ការស្ដាប់សំឡេងរបស់ទ្រង់នៅក្នុងគ្រាលំបាក
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស & វ ប្រចាំឆ្នាំ សម្រាប់ឆ្នាំ ២០២០
ថ្ងៃអង្គារ ទី ៩ ខែមិថុនា ឆ្នាំ ២០២០
ឱ វាជាឯកសិទ្ធិមួយដែលខ្ញុំនៅជាមួយបងប្អូននាថ្ងៃនេះ ។ ខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ខ្លាំងចំពោះបងប្អូនទាំងអស់គ្នា ដែលខំព្យាយាមធ្វើការនៅក្នុងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននៃសាសនា ( ស&វ ) ។ ខ្ញុំបានចាប់ផ្ដើមបង្រៀនថ្នាក់សិក្ខាសាលាពេញម៉ោងដំបូង កាលពី ៤២ ឆ្នាំកន្លងទៅគិតត្រឹមឆ្នាំនេះ ហើយពេលវេលាពិតជាដើរលឿនណាស់ ។ ខ្ញុំឱបក្រសោបអនុស្សាវរីយ៍ដែលខ្ញុំមានជាមួយសិស្ស គ្រូបង្រៀននិងសហសេវិកដទៃទៀត ដែលខ្ញុំបានបម្រើជាមួយច្រើនឆ្នាំកន្លងមក និងក្នុងកិច្ចចាត់តាំងខុសៗគ្នា ។ ខ្ញុំកោតសរសើរដល់គ្រូបង្រៀនដែលបានហៅរាប់រយពាន់នាក់ ដែលចំណាយពេលវេលា និងដួងចិត្តរបស់ខ្លួនយ៉ាងខ្លាំងដើម្បីផ្ដល់ពរជ័យដល់ជីវិតរបស់យុវវ័យ ។ ខ្ញុំបានចូលរួមក្នុងថ្នាក់រៀនរបស់ពួកគេមួយចំនួននៅប្រទេសជាច្រើនទូទាំងពិភពលោក ហើយបានដក់ចិត្តនឹងអ្វីដែលកើតឡើងនៅក្នុងថ្នាក់ទាំងនោះ ។ ជៀល និងខ្ញុំចូលដល់ដំណាក់កាលជីវិតមួយ ដែលចៅៗរបស់យើងខ្លះអាចចូលរៀនថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានបាន ហើយយើងមានអំណរចំពោះអ្នកដែលមានឥទ្ធិពលលើពួកគេ ។ សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលចូលរួមក្នុងកិច្ចការដ៏អស្ចារ្យនេះ ។
កាលដើមឆ្នាំនេះ ប្រធាន រ័សុល អិម ណិលសុន បានចេញផ្សាយវីដេអូមួយដែលមានចំណងជើងថា « តើបងប្អូន#ស្ដាប់ទ្រង់ដោយរបៀបណា ? »១ នៅក្នុងវីដេអូនោះ លោកបានថ្លែង ៖ « ក្នុងឆ្នាំដ៏ពិសេសនេះ កាលយើងរំឭកខួប ២០០ ឆ្នាំនៃការនិមិត្តដំបូង ខ្ញុំសូមអញ្ជើញបងប្អូនឲ្យគិតកាន់តែជ្រៅ ហើយជាញឹកញាប់អំពីសំណួរគន្លឹះនេះ ៖ តើ បងប្អូន អាចស្ដាប់តាមទ្រង់ដោយរបៀបណា ? ខ្ញុំក៏សូមអញ្ជើញបងប្អូនឲ្យឈានជំហានដើម្បីស្ដាប់តាមទ្រង់កាន់តែប្រសើរឡើង និងញឹកញាប់ឡើង » ។ ខ្ញុំបានសញ្ជឹងគិតពីការអញ្ជើញនេះ ជាពិសេសក្នុងជម្ងឺរាតត្បាតនៃជំងឺកូវីដ ១៩ នេះ ដែលបានចាប់ផ្ដើមរាតត្បាតទូទាំងពិភពលោកកៀកពេលចេញផ្សាយវីដេអូនេះ ។
