ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។


« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ( ឆ្នាំ​២០២៣ )

« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។

ជំនាញ

សិក្សា​សារលិខិត​មកពី​ព្យាការី​នាពេល​ថ្មីៗ​នេះ ដើម្បី​យល់​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទតឃើញ​យុវវ័យ ។

បុរស​ម្នាក់​កំពុង​សិក្សា

កំណត់​និយមន័យ

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ដើម្បី​បម្រើ​មនុស្ស​ដទៃ​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​មើល​ឃើញ​ពួកគេ … តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ » ( « Through God’s Eyes » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ៩៤ ) ។ ពួកព្យាការី​នៅរស់​គឺជា​បុរស​ដែល​ទទួល​បាន​ការបំផុស​គំនិត ដែល​ត្រូវបាន​ហៅ​ឲ្យ​ថ្លែង​ជំនួស​ព្រះអម្ចាស់ ។ ដោយ​ការយល់ដឹង​នូវ​អ្វី​ដែល​ពួកព្យាការី​កំពុង​បង្រៀន​អំពី​យុវវ័យ​នៅ​សព្វ​ថ្ងៃនេះ អ្នក​អាច​មើល​ឃើញ​សិស្ស​របស់​អ្នក​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ​បាន ហើយ​ដឹង​អំពី​របៀប​ដើម្បី​ជួយ​ពួកគេ​គ្រប់ពេល​បាន​កាន់តែ​ប្រសើរ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ គឺ​ត្រូវ​សិក្សា​សារលិខិត​មកពី​ព្យាការី ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ពួកព្យាការី និង​ពួក​សាវក​កំពុង​បង្រៀន​អ្វី​ខ្លះ​អំពី​អត្តសញ្ញាណ​របស់​យុវវ័យ ?

  • តើ​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​កំពុង​សុំ​ឲ្យ​យុវវ័យ​ធ្វើ​អ្វី​ខ្លះ ?

  • តើ​ពួកព្យាការី និង​ពួក​សាវក​បើក​សម្ដែង​អ្វី​ខ្លះ​អំពី​សេចក្ដី​សង្ឃឹម បំណង​ប្រាថ្នា អារម្មណ៍ និង​ការរំពឹង​ទុក​របស់​ព្រះអម្ចាស់​ចំពោះ​យុវវ័យ ?

នៅពេល​អ្នក​សិក្សា​ពាក្យសម្ដី​របស់​ពួកព្យាការី​ដែល​នៅ​រស់ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ ឬ​សំណួរ​ផ្ទាល់ខ្លួន​មួយ​ចំនួន នោះ​អ្នក​នឹង​រីកចម្រើន​នៅក្នុង​ការយល់ដឹង​របស់អ្នក​អំពី​របៀប​ដែល​ព្រះ​ទត​ទៅ​យុវវ័យ​របស់​សាសនាចក្រ ។ នៅពេល​អ្នក​មើល​ឃើញ​សិស្ស​កាន់តែ​ច្បាស់​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ នោះ​អ្នក​នឹង​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បង្រៀន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​យុវវ័យ​តាម​របៀប​ដ៏​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ។

គំរូ

  • បងស្រី អានថែល ហៀប​នឹង​ចាប់ផ្តើម​បង្រៀន​ថ្នាក់​វិទ្យាស្ថានឆ្នាំទីមួយ​របស់គាត់ ។ មុន​ពេល​ជួប​សិស្ស​របស់​គាត់ គាត់បាន​សិក្សា​សុន្ទរកថា​របស់​ប្រធាន ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ខណៈ​កំពុង​ពិចារណា​អំពី​សំណួរ « តើ​ព្យាការី​របស់​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​យល់​ដឹង​អ្វីខ្លះ អំពី​យុវវ័យ​ដែល​ខ្ញុំ​នឹង​បង្រៀន ? » គាត់​មើល​ឃើញ​កាន់តែ​ច្បាស់​តាម​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​ទៅ​សិស្ស​របស់​គាត់ នៅពេល​គាត់​អាន​អត្ថបទ​ដូច​តទៅ​នេះ ៖ « ទីមួយ និង​សំខាន់​បំផុត ក្មួយៗ​គឺជា​បុត្រ​របស់​ព្រះ ។ ទីពីរ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ក្មួយៗ​គឺជា​បុត្រ​នៃ​សេចក្ដីសញ្ញា ។ និង​ទីបី ក្មួយៗ​គឺជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

  • បងប្រុស មូលល័រ មាន​ការខកចិត្ត​ដោយសារ​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា​របស់​គាត់​ហាក់​ដូចជា​មិន​សូវ​ចូលរួម​សោះ ។ គាត់​ស្វែងរក​ជំនួយ​ដោយ​ការសិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ « តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ចែកចាយ​អ្វី​ខ្លះ​អំពី​សេចក្ដី​សង្ឃឹម បំណង​ប្រាថ្នា អារម្មណ៍ និង​ការរំពឹង​ទុក​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​យុវវ័យ ? » ទស្សនៈ​របស់​គាត់​ចំពោះ​សិស្ស​របស់​គាត់​ត្រូវ​បាន​ពង្រឹង ពេល​គាត់​អាន​ពាក្យ​ពេចន៍​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ៖ « មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​និយាយ​ឡើង​វិញ ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះ នោះ​ទ្រង់​នឹង​សម្តែង​សេចក្តីស្រឡាញ់​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់​ចំពោះ​អ្នក ទ្រង់​ទុក​ព្រះទ័យ​ទាំង​ស្រុង​លើ​អ្នក » ( « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ១២ ) ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:36

អនុវត្ត

  • សូម​សិក្សា​សារលិខិត​មកពី​ព្យាការី​នាពេល​ថ្មីៗ​នេះ ហើយ​ស្វែងរក​គំនិត​ទាំងឡាយ​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​មក​សិស្ស​របស់​អ្នក ។

រួម​បញ្ចូល

  • សូម​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្តី​ថ្លែងការណ៍​មកពី​ព្យាការី​កាលពី​ឆ្នាំ​មុន ដែល​ជួយ​អ្នក​ឲ្យ​មើល​ទៅ​យុវវ័យ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះវរបិតា​សួគ៌ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

តើ​ការមើលឃើញ​យុវវ័យ​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួកគេ ?

  • តើ​សេចក្តី​ថ្លែងការណ៍​អ្វីខ្លះ​មកពី​ព្យាការី ដែល​បាន​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​យុវវ័យ​តាម​របៀប​ដែល​ព្រះវរបិតា​សួគ៌​ទត​ទៅ​ពួកគេ ហើយ​តើ​វា​មាន​ភាពខុសគ្នា​អ្វី​ខ្លះ​សម្រាប់​អ្នក ?

  • តើ​មាន​សំណួរ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ជញ្ជឹង​គិត​បាន ពេល​កំពុង​សិក្សា​សារលិខិត​មកពី​ព្យាការី ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​យុវវ័យ​នៃ​សាសនាចក្រ ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះ​ឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

  • ឌែល ជី រិនឡាន់ « Through God’s Eyes » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ៩៣–៩៤

  • ឆាដ អេច វិប « His Representatives » ( ការចាក់ផ្សាយ​អំពី​ការបំពាក់​បំប៉ន​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

ជំនាញ

« គិត​ដល់​សេឡេស្ទាល » អំពី​សិស្ស​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពួកគេ​ដូចជា​ព្រះ​ទតឃើញ​ពួកគេ​ដែរ ។

