« រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ( ឆ្នាំ២០២៣ )
« រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ បង្រៀនគោលលទ្ធិ
រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ។
ជំនាញ
បង្កើតសំណួរបើកឲ្យត្រិះរិះស្រាវជ្រាវ ដែលជួយសិស្សឲ្យរកឃើញគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយ ។
កំណត់និយមន័យ
សំណួរស្រាវជ្រាវត្រិះរិះអញ្ជើញសិស្សឲ្យមើលឃើញ និងយល់អំពីសេចក្តីពិតនៅក្នុងបទគម្ពីរដោយខ្លួនពួកគេ ជាជាងនាំពួកគេធ្វើការសន្និដ្ឋានជាមុន ឬឆ្លើយតបចម្លើយជាក់លាក់មួយ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យការសិក្សាបទគម្ពីររបស់សិស្សកាន់តែទាក់ទង និងអាចអនុញ្ញាតឲ្យព្រះអម្ចាស់បង្រៀន និងបំផុសគំនិតដល់ពួកគេដោយផ្ទាល់ ។ សំណួរទាំងនេះ ( ១ ) រួមមានការអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេចាប់អារម្មណ៍ផ្ទាល់ខ្លួន ( ២ ) លុបបំបាត់តម្រូវការឲ្យសិស្សរកមើលអ្វីជាក់លាក់ដែលគ្រូបង្រៀនមានក្នុងគំនិត និង ( ៣ ) អាចអនុញ្ញាតឲ្យសិស្សពិចារណាអំពីរបៀបអនុវត្តសេចក្តីពិតដែលបានរកឃើញ និងយល់នេះ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ សំណួរទាំងនេះអាចត្រូវបានប្រើ នៅពេលអញ្ជើញសិស្សឲ្យស្រាវជ្រាវខគម្ពីរទាំងឡាយ ដើម្បីរកមើលសេចក្តីពិត និងស្វែងរកការយល់ដឹងបន្ថែមអំពីសេចក្តីពិតដែលពួកគេបានរកឃើញ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
នេះគឺជាឧទាហរណ៍ពីរបីអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យមើលឃើញ និងយល់អំពីសេចក្ដីពិតដោយខ្លួនឯងដោយប្រើសំណួរត្រិះរិះស្រាវជ្រាវ ៖
-
ជាជាងអញ្ជើញឲ្យសិស្ស « រកមើលខគម្ពីរដែលព្រះអម្ចាស់បង្រៀនយើងអំពីសារៈសំខាន់នៃការគោរពប្រតិបត្តិ » អ្នកអាចសួរថា « តើប្អូនចាប់អារម្មណ៍លើគោលការណ៍អ្វីនៅក្នុងខគម្ពីរទាំងនេះ ? »
-
ជាជាងនិយាយថា « ព្រះយេស៊ូវគូសបញ្ជាក់ថា យើងត្រូវមានសេចក្ដីជំនឿលើទ្រង់នៅក្នុងខគម្ពីរទាំងនេះ » អ្នកអាចសួរថា « តើយើងអាចរៀនគោលការណ៍អ្វីខ្លះ ចេញមកពីការបង្រៀន និងគំរូរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរទាំងនេះ ? »
-
ជាជាងសួរថា « តើប្អូនអាចមើលឃើញរបៀបដែលព្រះអម្ចាស់រំឭកយើងឲ្យអធិស្ឋានជានិច្ចនៅក្នុងខគម្ពីរនេះដែរឬទេ ? » អ្នកអាចសួរថា « តើសារលិខិតអ្វីអំពីការអធិស្ឋានដែលព្រះអម្ចាស់កំពុងព្យាយាមជួយប្អូនឲ្យយល់ចេញមកពីខគម្ពីរនេះ ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើននៃការអនុវត្តខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការជួយសិស្សឲ្យមើលឃើញ និងយល់សេចក្តីពិតសម្រាប់ខ្លួនពួកគេ ៖
-
សូមមើល មរ៉ូណៃ ១០:៣២–៣៣ ។ សូមអនុវត្តការរកមើលគោលការណ៍ច្រើនជាងមួយ ដើម្បីឃើញអំពីរបៀបដែលសិស្សអាចរកមើលគោលការណ៍ផ្សេងៗចេញពីខគម្ពីរទាំងនេះ ។ សូមកត់ត្រាសំណួរមួយដែលនឹងអនុញ្ញាតឲ្យសិស្សមើលឃើញគោលការណ៍ជាច្រើន ។
