« លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ—គោលដៅសិក្សា » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម ( ឆ្នាំ២០២៣ )
« លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ——គោលដៅការសិក្សា » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាម
លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ—គោលដៅការសិក្សា ។
ជំនាញ
ជួយសិស្សក្នុងការបង្កើតគោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។
កំណត់និយមន័យ
ការជួយសិស្សឲ្យអភិវឌ្ឍទម្លាប់នៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃនឹងអនុញ្ញាតឲ្យព្រះអម្ចាស់បង្រៀន ពង្រឹង និងដឹកនាំពួកគេតាមរបៀបដែលពួកគេត្រូវការ ។ អ្នកអាចជួយសិស្សដោយការជួយពួកគេឲ្យបង្កើតគោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ ការណ៍នេះអាចធ្វើឡើងប្រកបដោយប្រសិទ្ធភាព តាមរយៈការជួយសិស្សឲ្យ ៖
-
យល់អំពីពរជ័យដែលបានសន្យាទាក់ទងទៅនឹងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ
-
ដាក់គោលដៅប្រកបដោយការអធិស្ឋានក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ
-
សម្រេចចិត្តពីពេលវេលា និងទីកន្លែងសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ និង
-
សម្រេចចិត្តប្រើវិធីសាស្ត្រមួយដើម្បីសិក្សាព្រះគម្ពីរ ។
ការណ៍នេះអាចធ្វើនៅដើមឆមាស ហើយរំឭកឡើងវិញតាមការចាំបាច់ ដើម្បីជួយសិស្សឲ្យបន្តរីកចម្រើន ។
គំរូ
នេះជាឧទាហរណ៍មួយចំនួនអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យដាក់គោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ពេលពួកគេព្យាយាមសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃនាឆ្នាំបច្ចុប្បន្ននេះ ៖
-
សូមសួរសិស្សឲ្យពិចារណាអំពីពរជ័យអ្វីខ្លះដែលពួកគេបានដកពិសោធ តាមរយៈការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។
-
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវបទគម្ពីរ ឬសុន្ទរកថាសន្និសីទទូទៅ រកមើលការសន្យាទាំងឡាយដែលទាក់ទងនឹងពរជ័យ ដែលបានមកពីការសិក្សាព្រះបន្ទូលរបស់ព្រះ ។
-
សូមរំឭកសិស្សឲ្យដាក់គោលដៅប្រកបដោយការអធិស្ឋានក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមឲ្យពួកគេស្វែងរកការណែនាំមកពីព្រះអម្ចាស់ នូវអ្វីដែលពួកគេត្រូវការបំផុត និងរបៀបដែលពួកគេទទួលអារម្មណ៍ថា ពួកគេអាចកែលម្អបានលើកិច្ចខិតខំរបស់ពួកគេពីមុន ពេលពួកគេបន្តរៀនសូត្រ និងរីកចម្រើន ។
-
សូមជួយពួកគេក្នុងការដាក់គោលដៅប្រចាំថ្ងៃអំពីពេលវេលា និងទីកន្លែងដើម្បីសិក្សា តាមរយៈការឲ្យពួកគេជញ្ជឹងគិតអំពីទម្លាប់ប្រចាំថ្ងៃបច្ចុប្បន្នរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យពិចារណាពីពេលវេលា និងទីកន្លែងមួយសម្រាប់ការសិក្សាប្រចាំថ្ងៃ ជាកន្លែងដែលអាចឲ្យពួកគេមានស្មារតីនឹងធឹង យកចិត្តទុកដាក់ និងផ្តោតអារម្មណ៍បាន ។
-
សូមជួយសិស្សឲ្យសម្រេចចិត្តអំពីរបៀបដែលពួកគេចង់សិក្សាព្រះគម្ពីរនាឆ្នាំបច្ចុប្បន្ន ។ សូមឲ្យពួកគេពិចារណាអំពីវិធីសាស្ត្រផ្សេងៗនៃការសិក្សា ។ សូមអញ្ជើញពួកគេឲ្យដាក់គោលដៅជាក់លាក់ ដោយរំឭកពួកគេថា គោលដៅទាំងនេះអាចកែសម្រួល និងសម្របបាន នៅពេលពួកគេបន្តឆ្ពោះទៅមុខ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍-បង្កើតគោលដៅសិក្សាប្រចាំថ្ងៃ
