ការ ផ្សាយ ប្រចាំ ឆ្នាំ
ការពិភាក្សា​ជា​ក្រុម


33:27

ការពិភាក្សា​ជា​ក្រុម

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ ២០២០

ថ្ងៃ ទី ៩ ខែ​មិថុនា ឆ្នាំ ២០២០

បងប្រុស ចេសុន វិលលើត ៖ យើង​សូម​ស្វាគមន៍​បងប្អូន មិន​ថា​បងប្អូន​នៅ​ទីណា​នោះ​ទេ មក​កាន់​ការពិភាក្សា​តុមូល​នេះ ។ ខ្ញុំ​បាទ​ឈ្មោះ ចេសុន វិលលើត ហើយ​ខ្ញុំ​បម្រើ​ជា​សហការី​គ្រប់គ្រង​សម្រាប់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ។ យើង​រីករាយ​ខ្លាំងណាស់​នៅ​ថ្ងៃនេះ​ដែល​មាន​ភ្ញៀវ​កិត្តិយស​ពិសេស​ដូច​តទៅ​នេះ​ចូលរួម​នឹង​យើង ៖ ស៊ិស្ទើរ រ៉េណា អាប័រតូ ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ស៊ិស្ទើរ មីឈេល ហ្គ្រេក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ស៊ិស្ទើរ ជៀល ចនសុន ភរិយា​របស់​អ្នកមើល​ការខុសត្រូវ​របស់​យើង អែលឌើរ ផល វី ចនសុន និង​បងប្រុស ឆាត វិលឃីនសិន និង ប៊ើត វីមផេ ដែល​បម្រើ​ជា​សហការី​អ្នកគ្រប់គ្រង ស&វ ផងដែរ ។ សូម​អរគុណ​ចំពោះ​បងប្អូន​រាល់គ្នា​ដែល​ចូលរួម​នឹង​ពួកយើង​នា​ថ្ងៃនេះ ។

គោលបំណង​នៃ​ការពិភាក្សា​តុមូល​នេះ​គឺ ដើម្បី​ពិភាក្សា​ពី​សំណួរ​មួយ​ចំនួន​ដែល​យើង​សង្ឃឹម​ថា​នឹង​មាន​ប្រយោជន៍​នៅ​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា​ជាច្រើន ពេល​បងប្អូន​ព្យាយាម​ផ្ដល់​ពរជ័យ​ដ៏​មាន​អានុភាព​បន្ថែមទៀត​ដល់​យុវវ័យ និង​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក​នេះ ។ យើង​បាន​ស្វែងរក​ជំនួយ​ពី​ស្ថានសួគ៌ ពេល​រៀបចំ​សម្រាប់​ការពិភាក្សា​នៅ​ថ្ងៃនេះ ហើយ​យើង​អញ្ជើញ​ឲ្យ​បងប្អូន​ធ្វើ​ដូចគ្នា​ដែរ ។

ដោយ​គិត​ដល់​ការណ៍​នេះ យើង​សូម​ចាប់ផ្ដើម​សំណួរ​ទីមួយ​របស់​យើង ។ យើង​ហាក់​មាន​គ្រូបង្រៀន សិស្ស និង​ក្រុមគ្រួសារ​កាន់តែ​ច្រើន​ឡើង ដែល​ពុះពារ​នឹង​អារម្មណ៍​តានតឹង អន្ទះសា ធ្លាក់​ទឹកចិត្ត ព្រមទាំង​ឧបសគ្គ​ខាង​សតិ​អារម្មណ៍​ផ្សេង​ទៀត ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ?

ស៊ិស្ទើរ រ៉េណា អាប័រតូ ៖ ខ្ញុំ គិត ថា តាមភាពពិត យើង ទាំងអស់ គ្នា ត្រូវការ ការព្យាបាល ពី អ្វី មួយ ប៉ុន្តែ ខ្ញុំ គិត ថា វា សំខាន់ ណាស់ សម្រាប់ យើង ដើម្បី ជួយ សិស្ស ទាំងឡាយ របស់​យើង​ឲ្យ​យល់​ថា​ប្រសិន​បើ​ពួកគេ​កំពុងតែ​ដោះស្រាយ​ឬ​តស៊ូ​នឹង​អារម្មណ៍​របស់​ពួកគេ​ថា ពួកគេ​មិន​បាក់បែក​នោះ​ទេ ថា​ពួក​មិនមាន​បញ្ហា​ថា​អារម្មណ៍​នោះ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ដ៏​ទេវភាព​របស់​យើង ។ ទោះយ៉ាងណា បើ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​ឥតដាច់ នោះ​ប្រហែលជា​យើង​ត្រូវ​សូម​ជំនួយ ។ ដូច្នេះ ខ្ញុំ​ផ្ដល់​យោបល់​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​សួរ​សំណួរ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​បង្ហាញ​ពី​ការឈឺចាប់​របស់​ពួកគេ—ឧទាហរណ៍​នៅ​ពេល​ដែល​ទ្រង់​បាន​សួរ​ម៉ារ៉ា​និង​ម៉ាថា​នៅ​ពេល​ដែល​ឡាសារ​ស្លាប់ ។ ដូចគ្នា​ដែរ នៅ​ផ្លូវ​ទៅ​កាន់​ភូមិ​អេម៉ោស ទ្រង់​បាន​ជជែក​នឹង​សិស្ស​របស់​ទ្រង់ ហើយ​ទ្រង់​បាន​សួរ​សំណួរ​ពួកគេ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​កង្វល់ និង​ការឈឺចាប់​របស់​ពួកគេ ដោយសារ​ពួកគេ​បាន​បាត់បង់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្លួន ។ ​រឿង​ដូចគ្នា​នេះ​កើត​ចំពោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​នៅ​ក្បែរ​ផ្នូរ និង​ពេល​ទ្រង់​សួរ​សំណួរ​ទៅកាន់​មនុស្ស​ផ្សេងៗ​គ្នា​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ។

ខ្ញុំ​មាន​អារម្មណ៍​ថា បើ​យើង​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ ដែល​សិស្ស​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ដើម្បី​បង្ហាញ​អារម្មណ៍​ពួកគេ​—​ហើយ​មិន​ចាំបាច់​តែ​នៅក្នុង​ថ្នាក់រៀន ឬ​ចំពោះ​គ្នា​នោះ​ទេ​ប៉ុន្ដែ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ដើម្បី​បង្ហាញ​អារម្មណ៍​របស់​ពួកគេ ប្រហែល​តាមរយៈ​ការសរសេរ ជាមួយ​សមាជិក​គ្រួសារ មិត្តភក្ដិ ហើយ​ជាពិសេស​ព្រះវរបិតាសួគ៌ ។ យើង​អាច​សួរ​សំណួរ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​បាន ។ « តើ​អ្វីជា​កង្វល់​របស់​បងប្អូន​អំពី​មិត្ត និង​គ្រួសារ​របស់​បងប្អូន ? » « តើ​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​ដោយ​របៀប​ណា ? »

ខ្ញុំ​បាន​កត់​សម្គាល់​ថា ពេល​យើង​សួរ​មនុស្ស​ពី​គំនិត ឬ​វិវរណៈ ឬ​ការបំផុស​គំនិត​ពី​របៀប​ជួយ​មនុស្ស​ដទៃ នោះ​ពួកគេ​នឹង​ទទួល​បាន​ការបំផុស​គំនិត​នោះ បើ​ពួកគេ​អធិស្ឋាន​អំពី​វា ហើយ​ពួកគេ​អាច​ទៅ​ជួយ​បាន ។ ដូច្នេះ បើ​យើង​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​មនុស្ស​មិន​មាន​អារម្មណ៍​ថា​ត្រូវគេ​វិនិច្ឆ័យ នោះ​យើង​កំពុង​តែ​ជួយ​ពួកគេ​ក្នុង​រឿង​នេះ​ហើយ និង​ឲ្យ​ពួកគេ​យល់​ថា ពុំ​មាន​ចម្លើយ​ណា​ខុស​ទេ គ្រាន់តែ​សួរ​សំណួរ​បើក ហើយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សេរីភាព និង​សុវត្ថិភាព​ដើម្បី​បង្ហាញ​អារម្មណ៍​របស់​ពួកគេ ។ ហើយ​ជា​ពិសេស​គឺ​ថា បើ​ពួកគេ​កំពុង​ពិបាក​នឹង​អ្វី​មួយ នោះ​ពួកគេ​មិន​ចាំបាច់​ដោះស្រាយ​វា​តែ​ម្នាក់​ឯង​ឡើយ ថា​ពួកគេ​អាច​ទូល​ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​គ្នីគ្នា​ទៅ​វិញ​ទៅ​មក​បាន ។ ហើយ​មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ​ក៏​ដោយ ក៏​យើង​ម្នាក់ៗ​នៅតែ​ជា​បុត្រ​របស់​ព្រះ​ដដែល ហើយ​យើង​អាច​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌ា​របស់​យើង​វិញ ។ យើង​ទាំងអស់​គ្នា​គឺ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា យើង​យើង​អាច​បែរ​ទៅ​រក​គ្នា​ទៅវិញទៅ​មក​បាន ។ យើង​ទាំងអស់​គ្នា គឺ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ផងដែរ ហើយ យើងអាច​បែរទៅរក​ទ្រង់​បាន ។

