ជំពូកទី ៧
កូនប្រុសទាំងឡាយរបស់លីហៃ វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ហើយបបួលអ៊ីសម៉ាអែស ព្រមទាំងគ្រួសារលោកឲ្យរួមដំណើរជាមួយនឹងពួកគេ — លេមិន និងអ្នកឯទៀតបះបោរ — នីហ្វៃទូន្មានដល់បងៗរបស់លោក ឲ្យមានសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់ — ពួកគេយកខ្សែចងលោក ហើយធ្វើគម្រោងការណ៍សម្រាប់សេចក្ដីបំផ្លិចបំផ្លាញរូបលោកចោល — លោកត្រូវបានរួចពីចំណងដោយអំណាចនៃសេចក្ដីជំនឿ — បងៗរបស់លោកសុំការអភ័យទោស — លីហៃ និងក្រុមលោកបានថ្វាយយញ្ញបូជា ហើយថ្វាយដង្វាយដុតទាំងឡាយដល់ព្រះ។ ប្រមាណជាឆ្នាំ ៦០០—៥៩២ ម.គ.ស.។
១ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បន្ទាប់ពីឪពុកខ្ញុំ លីហៃ បានបញ្ចប់ការព្យាករណ៍អំពីពូជលោកហើយ នោះហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកលោកទៀតថា ការណ៍ដែលលោក គឺលីហៃ ត្រូវនាំគ្រួសារចូលក្នុងទីរហោស្ថានតែឯងយ៉ាងនេះ មិនសមរម្យទេ ប៉ុន្តែថាកូនប្រុសទាំងឡាយរបស់លោក ត្រូវយកប្រពន្ធ ដើម្បីនឹងអាចបន្តពូជថ្វាយព្រះអម្ចាស់នៅឯដែនដីសន្យា។
២ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាទៅឪពុកខ្ញុំថា ខ្ញុំ នីហ្វៃ និងបងប្រុសទាំងឡាយរបស់ខ្ញុំ ត្រូវត្រឡប់ទៅឯដែនដីយេរូសាឡិមម្ដងទៀត ហើយនាំអ៊ីសម៉ាអែល និងគ្រួសារលោក ចុះមកក្នុងទីរហោស្ថាន។
៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ និងបងប្រុសទាំងឡាយរបស់ខ្ញុំ បានធ្វើដំណើរកាត់ទីរហោស្ថានឡើងទៅឯក្រុងយេរូសាឡិមម្ដងទៀត។
៤ហើយហេតុការណ៍បានកើតឡើងថា យើងបានឡើងទៅដល់ផ្ទះអ៊ីសម៉ាអែល ហើយយើងបានទទួលការប្រោសប្រណីនៅក្នុងភ្នែកនៃអ៊ីសម៉ាអែល ដរាបដល់យើងបានជម្រាបលោក នូវព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់។
៥ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបន្ទន់ចិត្តអ៊ីសម៉ាអែល ហើយព្រមទាំងគ្រួសារលោកផង ដរាបដល់គេព្រមធ្វើដំណើរជាមួយនឹងយើង ចុះមកក្នុងទីរហោស្ថាន មកកាន់ត្រសាលរបស់ឪពុកខ្ញុំ។
៦ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលយើងធ្វើដំណើរក្នុងទីរហោស្ថាន មើលចុះ លេមិន និងលេមយួល ហើយព្រមទាំងកូនស្រីអ៊ីសម៉ាអែលពីរនាក់ និងកូនប្រុសពីរនាក់របស់អ៊ីសម៉ាអែល ព្រមទាំងគ្រួសារគេទាំងឡាយ បានបះបោរទាស់នឹងយើង មែនហើយ ទាស់នឹងខ្ញុំ នីហ្វៃ និងសាំ និងឪពុកគេ អ៊ីសម៉ាអែល ព្រមទាំងប្រពន្ធលោក ហើយនឹងកូនស្រីលោកបីនាក់ទៀតផង។
៧ហើយហេតុការណ៍បានកើតឡើងថា ក្នុងការបះបោរលើកនេះ គឺមកពីគេមានបំណងចង់ត្រឡប់ទៅឯដែនដីយេរូសាឡិមវិញ។
៨ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ ព្រួយចិត្តចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ហេតុដូច្នេះហើយ ខ្ញុំបាននិយាយទៅពួកគេ មែនហើយ គឺទៅលេមិន និងលេមយួលថា ៖ មើលចុះ បងទាំងពីរនាក់ គឺជាបងប្រុសរបស់ខ្ញុំ ហើយចុះហេតុអ្វីបានជាចិត្តបងៗមានចិត្តរឹងរូស ហើយមានគំនិតងងឹតងងល់ម្ល៉េះ ចាំបាច់ឲ្យខ្ញុំដែលជាប្អូន ត្រូវនិយាយទៅកាន់បងៗ មែនហើយ ហើយធ្វើជាគំរូដល់ពួកបងទៅវិញ?
