ការ ផ្សាយ ប្រចាំ ឆ្នាំ
វីដេអូ​ថ្នាក់សិក្ខាសាលា​នៅ​ម៉ាតណក


10:0

វីដេអូ​ថ្នាក់សិក្ខាសាលា​នៅ​ម៉ាតណក

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២០

រីឆាត ម៉ាណាហាន ៖ ក្រុង​ម៉េតណក​ជា​ក្រុង​មួយ​នៅ​ខេត្ត​ស័រសូហ្គន ។ វា​ជា​ចំណុច​ចាប់ផ្ដើម​ពី​ក្រុង​លូសុន​ទៅកាន់​តំបន់​វីសាយ៉ាស ។ បើ​ក្រុង​ម៉េតណក​គឺជា​ច្រក​ចេញ​ចូល​មួយ​សម្រាប់​អ្នកធ្វើ​ដំណើរ​រាប់​លាន​នាក់​ពី​ក្រុង​លូសុន​ទៅ​តំបន់​វីសាយ៉ាស​ទាំង​ទៅទាំងមក នោះ​ថ្នាក់​សិក្ខាសាលា​គឺ​ដូចជា​ច្រក​ចេញ​ចូល​មួយ​អញ្ចឹង​ដែរ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​ឆ្ពោះ​ទៅរក​ឱកាស​ដ៏​ប្រសើរ​មួយ​ក្នុង​ជីវិត ។

អាឡិច ខាសធីដាតស៍ ៖ ខ្ញុំ​ឈ្មោះ អាឡិច ខាសធីដាតស៍ ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ជា​ប្រធាន​សាខា​ថ្មី​ម្នាក់​នៃ​សាខា​ម៉េតណក ។ ខ្ញុំ​ចង់​ឲ្យ​គ្រប់គ្នា​ដឹង​ថា នៅឆ្នាំ ២០១២ កម្មវិធី​ថ្នាក់​សិក្ខាសាលា​បាន​ចាប់​ផ្ដើម​ដោយ​មាន​សិស្ស​ចុះឈ្មោះ​ចំនួន ២២ នាក់ ហើយ​វា​បាន​បន្ដ​កើនឡើង​រហូត​ដល់​ឆ្នាំ​នេះ ។ ការចុះឈ្មោះ​ចូលរៀន​របស់​យើង​បន្ដ​កើនឡើង​រាល់​ឆ្នាំ ព្រមទាំង​ការបញ្ចប់​ការសិក្សា​ផងដែរ ។

រីឆាត ម៉ាណាហាន ៖ដូច្នេះ​ហើយ វា​បាន​បន្ដ ពី​ចំនួន ៥៥ ហើយ​រហូត​ដល់​សព្វថ្ងៃ​នេះ យើង​មាន​សិស្ស​ឡើង​ដល់​ចំនួន ១១០ នាក់ ។ និយាយ​ឲ្យ​ខ្លី​ទៅ ការចុះ​ឈ្មោះ​ចូលរៀន​របស់​ពួកគេ​គឺ ១០០% ។ ពួកគេ​អាច​ចុះឈ្មោះ​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​ត្រូវ​ចូលរៀន​ទាំងអស់ ។ ពួកគេ​បាន​ធ្វើ​កិច្ចការ​នោះ​ពី​ឆ្នាំ ២០១៥, ១៦, ១៧, ១៨, ១៩ ស្ទើរតែ​ពេញ ១០០% ទាំងអស់ ដោយសារ​ពួកគេ​ជឿ​ថា ថ្នាក់​សិក្ខាសាលា​ពិតជា​អាច​ផ្លាស់ប្ដូរ​ជីវិត​បាន ។

អេឌីលប៊ើតូ ហ្គាបែលឡូ ៖ ខ្ញុំ​ឈ្មោះ អេឌីលប៊ើតូ ហ្គាបែលឡូ មកពី​សាខា​ម៉េតណក ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​សាខា​កាលពី​ប្រាំមួយ​ឆ្នាំ​មុន ។ ខ្ញុំ​បាន​ពិនិត្យ​មើល​ប្រព័ន្ធ CMIS ដែល​ជា​កំណត់ត្រា​សមាជិកភាព​របស់​យើង ។ ខ្ញុំ​រកឃើញ​បញ្ជី​ឈ្មោះ​យុវវ័យ ដែល​ជា​សិស្ស​ត្រូវ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ។ មាន​បញ្ហា​ជាច្រើន ដោយសារ​គ្មាន​នរណា​យកចិត្ត​ទុកដាក់​លើ​ថ្នាក់​សិក្ខាសាលា​ឡើយ ។ ខ្ញុំ​បាន​សម្ភាស​ពួកអ្នក​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ។ ដំបូង​គឺ​ប្អូនប្រុស អាឡិច ។ ខ្ញុំ​ទទួល​បាន​ការតាំងចិត្ត​របស់​គាត់ ។