បងប្រុស ប៊ើត វីមផេ ៖ ខ្ញុំ​សរសើរ​អែលឌើរ ហូឡិន​—​បើ​បងប្អូន​នៅ​ចាំ វា​គឺ​នៅក្នុង​សុន្ទរកថា​សន្និសីទ​របស់​លោក​នៅ​ខែ តុលា ឆ្នាំ ២០១៣ ។ លោក​បាន​ថ្លែង​អំពី​ការពុះពារ​របស់​លោក​ផ្ទាល់ខ្លួន ដែល​លោក​មាន​ជាមួយ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នៅពេល​មួយ ។ រួច​ហើយ​លោក​បាន​លើក​ឡើង​ថា ៖​« មិន​គួរ​ខ្មាស់អៀន​ក្នុង​ការនិយាយ​អំពី[ ។បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​យើង ] ជាង​ការស្គាល់​រោគ​លើស​ឈាម ឬ​ជំងឺ​មហារីក​ដ៏​អាក្រក់​ឡើយ » ។ លោក​បាន​បាន​មាន​ប្រសាសន៍​ថា​វា​មិន​អី​ទេ​ដើម្បី​និយាយ​អំពី​រឿង​នេះ និង​បង្ហាញ​ពី​វា និយាយ​ទៅ​គឺ​ការចែកចាយ​ពី​រឿង​ទាំងនោះ ។ ហើយ​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុង​នូវ​បី​ចំណុច​ដែល​លោក​បាន​ចែក​រំលែក​ថា​« កុំ​បាត់បង់​ជំនឿ​លើ​ព្រះវរបិតាសួគ៌​របស់​អ្នក​ឡើយ ។… សូម​ស្វែងរក​ដំបូន្មាន​ពី​អ្នក​ទាំងឡាយ​ណា​ដែល​កាន់​កូនសោ​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​បងប្អូន » ហើយ​បើ​ចាំបាច់​« សូម​ស្វែងរក​ដំបូន្មាន​ពី​មនុស្ស​បំពាក់បំប៉ន​ដែល​មាន​ជំនាញ អាជីព​និង​គុណតម្លៃ​ល្អ » ។

ខ្ញុំ​គិត​ថា ទាំង​សិស្ស និង​គ្រូបង្រៀន​របស់​យើង​ត្រូវ​ដឹង​ថា វា​មិន​អី​ទេ​ដើម្បី​បង្ហាញ​ពី​ការណ៍​ទាំងនោះ ហើយ​និយាយ​អំពី​រឿង​នេះ ដើម្បី​ទទួល​បាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ ។ វា​ក៏​ជា​រឿង​ដ៏​អស្ចារ្យ​ផងដែរ​នៅក្នុង​វិជ្ជាជីវៈ​របស់​យើង​ដែល​អាច​ទៅ​ជួប​នឹង​អ្នកតំណាង​ធនធាន​មនុស្ស ដើម្បី​រកមើល​អត្ថប្រយោជន៍ និង​ទីកន្លែង​ដែល​ពួកគេ​អាច​ទៅ​ស្វែងរក​ជំនួយ ហើយ​គេហទំព័រ​របស់​សាសនាចក្រ​ក៏​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ទៅ​ស្វែងរក​ធនធាន​ផងដែរ ។

បងប្រុស វិលលើត ៖សូម​អរគុណ​ចំពោះ​ចម្លើយ​នោះ បងប្រុស​វីមផេ ។ សំណួរ​បន្ទាប់​នេះ​ទាក់ទង​នឹង​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង និង​របៀប​ដែល​យើង​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ហេតុអ្វី​សាសនាចក្រ​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ ហេតុអ្វី​ពួកគេ​ត្រូវការ​សាសនាចក្រ ហើយ​ថា​ហេតុអ្វី​សាសនាចក្រ​ត្រូវការ​ពួកគេ ។

ស៊ីស្ទើរ មីឈេល ហ្គ្រេក ៖​ខ្ញុំ​គិត​ថា នោះ​ជា​សំណួរ​ដ៏​សំខាន់​មួយ​ហើយ​ខ្ញុំ​ពិត​ជា​ជឿ​ថា យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅ​លីវ​របស់​យើង​ត្រូវ​មាន​អារម្មណ៍​ថា សមាជិកភាព​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​សំខាន់​ជាង​បញ្ជី​ក្បួនច្បាប់​មួយ ឬ​ប្រអប់​គូស​ថា​ធ្វើ​រួច​មួយ​ទៅទៀត ។ វា​សំខាន់​ជាង​ក្លិប​សង្គម​ទៅទៀត ។ ពួកគេ​ត្រូវ​យល់​ថា ធាតុពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺជា​សេចក្ដី​ស្រឡាញ់ ។ វា​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ហើយ​វា​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ។ ហើយ​នៅក្នុង​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ នោះ​ពួកគេ​នឹង​ពិតជា​ស្គាល់ និង​មាន​អារម្មណ៍​ពី​អត្តសញ្ញាណ និង​គោលបំណង​របស់​ពួកគេ ។

យុវវ័យ​របស់​យើង​នា​សព្វថ្ងៃ​នេះ​ឆ្លើយតប​នឹង​គោលការណ៍​ជាច្រើន ដូចជា​ការស្រឡាញ់​មនុស្ស​ដទៃ ការឈោង​ទៅជួយ​អ្នក​ដែល​នៅ​ក្រៅ​សង្គម​ការស្រឡាញ់ ។ ពួកគេ​ចង់​បាន​បុព្វហេតុ​មួយ ហើយ​ពួកគេ​ចង់​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​មួយ​នៅ​ក្នុង​ពិភពលោក​នេះ ។ ខ្ញុំ​សង្ឃឹម​ថា ពួកគេ​អាច​យល់​ថា នៅក្នុង​រចនាសម្ព័ន្ធ​នៃ​អង្គការ​របស់​សាសនាចក្រ ពេល​ពួកគេ​ស្មោះត្រង់ នោះ​ពួកគេ​នឹង​មាន​ឱកាស​ជាច្រើន ដើម្បី​ធ្វើឲ្យ​មាន​ភាព​ខុសប្លែក​សម្រាប់​សេចក្ដី​ល្អ​នៅក្នុង​ពិភពលោក​នេះ ជាង​តាមរយៈ​អង្គការ​ផ្សេងៗ​ទៀត ។

ហើយ​រឿង​មួយ​ដែល​ខ្ញុំ​ពេញចិត្ត​អំពី​ប្រធាន​ណិលសុន និង​ការដឹកនាំ​ដែល​សាសនាចក្រ​កំពុង​ធ្វើ​នោះ​គឺ​ថា មាន​ការសង្កត់​ធ្ងន់​បែប​នោះ​ទៅលើ​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ ខ្លាំង​ជាង​ពេល​ណាៗ​ទាំងអស់​ដែល​ខ្ញុំ​អាច​ចងចាំ​បាន ។ ហើយ​ក្នុង​នាម​ជា​មជ្ឈិមវ័យ យើង​ត្រូវ​ដក​ខ្លួន ហើយ​យើង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​របស់​យើង​ដឹកនាំ ដាក់​ផែនការ ស្វែងរក​វិវរណៈ និង​ធ្វើ​សកម្មភាព​តាម​វិវរណៈ​នោះ ។ យើង​ត្រូវ​គោរព​ដល់​ភាពឈ្លាសវៃ​របស់​ពួកគេ​ហើយ​យើង​ត្រូវ​រៀន​មេរៀន ដែល​ពួកគេ​មាន​ដើម្បី​បង្រៀន​យើង ។ យើង​ត្រូវការ​ពួកគេ​មិនមែន​ដើម្បី​បង្កើន​ចំនួន​តួ​លេខ​នោះ​ទេ ប៉ុន្ដែ​យើង​ត្រូវការ​ពួកគេ ដោយសារ​ពិភពលោក​នេះ​ពិតជា​ត្រូវការ​អ្វី​ដែល​ពួកគេ​មាន​​ដើម្បី​ផ្តល់​ឲ្យ ។ ហើយ​សាសនាចក្រ​មាន​រចនាសម័្ពន្ធ​ដើម្បី​ផ្ដល់​មធ្យោបាយ​នានា ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងនោះ​ដល់​មនុស្ស​ម្ដង​ម្នាក់ៗ ។ ខ្ញុំ​សង្ឃឹម​ថា អ្វីៗ​ដែល​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ​របស់​យើង​កំពុង​រៀន​នៅ​ផ្ទះ​របស់​ពួកគេ នៅក្នុង​សាសនាចក្រ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន នឹង​បំផុស​គំនិត​ពួកគេ​ឲ្យ​ប្រើ​ដួងចិត្ត និង​ដៃ​របស់​ពួកគេ​ដើម្បី​ឈោង​ទៅជួយ និង​ស្រឡាញ់​មនុស្ស​ដទៃ ហើយ​បម្រើ​អស់​អ្នក​ដែល​ពួកគេ​ទាក់ទង​ជាមួយ ។ ដោយសារ​នោះ​ជា​លទ្ធផល​ពីធម្មជាតិ​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ចំពោះ​មនុស្ស​ដទៃ ។

ខ្ញុំ​ពិត​ជា​គិត​ថា អ្វី គ្រប់យ៉ាង​ចុះ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ អ្វីៗគ្រប់យ៉ាង​ដែល​យើង​ធ្វើ​ក្នុងនាម​ជា​គ្រូបង្រៀន និង​ជា​អ្នក​ដែល​ស្រឡាញ់ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅលីវ និង​កុមារ​នោះ គឺជា​អ្វីៗ​ដែល​យើង​ធ្វើ និង​បង្រៀន ដែល​គួរតែ​ពង្រឹង​ដល់​ទីបន្ទាល់​នៅក្នុង​ជីវិត បេសកកម្ម និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​នោះ​គឺ​ពិត​ជា​គោលបំណង និង​សកម្មភាព​ទាំងអស់ ។ ខ្ញុំ​គិត​ថា បើ​យើង​ធ្វើ​ការណ៍​នោះ ពួកគេ​អាច​ដឹង​​ពេញ​ដោយ​ក្តី​សង្ឃឹម​ថា នេះ​ជា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ថា​នេះ​ជា​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ពរជ័យ​នៃ​សមាជិកភាព​ក្នុង​ដំណឹងល្អ​នេះ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ហើយ​ថា​យើង​ត្រូវការ​មនុស្ស​ទាំងអស់​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចការ​នេះ ។ ពិតណាស់ នេះ​ជា​កិច្ចការ​របស់​ទ្រង់ ។

បងប្រុស វិលលើត ៖ជា​សម្ដី​ដ៏​ល្អ​ខ្លាំងណាស់ ។ សូម​អរគុណ ។ បងប្រុស វិលឃីនសិន តើ​លោក​ចង់​បន្ថែម​អ្វីខ្លះ​លើ​សំណួរ​នេះ ?

