ព្រះគម្ពីរ
នីហ្វៃ ទី ១ 7


ជំពូក​ទី ៧

កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ហើយ​បបួល​អ៊ីសម៉ាអែ​ស ព្រម​ទាំង​គ្រួសារ​លោក​ឲ្យ​រួម​ដំណើរ​ជាមួយ​នឹង​ពួក​គេ — លេមិន និង​អ្នក​ឯ​ទៀត​បះបោរ — នីហ្វៃ​ទូន្មាន​ដល់​បងៗ​របស់​លោក ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ — ពួក​គេ​យក​ខ្សែ​ចង​លោក ហើយ​ធ្វើ​គម្រោងការណ៍​សម្រាប់​សេចក្ដី​បំផ្លិចបំផ្លាញ​រូបលោក​ចោល — លោក​ត្រូវ​បាន​រួច​ពី​ចំណង​ដោយ​អំណាច​នៃ​សេចក្ដី​ជំនឿ — បងៗ​របស់​លោក​សុំ​ការ​អភ័យទោស — លីហៃ និង​ក្រុម​លោក​បាន​ថ្វាយ​យញ្ញ​បូជា ហើយ​ថ្វាយ​ដង្វាយ​ដុត​ទាំង​ឡាយ​ដល់​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៦០០—៥៩២ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បន្ទាប់​ពី​ឪពុក​ខ្ញុំ លីហៃ បាន​បញ្ចប់​ការ​ព្យាករណ៍​អំពី​ពូជ​លោក​ហើយ នោះ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ទៀត​ថា ការណ៍​ដែល​លោក គឺ​លីហៃ ត្រូវ​នាំ​គ្រួសារ​ចូល​ក្នុង​ទីរហោស្ថាន​តែ​ឯង​យ៉ាង​នេះ មិន​សមរម្យ​ទេ ប៉ុន្តែ​ថា​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក ត្រូវ​យក​ប្រពន្ធ ដើម្បី​នឹង​អាច​បន្ត​ពូជ​ថ្វាយ​ព្រះ​អម្ចាស់​នៅ​ឯ​ដែនដី​សន្យា។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ទៅ​ឪពុក​ខ្ញុំ​ថា ខ្ញុំ នីហ្វៃ និង​បង​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ ត្រូវ​ត្រឡប់​ទៅ​ឯ​ដែនដី​យេរូសាឡិម​ម្ដង​ទៀត ហើយ​នាំ​អ៊ីសម៉ាអែល និង​គ្រួសារ​លោក ចុះ​មក​ក្នុង​ទីរហោស្ថាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ និង​បង​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ បាន​ធ្វើ​ដំណើរ​កាត់​ទីរហោស្ថាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ឡើង​ទៅ​ដល់​ផ្ទះ​អ៊ីសម៉ាអែល ហើយ​យើង​បាន​ទទួល​ការ​ប្រោសប្រណី​នៅ​ក្នុង​ភ្នែក​នៃ​អ៊ីសម៉ាអែល ដរាប​ដល់​យើង​បាន​ជម្រាប​លោក នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បន្ទន់​ចិត្ត​អ៊ីសម៉ាអែល ហើយ​ព្រម​ទាំង​គ្រួសារ​លោក​ផង ដរាប​ដល់​គេ​ព្រម​ធ្វើ​ដំណើរ​ជាមួយ​នឹង​យើង ចុះ​មក​ក្នុង​ទីរហោស្ថាន មក​កាន់​ត្រសាល​របស់​ឪពុក​ខ្ញុំ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន មើល​ចុះ លេមិន និង​លេមយួល ហើយ​ព្រម​ទាំង​កូន​ស្រី​អ៊ីសម៉ាអែល​ពីរ​នាក់ និង​កូន​ប្រុស​ពីរ​នាក់​របស់​អ៊ីសម៉ាអែល ព្រម​ទាំង​គ្រួសារ​គេ​ទាំង​ឡាយ បាន​បះបោរ​ទាស់​នឹង​យើង មែន​ហើយ ទាស់​នឹង​ខ្ញុំ នីហ្វៃ និង​សាំ និង​ឪពុក​គេ អ៊ីសម៉ាអែល ព្រម​ទាំង​ប្រពន្ធ​លោក ហើយ​នឹង​កូន​ស្រី​លោក​បី​នាក់​ទៀត​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ក្នុង​ការ​បះបោរ​លើក​នេះ គឺ​មក​ពី​គេ​មាន​បំណង​ចង់​ត្រឡប់​ទៅ​ឯ​ដែនដី​យេរូសាឡិម​វិញ។

ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ ព្រួយចិត្ត​ចំពោះ​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​គេ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​និយាយ​ទៅ​ពួក​គេ មែន​ហើយ គឺ​ទៅ​លេមិន និង​លេមយួល​ថា ៖ មើល​ចុះ បង​ទាំង​ពីរ​នាក់ គឺជា​បង​ប្រុស​របស់​ខ្ញុំ ហើយ​ចុះ​ហេតុ​អ្វី​បាន​ជា​ចិត្ត​បងៗ​មាន​ចិត្ត​រឹងរូស ហើយ​មាន​គំនិត​ងងឹតងងល់​ម្ល៉េះ ចាំបាច់​ឲ្យ​ខ្ញុំ​ដែល​ជា​ប្អូន ត្រូវ​និយាយ​ទៅ​កាន់​បងៗ មែន​ហើយ ហើយ​ធ្វើជា​គំរូ​ដល់​ពួក​បង​ទៅ​វិញ?

ចុះ​ហេតុ​អ្វី​បាន​ជា​បងៗ មិន​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់?

១០ចុះ​ហេតុ​អ្វី​បាន​ជា​បងៗ​ភ្លេច​ថា បងៗ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​អម្ចាស់?

១១មែន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​បងៗ ភ្លេច​ពី​រឿង​ដ៏​គួរ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដើម្បី​យើង នៅ​ក្នុង​ការ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ឡាបាន់ ហើយ​ជួយ​យើង​ឲ្យ​យក​បាន​បញ្ជី​ទៀត​ផង?

១២មែន​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​បង​រាល់​គ្នា​ភ្លេច​ថា ព្រះ​អម្ចាស់​ទ្រង់​អាច​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង ទៅ​តាម​ព្រះហឫទ័យ​ទ្រង់ ដើម្បី​កូន​ចៅ​មនុស្ស ប្រសិនបើ​គេ​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អង្គ? ហេតុ​ដូច្នោះ​ហើយ ចូរ​យើង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់​ចុះ។

១៣ហើយ​បើ​យើង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​អង្គ​មែន នោះ​យើង​នឹង​បាន​ទទួល​ដែនដី​សន្យា ហើយ​បង​រាល់​គ្នា​នឹង​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​នឹង​បាន​សម្រេច អំពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម ត្បិត​រឿង​ទាំងអស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល អំពី​សេចក្ដី​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម នោះ​នឹង​ត្រូវ​បាន​សម្រេច។

១៤ត្បិត​មើល​ចុះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​ឈប់​តស៊ូ​ជាមួយ​នឹង​ពួក​គេ​ហើយ ត្បិត​មើល​ចុះ ពួក​គេ​បាន​បោះបង់​ចោល​ពួក​ព្យាការី ព្រម​ទាំង​លោក​យេរេមា ក៏​ត្រូវ​ពួក​គេ​ចាប់​ដាក់​គុក។ ហើយ​ពួក​គេ​បាន​ព្យាយាម​រក​ផ្ដាច់​ជីវិត​របស់​ឪពុក​ខ្ញុំ​ទៀត រហូត​ដល់​គេ​បាន​បណ្ដេញ​លោក​ចេញ​ពី​ដែនដី។