-
សូមពិចារណាបណ្តុំបទគម្ពីរមួយ ដែលអ្នកគ្រោងនឹងសិក្សាជាមួយសិស្សនៅក្នុងមេរៀនបន្ទាប់ ។ ជាជាងគ្រោងឲ្យសិស្សអានខគម្ពីរទាំងនេះ ហើយរកមើលគោលការណ៍ជាក់លាក់មួយដែលអ្នកបានរកឃើញរួចហើយ សូមអនុវត្តសរសេរសំណួរត្រិះរិះស្រាវជ្រាវពីរបី ដើម្បីជួយពួកគេឲ្យមើលឃើញគោលការណ៍មួយដោយខ្លួនពួកគេ ។
-
សូមមើលផែនការមេរៀនបន្ទាប់ ។ សូមជ្រើសរើសគោលការណ៍មួយដែលសិស្សអាចរកឃើញចេញពីខគម្ពីរដែលកំពុងសិក្សា ។ សូមអនុវត្តសរសេរសំណួរសាមញ្ញពីរ ឬបី ដើម្បីជួយពួកគេឲ្យយល់បន្ថែមទៀតអំពីគោលការណ៍នេះ ក្នុងរបៀបមួយដែលមិននាំឲ្យពួកគេធ្វើការសន្និដ្ឋានជាមុន ឬឆ្លើយតបចម្លើយជាក់លាក់ ។
ពិភាក្សា ឬជញ្ជឹងគិត
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនចេញមកពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាអំពីសំណួរខាងក្រោម ៖
-
តើខ្ញុំបានធ្វើអ្វីខ្លះពីមុន ដើម្បីជួយសិស្សឲ្យរៀនតាមរយៈសំណួរត្រិះរិះស្រាវជ្រាវ ?
-
តើខ្ញុំបានរៀនអ្វីខ្លះនៅក្នុងបទពិសោធន៍នេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំឲ្យចេះសួរសំណួរត្រិះរិះស្រាវជ្រាវ ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះដើម្បីបន្តកែលម្អ ?
រួមបញ្ចូល
-
ពេលអ្នករៀបចំបង្រៀនមេរៀនសប្តាហ៍នេះ សូមបង្កើតសំណួរត្រិះរិះស្រាវជ្រាវពីរបី ដែលជួយសិស្សឲ្យមើលឃើញគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយឡើយ ។ សូមកត់ត្រាសំណួរទាំងនោះ ហើយព្យាយាមសួរសំណួរនីមួយៗទៅកាន់សមាជិកគ្រួសារ មិត្តរួមការងារ ឬសួរខ្លួនឯងផ្ទាល់ ? សូមរកមើលសំណួរមួយដើម្បីសួរនៅក្នុងថ្នាក់រៀន ហើយប្រើវានៅក្នុងមេរៀនរបស់អ្នក ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Have Not Come This Far to Only Come This Far » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
ផ្នែក ២.១–២.៣ « Unit 2: Teach the One » Inservice Leaders’ Resources ( ការបង្រៀនដែលផ្តោតលើសិស្ស )
-
« ជួយអ្នករៀនស្វែងរកសេចក្តីពិតខាងវិញ្ញាណ » នៅក្នុង « បង្រៀនគោលលទ្ធិ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ២០១៦ ) ទំព័រ ២១
ជំនាញ
ស្រាវជ្រាវខគម្ពីរ និងប្រសាសន៍របស់ព្យាការីដើម្បីយល់ដឹងបានកាន់តែជ្រៅជ្រះ ។
កំណត់និយមន័យ
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:២១ ព្រះអម្ចាស់ជួយយើងឲ្យមើលឃើញអំពីសារៈសំខាន់នៃការរៀនគោលលទ្ធិសម្រាប់ខ្លួនយើង ៖ « ចូរកុំខំប្រកាសព្រះបន្ទូលរបស់យើងឡើយ ប៉ុន្តែចូរខំព្យាយាមដើម្បីឲ្យបានព្រះបន្ទូលរបស់យើងជាមុនសិនចុះ ហើយខណៈនោះ អណ្ដាតរបស់អ្នកនឹងបានធូរ ពេលនោះបើសិនជាអ្នកមានប្រាថ្នា នោះអ្នកនឹងបានព្រះវិញ្ញាណរបស់យើង និងព្រះបន្ទូលរបស់យើង មែនហើយគឺជាព្រះចេស្ដានៃព្រះ ដើម្បីបញ្ចុះបញ្ចូលមនុស្សលោក » ។ ការខិតខំរៀនសូត្រអំពីគោលលទ្ធិ ឬគោលការណ៍ពិតប្រាកដអាចធ្វើបានយ៉ាងជ្រាលជ្រៅតាមរយៈការរកមើលដោយប្រុងប្រយ័ត្ន និងដោយការសិក្សាអំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីវានៅក្នុងបទគម្ពីរ និងតាមរយៈពួកព្យាការី ។ បន្ទាប់ពីរកឃើញគោលលទ្ធិ ឬគោលការណ៍មួយដែលអ្នកចង់យល់កាន់តែច្បាស់ហើយ នោះអ្នកអាច ៖