បងប្រុស ឆាត វិលឃីនសិន ៖​ខ្ញុំ​យល់ស្រប​ទាំងស្រុង​នឹង​អ្វី​ដែល​ស៊ិស្ទើរ ហ្គ្រេក ទើប​បាន​និយាយ​នេះ ។ ខ្ញុំ​បាន​គិត កាល​គាត់​និយាយ​អំពី​ថ្នាក់​វិទ្យាស្ថាន ដែល​ខ្ញុំ​បាន​មាន​ដែល​ភាគ​ច្រើន​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​ពី​បេសកកម្ម​វិញ ។ ហើយ​ពួកគេ​បាន​និយាយ​អំពី​ការពុះពារ​ដ៏​ពិបាក​បំផុត​មួយ​ក្នុង​ការសម្រប​ខ្លួន​ពេល​មក​ផ្ទះ​វិញ គឺ​ពួកគេ​រវល់​ខ្លាំង​ក្នុង​រយៈពេល ១៨ ខែ ឬ​ពីរ​ឆ្នាំ​តែ​លើ​ការផ្ដោត​លើ​មនុស្ស​ផ្សេង​ទៀត ហើយ​ពេល​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​អ្វី ទាំងអស់​ផ្តោត​ទៅ លើ​ខ្លួន​ពួកគេ ។ នៅ​ក្នុង​ដំណឹងល្អ និង​ក្នុង​ថ្នាក់រៀន​របស់​យើង យើង​អាច​ធ្វើការ​អញ្ជើញ​នានា​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​គិត​អំពី​ការណ៍​នោះ ឬ​ស្វែងរក​របៀប​មួយ​ចំនួន​ដើម្បី​ធ្វើ​រឿង​ទាំងនោះ ហើយ​ឈាន​ចេញពី​ខ្លួន​គេ ។

បងប្រុស វិលលើត ៖ស៊ិស្ទើរ ចនសុន តើ​ស៊ិស្ទើរ​នឹង​បន្ថែម​អ្វី​លើ​សំណួរ​នេះ ?

ស៊ិស្ទើរ ជីល​ចនសុនកាល​ខ្ញុំ​ពិចារណា​ពី​សំណួរ​នេះ ខ្ញុំ​មាន​គំនិត​មួយ​ទៀត​អំពី​អំណាច​ក្នុង​សេចក្ដី​សញ្ញា ដែល​យើង​អាច​មាន​តែ​នៅក្នុង​សាសនាចក្រ​មួយ ដែល​មាន​សិទ្ធិ​អំណាច និង​អំណាច​របស់​ព្រះ​ប៉ុណ្ណោះ ។ ហើយ​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន ដោយ​មាន​សម្ពាធ​យ៉ាងច្រើន​លើ​យុវវ័យ ដែល​ទាញ​ពួកគេ​ចេញពី​សាសនាចក្រ នោះ​យើង​ត្រូវ​ភ្ជាប់​ពួកគេ​ជាថ្មី​ទៅនឹង​អំណាច​មកពី​ការរក្សា​សេចក្ដី​សញ្ញា ។ យើង​អាច​មាន​អារម្មណ៍​ក្នុង​ពិភពលោក​នេះ​ថា យើង​ឯកោ ហើយ​គ្មាន​អំណាច​ដើម្បី​យកឈ្នះ​លើ​រឿង​ដែល​ទម្លាក់​យើង​បាន​ទេ ដែល​ជា​ការសាកល្បង និង​ការល្បួង​របស់​យើង​នោះ ។ ប៉ុន្ដែ​សេចក្ដី​សញ្ញា​ដែល​បងប្អូន​អាច​រក​បាន​តែ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ក្នុង​កន្លែង​ដ៏​ពិសិដ្ឋ​នោះ​តែប៉ុណ្ណោះ​ដែល វា​មាន​អំណាច​ដ៏​អស្ចារ្យ​ខ្លាំង​ជាង​កម្លាំង​ផ្សេងៗ​ទៀត​ទាំងអស់ ។ ហើយ​ខ្ញុំ​ពិតជា​គិត​ថា នោះ​ជា​អ្វី​មួយ​ដែល​សាសនាចក្រ​អាច​ផ្ដល់​ឲ្យ​បាន ។ យើង​អាច​ប្រាប់​ឲ្យ​សិស្ស​យើង​ដឹង និង​ថ្លែង​ទីបន្ទាល់​អំពី​វា​បាន ហើយ​បង្ហាញ​ពួកគេ​តាមរយៈ​ជីវិត​របស់​យើង​ផ្ទាល់ ថា​វា​មាន​អ្វី​ជាច្រើន​ទៀត​អំពី​សាសនាចក្រ ជាង​ការគ្រាន់តែ​ការធ្វើ​ល្អ ។ មាន​អំណាច​នៅក្នុង​សេចក្ដី​សញ្ញា ។

បងប្រុស វិលលើត ៖ស៊ិស្ទើរ ចនសុន ខ្ញុំ​អរគុណ​ចំពោះ យោបល់​នោះ​ណាស់ ។ ខ្ញុំ​បាន​សន្ទនា​ជាមួយ​យុវមជ្ឈិមវ័យ ដែល​បាន​និយាយ​សម្ដី​នេះ​មក​កាន់​ខ្ញុំ ៖ « ខ្ញុំ​អាច​មាន​អារម្មណ៍​ជិតដិត​នឹង​ព្រះវរបិតាសួគ៌​ដោយ​មិន​បាច់​ទៅ​ព្រះវិហារ » ។ ហើយ​ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​យល់ស្រប ។ ប៉ុន្ដែ​គោលដៅ​របស់​ខ្ញុំ​គឺ​មិន​គ្រាន់តែ​ដើម្បី​មាន​អារម្មណ៍​នៅ​ជិត​នឹង​ព្រះវរបិតាសួគ៌​ប៉ុណ្ណោះ​ទេ ខ្ញុំ​ចង់​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ។ គោលដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​បាន​តម្កើង​ឡើង » ។ ហើយ​ខ្ញុំ​គិត​ថា ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​យើង​ទាំងអស់​ឲ្យ​ចងចាំ​ពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ គឺ​ការត្រូវ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។ នៅក្នុង​សាសនាចក្រ វា​ជា​កន្លែង​ដែល​ពួកគេ​អាច​រកឃើញ​កូនសោ​នៃ​បព្វជិតភាព និង​ពិធីបរិសុទ្ធ ព្រមទាំង​សេចក្ដី​សញ្ញា​ដូចជា​ស៊ិស្ទើរ​ចនសុន​បាន​និយាយ​មក ។ វា​ជា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ហើយ​មាន​អ្វីមួយ​ដែល​ពួកគេ​នឹង​ទទួល​នៅ​ទីនេះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ដែល​ពួកគេ​មិន​អាច​ទទួល​បាន​នៅ​កន្លែង​ណា​ផ្សេងទៀត និង​តាម​វិធី​ផ្សេងទៀត​ឡើយ ។

បងប្រុស វិលលើត ៖វា​ជា​ការពិត​ណាស់ ។ មិន​ត្រឹមតែ​ជា​ផ្នែក​នៃ​បុព្វហេតុ​មួយ​នោះ​ទេ តែ—ខ្ញុំ​គិត​ថា វា​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​របស់​យើង—ដើម្បី​ធ្វើជា​ផ្នែក​មួយ​នៃ « បុព្វហេតុ​នៃ​ព្រះគ្រីស្ទ » ។ ហើយ​នោះ​ជា​អ្វី​ដែល​សេចក្ដីសញ្ញា​ទាំងនោះ​ផ្ដល់​ឲ្យ​យើង ។ សូម​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ចម្លើយ​នោះ ។ តើ​អ្វីខ្លះ​ជា​កិច្ចការ​តូចតាច និង​ងាយៗ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​បង្កើន​អំណាច​របស់​យើង​ក្នុង​ការផ្ដល់​ពរជ័យ​ដល់​សិស្ស​របស់​យើង បង្រៀន​ដោយ​អំណាច​ដ៏​អស្ចារ្យ និង​មាន​ការបង្រៀន​ដ៏​ពិតជា​អស្ចារ្យ​នោះ ?

បងប្រុស វិលឃីនសិន ៖ ខ្ញុំ​ចូលចិត្ត​សំណួរ​នោះ​ណាស់ ។ យើង​បាន​និយាយ បាន​បង្រៀន និង​បាន​បំពាក់​បំប៉ន​យ៉ាង​ច្រើន​លើ​ជំនាញ និង​វិធីសាស្ដ្រ និង​រឿង​ជាច្រើន​ផ្សេងទៀត​ហើយ​គឺ​សំខាន់​ទាំងអស់ ។ ប៉ុន្ដែ​កាល​យើង​តែងតាំង​ខ្លួន​យើង​ជា​គ្រូបង្រៀន—មាន​ន័យ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ដូច​ជា​គ្រូបង្រៀន​—​កាល​យើង​តែងតាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គ្រូបង្រៀន​របស់​យើង ហើយ​យើង​អញ្ជើញ​ទ្រង់​មក​ក្នុង​ថ្នាក់រៀន​របស់​យើង នោះ​អំណាច​នោះ ការបង្រៀន​ដ៏​អស្ចារ្យ​នោះ​នឹង​កើតឡើង ។

