ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។


« ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ( ឆ្នាំ​២០២៣ )

« ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ

ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំនាញ

សង្កេត​មើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​សិស្ស ហើយ​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ តាម​របៀប​ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​បន្ត​ធ្វើ​ដូចជា​ទ្រង់ ។

ព្រះគ្រីស្ទ​កំពុង​លួងលោម​ពួក​ស្រ្តី

កំណត់​និយមន័យ

ការទទួល​ស្គាល់​សកម្មភាព ឬ​គុណលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​អ្នកដទៃ ហើយ​ចែកចាយ​ការទទួលស្គាល់​នោះជាមួយ​ពួកគេ អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​បំផុស​គំនិត​យើង​ឲ្យ​បន្ត​រស់នៅ​ដូចជា​ទ្រង់​ទាំងទ្វេ​ដែរ ។ អំឡុង​ពេល​បង្រៀន សូម​សង្កេត​មើល​សិស្ស ហើយ​សួរ​ខ្លួន​ឯង​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​មើល​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​យល់​ឃើញ​តាម​របៀប​មួយ​ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា អ្នក​មើល​ឃើញ​ពួកគេ​ខិតខំ​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

គំរូ

  • បន្ទាប់​ពី​គ្រូបង្រៀន​មើល​ឃើញ ជូលីអូ ឈរ​បើក​ទ្វារ​ឲ្យ​សិស្ស​ផ្សេងទៀត គាត់​ក៏​សួរ​ខ្លួនឯង​ស្ងាត់ៗ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » បន្ទាប់​មក គាត់​ចែកចាយ​ដូច​តទៅ​នេះ ៖ « ជូលីអូ អរគុណ​សម្រាប់​ការឈរ​បើក​ទ្វារ​ឲ្យ​សិស្ស​ទាំងអស់​គ្នា ។ ប្អូន​បាន​រំឭក​ខ្ញុំ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានស្វែងរក​វិធី​ដើម្បី​បម្រើ ហើយ​ប្រទានពរ​ដល់​មនុស្ស​ដទៃទៀត » ។

  • ខាយ ទទួល​ដំណឹង​អំពី​ការបាត់បង់​សមាជិក​គ្រួសារ​ម្នាក់ ហើយ​គ្រូបង្រៀន​ឃើញ ខេឡានី លួងលោម​គាត់ ។ គ្រូបង្រៀន​បាន​សួរ​ខ្លួន​ឯង​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង ខេឡានី ? » ក្រោយ​មក គ្រូបង្រៀន​និយាយ​ជាមួយ​នាង « ខេឡានី ពេល​ខ្ញុំ​បាន​ឃើញ​ប្អូន​កំពុង​និយាយ និង​ជួយ​រំលែក​ទុក្ខ​ដល់ ខាយ នៅ​ថ្ងៃ​នេះ ប្អូន​បាន​រំឭក​ខ្ញុំ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ​ម្នាក់​ម្តងៗ ។ អរគុណ​សម្រាប់​ការធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ » ។

1:19

អនុវត្ត

  1. សូម​ជ្រើសយក​សិស្ស​ម្នាក់​ពី​ក្នុង​ថ្នាក់​របស់​អ្នក ហើយ​សួរ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​រៀបចំ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​សិស្ស​នោះ ហើយ​បន្ទាប់​មក​សូម​ចែកចាយ​នូវ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​នោះ​ជាមួយ​គាត់ ។

  2. សូម​ជ្រើស​រើស​សិស្ស​ម្នាក់​ទៀត ហើយ​សួរ​ថា « តើ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ឃើញ​នៅក្នុង​បុគ្គល​នោះ ? » សូម​រៀបចំ​នូវ​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​សិស្ស​នោះ ហើយ​បន្ទាប់​មក​សូម​ចែកចាយ​នូវ​បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​នោះ​ជាមួយ​គាត់ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​ការសង្កេត​មើល​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ក្នុង​សិស្ស និង​ការចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​ពួកគេ អញ្ជើញ​សិស្ស​ឲ្យ​បន្ត​មាន​ចេតនា​ក្នុង​ការខិតខំ​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