រីឆាត ម៉ាណាហាន ៖ ពួកគាត់​គឺជា​បងប្រុស​បងស្រី ដែល​ត្រូវបាន​ផ្ដល់​អនុសាសន៍​ឲ្យ​បង្រៀន​ថ្នាក់​សិក្ខាសាលា ។ ពួកគាត់​គឺ​បងប្រុស អាឡិច ខាសធីដាតស៍ និង​បងស្រី ម៉ាហ្គី ។ នោះ​ជា​ចំណុច​ចាប់ផ្ដើម ដោយសារ​ខ្ញុំ​បាន​ឃើញ​ថា ពួកគាត់​យល់​ពី​កម្មវិធី​នេះ​ច្បាស់ ។

អាឡិច ខាសធីដាតស៍ ៖ យុវវ័យ​មិន​អាច​ចូលរួម​ថ្នាក់​សិក្ខាសាលា​ពីមុន​មក សូម្បីតែ​ថ្នាក់​វិទ្យាស្ថាន​ក្ដី ។ មូលហេតុ​ចម្បង​គឺ​ដោយសារ​ក្រុមគ្រួសារ​របស់​ពួកគេ​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ ។ ទីពីរ ដោយសារ​ពួកគេ​រស់នៅ​ឆ្ងាយ​ពី​សាលជំនុំ ។

ម៉ាហ្គី អាឌីអុង ៖ ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្មី​ម្នាក់ ខ្ញុំ​មិន​ដឹង​ពី​និស្ស័យ​នៃ​ការហៅ​របស់​ខ្ញុំ​ឲ្យ​ធ្វើជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ឡើយ ។ វា​ពិបាក​ខ្លាំង​ណាស់​ដើម្បី​ចាប់ផ្ដើម​កម្មវិធី​នេះ ជាពិសេស​ពេល​ត្រូវ​លើក​ទឹកចិត្ត​ដល់​យុវវ័យ ។ ពួកគេ​សោះ​អង្គើយ​ខ្លាំងណាស់​នៅពេល​នោះ ។

អេឌីលប៊ើតូ ហ្គាបែលឡូ ៖ ខ្ញុំ​ត្រូវ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នោះ​រួមមាន​ការទូល​សូម​ការណែនាំ​ពី​ព្រះ ដើម្បី​អាច​បើក​ដួងចិត្ត​របស់​យុវវ័យ ក៏ដូចជា​ឪពុក​ម្ដាយ ដើម្បី​ពួកគាត់​អាច​តាំងចិត្ត មាន​ឆន្ទៈ និង​គាំទ្រ​ដល់​យុវវ័យ ។

អាឡិច ខាសធីដាតស៍ ៖ ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ម្នាក់​នៅ​កាល​នោះ ខ្ញុំ​បាន​ចូលរួម​ការប្រជុំ​ក្រុមប្រឹក្សា​ជាមួយ​គណៈប្រធាន​សាខា និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងអស់ ហើយ​គឺ​នៅ​ទីនោះ​ដែល​យើង​បាន​និយាយ​ពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដំបូង​គេ ។ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ផ្ដល់​យោបល់​ឲ្យ​សាខា​ទាំងមូល​តម​អាហារ ដើម្បី​ជួយ​អស់​អ្នក​ដែល​វង្វេង ។