អែលឌើរ​ចនសុន​បាន​បង្រៀន​ខ្ញុំ​នៅពេល​មួយ​ថា សាតាំង​មិន​អាច​ចាប់​ឲ្យ​បុគ្គលិក ស&វ ឬ​មនុស្ស​ជាច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​កំផិត ឬ​រំលង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ឬ​ធ្វើ​អ្វីមួយ​ដែល​អាក្រក់​ខ្លាំង ឬ​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ។ ប៉ុន្ដែ​វា​អាច​ធ្វើ​រឿង​តូចតាច ដែល​នឹង​ធ្វើឲ្យ​យើង​អស់​ថាមពល ។ វា​អាច​អញ្ជើញ​យើង​ប្រហែល​ត្អូញត្អែរ ឬ​អង្គុយ​និយាយ​រឿង​អាក្រក់​របស់​មនុស្ស​ម្នាក់ទៀត ឬ​ចំអក​ដាក់​សិស្ស​ម្នាក់ ឬ​សើច​ដាក់​រឿង​នេះ ឬ​រឿង​ដ៏​តូចតាច​នានា​ដែល​ពេល​យើង​ចុះចាញ់​រឿង​ទាំងនោះ នោះ​យើង​នឹង​បាត់បង់​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​អាច​គង់​នៅ​ជាមួយ​យើង​ក្នុង​កម្រិត​ដែល​ទ្រង់​អាច ឬ​គួរតែ​គង់​នៅ​បាន ។

ខ្ញុំ​កំពុង​គិត​អំពី​អេកាន​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់​ដែល​ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​គេ​បញ្ជា​នៅ​ពេល​ពួកគេ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុងយេរីខូ​កុំ​ឲ្យ​យក​របស់របរ—ដែល​ត្រូវ​គេ​ជេរប្រមាថ​មិន​មាន​របស់របរ​និង​របស់របរ​មាន​តម្លៃ—ពី​ក្រុង​យេរីខូ ។ ហើយ​កាល​អេកាន​បាន​យក​នោះ គ្មាន​នរណា​ដឹង​ឡើយ ។ ហើយ​ចម្បាំង​បន្ទាប់​ដែល​មើល​ទៅ​ហាក់​ថា ពួកគេ​នឹង​យកឈ្នះ​ទីក្រុង​អៃយ​បាន​នោះ ពួកគេ​បែរ​ជា​ចាញ់ ហើយ​មនុស្ស ៣៦ នាក់​បាន​ស្លាប់ ។

មាន​គោលការណ៍​មួយ​នៅ​ត្រង់​នោះ គឺ​ថា​អ្វី​ដែល​យើង​ធ្វើ គឺជា​រឿង​សំខាន់ ។ រឿង​តូចតាច​ដែល​យើង​អាច​និយាយ ឬ​ការត្អូញត្អែរ ឬ​ការរអ៊ូរទាំ ឬ​អ្វី​ក៏ដោយ​ដែល​អាច​មាន ដែល​អាច​មាន​ឥទ្ធិពល​លើ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​កើតមាន​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​យើង—នោះ​វា​ជា​រឿង​សំខាន់ ។ ហើយ​វា​បន្ថយ​អំណាច​ក្នុង​ប្រព័ន្ធ​ទាំងមូល ។ វា​ជា​អ្វីមួយ​ដែល​សំខាន់ ។ ខ្ញុំ​ចង់​អញ្ជើញ​ពួកយើង​ឲ្យ​ធ្វើ​រឿង​តូចតាច​ទាំងនោះ ។ សូម​យកចិត្ត​ទុកដាក់​នឹង​កិច្ចការ​តូចតាច និង​ងាយៗ​ដែល​នឹង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ជួយ​យើង​ឲ្យ​មាន​ឥទ្ធិពល​ជា​គ្រូបង្រៀន ឲ្យ​អស់​ពី​លទ្ធភាព​ដ៏​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។

បងប្រុស វិលលើត ៖បងប្រុស​វីមផេ មាន​មតិ​អ្វី​ទេ ?

បងប្រុស វីមផេ ៖នោះ​ជា​គំនិត​របស់​ខ្ញុំ ពេល​ខ្ញុំ​អង្គុយ​គិត​ពី​សិស្ស​របស់​ខ្ញុំ បើ​យើង​ពិតជា​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​មែន ហើយ​ខ្ញុំ​គិត​ដល់​មេរៀន​របស់​ខ្ញុំ ថា​ខ្ញុំ​ពិតជា​ផ្ដោត​លើ​ព្រះគ្រីស្ទ​នោះ ។ ខ្ញុំ​ចង់​ឲ្យ​សិស្ស​ខ្ញុំ​ស្គាល់​បុគ្គលិក​លក្ខណៈ និង​គុណលក្ខណៈ​របស់​ទ្រង់ ។ ដូច្នោះ​វា​ចាប់ផ្តើម​នៅ​ទីនោះ​បើ​ខ្ញុំ​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

រួចហើយ​ខ្ញុំ​គិត​ដល់​រឿង​ទីពីរ ដែល ខ្ញុំ​ផ្ដោត​លើ​សិស្ស​របស់​ខ្ញុំ ។ ខ្ញុំ​ពិតជា​សរសើរ​អែលឌើរ​បែដណា—បើ​បងប្អូន​នៅ​ចាំ នៅក្នុង​កម្មវិធី Leadership Enrichment Series លោក​បាន​ថ្លែង​ពី​បទពិសោធន៍​មួយ​ជាមួយ​កូនប្រុស​របស់​លោក ពេល​កូនប្រុស​លោក​ចង់​បាន​ជំនួយ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​គ្រោងទុក​សម្រាប់​សកម្មភាព​សង្ឃ និង​ឡរ៉ល​មួយ ។ ដូច្នេះ អែលឌើរ ប៊ីណាត អាន​ទៅកាន់​គាត់ យ៉ាកុប ១:៥ ៖ « ពីព្រោះ​មកពី​សេចក្ដី​ជំនឿ និង​សេចក្ដី​បារម្ភ​ដ៏​ខ្លាំង ទើប​រឿង​នោះ​ត្រូវ​បាន​សម្ដែង​ឲ្យ​យើង​ដឹង​ជា​ប្រាកដ​អំពី​ប្រជាជន​យើង គឺ​អំពី​អ្វីៗ​ដែល​នឹង​កើតឡើង​ដល់​ពួកគេ » ។ បើ​បងប្អូន​នៅ​ចាំ​ពី​ដំណើររឿង​នោះ ទាល់តែ​ពីរ​បី​ដង​ទើប​កូនប្រុស​របស់​អែលឌើរ​បែដណា​អាច​យល់​បាន​នៅ​ទីបំផុត​ថា អែលឌើរ​បែដណា​បាន​និយាយ​ថា « តើ​ត្រូវ​ឲ្យ​អ្វី​កើតឡើង ? ពីមុន​កូន​គ្រោង​សកម្មភាព​មួយ សូម​គិត​ជាមុន​អំពី​បទពិសោធន៍​អ្វី​ដែល​សិស្ស​របស់​យើង​ត្រូវការ ? » ភ្ជាប់​វា​ពី « តើ​សិស្ស​ត្រូវការ​បទពិសោធន៍​អ្វី​ខ្លះ ? » នៅ​ក្នុង​ការរៀបចំ​របស់​យើង ?

រួច​ហើយ​ខ្ញុំ​គិត​ដល់​រឿង​ទីបី កាល​បងប្រុស​វិលឃីនសិន​បាន​លើកឡើង គឺ​ការដឹង​ពី​ការអនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​តួនាទី និង​មុខងារ​របស់​ទ្រង់ កាល​យើង​នៅក្នុង​ថ្នាក់រៀន ។ វា​ពិតជា​សំខាន់​ណាស់ ។ ខ្ញុំ​គិត​ថា ក្បួនខ្នាត​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អផ្នែក ២.១​គឺជា​ចំណុច​ដ៏​អស្ចារ្យ​ដើម្បី​ពិនិត្យ​មើល កាល​យើង​ពិតជា​គិត​អំពី​អ្វី​ដែល​ជា​តួនាទី និង​មុខងារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។ ហើយ​ការគ្រាន់តែ​យល់​ពី​ការណ៍​នោះ និង​ការអនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​តួនាទី និង​មុខងារ​របស់​ទ្រង់​នៅក្នុង​ថ្នាក់រៀន វា​គឺជា​រឿង​ដ៏​សំខាន់​ខ្លាំង​ណាស់​ទៅ​ហើយ ។

ស៊ិស្ទើរ ហ្គ្រេក ៖គ្រាន់តែ​ជា​អ្វីមួយ​សាមញ្ញ​ដែល​ខ្ញុំ​បាន​គិត​ឃើញ​គឺ​ថា បើ​ខ្ញុំ​កំពុង​បង្រៀន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​មិន​គង់​នៅ​ទីនោះ ហើយ​បើ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះសរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ។ នោះ​ជា​បេសកកម្ម​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ភាពជា​ព្រះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ ដូច្នេះ​បើ​ខ្ញុំ​ថ្លែង​ទីបន្ទាល់ ជា​ទីបន្ទាល់​ដ៏​សាមញ្ញ​មួយ នោះ​ព្រះវិញ្ញាណ​នឹង​យាង​មក ។

បងប្រុស វិលលើត ៖យើង​បាន​ជជែក​អំពី​ការបង្រៀន​ឲ្យ​កាន់តែ​មាន​អំណាច ឲ្យ​កាន់តែ​ផ្ដោត​លើ​ព្រះគ្រីស្ទ ។ ប៉ុន្ដែ​កាល​យើង​ព្យាយាម​ផ្ដោតលើ​អ្នករៀន តើ​គ្រូបង្រៀន​អាច​ធ្វើអ្វីខ្លះ ដើម្បី​ឲ្យ​ការរៀបចំ​របស់​ពួកគេ​កាន់តែ​ទាក់ទង និង​ជាក់លាក់​ចំពោះ​សិស្ស​នោះ ?

