ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ២
តើការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានីអាចមានឥទ្ធិពលលើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច ?
នេះជាផ្នែកទីពីរនៃមេរៀនទីពីរអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី និងសារៈសំខាន់ខាងគោលលទ្ធិរបស់មេរៀននេះ ។ ព្រះយេស៊ូវគ្រីស្ទបានរ៉ាប់រងអង្គទ្រង់នូវអំពើបាប ការឈឺចាប់ ជំងឺ និងភាពទន់ខ្សោយរបស់យើង ដែលជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ ដោយសារការពលិកម្មដ៏ធួនរបស់ទ្រង់ ទ្រង់អាចជួយយើងជាមួយនឹងបញ្ហាប្រឈមដែលយើងប្រឈមមុខក្នុងជីវិតរមែងស្លាប់ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានអារម្មណ៍ថាត្រូវការកម្លាំង ហើយជំនួយដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានឲ្យអ្នកតាមរយៈដង្វាយធួនរបស់ទ្រង់កាន់តែច្រើនឡើង ។
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទត្រូវរងទុក្ខខ្លាំងម្ល៉េះ ?
សូមស្រមៃពីសាច់រឿងខាងក្រោមនេះ ។
ឈែនឡឺ មិត្តរបស់អ្នក បានចាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមទៀតអំពីសាសនាចក្រនៅពីរបីខែកន្លងមកនេះ ។ គាត់បានចំណាយពេលជាច្រើននៅក្នុងផ្ទះរបស់អ្នកដើម្បីរៀនបន្ថែមទៀតអំពីដំណឹងល្អ ហើយថែមទាំងបានចូលរួមក្នុងការសិក្សាព្រះគម្ពីរជាមួយគ្រួសាររបស់អ្នកពីរបីដងទៀតផង ។ នាល្ងាចមួយ បន្ទាប់ពីបានសិក្សាពីព្រឹត្តិការណ៍ដែលទាក់ទងនឹងការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី ឈែនឡឺ សួរថា « ហេតុអ្វីព្រះយេស៊ូវត្រូវរងទុក្ខខ្លាំងម្ល៉េះ ? »
-
តើអ្នកនឹងឆ្លើយសំណួររបស់ ឈែនឡឺ យ៉ាងដូចម្ដេច ?
សូមគិតអំពីអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។ នៅពេលអ្នកគិតអំពីការពលិកម្មដ៏ធួនរបស់ទ្រង់ តើអ្នកមានសំណួរអ្វីខ្លះ ? តើការដឹងថាទ្រង់បានរងទុក្ខសម្រាប់អ្នកជះឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍របស់អ្នកចំពោះទ្រង់ ? មេរៀនមុន ( « ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៦ ភាគ ១ » ) បានសង្កត់ធ្ងន់លើព័ត៌មានលម្អិតជាច្រើននៃការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានី ។ សូមចំណាយពេលបន្តិចដើម្បីសិក្សា ម៉ាថាយ ២៦:៣៦–៣៩ និង លូកា ២២:៤១–៤៤ ម្តងទៀត ។ សូមរកមើលពាក្យ ឬឃ្លាជាក់លាក់ រួមទាំងពាក្យដែលអ្នកប្រហែលជាបានគូសបន្ទាត់រួចហើយ ដែលមានអត្ថន័យសម្រាប់អ្នកអំពីព្រះអង្គសង្គ្រោះ ហើយដែលពិពណ៌នាអំពីអ្វីដែលទ្រង់បានឆ្លងកាត់នៅសួនច្បារគែតសេម៉ានី ។
ការប្រើប្រាស់វិវរណៈសម័យទំនើប ដើម្បីយល់អំពីទុក្ខលំបាករបស់ព្រះអង្គសង្គ្រោះកាន់តែច្បាស់
ប្រសិនបើគ្មានពរជ័យនៃវិវរណៈសម័យទំនើបដែលព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ទេ នោះនឹងមានរឿងច្រើនដែលយើងនឹងមិនយល់អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ទាំងនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ដែលជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ និងអំពីមូលហេតុដែលទ្រង់រងទុក្ខទាំងនេះទេ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ដោយស្វែងរកអ្វី ដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពីការរងទុក្ខរបស់ទ្រង់ ។
-
តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះ អំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខយ៉ាងខ្លាំង ?
-
តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នកអ្វីខ្លះ ?
