« ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ( ឆ្នាំ២០២៣ )
« ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ បង្រៀនគោលលទ្ធិ
ផ្តោតលើសេចក្តីពិតដែលដឹកនាំទៅរកការប្រែចិត្តជឿ និងស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ
សួរសំណួរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងនូវគោលការណ៍នៃការប្រែចិត្តជឿ ។
កំណត់និយមន័យ
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយ បានថ្លែងថា « គោលការណ៍ប្រែចិត្តជឿគឺជាគោលការណ៍មួយដែលនាំទៅរកការគោរពប្រតិបត្តិតាមព្រះទ័យរបស់ព្រះ » ( « Converting Principles » [ សុន្ទរកថានៅឯជំនួបពេលល្ងាចជាមួយអែលឌើរ អិល ថម ភើរី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៩៦ ] ទំព័រ១ ) ។ របៀបមួយដើម្បីជួយសិស្សឲ្យរកឃើញ និងថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿ គឺសូមឲ្យពួកគេស្រាវជ្រាវរកសំណួរដែលលើកទឹកចិត្តពួកគេឲ្យរកមើលឃ្លាទាំងឡាយដែលជួយយើងបង្កើនសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់យើងទៅតាមព្រះទ័យរបស់ព្រះ ។ របៀបមួយទៀតដើម្បីជួយពួកគេឲ្យរកឃើញ និងថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿ គឺសួរសំណួរតាមដានបន្ទាប់ពីសិស្សបានចែកចាយដំណើររឿង បទពិសោធន៍ ឬសេចក្តីពន្យល់មួយ ។ សំណួរតាមដានអញ្ជើញសិស្សឲ្យថ្លែងឡើងវិញនូវមតិរបស់ពួកគេតាមរបៀបសាមញ្ញាមួយ ដែលស្ថាបនាសេចក្តីជំនឿលើព្រះគ្រីស្ទ និងមានឆន្ទៈគោរពតាមព្រះទ័យរបស់ព្រះ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
សំណួរស្រាវជ្រាវ ៖
-
នៅពេលអ្នកស្រាវជ្រាវ គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤១–៤៦ តើឃ្លាអ្វីខ្លះដែលអ្នកឃើញថាអាចបំផុសគំនិតអ្នកឲ្យគោរពតាម និងមានសេចក្តីជំនឿលើព្រះទ័យរបស់ព្រះ ?
-
ពេលអ្នកអាន យ៉ូស្វេ ១:៥–៩ តើអ្នកមើលឃើញអ្វីខ្លះដែលជួយអ្នកឲ្យចង់ធ្វើតាមព្រះទ័យព្រះ ?
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នករកឃើញនៅក្នុង ម៉ាថាយ ៧:៧–១២ ដែលនឹងជួយស្ថាបនាសេចក្តីជំនឿរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមទ្រង់ ?
សំណួរដូចគ្នាទាំងនេះអាចត្រូវបានផ្លាស់ប្តូរបន្តិចបន្តួច ដើម្បីបង្កើតជាសំណួរតាមដានដើម្បីជួយសិស្សឲ្យថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿ ។
-
បទពិសោធន៍របស់សិស្ស ៖ ម៉ារៀ ចែកចាយបទពិសោធន៍មួយអំពីការសួរសំណួរនៅក្នុងការអធិស្ឋានដែលនាំទៅរកចម្លើយដែលនាងមិនចង់បាន ។
-
សំណួររបស់គ្រូបង្រៀន ៖ « សូមនិយាយជាឃ្លាមួយ តើប្អូនបានរៀនអ្វីខ្លះអំពីបទពិសោធន៍នោះដែលអាចជួយអ្នកដទៃឲ្យមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងធ្វើតាមការដឹកនាំរបស់ទ្រង់ ? »
-
