ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។


« ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ( ឆ្នាំ​២០២៣ )

« ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

គោលការណ៍​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ

ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

ជំនាញ

បង្កើត​ការបំផុស​គំនិត​នានា​ដែល​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក​នូវ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

កំណត់​និយមន័យ

នៅពេល​សិស្ស​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​នៃ​អ្វី​ដែល​ពួកគេ​កំពុង​ថ្លែង ទាំង​ចូល​ទៅ​ក្នុង​គំនិត និង​ចិត្ត​របស់​ពួកគេ​ផ្ទាល់ ព្រមទាំង​ទៅកាន់​អ្នកដទៃ​ផងដែរ ។ ការបំផុសគំនិត​គឺ​ជា​របៀបមួយ​ដើម្បី​ជួយពួកគេ​ឲ្យ​ចែកចាយ ។ ជាទូទៅ​ការបំផុស​គំនិត​ទាំង​នេះ​រួម​មាន​ពីរ​ផ្នែក ៖ ផ្នែក​ទី​មួយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ហើយ​អាច​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​បង្រៀន​ផ្សេងៗ​ដូចជា រូបភាព សំណួរ វិភាគ​រឿង វីដេអូ​ខ្លីៗ និង​ទំនុកតម្កើង ។ ផ្នែក​ទីពីរ​ផ្តល់ឱកាស​ដល់​សិស្ស​ឲ្យ​ចាប់ផ្តើម​ចែកចាយ ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ការអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​ឃ្លា​ដែល​មិន​ពេញលេញ ។ លក្ខណៈ​ពិសេស​ចាំបាច់​នៃ​ការបំផុស​គំនិត​ទាំងនេះ​គឺ​ថា វា​ជួយ​សិស្ស​ភ្ជាប់ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាប់ផ្តើម​គិត​អំពី​របៀប​មួយ ដើម្បី​និយាយ​ចេញ​មកនូវ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

គំរូ និង​ការអនុវត្ត​ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់​ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

រូបភាព​គំរូ

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

អ្នក​កំពុង​បង្រៀន គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:១–៥ ហើយ​គោលការណ៍​នៅ​ក្នុង​ខគម្ពីរនេះ​គឺ « ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​គាំទ្រ​របស់​យើង​ជា​មួយនឹង​ព្រះវរបិតា » ។ អ្នក​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នេះ ហើយ​ប្រើ​ការបំផុស​គំនិត​ថា « ប្រសិនបើ​ខ្ញុំ​អាច​ទូល​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​ហេតុផល​មួយ​ពី​មូលហេតុ​ដែលខ្ញុំ​ស្រឡាញ់​ទ្រង់ នោះ​ខ្ញុំ​នឹង​ចែកចាយ​ថា … »

ទំនុក​តម្កើង​គំរូ

អ្នក​កំពុង​ច្រៀង​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ជាមួយ​គ្នា​ក្នុង​ថ្នាក់​ទាំងមូល ។ អ្នក​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​វគ្គ​នានា​ដែល​ពួកគេ​ចូលចិត្ត ដែល​ជួយ​ពួកគេ​ឲ្យ​បំពេញ​ឃ្លា​នេះ ៖ « ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់នៅ​ដើម្បី … »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:22

អនុវត្ត

  • សូម​ចំណាយ​ពេល​ប្រាំ​នាទី​បន្ទាប់ ហើយ​រកមើល​រូបភាព ទំនុក​តម្កើង ឬ​វីដេអូ​ខ្លីៗ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលភ្ជាប់​ទៅ​នឹង​គោលការណ៍ ឬ​គោលលទ្ធិ​មួយ​នៅក្នុង​បណ្តុំ​វគ្គ​បទគម្ពីរ​បន្ទាប់ ។ សូម​លើក​ឡើង​ពី​ការបំផុស​គំនិត​មួយ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​គិត​ដោយ​យកចិត្ត​ទុកដាក់ បន្ទាប់​មក​ចែកចាយ​អារម្មណ៍ បទពិសោធន៍ ឬ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទាក់ទង​នឹង​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​បាន​ជ្រើសរើស​នេះ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​ការផ្តល់​ការបំផុស​គំនិត​មួយ​អាច​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ អំពី​ការជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​ទីបន្ទាល់ និង​អារម្មណ៍​កាន់តែ​មាន​ប្រកប​ដោយ​អត្ថន័យ ?

រួម​បញ្ចូល

  • សូម​បង្កើត​ការបំផុស​គំនិត​មួយ​សម្រាប់​មេរៀន​នីមួយៗ​នៅ​សប្តាហ៍​នេះ ដែល​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « ដឹកនាំ​ការពិភាក្សា​ប្រកប​ដោយ​ការបំផុសគំនិត » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ​២០១៦ ) ទំព័រ ៣៣–៣៤

  • « Ideas for Virtual Learning and Teaching » នៅលើ​គេហទំព័រ ChurchofJesusChrist.org

ជំនាញ

ថ្លែង​ទីបន្ទាល់​កាន់តែ​ញឹកញាប់ និង​មាន​ឥទ្ធិពល​ជាងមុន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

