យើងមិនបានមកចម្ងាយនេះ ដើម្បីមកដល់ត្រឹមនេះនោះទេ
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ ២០២០
ថ្ងៃ អង្គារ ទី ៩ ខែ មិថុនា ឆ្នាំ ២០២០
អស្ចារ្យណាស់ដែលអាចនៅជាមួយគ្នា ។ យើងសង្ឃឹមថាបងប្អូន និង គ្រួសារបងប្អូនមានសុវត្ថិភាព និងសុខសប្បាយ ។ នៅពេញមួយឆ្នាំនេះ យើងបានរំឭកខួបលើកទី ២០០ ឆ្នាំនៃការនិមិត្តដំបូង ។ ខ្ញុំមានអំណរគុណចំពោះយ៉ូសែបស៊្មីធនិងសម្រាប់គំរូនៃសេចក្តីជំនឿនិងបំណងប្រាថ្នារបស់លោកដើម្បីដឹងការពិតហើយ ខ្ញុំមានអំណរគុណដែលព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ សព្វព្រះទ័យនឹងយើងគ្រប់គ្រាន់ល្មមដើម្បីឆ្លើយតបនឹងការអធិស្ឋានដ៏រាបសារបស់យ៉ូសែប ។ យើងទទួលអារម្មណ៍ពីអំណាចនៃពាក្យពេចន៍ក្នុងបទនេះ កាលដែលយើងឮ « សរសើរដល់លោកដែលទូលនឹងព្រះយេហូវ៉ា » ។១ ខ្ញុំសូមបន្ថែមថា សរសើរដល់ព្រះយេហូវ៉ាដែលទូលនឹងលោកវិញ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការពិតនៃអ្វីដែលយ៉ូសែបបានដកពិសោធន៍នៅក្នុងព្រៃពិសិដ្ឋ ។
បន្ទាប់ពីការនិមិត្តរបស់លោក យ៉ូសែបបានត្រឡប់ទៅផ្ទះវិញ ជាទីដែលលោកបានជួបនឹងម្តាយលោក ហើយបានជម្រាបទៅគាត់ថា « ខ្ញុំស្រួលទេតើ … ខ្ញុំបានចេះដឹងដោយផ្ទាល់ខ្លួនខ្ញុំ » ។២ លំអានដែលយ៉ូសែបចង់បាននៅក្នុងការស្វែងរកសេចក្តីពិតរបស់លោកគឺដូចគ្នានឹងលំអានដែលសិស្សយើងត្រូវតែរៀនដែរ ។ ហើយគឺដូចជាការដកពិសោធន៍របស់យ៉ូសែប បានជួយលោករៀនសម្រាប់ខ្លួនលោកដែរ នោះសេចក្តីសង្ឃឹមរបស់យើងគឺថា សិស្សរបស់យើងទាំងអស់នឹងរៀនសម្រាប់ខ្លួនពួកគេ ថាព្រះវរបិតាសួគ៌ស្គាល់ ហើយស្រឡាញ់ពួកគេ ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថា ទ្រង់ជាព្រះសិរនៃសាសនាចក្រទ្រង់នៅក្នុងថ្ងៃចុងក្រោយនេះ ។
ចាប់តាំងពីការចាប់ផ្តើមនៃថ្នាក់សិក្ខាសិលានៃវិទ្យាស្ថាន ភាគច្រើនបាននិយាយអំពីការបង្រៀន និងការរៀនសូត្រ ។ ចាប់តាំងពីវគ្គសិក្សាសាក រហូតដល់ជាមូលដ្ឋានគ្រឹះនៃការបង្រៀន និងការរៀនបច្ចុប្បន្ន សេចក្តីណែនាំដ៏បំផុសគំនិតដែលយើងបានទទួល បានជួយយើងឲ្យបង្រៀនដំណឹងល្អដែលបានស្តារឡើងវិញយ៉ាងមានប្រសិទ្ធភាព ដូចដែលមាននៅក្នងបទគម្ពីរ និងការបង្រៀនទាំងឡាយនៃព្យាការី ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ យើងមិនគួរវង្វេងចេញពីមូលដ្ឋានគ្រឹះទាំងនេះនោះទេ ។ ប៉ុន្តែ យើងក៏មិនគួរភ័យខ្លាចក្នុងការរៀនពីអ្វីៗដែលថ្មី ឬបន្ថែមដល់ការយល់ដឹងរបស់យើងពីរបៀបដ៏ប្រសើរបំផុតដើម្បីជួយសិស្សរបស់យើងឲ្យរៀនសម្រាប់ខ្លួនគេនោះទេ ។
ខ្ញុំមានអំណរចំពោះការរីកចម្រើនដែលយើងកំពុងមាន ។ តាមមធ្យោបាយមួយចំនួន ខ្ញុំមានអារម្មណ៍ដូចជាយើងកំពុងឡើងភ្នំជាមួយគ្នា ។ យើងមិនអាចឡើងដល់ចំណុចនេះបានដោយគ្មានការដកពិសោធន៍ និងវិវរណៈកាលពីអតីតកាលនោះទេ ប៉ុន្តែយើងមិនគួរធ្វើឲ្យមានការពេញចិត្តនិងឈប់ឈានទៅមុខនោះឡើយ ។ ឃ្លាដែលចូលមកក្នុងគំនិតខ្ញុំគឺអ្វីដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិនបាននិយាយនៅក្នុងសន្និសីទទូទៅថ្មីៗនេះ ៖ « [ យើង ]យើងមិនបានមកចម្ងាយនេះ ដើម្បីមកដល់ត្រឹមនេះនោះទេ » [ Judith Mahlangu ( សន្និសិទពហុស្តេកនៅជិត ចូហានណេស្បឺក អាហ្វ្រិកខាងត្បូងថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០១៩ ) នៅស៊ីដនី វ៉កឃើ « Elder Holland Visits Southeast Africa during ‘Remarkable Time of Growth,’ » Church News, ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ ២០១៩ thechurchnews.com ] ។៣ យើងបានឡើងដល់ពាក់កណ្តាលភ្នំហើយ ហើយព្រះអម្ចាស់ត្រៀមព្រះកាយចាំប្រទានឲ្យយើងកាន់តែច្រើនជាងនេះទៅទៀត ។
