វិវរណៈ ២–៣ ផ្នែក ទី ១
« យើងស្គាល់អស់ទាំងការដែលឯងធ្វើ »
ព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ ។ ទ្រង់ជ្រាបពីអ្វីដែលយើងកំពុងធ្វើបានយ៉ាងល្អ ហើយទ្រង់ក៏ជ្រាបពីអ្វីដែលយើងអាចធ្វើបានប្រសើរជាងមុន ដើម្បីប្រែក្លាយដូចជាទ្រង់ផងដែរ ។ នៅក្នុងសារលិខិតដាច់ដោយឡែកពីគ្នាទៅកាន់សាសនាចក្រទាំងប្រាំពីរនៅអាស៊ី យ៉ូហានបានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទដែលទទួលស្គាល់កិច្ចការល្អរបស់ពួកបរិសុទ្ធ ហើយព្រមានពួកគេអំពីអ្វីដែលពួកគេត្រូវផ្លាស់ប្តូរ ។ មេរៀននេះអាចលើកទឹកចិត្តអ្នកឲ្យស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះដែលទទួលស្គាល់អំពើល្អរបស់អ្នក និងផ្ដល់ឲ្យអ្នកនូវការកែតម្រូវចាំបាច់ ។
ស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ដាប់ឮការគោះទ្វារនៅផ្ទះរបស់អ្នក ហើយដឹងថាព្រះអង្គសង្គ្រោះជាអ្នកគោះទ្វារនោះ ? ហេតុអ្វីទៅ ?
នៅក្នុងសារលិខិតរបស់លោកទៅកាន់សមាជិកសាសនាចក្រនៅស្រុកឡៅឌីសេ ( ជាកន្លែងមួយដែលយ៉ូហានបានសរសេរសំបុត្រទៅ ដែលបានបង្កើតជាសាសនាចក្រមួយក្នុងចំណោមសាសនាចក្រទាំងប្រាំពីរក្នុងទ្វីបអាស៊ី ។ សូមមើល វិវរណៈ ១:១១ ) យ៉ូហានបានបញ្ចប់ដោយការអញ្ជើញមួយមកពីព្រះយេស៊ូវគ្រីស្ទ ។
សូមអាន វិវរណៈ ៣:២០ ហើយរកមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកគិតថា វិវរណៈ ៣:២០ មានអត្ថន័យជានិមិត្តសញ្ញាអ្វីខ្លះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះគោះទ្វារជាជាងចូលទៅក្នុងតែម្ដង ?
-
តើអ្នកអាចបើកទ្វារទៅរកព្រះយេស៊ូវគ្រីស្ទ ហើយខំស្តាប់ឮព្រះសូរសៀងទ្រង់ឲ្យបានកាន់តែប្រសើរដោយរបៀបណា ?
-
តើអ្នកបានធ្វើអ្វីខ្លះថ្មីៗនេះ ដើម្បីឮព្រះសូរសៀងទ្រង់ ហើយបើកទ្វារ ?
ទោះជាយ៉ូហានជាអ្នកនាំសារក៏ដោយ ក៏ព្រះយេស៊ូវជាសូរសៀងនៃសារលិខិតទាំងនោះទៅកាន់សាសនាចក្រទាំងប្រាំពីរដែរ ។ នៅពេលអ្នកសិក្សាសារលិខិតនៅក្នុង វិវរណៈ ២–៣ សូមស្តាប់រកព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នក ។ សូមពិចារណាពីវិធីដែលអ្នកអាចបើកទ្វារដើម្បីអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះគង់ជាមួយអ្នក និងពង្រឹងអ្នក ។ខណៈពេលដែលសារលិខិតនីមួយៗក្នុងចំណោមសារលិខិតទាំងប្រាំពីរមានលក្ខណៈប្លែកគ្នា វាក៏មានភាពស្រដៀងគ្នាមួយចំនួនផងដែរ ។
សូមរកមើល ហើយពិចារណាគូសសម្គាល់ឃ្លាដដែលៗ « យើងស្គាល់អស់ទាំងការដែលឯងធ្វើ » នៅក្នុង វិវរណៈ ២:២, ៩, ១៣, ១៩ ; ៣:១, ៨, ១៥ ។ នៅក្នុងខគម្ពីរទាំងនេះ យ៉ូហានកត់ត្រានូវព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលតំណាងឲ្យព្រះទ័យរបស់ព្រះវរបិតាសួគ៌ផងដែរ ។
-
ហេតុអ្វីបានជាវាអាចជាការសំខាន់ក្នុងការយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « ស្គាល់កិច្ចការ [ របស់អ្នក ] » ?
