យ៉ូហាន ៦:២២–៥៨
« ខ្ញុំជានំបុ័ងជីវិត »
នៅថ្ងៃបន្ទាប់ពីអព្ភូតហេតុនៃការប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ មនុស្សជាច្រើនបានស្វែងរកព្រះយេស៊ូវ « មិនមែនដោយព្រោះ [ ពួកគេ ] បានឃើញទីសម្គាល់ទេ គឺដោយព្រោះតែ [ ពួកគេ ] បានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ » ហើយពួកគេបានស្រេកឃ្លានម្តងទៀត ( យ៉ូហាន ៦:២៦ ) ។ ព្រះអង្គសង្គ្រោះបានបង្រៀនពួកគេថា « ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ » ( យ៉ូហាន ៦:៣៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យរកឃើញពីរបៀប ដែលអ្នកអាចមករកព្រះអង្គសង្គ្រោះ ដើម្បីឲ្យទ្រង់បំពេញសេចក្តីត្រូវការខាងវិញ្ញាណរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ខ្ញុំជានំបុ័ងជីវិត »
-
តើអ្នកគិតថា អ្នកអាចបរិភោគនំប៉័ងបានប៉ុន្មាន ?
-
មិនថាអ្នកបរិភោគនំប៉័ងប៉ុន្មាននៅពេលនេះនោះទេ តើនៅទីបំផុតនឹងមានអ្វីកើតឡើង ?
នៅពេលព្រះអង្គសង្រ្គោះបានប្រទានអាហារដល់មនុស្សជាងប្រាំពាន់នាក់ ដោយប្រើតែនំប៉័ងប្រាំដុំ និងត្រីពីរក្បាលប៉ុណ្ណោះ អ្នកខ្លះបានឆ្លើយតបចំពោះអព្ភូតហេតុនេះ ដោយការស្វែងរកទ្រង់ដើម្បីទទួលអាហារផ្សេងទៀត ជាជាងហេតុផលខាងវិញ្ញាណ ( សូមមើល យ៉ូហាន ៦:៥–១៤ ) ។ ព្រះយេស៊ូវបានកែតម្រូវអស់អ្នកដែលស្វែងរកទ្រង់ដើម្បីចង់បាននំប៉័ងបន្ថែមទៀត ជាជាងស្វែងរកទ្រង់ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ពួកគេបានសង្ស័យលើអត្តសញ្ញាណ និងសមត្ថភាពរបស់ទ្រង់ ដើម្បីប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់ពួកគេ ( សូមមើល យ៉ូហាន ៦:៣០, ៤១–៤២ ) ។
សូមអាន យ៉ូហាន ៦:៣២, ៣៥ ដើម្បីមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានកែតម្រូវប្រជាជន ។ សូមពិចារណាគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ « នំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌ » និង « នំបុ័ងជីវិត » ។ អ្នកអាចបន្ថែមព្រះបរមងារនេះចូលទៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ដែលមានចំណងជើងថា « ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ » ។ ( អ្នកប្រហែលជាបានចាប់ផ្តើមអត្ថបទនេះអំឡុងពេលរៀន មេរៀនអំពីយ៉ូហាន ១:១–៥១ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្រ្គោះមានព្រះបន្ទូលអំពីព្រះអង្គផ្ទាល់ថាជា « នំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌ » ឬ « នំបុ័ងជីវិត » ?
-
តើអ្នករៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ៣៥ ?
យ៉ូហាន ៦:៣៥ បង្រៀនថា ប្រសិនបើយើងមករកព្រះយេស៊ូវគ្រីស្ទ ហើយជឿលើទ្រង់ នោះទ្រង់អាចបំពេញភាពស្រេកឃ្លានខាងវិញ្ញាណរបស់យើងបាន ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើមានមូលហេតុមួយចំនួនអ្វីខ្លះដែលអ្នកត្រូវការព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ? តើអ្នកកំពុង « ស្រេកឃ្លាន » ខាងវិញ្ញាណដោយរៀបណា ?
-
តើបច្ចុប្បន្ននេះអ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីស្វែងរកជំនួយពីព្រះអង្គសង្គ្រោះដើម្បីបំពេញការស្រេកឃ្លាននោះ ? តើមានអ្វីដែលដំណើរការល្អ ? តើមានអ្វីដែលមិនដំណើរការល្អ ?