មកដល់ត្រឹមចុងបញ្ចប់នេះ អែលឌើរ គីម ប៊ី ក្លាក បានអញ្ជើញយើងឲ្យពិចារណាពីអ្វី និងរបៀបដែលយើងបង្រៀនផង និងពីរបៀបដែលយើងអាចកាន់តែយកចិត្តទុកដាក់បន្ថែមលើអ្នករៀន និងដំណើរការ ព្រមទាំងលទ្ធផលនៃការរៀនសូត្រផងដែរ ។ លោកបានអញ្ជើញយើងឲ្យសួរខ្លួនឯងថា « តើសិស្សរបស់ខ្ញុំត្រូវការបទពិសោធន៍អ្វីខ្លះ ដើម្បីបង្កើនអំណាច និងសមត្ថភាពរបស់ពួកគេក្នុងការរៀនឲ្យកាន់តែស៊ីជម្រៅ ? » ការរួមបញ្ចូលគ្នានូវប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់យើងជាមួយទិសដៅថ្មីៗនេះ យើងអាចសួរថា « តើយើងអាចធ្វើអ្វីដើម្បីឲ្យកាន់តែផ្តោតសំខាន់លើព្រះគ្រីស្ទ និងអ្នកសិក្សាបន្ថែមទៀត ? »
អែលឌើរ ដេវីឌ អេ បែដណា បានផ្តល់ ឲ្យយើងនូវគំរូដ៏ អស្ចារ្យស្ដី ពីការផ្តោតលើអ្នករៀននៅ ក្នុង ជំនួបជាមួយអ្នក មាន សិទ្ធិអំណាចទូទៅថ្មីៗបំផុតរបស់យើង ។ វាច្បាស់ណាស់ថា បំណងរបស់លោកគឺមិនមែនប្រាប់យើងពីអ្វីមួយនោះទេ ប៉ុន្តែឲ្យយើងត្រូវរៀនអ្វីមួយវិញ ។ លោកបានសួរសំណួរ បានសង្កេត និងស្តាប់ ដើម្បីធានាឲ្យបានថាយើងបានយល់ ។ លោក ក៏ បានបង្រៀនយើងពីរបៀបដែលលោកអាចទទួល បានការបង្រៀន នៅពេលលោកបានមាន ប្រសាសន៍ ថា « ជំនួសឲ្យការគិតថា ‹ តើខ្ញុំនឹងប្រាប់ពួកគេអ្វី ខ្លះ ? › សូមផ្ដោតលើ ‹ តើខ្ញុំនឹងសួរពួក គេអ្វី ខ្លះ ? › ហើយមិនគ្រាន់ តែសួរថា ‹ តើខ្ញុំនឹងសួរពួក គេអ្វី ខ្លះនោះទេ ? ប៉ុន្ដែថែមទាំងសួរថា ‹ តើខ្ញុំនឹងអញ្ជើញពួកគេឲ្យធ្វើអ្វី ខ្លះ ? ›»៤
សាស្រ្តាចារ្យដ៏ល្បីឈ្មោះ និងជាគ្រូគង្វាលសាសនាជីហ្វ យ៉ាកុប ណូយសេនណឺរ ធ្លាប់បាននិយាយថា « គ្រូបង្រៀនដែលអស្ចារ្យគឺមិនបង្រៀនទេ ។ ពួកគេជួយសិស្សឲ្យរៀនវិញ » ។ ពិតប្រាកដណាស់ មានទំនាក់ទំនងដ៏ស៊ីមេទ្រីមួយរវាងការបង្រៀន និងការរៀនសូត្រដ៏មានប្រសិទ្ធភាព ។ ប៉ុន្តែ ខ្ញុំគិតថាសេចក្តីថ្លែងការណ៍របស់បណ្ឌិតណូយសេនណឺរផ្តល់យោបល់ឲ្យយើងពង្រីកអ្វីដែលយើងគិតថាជាការបង្រៀនដ៏មានប្រសិទ្ធភាព ហើយផ្តោតយកចិត្តទុកដាក់បន្ថែមទៀត មិនមែនផ្តោតលើការប្រាប់នោះទេ ប៉ុន្តែផ្តោតលើការជួយសិស្សរបស់យើងឲ្យទទួលបានបទពិសោធន៍ដែលអញ្ជើញឲ្យមានការរៀនសូត្រវិញ ។ ចំពោះយើង នេះមានន័យថា ការជួយសិស្សរបស់យើងឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធដែលធ្វើជាសាក្សីនៃសេចក្តីពិត និងជាសេចក្តីស្រឡាញ់របស់ព្រះចំពោះពួកគេ ។ វាមានន័យថា យើងបង្កើតបរិយាកាសមួយដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការសួរសំណួរ ស្វែងយល់ពីសេចក្តីពិត ធ្វើឲ្យមានទំនាក់ទំនងខាងគោលលទ្ធិ ស្តាប់ទីបន្ទាល់ពីមិត្តភក្តិរបស់ពួកគេ ហើយវាយតម្លៃ និងបញ្ចេញមតិពីគំនិត អារម្មណ៍ និងចំណាប់អារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលពួកគេកំពុងរៀន ។ វាមានន័យថា យើងបង្កើតបទពិសោធន៍ដែលបំផុសគំនិតពួកគេឲ្យរស់នៅតាមដំណឹងល្អ ហើយដឹងពីរបៀបដើម្បីប្រព្រឹត្តដោយសេចក្តីជំនឿ រៀនពីកំហុសរបស់ពួកគេ ហើយព្យាយាមម្តងទៀតដោយមានក្តីសង្ឃឹមក្នុងព្រះគ្រីស្ទ ។ នេះគឺជារបៀបដែលពួកគេនឹងរៀនសម្រាប់ខ្លួនពួកគេ ។