ខ្ញុំថែមទាំងបានគិតថា បីបួនខែចុងក្រោយនេះគឺជាឱកាសពិសេសមួយដើម្បីបន្សុទ្ធរបៀបដែល ខ្ញុំ ស្ដាប់តាមទ្រង់ ។ មនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារជំងឺដ៏កាចសាហាវនេះ ។ ជំងឺដ៏រាលដាលនេះបានផ្លាស់ប្ដូរជីវិត និងកាលវិភាគរបស់យើង ហើយបានដកចេញទម្លាប់ប្រចាំថ្ងៃជាធម្មតារបស់យើងជាច្រើន ដែលយើងធ្លាប់ធ្វើ ។ វាបានផ្លាស់ប្ដូរទីតាំងសម្រាប់ការបង្រៀន ការថ្វាយបង្គំ និងលំហែរបស់យើង ។ យើងត្រូវបានបង្ខំឲ្យធ្វើអ្វីៗខុសពីមុន ។ នៅក្នុង ស&វ វាបើកបង្អួចឲ្យយើងពិនិត្យសារឡើងវិញនូវអ្វីដែលយើងធ្វើ និងរបៀបដែលយើងធ្វើវា ហើយមើលថាតើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើការផ្លាស់ប្ដូរខ្លះឬអត់ ។ ទ្រង់នឹងដឹកនាំយើង បើយើងនឹងស្ដាប់តាមទ្រង់ ។
វាហាក់ថា ជារឿយៗគ្រាដ៏ពិបាក និងពេញដោយភាពតានតឹង គឺជាគ្រាដ៏ពិសេសសម្រាប់អ្នកដែលបើកចិត្តទូលាយ ដើម្បីទទួលបានការដឹកនាំពីស្ថានសួគ៌ ។ សូមគិតអំពីអ្វីដែលបានដឹកនាំទៅកាន់ការនិមិត្តដំបូង ។ វាជាគ្រាមួយដែលមាន « ការរំជួល និងការបែកបាក់ដ៏មិនតូចទេ » ២និងជាគ្រាដែល « មានការរំជួល និងការអាក់អន់ចិត្តជាខ្លាំងឡើង » ។៣ ព្យាការីយ៉ូសែប ស្ម៊ីធបានពោលថា « គំនិត របស់លោក គិតពិចារណាដ៏ជ្រាលជ្រៅ ហើយមានចិត្តខ្វល់ខ្វាយជាខ្លាំង » ។ ៤ លោក « មានអារម្មណ៍យំសោកចំពោះអំពើបាប [ របស់លោក ] ផ្ទាល់ និងចំពោះអំពើបាបនៃពិភពលោកនេះ » ។ ៥ គឺវានៅក្នុងពេលដែលលោកមានឧបសគ្គដូច្នេះហើយ ទើបលោកបានចូលទៅក្នុងព្រៃជ្រៅ ហើយស្ថានសួគ៌បានបើក ។
ហើយចុះពេលវេលាលោកក្នុងគុកលីប៊ើធីនោះ ? ស្ថានភាពផ្ទាល់ខ្លួនរបស់លោកនាពេលនោះគឺពិបាកខ្លាំងណាស់ ហើយទម្ងន់ដែលសង្កត់លើអារម្មណ៍លោក ពេលពួកបរិសុទ្ធត្រូវគេបណ្ដេញចេញពីរដ្ឋមិសសួរី ខណៈលោកជាប់គុកនោះ ច្បាស់ជាធ្ងន់ខ្លាំងណាស់ ។ ប៉ុន្ដែ នៅក្នុងស្ថានភាពដ៏ពិបាកនោះ ព្រះអម្ចាស់បានបើកការយល់ដឹងរបស់យ៉ូសែប ។
ពេលអាលម៉ាជាឪពុកបានប្រឈមនឹងឧបសគ្គក្នុងការដោះស្រាយបញ្ហាក្នុងសាសនាចក្រ ដោយសារសមាជិកជាច្រើនបានប្រព្រឹត្តអំពើបាប នោះលោក « កើតក្ដីតប់ប្រមល់នៅក្នុងវិញ្ញាណលោក »៦ហើយឆ្ងល់ថាតើលោកនឹងធ្វើយ៉ាងម៉េចជាមួយអស់សមាជិកដែលបានរំលងក្រឹត្យវិន័យរបស់ព្រះ ។ លោក « ខ្លាចក្រែងធ្វើខុសនៅចំពោះព្រះនេត្រព្រះ »៧ ដូច្នេះលោក « បានថ្វាយព្រលឹងលោកទាំងមូលដល់ព្រះ »៨ ហើយព្រះអម្ចាស់បានបង្រៀនលោកពីរបៀបចាត់ចែងនឹងពួកអ្នករំលងទាំងនោះ ។