ស៊ិស្ទើរ ចនសុន ៖មែនហើយ ពេល​ខ្ញុំ​អាន​សំណួរ​នោះ​ដំបូង ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​សិស្ស​ម្ដង​ម្នាក់ៗ​នោះ ? តើ​វា​មាន​ន័យ​ថា​ការស្គាល់​ពួកគេ​ជា​ពិសេស​មែន​ទេ ? តើ​យើង​អាច​ស្គាល់​ពួកគេ​ដោយ​ផ្ទាល់​បាន​ដែរ​ឬ​ទេ ? តើ​ត្រូវ​ចំណាយ​ពេល​នៅ​ជាមួយ​ពួកគេ​តាម​របៀប​ដែល​យើង​អាច​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់​ឬ ? បន្ទាប់មក​ខ្ញុំ​បាន​គិត​ថា សំណួរ​នេះ​នឹង​ខុសគ្នា​សម្រាប់​គ្រូបង្រៀន​ដែល​នៅ​ទីក្រុង​អូរ៉េម ហើយ​បង្រៀន​សិស្ស​ជាង ១០០ នាក់ ។ ការព្យាយាម​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ជីវិត​របស់​សិស្ស​ទាំងអស់​នោះ​គឺ​ជា​កិច្ចការ​ដ៏​គួរ​ឲ្យ​ខ្លាច​បើ​ប្រៀបធៀប​ទៅ​នឹង​គ្រូបង្រៀន​នៅ​ហ្វ្រាំងហ្វើត ប្រទេស​អាល្លឺម៉ង់ ដែល​មាន​សិស្ស​ប្រាំមួយ​នាក់​ដែល​ទៅ​ព្រះវិហារ​ជាមួយ​គ្នា ហើយ​ដែល​ជិតដិត​នឹង​គ្នា​ខ្លាំង ជា​គ្រួសារ​នោះ ។ ខ្ញុំ​គិត​ថា វា​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ដែល​មាន​អារម្មណ៍​នោះ​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់ ទំនួល​ខុសត្រូវ​របស់​បងប្អូន​គឺ​ដើម្បី​ទាក់ទង​នឹង​សិស្ស​ម្នាក់ៗ​រៀងខ្លួន​ដូច្នោះ ដូចជា​ការទៅ​លេង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​ចូលរួម​ព្រឹត្តិការណ៍​របស់​ពួកគេ ។ ពួកគេ​មាន​ព្រឹត្តិការណ៍​ជាច្រើន ហើយ​បងប្អូន​អាច​មាន​អារម្មណ៍​សន្ធប់ ។

ដូច្នេះ ខ្ញុំ​មាន​យោបល់​ពីរ​បី​ដើម្បី​វាយតម្លៃ​ពី​តម្រូវការ ។ ខ្ញុំ​គិត​ថា យើង​ត្រូវតែ​សួរ ។ យើង​ត្រូវតែ​សួរ​សិស្ស​ផ្ទាល់​ថា តើ​ពួកគេ​ត្រូវការ​អ្វី ។ យើង​ត្រូវ​សួរ​គ្រូបង្រៀន​ផ្សេងទៀត​ពី​អ្វី​ដែល​ពួកគេ​បាន​សង្កេត​ឃើញ​ក្នុង​សិស្ស​ដែល​មាន​អាយុ​ដំណាល​គ្នា ក្នុង​ក្រុម​អាយុ និង​វប្បធម៌​ដូចគ្នា​ព្រោះ​សាសនាចក្រ​នេះ​មាន​នៅ​ទូទាំង​ពិភពលោក​ហើយ​មាន​ភាពខុសគ្នា​ខាង​វប្បធម៌​ជា​ច្រើន ។ ប៉ុន្ដែ​រឿង​ដ៏​សំខាន់​បំផុត​គឺ ទូល​សួរ​ដល់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ និង​ការសន្យា​ដែល​យើង​នឹង​ទទួល​បាន បើ​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន បន្ទាប់​មក​នោះ​យើង​នឹង​មាន​ពរជ័យ​ឲ្យ​មាន​ការបំផុស​គំនិត អំពី​អ្វី​ដែល​យើង​ត្រូវ​ដឹង​ពី​សិស្ស​ទាំងនោះ ហើយ​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​បង្រៀន​ពួកគេ ។ នៅក្នុង​ពិភពលោក​ដ៏​ស្មុគស្មាញ​នេះ​ដែល​មាន​ឧបសគ្គ​ថ្មីៗ​ទាំងអស់​ចំពោះ​យុវវ័យ នោះ​វា​កាន់តែ​សំខាន់​ថែមទៀត​ដែល​យើង​ត្រូវ​មាន​ការដឹកនាំ​នោះ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ដើម្បី​បង្រៀន​ដល់​ពួកគេ ។

ស៊ិស្ទើរ អាប័រតូ ៖ខ្ញុំ​គិត​ថា បើ​យើង​ប្រឹក្សា​ជាមួយ​ពួកគេ ហើយ​ស្គាល់​យើង នោះ​ពួកគេ​នឹង​ស្គាល់​សិស្ស​កាន់តែ​ច្បាស់ ។ វា​សំខាន់​ដើម្បី​សង្កេត​មើល​ពួកគេ​ផងដែរ ហើយ​ស្ដាប់​តាម​តម្រុយ​ទាំងនោះ ឬ​តាម​ដាន​មើល​តម្រុយ​ដែល​ពួកគេ​នឹង​ផ្ដល់​ឲ្យ​យើង ។ មតិយោបល់​ដែល​ពួកគេ​បញ្ចេញ ឬ​ការខ្វះ​មតិយោបល់ ឬ​សំណួរ​ដែល​ពួកគេ​សួរ​នឹង​អនុញ្ញាត​ឲ្យ​យើង​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់ ។ យើង​អាច​ថែម​ទាំង​អនុញ្ញាត​ឲ្យ​ពួកគេ​សួរ​សំណួរ​ដោយ​អនាមិក​ផង ។ ពេលខ្លះ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សេរីភាព​បន្ថែម​ទៀត​ដើម្បី​និយាយ​អ្វី​ដែល​នៅក្នុង​ចិត្ត​របស់​ពួកគេ បើ​យើង​មិន​ស្គាល់​ឈ្មោះ​របស់​គេ ។ ហើយ​ត្រូវ​ប្រាកដ​ថា​ភ្ជាប់​គោលការណ៍​និង​គោលលទ្ធិ​ដែល​យើង​កំពុង​សិក្សា​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​នា​ពេលបច្ចុប្បន្ន—នេះ​មិន​ចាំ​ដល់​ពេល​អនាគត​នោះ​ទេ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវ​នេះ—ដូច្នេះ​ពួកគេ​អាច​មើល​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​បទគម្ពីរ​ដូច្នេះ​ពួកគេ​អាច​មើល​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​ការប្រមូលផ្តុំ អ៊ីស្រាអែល ដូច្នេះ​ពួកគេ​អាច​មើលឃើញ​ខ្លួនឯង​នៅ​ក្នុង​កិច្ចការ​នៃ​ការសង្គ្រោះ​និង​ការលើកតម្កើង ។ ហើយ​ពួកគេ​អាច​ក្រឡេក​មើល​ទៅ​ជីវិត​របស់​ពួកគេ​ផ្ទាល់​ផងដែរ ហើយ​មើល​ឃើញ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​ចងចាំ​ថា ពួកគេ​ជា​នរណា ហើយ​ថា​ទ្រង់​តែង​ត្រៀម​ព្រះកាយ​ជាស្រេច​ដើម្បី​ប្រទានពរ​ដល់​ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ភាពទាក់ទង​នោះ ។ ហើយ​ដើម្បី​ធ្វើការណ៍​នោះ​បាន បងប្អូន​ត្រូវ​ដឹង​ថា​មាន​អ្វី​ខ្លះ​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

បងប្រុស វិលឃីនសិន ៖ ខ្ញុំ​គិត​ថា យោបល់​ទាំងពីរ​នេះ​គឺ​ពិតជា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​ថែម​ទាំង​គិត​ថា នៅ​ថ្ងៃ​ចូលរៀន​ដំបូង​នោះ ឲ្យ​សិស្ស​សរសេរ​សំបុត្រ​មួយ​មក​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ប្រាប់​ខ្ញុំ​ថា បាប​របស់​ពួកគេ​ជា​អ្វី​ឬ​ក៏​បែប​ណា​នោះ​ទេ ប៉ុន្តែ​ប្រាប់​ខ្ញុំ​អំពី​ខ្លួន​ពួកគេ ។ តើ​ខ្ញុំ​ត្រូវដឹង​អ្វីខ្លះ​អំពី​បងប្អូន ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​បងប្អូន​ក្នុង​នាម​ជា​គ្រូបង្រៀន​របស់​បងប្អូន​នៅ​ឆមាស​នេះ ឬ​ឆ្នាំ​នេះ​បានល្អ​បំផុត ? សូម​ប្រាប់​ខ្ញុំ​អំពី​គ្រួសារ​របស់​បងប្អូន ប្រាប់​ខ្ញុំ​ពី​ការងារ​របស់​បងប្អូន ប្រាប់​ខ្ញុំ​ពី​សកម្មភាព​នានា​ដែល​បងប្អូន​ចូលរួម ។ សូម​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​បងប្អូន​រំពឹង​ពី​ថ្នាក់​នេះ ។ ឬ​ថា​ដូច្នេះ « ខ្ញុំ​ពុះពារ​នឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ » ឬ « ខ្ញុំ​កំពុង​ពិបាក​នឹង​អ្វីមួយ » ។ រួចហើយ​ខ្ញុំ​នឹង​ថត​រូប​សិស្ស​ម្នាក់ៗ ហើយ​កិប​វា​ទៅនឹង​ក្រដាស​នោះ ។ ហើយ​កាល​ខ្ញុំ​អាន​សំបុត្រ​នោះ ខ្ញុំ​រៀន​ស្គាល់​សិស្ស​នោះ ហើយ​ខ្ញុំ​រក្សា​រឿង​ទាំង​នោះ​ទុក​ក្នុង​ចិត្ត​ពេល​ខ្ញុំ​រៀបចំ​ខ្លួន ។ នោះ​ជា​របៀប​មួយ​ចំនួន ដែល​ប្រហែល​ជា​អាច​អនុវត្ត​បាន​ខ្លះ ដើម្បី​យល់ពី​អ្វី​ដែល​ស៊ិស្ទើរ​ចនសុន និង​ស៊ិស្ទើរ​អាប័រតូ​កំពុង​បង្រៀន​យើង​នេះ ។

បងប្រុស​វិលលើត ៖ សំណួរ​បន្ទាប់ទៀត​គឺ​សម្រាប់​គ្រូបង្រៀន​របស់​យើង​ជួយ ។ តើ​យើង​អាច​ធ្វើឲ្យ​មាន​តុល្យភាព​ដោយ​របៀប​ណា ក្នុង​ទំនួល​ខុសត្រូវ​ដែល​យើង​ត្រូវ​បង្រៀន​គោលលទ្ធិ​ឲ្យ​ច្បាស់លាស់ និង​ពេញ​ដោយ​សេចក្ដីពិត​នេះ ខណៈ​យើង​នៅតែ​ត្រូវ​លើក​ទឹកចិត្ត​សិស្ស​ដែល​មាន​កាលៈទេសៈ និង​សាវតា​ខាង​វប្បធម៌​ខុសៗ​គ្នា​នោះ​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ដោយ​សមរម្យ​នោះ ? តើ​បងប្អូនទាំងអស់​គ្នា​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​គ្រូបង្រៀន​ម្នាក់ ដែល​ព្យាយាម​ធ្វើឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ពួកគេ​មាន​សំឡេង​នៅក្នុង​ថ្នាក់ ថា​ពួកគេ​អាច​និយាយ​បាន ថា​ពួកគេ​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​ដែល​អាច​ខុសពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ថ្នាក់រៀន ហើយ​នៅតែ​បង្រៀន​គោលលទ្ធិ​នោះ ?