ដើម្បីយល់កាន់តែច្បាស់ពីបទពិសោធន៍ដែលសិស្សយើងត្រូវការខណៈពួកគេនៅជាមួយយើង យើងបានសម្រេចចិត្តថា អ្វីដែលល្អបំផុតដែលយើងអាចធ្វើគឺត្រូវសួរពួកគេ ។ ក្រុមអ្នកស្រាវជ្រាវមួយបានសាកសួរទៅក្រុមមនុស្សវ័យក្មេងរាប់ពាន់នាក់នៅលើទ្វីបទាំងបួន ។ ពួកគេបានជួបជាមួយអ្នកដែលកំពុងចូលរៀនក្នុងថ្នាក់ ក៏ដូចជាអ្នកដែលបច្ចុប្បន្ននេះមិនបានចុះឈ្មោះចូលរៀនផងដែរ ។ នៅពេលយើងធ្វើការសង្ខេបចំនួនទិន្ន័យដ៏មិនគួរឲ្យជឿ នោះយើងបានដាក់ចម្លើយទៅជាបីប្រភេទ ។
ប្រភេទទីមួយ យើងបានដាក់ចំណងជើងថា « ការប្រែចិត្តជឿ » ។ យុវវ័យ និងយុវមជ្ឈិមវ័យបានប្រាប់យើងថា ពួកគេចង់បាន និងត្រូវការបទពិសោធន៍ដែលជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ និងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។ ពួកគេចង់ពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់របស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។ ពិតប្រាកដណាស់ នោះប្រាកដជាអ្វីដែលយើងចង់ផ្តល់ឲ្យពួកគេ ។
ដំណឹងល្អគឺថា ការស្រាវជ្រាវនោះបង្ហាញថា ថ្នាក់រៀនរបស់យើងគឺកំពុងជួយឲ្យអ្វីៗទាំងអស់នេះកើតឡើង ។ អស់អ្នកដែលមករៀន និងចូលរួមក្នុងឱកាសរៀនសូត្រយ៉ាងខ្ជាប់ខ្ជួន ពង្រឹងទីបន្ទាល់របស់ពួកគេ ហើយបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវ គ្រីស្ទបានយ៉ាងខ្លាំង ។ នេះជាមូលហេតុមួយក្នុងមូលហេតុជាច្រើនដែលយើងចង់អញ្ជើញប្អូនៗវ័យក្មេងជាច្រើនទៀតឲ្យចូលរួម ។ នៅពេលពួកគេរៀនជាមួយបងប្អូន នោះសេចក្តីជំនឿ និងទីបន្ទាល់របស់ពួកគេរីកចម្រើនឡើង ។
សូមអរគុណចំពោះអ្វីៗដែលបងប្អូនកំពុងធ្វើដើម្បីជួយពួកគេឲ្យពង្រឹងការប្រែចិត្តជឿរបស់ពួកគេ ។ យើងមានការរីកចម្រើនជាច្រើន នៅពេលយើងជ្រោតជ្រាបខ្លួនយើងនៅក្នុងគោលការណ៍ទាំងឡាយនៃការបង្រៀនដែលជួយសិស្សយើងឲ្យរៀនកាន់តែស៊ីជម្រៅ ។ ហើយខ្ញុំជឿថា ព្រះអម្ចាស់មានអ្វីជាច្រើនទៀតដែលទ្រង់សព្វព្រះទ័យចង់បង្រៀនយើង កាលណាយើងទូលសូមការណែនាំរបស់ទ្រង់ ។ នៅពេលបងប្អូនពិចារណាអំពីលទ្ធភាពនានា តើបងប្អូននឹងពិចារណាប្រកបដោយការអធិស្ឋានអំពីបទពិសោធន៍ទាំងឡាយដែលសិស្សត្រូវការដើម្បីបង្កើនអំណាច និងសមត្ថភាពដើម្បីយល់ដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌ និងការបង្រៀននានា ព្រមទាំងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឬទេ ? សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជួយពួកគេឲ្យស្វែងរក ទទួលស្គាល់ និងធ្វើតាមឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ ការប្រែចិត្ត និងធ្វើ ព្រមទាំងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងឡាយ ។ ទីបំផុត សេចក្ដីសង្ឃឹមរបស់យើងគឺថា បទពិសោធន៍នានាដែលពួកគេមាន នឹងជួយពួកគេឲ្យដឹង និងស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមដើម្បីប្រែក្លាយដូចជាទ្រង់ ។
