ការ ផ្សាយ ប្រចាំ ឆ្នាំ
ការពុះពារ​ដើម្បី​ប្រែក្លាយ


39:40

ការពុះពារ​ដើម្បី​ប្រែក្លាយ

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២០

ថ្ងៃអង្គារ ទី ៩ ខែ​មិថុនា ឆ្នាំ ២០២០

អែលឌើរ អូលីសេស សូរ៉េ ៖បងប្អូនប្រុសស្រី​ជាទីស្រឡាញ់ មិនថា​បងប្អូន​រស់នៅ​ទីណា​ទេ វា​ពិត​ជា​មាន​កិត្តិយស​ណាស់​សម្រាប់​ភរិយា​ខ្ញុំ និង​ខ្ញុំ​ដែល​បាន​នៅ​ជា​មួយ​បងប្អូន​នា​រាត្រី​នេះ ។ ខ្ញុំ​ក៏​ពាំនាំ​ការសួរសុខទុក្ខ និង​សេចក្តី​ស្រឡាញ់​មក​ពី​គណៈប្រធានទីមួយ ហើយ​និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​មកកាន់​បងប្អូន​ទាំងអស់​គ្នា​ផងដែរ ។ ប្រធាន ណិលសុន ផ្ញើ​សេចក្តីនឹករឭក​ដល់​បងប្អូន​ដោយផ្ទាល់ ។ លោកតែងតែ​សុំ​ឲ្យ​យើង​ចែកចាយ​អារម្មណ៍ និង​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​លោក​ជាមួយ​បងប្អូន​ដែល​យើង​បាន​ជួប ។ លោកពិត​ជា​មានអំណរគុណ​ដល់​ការបម្រើ​របស់​បងប្អូន​សម្រាប់​​បុត្រាបុត្រី​របស់​ព្រះ​ខ្លាំងណាស់ ។

សហការី​ជាទីស្រឡាញ់​របស់​ខ្ញុំ ពី​មុន​យើង​បន្ត​ទៅ​មុខ​ទៀត ខ្ញុំ​សូម​បង្ហាញ​អំណរគុណ​ផ្ទាល់​ខ្លួន​ដ៏​ជ្រាលជ្រៅ​របស់​ខ្ញុំ​សម្រាប់​ការបម្រើ​ដ៏អស្ចារ្យ​របស់​បងប្អូន​នៅក្នុ​ង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។​ បងប្អូន​មាន​អភ័យ​ឯកសិទ្ធិ​ដើម្បីបង្រៀន និង​ជួយ​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ឲ្យ​ដើរ​នៅលើ​ស្នាម​ព្រះបាទា​របស់ព្រះអង្គ​សង្រ្គោះ​ទៅកាន់​ភាពអស់កល្បជានិច្ច ។​ បងប្អូន​បង្រៀន​វិញ្ញាណ​ដ៏ខ្ពង់ខ្ពស់​បំផុតមួយ​ចំនួន​របស់​ព្រះ ដែល​បាន​បម្រុងទុក​ដើម្បី​មកកាន់​ផែនដី​នេះ​ក្នុង​ដំណាក់កាល​នៃ​ប្រវត្តិសាស្រ្ត​នេះ ។ ព្យាការី​ជាទីស្រឡាញ់​របស់យើង ប្រធាន ណិលសុន ហៅ​វិញ្ញាណ​ដ៏ខ្ពង់ខ្ពស់​ទាំងនេះ​ថាជា​ក្រុម​ដ៏ឆ្នើម​របស់ព្រះ ជា​កីឡាករ​ដ៏ឆ្នើម​របស់ព្រះ ជា​វីរបុរស គឺ​អស់អ្នក​ដែល​ចូលរួម​នៅក្នុង​​ព្រឹត្តិការណ៍​ផ្តាច់​ព្រ័ត្រដ៏អស្ចារ្យ​នេះ—ការ​ប្រមូលផ្ដុំ​​អ៊ីស្រាអែល ។ ក្រុម​ដ៏អស្ចារ្យនេះ​អាច​សម្រេច​អ្វី​ដែល​មិនអាច​ធ្វើទៅបាន ហើយ​ជួយ​រៀបចំជីវិត​នៃ​ក្រុមគ្រួសារ​មនុស្ស​ទាំងមូល ។

រ៉ូសាណា​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ចូលរួម​ជា​មួយ​ខ្ញុំ​ក្នុង​ការប្រជុំ​ដ៏​ពិសេស​នា​ថ្ងៃនេះ ។ គាត់​គឺ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ​អស់​រយៈ​ពេល ៣៩ ឆ្នាំ​មក​ហើយ ។ ពីព្រោះតែ​សេចក្តីល្អ និង​គំរូ​ដ៏អស្ចារ្យ​របស់​គាត់ គាត់​គឺជា​កាតាលីករ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ដើម្បីជួយ​ពួក​យើង​ម្នាក់ៗ​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។ រ៉ូសាណា និង​ខ្ញុំ​គឺជា​អ្នក​ទទួលបាន​ពរជ័យ​ដែល​កើត​មានក្នុង​ជីវិត​របស់យើង ពី​ការអនុវត្ត​តាម​ការបង្រៀន​ដែល​ទទួលបាន​នៅអំឡុង​ពេល​យុវវ័យ​របស់យើង ពី​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ដ៏លះបង់​គ្រប់រូប ។ ការបម្រើ​ដ៏​ស្មោះត្រង់​របស់​ពួកគាត់​ជះឥទ្ធិពល​ដ៏ខ្លាំង​លើជីវិត​របស់​ពួកយើង កាល​ដែល​យើង​បោះជំហាន​ដំបូង​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គ្រូបង្រៀន​ដែល​មាន​ការលះបង់​ខ្ពស់​ទាំងនេះ​បាន​ជួយយើង​រៀបចំជីវិត​របស់យើង​ស្របតាម​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ដឹកនាំ​យើង​នៅពេលយើង​ព្យាយាម​ដើរ​នៅលើ​ផ្លូវ​ដើម្បីត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់យើង​វិញ ។ ខ្ញុំ​សូម​អញ្ជើញ​ភរិយា​ជាទីស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់គាត់​អំពី​របៀប​ដែល​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​បាន​ប្រទានពរ​ដល់​ជីវិត​របស់គាត់​ក្នុងនាម​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​នៅក្នុង​សាសនាចក្រ និង​ក្នុង​កិច្ចខិតខំ​របស់គាត់​ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​​ដូចជា​ព្រះគ្រីស្ទ ។ តើ​អូន​ចង់​ចែកចាយ​ពាក្យពេចន៍​របស់​អូនឥឡូវ​នេះ​ទេ ប្រពន្ធសម្លាញ់ ?

ស៊ីស្ទើរ រ៉ូសាណា សូរ៉េស ៖ ​សូម​អរគុណ បង​សំឡាញ់​ដែល បាន​អញ្ជើញ​អូន​ឲ្យ​ចែកចាយ​នូវ​ទីបន្ទាល់​របស់​អូន ។

លើក ដំបូង​ដែល​ខ្ញុំ​បាន​ឮ​អំពី​សាសនា​ចក្រ គឺ​ខ្ញុំ​មាន​អាយុ​៩ ឆ្នាំ ។ ហើយ​អស់​រយៈ​៨ ឆ្នាំ ដែល​ខ្ញុំ​បាន​សុំ ការអនុញ្ញាតិ ពី​ឳពុក​របស់​ខ្ញុំ​ដើម្បី​បាន​ជ្រមុជ​ទឹក ហើយ​គាត់​តែង និយាយ​ថា​ទេ​ជានិច្ច ។ គាត់​បាន​និយាយ​ថា ខ្ញុំ​នៅ​ក្មេង​ពេក នៅ​ក្នុង​ការសម្រេចចិត្ត​ក្នុង​រឿង​ដ៏​សំខាន់​បែប​នេះ ហើយ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ដល់​គាត់​ថា ខ្ញុំ​ពិត​ជា​ចង់​ជ្រមុជទឹក​ពិត​ប្រាកដ​មែន ។

ទោះបី​ជា​កាល​នោះ ខ្ញុំ​ពុំ​មែន​ជា​សមាជិក​នៃ ​សាសនាចក្រ​ក៏​ដោយ​តែ​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ​រយៈពេល​បួន​ឆ្នាំ​ដែរ ។ ថ្នាក់ សិក្ខាសាលា​បាន បង្រៀន នៅ សាលាប្រជុំ នៅ ម៉ោង ៦:០០ ព្រឹក ជា​រៀង រាល់ ថ្ងៃ ។ ឳពុក​ខ្ញុំ​អនុញ្ញាតិ ឲ្យ​ខ្ញុំ ទៅ​រៀន​ដោយ​មាន​លក្ខខណ្ឌ​ថា​គ្រូ​របស់​ខ្ញុំ​ត្រូវ​តែ​មក​យក​ខ្ញុំ ។ សំណាង​ណាស់​ដែល​ខ្ញុំ​មាន គ្រូ​ដ៏​អស្ចារ្យ​មា្នក់ ដែល​តែង​តែ​មក​ដល់​នៅ​ម៉ោង ៥ :៣០ នាទី​រាល់​ព្រឹក ដើម្បី​ដឹក​ខ្ញុំ​ទៅ​ជា​មួយ ។ ឳពុក​របស់​ខ្ញុំ​តែង​ដាស់​ខ្ញុំ​រាល់​ថ្ងៃ នៅ​ម៉ោង ៥ :០០ ព្រឹក ហើយ​ខ្ញុំ​បាន ស្លៀកពាក់​រួច​ហើយ​រង់ចាំ​គ្រូ ។ ខ្ញុំ​តែងតែ ងងុយ​ដេក​ជា​និច្ច ហើយ​តែង​តែ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា « សូម​កុំ​មក​យក​ខ្ញុំ​អី ។ សូម​កុំ​មក​អី » ផ្ទុយ​ទៅវិញ គាត់​តែង​មក​ជានិច្ច ។ គាត់​តែង​មក​ជា​មួយ​នឹង ក្តី​សប្បាយរីករាយ ។

ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ពរជ័យ និង មាន​អំណរគុណ​ណាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខា​សាលា ដ៏​ឧស្សាហ៍ ដែល​គាត់​អាច​នឹង​បោះបង់​ខ្ញុំ ដោយ​ងាយ​បំផុត ។ ប៉ុន្ដែ គាត់ មិន បាន​បោះបង់​ខ្ញុំ​ឡើយ ។