បងប្រុស វីមផេ ៖ពេលខ្លះ​នោះ​ជា​តុល្យភាព​ដ៏​ពិបាក​មួយ​នៅក្នុង​ថ្នាក់រៀន ។ ខ្ញុំ​គិត​ថា យើង​ត្រូវតែ​ចាំ​ថា ការទទួល​ខុសត្រូវ​របស់​យើង​គឺ​ត្រូវ​បង្រៀន​សេចក្ដីពិត មិន​មាន​យោបល់ ។ សិស្ស​របស់​យើង​ត្រូវ​ដឹង​ថា ពេល​ពួកគេ​មក​ថ្នាក់​រៀន នោះ​ពួកគេ​នឹង​ស្ដាប់​ឮ​សេចក្ដីពិត ។ នោះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ផ្ដោតលើ​បទគម្ពីរ និង​ពាក្យពេចន៍​របស់​ព្យាការី ដូច្នេះ ពេល​សិស្ស​មក នោះ​ជា​កន្លែង​ដែល​យើង​នឹង​ទៅ ហើយ​ជា​កន្លែង​ដែល​យើង​នឹង​រកឃើញ​ចម្លើយ​របស់​យើង ។ ម្យ៉ាងទៀត សូម​ចាំ​ពី​កម្មវត្ថុ ហើយ​ថា​គោលបំណង​របស់​យើង​គឺ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​យល់ និង​ពឹង​ផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ត្រូវ​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​យល់ ។

ប៉ុន្ដែ​ខ្ញុំ​ក៏​គិត​ផងដែរ​ថា យើង​ត្រូវតែ​ចាំ​ថា ពេលនោះ​សិស្ស​របស់​យើង​មាន​ការទទួល​ខុសត្រូវ​មួយ ។ ចាំ​ទេ​គោលលទ្ធិ និង សេចក្ដី​សញ្ញា កណ្ឌ​ទី ៥០ ​យើង​នឹង​ផ្សាយ​បន្ទូល​នៃ​សេចក្ដីពិត ប៉ុន្ដែ​សិស្ស​របស់យើង​ក៏​ត្រូវ​ទទួល​បាន​បន្ទូល​នៃ​សេចក្ដីពិត​ផងដែរ ។ ពួកគេ​ត្រូវ​ជឿ ពេល​ពួកគេ​មក​ថ្នាក់រៀន ។ ដូច្នេះ បើ​ថ្នាក់រៀន​ទាំងឡាយ​របស់​យើង​អាច​ក្លាយ​ដូចជា​បន្ទប់​ពិសោធន៍​មួយ​បាន ជា​កន្លែង​ដែល​សិស្ស​មក ហើយ​មាន​អារម្មណ៍​ថា​បរិយាកាស​នេះ​នឹង​បង្រៀន​សេចក្ដីពិត ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ការចែកចាយ​សំណួរ ឬ​បទពិសោធន៍ ឬ​កង្វល់​របស់​ពួកគេ ។ តែ​ក្រោយ​មក​ក្នុង​នាម​ជា​គ្រូបង្រៀន​យើង​ពិត​ជា​នៅ​ទីនោះ​ដើម្បី​ជួយ​សិស្ស​របស់​យើង​ឲ្យ​រៀន—ពី​របៀប​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ របៀប​រៀន​សម្រាប់​ខ្លួន​គេ នៅក្នុង​បរិយាកាស​នោះ ដើម្បី​ចែកចាយ​អ្វី​ដែល​បងប្អូន​កំពុង​គិត ។ ហើយ​ប្រហែល​ការណ៍​នោះ​អាច​នាំ​ទៅរក​ការពិភាក្សា​របស់​យើង ដឹកនាំ​យើង​ទៅកាន់​ព្រះគម្ពីរ និង​ពាក្យពេចន៍​របស់​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​សេចក្ដី​ពិត ហើយ​មិនមែន​អ្វី​ដែល​គ្រាន់តែ​ជា​យោបល់ ឬ​អ្វី​ដែល​បាន​និយាយ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ទេ ។

ប៉ុន្ដែ​សូម​ផ្ដោត​លើ​អ្វី​ដែល​ជា​សេចក្ដីពិត ។ សូម​គិត​ពី​លំនាំ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ បើ​យើង​ពិតជា​អាច​ផ្ដោត​លើ​លំនាំ​នោះ ហើយ​ជួយ​សិស្ស​យើង​ឲ្យ​រៀន​ពី​របៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ហើយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ រួច​ហើយ​មើល​ក្នុង​ធនធាន​ដែល​បាន​តែងតាំង​មក​ពី​ព្រះ​ដើម្បី​ទទួល​បាន​ចម្លើយ​របស់​ពួកគេ នៅពេល ដែល ពួកគេ ចូល មក ថ្នាក់ នោះ ហើយ ជា មូលហេតុ ដែល ពួកគេ នៅ ទីនោះ ដូច្នេះ ពួកគេ អាច រៀនសូត្រ ពី សេចក្តីពិត ដូច្នេះ ពួកគេ អាច ប្រែក្លាយ ដូច ជា​ព្រះវរបិតាសួគ៌​ពួកគេ ។

នាយក​គ្រប់គ្រង​តំបន់​មួយ​របស់​យើង​បាន​ចែកចាយ​បទពិសោធន៍​មួយ​ជាមួយ​ខ្ញុំ ។ គាត់​បាន​អង្គុយ​នៅក្នុង​ថ្នាក់រៀន ហើយ​យុវមជ្ឈិមវ័យ​ម្នាក់​បាន​ចែកចាយ​យោបល់​មួយ ដែល​មិន​សូវ​ចុះសម្រុង​នឹង​ការបង្រៀន​របស់​សាសនាចក្រ ។ រួច​ហើយ​គ្រូបង្រៀន​បាន​ឆ្លើយ​ដូច​នេះ ។ គាត់​បាន​និយាយ​ថា « តើ​ទីបន្ទាល់ និង​ការយល់ដឹង​របស់​ប្អូន​ផ្ទាល់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ប្រាប់​ជា​យោបល់​ដល់​ប្អូន​យ៉ាង​ដូចម្ដេច​ដែរ ? ដោយ​ចាប់ផ្ដើម​ពី​កន្លែង​នៃ​សេចក្ដី​ជំនឿ​មួយ ពី​អ្វី​ដែល​ប្អូន​ដឹង និង​អារម្មណ៍​របស់​ប្អូន សូម​និយាយ​ចេញពី​ទស្សនវិស័យ​នោះ » ។ រួចហើយ​គាត់​បាន​និយាយ​ថា គាត់​បាន​ឃើញ​យុវមជ្ឈិមវ័យ​នេះ​ពិតជា​ទទួល​បាន​វិវរណៈ​លើ​ចំណុច​នោះ កាល​ពួកគេ​ព្យាយាម​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ហើយ​មើល​ទៅ​វា​ដោយ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ ពួកគេ​បាន​ជជែក​អំពី​អ្វី​ដែល​ពួកគេ​ដឹង អ្វី​ដែល​ពួកគេ​នៅតែ​មិន​ទាន់​ដឹង និង​មូលហេតុ​ដែល​ពួកគេ​ចង់​បន្ដ​ព្យាយាម​ដោះស្រាយ​វា ។ ពួកគេ​មិន​មាន​ចម្លើយ​ទាំងអស់​ទេ ប៉ុន្ដែ​នៅ​ក្នុង​បរិយាកាស​នោះ បើ​ពួកគេ​រួមគ្នា​ដើម្បី​ដឹង​ពី​សេចក្ដីពិត ហើយ​បាន​មើល​ទៅ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ និង​ការជឿ​នោះ ចេញពី​អ្វី​ដែល​បងប្អូន​បាន​ដឹង​ហើយ ។