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើនខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការជួយសិស្សឲ្យដាក់គោលដៅសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ៖
-
សូមពិនិត្យមើលពរជ័យមួយចំនួនដែលបានសន្យាទាក់ទងនឹងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃដោយខ្លួនឯងផ្ទាល់ ។ ការណ៍នេះអាចរកឃើញនៅក្នុងព្រះគម្ពីរទាំងនោះ ឬនៅក្នុងសារលិខិតនៃសុន្ទរកថាក្នុងសន្និសីទទូទៅ ។ សូមជ្រើសរើសការសន្យាមួយនៃការសន្យាទាំងនេះ ដើម្បីចែកចាយជាមួយសិស្ស នៅពេលអ្នកដាក់ផែនការអញ្ជើញពួកគេឲ្យស្វែងរកការសន្យាទាំងឡាយសម្រាប់ខ្លួនពួកគេនៅក្នុងមេរៀនបន្ទាប់ ។
-
សូមពិចារណាអំពីរបៀបដែលអ្នកអាចអញ្ជើញសិស្ស ឲ្យដាក់គោលដៅប្រកបដោយការអធិស្ឋានក្នុងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមកត់ត្រាសំណួរមួយ ឬពីរដែលអ្នកគិតថាអាចសួរសិស្សបាន ដែលនឹងជួយពួកគេឲ្យយាងអញ្ជើញព្រះអម្ចាស់ចូលមកក្នុងការដាក់គោលដៅរបស់ពួកគេ ។
-
សូមហាត់អញ្ជើញសិស្សឲ្យសម្រេចចិត្តរើសពេលវេលា និងទីកន្លែងដើម្បីសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមកត់ត្រាសំណួរមួយដែលអ្នកអាចសូមសិស្សឲ្យពិចារណា ដែលរៀបរាប់ពីកាលវិភាគប្រចាំថ្ងៃ ការយកចិត្តទុកដាក់ និងការដកនូវការរំខាននានាចេញ ។
-
សូមអនុវត្តជួយសិស្សឲ្យជ្រើសរើសវិធីសាស្ត្រសិក្សាព្រះគម្ពីរ ដោយផ្តល់ជម្រើសដល់ពួកគេ និងពិភាក្សាអំពីអត្ថប្រយោជន៍នៃវិធីសាស្ត្រនីមួយៗ ។ សូមបង្ហាត់បង្ហាញវិធីសាស្ត្រមួយចំនួនទាំងនេះដល់សិស្ស ដើម្បីពួកគេអាចឃើញពីរបៀបដែលពួកគេអាចកែសម្រួលការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ឲ្យបំពេញតាមតម្រូវការរបស់ពួកគេខ្លាំងបំផុត នៅពេលពួកគេព្យាយាមសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃនាឆ្នាំបច្ចុប្បន្ននេះ ។
ពិភាក្សា ឬជញ្ជឹងគិត
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនចេញមកពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាសំណួរខាងក្រោម ៖
-
តើកាលពីមុនខ្ញុំបានធ្វើអ្វីខ្លះ ដើម្បីជួយសិស្សឲ្យដាក់គោលដៅសិក្សាព្រះគម្ពីរ ?
-
តើខ្ញុំបានរៀនអ្វីខ្លះមកពីបទពិសោធន៍នេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំ ដើម្បីជួយពួកគេឲ្យដាក់គោលដៅសិក្សាព្រះគម្ពីរ ?
-
តើខ្ញុំអាចជួយសិស្សរបស់ខ្ញុំឲ្យខ្ជាប់ខ្ជួននឹងគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេដោយរបៀបណា ?
រួមបញ្ចូល
-
សូមពិនិត្យមើលតួនាទីក្នុងថ្នាក់របស់អ្នកប្រកបដោយការអធិស្ឋាន ខណៈពិចារណាអំពីឧទាហរណ៍នៅក្នុងផ្នែកគំរូ និងអនុវត្តនៅក្នុងការបំពាក់បំប៉ននេះ ។ សូមពិចារណាអំពីឧទាហរណ៍ណាមួយដែលអាចជួយសិស្សរបស់អ្នកបានល្អបំផុត ក្នុងការបង្កើតគោលដៅសិក្សាព្រះគម្ពីរ ។ ដោយប្រើឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ទាំងឡាយ ឬឧទាហរណ៍មួយនៃឧទាហរណ៍របស់អ្នកផ្ទាល់ សូមចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួច ដែលជួយសិស្សរបស់អ្នកឲ្យអភិវឌ្ឍទម្លាប់ល្អនៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមកំណត់ពេលវេលា ជាពេលដែលអ្នកអាចតាមដានយ៉ាងជាប់លាប់ ដើម្បីដឹងថា តើទម្លាប់នោះដំណើរការយ៉ាងណា និងជួយពួកគេកែសម្រួលគោលដៅរបស់ពួកគេ ប្រសិនបើចាំបាច់ ។
តើចង់បានបន្ថែមទៀតទេ ?