សាមសិបឆ្នាំ ក្រោយ​មក ខ្ញុំ​មាន ឱកាស​បង្រៀន​ថ្នាក់សិក្ខាសាលា​ដល់​កូនស្រី​របស់​ខ្ញុំ មួយ​រយៈ​នៅផ្ទះ ។ ព្រោះនាង​មិន​អាច​ចូលរួម ថ្នាក់សិក្ខាសាលា​នៅ​ឯ​សាលាប្រជុំ នៅ​ឆ្នាំ​នោះ​បាន​ឡើយ ព្រោះ​តែ​កាលវិភាគ​នៅ​សាលា​របស់​នាង ។ នាង​ជា​ក្មេងស្រី​ដែល​មាន​ថាមពល​ច្រើន​ហើយ​មិន​រំភើប​ក្នុង​ការអង្គុយ​នៅ​ស្ងៀម​រយៈពេល ៤៥ នាទី​បាន​ឡើយ ហើយ​ជា​ពិសេស​នោះ​ជា​មួយ​ខ្ញុំ​ដែល​ជា​គ្រូ​របស់​នាង ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀបចំ​ថ្នាក់​ជា​ពិសេស​និង​ប្រព្រឹត្តិ​ចំពោះ កូនស្រី​ដូច​ជា​នាង ជា​សិស្ស​ដ៏​ពិសេស​បំផុត​ក្នុងថ្នាក់​សិក្ខាសាលា ទោះ​បី​នាង​ជា​សិស្ស តែម្នាក់​ក៏​ដោយ ។ នៅ​ចុង​ឆ្នាំ​សិក្សា​ឆ្នាំ នោះ​នាង រីករាយ​ហើយ​នាង​ទទួល​អារម្មណ៍​នៃ សេចក្តីស្រឡាញ់ ពី​ព្រះវរបិតា​របស់​យើង​សម្រាប់​នាង ហើយ​ខ្ញុំ​ក៏​ទទួល​អារម្មណ៍​បែប​នោះ​ដែរ ។

បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ គឺ​ដូច​ជា កូនស្រី​របស់​ខ្ញុំ​ដែរ ខ្ញុំ​ដឹង​ថា​ព្រះបន្ទូល​របស់​ព្រះ​គឺ​អាច​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​មាន​ភាពខុសប្លែក នៅ​ក្នុង​គំនិត​យើង​ក្នុង អាកប្បកិរិយា​របស់​យើង និង​នៅ​ក្នុង របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​របស់​យើង និង​អ្នក​ដ៏ទៃ ។

សូម​បញ្ចាប់​ជា​មួយ​នឹង ៖ ពាក្យ​ដកស្រង់​ដ៏​អស្ចារ្យ​មក​ពី​ប្រធាន ហិនរី ប៊ី អាវរិង ថា ៖

« បង​ប្អូន គឺ​ជា​គ្រូ​បង្រៀន​ដ៏អស្ចារ្យ​ដែល​បាន​ដាក់​ការខិតខំ​និង ការលះបង់​នៅ​ក្នុង ការរៀបចំ​របស់​បងប្អូន ដើម្បី​បង្រៀន​ព្រះបន្ទូល​នៅ​ក្នុង​ការបង្រៀន​និង នៅ​ក្នុងការយកចិត្តទុកដាក់ ចំពោះ​សិស្ស​របស់​បង​ប្អូន ។… ឥឡូវនេះ​បង​ប្អូន​អាច​បន្ថែម​សេចក្តី​ជំនឿ​របស់​បងប្អូន​ថា ភាគ​ច្រើន​សិស្ស របស់​យើង​នឹង​ធ្វើការ​ជ្រើសរើស​ដែល​ដឹកនាំ​ទៅ​រក​ការផ្លាស់ប្រែចិត្តជឿ​ពិត »​

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​យ៉ាងដូច្នេះ នៅ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អែលឌើរសូរ៉េស ៖:អរគុណ​អូនសម្លាញ់​ចំពោះ​ពាក្យ​ដ៏​ផ្អែមល្ហែម​របស់​អូន ។ គាត់​អស្ចារ្យ​ណាស់​មែនទេ ?

ខ្ញុំ​សង្ឃឹមថា បងប្អូន​មិនមើលស្រាល​លើ​សមត្ថភាព​របស់បងប្អូន​ក្នុងការ​មានឥទ្ធិពល និង​បញ្ចុះបញ្ចូល​យុវវ័យ​របស់​បងប្អូន​ឲ្យ​ស្វែងរក​សេចក្តីសុចរិត​នៅក្នុងជីវិត​របស់ពួកគេឡើយ ។ ដូច​ជា​ប្រធាន​ផាកកឺ ធ្លាប់បាន​មាន​ប្រសាសន៍​ថា ពួកគេ​ធំ​លូតលាស់​ឡើង​ក្នុង​ទឹកដី​សត្រូវ ។ តាមរយៈ​ការបម្រើ​ដ៏លះបង់​​របស់​បងប្អូន​ក្នុងការបង្រៀន​ពួកគេ នោះពួកគេ​អាច​រីកលូតលាស់​ក្នុង​សេចក្តីជំនឿ និង​ការគោរព​ប្រតិបត្តិ ហើយនឹង​រឹងមាំ​ខាង​វិញ្ញាណ ។ ពួកគេ​នឹង​រៀន​អំពី​របៀប​ទប់ទល់ និង​យកឈ្នះ​លើ​ការល្បួង ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ កម្មវិធី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គឺជា​ការចូលរួមពីរ​ដ៏សំខាន់​បំផុត​ចំពោះ​ស្ថេរភាព និង​ភាពរឹងមាំ​របស់​សាសនាចក្រ ។ ខ្ញុំ​អាច​ធានា​ដល់​បងប្អូន​ថា ព្រះអម្ចាស់​កំពុង​បំពេញ​កិច្ចការ​[ របស់​ទ្រង់ ] និង​សិរី​ល្អ​ របស់​ទ្រង់ ]​—​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។—តាម​រយៈ​ការបម្រើ​ដ៏​មាន​តម្លៃ​របស់​បងប្អូន​ចំពោះ​ទ្រង់ នឹង​កូនចៅ​របស់​ទ្រង់ ។ ហេតុដូច្នោះហើយ គោលដៅ​របស់​បងប្អូន និង​ខ្ញុំ​ត្រូវតែ​ជា​សេចក្តីសង្រ្គោះ​ និង​ភាព​តម្កើង​ឡើង​នៃ​បុត្រា​បុត្រី​​របស់​ព្រះវរបិតា​សួគ៌​​យើង​ជានិច្ច ។

នៅ​ក្នុង​ក្បួខ្នាត​ដ៏​អស្ចារ្យ​នេះ​សម្រាប់​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អយើង​រកឃើញ​សេចក្តីថ្លែង​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ ៖ « គោលបំណង​របស់​យើង គឺ​ដើម្បី​ជួយ​ដល់​យុវវ័យ និង​យុវមជ្ឈិម​វ័យ​ឲ្យ​យល់ និង​ពឹងផ្អែក​ទៅលើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មាន​លក្ខណៈ​សម្បត្តិ​នឹង​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ​ផ្ទាល់ ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នក​ដទៃ​ទៀត សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌ » ។

ការទទួលខុសត្រូវ​នេះ​ទាក់ទង​នឹង​អ្វី​ដែល​បាន​ថ្លែង​នៅ​ក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖« ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ( ស.&វ. ) ជួយ​ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​ការជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​បង្កើន​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែលបាន​ស្តារឡើងវិញ » ។

ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​យើង ដែល​ជា​អ្នក​ចូល​រួមចំណែក​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការសង្រ្គោះ​ដល់​ព្រលឹង​នេះ​គឺ​ការខិតខំ​ដើម្បី ក្លាយជា មាន​ន័យ​ថា ដើម្បី​រីកលូតលាស់ ឬ ដើម្បី​ប្រែ​ទៅជា​ប្រភេទ​នៃ​សិស្ស​ដែល​ព្រះអម្ចាស់​រំពឹងទុក​ពី​យើង ។ បន្ទាប់​មក ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​យើង​មាន​ឥទ្ធិពល​លើ​ជីវិត​បងប្អូន​ទាំងឡាយ​ណា​ដែល​យើង​បង្រៀន កាលណា​ពួកគេ​ដើរ​នៅ​លើ​ផ្លូវ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នេះ ។ គំនិត​នៃការក្លាយជា នេះ​ទាក់ទង​ទាំងយ៉ាងទៅនឹង​ចំណុច​មួយ នៃ​ចំណុច​ទាំង​បី​អំពី​របៀប​ដើម្បី​សម្រេច​បាន​គោលបំណង​របស់​ទ្រង់ ដូច​ដែល​បាន​ពិពណ៌នា​ក្នុង​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អនៅ​ក្នុង​ក្បួនខ្នាត ៖ « យើង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ព្យាយាម​ដើម្បី​ទទួលបាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឥរិយាបថ និង ទំនាក់ទំនង របស់ យើង គឺ ជា គំរូ នៅ ក្នុង គេហដ្ឋាន នៅ ក្នុង ថ្នាក់រៀន និង នៅ ក្នុង សហគមន៍ ។ យើង​បន្ដ​ខិតខំអភិវឌ្ឍ​សមត្ថភាព ចំណេះដឹង ឥរិយាបថ និង​ចរិត​លក្ខណៈ​របស់​យើង » ។

សាវក​ប៉ុល​បាន​ណែនាំ​យើង​អំពីសារៈសំខាន់​នៃ​ការ​ទទួល​បាន​​កម្ពស់​ដូចគ្នា​នឹង​​ព្រះគ្រីស្ទ​ដែរ ។ សំបុត្រ​របស់គាត់​ចំពោះ​សាសន៍​អេភេសូរ គាត់​បាន​និយាយ​ថា ៖

ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវ័ក​ ​ខ្លះ ជា​គ្រូ​អធិប្បាយ ខ្លះជា​គ្រូ​ផ្សាយ​ដំណឹងល្អ ខ្លះជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូបង្រៀន

ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់លក្ខណ៍​ឡើង​សម្រាប់​ធ្វើការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង

« ទាល់តែ​យើង​រាល់គ្នា​បាន​រួបរួម​ខាង​ឯ​សេចក្ដីជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​នៃ​ព្រះ​ដូចគ្នា​ទាំងអស់ គឺ​បាន​ដល់​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្ដីពោរពេញ​ផង​ព្រះគ្រីស្ទ » ។

