ជំពូកទី ២
លីហៃនាំគ្រួសារលោកចូលក្នុងទីរហោស្ថាន តាមមាត់សមុទ្រក្រហម — គេចាកចោលទ្រព្យសម្បត្តិ — លីហៃធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ហើយបង្រៀនកូនប្រុសទាំងឡាយរបស់លោកឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយ — លេមិន និងលេមយួលរអ៊ូរទាំទាស់នឹងឪពុករបស់គេ — នីហ្វៃគោរពធ្វើតាម ហើយអធិស្ឋាននៅក្នុងសេចក្ដីជំនឿ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅនីហ្វៃ ហើយនីហ្វៃ ត្រូវបានរើសឲ្យត្រួតត្រាលើបងប្រុសទាំងឡាយរបស់លោក។ ប្រមាណជាឆ្នាំ ៦០០ ម.គ.ស.។
១ត្បិតមើលចុះ ហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅឪពុកខ្ញុំ មែនហើយ គឺនៅក្នុងសុបិន ដោយមានព្រះបន្ទូលថា ៖ លីហៃអើយ អ្នកមានពរហើយ ដោយសារអំពើទាំងឡាយដែលអ្នកបានធ្វើ ហើយដោយសារអ្នកមានចិត្តស្មោះត្រង់ ព្រមទាំងបានថ្លែងប្រាប់បណ្ដាជន អំពីអ្វីៗដែលយើងបានបញ្ជាអ្នក មើលចុះ ពួកគេព្យាយាមរកផ្ដាច់ជីវិតអ្នកទៅវិញ។
២ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាឪពុកខ្ញុំ គឺនៅក្នុងសុបិន ឲ្យលោកនាំគ្រួសារ ហើយធ្វើដំណើរចេញទៅក្នុងទីរហោស្ថាន។
៣ហើយហេតុការណ៍បានកើតឡើងថា លោកបានគោរពធ្វើតាមព្រះបន្ទូលនៃព្រះអម្ចាស់ ហេតុដូច្នោះហើយ លោកបានធ្វើដូចដែលព្រះអម្ចាស់ទ្រង់បានបញ្ជាលោក។
៤ហើយហេតុការណ៍បានកើតឡើងថា លោកបានចេញទៅក្នុងទីរហោស្ថាន។ ហើយលោកបានចាកចោលផ្ទះសំបែងរបស់លោក និងដែនដីនៃកេរ្តិ៍អាកររបស់លោក និងមាសរបស់លោក និងប្រាក់របស់លោក និងវត្ថុដ៏មានតម្លៃរបស់លោក ហើយមិនបានយកអ្វីទៅជាមួយ លោកឡើយ ក្រៅពីគ្រួសារលោក និងស្បៀងអាហារ និងត្រសាល ហើយបានចេញទៅក្នុងទីរហោស្ថាន។
៥ហើយលោកបានចុះមកដល់តំបន់ព្រំប្រទល់ជិតឆ្នេរសមុទ្រក្រហម ហើយលោកបានធ្វើដំណើរនៅក្នុងទីរហោស្ថាន ក្នុងតំបន់ព្រំប្រទល់ដែលនៅជិតសមុទ្រក្រហម ហើយលោកបានធ្វើដំណើរក្នុងទីរហោស្ថានជាមួយគ្រួសាររបស់លោក ដែលមានម្ដាយខ្ញុំឈ្មោះ សារ៉ាយ និងបងប្រុសខ្ញុំទាំងឡាយ គឺលេមិន លេមយួល និងសាំ។
៦ហើយហេតុការណ៍បានកើតឡើងថា កាលឪពុកខ្ញុំបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ នៅក្នុងទីរហោស្ថាន នោះលោកបានបោះត្រសាល នៅក្នុងច្រកភ្នំមួយនៅក្បែរមាត់ទន្លេទឹក។