៩ចុះហេតុអ្វីបានជាបងៗ មិនប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់?
១០ចុះហេតុអ្វីបានជាបងៗភ្លេចថា បងៗបានឃើញទេវតានៃព្រះអម្ចាស់?
១១មែនហើយ ចុះហេតុអ្វីបានជាបងៗ ភ្លេចពីរឿងដ៏គួរអស្ចារ្យទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីយើង នៅក្នុងការរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃឡាបាន់ ហើយជួយយើងឲ្យយកបានបញ្ជីទៀតផង?
១២មែនហើយ ចុះហេតុអ្វីបានជាបងរាល់គ្នាភ្លេចថា ព្រះអម្ចាស់ទ្រង់អាចធ្វើនូវអ្វីៗគ្រប់យ៉ាង ទៅតាមព្រះហឫទ័យទ្រង់ ដើម្បីកូនចៅមនុស្ស ប្រសិនបើគេអនុវត្តសេចក្ដីជំនឿជឿដល់ព្រះអង្គ? ហេតុដូច្នោះហើយ ចូរយើងមានចិត្តស្មោះត្រង់ចំពោះទ្រង់ចុះ។
១៣ហើយបើយើងមានចិត្តស្មោះត្រង់ចំពោះព្រះអង្គមែន នោះយើងនឹងបានទទួលដែនដីសន្យា ហើយបងរាល់គ្នានឹងដឹងថា នៅក្នុងរយៈពេលខាងមុខនេះ ព្រះបន្ទូលនៃព្រះអម្ចាស់នឹងបានសម្រេច អំពីសេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម ត្បិតរឿងទាំងអស់ ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល អំពីសេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម នោះនឹងត្រូវបានសម្រេច។
១៤ត្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានឈប់តស៊ូជាមួយនឹងពួកគេហើយ ត្បិតមើលចុះ ពួកគេបានបោះបង់ចោលពួកព្យាការី ព្រមទាំងលោកយេរេមា ក៏ត្រូវពួកគេចាប់ដាក់គុក។ ហើយពួកគេបានព្យាយាមរកផ្ដាច់ជីវិតរបស់ឪពុកខ្ញុំទៀត រហូតដល់គេបានបណ្ដេញលោកចេញពីដែនដី។
១៥ឥឡូវនេះ មើលចុះ ខ្ញុំប្រាប់បងរាល់គ្នាថា បើសិនជាបងរាល់គ្នាត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ នោះបងរាល់គ្នានឹងត្រូវវិនាស ដូចពួកគេផងដែរ។ ហើយឥឡូវនេះ បើសិនជាបងរាល់គ្នាដាច់ចិត្ត ចូរឡើងទៅឯដែនដីនោះ ហើយចូរចាំនូវពាក្យទាំងឡាយ ដែលខ្ញុំបានពោលដល់បងរាល់គ្នានេះថា បើសិនជាបងទៅមែន នោះបងនឹងវិនាសបង់ ត្បិតព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានបង្គាប់ឲ្យខ្ញុំនិយាយបែបដូច្នេះ។
១៦ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំ នីហ្វៃ បានពោលពាក្យទាំងនេះ ទៅកាន់បងៗរបស់ខ្ញុំហើយ នោះពួកគេក៏ខឹងនឹងខ្ញុំ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានដាក់ដៃមកលើខ្ញុំ ត្បិតមើលចុះ ពួកគេខឹងជាខ្លាំង ហើយពួកគេបានចងខ្ញុំដោយខ្សែពួរ ព្រោះពួកគេបានព្យាយាមរកផ្ដាច់ជីវិតខ្ញុំ ដើម្បីពួកគេអាចទុកខ្ញុំចោលនៅក្នុងទីរហោស្ថានឲ្យសត្វសាហាវស៊ី។