សំណួរ​ដ៏​សំខាន់​របស់​យើង​អាច​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​សម្រេច​បាន​ខ្នាត​កម្ពស់​នៃ​សេចក្ដី​ពោរពេញ​នៃ​ព្រះគ្រីស្ទ តាមរយៈ​ការបម្រើ​របស់​យើង កាលណា​យើង​ព្យាយាម​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ដូច្នោះ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្តល់​​ជំនួយ​​ដល់​យើង​នៅក្នុង​រឿង​នោះ ។ សូម​យើង​ពិចារណា​ជាមួយគ្នា​នូវគោលការណ៍​មួយចំនួន​នៅក្នុងការ​ព្យាយាម​ឆ្លើយ​នឹង​​សំណួរ​នេះ ។

គោលការណ៍​ទីមួយ និង​ជា​មូលដ្ឋានគ្រឹះ​គឺ​ត្រូវ​ធ្វើ​តាម​លោកគ្រូ​ដ៏​ចំណាន គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​និច្ច ។ ការបង្ហាញ​ដោយស្មោះត្រង់​ពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​បុគ្គលិកលក្ខណៈ ពាក្យសំដី និង​ទង្វើ​របស់​យើង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​មានឥទ្ធិពល និង​បញ្ចុះបញ្ចូល​អ្នកដទៃ​ឲ្យ​​រៀបចំ និង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច​ជាមួយ​ព្រះវរបិតា​របស់ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។ ក្នុង​ការធ្វើ​ដូច្នោះ យើង​អាច​ជួយ​យុវវ័យ​របស់​​យើង​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ដោយសារ​​អ្វី​ដែល​ពួកគេ​ស្រឡាញ់ នឹង​កំណត់​អ្វី​ដែល​ពួកគេ​នឹង​ស្វែងរក ។ អ្វី​ដែល​ពួកគេ​នឹង​ស្វែងរក នឹង​កំណត់​អ្វី​ដែល​ពួកគេ​នឹង​គិត ហើយ​ធ្វើ ។ អ្វី​ដែល​ពួកគេ​នឹងគិត ហើយ​​អ្វី នឹង​កំណត់​​ថា​ពួកគេ​នឹង​ក្លាយទៅ​ជាមនុស្ស​បែបណា ។

បងប្អូន និង​ខ្ញុំ​តំណាង​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំពោះ​ពិភពលោក​នេះ ។ អ្វីៗ​ដែល​យើងធ្វើ និង​និយាយ​ឆ្លុះបញ្ចាំងពី​រូបភាព​នៃ​សាសនាចក្រ សេចក្តីពិត​របស់​សាសនាចក្រ និង​ចុង​ក្រោយ គឺ​ព្រះអង្គ​សង្រ្គោះ ។ នៅពេល​យើង​​ព្យាយាម​យល់​កាន់តែច្បាស់ និង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែសុខដុម​នឹង​​ដំណឹងល្អ នោះ​យើង​គួរតែ​​ខិតខំ​កាន់តែខ្លាំង ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ មាន​គ្រា​មួយ​នោះ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖

« ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ជា​កូនចៅ​នៃ​ព្រះ ដែល​យើង​គួរ​តែ​ប្រែក្លាយ ។ ស្ថានភាព​គ្មាន​ស្នាម​ប្រឡាក់ និង​ឥតខ្ចោះ​នេះ នឹង​ជា​លទ្ធផល​ចេញ​មក​ពី​តំណរ​នៃ​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ទង្វើ​នានា បូក​រួម​ទាំង​ការជ្រើសរើស​ត្រឹមត្រូវ ហើយ​នឹង​ចេញ​មក​ពី​ការប្រែចិត្ត​ឥត​ឈប់ឈរ » ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​មិត្តរួមថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​ខ្ញុំ​​មួយ​ចំនួន​មកពី​ប្រទេស​ប្រេស៊ីល ជាកន្លែង​ដែល​ខ្ញុំ​បានធំ​ឡើង ។ ខ្ញុំ​បានចាប់​អារម្មណ៍​​នឹង​អ្វី​ដែល​ពួកគេ​បាន​និយាយ​អំពី​ឥទ្ធិពល​ដូចជា​ព្រះគ្រីស្ទ​របស់គ្រូបង្រៀន​​​ពួកគេ​​ដែល​មាន​មក​លើ​ពួកគេ នៅក្នុងពេល​ធ្វើការ​សម្រេច​ចិត្ត​ដ៏សំខាន់ៗ​ក្នុង​ជីវិត​របស់ពួកគេ ។​ សូម​ពួកយើង​ស្តាប់​ពី​អ្វី​ដែល​ពួកគេ​បាន​និយាយ ។​

ស៊ីស្ទើរ បារីតូ ៖ច៎ាស សូម​ត្រឡប់​ទៅ​និយាយ​ពី​យុវវ័យ​របស់​ខ្ញុំ​សិន ។ ខ្ញុំ​គិត​ថា—អឺ ខ្ញុំ​មិន​គិត​ថា ខ្ញុំ​ប្រាកដ​—ថា​ការសម្រេចចិត្ត​ទាំងអស់ និង​អ្វីៗ​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ខ្ញុំ​សុបិន្ត​ចង់​បាន មាន​មូលដ្ឋាន​ដ៏​រឹងមាំ នៅ​ពេល​ខ្ញុំ​សិក្សា​ដំណឹងល្អ​នេះ​ទេ ។ ហើយ​ជា​ពិសេស ខ្ញុំ​ចងចាំ​យ៉ាងច្បាស់​បំផុត​ពី​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ ។ ខ្ញុំ​នៅ​ក្មេង​ណាស់​ពេលនោះ—ថ្នាក់សិក្ខាសាលា​កំពុង​តែ​ចាប់ផ្តើម​នៅ​ប្រទេស​ប្រេស៊ីល​—​ហើយ​ខ្ញុំ​នៅ​ចាំ​ពី​គ្រូបង្រៀន​ដ៏​ល្អ ដ៏​លះបង់​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ ។ ហើយ​ខ្ញុំ​គិត​ថា ទីបន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល នៅ​ពេល​ខ្ញុំ​នៅ​ជា​សិស្ស​ថ្នាក់​សិក្ខាសាលា​បាន​រីកចម្រើនឡើង និង​លូតលាស់ បាន​រីកលូតលាស់​យ៉ាងខ្លាំង ដែល​ខ្ញុំ​ជា​ខ្ញុំ​ពេលនេះ ដោយ​សារតែ​ពេលវេលា​ទាំង​នោះ ដោយសារ​តែ​ការបង្រៀន​ទាំងនោះ ដោយសារ​គ្រូបង្រៀន​ទាំងនោះ ហើយនឹង​ការសម្រេចចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ ។

ស៊ីស្ទើរ ស៊ីលវ៉ា ៖សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​វា​ជា​គ្រូ​របស់​ខ្ញុំ​ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅ​ពេល​នោះ ព្រោះ​ខ្ញុំ​ជា​អ្នកផ្លាស់ប្តូរថ្មី​នៅ​ពេល​នោះ ហើយ​គាត់​បាន​ជួយ​ខ្ញុំ​ច្រើន​ក្នុង​ការយល់​ពី​គោលការណ៍​ទាំង​នោះ​និង​វិធីអនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​និង​ស្វែងរក​គុណសម្បត្ដិ​ដែល​ព្រះយេស៊ូ ព្រះគ្រីស្ទ​មាន—ដូច​ជា​ការអត់ធ្មត់ ការបង្កើន​ចំណេះដឹង ការគោរពប្រតិបត្តិ ដល់​ពួកព្យាការី​ដែល​រស់នៅ ។ ទាំងអស់​នេះ​បាន​ជួយ​ខ្ញុំ​នៅ​ពេល​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ស្ដាប់​តាម​សំឡេង ព្រះវិញ្ញាណបរិសុទ្ធ​ដែល​ជា​ការខ្សឹប​ប្រាប់​របស់​ព្រះវិញ្ញាណ ។ ដូច្នេះ​នេះ​គឺ​ជា​គន្លឹះ​សម្រាប់​ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​អ្នកផ្លាស់ប្រែចិត្តជឿថ្មី ។ គឺ​ជា​គ្រូបង្រៀន ។ គាត់​មាន​ចំណេះដឹង​ដ៏អស្ចារ្យ ហើយ​គាត់​ក៏​បាន​ជួយ​ដល់​សិស្ស​ជាច្រើន​ឲ្យ​អភិវឌ្ឍ​ការយល់ដឹង​នោះ​ផងដែរ ។ គាត់​ក៏​ឆ្លើយ​ចំពោះ​សំណួរ​របស់​យើង​ហើយ​នឹង​ផ្សេងៗ​ទៀត ។ រឿង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ ហើយ​ឈរ​យ៉ាងរឹងមាំ​ក្នុង​ដំណឹងល្អ ។

អែលឌើរ ហ្គុង​ខាល ៖ មែនហើយ ដរាបណា​ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក នៅពេល​ខ្ញុំ​បាន​ចូលក្នុង​សាលា​ជំនុំ​នៅគ្រា​ដំបូង ខ្ញុំ​បាន​ចូលរួមភ្លាម​ដោយ​យុវវ័យ និង​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ។ គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​ថ្នាក់រៀន ។ មុខវិជ្ជា​ដែល​បាន​ចាប់​ផ្ដើម​រួច​ហើយ ដូច្នេះ​​ខ្ញុំ​ត្រូវ​ប្រញាប់បំពេញ​កញ្ចប់​មួយចំនួន​ដើម្បី​អាច​ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​ឆ្នាំ​នោះ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​បំពេញ​កញ្ចប់​ទាំងនោះ​យ៉ាងណា​ទេ ប៉ុន្តែ​ខ្ញុំ​រៀន​ដើម្បី​ចូលរួមខ្លួនឯង ហើយ​ការ​ចូលរួម​នោះ​សំខាន់ ។ ការចូលរួម​នោះ​គឺ​សំខាន់​ដើម្បី​ខ្ញុំ​អាច​មាន​អារម្មណ៍​បំណងប្រាថ្នា​ដើម្បី​រៀន​បន្ថែម​អំពី​បទគម្ពីរ ដែល​ខ្ញុំ​ពុំ​ធ្លាប់គិត​អំពី​វា​ពី​មុន ហើយ​ដែល​ខ្ញុំ​មិន​ទាន់​យល់​នៅ​ឡើយ ។ បន្ទាប់ពី​រំភើប​ដំបូងនោះ អំណរ​ក្នុង​ការ​ចូលរួម​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ។ វា​ធម្មតា ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​អំពី​បំណង​ប្រាថ្នា​ដើម្បី​ដឹង​បន្ថែម​អំពី​បទគម្ពីរ និង​អនុវត្ត​នូវ​អ្វីៗ​ទាំងឡាយ​ដែល​ហាក់ដូចជា​ពិត​ និង​មាន​ពរជ័យ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​នៃ​យុវវ័យ​ទាំងឡាយ ដែល​អ្នក​អាច​មើល​ឃើញ​នៅក្នុង​សកម្មភាព​របស់​ពួកគេ ។ ការមើល​បកក្រោយ​វិញ​ខ្ញុំ​អាច​ចងចាំ​រឿងនេះ ៖ សកម្មភាព​នៃ​យុវវ័យ​ទាំងនេះ បានធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​អ្វី​មួយ​ដែល​ជា​ការពិត ។