ឥឡូវ​នេះ តើ​ខ្ញុំ​អាច​ជួយ​បងប្អូន​ឲ្យ​រៀន​ពី​របៀប​រៀន និង​របៀប​រកមើល​ចម្លើយ កាល​បងប្អូន​ឈាន​ទៅមុខ​ក្នុង​សមត្ថភាព​នោះ​ដោយ​របៀប​ណា ? ខ្ញុំ​គិត​ថា ពេលខ្លះ យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន បើ​មាន​ពេលខ្លះ​ដែល​យើង​មិន​អនុញ្ញាត​ឲ្យ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ផ្លាស់ប្ដូរ​យើង ពេល​យើង​ព្យាយាម​ផ្លាស់ប្ដូរ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដើម្បី​ឲ្យ​ត្រូវ​នឹង​កាលៈទេសៈ និង​ស្ថានភាព​របស់​យើង ។ បើ​យើង​ពិតជា​អាច​និយាយ​ថា « ព្រះវរបិតាសួគ៌ កូន​ចង់​ក្លាយ​ដូចជា​ទ្រង់ ។ ជួយ​ខ្ញុំ​រៀន​ពី​របៀប​ដែល​គោលលិទ្ធិ​និង​គោលការណ៍​នៃ​ដំណឹងល្អ​នឹង​ជួយ​ខ្ញុំ »​ហើយ​នៅ​ក្នុង​ស្មារតី​ថា « ខ្ញុំ​នៅតែ​មាន​សំណួរ និង​កង្វល់ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ចង់​ដឹង​ពី​សេចក្ដីពិត​មែន » ។ ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​គ្រូបង្រៀន យើង​ពិតជា​អាច​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​បែប​នោះ​បាន ជា​របៀប​ដែល​យើង​ឆ្លើយតប ។ ការជួយ​សិស្ស​យើង​ឲ្យ​ទៅរក​ព្រះគម្ពីរ និង​ព្យាការី​ដើម្បី​រៀន​ពី​សេចក្ដីពិត ហើយ​ជួយ​ពួកគេ ពេល​ពួកគេ​ពុះពារ​ដើម្បី​ដឹង​ឲ្យ​ប្រាកដ​ថា​អ្វី​ជា​ការពិត ។ រួច​ហើយ​ខ្ញុំ​ក៏​នឹង​ប្រាប់​ផងដែរ​ថា សូម​កុំ​មើលងាយ​អំណាច​នៃ​ទីបន្ទាល់ និង​សាក្សី​ឡើយ ។ « គ្រប់​ការណ៍​ទាំងអស់​នឹង​បាន​សម្រេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់ ២ ឬ ៣ នាក់ » ។ នៅ​ក្នុង​ព្រះគម្ពីរ ពាក្យពេចន៍​របស់​ព្យាការី និង​សាក្សី​ផ្ទាល់​ខ្លួន​របស់​គេ​អំពី​អ្វី​ដែល​ពិត ។ រួច​ហើយ​កាល​វិញ្ញាណ​នោះ​ថ្លែង​ជា​សាក្សី នោះ​យុវវ័យ​របស់​យើង​នឹង​អនុវត្ត​ការណ៍​នេះ ហើយ​ពួកគេ​នឹង​រៀន​ពី​របៀប​រៀន​សម្រាប់​ខ្លួន​គេ ហើយ​ដឹង​សេចក្ដីពិត​សម្រាប់​ខ្លួនគេ ។

បងប្រុស​វិលលើត ៖​ខ្ញុំ​ស្រឡាញ់ មិត​មក​ពី​នីហ្វៃ​កាល​ដែល​លោក​ឆ្លើយថា « ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គង់​តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំងអស់​នោះ​ទេ » ។ នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​របស់​លោក​អំពី​អ្វី​ដែល​លោក​ពិតជា​បាន​ដឹង និង​នោះ​ជា​ពរជ័យ​មួយ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។

បងប្រុសវិលឃីនសិន ៖​គំនិត​មួយ​ដែល​កើត​ក្នុង​ចិត្ត​ខ្ញុំ​គឺជា​ស្ដ្រី​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ដោយសារ​អំពើ​កំផិត និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​មិន​ពង្វាង​ចេញពី​ការបង្រៀន​សេចក្ដីពិត​ឡើយ ។ ទ្រង់​បាន​បង្រៀន​នាង​អំពី​គោលលទ្ធិ​ថា វា​មិន​ល្អ​ទេ ។ ប៉ុន្ដែ​ទ្រង់​បាន​ធ្វើ​តាម​របៀប​មួយ​ដែល​បាន​ការពារ​នាង ធ្វើឲ្យ​វា​ជា​កន្លែង​មាន​សុវត្ថិភាព​មួយ​ដើម្បី​ជួយ​នាង​ឲ្យ​មាន​បទពិសោធន៍​មួយ​នោះ ។

ស៊ិស្ទើរ ចនសុន ៖ខ្ញុំ​បាន​គិត​អ្វី​ដូចគ្នា​នេះ ថា​បើ​សិស្ស​អាច​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ និង​អំណាច​នៃ​ដង្វាយធួន​បន្ថែម​ទៀត​ដូចជា​កម្លាំង​មួយ ខុសពី​ពេល​យើង​បង្រៀន​ពី​បទបញ្ញត្តិ និង​លទ្ធផល​នៃ​ការមិន​គោរព​តាម​បទបញ្ញត្តិ​នោះ ។ បើ​អារម្មណ៍​ចុងក្រោយ​ដែល​ពួកគេ​យក​ចេញពី​ថ្នាក់រៀន និង​មេរៀន​នោះ​បាន​គឺ​ថា មាន​នរណាម្នាក់​ដែល​ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់ ហើយ​ថា​មាន​របៀប​មួយ​ដើម្បី​ទទួល​បាន​អំណាច​នៃ​ដង្វាយធួន ថា​ពេល​យើង​ធ្វើ​ខុស ហើយ​មនុស្ស​គ្រប់គ្នា​នឹង​ធ្វើ​ខុស ហើយ​ពួកគេ​ពិតជា​ធ្វើ​ខុស និង​មាន​រឿង​ជាច្រើន​ដែល​យើង​ត្រូវការ​ដង្វាយធួន​សម្រាប់​ការណ៍​នោះ ។ ផ្នែក​វិជ្ជមាន​នៃ​ការណ៍​ទាំងអស់​នេះ​នឹង​ក្លាយជា​អ្វី​ដែល​សិស្ស​នឹង​យក​តាម​ជាមួយ​ពេល​ចេញ​ពី​ថ្នាក់រៀន ។ ពួកគេ​មាន​អារម្មណ៍​ដូចជា​មាន​សេចក្ដី​សង្ឃឹម ។ ហើយ​ខ្ញុំ​គិត​ថា ពួកគេ​ពិតជា​ត្រូវការ​ក្ដី​សង្ឃឹម​នៅក្នុង​ពិភពលោក​នេះ ។

បងប្រុស វិលលើត ៖សូម​អរគុណ​ចំពោះ​មតិ​ទាំងនេះ ។ តាមពិត​ទៅ សំណួរ​ចុងក្រោយ​នេះ​ទាក់ទង​នឹង​រឿង​នោះ​ដែរ ៖ តើ​យើង​អាច​ជួយ​យុវវ័យ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវបាន​គេ​មើលឃើញ ថា​សំណួរ​របស់​ពួកគេ​ពិតជា​សំខាន់​ដោយ​របៀប​ណា ? ស៊ិស្ទើរ ហ្គ្រេក តើ​ស៊ិស្ទើរ​ចង់​បន្ថែម​អ្វី ?

ស៊ិស្ទើរ ហ្គ្រេក ៖ខ្ញុំ​គិត​ដល់​បទគម្ពីរ​មួយ​នៅក្នុង​គម្ពីរ​ម៉ាកុស ដែល​បងប្អូន​ទាំងអស់​គ្នា​ស្គាល់ ។ អ្នកគ្រប់គ្រង​ស្ដុកស្ដម្ភ​វ័យ​ក្មេង​ម្នាក់​បាន​មក​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ឆ្ងល់​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ទទួលបាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ហើយ​ព្រះអង្គ​សង្គ្រោះ​រៀបរាប់​ពី​បទបញ្ញត្តិ​មួយ​ចំនួន ដែល​គាត់​កំពុង​គោរព​រួចហើយ ។ រួចហើយ​ពីមុន​សុំ​យុវជន​នេះ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ពិតជា​ពិបាក​ខ្លាំង​នោះ—ហើយ​យើង​ទាំងអស់​គ្នា​មាន​រឿង​ពិបាក​ជាច្រើន—ខ្ញុំ​ស្រឡាញ់​ខ​ទី ២១ ខ​ទី ២១ ៖ « ហើយ​ព្រះយេស៊ូវ បាន​ទត​ទៅ​គាត់ » ឬ​មើល​ទៅ​គាត់ « បាន​ស្រឡាញ់​គាត់ » ។ ខ្ញុំ​គិត​ថា រឿង​ដ៏​សំខាន់​បំផុត​មែន​នោះ ដែល​យើង​អាច​ធ្វើ​ក្នុង​ការទាក់ទង​ទាំងឡាយ​ជាមួយ​យុវវ័យ​របស់​យើង គឺ​ការជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា​ត្រូវបាន​ស្រឡាញ់ ។ ខ្ញុំ​ដឹង​ថា ការណ៍​នោះ​មិន​ងាយស្រួល​ជានិច្ច​ទេ ហើយ​ពេលខ្លះ យើង​ត្រូវ​ខំ​ប្រឹង​ខ្លាំង និង​អធិស្ឋាន​ច្រើន​ដើម្បី​មាន​ភ្នែក​មើល​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ទត​មក​ដែរ ។