សូមអាន អាលម៉ា ៧:១១–១៣ ហើយបំពេញតារាងខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថាពាក្យ ជួយ ក្នុង ខទី ១២ មាន ន័យ ថា « ដើម្បីផ្តល់ការរំដោះ ឬជំនួយ » ( ដាលីន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១ ) ។
តើព្រះអង្គសង្គ្រោះបានរងទុក្ខ ឬលើកដាក់លើអង្គទ្រង់អ្វីខ្លះ ? |
តើព្រះយេស៊ូវគ្រីស្ទអាចធ្វើអ្វីសម្រាប់យើង ដោយសារដង្វាយធួនរបស់ទ្រង់ ? |
---|---|
តើព្រះអង្គសង្គ្រោះបានរងទុក្ខ ឬលើកដាក់លើអង្គទ្រង់អ្វីខ្លះ ? | តើព្រះយេស៊ូវគ្រីស្ទអាចធ្វើអ្វីសម្រាប់យើង ដោយសារដង្វាយធួនរបស់ទ្រង់ ? |
តើព្រះអង្គសង្គ្រោះបានរងទុក្ខ ឬលើកដាក់លើអង្គទ្រង់អ្វីខ្លះ ? | តើព្រះយេស៊ូវគ្រីស្ទអាចធ្វើអ្វីសម្រាប់យើង ដោយសារដង្វាយធួនរបស់ទ្រង់ ? |
តើព្រះអង្គសង្គ្រោះបានរងទុក្ខ ឬលើកដាក់លើអង្គទ្រង់អ្វីខ្លះ ? | តើព្រះយេស៊ូវគ្រីស្ទអាចធ្វើអ្វីសម្រាប់យើង ដោយសារដង្វាយធួនរបស់ទ្រង់ ? |
-
តើអ្នកបានរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ហើយហេតុអ្វីបានជាទ្រង់ត្រូវរងទុក្ខ ?
-
តើការរងទុក្ខរបស់ព្រះអម្ចាស់នៅសួនច្បារគែតសេម៉ានីប្រទានពរដល់យើងម្នាក់ៗដោយរបៀបណា ?
សេចក្តីពិតមួយដែលយើងអាចរៀនពី អាលម៉ា ៧:១១–១៣ គឺថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីសង្គ្រោះយើងពីអំពើបាប និងសេចក្តីស្លាប់ ហើយជួយយើងឆ្លងកាត់ឧបសគ្គនៃជីវិតរមែងស្លាប់ ។ អ្នកអាចសរសេរសេចក្តីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ អ្នកក៏អាចសរសេរសេចក្តីពិតនេះ និងចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកផងដែរ ។
-
តើពរជ័យមួយណាដែលបានរាយក្នុងជួរឈរទីពីរនៃតារាងរបស់អ្នកនឹងមានអត្ថន័យបំផុតសម្រាប់អ្នកទទួលបានបទពិសោធន៍នៅពេលនេះ ? ហេតុអ្វីទៅ ?
-
តើពេលណាដែលអ្នកបានដកពិសោធន៍នូវក្តីសង្ឃឹម សេចក្ដីសុខសាន្ត ការលួងលោម ឬកម្លាំងដែលអាចកើតមានចំពោះអ្នកតាមរយៈការរងទុក្ខដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីមើលឧទាហរណ៍មួយដែលបង្ហាញពីជំនួយដ៏ទេវភាពដែលយើងអាចទទួលបានតាមរយៈការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ សូមពិចារណាមើល « Atonement—Not a One-Time Thing » ( ៣:០០ ) ឬ « Alek’s Story » ( ៦:២៦ ) ។ វីដេអូទាំងពីរនេះអាចរកបាននៅលើគេហទំព័រ ChurchofjesusChrist.org ។
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់ជីវិតយើងដោយសារដង្វាយធួនរបស់ទ្រង់ សូមសិក្សាការបង្រៀនមួយចំនួនពីថ្នាក់ដឹកនាំសាសនាចក្ររបស់យើងនៅក្នុងផ្នែក « ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ? » ដែលស្ថិតនៅនៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលលើជីវិតរបស់យើងតាមរបៀបណា ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ៖
ឱកាសដើម្បីទទួលបានការលើកលែងទោសពីអំពើបាបរបស់យើងគឺជាអត្ថន័យដ៏សំខាន់នៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះយើងបានស៊ូទ្រាំនូវការរងទុក្ខដែលយើងមិនអាចយល់បាន ដើម្បីធ្វើពលិកម្មសម្រាប់អំពើបាបរបស់មនុស្សទាំងអស់ដែលនឹងប្រែចិត្ត ។ ការពលិកម្មដ៏ធួននេះ បានថ្វាយនូវអ្វីដែលល្អបំផុត ដែលជាកូនចៀមឥតខ្ចោះឥតស្លាកស្នាម សម្រាប់អំពើអាក្រក់ដ៏ហួសប្រមាណ ជាអំពើបាបនៃពិភពលោកទាំងមូល ។ ការពលិកម្មដ៏ធួននេះបានបើកទ្វារឲ្យយើងម្នាក់ៗបានជ្រះស្អាតពីអំពើបាបរបស់យើងផ្ទាល់ ដើម្បីយើងអាចត្រឡប់ទៅទីវត្តមានរបស់ព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើងវិញ ។ ការបើកទ្វារនេះគឺមានសម្រាប់កូនៗទាំងអស់របស់ព្រះ ។