ប្រភេទទីពីរ ដែលបានមកពីការស្តាប់អស់អ្នកដែលបានចូលរួមនៅក្នុងការស្រាវជ្រាវនេះ នោះយើងបានដាក់ចំណងជើងថា « ការទាក់ទងនឹងការលូតលាស់ខាងវិញ្ញាណផ្ទាល់ខ្លួន » ។ អ្នកដែលត្រូវបានគេស្ទង់មតិបានសម្តែងថា ថ្នាក់រៀនមានអារម្មណ៍ថាមានទំនាក់ទំនងនៅពេលគ្រូបង្រៀនស្គាល់ និងឲ្យតម្លៃលើកាលៈទេសៈ និងប្រវត្តិរបស់សិស្សផ្សេងៗគ្នា ហើយបានបត់បែនបទពិសោធន៍រៀនសូត្រទាំងឡាយដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់បុគ្គលម្នាក់ៗ ។ ពួកគេបង្ហាញថា ពួកគេត្រូវការកន្លែងមួយដែលពួកគេអាចសួរសំណួរដ៏ស្មោះអំពីគោលលទ្ធិ ប្រវត្តិសាសនាចក្រ និងបញ្ហាសង្គមនានាដែលសំខាន់ចំពោះពួកគេ ។ ពួកគេមិនមែនចង់ឈ្លោះប្រកែកពីគោលលទ្ធិទាំងនេះនោះទេ ។ ពួកគេមានសំណួរស្មោះត្រង់ ហើយត្រូវការបរិយាកាសបើកចំហ និងមានសុវត្ថិភាព ពោរពេញដោយសេចក្តីជំនឿដើម្បីស្វែងយល់អ្វីៗទាំងនេះ ។ ពួកគេត្រូវការគ្រូបង្រៀនដើម្បីឆ្លើយសំណួររបស់ពួកគេ មិនមែនតែដោយសេចក្តីជំនឿនោះទេ ប៉ុន្តែដោយភាពជឿជាក់ និងចិត្តករុណាផងដែរ ។ ពួកគេក៏ចង់រៀនពីរបៀបដើម្បីរៀន និងធ្វើជាមនុស្សខ្លួនទីពឹងខ្លួនខាងវិញ្ញាណកាន់តែខ្លាំងផងដែរ ។ ពួកគេចង់អភិវឌ្ឍជំនាញដែលជួយពួកគេឲ្យវិភាគគំនិត និងរៀបចំឲ្យមានបរិបទដ៏អស់កល្បជានិច្ចមួយ ។ ពួកគេចង់ឲ្យជួយខ្លួនគេឲ្យមានអារម្មណ៍កាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ដើម្បីពន្យល់ពីគោលការណ៍នៃដំណឹងល្អ និងគោលនយោបាយរបស់សាសនាចក្រដល់មនុស្សដទៃ ។ ហើយពួកគេចង់អភិវឌ្ឍជំនាញដើម្បីប្រើប្រាស់គោលការណ៍នៃដំណឹងល្អ ដើម្បីជួយពួកគេឲ្យយកឈ្នះឧបសគ្គប្រចាំថ្ងៃ ។
អ្វីដែលសិស្សបានប្រាប់យើងពីអ្វីដែលពួកគេចង់បាន និងត្រូវការ គឺស្របគ្នានឹងសេចក្តីណែនាំដែលយើងបានទទួលកាលពីឆ្នាំ មុនមកពីអែលឌើរ ជែហ្រ្វី អ័រ ហូឡិន ។ លោកបានរំឭកយើងថា « សិស្សពុំមែនជាថូមួយដើម្បីចាក់បំពេញទេ តែសិស្សគឺជាភ្លើងមួយដែលត្រូវដុតឲ្យឆេះសន្ធោសន្ធៅ » ។៥
តួនាទីរបស់យើងជាគ្រូបង្រៀនគឺជួយសិស្សឲ្យបណ្ដុះបំណងប្រាថ្នារៀនសូត្រ ទទួលវិវរណៈផ្ទាល់ខ្លួន និងរុករក យល់ដឹង ហើយរស់នៅតាមសេចក្ដីពិតដែលពួកគេបានស្វែងរកសម្រាប់ខ្លួនពួកគេ ។ វាមិនគ្រាន់តែជាការចែកចាយចំណេះដឹងដែលយើងទទួលបានពីការសិក្សាឬបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងនោះទេ ។ ហើយយើងត្រូវចងចាំថា អ្វីដែលហាក់ដូចជាទាក់ទងនឹងយើង ប្រហែលជាមិនមានអត្ថន័យចំពោះសិស្សរបស់យើងដែលស្ថិតក្នុងដំណាក់កាលខុសៗគ្នាក្នុងជីវិតនោះទេ ។ ដូច្នេះ យើងពិតជាត្រូវស្តាប់ពួកគេ ធ្វើជាអ្នកសង្កេតមើល ហើយអធិស្ឋានសូមការចេះវិនិច្ឆ័យ ។
ជាអកុសល យុវវ័យ និងយុវមជ្ឈិមវ័យជាច្រើន ជាពិសេសអស់អ្នកដែលមិនបានចូលរៀន មានអារម្មណ៍ថា ថ្នាក់រៀនរបស់យើងមិនមានពាក់ព័ន្ធគ្រប់គ្រាន់នោះទេ ។ ពួកគេជឿថា យើងខ្វល់ខ្វាយពីការរៀបចំឯកសារមេរៀនរបស់យើង ជាជាងយើងបំពេញតម្រូវការជាក់ស្តែងរបស់ពួកគេ ។ ពួកគេបាននិយាយថា មេរៀនរបស់យើងច្រើនតែផ្តោតលើគំនិតដ៏ឧត្តម ហើយមិនទទួលស្គាល់ឲ្យបានគ្រប់គ្រាន់នូវភាពពិតនៃជីវិតរបស់ពួកគេ ឬឆ្លើយសំណួររបស់ពួកគេឡើយ ។
ឧទាហរណ៍ សូមស្រមៃថា គ្រូបង្រៀនថ្នាក់វិទ្យាស្ថានម្នាក់ដែលកំពុងពិភាក្សាពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍សេឡេស្ទាលមានអារម្មណ៍ថា ប្រធានបទនេះទាក់ទងយ៉ាងខ្លាំងនឹងយុវមជ្ឈិមវ័យនៅលីវ ។ សិស្សនៅក្នុងថ្នាក់បានជឿលើសារៈសំខាន់នៃការរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធរួចហើយ ប៉ុន្តែ សិស្សខ្លះមិនច្បាស់អំពីរបៀបអនុវត្តគោលលទ្ធិនេះនៅក្នុងជីវិតរបស់ពួកគេ ។ សិស្សមួយចំនួនខ្លាច ពីព្រោះពួកគេចេញមកអំពីគ្រួសារដែលបែកបាក់ ហើយមិនប្រាកដថា ពួកគេអាចធ្វើឲ្យអាពាហ៍ពិពាហ៍មានដំណើរការឬអត់ ។ សិស្សខ្លះទៀតនៅក្នុងថ្នាក់ប្រហែលជាឆ្ងល់ថាតើពួកគេអាចមានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីរៀបការ ហើយផ្គត់ផ្គង់គ្រួសារមួយឬអត់ ។ សិស្សផ្សេងផ្សេងទៀតអាចសង្ស័យថា តើពួកគេនឹងមានឱកាសនេះឬអត់ ។ អ្នកផ្សេងទៀតពុះពារនឹងការទាក់ទាញអារម្មណ៍ជាមួយភេទដូចគ្នា ហើយឆ្ងល់ពីទីកន្លែងរបស់ពួកគេនៅក្នុងសាសនាចក្រ ។ មេរៀនបានដំណើរការដូចបានគ្រោងទុក ប៉ុន្តែ ពុំអនុញ្ញាតឲ្យមានការចូលរួមប្រកបដោយអត្ថន័យពីសិស្សឡើយ ។ គ្រូបង្រៀនមានអារម្មណ៍ថា ដោយសារតែប្រធានបទនេះ នោះនាងមានទំនាក់ទំនងនឹងសិស្សតាមវិធីដែលជាប់ទាក់ទងផ្សេងទៀត ។ ប៉ុន្តែការពិតនោះគឺថា ទោះបីគោលលទ្ធិនេះត្រូវបានបង្រៀនក្ដី ក៏វាមិនបានបង្រៀនតាមរបៀបមួយដែលទទួលស្គាល់ពីភាពមិនប្រាកដប្រជារបស់សិស្ស ដោះស្រាយតម្រូវការរបស់ពួកគេ ឬភ្ជាប់នឹងភាពពិតនៃជីវិតរបស់ពួកគេឡើយ ។ ឱកាសមួយត្រូវបានរំលងដើម្បីជួយពួកគេឲ្យមើលឃើញសារៈសំខាន់នៃគោលលទ្ធិនៅក្នុងកាលៈទេសៈជាក់លាក់របស់ពួកគេ ។
គ្រូបង្រៀនដែលគិតវែងឆ្ងាយអំពីការរីកចម្រើនខាងវិញ្ញាណរបស់សិស្សរបស់នាង ស្ម័គ្រចិត្តដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ ។ នាងផ្តល់ឲ្យពួកគេនូវសេចក្តីសង្ឃឹម ហើយជួយពួកគេឲ្យមើលឃើញពីរបៀបដែលការរស់នៅតាមដំណឹងល្អអាចប្រទានពរជ័យដល់ពួកគេ ហើយជួយពួកគេឲ្យរីកចម្រើនឆ្ពោះទៅកាន់គោលដៅចុងក្រោយរបស់ពួកគេ ។ នាងជួយពួកគេឲ្យអភិវឌ្ឍទំនុកចិត្តមួយថា ព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីនៅថ្ងៃចុងក្រោយពិតជាផ្តល់ចម្លើយចំពោះសំណួរនៃព្រលឹងរបស់ពួកគេមែន ។
ដើម្បីជួយសិស្សរបស់យើងឲ្យស្គាល់សារៈសំខាន់ និងភាពទាក់ទងនៃដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ តើបងប្អូននឹងពិចារណាប្រកបដោយការអធិស្ឋានពីរបៀបដើម្បីលើកទឹកចិត្តសិស្សរបស់បងប្អូនឲ្យសួរសំណួរដោយស្មោះសរ ហើយមានគំនិត និងទស្សនវិស័យដូចពួកគេដែរឬទេ ? ពួកគេត្រូវទុកចិត្តថា បងប្អូនដឹង ហើយយល់ពីពួកគេ ហើយថា បងប្អូនកំពុងកែសម្រួលតាមសេចក្តីត្រូវការរបស់ពួកគេ ។ សូមផ្តល់បទពិសោធន៍ដែលបំផុសគំនិតពួកគេឲ្យសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយងាកទៅរកព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីសម័យទំនើបដើម្បីទទួលបានការដឹកនាំ ។ សូមជួយពួកគេឲ្យរៀនជំនាញ និងលំនាំដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ដូច្នេះពួកគេអាចរៀនដោយខ្លួនពួកគេផ្ទាល់ ។
ប្រភេទទីបី ដែលយើងចាប់ផ្តើមយល់ពីការស្តាប់សិស្សរបស់យើង ហើយជាពិសេស អស់អ្នកដែលមិនបានចូលរៀន បង្ហាញថា ពួកគេចង់ និងតម្រូវឲ្យយើងបង្កើតអារម្មណ៍នៃកម្មសិទ្ធិមួយ ។ កម្មសិទ្ធិគឺត្រូវបានបង្កើតឡើងតាមរយៈចំណងទាក់ទង ហើយការភ្ជាប់ជាមួយព្រះវរបិតាសួគ៌របស់យើង ជាមួយគ្រូបង្រៀន ហើយជាមួយសិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។ អារម្មណ៍នៃកម្មសិទ្ធិកើតឡើងនៅពេលមានបរិយាកាសមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ស្វាគមន៍ គាំទ្រ ត្រូវការ និងមានតម្លៃ ។ អារម្មណ៍នៃកម្មសិទ្ធិក៏បង្កើនឡើងផងដែរ នៅពេលសិស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃបព្វហេតុដ៏មានអត្ថន័យ ។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណបងប្អូន ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះការឆ្លើយតបរបស់បងប្អូនទៅនឹងការបណ្តុះបណ្តាល « ផ្តោតយកចិត្តទុកដាក់លើសិស្សម្នាក់ៗ » និងចំពោះកិច្ចខិតខំផ្ទាល់ខ្លួនរបស់បងប្អូនដើម្បីជួយសិស្សគ្រប់រូបឲ្យមានអារម្មណ៍នៃក្តីស្រឡាញ់ និងការគោររព ។ យើងត្រូវបន្តកិច្ចខិតខំទាំងនេះ ពីព្រោះអ្នកដែលបច្ចុប្បន្នមិនបានចុះឈ្មោះចូលរៀនភាគច្រើននៅតែមានអារម្មណ៍ថាពួកគេមិនមែនជាកម្មសិទ្ធិ ។ ពួកគេភាគច្រើនបានរាយការណ៍ថា ថ្នាក់សិក្ខាសិលា និងថ្នាក់វិទ្យាស្ថានគឺសម្រាប់តែអ្វីដែលពួកគេមើលឃើញថា ជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ឥតខ្ចោះដែលមិនដែលមានបញ្ហា ឬចម្ងល់ឡើយ ។ ការយល់ខុសនេះបណ្តាលឲ្យពួកគេជឿថាពួកគេមិនចុះសម្រុងក្នុងថ្នាក់នេះទេ ។ សិស្សខ្លះថែមទាំងមានអារម្មណ៍ថា ប្រសិនបើពួកគេសួរសំណួរស្មោះត្រង់ ឬចែកចាយទស្សនៈចេញពីចិត្តមួយ នោះពួកគេនឹងត្រូវបានគេវិនិច្ឆ័យ ឬគិតថា មិនមានសេចក្តីស្មោះត្រង់វិញ ។ ពួកគេក៏បាននិយាយថា ពួកគេនឹងមានចិត្តចូលរៀន ប្រសិនបើវាជាកន្លែងដែលមនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ ដោយមិនគិតពីជំនឿក្នុងចិត្ត ឬរូបរាងខាងក្រៅពួកគេនោះ ។
ថ្មីៗនេះ បងប្រុស លីនហ្វឺឌ បានឃើញយុវនារីម្នាក់កំពុងឈរនៅខាងមុខអគាររបស់យើងមួយ ។ គាត់បានណែនាំខ្លួនគាត់ ហើយបានសួរក្រែងនាងបានចុះឈ្មោះចូលរៀន ។ ចម្លើយរបស់នាងគឺថា នាងគឺជាសមាជិកនៃសាសនាចក្រ ហើយបានដឹងអំពីថ្នាក់វិទ្យាស្ថាន ប៉ុន្តែមិនបានចូលរៀននោះទេ ។ នាងបានបន្ថែមថា « ប្រសិនបើបងប្រុសស្គាល់ខ្ញុំ ហើយដឹងពីអតីកាលរបស់ខ្ញុំ នោះបងប្រុសនឹងដឹងថា ខ្ញុំមិនមែនជាកម្មសិទ្ធិនៅទីនោះទេ ។ ខ្ញុំនឹងមិនចុះសម្រុងនឹងគេទេ » ។ ជាកុសលល្អ យុវនារីរូបនេះបានទទួលយកការអញ្ជើញរបស់បងប្រុស លីនហ្វីឌ ដើម្បីចូលមកខាងក្នុងថ្នាក់ ជាកន្លែងដែលនាងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ។ នាងបានចុះឈ្មោះនៅក្នុងថ្នាក់រៀនមួយ ហើយបានចាប់ផ្ដើមចូលរៀនភ្លាម ។ ប៉ុន្តែខ្ញុំឆ្ងល់ថា តើមានយុវវ័យប៉ុន្មានរយនាក់ ឬប៉ុន្មានពាន់នាក់ទៅដែលបានឈរនៅខាងក្រៅអគាររបស់យើង ដែលត្រូវការអ្វីដែលថ្នាក់រៀនរបស់យើងចង់ផ្តល់ឲ្យយ៉ាងពិតប្រាកដ ប៉ុន្តែមានអារម្មណ៍ភ័យខ្លាចថាមិនចុះនឹងគេនោះ ។
មិនមែនតែពួកគេត្រូវការអ្វីដែលយើងផ្តល់ឲ្យនោះទេ ប៉ុន្តែយើងក៏ត្រូវការពួកគេដែរ ។ គ្រូបង្រៀនទាំងឡាយដែលបានបង្កើតអារម្មណ៍នៃកម្មសិទ្ធិ ស្គាល់យ៉ាងពិតប្រាកដថាការបរិច្ចាគរបស់សិស្សម្នាក់ៗនឹងធ្វើឲ្យថ្នាក់រៀនមានបទពិសោធន៍កាន់តែប្រសើរ ។
ខ្ញុំបានឃើញគំរូដ៏ល្អអស្ចារ្យនៃរឿងនេះ នៅពេលខ្ញុំបានជួបយុវជនម្នាក់នៅក្នុងថ្នាក់រៀនរបស់បងប្រុស អាន់ឌ្រេ ។ ម៉ៃឃើលបានមកផ្ទះមុនបេសកកម្មរបស់គាត់ចប់ដោយសារបញ្ហាសុខភាព ។ ខណៈពេលដែលកំពុងរៀបចំខ្លួនត្រឡប់មកវិញ គាត់ត្រូវបានឡានបុក បាក់ឆ្អឹងអស់ជាច្រើនកន្លែង ហើយបានសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ។ ដល់ពេលដែលគាត់ចាកចេញពីមន្ទីរពេទ្យ នោះគាត់បានបោះបង់ចោលក្តីស្រមៃរបស់គាត់ដើម្បីបញ្ចប់បេសកកម្មរបស់គាត់ ។ គាត់បានប្រឡូកនឹងកីឡាយ៉ាងខ្លាំង ហើយបានរសាត់ចេញពីសាសនាចក្រ ។ នៅថ្ងៃមួយ គាត់នៅតែម្នាក់ឯង ហើយបានសម្រេចចិត្តថា ដើរនៅលើខ្សែពួរឆ្លងជ្រលងជ្រោះពីម្ខាងមួយទៅម្ខាងទៀតដោយគ្មានសំណាញ់សុវត្ថិភាពឡើយ ។ ពេលគាត់បានដើរឆ្លងហើយ នោះគាត់មានអារម្មណ៍ចង់ស្រែក ហើយអបអរសាទរ ប៉ុន្តែបន្ទាប់មកគាត់បានមើលចុះក្រោម ហើយបានដឹងថា ប្រសិនបើគាត់ធ្លាក់ចុះ វានឹងបញ្ចប់ជីវិតរបស់គាត់ ។
