ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។


« សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ( ឆ្នាំ​២០២២ )

« សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ

ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​មិនថា​អ្នក​កំពុង​បង្រៀន​អ្វី​នោះ​ទេ

សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំនាញ

ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅ​នឹង​របៀប​ដែល​ព្រះគ្រីស្ទ​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នោះ ។

កំណត់​និយមន័យ

ការជួយ​សិស្ស​ឲ្យ​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​សំខាន់​នៃ​ការរៀនសូត្រ​របស់​ពួកគេ នឹង​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ផ្ទាល់​ខ្លួន និង​ពោរពេញ​ដោយ​អានុភាព ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន គឺ​តាមរយៈ​ការជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ ទៅនឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន តាមរយៈ​ការប្រើប្រាស់​សំណួរ​ភ្ជាប់​នៅ​ក្នុង​មេរៀន​ទាំងមូល ។ សំណួរ​ទាំង​នេះ​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅនឹង

  • សេចក្តី​លម្អិត​នៃ​ដំណើររឿង​មួយ​ក្នុង​ព្រះគម្ពីរ

  • គោលការណ៍​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ និង

  • បទពិសោធន៍​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទៅ​នឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បន្ទាប់​ពី​អាន​ដំណើរ​រឿង​មួយ​មក​ពី​ព្រះគម្ពីរ និង​ពិភាក្សា​សេចក្តី​លម្អិត​ហើយ នោះ​អ្នក​អាច​សួរ​ថា « តើ​មាន​អ្វីខ្លះ​នៅក្នុង​ដំណើររឿង​នេះ ដែល​រំឭក​អ្នក​អំពី​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? »

  • បន្ទាប់​ពី​រកឃើញ​គោលការណ៍​មួយ អ្នក​អាច​សួរ​ថា « តើ​នៅ​ត្រង់ណា​ក្នុង​ព្រះគម្ពីរ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នេះ ? »

  • បន្ទាប់ពី​វិភាគ​គោលការណ៍​មួយ​រួច អ្នក​អាច​សួរ​ថា « តើ​អ្នក​បាន​ឃើញ​ព្រះយេស៊ូវ​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជំនួស​ឲ្យ​អ្នក​នៅពេល​ណា​ដែរ ? »

  • នៅពេល​ពិភាក្សា​អំពី​ការអនុវត្ត​គោលការណ៍​មួយ​រួច អ្នក​អាច​សួរ​ថា « តើ​គំរូ​អ្វីខ្លះ​មក​ពី​ព្រះយេស៊ូវ ដែល​ជួយ​អ្នក​ឲ្យ​រស់នៅ​តាម​គោលការណ៍​នេះ​កាន់តែ​ពេញលេញ ? »

  • អ្នក​ក៏​អាច​សួរ​ផងដែរ​ថា « តើ​ការស់នៅ​តាម​គោលការណ៍​នេះ​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់​ដោយ​របៀប​ណា ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

3:40

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នក​ក្នុង​ការជួយ​សិស្ស​ភ្ជាប់​ទៅ​នឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

  • សូម​ពិចារណា​អំពី​គោលការណ៍​នេះ ៖ « ប្រសិនបើ​យើង​គោរព​ប្រតិបត្តិ ទោះបី​មាន​ការសាកល្បង​ក្តី នោះ​ព្រះ​នឹង​ជួយ​យើង » ។ នៅក្នុង​ការរៀបចំ​របស់​អ្នក សូម​ហាត់​ភ្ជាប់​គោលការណ៍​នេះ​ទៅ​នឹង​គំរូ​មួយ ឬ​ពីរ​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅក្នុង​បទគម្ពីរ ។

  • សូម​មើល​ផែនការ​មេរៀន​បន្ទាប់ ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​ដែល​អ្នក​នឹង​ដាក់​ផែនការ​ជួយ​សិស្ស​ឲ្យ​ស្វែងរក ។ សូម​រៀន​សរសេរ​សំណួរ​សាមញ្ញ​ពីរ​បី ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​គោលការណ៍​នោះ​ទៅ​នឹង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ស្វែងរក​កន្លែង​មួយ​នៅក្នុង​ផែនការ​មេរៀន​បន្ទាប់ ជា​កន្លែង​ដែល​អ្នក​នឹង​ផ្តោត​លើ​ការអនុវត្ត ។ សូម​ហាត់រៀន​សរសេរ​ការអញ្ជើញ​ពីរ​បី ដែល​ជួយ​សិស្ស​ពិចារណា​អំពី​របៀប​ដែល​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​គោលការណ៍​មួយ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​មកពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិត​មួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​កាល​ពីមុន ដើម្បី​ភ្ជាប់​អ្វី​ដែល​សិស្ស​កំពុង​រៀន​នៅក្នុង​ព្រះគម្ពីរ​ទៅនឹង​ព្រះជន្ម និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​មកពី​បទពិសោធន៍​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ទាំង​នេះ​ទៅ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែលម្អ ?

