« ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ២០២៣ )
« ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ៖ ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ
ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ
សេចក្តីថ្លែងការណ៍ដែលជួយសិស្សឲ្យដឹង និងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
កំណត់និយមន័យ
នៅគ្រប់មេរៀនទាំងអស់ អ្នកមានឱកាសជាច្រើនដើម្បីជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ឱកាសដ៏ល្អបំផុតមួយចំនួនកើតមានឡើងបន្ទាប់ពីសិស្សបានចែកចាយនូវការយល់ដឹង ឬអារម្មណ៍របស់ពួកគេ ។ ក្នុងពេលនោះ គ្រូបង្រៀនអាចធ្វើសេចក្តីថ្លែងការណ៍ដែលផ្តោតលើសេចក្តីស្រឡាញ់ និងគុណលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សេចក្តីថ្លែងការណ៍ទាំងនេះនឹងជួយសិស្សឲ្យស្គាល់ពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលមានចំពោះពួកគេ អារម្មណ៍របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ឬទាំងពីរ ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកអាចសង្កត់ធ្ងន់ ថ្លែងទីបន្ទាល់ ឬភ្ជាប់នូវអ្វីដែលសិស្សទើបតែបានចែកចាយ ដែលទាក់ទងទៅនឹងគុណលក្ខណៈ ឬសេចក្តីពិតអំពីសេចក្តីស្រឡាញ់របស់ព្រះ និស្ស័យនៃព្រះ និងព្រះទ័យរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ សេចក្តីថ្លែងការណ៍ទាំងនេះបង្កើតនូវឱកាសបន្ថែមទៀតដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើសាក្សីដល់សិស្ស ប្រាប់អំពីតម្លៃផ្ទាល់ខ្លួនរបស់ពួកគេចំពោះព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ។
គំរូ
-
មែហ្គី ចែកចាយថា នាងបានទទួលចម្លើយចំពោះការអធិស្ឋានរបស់នាង ។ បន្ទាប់មក គ្រូបង្រៀនធ្វើការតាមដានជាមួយសេចក្តីថ្លែងការណ៍នេះ « បទពិសោធន៍នោះគឺជាភស្តុតាងថា ព្រះវរបិតាសួគ៌ស្គាល់ប្អូនថាជានរណា » ។
-
ចេដ៏ ចែកចាយថា នាងមានអារម្មណ៍ថា ព្រះវិញ្ញាណស្តីបន្ទោសនាងក្នុងអំឡុងពេលសន្និសីទដោយមិនបានអានព្រះគម្ពីររបស់នាងបន្ថែមទៀត ។ បន្ទាប់មក គ្រូបង្រៀនឆ្លើយតបថា « សូមអរគុណប្អូនដែលបានរំឭកយើងទាំងអស់គ្នាថា ទ្រង់ចង់ចូលរួមចំណែកនៅក្នុងជីវិតរបស់យើង » ។
-
ហេស៊ូ ចែកចាយនូវការយល់ដឹងដែលគាត់ទទួលបាន នៅពេលគាត់កំពុងអានព្រះគម្ពីររបស់គាត់ ។ គ្រូបង្រៀនឆ្លើយតបថា « គំនិតយោបល់របស់ប្អូនបានបង្រៀនយើងឲ្យដឹងថា ព្រះមានព្រះទ័យសប្បុរស និងទន់ភ្លន់ខ្លាំងណាស់ » ។
-
ព្រិកហាំ បង្ហាញពីអារម្មណ៍ខកចិត្តរបស់គាត់ ព្រោះគាត់មិនមានពេលគ្រប់គ្រាន់ក្នុងការអានព្រះគម្ពីររបស់គាត់ ។ បន្ទាប់មក គ្រូបង្រៀនឆ្លើយតបថា « យើងអាចដឹងបានថា ប្អូនស្រឡាញ់ទ្រង់ប៉ុណ្ណា ដោយសារតែបំណងប្រាថ្នារបស់ប្អូនដើម្បីធ្វើតាមទ្រង់ » ។
-
អេដាលីន ចែកចាយអារម្មណ៍របស់នាងបន្ទាប់ពីការអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០ ។ បន្ទាប់មក គ្រូបង្រៀននិយាយថា « គ្រូក៏ដឹងផងដែរថា ព្រលឹងរបស់ប្អូនគឺមានតម្លៃមហិមាណាស់ចំពោះទ្រង់ » ។