ការពន្យល់របស់សិស្ស ៖ ខាល ទើបតែចែកចាយការពន្យល់ដ៏វែងអស្ចារ្យមួយអំពីរបៀបដែលគាត់រៀននៅក្នុងការសិក្សាបទគម្ពីររបស់គាត់កាលពីយប់មិញ ។
-
សំណួររបស់គ្រូបង្រៀន ៖ « សូមនិយាយជាសេចក្តីថ្លែងការណ៍សាមញ្ញាមួយ តើប្អូនបានរៀនអ្វីខ្លះដែលនឹងជួយប្អូនឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? »
-
ដំណើររឿងរបស់សិស្ស ៖ កាតាណា ចែកចាយដំណើររឿងមួយអំពីរបៀបដែលនាងបានគោរពតាមច្បាប់នៃដង្វាយមួយភាគក្នុងដប់ ទោះបីជាវាលំបាកក្តី ។
-
សំណួររបស់គ្រូបង្រៀន ៖ « សូមនិយាយជាប្រយោគមួយ តើមានអ្វីខ្លះអំពីបទពិសោធន៍នោះដែលនឹងជួយប្អូនឲ្យបន្តមានសេចក្តីជំនឿលើព្រះគ្រីស្ទ សូម្បីតែវាពិបាកនឹងធ្វើតាមទ្រង់ក៏ដោយ ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមសរសេរសំណួរស្រាវជ្រាវសម្រាប់វគ្គបទគម្ពីរដូចខាងក្រោមនេះ ៖
សូមសរសេរសំណួរតាមដានសម្រាប់ស្ថានភាពនីមួយៗ ដើម្បីជួយសិស្សឲ្យថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿ ៖
-
អេឡេណា បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏អស្ចារ្យមួយជាមួយនឹងការធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណ ។
-
គ្រីស បានផ្តល់ការពន្យល់ដ៏អស្ចារ្យមួយអំពីអ្វីដែលគាត់បានរៀនមកពីដំណើររឿងរបស់ដាវីឌ និងកូលីយ៉ាត ។
-
មេឡេ បានចែកចាយរឿងផ្ទាល់ខ្លួនមួយអំពីការងាកទៅរកព្រះយេស៊ូវគ្រីស្ទ នៅពេលសមាជិកគ្រួសារបានស្លាប់ ។
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីការជួយសិស្សឲ្យផ្តោតលើគោលការណ៍នៃការប្រែចិត្តជឿ ?
-
តើការអនុវត្តនេះអាចជួយសិស្សឲ្យបង្រៀនគោលលទ្ធិដូចដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
រួមបញ្ចូល
-
នៅក្នុងការបំពាក់បំប៉ននេះ អ្នកបានអនុវត្តជំនាញពីរដែលជួយសិស្សឲ្យរកឃើញ និងថ្លែងយ៉ាងច្បាស់អំពីគោលការណ៍នៃការប្រែចិត្តជឿ ៖ សំណួរស្រាវជ្រាវ និងសំណួរតាមដាន ។ ពេលអ្នកគិតអំពីសិស្សរបស់អ្នក សូមជ្រើសរើសជំនាញមួយដើម្បីសហការគ្នាដែលនឹងផ្តល់ប្រយោជន៍ដល់ពួកគេខ្លាំងបំផុត ។ នៅសប្តាហ៍នេះ នៅពេលអ្នករៀបចំវគ្គបទគម្ពីរនីមួយៗ សូមបន្តសួរខ្លួនឯងថា « តើខ្ញុំអាចជួយសិស្សឲ្យរកឃើញ និងថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿដោយរបៀបណា ? » អ្នកអាចកត់ត្រាសំណួរនោះទុកជាការំឭកនៅជាប់នឹងអ្នក នៅពេលអ្នករៀបចំ ។
-
បន្ទាប់ពីអ្នកសរសេរសំណួរដែលជួយសិស្សឲ្យរកមើល ឬថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿនោះហើយ សូមព្យាយាមស្រមៃពីរបៀបដែលសិស្សនឹងឆ្លើយសំណួរនោះ ។ ប្រសិនបើអ្នកស្រមៃថា ពួកគេថ្លែងអំពីគោលការណ៍នៃការប្រែចិត្តជឿនោះ សូមទុកសំណួរនោះ ។ ប្រសិនបើអ្នកស្រមៃថា សិស្សមានការលំបាកដើម្បីថ្លែងគោលការណ៍នៃការប្រែចិត្តជឿនោះ សូមកែសម្រួលសំណួរនោះដើម្បីវាអាចជួយសម្រេចបាននូវលទ្ធផលដែលចង់បាន ។
តើចង់បានបន្ថែមទៀតទេ ?