អែលឌើរ សូរ៉េស ៖សំបុត្រ​របស់​សាវក ប៉ុល ទៅកាន់ ធីម៉ូថេ រំឭកយើង​ពី​ការប្រឹក្សា​ដ៏សំខាន់​ដែល​យើង​អាច​ស្តាប់​តាម ដើម្បី​អាច​មានឥទ្ធិពល​លើ​អ្នកដទៃ​ឲ្យ​ធ្វើ​ល្អ​ពិតប្រាកដ ៖ « ចូរធ្វើ​ជាគំរូ​ដល់​ពួកអ្នកជឿ ដោយ​ពាក្យសម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ និងសេចក្ដីបរិសុទ្ធ » ។១០

គោលការណ៍​ទីពីរ ដែល​ខ្ញុំ​ចង់​លើកឡើង​គឺ​ការបង្រៀន​ដំណឹងល្អ​ដោយ​ក្លាហាន និង​ច្បាស់លាស់ ។ បងប្អូន និង​ខ្ញុំ​គឺត្រូវបានហៅ​ឲ្យ​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​មិនត្រូវ​បង្រៀន​គំនិត​របស់​យើង ឬ ទស្សនវិជ្ជា​របស់​យើង​នោះទេ សូម្បី​តែ​យើង​បញ្ចូល​ជាមួយ​បទគម្ពីរ​ក៏ដោយ ។ ដំណឹងល្អ​គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ​ដល់​សេចក្ដី​សង្គ្រោះ ១១ហើយ​មាន​តែ​តាមរយៈ​​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់ទ្រង់​ប៉ុណ្ណោះ ទើប​​យើង​ត្រូវ​បាន​សង្គ្រោះ ។ ដោយ​មាន​ការ​ណែនាំ និង​ដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​គឺ​ត្រូវ​បង្រៀន​គោលការណ៍​នានា​នៃ​ដំណឹងល្អ ដូច​មាន​នៅក្នុង​កចិ្ចការក្បួនខ្នាត​នៃ​សាសនាចក្រ និង​នៅក្នុង​ពាក្យ​សម្ដី​របស់​ពួក​សាវក និង​ពួកព្យាការី​សម័យ​ទំនើប​ដែល​ពួកលោក​បាន​បង្រៀន​នា​សព្វថ្ងៃ​នេះ ។ យើងត្រូវតែ​ធ្វើ​ជា​ឧបករណ៍​នៃ​សេចក្តីពិត ហើយ​បង្រៀន​សេចក្តីពិត​ដោយច្បាស់លាស់ ទើប​វា​មិនច្រឡំ​ជាមួយ​ទស្សនវិជ្ជា​នៃ​ពិភពលោក ។ វាល្អ​ណាស់​ដើម្បី​អាន​អំពី​របៀប​ដែល​អាលម៉ា ​ពិពណ៌នា​ពី​ព្រះចេស្តា​នៃ​ព្រះ​បន្ទូល​របស់ព្រះ​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស និង​របៀប​ដែល​វា​ពង្រឹង​សេចក្តីជំនឿ​យ៉ាងពិតប្រាកដ ។ សូម​អាន អាលម៉ា ៣២:៤២ ជាមួយ​គ្នា ។

« ហើយ​ដោយ​សារ​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​អត់ធន់​របស់​អ្នក​ទៅ​លើ​ព្រះ​បន្ទូល ដោយ​ថែ​ទាំ​ព្រះ​បន្ទូល​នោះ ដើម្បី​ឲ្យ​វា​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​អ្នក មើល​ចុះ នៅ​មិន​យូរ​មិន​ឆាប់ អ្នក​រាល់​គ្នា​នឹង​បេះ​បាន​ផ្លែ​ឈើ​នោះ ដែល​ពិសេស​បំផុត ដែល​ផ្អែម​ជាង​អ្វីៗ​ដែល​ផ្អែម​ទាំង​អស់ ហើយ​ដែល​ស​ជាង​អ្វីៗ​ដែល​ស​ទាំង​អស់ មែន​ហើយ ហើយ​សុទ្ធ​ជាង​អ្វីៗ​ដែល​សុទ្ធ​ទាំង​អស់ ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ទាន​ផ្លែ​នេះ រហូត​ដល់​អ្នក​រាល់​គ្នា​បាន​ឆ្អែតឆ្អន់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឃ្លាន ហើយ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ស្រេក​ទៀត​ឡើយ » ។

បងប្អូន​ប្រុសស្រី​ទាំងឡាយ​ខគម្ពីរ​ដ៏​អស្ចារ្យ​នេះ​បង្ហាញ​ពី​អំណាច​នៃ​សេចក្តីពិត​ដែល​អាច​ទទួល​ចូលទៅក្នុង​ដួងចិត្ត​របស់​ក្រុម​យុវវ័យ​​យើង ហើយ​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ធ្វើ​ល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ​សូមចងចាំ​ថា ការ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​គឺ​សំខាន់​ខ្លាំងណាស់​ក្នុង​ភាពជា​អ្នកដឹកនាំ​នៅ​ក្នុង​សាសនា​ចក្រ ។ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នឹង​កើត​មាន​តែ​នៅពេល​​បុរស និង​ស្ត្រី​ទាំងឡាយ​​ត្រូវបាន​បង្រៀន​ជាមួយនឹងប្រសិទ្ធភាព​​បែបនេះ​ប៉ុណ្ណោះ ទើប​ពួកគេ​ផ្លាស់ប្ដូរ ហើយ​គ្រប់គ្រង​ជីវិត​របស់​ពួកគេ​បាន ។ ពួកគេ​មិន​អាច​ត្រូវបាន​​​បង្ខំ​ឲ្យចូល​ទៅ​ក្នុង​សេចក្តី​សុចរិត ឬ​ស្ថានសួគ៌​បាន​ឡើយ ។ ការបង្រៀន​ត្រូវតែ​បាន​ដឹកនាំ ហើយ​នោះ​មាន​ន័យ​ថា​ការបង្រៀន​ដែល​មាន​ប្រសិទ្ធភាព ។១២

នៅ​អំឡុង​សន្និសីទ​ទូទៅ​កាលពីខែ​មេសា​ឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​« ការ​ស្ដារឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ។ នៅចុង​បញ្ចប់​នៃ​សារលិខិត​របស់​លោក លោក​បាន​ផ្តល់​កិច្ចការមួយ​ដល់​សាសនាចក្រ​ទាំងមូល​ឲ្យ​សិក្សា​អំពីវា ហើយ​សញ្ជឹងគិត​​ពី​សេចក្តីពិត និង​គិត​ពី​ឥទ្ធិពល​​ដែល​សេចក្តីពិត​ទាំងនោះ​មាន​នៅក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​ជឿ​ថា ការទទួលខុសត្រូវ​របស់​យើង​មាន​ហួស​ពី​កិច្ចការ​​នោះទៅទៀត ។ បងប្អូន និង​រូបខ្ញុំ​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​មនុស្ស​ដែល​បាន​ចាត់​ឲ្យ​យកសេចក្តីពិត​ដែល​បាន​បំផុស​ពី​​ការប្រកាស​នេះ​ចូលទៅក្នុង​ដួងចិត្ត​របស់​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង ។ ក្នុង​ន័យ​មួយ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គឺ ជា​ការបន្ថែម​មួយ​ដល់​​ព្យាការី​ទាំង ១៥ រូប ដែល​ជាអ្នក​មើលឆុត និង​អ្នក​ទទួលវិវរណៈ ក្នុង​តួនាទី​របស់​ពួកលោក​ដើម្បី​ប្រកាស​ពី​សេចក្តីពិត​ទាំងនេះ​ទៅ​កាន់​ពួក​យុវវ័យ​ក្នុង​ការរៀបចំ​សម្រាប់​ការធ្វើដំណើរ​របស់ពួកគេ​នៅ​ក្នុង​ពិភពលោក​ដ៏​ច្របូកច្របល់​នេះ ។​ បងប្អូន និង​រូបខ្ញុំ​មាន​ទំនួលខុសត្រូវ​ដ៏សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ពរជ័យ​នៃសេចក្តីប្រកាស​នេះកើត​មាន​​ពិត​នៅក្នុង​ជីវិត​របស់ពួកគេ ។ យើង​ទាំងអស់​គ្នា​ដឹង​ថា យើង​កំពុង​រស់នៅ​ក្នុង​គ្រា​ដ៏លំបាក ។ ពិភពលោក​នេះ​កំពុងភ្លេច​ពី​សារៈសំខាន់ និង​តួនាទី​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ជីវិត​របស់ពួកគេ ហើយ​បាត់បង់​ចក្ខុវិស័យ​នៃ​និស្ស័យ​ជាព្រះ​របស់ពួកគេ ។ ទស្សនវិជ្ជា​របស់ពិភពលោក​កាន់តែ​ច្រើនឡើងៗ​កំពុង​ជំនួស​ឲ្យ​សេចក្ដី​ពិត​ដ៏ពិត​បរិសុទ្ធ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ដួង​ចិត្ត​របស់​មនុស្ស ។ បងប្អូន និង​ខ្ញុំ​មាន​ឱកាស​ដ៏​អស្ចារ្យ​​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​យុវវ័យ​របស់​យើង ហើយ​នាំ​យក​សេចក្ដីពិត​ដែល​ត្រូវ​បាន​ប្រកាស​យ៉ាង​ច្បាស់ ហើយ​ពោរពេញ​ដោយ​អំណាច​នៅ​ក្នុង​ការ​ប្រកាស​នេះ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។