-
រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែវិច្ឆិកា ឆ្នាំ២០១១
-
ដេវីឌ អេ បែដណា « A Reservoir of Living Water » ( ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៧ ) នៅលើគេហទំព័រ speeches.byu.edu
-
« Daily Scripture Study and Goals » Inservice Leaders’ Resources
ជំនាញ
អភិវឌ្ឍ និងសួរសំណួរដែលជួយសិស្សឲ្យភ្ជាប់អ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររបស់ពួកគេ ទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន ។
កំណត់និយមន័យ
ការភ្ជាប់គឺការនាំយក ឬការដាក់បញ្ចូលរបស់ពីរជាមួយគ្នា ។ នៅពេលគ្រូបង្រៀនជួយសិស្សឲ្យភ្ជាប់ការសិក្សាព្រះគម្ពីររបស់ពួកគេនៅផ្ទះទៅនឹងថ្នាក់រៀន នោះពួកគេកំពុងនាំយក ឬដាក់បញ្ចូលបទពិសោធន៍ទាំងពីរនេះជាមួយគ្នា ។ មានវិធីជាច្រើនដើម្បីធ្វើកិច្ចការនេះ ។ របៀបមួយគឺសួរសំណួរត្រិះរិះដែល ( ១ ) រូមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួន ឬបទពិសោធន៍ជាគ្រួសាររបស់សិស្ស ជាមួយនឹងការសិក្សាព្រះគម្ពីររបស់ពួកគេនៅផ្ទះ ( ២ ) ស្វែងរករបៀបដែលបទពិសោធន៍ទាំងនោះភ្ជាប់ទៅនឹងអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់ និង ( ៣ ) ផ្តល់ពេលឲ្យពួកគេជញ្ជឹងគិត និងចងចាំអំពីអ្វីដែលពួកគេបានសិក្សានៅផ្ទះ ។
អ្នកក៏អាចរៀបចំសំណួរពិភាក្សាសម្រាប់សិស្សក្នុងថ្នាក់ ដែលនឹងជួយសិស្សឲ្យទទួលបានអ្វីដែលពួកគេកំពុងរៀននៅក្នុងថ្នាក់ ហើយប្រើវានៅផ្ទះផងដែរ ។ សំណួរទាំងនេះមានភាពស្រដៀងគ្នា ។ អ្នកអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍រៀនសូត្រ ដែលពួកគេមាននៅក្នុងថ្នាក់រៀននៅថ្ងៃនោះ និងរបៀបដែលបទពិសោធន៍នោះអាចមានប្រយោជន៍នៅផ្ទះ ។ សំណួរទាំងនេះអាចជួយយើងឲ្យប្រែកាន់តែផ្តោតលើការរៀនសូត្រនៅឯគេហដ្ឋាន និងបានគាំទ្រពីសាសនាចក្រនៅក្នុងថ្នាក់រៀន និងរៀបចំសិស្សឲ្យមានបទពិសោធន៍រៀនសូត្របន្ថែមទៀតនៅក្រៅថ្នាក់រៀន ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
សំណួរដែលភ្ជាប់ការរៀនសូត្រនៅផ្ទះទៅនឹងបទពិសោធន៍នៅក្នុងថ្នាក់រៀន ៖
-
តើមានអ្វីខ្លះដែលអ្នកបានរៀនថ្ងៃនេះនៅក្នុងថ្នាក់ ដែលទាក់ទងទៅនឹងអ្វីដែលអ្នកកំពុងរៀននៅផ្ទះ ?
-
តើអ្នក និងគ្រួសាររបស់អ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនាសប្តាហ៍នេះ ?
-
តើមានសំណួរអ្វីខ្លះផុសឡើងក្នុងចិត្តអ្នក នៅពេលអ្នកបានពិភាក្សាអំពីបទគម្ពីរទាំងនេះ ?
-
តើមានអ្វីខ្លះដែលអ្នកចូលចិត្តរៀន នៅពេលអ្នក ឬគ្រួសាររបស់អ្នកបានសិក្សាវគ្គបទគម្ពីរទាំងនេះ ?