សូមពិចារណាពីកាលៈទេសៈដ៏បន្ទាន់ខ្លាំងមួយ ដែលមានការស្លាប់ និងការបំផ្លិចបំផ្លាញរាលដាលពេញអឌ្ឍគោលលោកខាងលិច ដែលបានកើតឡើងដំណាលការឆ្កាងព្រះអង្គសង្គ្រោះ ។ ក្នុងគ្រាងងឹតដ៏មិនអាចយល់បាននោះ ពួកគេទាំងអស់គ្នាបានស្ដាប់ស្គាល់ ហើយយល់ពីសំឡេងរបស់ព្រះអង្គសង្គ្រោះ ។៩ ក្រោយមក ពេលមនុស្សបានជួបជុំគ្នានៅជុំវិញព្រះវិហារបរិសុទ្ធ នោះពួកគេបានស្ដាប់ឮសំឡេងរបស់ព្រះវរបិតា ប៉ុន្ដែមិនយល់ឡើយ រហូតដល់លើកទីបី ពេលពួកគេ « បានផ្ទៀងត្រចៀកស្ដាប់ ហើយភ្នែកគេសម្លឹងឆ្ពោះទៅសំឡេងនោះ » ។១០ នោះជាពេលដែលពួកគេបានស្ដាប់ឮព្រះវរបិតាណែនាំព្រះរាជបុត្រា ហើយបានស្ដាប់ឮពាក្យ « ចូរស្ដាប់តាមបុត្រាយើងចុះ » ។១១ ការណ៍នេះជាកិច្ចចាប់ផ្ដើមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ទៅដល់មនុស្សដែលមានឯកសិទ្ធិស្ដាប់តាមទ្រង់ ។
ក្នុងគំរូទាំងនេះនីមួយៗ មានវិវរណៈមួយដែលបានបង្ហាញឡើង ដែលជាពរជ័យដល់សាសនាចក្រ និងដល់ពិភពលោក—សម្រាប់មនុស្សនៅពេលនោះនិងច្រើនឆ្នាំខាងមុខ ។ បុគ្គលទាំងឡាយដែលនៅក្នុងព្រឹត្តិការណ៍នោះ ក៏បានទទួលវិវរណៈ និងពរជ័យផ្ទាល់ខ្លួនមួយចំនួនដែរ ។
អំឡុងបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋនោះ—បន្ថែមលើការដឹងថា លោកមិនគួរចូលរួមនឹងព្រះវិហារណាមួយនោះ—លោកត្រូវបានបង្រៀន « ជាច្រើនការណ៍ទៀត » ។១២ ព្រះអម្ចាស់ក៏មានបន្ទូលទៅលោកផងដែរថា អំពើបាបរបស់លោកត្រូវបានអភ័យទោសហើយ ។១៣
នៅក្នុងគុកលីប៊ើធី យ៉ូសែបបានសន្យាថា « អ្នកមានចិត្តបរិសុទ្ធ និងអ្នកមានប្រាជ្ញា និងអ្នកដែលមានត្រកូលខ្ពស់ និងអ្នកដែលមានគុណធម៌ នោះនឹងស្វែងរកដំបូន្មាន និងសិទ្ធិអំណាច និងព្រះពរទាំងឡាយជារៀងរហូតពីក្រោមដៃអ្នក» ។១៤
អាលម៉ាជាឪពុកមិនត្រឹមតែទទួលបានការណែនាំពីរបៀបចាត់ចែងពួកអ្នករំលងប៉ុណ្ណោះទេ ប៉ុន្ដែលោកថែមទាំងទទួលបានសារលិខិតផ្ទាល់ខ្លួនមួយខ្លាំងផងដែរ ។ លោកត្រូវបានប្រាប់ថា លោកនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។១៥
ប្រជាជនដែលបានស្ដាប់តាមព្រះអង្គសង្គ្រោះ ពេលទ្រង់បានយាងទៅដែនដីបរិបូរណ៍មិនត្រឹមតែទទួលបានការបង្រៀនអំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងការបង្រៀនដ៏សំខាន់ៗផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្ដែពួកគេម្នាក់ៗថែមទាំងត្រូវបានអនុញ្ញាតឲ្យពាល់របួសលើព្រះកាយទ្រង់ ហើយក្លាយជាសាក្សីផ្ទាល់ខ្លួនអំពីភាពពិតរបស់ព្រះអង្គសង្គ្រោះទៀតផង ។១៦
យើងមិនអាចរំពឹងថានឹងទទួលបានការដឹកនាំ និងការបំផុសគំនិតសម្រាប់ការសម្រេចចិត្តនានាក្នុងកិច្ចចាត់តាំង និងការហៅបម្រើរបស់យើងនោះទេ ប៉ុន្ដែព្រះអម្ចាស់ស្រឡាញ់យើងល្មមគ្រប់គ្រាន់ ទើបទ្រង់បន្ថែមពរជ័យ និងការបំផុសគំនិតក្នុងគ្រាមានឧបសគ្គទាំងឡាយ ។