រួម​បញ្ចូល

  • សូម​រួម​បញ្ចូល​អ្វី​ដែល​អ្នក​បាន​អនុវត្ត ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​សង្កត់ធ្ងន់​លើ​គំរូ​របស់​ទ្រង់ ។ នៅ​អំឡុងពេល​សប្តាហ៍​បន្ទាប់ សូម​ជ្រើសរើស​គោលការណ៍​មួយ​នៅក្នុង​មេរៀន​នីមួយៗ​ដែល​អ្នក​នឹង​ប្រើ ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ​ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​គំរូ​របស់​ទ្រង់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នែល អិល អាន់ឌើរសិន « We Talk of Christ » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ ៨៨–៩១

  • វគ្គ ៣.១ « Unit 3: Teach the One » Inservice Leaders’ Resources

ជំនាញ

សូម​ប្រើ​រូបភាព និង​វីដេអូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​បង្ហាញ​អំពី​គោលការណ៍​ដំណឹងល្អ​មួយ ។

សំណុំ​វីដេអូ និង អាយភេត

កំណត់​និយមន័យ

វិធី​មួយ​ដើម្បី​បញ្ជាក់​អំពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ឧទាហរណ៍ បន្ទាប់ពី​បាន​រកឃើញ​គោលការណ៍​នៃ​ដំណឹងល្អ គ្រូបង្រៀន​អាច​អញ្ជើញ​សិស្ស​ឲ្យ​ងាក​ទៅរក​កម្រង វីដេអូ និង​រូបភាព នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ហើយ​ស្វែងរក​វីដេអូ ឬ​រូបភាព​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​នៃ​គោលការណ៍​នោះ ។ ការអញ្ជើញ​នេះ​រួមបញ្ចូល​ទាំង​កន្លែង​ដែល​ត្រូវ​មើល ( បណ្ណាល័យ​ដំណឹងល្អ នៅក្នុង​ថ្នាក់រៀន និង Google ជាដើម ) និង​អ្វី​ដែល​ត្រូវ​ស្វែងរក ( រូបភាព ឬ​វីដេអូ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើជា​គំរូ​នៃ​គោលការណ៍​នេះ ) ។ ការអញ្ជើញ​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ផ្ដល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​ទីបន្ទាល់​អំពី​ទ្រង់ ។

គំរូ និង​ការអនុវត្ត​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់ ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

  • ក្នុង​អំឡុង​មេរៀន​ដែល​ទាក់ទងនឹង អេធើរ ១២:២៧ យើង​រកឃើញ​គោលការណ៍​នៃ​ការបន្ទាប​ខ្លួន ។ ស៊ីស្ទើរ ហ្គោមេស ផ្តល់​ការអញ្ជើញ​ដូច​តទៅ​នេះ ៖ « នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ នៅ​ក្រោម វីដេអូ និង​រូបភាព តើ​អ្នក​នឹង​រកឃើញ​រូបភាព​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អំពី​ភាពរាបសា​ដែរ​ឬទេ ? »

  • នៅពេល​ដែល​ផ្ដោត​ទៅលើ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បងប្រុស សានតូស បាន​សួរ​ថា ៖ « តើ​អ្នក​នឹង​រកឃើញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ទូរសព្ទ​របស់​អ្នក ដែល​បង្ហាញ​ពី​ព្រះគុណ​របស់​ទ្រង់ ដូច​ដែល​យើង​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ​ដែរ​ឬទេ ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:2

អនុវត្ត

សូម​សរសេរ​ការអញ្ជើញ​មួយ​ឲ្យ​សិស្ស​ស្វែងរក​រូបភាព ឬ​វីដេអូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​គំរូ​នៃ​គោលការណ៍​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​យើង​អធិស្ឋាន​ជានិច្ច នោះ​ព្រះវរបិតាសួគ៌​នឹង​ញែក​ការខិតខំ​របស់​យើង​សម្រាប់​សុខុមាលភាព​នៃ​ព្រលឹង​របស់​យើង ។

  • ព្រះយេស៊ូវ​គ្រីស្ទ​ពោរពេញ​ដោយ​សេចក្ដី​មេត្តាករុណា​ចំពោះ​ខ្ញុំ ។

  • សូម​ចំណាយ​ពេល​មួយ​ភ្លែត​នៅក្នុង​មេរៀន​បន្ទាប់​របស់​អ្នក ដែល​អ្នក​អាច​ឲ្យ​សិស្ស​ស្វែងរក​រូបភាព ឬ​វីដេអូ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ជា​គំរូ​នៃ​គោលការណ៍​នោះ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុងរៀន​អ្វីខ្លះ នៅពេល​អ្នក​អនុវត្ត​ជំនាញ​នេះ ?

  • តើ​នឹង​បាន​អត្ថប្រយោជន៍​អ្វីខ្លះ តាមរយៈ​ការឲ្យ​សិស្ស​ស្វែងរក​រូបភាព ឬ​វីដេអូ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​នេះ ?

រួម​បញ្ចូល

  • តើ​អ្នក​នឹង​បន្ត​រួម​បញ្ចូល​ជំនាញ​នេះ​នៅក្នុង​ផែនការ​មេរៀន​នាពេល​អនាគត​ដោយ​របៀបណា ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នីហ្វៃ​ទី​១ ១១:៧–៣៣ ( ដើម្បី​ជួយ​លោក​ឲ្យ​យល់​ពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ដំណើរ​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​បើក​បង្ហាញ​ទៅកាន់​នីហ្វៃ )