៧ហើយហេតុការណ៍បានកើតឡើងថា លោកបានសង់អាសនាមួយពីថ្ម ហើយបានថ្វាយដង្វាយដល់ព្រះអម្ចាស់ ហើយបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ ជាព្រះរបស់យើង។
៨ហើយហេតុការណ៍បានកើតឡើងថា លោកបានហៅឈ្មោះទន្លេនោះថា លេមិន ហើយទន្លេនោះ ហូរចាក់ទៅក្នុងសមុទ្រក្រហម ហើយច្រកភ្នំនោះ គឺនៅត្រង់ព្រំប្រទល់ជិតមាត់ទន្លេ។
៩ហើយនៅពេលដែលឪពុកខ្ញុំបានឃើញថា ទឹកក្នុងទន្លេហូរចាក់ទៅក្នុងប្រភពនៃសមុទ្រក្រហម នោះលោកមានប្រសាសន៍ទៅលេមិនថា ៖ ឱ សូមឲ្យកូនបានដូចជាទឹកទន្លេនេះចុះ ដែលហូរជានិច្ចទៅក្នុងប្រភពនៃអស់ទាំងសេចក្ដីសុចរិត។
១០ហើយលោកក៏មានប្រសាសន៍ទៅលេមយួលថា ៖ ឱ សូមឲ្យកូនបានដូចជាច្រកភ្នំនេះចុះ រឹងប៉ឹង និងខ្ជាប់ខ្ជួន ហើយឥតបែរចេញក្នុងការកាន់តាមបញ្ញត្តិទាំងឡាយ នៃព្រះអម្ចាស់ឡើយ។
១១ឥឡូវនេះ លោកមានប្រសាសន៍យ៉ាងនេះ មកពីការរឹងទទឹងនៃលេមិន និងលេមយួល ត្បិតមើលចុះ គេបានរអ៊ូរទាំពីរឿងជាច្រើនទាស់នឹងឪពុកគេ ពីព្រោះលោកជាអ្នកប្រកបដោយការនិមិត្ត ហើយបាននាំពួកគេចេញពីដែនដីយេរូសាឡិម ដោយបានទាំងទុកចោលដែនដីនៃកេរ្តិ៍អាកររបស់គេ និងមាសរបស់គេ និងប្រាក់របស់គេ និងវត្ថុដ៏មានតម្លៃរបស់គេឲ្យមកវិនាសបង់នៅក្នុងទីរហោស្ថាន។ ហើយគេបាននិយាយថា លោកធ្វើយ៉ាងនេះដោយមកពីគំនិតដ៏ឥតប្រយោជន៍នៃចិត្តរបស់លោក។
១២ហើយលេមិន និងលេមយួល ដែលជាបងបង្អស់ បានរអ៊ូរទាំទាស់នឹងឪពុកគេយ៉ាងដូច្នោះ។ ហើយពួកគេបានរអ៊ូរទាំ ពីព្រោះគេមិនបានដឹងអំពីព្រឹត្តិការណ៍នៃព្រះ ដែលបានបង្កើតពួកគេមក។
១៣គេព្រមទាំងមិនជឿថា ទីក្រុងយេរូសាឡិម គឺទីក្រុងដ៏ធំនោះ អាចត្រូវបំផ្លាញចោល តាមពាក្យសម្ដីរបស់ពួកព្យាការីបានឡើយ។ ហើយគេក៏ដូចជាពួកសាសន៍យូដា ដែលនៅឯទីក្រុងយេរូសាឡិមដែរ ដែលបានព្យាយាមរកផ្ដាច់ជីវិតនៃឪពុកខ្ញុំ។
១៤ហើយហេតុការណ៍បានកើតឡើងថា ឪពុកខ្ញុំក៏បាននិយាយទៅពួកគេនៅក្នុងច្រកភ្នំលេមយួល ដោយអំណាច គឺពោរពេញទៅដោយព្រះវិញ្ញាណ រហូតដល់ខ្លួនប្រាណរបស់គេញ័រចំប្រប់នៅចំពោះមុខលោក។ លោកបានធ្វើឲ្យគេជ្រប់មុខ ទាល់តែគេមិនអាចបន្លឺសំឡេងប្រកែកនឹងលោកបាន ហេតុដូច្នោះហើយ គេបានធ្វើតាមបង្គាប់លោក។
១៥ហើយឪពុកខ្ញុំបានអាស្រ័យនៅក្នុងត្រសាល។
១៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ ពេលនោះនៅក្មេងណាស់ ប៉ុន្តែមានមាឌធំមាំមួន ហើយមានចិត្តមោះមុត ចង់ដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ ហេតុដូច្នោះហើយ ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ ហើយមើលចុះ ទ្រង់បានយាងមកជួបនឹងខ្ញុំ ហើយបន្ទន់ចិត្តខ្ញុំ បណ្ដាលឲ្យខ្ញុំជឿអស់ទាំងពាក្យដែលបានពោលមកដោយឪពុកខ្ញុំ ហេតុដូច្នោះហើយ ខ្ញុំមិនបានបះបោរទាស់នឹងលោក ដូចជាបងៗខ្ញុំនោះទេ។
១៧ហើយខ្ញុំបាននិយាយទៅសាំ ធ្វើឲ្យសាំដឹងអំពីរឿងទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានសម្ដែងដល់ខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ហើយហេតុការណ៍បានកើតឡើងថា សាំបានជឿតាមពាក្យសម្ដីទាំងឡាយរបស់ខ្ញុំ។
១៨ប៉ុន្តែមើលចុះ លេមិន និងលេមយួលមិនព្រមស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំទេ ហើយដោយព្រួយចិត្តមកពីភាពរឹងរូសនៃចិត្តរបស់បងខ្ញុំទាំងពីរ នោះខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់សម្រាប់គេ។
១៩ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ឱ នីហ្វៃអើយ អ្នកមានពរហើយ ដោយសារសេចក្ដីជំនឿរបស់អ្នក ព្រោះអ្នកបានព្យាយាមស្វែងរកយើងដោយមានចិត្តសុភាពរាបសា។
២០ហើយដរាបណាអ្នកកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងចម្រើនឡើង ហើយនឹងបាននាំទៅកាន់ដែនដីសន្យា មែនហើយ គឺជាដែនដីដែលយើងបានរៀបចំឡើងសម្រាប់អ្នក មែនហើយ គឺជាដែនដីមួយ ដែលជម្រើសលើដែនដីឯទៀតទាំងអស់។
២១ហើយដរាបណាបងប្រុសទាំងឡាយរបស់អ្នកនៅតែបះបោរទាស់នឹងអ្នក គេទាំងនោះនឹងត្រូវកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
២២ហើយដរាបណាអ្នកនៅតែកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានទៅជាអ្នកត្រួតត្រា និងជាគ្រូបង្រៀន ទៅលើបងប្រុសទាំងឡាយរបស់អ្នក។
២៣ត្បិតមើលចុះ នៅថ្ងៃណាមួយដែលពួកគេបះបោរទាស់នឹងយើង នោះយើងនឹងដាក់បណ្ដាសាពួកគេ ដោយពាក្យបណ្ដាសាដ៏ធ្ងន់ធ្ងរ ហើយពួកគេនឹងមិនមានអំណាចអ្វីលើពូជរបស់អ្នកឡើយ លើកលែងតែពូជអ្នកបះបោរទាស់នឹងយើងដែរ។
២៤ហើយប្រសិនបើពួកគេបះបោរទាស់នឹងយើងមែន នោះពួកគេនឹងក្លាយទៅជារំពាត់ ចំពោះពូជអ្នក ដើម្បីដាស់រំជួលពូជអ្នក អំពីផ្លូវនៃការចងចាំ៕