១៧ប៉ុន្តែ ហេតុការណ៍បានកើតឡើងថា ខ្ញុំបានអធិស្ឋានដល់ព្រះអម្ចាស់ថា ៖ ឱ ព្រះអម្ចាស់អើយ ស្របតាមសេចក្ដីជំនឿរបស់ទូលបង្គំ ដែលមានចំពោះទ្រង់ សូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃបងៗទូលបង្គំផង ព្រះពរ សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចផ្ដាច់ខ្សែ ដែលចងទូលបង្គំនេះបាន។
១៨ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំបានពោលនូវពាក្យទាំងនេះហើយ មើលចុះ ខ្សែទាំងនោះក៏របូតចេញពីដៃ និងពីជើងខ្ញុំទៅ ហើយខ្ញុំក៏ឈរនៅពីមុខបងៗខ្ញុំ ហើយខ្ញុំបានពោលទៅគេទៀត។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេក៏ខឹងនឹងខ្ញុំទៀត ហើយព្យាយាមដាក់ដៃមកលើខ្ញុំ ប៉ុន្តែមើលចុះ កូនស្រីអ៊ីសម៉ាអែលម្នាក់ មែនហើយ និងម្ដាយនាងផង និងកូនប្រុសអ៊ីសម៉ាអែលម្នាក់ បានសូមអង្វរបងៗខ្ញុំ ដរាបដល់ពួកគេបានបន្ទន់ចិត្តបងៗខ្ញុំ ហើយពួកគេក៏ឈប់ខិតខំរកផ្ដាច់ជីវិតខ្ញុំទៅ។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេមានចិត្តសោកស្ដាយ មកពីអំពើទុច្ចរិតរបស់គេ ដរាបដល់គេបានក្រាបចុះចំពោះមុខខ្ញុំ ហើយអង្វរឲ្យខ្ញុំអភ័យទោសពួកគេ ចំពោះអំពើដែលគេបានប្រព្រឹត្តទាស់នឹងខ្ញុំ។
២១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានអភ័យទោសដល់ពួកគេ ដោយស្មោះអស់ពីចិត្តនូវអ្វីៗដែលពួកគេបានប្រព្រឹត្ត ហើយខ្ញុំបានទូន្មានពួកគេឲ្យអធិស្ឋានដល់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ សូមក្ដីអភ័យទោស។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើដូច្នោះ។ ហើយបន្ទាប់ពីគេបានអធិស្ឋានដល់ព្រះអម្ចាស់ហើយ នោះយើងក៏បានបន្តដំណើរ សំដៅទៅត្រសាលរបស់ឪពុកខ្ញុំវិញ។
២២ហើយហេតុការណ៍បានកើតឡើងថា យើងបានចុះមកដល់ត្រសាលឪពុកយើងវិញ។ ហើយបន្ទាប់ពីខ្ញុំ និងបងៗខ្ញុំ ហើយនឹងគ្រួសារអ៊ីសម៉ាអែលទាំងមូល បានចុះមកដល់ត្រសាលឪពុកខ្ញុំហើយ នោះពួកគេបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ ហើយពួកគេបានថ្វាយយញ្ញបូជា ហើយថ្វាយដង្វាយដុតទាំងឡាយ ដល់ព្រះអង្គផង៕