រហូតដល់ចុងបញ្ចប់គម្ពីរអាលម៉ា យើងអានថា « មកពីរយៈពេលដ៏យូរក្រៃលែងនៃសង្គ្រាមរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន នោះមនុស្សជាច្រើនបានក្លាយទៅជារឹងទទឹង … ហើយមនុស្សជាច្រើនមានចិត្តទន់ភ្លន់ មកពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ ដរាបដល់ពួកគេបានបន្ទាបខ្លួននៅចំពោះព្រះ » ។១៧ កាលយើងប្រឈមមុខនឹងគ្រាដ៏លំបាកទាំងនេះ នោះយើងអាចមានចិត្តទន់ភ្លន់ និងបន្ទាបខ្លួនយើងបាន ។ វាធ្វើឲ្យគ្រានេះជាគ្រាដ៏ចាំបាច់មួយ—ជាគ្រាដ៏អស្ចារ្យមួយ—ដើម្បីស្ដាប់តាមទ្រង់ ។
យើងមានការផ្លាស់ប្ដូរច្រើនល្មមក្នុងពេលពីរបីខែចុងក្រោយនេះ ដើម្បីជួយយើងឲ្យរៀនពីអ្វីដែលអាចដកចេញបាន—អ្វីដែលអាចជួយយើងឲ្យបម្រើបានប្រសើរ ប៉ុន្ដែមិនចាំបាច់ដើម្បីបន្ដទៅមុខទៀត ព្រោះវាអាចថែមទាំងពន្យឺតការរីកចម្រើនរបស់យើងទៀតផង បើយើងបន្ដធ្វើវានោះ ។ យើងអាចស្ថិតក្នុងគ្រាមួយ ដែលយើងអាចសម្របម្រួល និងរៀបចំសម្រាប់អនាគតកាលដោយមានការបង្ខាំងតិចជាងមុន ដែលយើងធ្លាប់បានឃើញក្នុងអតីតកាល ។
ពេលខ្លះខ្ញុំឆ្ងល់ថា តើខ្ញុំត្រូវបានហៅច្រើនដងដែរ ប៉ុន្ដែ « ខ្ញុំធ្វើជាមិនឮ » ឬយ៉ាងណា ។១៨ ស្ថានភាពបច្ចុប្បន្នអាចជួយយើងឲ្យយកឈ្នះលើការណ៍នោះបាន ។ ខ្ញុំមានអារម្មណ៍ថា យើងមានឱកាសមួយដើម្បីផ្លាស់ប្ដូរ និងរៀបចំ « តាមរបៀបមួយ ដែលមិនធ្លាប់បានស្គាល់ » ។១៩
ខ្ញុំគាំទ្រដល់កិច្ចខិតខំដែលធ្វើឡើងដើម្បីសម្រេចឲ្យបានគោលដៅរបស់យើង តាមរយៈការផ្ដោតលើរបៀបដើម្បីផ្ដល់ពរជ័យឲ្យបានល្អបំផុតដល់ជីវិតរបស់ជំនាន់ដែលកំពុងពេញវ័យនេះនៅក្នុងគ្រាដ៏ផ្លាស់ប្ដូររបស់យើង ។ ខ្ញុំបានទទួលចំណាប់អារម្មណ៍ថា នៅពេលព្រះអម្ចាស់បង្រៀនសាសនាចក្រអំពីអំណោយទានខាងវិញ្ញាណ នោះទ្រង់ពន្យល់ « ចំពោះមនុស្សខ្លះ ត្រូវបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងពីការសម្ដែងផ្សេងៗពីគ្នា … ដែលសមនឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមលក្ខខណ្ឌនៃកូនចៅមនុស្ស » ។២០ លក្ខខណ្ឌនៃកូនចៅមនុស្សផ្លាស់ប្ដូរ ហើយទ្រង់ធ្វើឲ្យសមនឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ ស្របតាមលក្ខខណ្ឌទាំងនោះ ។ យើងត្រូវការអំណោយទាននេះដើម្បីដឹងពីការសម្ដែងផ្សេងៗគ្នា ដើម្បីយើងអាចជួយស្របតាមលក្ខខណ្ឌរបស់កូនចៅមនុស្ស ។ លក្ខខណ្ឌទាំងនេះបានផ្លាស់ប្ដូរ ហើយនឹងផ្លាស់ប្ដូរនាពេលអនាគត ។