-
ដេវីឌ អេ បែដណា « គោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ១២៣–១២៦
-
ហែនរី ប៊ី អាវរិង « The Power of Teaching Doctrine » Ensign ខែកក្កដា ឆ្នាំ១៩៩៩ ទំព័រ៨៧ ។
ជំនាញ
ឆ្លើយតបនឹងសំណួរតាមវិធីមួយដែលចៀសវាងពីការប៉ាន់ស្មាន និងគំនិតផ្ទាល់ខ្លួនដែលមិនមែនជាគោលលទ្ធិ ។
កំណត់និយមន័យ
នៅពេលសិស្សសួរសំណួរដែលមានសក្តានុពលទាញទៅរកការប៉ាន់ស្មាន និងគំនិតផ្ទាល់ខ្លួនដែលមិនមែនជាគោលលទ្ធិ នោះវាសំខាន់ដើម្បីរកវិធីសាស្រ្តស្តារស្ថានភាពនោះតាមរបៀបមួយដែលស្ថាបនាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយចៀសវាងការចែកចាយព័ត៌មានមិនត្រឹមត្រូវ ។ គ្រូបង្រៀនគួរតែស្វះស្វែងជួយសិស្សឲ្យស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេជានិច្ច ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគ្រូបង្រៀនមានអារម្មណ៍ថា សំណួរមួយអាចជំរុញឲ្យមានការប៉ាន់ស្មាន នោះអែលឌើរ នែល អិល អាន់ឌើរសិន បានផ្តល់នូវការណែនាំដ៏ល្អអំពីរបៀបដើម្បីឆ្លើយតប ។ លោកបានមានប្រសាសន៍ថា សូមយើងស្ម័គ្រចិត្តនិយាយថា « ខ្ញុំមិនដឹងអំពីរឿងនោះទេ ប៉ុន្ដែនេះគឺជាអ្វីដែលខ្ញុំពិតជាដឹង » ។ ការធ្វើបែបនេះអាចជួយយើងឲ្យ «បង្វែរសំណួរល្អៗ ប៉ុន្តែជាសំណួរដែលល្បួងឲ្យមានការប៉ាន់ស្មាន ទៅជាចម្លើយដែលស្ថាបនាសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរបស់យើង » ( « The Power of Jesus Christ and Pure Doctrine » [ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនានៃប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ] បណ្ណាល័យដំណឹងល្អ ) ។
គំរូ
-
បងប្រុស ម៉ត់សេពេ កំពុងបង្រៀនអំពីការបង្កបង្កើត ហើយសិស្សម្នាក់បានសួរថា « តើអ្វីជាទំនាក់ទំនងរវាងទ្រឹស្តី big bang និងលោកអ័ដាម និងនាងអេវ៉ា ? » បងប្រុស ម៉ត់សេពេ ឆ្លើយតបថា « ខ្ញុំមិនដឹងចម្លើយចំពោះសំណួរនោះទេ ប៉ុន្តែខ្ញុំដឹងថា លោកអ័ដាម និងនាងអេវ៉ាត្រូវបានបង្កើតឡើងដោយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ។
-
បងស្រី ឈិន កំពុងបង្រៀនអំពី « បាវចនាយុវនារី » ហើយសិស្សស្រីម្នាក់សួរថា « ហេតុអ្វីយើងមិនដឹងបន្ថែមទៀតអំពីព្រះមាតារបស់យើងដែលគង់នៅស្ថានសួគ៌ ? » បងស្រី ឈិន បានឆ្លើយតបថា « ខ្ញុំមិនដឹងចម្លើយចំពោះសំណួរនោះទេ ប៉ុន្តែខ្ញុំពិតជាដឹងថា ប្អូនគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច » ។
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
ពេលធ្វើតាមគំរូខាងលើ តើអ្នកអាចឆ្លើយតបយ៉ាងណាចំពោះគំរូខាងក្រោមនេះ ?
-
« បងប្រុស ប្រោន ហេតុអ្វីយើងមិនអធិស្ឋានទៅកាន់ព្រះមាតាសួគ៌ ? »
-
« បងស្រី ផាគីន ហេតុអ្វីបានជា យ៉ូសែប ស្ម៊ីធ ត្រូវតែមើលទៅក្នុងមួកដើម្បីបកប្រែព្រះគម្ពីរមរមន ? »
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកកំពុងរៀនអ្វីខ្លះ នៅពេលអ្នកអនុវត្តជំនាញនេះ ?
-
តើអ្នកបានរកឃើញវិធីអ្វីផ្សេងទៀត ដើម្បីចៀសវាងការប៉ាន់ស្មាន និងការចែកចាយគំនិតផ្ទាល់ខ្លួនដែលមិនមែនជាគោលលិទ្ធ ?
រួមបញ្ចូល
-
នៅពេលអ្នកពិចារណាមេរៀនខាងមុខ សូមពិចារណាអំពីសំណួរអ្វីដែលសិស្សរបស់អ្នកអាចសួរ ដែលអាចនាំឲ្យមានការចែកចាយការប៉ាន់ស្មាន ឬគំនិតផ្ទាល់ខ្លួនដែលមិនមែនជាគោលលិទ្ធ ។ សូមសរសេរអំពីរបៀបដែលអ្នកអាចឆ្លើយតបនឹងសំណួរទាំងនេះ ដោយចាប់ផ្តើមជាមួយ « ខ្ញុំមិនដឹង … ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំដឹង … » ។
តើចង់បានបន្ថែមទៀតទេ ?
-
នែល អិល អាន់ឌើរសិន « The Power of Jesus Christ and Pure Doctrine » [ សុន្ទរកថាទៅកាន់គ្រូបង្រៀនសាសនានៃប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ] បណ្ណាល័យដំណឹងល្អ