-
វាយបញ្ចូលគោលការណ៍ ឬពាក្យគន្លឹះនោះនៅក្នុងម៉ាស៊ីនស្វែងរករបស់បណ្ណាល័យដំណឹងល្អ ។
-
ជ្រើសរើស ព្រះគម្ពីរ ឬ សន្និសីទទូទៅ នៅក្នុង « Filter Results » ( អនឡាញ ) ឬ « Collections » ( អេបកម្មវិធី ) ។
-
ជ្រើសរើសមកពីធនធានផ្សេងៗដើម្បីបង្កើនការរៀនសូត្រ និងការយល់ដឹងអំពីគោលលទ្ធិ ឬគោលការណ៍នោះ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
ពេលបងប្រុស ឡាតូ កំពុងរៀបចំមេរៀនអំពីការបង្កបង្កើត នោះគាត់បានរកឃើញគោលលទ្ធិដូចតទៅនេះក្នុងកម្មវិធីសិក្សា « ក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ នោះព្រះយេស៊ូវគ្រីស្ទបានបង្កើតពិភពលោកដ៏ច្រើនឥតគណនា » ។ គាត់ចង់ដឹងបន្ថែមទៀតអំពី ព្រះយេស៊ូវគ្រីស្ទបង្កើតពិភពលោកដ៏ច្រើនឥតគណនា ដូច្នេះគាត់ ៖
-
វាយបញ្ចូលគោលលទ្ធិទៅក្នុងម៉ាស៊ីនស្វែងរកនៃបណ្ណាល័យដំណឹងល្អ ។
-
ជ្រើសរើស « សន្និសីទទូទៅ » ។
-
សិក្សាសុន្ទរកថាមួយដែលលេចធ្លោជាងគេចំពោះគាត់ ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
អ្នកកំពុងរៀបចំមេរៀនមួយដែលផ្តោតសំខាន់ទៅលើវិវរណៈផ្ទាល់ខ្លួន ។ ដើម្បីយល់កាន់តែច្បាស់អំពីគោលការណ៍នេះ ៖
-
វាយបញ្ចូល « វិវរណៈផ្ទាល់ខ្លួន » ទៅក្នុងម៉ាស៊ីនស្វែងរកនៃបណ្ណាល័យដំណឹងល្អ ។
-
ជ្រើសរើស ព្រះគម្ពីរ ឬ សន្និសីទទូទៅ នៅក្នុង « Filter Results » ( អនឡាញ ) ឬ « Collections » ( អេបកម្មវិធី ) ។
-
ជ្រើសរើសធនធានមួយដើម្បីបង្កើនការរៀនសូត្រ និងការយល់ដឹងរបស់អ្នកអំពីវិវរណៈផ្ទាល់ខ្លួន ។
ឥឡូវនេះ សូមធ្វើបែបនេះម្តងទៀតជាមួយគោលលទ្ធិ ឬគោលការណ៍នៅក្នុងមេរៀនខាងមុខ ។
ពិភាក្សា ឬជញ្ជឹងគិត
-
បន្ទាប់ពីអនុវត្តជំនាញនេះហើយ តើអ្នកកំពុងរៀនអ្វីខ្លះ អំពីដំណើរការនៃការស្រាវជ្រាវព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីសម្រាប់ការយល់ដឹងកាន់តែស៊ីជម្រៅ ?
-
តើអ្នកឃើញថា ដំណើរការនេះផ្តល់ប្រយោជន៍ដល់អ្នកក្នុងនាមជាគ្រូបង្រៀនដោយរបៀបណា ?
រួមបញ្ចូល
-
ក្នុងអំឡុងពេលរៀបចំមេរៀនរបស់អ្នកសម្រាប់សប្ដាហ៍ក្រោយ សូមជ្រើសរើសគោលការណ៍ ឬគោលលទ្ធិមួយដែលអ្នកអាចធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅដោយសិក្សាអំពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ សូមចំណាយពេលសរសេរចំណាប់អារម្មណ៍ និងអ្វីដែលអ្នកកំពុងរៀន ។
តើចង់បានបន្ថែមទៀតទេ ?
-
ចន ស៊ី ភីងគ្រី ជុញ្ញ័រ « សេចក្តីពិតដ៏អស់កល្ប » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩៩–១០៤