ខ្ញុំ​ចែកចាយ​ជាមួយ​បងប្អូន​នូវ​មតិយោបល់​ផ្សេង​ទៀត​មួយ​ចំនួន​ដែល​មិត្ត​សំឡាញ់​របស់​ខ្ញុំ​បាន​លើក​ឡើង​អំពី​របៀប​ដែល​សេចក្ដីពិត ដែល​បាន​បង្រៀន​ដោយ​ភាព​ច្បាស់លាស់ និង​ភាព​ក្លាហាន ពិត​ជា​បាន​ធ្វើឲ្យ​​ពួកគេ​ចាក់​ឬស​យ៉ាង​ជ្រៅ​​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ ស៊ីលវ៉ា ៖សម្រាប់​ខ្ញុំ រឿង​ដំបូង​ដែល​កើត​មាន​ក្នុង​ចិត្ត គឺ​ជា​គំរូ​របស់​គ្រូបង្រៀន ដោយសារ​តែ​នេះ​គឺ​ជា​ធនធាន ដែល​យើង​មើលតាម ហើយ​ចង់​ចង់​ប្រែក្លាយ​ដូចជា​ពួកគាត់ ។ ខ្ញុំ​តែងតែ​គិត​​ជានិច្ច « វា​អាច​ទៅ​រួច​ទេ ដែល​ថ្ងៃ​មួយ ខ្ញុំ​នឹង​មាន​គ្រួសារ​មួយ​ដូចនោះ ? តើ​វា​អាច​ទៅ​រួច​ទេ ដែល​ថ្ងៃ​មួយ ខ្ញុំ​នឹង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​រឿង​ទាំងនោះ ? » ដូច្នេះ ឥទ្ធិពល​នៃ​គោលលទ្ធិ នៃ​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​ជាដំបូង​តាម​គំរូ ដូច​គេ​និយាយ​ថា—យើង​ចាំបាច់​ត្រូវ​សម្រប​គោលលទ្ធិ និង​សម្រួល​វា​ទៅតាម​ស្ថានភាព និង​កាលៈទេសៈ​របស់​យើង ។ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ដូចនេះ​អស់​ពិ​សមត្ថភាព ស្រប​ទៅ​តាម​លទ្ធភាព និង​សមត្ថភាព​របស់​ខ្ញុំ ដូច្នោះដែល​ពិតប្រាកដ​គឺ ដើម្បី​ខ្ញុំ​អាច​ជា​មនុស្ស​ល្អ​ប្រសើរ​ជា​រៀងរាល់ថ្ងៃ ហើយ​អាច​ធ្វើ​ការ​ជ្រើសរើស​ល្អ​បំផុត—ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នៅទីនេះ​ជាមួយ​នឹង​ជម្រើស​ល្អ​បំផុត​របស់​ខ្ញុំ​គឺ​ការជ្រើសរើស​ប្រពន្ធ​របស់​ខ្ញុំ​ដែល​ជា​រឿង​មួយ​ដែល​ជួយ​ខ្ញុំ​ផងដែរ ។

ស៊ីស្ទើរ បារីតូ ៖ខ្ញុំ​តែងតែង​មើល​ទៅ​គំរូ​របស់​គ្រូបង្រៀន​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​នៅ​តែ​ចាំ​ពី​គ្រូបង្រៀន​ម្នាក់​ជា​ពិសេស ។ គាត់​នៅ​ក្មេង ហើយ​នៅ​លីវ ។ គាត់​គឺ​ជា​ស៊ីស្ទើរ​ដែល​ត្រឡប់​ពី​បេសកកម្ម​វិញ ពេល​ខ្ញុំ​មើល​ទៅ​គាត់​ពេល​គាត់​បង្រៀន​យើង ខ្ញុំ​បាន​គិត​ថា « ខ្ញុំ​ចង់​ក្លាយ​​ដូច​ជា​គាត់ ។ ខ្ញុំ​ចង់​ក្លាយ​ដូច​ជា​គាត់​ខ្លាំង​ណាស់ » ដោយសារ​គាត់​ដូច​គ្នា​នឹង​ព្រះអង្គ​សង្គ្រោះ ។ គាត់​ស្រឡាញ់​ពួកយើង​ខ្លាំង​ណាស់ ហើយ​គ្រប់​ពេល​ដែល​គាត់​បង្រៀន​ដល់​យើង ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី សេចក្ដី​ស្រឡាញ់​របស់​គាត់ ការ​លះបង់​របស់​គាត់​ចំពោះ​អ្វី​ដែល​គាត់​កំពុង​ធ្វើ ។ រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា​ជា​រឿង​ដ៏​សំខាន់​ក្នុង​ជីវិត​ខ្ញុំ​គឺ—ខ្ញុំ​មិន​មែន​ជា​អ្នកផ្លាស់ប្រែចិត្តជឿ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ពេល​វេលា​នៃ​ការប្រែចិត្តជឿ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​កើត​ក្នុង​សាសនាចក្រ ដូច្នេះ​ពេល​យើង​និយាយ​ពី​ដំណើរ​រឿង​របស់​ខ្ញុំ ដំណើរ​រឿង​ខ្ញុំ​រៀង​ខុស​គេ​បន្តិច ដោយសារ​ខ្ញុំ​មិន​ចាំ​ថា​ធ្លាប់​មាន​ការ​សង្ស័យ ឬ​មិន​ជឿ​លើ​សាសនាចក្រ និង​ដំណឹងល្អ​ឡើយ ។ អ្វី​គ្រប់​យ៉ាង​គឺ​វា​កើត​ឡើង​ដោយ​ឯក​ឯង​ចំពោះ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​គិត​ថា—ខ្ញុំ​ប្រាកដ​ថា នឹង​មាន​គ្រា​មួយ​ពេល​បងប្អូន​ដឹង​ដោយ​ខ្លួន​ឯង ហើយ​វា​គឺ​ពិត​ប្រាកដ—នោះ​គឺ​នៅ​ក្នុង​​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​ខ្ញុំ ជាពិសេស​ម៉ោង​ថ្នាក់​សិក្ខាសាលា ។ ពេល​ខ្ញុំ​គិត​ពី​រឿង​នោះ​ឡើង​វិញ នោះ​គឺ​ជា​ពេល​ដ៏​សំខាន់​មួយ​ដែល​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ហេតុអ្វី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​សាសនាចក្រ​នេះ—តើ​​សាសនាចក្រ​នេះ​ពិត​មែន​ចំពោះ​ខ្ញុំ​ឬ​ទេ តើ​​ខ្ញុំ​មាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ និង​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊វ​គ្រីស្ទ​ឬ​អត់ ។ ដូច្នេះ​ខ្ញុំ​អាច​ក្លាយ​ជា​ខ្លួន​ខ្ញុំ​សព្វ​ថ្ងៃ​នេះ ដោយសារ​តែ​ពេល​ទាំង​នោះ​ប៉ុណ្ណោះ ។

ស៊ីស្ទើរ ហ្គុង​ខាល ៖ ដំបូង នៅពេល​យើង​មាន​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​របស់យើង វា​មិនពុំ​មែនថា ពួកគេ​ល្អ​ឥតខ្ចោះនោះទេ ប៉ុន្តែ​យើង​មើល​ខ្លួន​យើង​ប្រែក្លាយដូចជា​ពួកគេ ដោយ​មាន​គ្រួសារ​មួយ​ដូច​ជា​ពួកគេ ហើយ​ធ្វើតាមគំរូ​ពួកគេ មាន​ការយល់ដឹង​ដូចគ្នា ការ​ទទួល​បាន​ចំណេះដឹង​នោះ ។ មាន​ថ្នាក់ដឹកនាំ​ជាច្រើន​ដែល​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ ហើយ​បាន​ផ្ដល់​គំរូ​មួយ​ដល់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​និយាយ​ថា « ខ្ញុំ​ចង់​ប្រែក្លាយ​ដូច​ជា​ពួកគេ នៅពេល​ខ្ញុំ​ធំឡើង » ។ រឿង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្យាយាម​ធ្វើការ​ជ្រើសរើស​ដោយ​ឆ្លាត​វៃ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ជានិច្ច ។ ហើយ​ខ្ញុំ​បាន​ធ្វើតាម មួយជំហាន​ម្ដងៗ ។ ដូច​អែលឌើរ បែតណា​បាន​មានប្រសាសន៍​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ វា​ពុំ​កើតឡើង​ភ្លាមៗ​ទេ វា​ធ្វើឡើង​មួយជំហានម្ដងៗ ការផ្លាស់ប្ដូរ​ដួងចិត្ត ការផ្លាស់ប្ដូរ​គំនិត ការផ្លាស់ប្ដូរ​ឥរិយាបទ ហើយ​តែងតែ​ផ្ដោត​ទៅលើ​ព្រះឆន្ទៈ​របស់​ព្រះ ។ ដូច្នេះ​ព្រះឆន្ទៈ​របស់​ព្រះ គឺ​ជា​រឿងទីមួយ ហើយ​គ្រូបង្រៀន​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​បទគម្ពីរ រៀន​ស្រឡាញ់​បទគម្ពីរ ។ ដូច្នេះ រឿង​នេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ។ ខ្ញុំ​បានព្យាយាម​ធ្វើ​ការ​ជ្រើសរើស​ឆ្លាតវៃ​ស្របតាម​​ព្រះឆន្ទៈ​របស់​ព្រះ ។

អែលឌើរ សូរ៉េស ៖ គោលការណ៍​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​លើក​ឡើង​នៅ​ថ្ងៃ​នេះ​គឺជា​កិច្ច​បញ្ជា​​របស់​យើង​ដើម្បី​បង្រៀន​សិស្ស​របស់​យើង​ដោយ​ព្រះវិញ្ញាណ ។ អ្នក និង​ខ្ញុំ—ពួកយើង យើង​កំពុង​ធ្វើ​ការ​របស់​ព្រះអម្ចាស់ ។ យើង​គឺជា​ភ្នាក់ងាររបស់​ទ្រង់ ហើយ​បងប្អូន​មាន​សិទ្ធិអំណាច និង​អំណាច​ដើម្បី​ធ្វើជាតំណាងទ្រង់ ហើយ​ធ្វើកិច្ចការ​ជំនួស​ទ្រង់ ។ ក្នុងនាមជាភ្នាក់ងាររបស់​ទ្រង់ យើង​មាន​សិទ្ធិ​ទទួល​ជំនួយ​របស់​ទ្រង់ ។ ពិតណាស់ យើង​ត្រូវ​បាន​រំពឹង​ទុក​ឲ្យ​រៀបចំ​មេរៀន​នីមួយៗ​ដោយ​ឧស្សាហ៍ ចេះ​ស្ទាត់​នូវ​បច្ចេកទេស​បង្រៀន​ខុសៗ​គ្នា ហើយ​រៀន​ពី​របៀប​ជួយ​សិស្ស​របស់​យើង​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​របស់​ពួកគេ​នៅ​ក្នុង​សេចក្ដី សុចរិត ។ ទោះ​ជា​យ៉ាងណា វា​បង្ហាញ​ថា ដើម្បី​មាន​ជំនួយ​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​មេរៀន​ដែល​យើង​បង្រៀន វា​ចាំបាច់​ថា​យើង​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ស័ក្ដិសម​នឹង​ជំនួយ​នោះ ។