នៅពេលនោះ គាត់បានចាប់ផ្តើមគិតអំពីម្តាយ និងប្អូនស្រីរបស់គាត់ ហើយថាតើពួកគាត់នឹងខូចចិត្តយ៉ាងណា ប្រសិនបើគាត់បានស្លាប់នោះ ។ គំនិតបន្ទាប់របស់គាត់គឺគិតពីព្រះអង្គសង្រ្គោះ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់គាត់ ហើយព្រះវិញ្ញាណបានបំពេញដួងចិត្តរបស់គាត់ ។ គាត់បានឡើងចេញពីច្រាំងថ្មចោទ ហើយបានចាប់ផ្តើមដំណើររបស់គាត់ត្រឡប់មកសាសនាចក្រវិញ ។ គាត់ចាប់ផ្តើមយល់ តាមរបៀបដ៏អស្ចារ្យពីសេចក្តីមេត្តាករុណារបស់ព្រះអង្គសង្រ្គោះ សេចក្តីស្រឡាញ់ និងព្រះចេស្តាដើម្បីប្រោសលោះយើង ។
មួយរយៈពេលក្រោយមក ម៉ៃឃើលបាននៅមាត់សមុទ្រ ហើយបាននឹកឃើញពីការចូលរៀនថ្នាក់វិទ្យាស្ថានពីមុនបេសកកម្មរបស់គាត់ ។ គាត់បានចេញពីមាត់សមុទ្រ ហើយបានដើរទៅអគារថ្នាក់វិទ្យាស្ថានប៉ុន្មាននាទីពីមុនថ្នាក់ចាប់ផ្តើម ។ នៅគ្រានោះ បងប្រុស អាន់ឌ្រេ មិនបានដឹងអ្វីច្រើននៃអ្វីដែលខ្ញុំបានចែកចាយជាមួយបងប្អូននោះទេ ។ អ្វីដែលគាត់បានដឹងគឺថា ម៉ៃឃើលត្រូវនៅទីនោះ ហើយថា ម៉ៃឃើលមានអ្វីច្រើនដើម្បីចែកចាយ ។ បងប្រុស អាន់ឌ្រេ បានអញ្ជើញម៉ៃឃើលឲ្យនៅ ប៉ុន្តែម៉ៃឃើលបានមានអារម្មណ៍ថា សិស្សគ្រប់គ្នាប្រហែលជាមិនស្វាគមន៍គាត់នោះទេ ។ គាត់បានស្លៀកពាក់ឈុតហែលទឹក ហើយអាវដៃខ្លីបញ្ចេញដៃរបស់គាត់បង្ហាញឲ្យឃើញកដៃដល់ស្មារបស់គាត់មានសាក់ពេញ ។ គាត់បាននិយាយថា គាត់ចង់ពាក់អាវដៃវែងឲ្យបានត្រឹមត្រូវពីមុនមកថ្នាក់រៀន ។ ចម្លើយរបស់បងប្រុស អាន់ឌ្រូ គឺ « គ្មាននរណាចាប់អារម្មណ៍នោះទេ » ។ ម៉ៃឃើលបាននៅ ។ ប៉ុន្តែ នៅពេលសិស្សផ្សេងទៀតចូលមកថ្នាក់ គ្មាននរណាម្នាក់អង្គុយក្បែរគាត់នោះទេ ។ បន្ទាប់ពីការប្រជុំធម្មនិដ្ឋាន បងប្រុស អាន់ឌ្រេ បានសូមឲ្យម៉ៃឃើលឡើងមកខាងមុខថ្នាក់ ជាកន្លែងដែលគាត់បានណែនាំម៉ៃឃើលឲ្យគេស្គាល់ ។ គាត់បានប្រាប់ទៅសិស្សផ្សេងទៀតថា គាត់ស្រឡាញ់ម៉ៃឃើល ថាម៉ៃឃើលមានចិត្តទូលាយ ដែលគាត់ មានអ្វីជាច្រើនដើម្បីចែកចាយ ។ បន្ទាប់មក គាត់សួរថា តើម៉ៃឃើលអាចចែកចាយទីបន្ទាល់របស់គាត់បានឬអត់ ។ ដោយស្រក់ទឹកភ្នែក ម៉ៃឃើលបាននិយាយពីសេចក្តីស្រឡាញ់របស់ព្រះ ពីសេចក្តីមេត្តា និងសេចក្តីករុណារបស់ទ្រង់ ព្រមទាំងពីការស្ម័គ្រព្រះទ័យដើម្បីអភ័យទោស ។ ពួកយើងម្នាក់ៗនៅថ្ងៃនោះត្រូវបានប្រទានពរជ័យដោយទីបន្ទាល់របស់ម៉ៃឃើល ។
បងប្រុស អាន់ឌ្រេ បានឃើញអ្វីមួយនៅក្នុងម៉ៃឃើល ដែលអ្នកដទៃប្រហែលជាមិនបានឃើញឡើយ ។ ក្នុងនាមជាគ្រូម្នាក់ គាត់បានឲ្យតម្លៃលើប្រវត្តិ និងកាលៈទេសៈចម្រុះ ហើយយល់ថាសិស្សគ្រប់គ្នាមានអ្វីមួយដើម្បីចែកចាយ ។ ដូច្នេះគាត់បានបង្កើតបទពិសោធន៍ដែលអនុញ្ញាតឲ្យសិស្សរបស់គាត់ទទួលបានកម្លាំងពីគ្នាទៅវិញទៅមក និងពីបំណងប្រាថ្នារួមរបស់ពួកគេដើម្បីទទួលបានសេចក្តីសុខសាន្តរបស់ព្រះអង្គសង្រ្គោះ ការព្យាបាល និងព្រះគុណរបស់ទ្រង់ ។ ចំណុចលេចធ្លោមួយទៀតបានកើតមានបន្ទាប់ពីថ្នាក់រៀន នៅពេលដែលខ្ញុំមើលសិស្សជាច្រើននៅជុំវិញ ម៉ៃឃើល បានស្វាមគមន៍គាត់ ហើយបានធ្វើឲ្យប្រាកដថា ម៉ៃឃើលដឹងថា ពួកគេត្រូវការគាត់ ។