បុរស​ម្នាក់​កំពុង​បង្រៀន​នៅក្នុង​ថ្នាក់រៀន

កំណត់​និយមន័យ

អែលឌើរ នែល អិល អាន់ឌើរសិន បាន​អញ្ជើញ​គ្រូបង្រៀន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​ឲ្យ « ថ្លែង​ទីបន្ទាល់​កាន់តែ​ញឹកញាប់ និង​មាន​ឥទ្ធិពល​ជាងមុន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ( « The Power of Jesus Christ and Pure Doctrine » [ សុន្ទរកថា​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា​នៃ​ប្រព័ន្ធអប់រំ​សាសនាចក្រ ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣ ] បណ្ណាល័យ​ដំណឹងល្អ ) ។ ឱកាស​ដើម្បី​ទទួល​បាន​ទីបន្ទាល់​អាច​កើត​មាន​អំឡុង​ពេល​ម៉ោង​រៀន នៅពេល​សេចក្ដីពិត​អំពី​ព្រះអង្គ​សង្រ្គោះ​ត្រូវ​បាន​ចែកចាយ មិន​ត្រឹម​តែ​នៅ​ដើម ឬ​ចុង​បញ្ចប់​នៃ​ថ្នាក់​រៀន​ប៉ុណ្ណោះ​ទេ ។ អ្នក​អាច​ប្រើ​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​ទីបន្ទាល់​សាមញ្ញ និង​មាន​ឥទ្ធិពល​ដែល​អ្នក​អាច​ចែកចាយ​បាន ៖

  • តើ​ខ្ញុំ​ដឹង​អ្វីខ្លះ​ដោយ​ខ្លួនឯង អំពី​អ្វី​ដែល​បាន​បង្រៀន​អំពី​ព្រះអង្គ​សង្រ្គោះ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

  • តើ​វិធី​សាមញ្ញ និង​ចេញពីដួងចិត្ត​អ្វីខ្លះ ដែល​ខ្ញុំ​អាច​ចែកចាយពី​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ការចែកចាយ​ទីបន្ទាល់​ដ៏​សាមញ្ញ និង​ញឹកញាប់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ អាច​បង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​របស់​អ្នក​មាន​អារម្មណ៍​ស្រួល​ក្នុង​ការចែកចាយ ហើយ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បញ្ជាក់​ពី​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​នោះ ។

គំរូ និង​ការអនុវត្ត​ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ទូទៅ ។ ការបំពាក់បំប៉ន​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​គំរូ និង​ឱកាស​អនុវត្ត​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មេរៀន​បន្ទាប់​ដែល​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​កម្មវិធី​សិក្សា ។

គំរូ

ក្នុង​អំឡុង​ពេល​មេរៀន​មួយ​អំពី​ការប្រសូត្រ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ បងប្រុស ឈែនលើរ គិត​អំពី​អ្វី​ដែល​គាត់​ដឹង​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​ថា​តើ​ព្រះវរបិតា​របស់​គាត់​ជា​នរណា រួច​ហើយ​និយាយ​ដោយ​សាមញ្ញ​ថា « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ » ។

ឃ្លា​ផ្សេង​ទៀត​ដែល​ត្រូវ​ពិចារណា និង​ប្រើ​គឺ ​៖

  • ខ្ញុំ​បាន​រៀន​ដោយ​ខ្លួន​ឯង​ថា ព្រះយេស៊ូវ​គ្រីស្ទ …

  • ខ្ញុំ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ …

  • ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី …នៅក្នុង​ជីវិត​របស់​ខ្ញុំ នៅពេល …

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:11

អនុវត្ត

សម្រាប់​សេចក្ដី​ពិត​នីមួយៗ​ដូច​ខាងក្រោម សូម​សរសេរ​ទីបន្ទាល់​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​មួយ​ដែល​អ្នក​អាច​ចែកចាយ​បាន ។ អ្នក​អាច​ប្រើ​សំណួរ ឬ​ការបំផុស​គំនិត​មកពី​និយមន័យ និង​គំរូ​ខាងលើ​ដើម្បី​ជួយអ្នក។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​នៃ​ពិភពលោក ។

  • ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួលរងការ​ឈឺចាប់​ដើម្បី​សង្រ្គោះ​ខ្ញុំ​ពី​អំពើបាប និង​សេចក្តី​ស្លាប់ ហើយ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។

  • សេចក្ដីពិត​ដែល​នឹង​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​បន្ទាប់​របស់​អ្នក ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • តើ​អ្នក​កំពុង​រៀន​អ្វី​ខ្លះ ពេល​អ្នក​អនុវត្ត​ទីបន្ទាល់​ដ៏​សាមញ្ញ និង​មាន​ឥទ្ធិពល​ទាំង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធានា​ថា ការថ្លែង​ទីបន្ទាល់​របស់​អ្នក​ជា​ញឹកញាប់​នៅតែ​ស្មោះត្រង់ និង​ចេញពី​ចិត្ត ?

រួម​បញ្ចូល

  • នៅពេល​ដែល​អ្នក​រៀបចំ និង​បង្រៀន​មេរៀនរបស់អ្នក ឬ​បង្រៀនមេរៀន​​នៅ​សប្តាហ៍​ខាង​មុខ​នេះ សូម​ស្វែងរក​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក សូម​ចែកចាយ​ទីបន្ទាល់​ដ៏​សាមញ្ញ និង​ស្មោះសរ​របស់​អ្នក​អំពី​ទ្រង់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ការថែទាំ និង​ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ១១១–១១៤

  • « ចែកចាយ​ទីបន្ទាល់​របស់​អ្នក » នៅក្នុង « ជួយ​មនុស្ស​ឲ្យ​ធ្វើ និង​រក្សា​ការតាំងចិត្ត » ប្រកាស​ដំណឹងល្អ​របស់​យើង ( ឆ្នាំ​២០១៩ ) ទំព័រ ២០១–២០២