១៥ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ប្រាប់​បង​រាល់​គ្នា​ថា បើសិនជា​បង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ នោះ​បង​រាល់​គ្នា​នឹង​ត្រូវ​វិនាស ដូច​ពួក​គេ​ផង​ដែរ។ ហើយ​ឥឡូវ​នេះ បើសិនជា​បង​រាល់​គ្នា​ដាច់​ចិត្ត ចូរ​ឡើង​ទៅ​ឯ​ដែនដី​នោះ ហើយ​ចូរ​ចាំ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ពោល​ដល់​បង​រាល់​គ្នា​នេះ​ថា បើសិនជា​បង​ទៅ​មែន នោះ​បង​នឹង​វិនាស​បង់ ត្បិត​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​និយាយ​បែប​ដូច្នេះ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ នីហ្វៃ បាន​ពោល​ពាក្យ​ទាំង​នេះ ទៅ​កាន់​បងៗ​របស់​ខ្ញុំ​ហើយ នោះ​ពួក​គេ​ក៏​ខឹង​នឹង​ខ្ញុំ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ដាក់​ដៃ​មក​លើ​ខ្ញុំ ត្បិត​មើល​ចុះ ពួក​គេ​ខឹង​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​ចង​ខ្ញុំ​ដោយ​ខ្សែពួរ ព្រោះ​ពួក​គេ​បាន​ព្យាយាម​រក​ផ្ដាច់​ជីវិត​ខ្ញុំ ដើម្បី​ពួក​គេ​អាច​ទុក​ខ្ញុំ​ចោល​នៅ​ក្នុង​ទីរហោស្ថាន​ឲ្យ​សត្វ​សាហាវ​ស៊ី។

១៧ប៉ុន្តែ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ថា ៖ ឱ ព្រះ​អម្ចាស់​អើយ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ទូលបង្គំ ដែល​មាន​ចំពោះ​ទ្រង់ សូម​ព្រះ​អង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​បងៗ​ទូលបង្គំ​ផង ព្រះ​ពរ សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ផ្ដាច់​ខ្សែ ដែល​ចង​ទូលបង្គំ​នេះ​បាន។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​បាន​ពោល​នូវ​ពាក្យ​ទាំង​នេះ​ហើយ មើល​ចុះ ខ្សែ​ទាំង​នោះ​ក៏​របូត​ចេញ​ពី​ដៃ និង​ពី​ជើង​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​ក៏​ឈរ​នៅ​ពី​មុខ​បងៗ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ពោល​ទៅ​គេ​ទៀត។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ក៏​ខឹង​នឹង​ខ្ញុំ​ទៀត ហើយ​ព្យាយាម​ដាក់​ដៃ​មក​លើ​ខ្ញុំ ប៉ុន្តែ​មើល​ចុះ កូន​ស្រី​អ៊ីសម៉ាអែល​ម្នាក់ មែន​ហើយ និង​ម្ដាយ​នាង​ផង និង​កូន​ប្រុស​អ៊ីសម៉ាអែល​ម្នាក់ បាន​សូម​អង្វរ​បងៗ​ខ្ញុំ ដរាប​ដល់​ពួក​គេ​បាន​បន្ទន់​ចិត្ត​បងៗ​ខ្ញុំ ហើយ​ពួក​គេ​ក៏​ឈប់​ខិតខំ​រក​ផ្ដាច់​ជីវិត​ខ្ញុំ​ទៅ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មាន​ចិត្ត​សោក​ស្ដាយ មក​ពី​អំពើ​ទុច្ចរិត​របស់​គេ ដរាប​ដល់​គេ​បាន​ក្រាប​ចុះ​ចំពោះ​មុខ​ខ្ញុំ ហើយ​អង្វរ​ឲ្យ​ខ្ញុំ​អភ័យទោស​ពួក​គេ ចំពោះ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ខ្ញុំ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អភ័យទោស​ដល់​ពួក​គេ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នូវ​អ្វីៗ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ហើយ​ខ្ញុំ​បាន​ទូន្មាន​ពួក​គេ​ឲ្យ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ សូម​ក្ដី​អភ័យទោស។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ដូច្នោះ។ ហើយ​បន្ទាប់​ពី​គេ​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ហើយ នោះ​យើង​ក៏​បាន​បន្ត​ដំណើរ សំដៅ​ទៅ​ត្រសាល​របស់​ឪពុក​ខ្ញុំ​វិញ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ចុះ​មក​ដល់​ត្រសាល​ឪពុក​យើង​វិញ។ ហើយ​បន្ទាប់​ពី​ខ្ញុំ និង​បងៗ​ខ្ញុំ ហើយ​នឹង​គ្រួសារ​អ៊ីសម៉ាអែល​ទាំងមូល បាន​ចុះ​មក​ដល់​ត្រសាល​ឪពុក​ខ្ញុំ​ហើយ នោះ​ពួក​គេ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ថ្វាយ​យញ្ញ​បូជា ហើយ​ថ្វាយ​ដង្វាយ​ដុត​ទាំង​ឡាយ ដល់​ព្រះ​អង្គ​ផង៕