អនុវត្ត
សូមបង្កើតសេចក្តីថ្លែងការណ៍មួយ ដែលអាចជួយសិស្សម្នាក់ៗឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ប៉្រូកឃ្លីន ចែកចាយថា វគ្គមួយក្នុងចំណោមវគ្គដែលនាងចូលចិត្តក្នុងទំនុកតម្កើង « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » គឺ « ទ្រង់រស់ដើម្បីជូតទឹកភ្នែកខ្ញុំ » ។
-
ថូម៉ាស ចែកចាយថា ពីមុនការលែងលះរបស់ឪពុកម្តាយគាត់ មានការឈ្លោះគ្នាជាច្រើននៅក្នុងផ្ទះរបស់ពួកគេ ។ នៅពេលដែលគាត់អធិស្ឋាន នោះគឺជាពេលតែមួយគត់ដែលគាត់នឹងមានអារម្មណ៍សុខសាន្ត និងការលួងលោម ។
-
បន្ទាប់ពីអានអំពីការញែកសមុទ្រក្រហមជាពីរហើយ ព្រីសៀលឡា និយាយថា « ខ្ញុំគិតៗទៅវាអស្ចារ្យណាស់ ដែលព្រះបានធ្វើបែបនោះសម្រាប់ម៉ូសេ និងកូនចៅអ៊ីស្រាអែល » ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើមានតម្លៃអ្វីខ្លះក្នុងការបង្កើតសេចក្តីថ្លែងការណ៍ដែលជួយឲ្យសិស្សទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងធ្វើសេចក្ដីថ្លែងការណ៍ប្រភេទទាំងនេះទុកជាផ្នែកមួយនៃបទពិសោធន៍រៀនសូត្រ ?
រួមបញ្ចូល
-
សូមចំណាយពេល ៥ នាទីបន្ទាប់ពីថ្នាក់នីមួយៗដែលអ្នកបង្រៀនសម្រាប់សប្តាហ៍បន្ទាប់ ហើយសរសេរសេចក្តីថ្លែងការណ៍ដែលអ្នកអាចនិយាយបាន ដោយផ្អែកលើអ្វីដែលសិស្សបានចែកចាយ ។ សម្រាប់សប្តាហ៍ក្រោយ សូមព្យាយាមបង្កើតសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះអំឡុងមេរៀន ។
តើចង់បានបន្ថែមទៀតទេ ?
-
« ផ្ដោតលើព្រះយេស៊ូវគ្រីស្ទ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ៥–៩
-
ឆាដ អេច វិប « Above All Things » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ។
ជំនាញ
សួរសំណួរដែលជួយសិស្សឲ្យស្វែងរកគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅក្នុងវគ្គបទគម្ពីរ ។
កំណត់និយមន័យ
ក្នុងសន្និសីទទូទៅ ខែតុលា ឆ្នាំ២០២១ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានមានប្រសាសន៍ថា « ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើងយ៉ាងជ្រាលជ្រៅ និងឥតខ្ចោះ ។ … សេចក្ដីស្រឡាញ់របស់ទ្រង់គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះវរបិតា—ដែលជាសកលសម្រាប់មនុស្សទាំងអស់គ្នា ប៉ុន្តែមានលក្ខណៈផ្ទាល់ខ្លួន » ( « សេចក្តីស្រលាញ់នៃព្រះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១៦ ) ។ វិធីមួយដើម្បីជួយសិស្សឲ្យស្គាល់ និងមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌គឺ ត្រូវអញ្ជើញពួកគេឲ្យស្វែងរកគំរូនៃសេចក្ដីស្រឡាញ់នេះនៅក្នុងវគ្គបទគម្ពីរដែលកំពុងសិក្សា ។ អ្នកអាចធ្វើដូច្នេះបានដោយសួរសំណួរដូចខាងក្រោម ឬបន្ទាប់ពីអានវគ្គបទគម្ពីរនៅក្នុងថ្នាក់ ។
-
តើគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌មានអ្វីខ្លះ ដែលអ្នកមើលឃើញនៅក្នុងខគម្ពីរទាំងនេះ ?