រួម​បញ្ចូល

  • សូម​ចាប់ផ្តើម​ដោយ​ការជ្រើសរើស​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ ។ សូម​សង្កេត និង​ចែកចាយ​ជាមួយ​ពួកគេ​នូវ​របៀប​ដែល​អ្នក​កត់​សម្គាល់​ឃើញ​ថា ពួកគេ​កាន់តែ​ប្រែក្លាយ​ដូច​ព្រះគ្រីស្ទ ។ សូម​បន្ត​ធ្វើ​ដូច្នេះ​រហូត​វា​ក្លាយជា​រឿង​ធម្មតា ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នីហ្វៃទី២ ២៥:២៦

  • ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​១២​ ខែ​មិថុនា ឆ្នាំ​២០១៨ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

ជំនាញ

អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វិធី​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

សិស្ស​កំពុង​សិក្សា​បទគម្ពីរ

កំណត់​និយមន័យ

បន្ទាប់​ពី​បាន​ស្វែងរក​សកម្មភាព ឬ​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ។ វិធី​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក គឺ​ឲ្យ​ពួកគេ​ពិចារណា​អំពី​រឿង​ទាំង​បី​ខាង​ក្រោម​នេះ ៖

  1. មនុស្ស​ដែល​ពួកគេ​អាច​ផ្ដល់​ពរជ័យ​បាន​តាមរយៈ​សកម្មភាព ឬ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។

  2. អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​នោះ តាមរយៈ​សកម្មភាព ឬ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ។

  3. គ្រា​មួយ​ដែល​ពួកគេ​អាច​ធ្វើ​វា​បាន ។

នៅ​ពេល​សិស្ស​របស់​អ្នក​ពិចារណា​អំពី​ការបំផុស​គំនិត​ទាំងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​ខិតខំ​កាន់តែ​ខ្លាំង​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការធ្វើ​សកម្មភាព ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

បន្ទាប់​ពី​បាន​ស្វែងរក និង​ពិភាក្សា​អំពី​គុណលក្ខណៈ​នៃ​សេចក្ដី​សប្បុរស​ដូចជា​ព្រះគ្រីស្ទ នោះ​គ្រូបង្រៀន​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា និង​សរសេរ​ចម្លើយ​របស់​ពួកគេ​ទៅ​នឹង​សំណួរ​ខាង​ក្រោម​នេះ ៖

  1. តើ​អ្នក​ស្គាល់​នរណា​ដែល​ត្រូវការ​ដក​ពិសោធ​នូវ​សេចក្ដី​សប្បុរស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍នៃ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​សង្គ្រោះ ?

  3. តើ​អ្នក​អាច​ធ្វើ​វា​ដោយ​របៀប​ណា ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

0:47

អនុវត្ត

សម្រាប់​គុណលក្ខណៈ ឬ​សកម្មភាព​ដូចជា​ព្រះគ្រីស្ទ​ខាងក្រោម​នីមួយៗ សូម​សរសេរ​សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​សិស្ស​របស់​អ្នក ដែល​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ៖

  • ស្រឡាញ់

  • នៅពេល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ( លូកា ២៣:៣៤ )

  • សកម្មភាព ឬ​គុណលក្ខណៈ​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​មេរៀន​ខាង​មុខ

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ នៅ​ពេល​អ្នក​ហាត់​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សិស្ស​របស់​អ្នក នៅ​ពេល​អ្នក​អញ្ជើញ​ពួកគេ​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​ស្វែងរក​វិធី​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ?

រួម​បញ្ចូល

  • សូម​ចំណាយ​ពេល​ក្នុង​អំឡុង​ពេល​រៀបចំ​មេរៀន​បន្ទាប់​របស់​អ្នក ដើម្បី​បង្កើត​សំណួរ​ដែល​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ណា​ដែល​អ្នក​រកឃើញ​គុណលក្ខណៈ ឬ​សកម្មភាព​មួយ​របស់​ទ្រង់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ហ្គើរីត ដបុលយូ ហ្គង « ការងារ​បម្រើ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១៦–១៩