ដូចដែលខ្ញុំបានរៀបរាប់ពីមុន ផ្នែកមួយទៀតនៃការបង្កើតអារម្មណ៍នៃកម្មសិទ្ធិគឺត្រូវចូលរួមក្នុងបុព្វហេតុដ៏ពោរពេញដោយអត្ថន័យ ។ សិស្សរបស់យើងមានបំណងប្រាថ្នាដើម្បីចូលរួមនៅក្នុងបុព្វហេតុសប្បុរសធម៌ និងលើកស្ទួយអ្នកដទៃឲ្យមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងឱកាស ។ ជាទូទៅ ពួកគេមិនបានភ្ជាប់អ្វីដែលពួកគេកំពុងរៀន ឬឱកាសដែលពួកគេមានទៅនឹងបុព្វហេតុបែបនោះនោះទេ ។ ហើយខណៈពេលដែលបុព្វហេតុដ៏ធំបំផុតនៅលើផែនដីគឺជាបុព្វហេតុនៃព្រះគ្រីស្ទ និងការប្រមូលផ្តុំពួកអ៊ីស្រាអែលទាំងសងខាងនៃវាំងនន នោះមនុស្សភាគច្រើនពុំបានភ្ជាប់បទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានទៅនឹងបុព្វហេតុនោះឡើយ ។
តើបងប្អូននឹងពិចារណាពីការផ្លាស់ប្តូរដែលបងប្អូនអាចធ្វើនៅក្នុងការបង្រៀនរបស់បងប្អូន អន្តរកម្មរបស់បងប្អូន ហើយសូម្បីតែការរៀបចំថ្នាក់របស់បងប្អូនដើម្បីឲ្យបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់កាន់តែមានចិត្តចង់ចូលរៀនដែរឬទេ ? យូរៗម្ដងបងប្អូនក៏ប្រហែលជាចង់ពាក់អាវពណ៌ខៀវដែរ ។ ប៉ុន្តែតើបងប្អូននឹងស្វែងយល់ប្រកបដោយការអធិស្ឋានដើម្បីផ្តល់ឲ្យបទពិសោធន៍ដែលជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងស្គាល់ពីអត្តសញ្ញាណ និងសក្តានុពលដ៏ទេវភាពរបស់ពួកគេដែរឬទេ ? សូមជួយពួកគេឲ្យដឹងថា បងប្អូនខ្វល់ខ្វាយពីពួកគេ ហើយស្គាល់តម្លៃរបស់ពួកគេម្នាក់ៗ ។ សូមជួយពួកគេឲ្យទាក់ទងជាមួយសមាជិកក្នុងថ្នាក់ ហើយមានអារម្មណ៍ថាមានសុវត្ថិភាព និងត្រូវការ ។ សូមលើកទឹកចិត្តពួកគេឲ្យចូលរួមចំណែកនៅក្នុងបុព្វហេតុនៃព្រះគ្រីស្ទ ដោយការជួយអ្នកដទៃឲ្យរីកចម្រើននៅលើផ្លូវនៃសេចក្តីសញ្ញា ។ នៅពេលដែលបងប្អូនបង្កើតឲ្យមានប្រភេទបទពិសោធន៍ទាំងនេះ នោះពួកគេនឹងបានដឹងថា ពួកគេជាកម្មសិទ្ធិក្នុងក្រុមនេះ ។
ខ្ញុំដឹងថា យើងមិនអាចធ្វើអ្វីទាំងអស់នេះជារៀងរាល់ថ្ងៃនោះទេ ។ ប៉ុន្តែ យើងអាចធ្វើការគិតគូរពីពួកគេនៅក្នុងការរៀបចំរបស់យើង ការបង្រៀនរបស់យើង និងអន្តរកម្មរបស់យើងជាមួយសិស្សរបស់យើង ។ មិនថាបងប្អូនបង្រៀនថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាននោះទេ បង្រៀនទល់មុខ ឬតាមអ៊ិនធើរណែត បង្រៀននៅព្រឹកព្រលឹម ឬពេលល្ងាចនោះទេ ការរួមបញ្ចូលគោលការណ៍ទាំងនេះនឹងប្រទានពរជ័យដល់សិស្សរបស់បងប្អូន ហើយជួយផ្តល់បទពិសោធន៍ដែលពួកគេត្រូវការ ។
រឿងល្អ ៗ ជាច្រើនកំពុងកើតឡើងហើយរឿងល្អបំផុតនោះហៀបនឹងកើតឡើងទៀត ។ សូមចងចាំថា យើងមិនបានមកចម្ងាយនេះ ដើម្បីមកដល់ត្រឹមនេះទេ ។ ខ្ញុំដឹងថា កាលណាយើងស្វែងរកវិវរណៈដោយចិត្តស្មោះសរ នោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងពីរបៀបដើម្បីប្រទានពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ ។ ទាំងជាបុគ្គល និងជាសមូហភាព ទ្រង់ត្រៀមព្រះកាយជានិច្ចដើម្បីជួយយើងឲ្យផ្ដល់បទពិសោធន៍នានាដែលពង្រឹងការប្រែចិត្តជឿ ទាក់ទងនឹងការរីកចម្រើនខាងវិញ្ញាណផ្ទាល់ខ្លួន ហើយបង្កើតអារម្មណ៍ជារបស់ផងខ្លួន ។ ទ្រង់ត្រៀមព្រះកាយដើម្បីប្រទានអ្វីជាច្រើនទៀតដល់យើង ។ ជាការអធិស្ឋានរបស់ខ្ញុំ សូមឲ្យយើងបន្ដងាកទៅរកទ្រង់ដោយជំនឿដើម្បីដឹងអំពីរបៀបជួយដល់សិស្សរបស់យើងឲ្យរៀនសូត្រដោយពិតសម្រាប់ខ្លួនពួកគេ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។