គណៈប្រធានទីមួយ បាន​ថ្លែងទៅកាន់​គ្រូបង្រៀន​របស់​សាសនាចក្រ ៖ « ចំណែក​ដ៏​សំខាន់​នៃ​ការ​បម្រើ​របស់​អ្នក នឹង​ជា​ការ​រៀបចំ​ខាង​វិញ្ញាណ​ប្រចាំ​ថ្ងៃ​របស់​អ្នក រួម​មាន​ការ​អធិស្ឋាន ការ​សិក្សា​គម្ពីរ និង​ការ​គោរព​បញ្ញត្តិ ។​ យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​បូជា​ខ្លួន​អ្នក​ក្នុងការ​រស់​នៅ​តាម​ដំណឹង​ល្អ ដោយ​មាន​គោលបំណង​កាន់​តែ​ខ្លាំង​ជាង​មុន » ។១៣ បន្ទាប់មក យើង​សូម​ជំនួយ​របស់​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដល់​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ សូម​ចងចាំ​ជានិច្ច​ថា ការ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​បង្រៀន​សិស្ស​តាម​របៀប​មួយ​ដែល​ពួកគេ​អាច​យល់​កាន់​តែ​ច្បាស់​ពីគោលការណ៍​នៃ​ដំណឹងល្អ រួចហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អនុវត្ត​គោលការណ៍​ទាំង​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ៖ « ហេតុ​ដូច្នោះ​ហើយ អ្នក​ដែល​ផ្សាយ ហើយ​អ្នក​ដែល​ទទួល យល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ។១៤ រឿងនេះ​ប្រហែល​ជា​មិនចាំបាច់ទេ ប៉ុន្តែ​ខ្ញុំ​អាច​ធានា​ដល់​បងប្អូនថា សិស្ស​របស់​យើង​អាច​ទទួល​បាន​សេចក្តីពិត​ដ៏នៅអស់កល្ប​ជានិច្ច​បាន​តាមរយៈ​ព្រះវិញ្ញាណ តែ​នៅពេល​វា​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​នោះ​ប៉ុណ្ណោះ ។

ដូចជា​នីហ្វៃ​ដែរ ខ្ញុំ​សូម​ពន្យល់​ពី​គំនិត​ដ៏ស្រស់​ស្អាត​នេះ ៖ « ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​អាច​សរសេរ​ឲ្យ​អស់​នូវ​អ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិនសូវ​​ពូកែ​ខាង​ការ​សរសេរ​ដូច​ជា​ខាង​ការ​និយាយ​នោះ​ដែរ ត្បិត​កាលណា​មនុស្ស​មួយ​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណ​​បរិសុទ្ធ នឹង​នាំ​ពាក្យ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស » ។១៥ ឱ នោះ​គឺជា​តួនាទី​ដ៏សំខាន់​ដែល​ព្រះវិញ្ញាណ​មាន​នៅក្នុង​ការបង្រៀន​របស់​យើង ដើម្បី​នាំ​សេចក្ដីពិត​ចូលទៅ​ក្នុងចិត្ត​នៃកូនចៅ​មនុស្ស !

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ យើង​អាច​ជាមនុស្ស​ពូកែ​ខាងវោហា និង​ពូកែ​និយាយ​នៅ​ទីសាធារណៈ ប៉ុន្តែ​បើគ្មាន​ព្រះវិញ្ញាណទេ នោះ​សមត្ថភាព​របស់​យើង​នឹង​មិន​ធ្វើឲ្យ​អ្វីៗ​ខុស​ប្លែក​នោះ​ឡើយ ។ ប្រធាន រ័សុល អិម ណិលសុន ថ្មីៗ​នេះ​បាន​បង្រៀន​ថា « វា​គ្មាន​អ្វី​ចាំបាច់​ជាង​ការ​ស្គាល់​ពី​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មកកាន់​[ បងប្អូន ]​នា​ពេល​នេះ​ទេ » ។ លោក​បាន​បន្ថែម​ថា​« នៅក្នុង​ក្រុមព្រះ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នកនាំ​សារ ។ ទ្រង់​នឹង​នាំ​គំនិត​នានា​ចូល​ទៅក្នុង​ចិត្ត​[ របស់​បងប្អូន ]​ដែល​ព្រះបិតា និង​ព្រះរាជបុត្រា​ចង់​ឲ្យ​[ បងប្អូន ]​ទទួល ។ ទ្រង់ ជា អង្គ លួងលោម ចិត្ត ។ ទ្រង់​នឹង​នាំ​អារម្មណ៍​នៃ​ភាពសុខសាន្ដ​មក​កាន់​ដួងចិត្ត​[ របស់​បងប្អូន ] ។ លោក​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ហើយ​នឹង​បញ្ជាក់នូវ​អ្វី​ជា​ការពិត នៅ​ពេល​ក្មួយ​ស្ដាប់ ហើយ​អាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ » ។១៦

គោលការណ៍​ទីបួន​ដែល​ខ្ញុំ​ចង់​​លើកឡើង​គឺ​ការបង្រៀន​ចេញពី​បេះដូង ។ មាន​គ្រូបង្រៀន​ដែល​ពូកែ​ខាង​វោហា ហើយ​មាន​ជំនាញ​យ៉ាងប្រសព្វ ចេះ​កែប្រែ​ឃ្លោងឃ្លា​ឲ្យ​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​គួរ​ឲ្យ​ចង់​ស្តាប់ ។ ប៉ុន្តែ​គ្រូបង្រៀន​ដែល​មានគំនិត​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​អាច​និយាយ​ចេញពី​បេះដូង​ទៅកាន់​បេះដូង គឺជា​គ្រូបង្រៀន​ដែល​អាច​បំផុស​យើង​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​យើងរៀន ។ គ្រូបង្រៀន​មួយចំនួន​ទាំងនេះ​អាច​មិនពូកែ​និយាយ​នៅទី​សាធារណៈ​ទេ ប៉ុន្តែ​នៅពេល​សិស្ស​ស្តាប់​ពួកគាត់ ពួកគេ​បើកភ្នែក​របស់​ពួកគេ​ដើម្បី​ឲ្យយល់​ដឹង​កាន់តែ​ច្បាស់ ។ គ្រូបង្រៀន​ទាំងនេះ​អាច​បណ្តុះ​បំណងប្រាថ្នា​នៅក្នុង​ដួងចិត្ត និង​គំនិត​របស់ពួកគេ ដែលនឹង​មាន​ឥទ្ធិពល និង​បញ្ចុះបញ្ចូល​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីល្អ និង​ទទួលបាន​ភាពលើក​តម្កើងឡើង ។ គ្រូបង្រៀន​ដែល​មាន​ឥទ្ធិពល​បំផុត​ដល់​ជិវិត​របស់​ខ្ញុំ​គឺ​ជា​អ្នក​ដែល​បាន​បង្រៀន​ខ្ញុំ​ចេញ​ពី​បេះដូង​របស់​ពួកគាត់ ។ ពួក​គាត់​ពុំ​មាន​ជំនាញ​ក្នុង​ការបង្រៀន​ទេ ប៉ុន្តែ​ពួកគាត់​អាច​និយាយ​ចេញ​ពី​ដួងចិត្ត​ទៅ​កាន់​ដួងចិត្ត ។ ឥទ្ធិពល​ដ៏អស្ចារ្យ​របស់​ពួកគាត់​គ្មានអ្វី​ទាក់ទង​ទៅនឹង​យន្ដការ​ធ្វើតាម​ផែនការ​មេរៀន ឬ​ទ្រឹស្តី​អប់រំ​ដែល​ត្រូវបាន​កំណត់​នោះទេ ប៉ុន្តែ​ទាក់ទង​ទៅនឹង​ការយកចិត្ត​ទុកដាក់​ពិត​ប្រាកដ ស្មោះស ចំណង់ចំណូលចិត្ត និង​ការជឿ​ជាក់ទៅវិញ ។ ដូចដែល​បាន​ថ្លែង​ដោយ​អ្នក​និពន្ធ និង​អ្នកអប់រំ​​ជនជាតិ​អាមេរិកកាំងឈ្មោះ​ ផាកកឺ ផាលម័រ ថា « គ្រូបង្រៀន​ល្អ​មាន​សមត្ថភាព​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង ។… ទំនាក់ទំនង​ដែល​បានផ្សារភ្ជាប់​ដោយ​គ្រូបង្រៀនល្អ គឺ​មិនត្រឹម​តែ​នៅក្នុង​ទ្រឹស្តី​បង្រៀន​របស់​ពួកគាត់​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគាត់—ក្នុងន័យ​ពីបុរាណ បេះដូងមាន​ន័យ​ថា​ជាកន្លែង​ដែល​បញ្ញា និង​សតិអារម្មណ៍ និង​ស្មារតី ហើយនិង​ឆន្ទៈ​នឹង​ចូលមក​ក្នុង​ខ្លួន​មនុស្ស » ។១៧

ព្រះអម្ចាស់​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​គោលការណ៍​នោះ ។ ទ្រង់បាន​បន្សល់ទុក​ស្នាម​ព្រះបាទា​លើដីខ្សាច់​នៅឆ្នេរសមុទ្រ ប៉ុន្តែ​ទ្រង់​បានបន្សល់ទុក​ស្នាម​ខាងវិញ្ញាណ​នៃ​ការបង្រៀន​របស់​ទ្រង់​នៅក្នុង​ដួងចិត្ត និង​ជីវិត​នៃ​អស់អ្នក​ដែល​ទ្រង់​បាន​បង្រៀន​ដែរ ។ ទ្រង់​បាន​ណែនាំ​​ពួកសិស្ស​របស់ទ្រង់​នៅ​ជំនាន់​នោះ​ហើយ​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​យើង​ដូចគ្នា ៖ « ចូរ​ឲ្យ​អ្នក​មកតាម​ខ្ញុំ​ចុះ » ។១៨