រឿង​មួយ​ទៀត​ដែល​កើត​ដល់​គំនិត​ខ្ញុំ ពេល​គិត​អំពី​រឿង​នេះ​គឺ​ថា យើង​ត្រូវ​ប្រើ​អំណាច​នៃ​សំណួរ ។ ដែល​ត្រូវ​បាន​និយាយ​នៅ​ទីនេះ​នា​ថ្ងៃ​នេះ​ប៉ុន្ដែ​យើង​ត្រូវ​រៀន​ឲ្យ​ស៊ីសង្វាក់​គ្នា​ខ្លាំង​នឹង​សិស្ស​របស់​យើង និង​អ្នក​ដែល​យើង​កំពុង​បង្រៀន ហើយ​សួរ​សំណួរ​ល្អៗ​—​សំណួរ​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ស្ទង់​ដឹង​ពី​អារម្មណ៍ និង​ទីតាំង​របស់​ពួកគេ រួចហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សួរ​សំណួរ​ពិត​របស់​ខ្លួន ។ ទាំងនេះ​ជា​សំណួរ​ដែល​ពេលខ្លះ​មិន​ស្រណុក​ចិត្ត ហើយ​មិន​មាន​ចម្លើយ​ងាយៗ​ហើយ​នោះ​វា​មិនអី​ទេ ។ សំណួរ​នេះ​មិន​អាច​ទាត់ចោល​បាន​ទេ ដោយសារ​ខ្ញុំ​គិត​ថា ទោះជា​ពួកគេ​មាន​សំណួរ​ដ៏​ពិបាក​ទាំងនេះ​មែន តែ​វា​ជា​សញ្ញា​ប្រាប់​ពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ហើយ​យើង​ពិតជា​មិន​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នកចូលរួម​អកម្ម​ទេ ។ យើង​ចង់​ឲ្យ​ពួកគេ​សួរ​សំណួរ ។ កិច្ចការ​របស់​យើង​គឺ​ដើម្បី​ជួយ​ដឹកនាំ​ពួកគេ​ទៅរក​ប្រភព​ត្រឹមត្រូវ ដែល​សំខាន់​បំផុត​នោះ​គឺ​ទៅរក​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​ធ្វើ​តាម​នោះ ។ ហើយ​យើង​ត្រូវ​ធ្វើ​ដូចគ្នា​នេះ ពេល​យើង​បង្កើត​បរិយាកាស​ប្រកប​ដោយ​ការទុកចិត្ត ដើម្បី​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ដើម្បី​បង្ហាញ​ជំនឿ​របស់​ពួកគេ ហើយ​ពេលខ្លះ​ការសង្ស័យ​របស់​គេ ។ ខ្ញុំ​គិត​ថា​នៅ​ពេល​យើង​បង្កើត​បរិយាកាស​សុវត្ថិភាព​ទាំងនេះ​ហើយ​យើង​ពិត​ជា​គោរព​ដល់​ពួកគេ​ភាពវាងវៃ សមត្ថភាព របស់​ពួកគេ អ្វី​ដែល​ពួកគេ​ត្រូវ​បង្រៀន​យើង​និង​អ្វី​ដែល​ពួកគេ​ត្រូវ​ផ្តល់​ឲ្យ​នៅ​ពេល​យើង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ឆ្លើយតប​ការហៅ​របស់​ព្យាការី​និង​ព្រះយេស៊ូវ ព្រះគ្រីស្ទ និង​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ និង​ការលើកតម្កើង ខ្ញុំ​គិត​ថា​អារម្មណ៍​ដែល​បាន ហើយ​ត្រូវ​ការចាំបាច់​នឹង​មាន​លទ្ធផល​ជា​ធម្មជាតិ។

ស៊ិស្ទើរ អាប័រតូ ៖ខ្ញុំ​គិត​ថា យើង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​នឹង​សិស្ស​ដែល​មាន​កាលៈទេសៈ​ខុសគ្នា​ក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​ក្រុមគ្រួសារ​របស់​គេ​ផងដែរ ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​អារម្មណ៍​ថា​មាន​គេ​រាប់អាន ថា​ពួកគេ​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​នេះ នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​នេះ ថា​យើង​ទាំងអស់​គ្នា​គឺជា​ផ្នែក​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ក៏​ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​ដែល​យើង​ប្រើ​ដែរ ។ ឧទាហរណ៍ មាន​សិស្ស​ដែល​អាច​មិន​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​ពួកគេ ដូច្នេះ​យើង​អាច​គ្រាន់​តែ​និយាយ​ថា « គ្រួសារ​របស់​បងប្អូន » ឬ​« មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ »​ជំនួស​ឲ្យ​ការនិយាយ​ថា​« ឪពុកម្តាយ » ។ ខ្ញុំ​គិត​ថា ការងាយ​ឈឺចាប់​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា យើង​ទាំងអស់​គ្នា​កំពុង​ពុះពារ​នឹង​អ្វីមួយ ថា​យើង​ទាំងអស់​គ្នា​មាន​ចំណុច​ខ្សោយ​របស់​យើង​ផងដែរ ។ ដូច្នេះ ខ្ញុំ​គិត​ថា ការជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​នេះ ថា​យើង​នៅ​ជាមួយ​គ្នា ហើយ​ថា​គ្មាន​នរណា​ម្នាក់​ឥតខ្ចោះ​ទេ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​សំខាន់ ។ ហើយ​ប្រាកដ​ណាស់ ការស្ដាប់​ពួកគេ ការស្ដាប់​មតិ​របស់​ពួកគេ ការស្ដាប់​សំណួរ​ដែល​ពួកគេ​សួរ​ផងដែរ ។ បើ​ពួកគេ​សួរ​សំណួរ យើង​គ្រាន់​តែ​ត្រូវ​ការបញ្ឈប់​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ហើយ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង—មិន​ចាំបាច់​ប្រាប់​ចម្លើយ​ពួកគេ​នោះ​ទេ ប៉ុន្ដែ​ឲ្យ​គេ​រក​ចម្លើយ​ដោយ​ខ្លួន​គេ​នៅ​ក្នុង​ព្រះគម្ពីរ តាមរយៈ​ការអធិស្ឋាន និង​តាមរយៈ​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ។

ស៊ិស្ទើរ ចនសុន ៖ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ការឆ្លើយ​នឹង​សំណួរ​ទាំងនេះ​បាន​ធ្វើឲ្យ​ខ្ញុំ​គិត​ដល់​គ្រូបង្រៀន ដែល​ខ្ញុំ​បាន​ជួប​ក្នុង​ជីវិត​ខ្ញុំ​និង​ធាតុចូល​ដ៏​អស្ចារ្យ​ដែល​ពួកគេ​មាន​ក្នុង​ជីវិត​ខ្ញុំ—ពិត​ជា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​មាន​អំណរ​ជាខ្លាំង​ពីរ​បី​ថ្ងៃ​មុន​នេះ​ដើម្បី​រៀបចំ​សម្រាប់​ការពិភាក្សា​នេះ ដើម្បី​គិត​ពី​គ្រូបង្រៀន​ដែល​ខ្ញុំ​បាន​ជួប និង​សេចក្ដី​ស្រឡាញ់ និង​ការលះបង់​របស់​ពួកគាត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ ឱ ពួកគាត់​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​សំខាន់ និង​ទាក់ទង​ខ្លាំង ដោយសារតែ​ពួកគាត់ និង​សេចក្ដី​ស្រឡាញ់​របស់​ពួកគាត់​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង​សម្រាប់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ចំពោះ​គ្រូបង្រៀន​ដ៏​ល្អ​ទាំងអស់ ដែល​យើង​មាន​នៅក្នុង​សាសនាចក្រ​នេះ ។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ដើម្បី​គិត​ពី​សេចក្ដីល្អ​នោះ​សារជាថ្មី ។

បងប្រុស វិលលើត ៖ពេល​និយាយ​ដល់​ចំណុច​នេះ គំរូ​របស់​គ្រូបង្រៀន​ដ៏​អស្ចារ្យ​ម្នាក់​នឹង​មាន​ប្រយោជន៍​ខ្លាំង ។ ការណ៍​នោះ​នឹង​និយាយ​ច្រើន​ជាង​ការពិភាក្សា​តុមូល​នេះ ឬ​សុន្ទរកថា​ដ៏​អស់កល្ប​អំពី​ការបង្រៀន​ទៅទៀត ។ អ្វី​ដែល​វា​ត្រូវការ​គឺ​គ្រាន់តែ​គិតដល់​គ្រូបង្រៀន​ម្នាក់ ដែល​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន គិត​ដល់​បុគ្គល​ម្នាក់​ដែល​បាន​ឈោង​មក​ជួយ​បងប្អូន និង​ផ្ដល់​ការងារ​បម្រើ​ដល់​បងប្អូន​តាម​របៀប​មួយ​ដែល​ផ្ដល់​ពរ​ដល់​ជីវិត​របស់​បងប្អូន ។ ហើយ​ខ្ញុំ​ដឹង​ថា នោះ​នឹង​ជា​ទេសនកថា​ដែល​មាន​ប្រយោជន៍​យូរ​ជាង​អ្វី​ដែល​យើង​អាច​និយាយ​បាន​នៅ​ក្នុង​ពេលវេលា​របស់​យើង​នា​ថ្ងៃនេះ ។ ដូច្នេះ សូម​អរគុណ​សម្រាប់​ការរំឭក ។

កាល​យើង​បញ្ចប់​ពេលវេលា​របស់​យើង​រួមគ្នា​នៅ​ថ្ងៃនេះ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូនរាល់​គ្នា​នៅក្នុង​ការពិភាក្សា​តុមូល​នេះ ដែល​បាន​បង្រៀន​យើង ទាំង​តាមរយៈ​ពាក្យ​សម្ដី​របស់​បងប្អូន​នៅក្នុង​ការពិភាក្សា​របស់​យើង​ថ្ងៃនេះ ប៉ុន្ដែ​ដែល​សំខាន់​ជាង​នេះ​គឺ តាមរយៈ​គំរូ​របស់​បងប្អូន​ក្នុង​ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ ។ បងប្អូនជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សម្រាប់​ខ្ញុំ វា​ជា​ឯកសិទ្ធិ​មួយ​នៅ​ថ្ងៃនេះ​ដើម្បី​នៅ​ជាមួយ​បងប្អូនទាំងអស់គ្នា និង​រៀន​ពី​​បងប្អូន ។ ចំពោះ​អ្នកស្ដាប់​របស់​យើង​ដែល​កំពុង​ស្ដាប់​ទូទាំង​ពិភពលោក ជំនួស​មុខ​ឲ្យ​ពួកយើង​ម្នាក់ៗ​នៅក្នុង​ការពិភាក្សា​តុមូល​នេះ យើង​ស្រឡាញ់​បងប្អូន ។ យើង​សូម​អរគុណ​បងប្អូន​សម្រាប់​របៀប​ជាច្រើន​ដែល​បងប្អូន​ព្យាយាម​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្ម​រស់ នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​អធិស្ឋាន​ថា ពរជ័យ​ដ៏​ច្រើន​របស់​ទ្រង់​នឹង​ចាក់ស្រោច​មកលើ​ជីវិត​របស់​បងប្អូន​ម្នាក់ៗ មិន​ថា​បងប្អូន​រស់នៅ​ទីណា​ទេ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