ព្រះគម្ពីរ
នីហ្វៃ ទី ៣ 29


ជំពូក​ទី ២៩

ការ​ចេញ​មក​នៃ​ព្រះ​គម្ពីរ​មរមន គឺ​ជាទី​សម្គាល់​មួយ​ដែល​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ហើយ​បំពេញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ — ពួក​អ្នក​ដែល​បដិសេធ​វិវរណៈ​ទាំង​ឡាយ និង​អំណោយទាន​ទាំង​ឡាយ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ នោះ​នឹង​ត្រូវ​បណ្ដា​សា។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាលណា​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​សម​នៅ​ក្នុង​ប្រាជ្ញា​របស់​ទ្រង់​ថា ពាក្យ​ទាំង​ឡាយ​នេះ​នឹង​បាន​មក​ដល់​ពួក​សាសន៍​ដទៃ ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ នោះ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​វរបិតា ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​កូន​ចៅ​អ៊ីស្រាអែល​អំពី​ការ​សាង​ពួក​គេ​ឡើង​វិញ​ទៅ​ឯ​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​គេ នោះ​កំពុងតែ​ចាប់​ផ្ដើម​បំពេញ​ហើយ។

ហើយ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ពួក​ព្យាការី​បរិសុទ្ធ​បាន​ថ្លែង នោះ​ក៏​នឹង​បាន​បំពេញ​ដែរ ហើយ​អ្នក​រាល់​គ្នា​ពុំ​ចាំបាច់​និយាយ​ថា ព្រះ​អម្ចាស់​ទ្រង់​ពន្យារ​ពេល​វេលា ដែល​ទ្រង់​នឹង​យាង​មក​រក​កូន​ចៅ​អ៊ីស្រាអែល​នោះ​ឡើយ។

ហើយ​អ្នក​រាល់​គ្នា​ពុំ​ចាំបាច់​ស្មាន​នៅ​ក្នុង​ចិត្ត​ថា ព្រះ​បន្ទូល​ទាំង​ឡាយ​ដែល​បាន​ថ្លែង​មក នោះ​ជា​ការ​ឥត​ប្រយោជន៍​ឡើយ ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹង​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​រាស្ត្រ​ទ្រង់​ជា​វង្ស​អ៊ីស្រាអែល។

ហើយ​កាលណា​អ្នក​រាល់​គ្នា​ឃើញ​ថា ពាក្យ​ទាំង​អស់​នេះ​ចេញ​មក​ក្នុង​ចំណោម​ពួក​អ្នក នោះ​អ្នក​រាល់​គ្នា​ពុំ​ចាំបាច់​មើល​ងាយ​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះ​អម្ចាស់​ត​ទៅ​ទៀត​ឡើយ ត្បិត​ដាវ​នៃ​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​ហស្ត​ស្ដាំ​របស់​ទ្រង់ ហើយ​មើល​ចុះ នៅ​ថ្ងៃ​នោះ បើ​សិន​ជា​អ្នក​រាល់​គ្នា​មើល​ងាយ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដាវ​នោះ​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ក្នុង​ពេល​ដ៏​ខ្លី។

វេទនា​ដល់​អ្នក​ណា ដែល​មើល​ងាយ​ដល់​កិច្ចការ​ទាំង​ឡាយ​របស់​ព្រះ​អម្ចាស់ មែន​ហើយ វេទនា​ដល់​អ្នក​ណា ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ព្រម​ទាំង​កិច្ចការ​ទាំង​ឡាយ​របស់​ទ្រង់​ផង!

មែន​ហើយ វេទនា​ដល់​អ្នក​ណា ដែល​មិន​ព្រម​ទទួល​ស្គាល់​វិវរណៈ​ទាំង​ឡាយ​របស់​ព្រះ​អម្ចាស់ ហើយ​ដែល​នឹង​និយាយ​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​ពុំ​ធ្វើ​ការ​ដោយ​វិវរណៈ​ទៀត​ទេ ឬ​ដោយ​ការ​ព្យាករណ៍ ឬ​ដោយ​អំណោយទាន​ទាំង​ឡាយ ឬ​ដោយ​ភាសា​ទាំង​ឡាយ ឬ​ដោយ​ការ​ប្រោស​ឲ្យ​ជា​ទាំង​ឡាយ ឬ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ។

មែន​ហើយ វេទនា​ដល់​អ្នក​ណា ដែល​នឹង​និយាយ​នៅ​ថ្ងៃ​នោះ ដើម្បី​រក​កម្រៃ​ថា ពុំ​អាច​មាន​ការ​អស្ចារ្យ​ឯណា ដែល​ព្រះ​យេស៊ូវ គ្រីស្ទ​ទ្រង់​នឹង​ធ្វើ​ឡើង​ឡើយ ត្បិត​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នេះ នោះ​នឹង​ក្លាយ​ទៅ​ដូច​ជា​កូន​អន្តរធាន​ហើយ ត្បិត​គ្មាន​សេចក្ដី​មេត្តា​ករុណា​សម្រាប់​អ្នក​នោះ​ឡើយ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ!

មែន​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ស៊ី​ស​ស៊ូ​ស ឬ​មើល​ងាយ ឬ​ចំអក​ដាក់​ពួក​សាសន៍​យូដា ឬ​សំណល់​ឯណា​នៃ​វង្ស​អ៊ីស្រាអែល​ឡើយ ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដល់​ពួក​គេ ហើយ​ទ្រង់​នឹង​ធ្វើ​ដល់​ពួក​គេ ស្រប​តាម​អ្វីៗ​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​គេ។

ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​សន្និដ្ឋាន​ថា អ្នក​រាល់​គ្នា​អាច​បង្វិល​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ​អម្ចាស់​ទៅ​ឯ​ព្រះ​ហស្ត​ឆ្វេង ដើម្បី​កុំ​ឲ្យ​ទ្រង់​អាច​អនុវត្ត​សេចក្ដី​ជំនុំ​ជំរះ​ក្នុង​ការ​បំពេញ​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ដល់​វង្ស​អ៊ីស្រាអែល​នោះ​ឡើយ៕