សេចក្តីពិតមួយដែលយើងនឹងរកឃើញនៅក្នុង វិវរណៈ ២–៣ គឺថា ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់យើងម្នាក់ៗ នោះទ្រង់ទាំងទ្វេអាចទទួលស្គាល់កិច្ចការល្អរបស់យើង ហើយព្រមានយើងអំពីការផ្លាស់ប្តូរដែលចាំបាច់នានា ។ សូមរកមើលភស្តុតាងនៃសេចក្តីពិតនេះ នៅពេលអ្នកសិក្សាការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ ។
ការប្រឹក្សាដល់សាសនាចក្រទាំងប្រាំពីរ
សូមក្រឡេកមើលផែនទីនៃសាសនាចក្រទាំងប្រាំពីរ ហើយជ្រើសរើសសាសនាចក្រយ៉ាងហោចណាស់ពីរដើម្បីសិក្សា ។ សូមរកមើលអំពើល្អដែលព្រះយេស៊ូវគ្រីស្ទទទួលស្គាល់នៅក្នុងសាសនាចក្រមួយចំនួន និងការកែតម្រូវដែលទ្រង់ប្រទានដល់សាសនាចក្រនីមួយៗ ។
-
អេភេសូរ ( វិវរណៈ ២:១–៧ ) ៖ ពួកនីកូឡាស គឺជាក្រុមសាសនាមួយដែលបានអះអាងថា ពួកគេអាចប្រព្រឹត្តអំពើបាបខាងផ្លូវភេទដោយគ្មានការដាក់ទណ្ឌកម្ម ដោយសារព្រះគុណនៃព្រះនឹងជួយសង្គ្រោះពួកគេ ។
-
ក្រុងស្មឺន៉ាថា ( វិវរណៈ ២:៨–១១ )
-
ក្រុងពើកាម៉ុស ( វិវរណៈ ២:១២–១៧ ) ៖ គោលលទ្ធិរបស់បាឡាម សំដៅលើការបំពានបទបញ្ញត្តិរបស់ព្រះដើម្បីបំពេញបំណងប្រាថ្នារបស់លោកិយ ឬដើម្បីស្វែងរកកិត្តិយសរបស់មនុស្ស ( សូមមើល ពេត្រុស ទី២ ២:១៥ ) ។ សូមកត់ចំណាំនិយមន័យរបស់ នីកូឡាស ខាងលើ ។
-
ក្រុងធាទេរ៉ា ( វិវរណៈ ២:១៨–២៩ )
-
ក្រុងសើដេស ( វិវរណៈ ៣:១–៦ )
-
ក្រុងភីឡាដិលភា ( វិវរណៈ ៣:៧–១៣ ) ៖ សារលិខិតនេះទទួលស្គាល់តែអំពើល្អប៉ុណ្ណោះ ។
-
ក្រុងឡៅឌីសេ ( វិវរណៈ ៣:១៤–២២ ) ៖ សារលិខិតនេះគ្រាន់តែកែតម្រូវការមិនល្អឥតខ្ចោះប៉ុណ្ណោះ ។ សូមកត់ចំណាំថា ភាពស្ទើរៗ មានន័យថា មិនបានតាំងចិត្តពេញលេញចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ។
២. នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមសម្រាប់សាសនាចក្រនីមួយៗដែលអ្នកបានជ្រើសរើស ៖
-
តើព្រះយេស៊ូវគ្រីស្ទបានទទួលស្គាល់អំពើល្អណាខ្លះ ? តើអ្នកបានឃើញអំពើល្អស្រដៀងគ្នានេះក្នុងចំណោមសមាជិកសាសនាចក្រនៅសម័យយើងដោយរបៀបណា ?
-
តើការកែតម្រូវ ឬការប្រឹក្សាអ្វីដែលព្រះយេស៊ូវបានប្រទានដល់សាសនាចក្រដែលអ្នកបានជ្រើសរើស ? ហេតុអ្វីនេះក៏ជាការប្រឹក្សាដ៏ល្អសម្រាប់សាសនាចក្រសព្វថ្ងៃនេះផងដែរ ?
-
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទតែមួយអង្គដែលគត់ ស័ក្តិសមដើម្បីដឹងពីអ្វីដែលយើងកំពុងធ្វើបានល្អ និងរបៀបដែលយើងត្រូវកែលម្អ ?
ការប្រឹក្សាសម្រាប់ជីវិតរបស់អ្នកផ្ទាល់
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានលើកទឹកចិត្តយើងឲ្យបើកទ្វារ ហើយអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះចូលមកក្នុងជីវិតរបស់យើង ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ឬទស្សនាវីដេអូ « Mrs. Patton—the Story Continues » ចាប់ពីលេខកូដម៉ោង ១៥:០៨ ដល់ ១៥:៥៦ មាននៅលើគេហទំព័រ ChurchofJesusChrist.org ។