-
តើ [ បុគ្គលនេះ ] បានទទួលពរនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
-
តើដំណើររឿងនេះ ឬព្រឹត្តិការណ៍នេះបង្រៀនអ្នកអ្វីខ្លះ អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
ការឲ្យសិស្សស្វែងរកពីគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌តាមវិធីនេះ អាចជួយពួកគេឲ្យស្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់កាន់តែប្រសើរឡើងនៅក្នុងជីវិតរបស់ពួកគេ មានអារម្មណ៍កាន់តែជ្រាលជ្រៅចំពោះសេចក្ដីស្រឡាញ់ផ្ទាល់ខ្លួន និងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ចំពោះពួកគេ ហើយបង្កើនទំនុកចិត្តរបស់ពួកគេក្នុងការងាកមករកទ្រង់ក្នុងគ្រានៃការសាកល្បង ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
-
បន្ទាប់ពីបានពិភាក្សាអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:១៦–១៩ ដែលព្រះអង្គសង្គ្រោះបានរៀបរាប់អំពីទុក្ខវេទនារបស់ទ្រង់ នៅពេលទ្រង់ធ្វើដង្វាយធួនហើយ នោះបងស្រី អាប្រារ៉ា បានសួរសិស្សរបស់គាត់ថា « ដោយដឹងថា ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យព្រះរាជបុត្រារបស់ទ្រង់រងទុក្ខសម្រាប់យើង តើប្អូនរៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សម្រាប់ការអនុវត្តខាងក្រោមនេះ សូមសរសេរសំណួរមួយដែលអ្នកអាចសួរសិស្សរបស់អ្នក ដែលនឹងជួយពួកគេឲ្យស្គាល់គំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ក្នុងវគ្គបទគម្ពីរនោះ ៖
-
និក្ខមនំ ២០:៣–១៧ ( ក្រឹត្យវិន័យដប់ប្រការ )
-
វគ្គបទគម្ពីរមួយនៅក្នុង ឬនៅផ្នែកមួយទៀតនៃមេរៀនបន្ទាប់របស់អ្នក
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកគិតថា សិស្សរបស់អ្នកនឹងមានអារម្មណ៍ ឬយល់យ៉ាងណាដែរ បន្ទាប់ពីអ្នកសួរពួកគេនូវសំណួរដែលអ្នកបានសរសេរនេះ ?
រួមបញ្ចូល
-
សម្រាប់មេរៀននីមួយៗដែលអ្នករៀបចំនៅក្នុងសប្តាហ៍ខាងមុខនេះ សូមស្វែងរកកន្លែងមួយដែលអ្នកអាចសួរសិស្សនូវសំណួរមួយ ដែលនឹងជួយពួកគេឲ្យស្វែងរកគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ សូមសរសេរសំណួរដែលនឹងជួយពួកគេឲ្យធ្វើដូច្នេះ ។
-
តើមេរៀននាពេលខាងមុខរបស់អ្នកណាមួយ ដែលអ្នកគិតថានឹងផ្ដល់ឱកាសល្អជាពិសេស ដើម្បីជួយសិស្សរបស់អ្នកឲ្យស្វែងរកគំរូនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ?
តើចង់បានបន្ថែមទៀតទេ ?
-
ឌី ថត គ្រីស្តូហ្វឺសិន « សេចក្តីស្រឡាញ់នៃព្រះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១៦–១៨
-
« ជួយសិស្សឲ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » នៅក្នុង « ជួយសិស្សឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០២២ ) បណ្ណាល័យដំណឹងល្អ