រីឆាត ម៉ាណាហាន ៖ យើង​បាន​យល់ព្រម​នឹង​គ្នា​ភ្លាម ។ យើង​មាន​គោលបំណង​ដូចគ្នា គឺ​ត្រូវ​ឈោង​ទៅ​ជួយ​ពួកគេ ដោយសារ​វា​ជា​អាទិភាព​របស់​សាសនាចក្រ ហើយ​យើង​ត្រូវ​អញ្ជើញ​ដោយ​ស្មោះសរ​ដល់​សិស្សដែល​ត្រូវ​ចូលរៀន​ថ្នាក់​សិក្ខាសាលា​​ទាំងអស់​ តាម​ដែល​អាច​ធ្វើ​បាន ។ ហើយ​យើង​បាន​ធ្វើ​ការណ៍​នោះ ។ យើង​ពិតជា​បាន​ចេញទៅ​សួរ​សុខទុក្ខ​ពួកគេ​ទាំងអស់​មែន ។ ហៅ​សិស្ស​ចុះឈ្មោះ ចុះឈ្មោះ ចុះឈ្មោះ រួច​ហើយ​យើង​ក៏​បានឲ្យ​សិស្ស​ថ្នាក់​សិក្ខាសាលា​សកម្ម​ឲ្យ​ជួយ​យើង​ចុះឈ្មោះ​សិស្ស​ផ្សេង​ទៀតផងដែរ ។

ស្ទេហ្វានី ផេនថូន ៖ ពេលចេញពីរៀននៅសាលា យើង​ចាំ​គ្នា​នៅមាត់​របង ជា​កន្លែង​ដែល​យើង​ណាត់ជួបគ្នា​ដើម្បី​ទៅ​ថ្នាក់​សិក្ខាសាលា​ជាមួយ​គ្នា ។

អាឡិច ខាសធីដាតស៍ ៖ ខ្ញុំ​បង្រៀន​ថ្នាក់​ពេល​ព្រឹក​ព្រលឹម​នៅក្នុង​សាខា​នេះ ។ ខ្ញុំ​ក្រោក​ឡើង​ម៉ោង ៣ ភ្លឺ​ដើម្បី​រៀបចំខ្លួន​ទៅ​សាលជំនុំ​ដើម្បី​បង្រៀន​ថ្នាក់​សិក្ខាសាលា​នៅ​ម៉ោង ៥ ព្រឹក ។ ខ្ញុំ​គួរតែ​ដល់​សាលជំនុំ​មុន​សិស្ស ដើម្បី​ខ្ញុំ​អាច​រៀបចំ​ឯកសារ​មេរៀន ដែល​យើង​នឹង​ប្រើ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ ក្រោយពី​ថ្នាក់​សិក្ខាសាលា ខ្ញុំ​ចេញ​ទៅ​ធ្វើការ​ភ្លាម ។ ខ្ញុំ​ធ្វើ​ដំណើរ​រយៈពេល​ពីរ​ម៉ោង​ពី​សាលជំនុំ​ទៅ​កន្លែង​ធ្វើការ​ខ្ញុំ ។ ដំបូង វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ ។ រួចហើយ​នៅពេល​រសៀល ខ្ញុំ​ត្រូវ​ទៅដល់​សាលជំនុំ​នៅ​ម៉េតណក​វិញ​នៅ​ម៉ោង ៥ ល្ងាច ដើម្បី​បង្រៀន​ថ្នាក់សិក្ខាសាលា​ម្ដងទៀត ។ នៅពេល​ខ្ញុំ​ទៅដល់​ម៉េតណក​នៅ​ម៉ោង ៣ រសៀល ហើយ​បើ​ខ្ញុំ​នៅមាន​ពេល ខ្ញុំ​ត្រូវ​ទៅ​លេង​សិស្ស​សិក្ខាសាលា​របស់​ខ្ញុំ និង​ឪពុក​ម្ដាយ​របស់​ពួកគេ ។ និយាយ​ម្យ៉ាង​ទៀត​គឺ ខ្ញុំ​ទៅ​សួរ​សុខទុក្ខ​សិស្ស​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ​នៅ​ផ្ទះ​ស្ទើរ​រាល់ថ្ងៃ ។

ម៉ាហ្គី អាឌីអុង ៖ដូច្នេះ គាត់​ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ រួចហើយ​ខ្ញុំ​ក្លាយជា​គ្រូបង្រៀន​តាម​ផ្ទះ ។ វា​ពិបាក​ដើម្បី​ផ្ដោតលើ​យុវវ័យ ជាពិសេស​អ្នក​ដែល​រស់នៅ​ឆ្ងាយៗ​—​មិនមែន​ឆ្ងាយ​រាប់​ម៉ែត្រ​ទេ គឺ​រាប់​គីឡូ​ដី​ពី​សាលជំនុំ ។ អ្នក​ត្រូវ​ទៅ​លេង​ពួកគេ​នៅ​ផ្ទះ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា ។ ឥឡូវ ខ្ញុំ​មាន​សិស្ស​រៀន​នៅ​ផ្ទះ​ចំនួន ២៣ នាក់ ហើយ​ខ្ញុំ​ទៅលេង​ពួកគេ​ម្នាក់ៗ​រាល់​សប្ដាហ៍ ។