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរកឃើញរបៀបដែលអ្នកអាចមករកព្រះអង្គសង្គ្រោះ ដើម្បីឲ្យទ្រង់បំពេញភាពស្រេកឃ្លានខាងវិញ្ញាណរបស់អ្នក ។សូមអាន យ៉ូហាន ៦:៤៧–៥៨ ដោយស្វែងរកអ្វីដែលព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យធ្វើ និងអ្វីដែលទ្រង់សន្យាថាប្រទានមកឲ្យយើងវិញ ។ សូមពិចារណាពីរបៀបដែលការអញ្ជើញ និងការសន្យាទាំងនេះជួយអ្នកឲ្យយល់កាន់តែច្បាស់ពីរបៀបទទួលអំណោយទានរបស់ព្រះអង្គសង្គ្រោះនៃការបំពេញនូវភាពស្រេកឃ្លានខាងវិញ្ញាណរបស់អ្នក ។ អ្នកក៏ប្រហែលជាគួរមើល « I Am the Bread of Life » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:២០ ដល់ ៥:០៨ ហើយអានតាមនៅក្នុងបទគម្ពីររបស់អ្នកផងដែរ ។ សូមពិចារណាបង្កើតគំនូសតាងដូចខាងក្រោមដើម្បីជួយអ្នក ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ |
ការសន្យារបស់ព្រះអង្គសង្គ្រោះ |
-
តើការអញ្ជើញ និងការសន្យារបស់ទ្រង់បង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ ?
ការទទួលទានព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ
មនុស្សជាច្រើនដែលបានឮទេសនកថារបស់ព្រះអង្គសង្រ្គោះ បានមានចម្ងល់អំពីអត្ថន័យនៃការទទួលទានព្រះកាយ និងព្រះលោហិតរបស់ទ្រង់ ( សូមមើល យ៉ូហាន ៦:៥២, ៦០ ) ។
សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីយល់កាន់តែច្បាស់អំពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលយើងអាចទទួលយកការអញ្ជើញរបស់ទ្រង់ ។
ដើម្បីទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់ គឺជារបៀបដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការបង្ហាញថា តើយើងត្រូវយកព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង—មកក្នុងខ្លួនយើង—ដើម្បីយើងអាចបានជាតែមួយយ៉ាងណា ។ …
… យើងទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់ នៅពេលយើងទទួលមកពីទ្រង់នូវព្រះចេស្ដា និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។
គោលលទ្ធិនៃព្រះគ្រីស្ទបង្ហាញពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលព្រះគុណដ៏ធួន ។ យើងត្រូវជឿ និងមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ត្រូវប្រែចិត្ត និងទទួលបុណ្យជ្រមុជទឹក ហើយត្រូវទទួលព្រះវិញ្ញាណបរិសុទ្ធ « ហើយបន្ទាប់មកគឺជាការផ្ដាច់បាបទាំងឡាយរបស់អ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » [ នីហ្វៃទី២ ៣១:១៧ ] ។ …
ខ្ញុំបាននិយាយអំពីការទទួលព្រះគុណដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ដើម្បីដកអំពើបាបរបស់យើង និងស្នាមប្រឡាក់នៃអំពើបាបនៅក្នុងខ្លួនយើងចេញ ។ ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យលើសពីនេះ ហើយថាត្រូវដាក់គុណសម្បត្តិ និងបុគ្គលិកលក្ខណៈនៃព្រះគ្រីស្ទក្នុងខ្លួនយើង ដោយសម្រាតចោលភាពជាមនុស្សខាងសាច់ឈាមចេញ ហើយប្រែក្លាយជាពួកបរិសុទ្ធ « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » [ ម៉ូសាយ ៣:១៩ ] ។ …
… ដើម្បីទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ព្រះគ្រីស្ទមានន័យថា ត្រូវស្វែងរកបរិសុទ្ធភាព ។
( ឌី ថត គ្រីស្ដូហ្វឺសិន « The Living Bread Which Came Down from Heaven » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៦–៣៨ )
-
តើអ្នកនឹងពន្យល់យ៉ាងដូចម្តេចអំពីអត្ថន័យនៃការទទួលទានព្រះកាយ និងព្រះលោហិតនៃព្រះរាជបុត្រានៃព្រះ ?