( ដាល្លិន អេក អូក « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៦ )
អែលឌើរ ឌែល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
នៅក្នុងស្ថានភាពអយុត្តិធម៌ កិច្ចការមួយដែលយើងត្រូវធ្វើគឺត្រូវទុកចិត្តថា « អ្វីៗទាំងអស់ដែលជារឿងអយុត្តិធម៌នៅក្នុងជីវិត អាចធ្វើឲ្យយុត្តិធម៌ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » [ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ស្តីពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៨ ) ទំព័រ ៥២ ] ។ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើលោកិយ ហើយ « ស្រូបយក » ភាពអយុត្តិធម៌ទាំងអស់ ។ ដោយសារទ្រង់ យើងអាចមានសេចក្តីសុខសាន្តនៅក្នុងពិភពលោកនេះ ហើយមានសង្ឃឹមឡើង ។ ប្រសិនបើយើងអនុញ្ញាតឲ្យទ្រង់ នោះព្រះយេស៊ូវគ្រីស្ទ នឹងញែកភាពអយុត្តិធម៌សម្រាប់ជាប្រយោជន៍ដល់យើងវិញ ។ ទ្រង់មិនគ្រាន់តែលួងលោមយើង និងស្តារឡើងវិញនូវអ្វីដែលយើងបាត់បង់ឡើយ តែទ្រង់នឹងធ្វើឲ្យភាពអយុត្តិធម៌ ឲ្យក្លាយជាប្រយោជន៍ដល់យើងវិញ ។
( ឌែល ជី រិនឡាន់ « កំហឹងចំពោះភាពអយុត្តិធម៌ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤៣ )
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា កាលយើងប្រែចិត្តពីអំពើបាបរបស់យើងពិតប្រាកដ នោះយើងអនុញ្ញាតឲ្យការពលិកម្មដ៏ធួនរបស់ព្រះគ្រីស្ទ មានប្រសិទ្ធភាពលើជីវិតរបស់យើងទាំងស្រុង ។ យើងនឹងរួចផុតពីសេវកភាពនៃអំពើបាប រកឃើញអំណរក្នុងដំណើររបស់យើងលើផែនដី ហើយមានសិទ្ធិទទួលបានសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដែលបានរៀបចំឡើងតាំងពីការបង្កបង្កើតលោកីយ៍មកសម្រាប់មនុស្សទាំងអស់ដែលជឿលើព្រះយេស៊ូវគ្រីស្ទ ហើយមករកទ្រង់ ។
( អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែនៃព្រលឹងរបស់យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៣ )
អែលឌើរ មីហ្គែល ចន យូ ថេ នៃពួកចិតសិបនាក់ ៖
ការបង្កើនការយល់ដឹងថាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុវត្តចំពោះយើងម្នាក់ៗដោយផ្ទាល់ នឹងជួយយើងឲ្យស្គាល់ទ្រង់ ។ ជាញឹកញាប់វាងាយស្រួលដើម្បីយើងគិត និងនិយាយអំពីដង្វាយធួនរបស់ព្រះគ្រីស្ទជាលក្ខណៈទូទៅជាជាងការស្គាល់ពីសារៈសំខាន់នៅក្នុងជីវិតរបស់យើងផ្ទាល់ ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺនិរន្តរ៍ និងដ៏នៅអស់កល្បជានិច្ច ហើយតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរាប់បញ្ចូលអ្វីៗទាំងអស់ ហើយអនុវត្តចំពោះមនុស្សគ្រប់គ្នា នោះវាក៏ជះឥទ្ធិពលមកលើយើងរៀងៗខ្លួន និងដោយផ្ទាល់ផងដែរ ។ ដោយសារតែការពលិកម្មដ៏ធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមានព្រះចេស្តាដើម្បីសម្អាត ព្យាបាល និងពង្រឹងយើងម្ដងម្នាក់ៗ ។
( មីហ្គែល ចន យូ ថេ « ព្រះអង្គសង្គ្រោះផ្ទាល់របស់យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩ )
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ៖
តាមរយៈការប្រោសលោះនៃដង្វាយធួន និងការរស់ឡើងវិញដ៏រុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទ នោះដួងចិត្តសង្រេងអាចព្យាបាលភាពតានតឹង អាចប្រែជាសុខសាន្ត និងក្តីអស់សង្ឃឹម ប្រែជាក្ដីសង្ឃឹមឡើងវិញបាន ។ ទ្រង់អាចឱបក្រសោបយើងនៅក្នុងព្រះហស្តនៃក្តីមេត្តា ការលួងលោមក្នុងព្រះចេស្តា និងព្យាបាលយើងម្នាក់ៗ ។
( រ៉េណា អ៊ី អាប៊ើតូ « ផ្នូរគ្មានជ័យជម្នះលើឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៦ )