សំណួរដែលភ្ជាប់ការរៀនសូត្រនៅក្នុងថ្នាក់រៀនទៅនឹងបទពិសោធន៍នៅផ្ទះ ៖
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលនឹងក្លាយជាពរជ័យដល់អ្នក និងគ្រួសាររបស់អ្នក ?
-
ប្រសិនបើអ្នករៀបចំមេរៀនរយៈពេលប្រាំនាទីអំពីសេចក្តីពិតនេះ តើអ្នកនឹងផ្តោតលើអ្វីខ្លះ ហើយហេតុអ្វី ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកមាននៅថ្ងៃនេះដែលនឹងមានប្រយោជន៍សម្រាប់អ្នក និងគ្រួសាររបស់អ្នក ? តើអ្នកនឹងផ្លាស់ប្តូរ ឬធ្វើអ្វីផ្សេងដើម្បីឲ្យសមស្របទៅនឹងតម្រូវការគ្រួសាររបស់អ្នក ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍-ផ្សារភ្ជាប់នឹងការរៀនសូត្ររបស់សិស្ស
អនុវត្ត
អនុវត្ត #១ ៖ ដោយប្រើឧទាហរណ៍នៅក្នុងគំរូ ( ឬឧទាហរណ៍ផ្ទាល់ខ្លួនមួយរបស់អ្នក ) សូមកំណត់អំពីរបៀបដែលអ្នកនឹងភ្ជាប់អ្វីដែលសិស្សកំពុងដកពិសោធជាមួយការសិក្សារបស់ពួកគេនៅផ្ទះ ទៅនឹងអ្វីដែលពួកគេកំពុងដកពិសោធនៅក្នុងថ្នាក់ ដោយផ្អែកលើគំរូមេរៀនខាងក្រោម ។
-
មេរៀនសប្តាហ៍នេះគឺនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៤–៩៧ ។
-
មេរៀនសប្តាហ៍នេះគឺនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣ ។
អនុវត្ត #២ ៖ អភិវឌ្ឍសំណួរមួយដើម្បីភ្ជាប់អ្វីដែលសិស្សកំពុងរៀននៅក្នុងថ្នាក់រៀន ទៅនឹងបទពិសោធន៍របស់ពួកគេនៅផ្ទះ ដោយផ្អែកលើមេរៀនគំរូខាងក្រោម ។
-
មេរៀនសប្តាហ៍នេះគឺនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩–១៣២ ។
-
មេរៀនសប្តាហ៍នេះគឺនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥–១៣៦ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះអំពីការអញ្ជើញឲ្យរៀនសូត្រដោយឧស្សាហ៍ព្យាយាមតាមរយៈបទពិសោធន៍នេះ ?
-
តើមានរបៀបណាផ្សេងទៀតដែលអ្នកអាចភ្ជាប់អ្វីដែលសិស្សកំពុងដកពិសោធនៅក្នុងការសិក្សារបស់ពួកគេនៅផ្ទះ ទៅនឹងអ្វីដែលពួកគេដកពិសោធនៅក្នុងថ្នាក់ ?
រួមបញ្ចូល
សូមចំណាយពេលបីនាទីមុនពេលចូលរៀនជារៀងរាល់ថ្ងៃរយៈពេលពីរសប្តាហ៍បន្ទាប់ ដើម្បីមើលឈ្មោះសិស្សនៅក្នុងបញ្ជីឈ្មោះរបស់អ្នក ។ ពេលអ្នកឃើញឈ្មោះរបស់ពួកគេ សូមពិចារណាអំពីអ្វីដែលគាត់ប្រហែលជាកំពុងរៀនផ្ទាល់ខ្លួន និងជាគ្រួសារនៅផ្ទះ ។ អំឡុងពេលរៀន សូមសួរសិស្សទាំងអស់ ឬសិស្សម្នាក់ៗនូវសំណួរមួយដែលអ្នកបានអនុវត្ត ។ អ្នកក៏អាចកត់ត្រាអ្វីដែលអ្នកបានរៀនពេលអ្នកសួរសំណួរ និងស្តាប់ផងដែរ ។
តើចង់បានបន្ថែមទៀតទេ ?
-
រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៦–៨
-
ចូរមកតាមខ្ញុំ នៅលើគេហទំព័រ ChurchofJesusChrist.org
-
វីដេអូ ការបង្រៀន នៅលើគេហទំព័រ ChurchofJesusChrist.org