សូម​យើង​ស្តាប់​ពាក្យពេចន៍​ចុងក្រោយ​របស់​មិត្ត​រួម​ថ្នាក់ និង​មិត្តភក្តិ​របស់​ខ្ញុំ ។ ខ្ញុំ​គិតថា ខ្ញុំ​ពុំទាន់​បាន​ណែនាំ​ពួកគាត់​ឲ្យ​បងប្អូន​បាន​ស្គាល់ឡើយ ។ គូស្វាមីភរិយា​ទាំងបី​គូ​នេះ​មានឈ្មោះថា គ្លូសៀ និង រ៉េនណាល់ដូ បារេតូ , លូសេលៀ និង ម៉ារ៉ូ​ ហ្គូសាល់វែលស៍, និង សាលី ម៉ារៀ និង រ៉ាមីហ្វូ ស៊ីលវ៉ា ។ ខ្ញុំ​បាន​ស្គាល់​ពួកគាត់​ភាគច្រើន​ចាប់តាំង​ពី​កុមារភាព​មកម្ល៉េះ ។ ខ្ញុំ​បាន​មើល​ខ្សែ​ជីវិត​របស់​ពួកគាត់ ហើយ​បាន​រៀន​ពី​គំរូ​ដ៏​សុចរិត​របស់ពួកគាត់ ។ ពួកគាត់​មាន​ភាព​ស្មោះត្រង់ តស៊ូ ហើយ​ជា​សមាជិក​ដ៏​លះបង់​ខ្ពស់​របស់​​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​បានធំ​ឡើង​ក្នុង​​ក្រុមគ្រួសារ​របស់​ពួកគាត់​នៅក្នុង​ដំណឹងល្អ ហើយ​បានបម្រើ​ដោយ​អស់ពីចិត្តក្នុង​ទំនួល​ខុសត្រូវ​របស់ពួកគាត់ ដែលព្រះអម្ចាស់​បាន​ហៅ​ឲ្យ​បម្រើ ។

អែលឌើរ បារីតូ ៖ខ្ញុំ​មាន​គំរូ​ដ៏​ល្អ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ចេញ​ពី​សាស្រ្តាចារ្យ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ហើយ​ក៏​ចេញពី​អ្នកសម្របសម្រួល និង​នាយក​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ផងដែរ ។ យើង​មាន​ចំណង​មិត្តភាព​ល្អ​ជាមួយ​ពួកគាត់​ចាប់តាំង​ពី​ពេល​នោះ​មក ។ ខ្ញុំ​មិនអាច​រៀបរាប់​ពី​អំណរគុណ​បានគ្រប់គ្រាន់​ចំពោះ​ពួកគាត់ និង​គំរូ​របស់ពួកគាត់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​នោះទេ ។ ពួកគាត់​គឺជា​មិត្តភក្តិ​ល្អ​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​តែង​មាន​អារម្មណ៍​ពេញ​ដោយ​ទំនុកចិត្ត​ដែល​ខ្ញុំ​អាច​និយាយ​អំពី​អ្វីៗ​គ្រប់យ៉ាង ។ ដែល​ពួកគាត់​បាន​ណែនាំ បាន​បង្រៀន​ខ្ញុំ ពួកគាត់​បាន​បង្រៀន​ដំណឹងល្អ ប៉ុន្តែ​គំរូ​របស់​ពួកគាត់​គឺ អស្ចារ្យណាស់ ។ ពួកគាត់​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ខ្លាំងណាស់ ។

ស៊ីស្ទើរ ហ្គុងខាល ៖ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ដើម្បី​មាន​ដំណឹងល្អ ហើយ​អាច​មាន​គ្រួសារ​នៅក្នុង​ដំណឹងល្អ ហើយ​មើល​ឃើញ​សព្វថ្ងៃនេះ​នូវ​ផលផ្លែ​នៃ​កិច្ចការ​ទាំងអស់នោះ កាល​ពី​យើង​នៅក្មេង ។ ខ្ញុំ​ចងចាំ​គ្រាមួយ​ដែល​ខ្ញុំ​នៅ​ខាង​មុខ​ព្រះវិហារបរិសុទ្ធ ជា​ពេល​ដែល​វា​ឧទ្ទិស​ឆ្លង ហើយ​ខ្ញុំ​មាន​ឯកសិទ្ធិ​ច្រៀង​នៅទីនោះ ជាមួយ​នឹង​ប្រធាន ឃឹមបឹល ។ ដែល ស៊ីស្ទើរ ឡូបូ គឺ​ជា​អ្នក​ដឹកនាំភ្លេង​របស់យើង ។ មាន​មនុស្ស​ពីរបីនាក់​ដែល​អាច​ទៅ​ក្នុង​បន្ទប់​សេឡេស្ទាល ហើយ​អាច​មានអារម្មណ៍​ដឹង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ថា​អ្វីៗ​ដែល​ខ្ញុំ​កំពុង​រៀននៅ​ទីនោះ ដែល​ខ្ញុំ​បាន​រៀន​នៅ​យុវវ័យ គឺមានតម្លៃ ហើយ​ខ្ញុំ​ពិត​ជា​ចង់​បន្ដ​ដល់​អស់កល្បជានិច្ច ។ ដូច្នេះ​អ្វីៗ​គ្រប់យ៉ាង​ក្នុងជីវិត​មាន​គោលបំណង​មួយ ហើយ​គោលបំណង​របស់​ខ្ញុំ​គឺ​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតាសួគ៌​ជា​មួយ​គ្នា​នឹង​គ្រួសារ និង​មិត្តភក្ដិ​របស់​ខ្ញុំ ។

អែលឌើរ ស៊ីលវ៉ា ៖ជា​ដំបូង​គំនិត​របស់​ខ្ញុំ​គឺ​ការថ្លែងអំណរគុណ​ដល់​គ្រូបង្រៀន​ដ៏​អង់អាច​ក្លាហាន​ទាំង​នោះ ជា​មនុស្ស​ដែល​បាន​លះបង់​និង​ស្ម័គ្រចិត្ត​បន្ត​លះបង់​ពេលវេលា រៀបចំ​ខ្លួន​ដើម្បី​បង្រៀន ។ ខ្ញុំ​ពុំ​អាច​វាស់វែង​ពី​ឥទ្ធិពល​ដ៏​មហិមា​ដែល​គ្រូបង្រៀន​អាច​មានមក​លើ​សិស្ស​របស់ពួកគាត់​បាន​ទេ ។ ពេល​ខ្លះ​យើង​ពុំ​គ្រាន់​តែ​រកឃើញ​នៅ​ជា​ច្រើន​ឆ្នាំ​ក្រោយ​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ត្រូវ ហើយ​បន្ដ​នៅ​លើ​ផ្លូវ​ដោយពិត​មែន ។ ហើយ​ខ្ញុំ​ពិត​ជា​មានអំណរគុណ​ចំពោះ​រឿងនេះ ។ ហើយ​ខ្ញុំ​មាន​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៃ​ព្រះ ។ ខ្ញុំ​មាន​បទពិសោធន៍​ខ្លះៗ​ដែល​ខ្ញុំ​ពុំ​អាច​បដិសេធ​ថា​ យ៉ូសែប ស្ម៊ីធ ពុំ​មែនជា​ព្យាការី​របស់​ព្រះបានទេ ។ ព្រះ​គម្ពីរ​មរមន​គឺ​ជា​ព្រះបន្ទូល​នៃព្រះ ។ សព្វថ្ងៃនេះ យើង​មាន​ព្យាការី​ដែល​ដឹកនាំ​យើង ហើយ​ទទួល​វិវរណៈ ហើយ​ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ សកម្ម​នៅក្នុង​ការដឹកនាំ​សាសនាចក្រទ្រង់ ។ ទាំងនេះ​ជា​គំនិត​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អែលឌើរ សូរ៉េ ៖អរគុណ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ។ សូម​ព្រះអម្ចាស់​ប្រទានពរ​ដល់​បងប្អូន​ទាំងអស់​គ្នា​នៅ​ពេល​បងប្អូន​បន្ត​ធ្វើ​ជា​គំរូល្អ​នៃ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ពេល​បងប្អូន​នៅ​ក្មេង​ហើយ​បន្ត​កំណត់​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ចិត្ត​អ្នកដទៃ ។

គោលការណ៍​ចុង​ក្រោយ និង​សំខាន់​បំផុត ដែល​ខ្ញុំ​ចង់ចែកចាយ​គឺជា​ទីបន្ទាល់​ពី​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ជាការពិត ។ ដៃគូ​ក្នុង​ដំណឹងល្អ​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ អំណាច​នៃ​ទីបន្ទាល់​ដ៏រឹងមាំ​របស់​បងប្អូន​នឹង​ផ្លាស់ប្តូរ​ជីវិត​សិស្ស​របស់បងប្អូន​ជារៀងរហូត ។​ នោះ​ជាអ្វី​ពិតប្រាកដ​បានកើតឡើង​ចំពោះ​យើង​ម្នាក់ៗ ឬ​បុព្វការីជន​របស់​យើង ពេល​បានស្តាប់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ ។ ទីបន្ទាល់​រឹងមាំ​​មួយ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ គឺ​ការ​គាំទ្រ​ដល់​អំណាច​នៃ​ជីវិត​ជោគជ័យ និង​ផ្ដល់​សេចក្ដីសុខសាន្ដ ការលួងលោមចិត្ត និង​ការ​អះអាង ។ វា បង្កើត ឲ្យ មាន ជំនឿ ថា នៅ ពេល ការបង្រៀន របស់ ព្រះអង្គសង្គ្រោះ ត្រូវ បាន គោរព ដោយ ខ្ជាប់ខ្ជួន នោះ ជីវិត នឹង ស្រស់ស្អាត អនាគត នឹង សុវត្ថិភាព ហើយ នឹង មាន សមត្ថភាព ដើម្បី យក ឈ្នះ លើ ឧបសគ្គ ទាំងឡាយ ដែល កើត ឡើង នៅ លើ ផ្លូវ របស់យើង ។ ទីបន្ទាល់​ដ៏ រឹងមាំ​របស់ បងប្អូន​នឹង​គាំទ្រ​ដល់​សេចក្តីជំនឿ​របស់​សិស្ស​របស់​បងប្អូន ហើយ​នឹង​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់​អំពី​ដំណឹងល្អ ។ ទីបន្ទាល់​របស់ពួកគ​នឹង​ក្លាយ​ជា​បង្គោលសរសរ​មួយ​ដែល​នឹងជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះចេស្តា​នៃ​ពលិកម្ម​ដ៏ធួន​នៃភាព​ជាព្រះ​របស់​ព្រះគ្រីស្ទ នៅក្នុងជីវិត​របស់ពួកគេ​ផ្ទាល់ ។​ នៅពេល​ពួកគេ​ប្រព្រឹត្ត​តាមទីបន្ទាល់​របស់​ពួកគេ​ក្នុង​សេចក្តីសុចរិត នោះ​ខ្ញុំ​អាច​ធានា​ដល់​បងប្អូនថា ទីបន្ទាល់​របស់ពួកគេ​អាច​ក្លាយ​ជា​ខែល​ការពារ​ពួកគេ​ប្រឆាំង​នឹង​ការល្បួង​របស់​មារសត្រូវ​ដែល​ចង់​​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​ពួកគេ​ចុះទន់ខ្សោយ ហើយ​បណ្តុះ​ការមិនជឿ​នៅ​ក្នុង​គំនិតរបស់ពួកគេ​ពេញ​មួយជីវិត​របស់​ពួកគេ ។ មូលដ្ឋានគ្រឹះ​នេះ​នឹង​ផ្តល់​ឲ្យពួកគេ​នូវ​សេចក្តី​ក្លាហាន​ដើម្បី​ប្រកាស​យ៉ាង​​ក្លាហាន​នូវ​សេចក្តី​ពិត​នៃ​ដំណឹងល្អទៅកាន់​ពិភពលោក ។

