឺ សូមកុំទៅប្រៀនប្រដៅដល់ពួកគេឡើយ ! សមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នកដឹងពីការបង្រៀនទាំងឡាយរបស់សាសនាចក្ររួចទៅហើយ ។ ពួកគេមិនត្រូវការការបង្រៀនផ្សេងទៀតនោះទេ ! អ្វីដែលពួកគេត្រូវការ—អ្វីដែលយើងទាំងអស់គ្នាត្រូវការ—គឺសេចក្តីស្រឡាញ់ និងការយល់ចិត្ត មិនមែនជាការវិនិច្ឆ័យនោះទេ ។ សូមចែករំលែកបទពិសោធន៍វិជ្ជមានរបស់អ្នកអំពីការរស់នៅតាមដំណឹងល្អ ។ អ្វីដែលមានឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបាន គឺការចែករំលែកបទពិសោធន៍ខាងវិញ្ញាណរបស់អ្នកជាមួយគ្រួសារ និងមិត្តភក្តិ ។ ដូចគ្នានេះផងដែរ ត្រូវចាប់អារម្មណ៍យ៉ាងពិតប្រាកដចំពោះជីវិតរបស់ពួកគេ ភាពជោគជ័យរបស់ពួកគេ និងឧបសគ្គរបស់ពួកគេ ។ សូមមានភាពកក់ក្តៅ ទន់ភ្លន់ ពេញដោយក្ដីស្រឡាញ់ និងមានចិត្តសប្បុរសជានិច្ច ។

( អិម រ័សុល បាឡឺដ « Questions and Answers » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ] ទំព័រ ៥ នៅលើគេហទំព័រ speeches.byu.edu )