រីឆាត ម៉ាណាហាន ៖ យើង​មិន​អាច​មើលស្រាល​លើសក្ដានុពល​របស់​បុគ្គល​ម្នាក់ៗ​ឡើយ ។ ខ្ញុំ​មើល​ទៅ​ពួកគេ​ថា​ពិតជា​បុត្រា​បុត្រី​របស់​ព្រះ​ដ៏​មាន​តម្លៃ​ ។ ខ្ញុំ​ពិតជា​ជឿ​ថា កម្មវិធី​នេះ​ពិតជា​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​បាន ។ នោះ​ជា​មូលហេតុ​ដែល​យើង​ជក់ចិត្ត​យ៉ាង​ខ្លាំងទៅ​លើ​កម្មវិធី​នេះ ។ មក​ដល់​ពេល​នេះ ពួកគេ​មាន​អ្នកផ្សព្វផ្សាយ​សាសនា ១២ នាក់​ដែល​បាន​ចេញ​នៅ​ឆ្នាំ​នេះ ហើយ​ពួកគេ​នឹង​មាន​ជាច្រើន​នាក់​ទៀត ។

ម៉ាហ្គី អាឌីអុង ៖ ថ្នាក់ដឹកនាំ​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន ដូចជា​ការបង្កើត​សកម្មភាព​នានា​សម្រាប់​យុវវ័យ ដើម្បី​ពួកគេ​អាច​ចង​មិត្តភាព​នឹង​គ្នា ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ពួកគេ​អាច​ផ្សព្វផ្សាយ​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដល់​គ្នា​ផងដែរ ។

អេរីកា វីឡារៀល ៖ ខ្ញុំ​មាន​ពរជ័យ​ខ្លាំងណាស់​តាមរយៈ​ថ្នាក់សិក្ខាសាលា ព្រោះ​វា​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​រឹងមាំ និង​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះអម្ចាស់ ។

អាណុល ខារីសូ ៖ ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ចេញ​បេសកកម្ម តាមរយៈ​ការចូល​រៀន​ថ្នាក់​សិក្ខាសាលា ។

ម៉ាហ្គី អាឌីអុង ៖ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ! ខ្ញុំ​ឃើញ​ថា​យុវវ័យ​ខ្លះ​ត្រូវការ​ការថែទាំ—ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ក្ដី​ស្រឡាញ់​ផងដែរ ។ នៅពេល​ដែល​មាន​សិស្ស​ម្នាក់​មិន​មក​រៀន​បាន ខ្ញុំ​ពុំ​រីករាយ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា មាន​បញ្ហា​មួយ ហើយ​ខ្ញុំ​ចង់​ជួយ​ពួកគេ និង​ដឹង​ពី​មូលហេតុ ។ ដូច្នេះ ទោះជា​ពួកគេ​រស់នៅ​ឆ្ងាយ​ក្ដី ក៏​ខ្ញុំ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទៅលេង​ពួកគេ​ដែរ ដើម្បី​បង្ហាញ​ពួកគេ​ថា ពួកគេ​សំខាន់ ហើយ​ថា​ពួកគេ​ពិសេស ។

រីឆាត ម៉ាណាហាន ៖ដូច​ខ្ញុំ​បាន​និយាយ​មក ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ បើ​ថ្ងៃមួយ​យុវវ័យ​ជា​ច្រើន​ទាំង​នេះនឹង​ក្លាយ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅ​តំបន់​នេះ ហើយ​ប្រហែល​ជា​ក្នុង​មណ្ឌល​នេះ​ទៀត​ផងដែរ ។

អ្នកចូលរួម ៖

រីឆាត ម៉ាណាហានអ្នកសម្រប​សម្រួល​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

អាឡិច ខាសធីដាតស៍គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេឌីលប៊ើតូ ហ្គាបែលឡូអតីត​ប្រធាន​សាខា

ម៉ាហ្គី អាឌីអុងគ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​សិក្សា​នៅផ្ទះ

ស្ទេហ្វានី ផេនថូនសិស្ស​ថ្នាក់​សិក្ខាសាលា

អេរីកា វីឡារៀលសិស្ស​ថ្នាក់​សិក្ខាសាលា

អាណុល ខារីសូសិស្ស​ថ្នាក់​សិក្ខាសាលា