ចម្រៀង​កុមារ​ច្រៀង​ថា ៖​« ខ្ញុំ​ដឹង​ព្រះវរបិតា​រស់ ហើយ​ស្រឡាញ់​ខ្ញុំ ។ / ព្រះវិញ្ញាណ​ទ្រង់​ខ្សឹប​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា​រឿង​នេះ​ពិត​មែន / ប្រាប់​ខ្ញុំ​ថា​ពិត​មែន » ។១៩

ក្នុង​ស្មារតី​នេះ ខ្ញុំ​សូម​បញ្ចប់​សុន្ទរកថា​របស់​ខ្ញុំ​នៅថ្ងៃនេះ​ដោយការ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​បងប្អូន ជាទីបន្ទាល់​មួយ​ដែល​បាន​កើត​ឡើង​មួយបន្ទាត់​ម្តងៗ ហើយ​ដែល​បន្ត​រីក​លូតលាស់​នៅពេល​ខ្ញុំ​បន្ត​ស្វែងរក​ដោយ​ដួងចិត្ត​ស្មោះស ដើម្បី​កាន់តែ​យល់​ពីព្រះបន្ទូល​នៃ​ព្រះ​ថែមទៀត ។ គ្រាប់ពូជ​នៃ​ទីបន្ទាល់​នោះ ដំបូង​ឡើង​បានដាំ​នៅក្នុង​ដួងចិត្ត​ខ្ញុំ​ដោយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏អស្ចារ្យ​ដែល​បានបង្រៀន​ក្រុមគ្រួសារ​របស់ខ្ញុំ​កាលពី​កុមារភាព ។ បន្ទាប់ពីនោះ ទីបន្ទាល់​នេះ​បាន​ចិញ្ចឹមបីបាច់​ដោយ​ឪពុកម្តាយ​ដ៏ស្មោះត្រង់ ដែល​បានបង្រៀន​ខ្ញុំ​តាមរយៈ​គំរូ​របស់​ពួកលោក និង​ការលះបង់​ចំពោះ​ព្រះអម្ចាស់ ។ នៅទីបំផុត គ្រាប់ពូជ​នៃ​ទីបន្ទាល់​នោះ​បាន​រីកឡើង​កាលដែល​ខ្ញុំ​បាន​ស្តាប់​ការបង្រៀន​នៃ​គ្រូបង្រៀន​ដ៏អស្ចារ្យ​ក្នុង​ថ្នាក់​សិក្ខាសលា ហើយ​មាន​​ចំណាប់អារម្មណ៍​ដើម្បី​ធ្វើតាម​ការបង្រៀន​នោះ​ក្នុងជីវិត​របស់​ខ្ញុំ​កាលពី​នៅវ័យ​ក្មេង ។

ខ្ញុំដឹងថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ ។ ខ្ញុំដឹងថា ទ្រង់​បានរងទុក្ខ​ដោយសារ​អំពើបាប​របស់​ខ្ញុំ ហើយ​បាន​រស់ឡើងវិញ ហើយ​បាន​ប្រទាន​​ឱកាស​ឲ្យ​ខ្ញុំ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹងថា ទ្រង់​មិនខ្វល់​នឹង​ព្រះអង្គទ្រង់ ព្រោះតែ​រូបខ្ញុំ ទ្រង់​បាន​បោះបង់ចោល​បំណងប្រាថ្នា​របស់​ទ្រង់ ហើយ​ធ្វើ​អ្វី​ដូចដែល​ព្រះ​វរបិតាសួគ៌​បាន​ប្រាប់​ឲ្យ​ទ្រង់​ធ្វើ ។ សូម្បីតែ​នៅក្នុង​ពេល​ដែល​កំពុង​រងទុក្ខ​វេទនា​នោះ ទ្រង់​បាន​បដិសេធ​​ព្រះអង្គផ្ទាល់ ហើយ​បានធ្វើ​អ្វី​ដែល​ព្រះវរបិតាសួគ៌​ប្រាប់​ឲ្យ​ទ្រង់​ធ្វើ ។

ខ្ញុំដឹងថា ព្រះវរបិតាសួគ៌​នៅមាន​ព្រះជន្មរស់ ហើយ​ស្តាប់​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ទៅកាន់​បងប្អូនថា ទ្រង់​យល់​ពីការឈឺចាប់​របស់​យើង ។ ខ្ញុំដឹងថា នេះគឺជា​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី ។ ព្រះអម្ចាស់​ពិតជា​ចាប់​ផ្ដើម​ការ​ស្ដារឡើងវិញនៃ​ដំណឹងល្អ​ និង​បព្វជិតភាពរបស់​​ទ្រង់​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​ស្រឡាញ់​ព្រះអង្គសង្រ្គោះ និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ហើយខ្ញុំ​​ចូលចិត្ត​បម្រើ​ទ្រង់ ។ ខ្ញុំ​ព្យាយាម​បង្ហាញ​សេចក្តីស្រឡាញ់​របស់ខ្ញុំ​ចំពោះ​ព្រះ​អម្ចាស់​ជាទីស្រឡាញ់​ខ្ញុំ នៅពេញ​​មួយ​ជីវិត​របស់ខ្ញុំ តាមរយៈ​ការបម្រើ​ដល់​បុត្រាបុត្រី​របស់​ព្រះ ។ បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ​អើយយ ខ្ញុំ​មាន​អំណរគុណ​ខ្លាំងណាស់​ចំពោះ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​របស់​ខ្ញុំ ដែលមាន​ឥទ្ធិពល​លើខ្ញុំ​ជានិច្ច​​តាមរយៈ​ការលះបង់ និង​​ការបម្រើ​​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ។ អ្វី​គ្រប់យ៉ាង​បាន​ចាប់ផ្តើម​នៅ​ពេល​នោះ​ហើយ​ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​រឿង​នោះ ។

ខ្ញុំ​ស្រឡាញ់​បងប្អូន​ប្រុសស្រី​ទាំងអស់​​គ្នា ។​ ខ្ញុំ​ពេញចិត្ត​ឱកាស​ដែល​បាន​នៅជាមួយ​បងប្អូន​នាថ្ងៃនេះ ។ សូម​អរគុណ​ម្តងទៀត​ចំពោះអ្វី​ទាំងអស់​ដែល​បងប្អូន​បាន​ធ្វើ​សម្រាប់​ព្រះអម្ចាស់ និង​រាស្ដ្រ​របស់​ទ្រង់​នៅលើ​ផែនដី ។ ខ្ញុំសូម​ថ្លែងរឿងទាំងនេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន, « សេចក្ដីសង្ឃឹម​នៃ​អ៊ីស្រាអែល » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោកសម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ​មីថុនា ឆ្នាំ ២០១៨ ), បំពេញបន្ថែម​ទៅលើ ទស្សនាវដ្ដី New Era,ខែ​សីហា ឆ្នាំ ២០១៨ ។

  2. សូមមើល រ័សុល អិម ណិលសុន « The Lord Uses the Unlikely to Accomplish the Impossible » (Brigham Young University–Idaho devotional, ថ្ងៃទី ២៧ ខែ​មករា ឆ្នាំ ២០១៥ ) byui.edu ។

  3. Henry B. Eyring, «We Must Raise Our Sights» in Scott C. Esplin and Richard Neitzel Holzapfel, eds., The Voice of My Servants: Apostolic Messages on Teaching, Learning, and Scripture (២០១០)​ទំព័រ ១៧ ។

  4. ម៉ូសេ ១:៣៩ ។

  5. ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និងអ្នក​ដឹកនាំ​ទាំងឡាយ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថានសាសនា២០១២ ] x ។

  6. ​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ( ២០២០ )​លេខ​១៥.០ ។

  7. ការបង្រៀន និង​ការរៀន​សូត្រដំណឹងល្អ x ។

  8. អេភេសូរ ៤:១១-១៣  ។

  9. ដាល្លិន អេក អូក « The Challenge to Become, » Ensign, ខែវិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៣៣ ។

  10. ធីម៉ូថេទី១ ៤:១២  ។

  11. រ៉ូម ១:១៦ ។

  12. សូមមើល​« How to Be a Teacher When Your Role as a Leader Requires You to Teach » ( General Authority Priesthood board meeting​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ១៩៦៩ ) ។

  13. ការ​បង្រៀនដំណឹង​ល្អ​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះចូរ​មក​តាម​ខ្ញុំ​ចុះ ៖ ធនធាន​សិក្សា​សម្រាប់​យុវវ័យ ឆ្នាំ ( ២០២០ ) ទំព័រ ២ ។

  14. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២២ ។

  15. នីហ្វៃទី២ ៣៣:១ ។

  16. រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » Ensign ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០. ។

  17. Parker J. Palmer, The Courage To Teach: Exploring the Inner Landscape of a Teacher’s Life ( ១៩៩៨ ),ទំព័រ ១១ ។

  18. យ៉ូហាន ២១:២២  ។

  19. « ខ្ញុំ​ដឹង​ព្រះ​បិតា​រស់ »​សៀវភៅ​ចម្រៀង​កុមារទំព័រ ៨ ។