ស្ត្រី​ម្នាក់ និង​យុវវ័យ​កំពុង​សើច

កំណត់​និយមន័យ

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « គិត​ដល់​សេឡេស្ទាល » ដោយ « មាន​គំនិត​ខាង​វិញ្ញាណ » ( « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ១១៧ ) ។ អ្នក​អាច​អនុវត្ត​រឿង​នេះ​ជាមួយ​សិស្ស​របស់​អ្នក ហើយ​វា​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពួកគេ​ដូច​ព្រះ​ទតមើល​ឃើញ​ពួកគេ​ដែរ ។ វិធី​មួយ​ដែល​អាច​ធ្វើ​ការណ៍​នេះ​បាន​គឺ ត្រូវ​ពិចារណា​ពី​សិស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ហើយ « គិត​ដល់​សេឡេស្ទាល » ដោយ​សួរ​ខ្លួន​ឯង​ថា «តើ​ព្រះ​ទ្រង់​ជ្រាប និង​យល់​យ៉ាង​ណា​អំពី​សិស្ស​ម្នាក់នេះ ? » ជំនាញ​នេះ​អាច​អនុវត្ត​បាន នៅ​ពេលណា​ដែល​អ្នក​កំពុង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​សិស្ស ឬ​គិត​អំពី​សិស្ស ។

គំរូ

  • ក្រោយពី​បង្រៀន​មួយ​ថ្ងៃពេញ បងប្រុស ស្ម៊ីធ ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ភរិយា​របស់​គាត់​សួរ​គាត់​អំពី​ការបង្រៀន​របស់​គាត់​ថ្ងៃនេះ ហើយ​គាត់​គិត​ពី​ការចែកចាយ​ស្ថានភាព​មួយ​ដែល​គាត់​មាន​ជាមួយ​សិស្ស​ម្នាក់​ដែល​ធ្វើ​មិន​បាន​ល្អ ។ បន្ទាប់​មក គាត់គិត​អំពី​ការអញ្ជើញរបស់​ប្រធាន ណិលសុន ឲ្យ « គិត​ដល់​សេឡេស្ទាល » ហើយ​សួរខ្លួនឯង​ថា « តើ​ព្រះ​ទ្រង់ជ្រាប និង​យល់​យ៉ាងណា​អំពី​សិស្ស​ម្នាក់​នេះ ? » គាត់​ចែកចាយ​ជាមួយ​ភរិយា​របស់​គាត់​ថា « បង​មាន​ពេល​ដ៏​លំបាក​ជាមួយ​សិស្ស​ម្នាក់​នៅ​ព្រឹក​នេះ ប៉ុន្តែ​បង​មាន​អំណរគុណ​ដែល​បង​ដឹង​ថា ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​យុវជន​នេះ​ទៅ​ថ្នាក់​របស់​យើង​ដើម្បី​ទទួល​បាន​ជោគជ័យ » ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:2

អនុវត្ត

  • សូម​ពិចារណា​ពី​សិស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ហើយ « គិត​ដល់​សេឡេស្ទាល » អំពី​នាង ឬ​គាត់ ។ តើ​ព្រះ​ទ្រង់ជ្រាប និង​យល់​យ៉ាងណា​អំពី​សិស្ស​ម្នាក់នេះ ?

  • សូម​ពិចារណា​ពីសិស្ស​ម្នាក់​ទៀត​ដែល​អ្នក​ស្គាល់ ហើយ « គិត​ដល់​សេឡេស្ទាល » អំពី​នាង ឬ​គាត់ ។ តើ​ព្រះ​ទ្រង់ជ្រាប និង​យល់​យ៉ាងណា​អំពី​សិស្ស​ម្នាក់នេះ ?

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​តាមរយៈ​ការអនុវត្ត​ជំនាញ​នេះ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការមើល​ឃើញ​សិស្ស​របស់​យើង​ដូចជា​ព្រះ​ទតមើល​ឃើញ​ពួកគេ ?

  • តើ​បទពិសោធន៍​នៃ​ការរៀនសូត្រ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច នៅពេល​អ្នក « គិត​ដល់​សេឡេស្ទាល » អំពី​សិស្ស​របស់​អ្នក​យ៉ាង​ខ្ជាប់ខ្ជួន ?

រួម​បញ្ចូល

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ « ការគិត​ដល់​សេឡេស្ទាល » អំពី​សិស្ស​របស់​អ្នក​ក្លាយជា​ទម្លាប់​មួយ ?

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?