កាលយើងរៀនស្ដាប់តាមទ្រង់កាន់តែប្រសើរ ហើយទទួលបានជំនួយដែលយើងត្រូវការ ដើម្បីបង្រៀនសិស្សដ៏មានតម្លៃរបស់យើង នោះខ្ញុំដឹងថា យើងក៏នឹងទទួលបានរតនសម្បត្តិ និងចំណេះដឹងផ្ទាល់ខ្លួនដែលមានសម្រាប់យើងផងដែរ—គឺដូចជាយ៉ូសែប ស្ម៊ីធ អាលម៉ា និងប្រជាជននៅដែនដីបរិបូរណ៍បានទទួលដែរ ។ សារលិខិតផ្ទាល់ខ្លួនទាំងនេះនឹងកើតមានដល់យើង ពេលយើងបន្ទាបខ្លួន ហើយបើកចិត្តទទួលការដឹកនាំពីព្រះអម្ចាស់ ។ វាអាចកើតមានពេលមិនបានរំពឹងទុក ដូចដែលវាបានកើតឡើងជាញឹកញាប់ចំពោះអ្នកដែលផ្ដោតលើមនុស្សដទៃ ប៉ុន្ដែវាជាពរជ័យដ៏មានអំណាច ។
នៅរដូវក្ដៅឆ្នាំមុន អ្នកចម្រៀងសាសន៍ណ័រវេរឈ្មោះ Sissel បានសម្ដែងជាមួយនឹងក្រុមចម្រៀងរោងឧបោសថ និងក្រុមតន្រ្តីនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ។ នាងបានច្រៀងចម្រៀងដ៏ពិរោះមួយបទដែលមានចំណងជើងថា « Slow Down ( បង្អង់សិន ) » ។២១ បទនោះធ្វើឲ្យចិត្តពុះកញ្ជ្រោល និងមានអានុភាពខ្លាំង ។ ខ្ញុំសូមអញ្ជើញឲ្យបងប្អូនស្វែងរកវានិងមើលវានៅលើ YouTube.com ។ សារលិខិតនេះហាក់ត្រូវនឹងពេលជាក់លាក់នេះជាពិសេស ។ នេះគឺជាទំនុកបទខ្លះ ៖
ពេលខ្ញុំកំពុងច្របូកច្របល់
ក្នុងពេលដែលត្រូវការយ៉ាងខ្លាំង
ពេលខ្ញុំគិតពុំបានច្បាស់លាស់
ព្រះបន្ទូលទេវតាបានទូលអង្វរជួស ។
បង្អង់សិន បង្អង់សិន នៅឲ្យស្ងៀម ។
នៅឲ្យស្ងៀម ហើយចាំព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
បង្អង់សិន ហើយស្តាប់ព្រះបន្ទូលទ្រង់
ហើយដឹងថា ទ្រង់គឺជាព្រះ ។
នៅក្នុងពេលដ៏មានទុក្ខលំបាក
ពេលខ្ញុំមានអារម្មណ៍មិនច្បាស់
នៅពេលរឿងទាំងឡាយកំពុងកើតឡើងចំពោះខ្ញុំ
ក៏មានសំឡេងតូច និងទន់ភ្លន់ បរិសុទ្ធ ។
បង្អង់សិន បង្អង់សិន នៅឲ្យស្ងៀម ឱ! កូនរបស់ខ្ញុំអើយ ។
នៅឲ្យស្ងៀម ហើយចាំព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
បង្អង់សិន ហើយស្តាប់ព្រះបន្ទូលទ្រង់
ហើយដឹងថា ទ្រង់គឺជាព្រះ ។
ចូរយើងទាញយកប្រយោជន៍ពីគ្រានៃប្រវត្តិសាស្ដ្រនេះ ។ ចូរបង្អង់បន្ដិចសិន ។ ចូរស្តាប់តាមទ្រង់ ។ រួចហើយបន្តទៅមុខទៀត ។ ការណ៍នេះនឹងធ្វើឲ្យមានភាពខុសគ្នាដល់ជីវិតរបស់យុវវ័យ ដែលយើងខិតខំផ្ដល់ពរជ័យ ហើយវានឹងធ្វើឲ្យមានភាពខុសគ្នាសម្រាប់យើងម្នាក់ៗ ។
ខ្ញុំសូមអធិស្ឋានឲ្យព្រះអម្ចាស់ប្រទានពរជ័យដល់បងប្អូនម្នាក់ៗ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។