-
តើនៅពេលណាដែលអ្នក ឬអ្នកផ្សេងទៀតធ្វើតាមដំបូន្មានរបស់អែលឌើរ គ្រីស្តូហ្វឺសិន ហើយមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះបានបំពេញនូវភាពស្រេកឃ្លានខាងវិញ្ញាណ ? តើអ្នកបានធ្វើអ្វីខ្លះនៅក្នុងបទពិសោធន៍ទាំងនេះ ដែលអ្នកមានអារម្មណ៍ថា បានអញ្ជើញព្រះអង្គសង្គ្រោះដើម្បីបំពេញការស្រេកឃ្លាននោះ ?
សូមស្រមៃថា អ្នកមានវត្តមានក្នុងអំឡុងពេលទេសនកថារបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ៦:២២–៥៨ ។ សូមសរសេរកំណត់ហេតុប្រចាំថ្ងៃ ដែលហាក់ដូចជាអ្នកបាននៅទីនោះដែរ ។ សូមបញ្ចូលចំណុចដូចខាងក្រោមនៅក្នុងកំណត់ហេតុរបស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលអ្នកបានរៀនពីទ្រង់
-
រាល់បទពិសោធន៍ណាមួយដែលអ្នកមាន នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានប្រទានតាមតម្រូវការខាងវិញ្ញាណរបស់អ្នក ( ឬបទពិសោធន៍ណាមួយដែលអ្នកដទៃបានមាន )
-
ទង្វើនានាដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យអ្នកចាប់អារម្មណ៍ និងមូលហេតុ
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីក៏ព្រះយេស៊ូវឲ្យប្រជាជនផ្តោតទៅលើតម្រូវការខាងវិញ្ញាណរបស់ពួកគេ ជាជាងគិតពីតម្រូវការខាងរូបកាយរបស់ពួកគេទៅវិញ ?
ខណៈកំពុងបម្រើជាសមាជិកនៃពួកចិតសិបនាក់ អែលឌើរ ខាឡូស អេច អាម៉ាដូបានបង្រៀន ៖
ក្នុងនាមជាសាសនាចក្រ យើងគួរតែផ្តល់អាហារដល់អ្នកអត់ឃ្លាន ជួយអ្នកឈឺ ស្លៀកពាក់ឲ្យអ្នកអាក្រាត និងផ្តល់ជម្រកដល់ជនទុរគត ។ ដោយមានដង្វាយតមអាហារ យើងសម្រាលដល់តម្រូវការចាំបាច់ និងបន្ទាន់របស់សមាជិក ហើយដោយមានគម្រោងសុខុមាលភាព យើងជួយបំពេញតម្រូវការរយៈពេលវែងរបស់ពួកគេ ។ នៅពេលមានគ្រោះធម្មជាតិ តាមរយៈសេវាកម្មមនុស្សធម៌ យើងផ្តល់ជំនួយដល់បងប្អូនប្រុសស្រីដែលមិនមានសេចក្ដីជំនឿដូចយើង ។
ដោយមិនបដិសេធតម្រូវការខាងសាច់ឈាមទាំងនេះឡើយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ រក្សានូវការងារបម្រើដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុត ដែលត្រូវផ្តល់ពរដល់មនុស្សទាំងអស់ តាមរយៈការបង្រៀនពួកគេនូវគោលលទ្ធិនៃព្រះគ្រីស្ទ និងការអញ្ជើញពួកគេឲ្យទទួលពិធីបរិសុទ្ធនៃការសង្គ្រោះ ដើម្បីឲ្យពួកគេអាចទទួលបាន « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ( ម៉ូសេ ១:៣៩ ) ។
( ខាឡូស អេច អាម៉ាដូ « Service, a Divine Quality » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៣៥–៣៦ )
យ៉ូហាន ៦:៥៦ ។ តើព្រះអង្គសង្គ្រោះមានន័យយ៉ាងដូចម្តេច នៅពេល ទ្រង់បង្រៀនថា ទ្រង់នឹងគង់នៅជាមួយយើងនោះ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
វាជាចំណុចមួយដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទបានយាងមកលើផែនដីដើម្បី សុគត ជំនួស យើង—នោះគឺជាផ្នែកដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិរបស់ព្រះគ្រីស្ទ ។ ប៉ុន្តែយើងក៏ត្រូវមានអំណរគុណដែលព្រះអម្ចាស់មានព្រះរាជបំណង តាមរយៈដង្វាយធួនរបស់ទ្រង់ និងតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធដើម្បី គង់ នៅជាមួយយើង—ពុំគ្រាន់តែដើម្បីដឹកនាំយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីប្រទានព្រះចេស្តាដល់យើងផងដែរ ។
( ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤២ )