ព្រះគម្ពីរ
អាលម៉ា 18


ជំពូក​ទី ១៨

ស្ដេច​ឡាម៉ូណៃ​ស្មាន​ថា អាំម៉ូន​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា — អាំម៉ូន​បង្រៀន​ស្ដេច​អំពី​ការ​បង្ក​បង្កើត, អំពី​ទំ​នាក់​ទំនង​នៃ​ព្រះ​ជាមួយ​នឹង​មនុស្ស, និង​អំពី​ការ​ប្រោស​លោះ​ដែល​នឹង​មក​តាម​រយៈ​ព្រះ​គ្រីស្ទ — ឡាម៉ូណៃ​ជឿ ហើយ​ដួល​ទៅ​លើ​ដី ហាក់​ដូច​ជា​សុគត។ ប្រមាណ​ជា​ឆ្នាំ ៩០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ឡាម៉ូណៃ​បាន​បញ្ជា​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឈរ ហើយ​ធ្វើ​បន្ទាល់​នូវ​ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ​អំពី​រឿង​នេះ។

ហើយ​កាល​ពួក​គេ​ទាំង​អស់​គ្នា​បាន​ធ្វើ​បន្ទាល់​ចប់​នូវ​អ្វីៗ​ដែល​គេ​បាន​ឃើញ​ហើយ នោះ​ទ្រង់​បាន​ដឹង​អំពី​ការ​ស្មោះត្រង់​របស់​អាំម៉ូន​ក្នុង​ការ​ថែរក្សា​ហ្វូង​ចៀម​របស់​ទ្រង់ ព្រម​ទាំង​អំណាច​ដ៏​ខ្លាំង​របស់​លោក​ក្នុង​ការ​តតាំង​នឹង​ពួក​ដែល​រក​សម្លាប់​លោក​ចោល ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ហើយ​មាន​បន្ទូល​ថា ៖ ប្រាកដ​ណាស់ នេះ​មិនមែន​ជា​មនុស្ស​ធម្មតា​ទេ។ មើល​ចុះ តើ​នេះ​មិនមែន​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​ដាក់​ទោស​ដ៏​ធំ​មក​លើ​ប្រជាជន​នេះ មក​ពី​អំពើ​ឃាតកម្ម​របស់​គេ​ទេ​ឬ?

ហើយ​ពួក​គេ​ឆ្លើយ​ទូល​ទៅ​ស្ដេច​ថា ៖ យើង​ខ្ញុំ​មិន​ដឹង​ថា អ្នក​នេះ​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ឬ​ជា​មនុស្ស​ទេ ប៉ុន្តែ​យើង​ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា មនុស្ស​នេះ​មិន​អាច​ត្រូវ​សត្រូវ​របស់​ស្ដេច​សម្លាប់​បាន​ឡើយ ហើយ​ពួក​គេ​ក៏​មិន​អាច​បង្អើល​ហ្វូង​ចៀម​របស់​ស្ដេច​បាន​ដែរ នៅ​ពេល​លោក​នៅ​ជាមួយ​នឹង​យើង​ខ្ញុំ មក​ពី​ការ​ជំនាញ និង​កម្លាំង​ដ៏​មហិមា​របស់​លោក ហេតុ​ដូច្នេះ​ហើយ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មិត្ត​ម្នាក់​របស់​ស្ដេច។ ហើយ​ឥឡូវ​នេះ ឱ​ព្រះ​រាជា​អើយ យើង​ខ្ញុំ​មិន​ជឿ​ថា មនុស្ស​នេះ​មាន​អំណាច​ដ៏​ខ្លាំង​បែប​នេះ​ឡើយ ព្រោះ​យើង​ខ្ញុំ​ដឹង​ថា លោក​មិន​អាច​ត្រូវ​គេ​សម្លាប់​បាន​ទេ។

ហើយ​ឥឡូវ​នេះ កាល​ស្ដេច​បាន​ឮ​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ៖ ឥឡូវ​នេះ យើង​ដឹង​ថា នេះ​គឺជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា​មែន ហើយ​លោក​បាន​ចុះ​មក​ក្នុង​ពេល​នេះ ដើម្បី​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ដើម្បី​កុំ​ឲ្យ​យើង​សម្លាប់​អ្នក ដូច​យើង​បាន​សម្លាប់​បង​ប្អូន​អ្នក​មុនៗ​មក។ ឥឡូវ​នេះ នេះ​គឺ​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​ពួក​អយ្យកោ​របស់​យើង​ធ្លាប់​បាន​និយាយ​មក​នោះ​ហើយ។

ឥឡូវ​នេះ នេះ​គឺជា​សណ្ដាប់​របស់​ឡាម៉ូណៃ ដែល​ទ្រង់​បាន​ទទួល​ពី​បិតា​ទ្រង់​ថា មាន​ព្រះ​វិញ្ញាណ​ដ៏​មហិមា​មួយ។ ទោះ​បី​ពួក​គេ​ជឿ​ដល់​ព្រះ​វិញ្ញាណ​ដ៏​មហិមា​ក្ដី គង់តែ​គេ​បាន​គិត​ស្មាន​ថា អ្វីៗ​ដែល​គេ​ធ្វើ​គឺ​ត្រូវ​ទាំង​អស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ឡាម៉ូណៃ​បាន​ចាប់​ផ្ដើម​ខ្លាច​ជា​ខ្លាំង​ដែរ ព្រោះ​ខ្លាចក្រែង​ទ្រង់​បាន​ធ្វើ​ខុស​ក្នុង​ការ​ប្រហារ​ពួក​អ្នក​បម្រើ​របស់​ទ្រង់។

ព្រោះ​ទ្រង់​បាន​សម្លាប់​ពួក​គេ​ជា​ច្រើន​មក​ហើយ ពី​ព្រោះ​បង​ប្អូន​គេ​បាន​ធ្វើ​ឲ្យ​ហ្វូង​ចៀម​បែកខ្ញែក​នៅ​កន្លែង​ទឹក ម្ល៉ោះ​ហើយ មក​ពី​ហ្វូង​ចៀម​របស់​គេ​ត្រូវ​បាន​បែកខ្ញែក ទើប​ពួក​គេ​ត្រូវ​ស្លាប់។

ឥឡូវ​នេះ នេះ​គឺជា​សណ្ដាប់​របស់​ពួក​លេមិន ដែល​ឈរ​នៅ​ក្បែរ​ទឹក​ស៊ីប៊ុស ដើម្បី​ដេញ​បង្អើល​ហ្វូង​ចៀម​របស់​ប្រជាជន ដើម្បី​គេ​អាច​កៀង​ចៀម ដែល​រត់​បែកខ្ញែក​នោះ​ទៅ​ដី​របស់​គេ នោះ​គឺជា​របៀប​ប្លន់​មួយ​របស់​គេ​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ឡាម៉ូណៃ​បាន​សួរ​ទៅ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា ៖ តើ​អ្នក​ដែល​មាន​អំណាច​ដ៏​មហិមា​នេះ​នៅ​ឯណា?

ហើយ​ពួក​គេ​បាន​ទូល​ទៅ​ទ្រង់​ថា ៖ មើល​ចុះ អ្នក​នោះ​កំពុងតែ​ឲ្យ​ស្មៅ​ដល់​សេះ​ទាំង​ឡាយ​របស់​ទ្រង់។ ឥឡូវ​នេះ ស្ដេច​បាន​ប្រើ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ មុន​ពេល​ដែល​គេ​នាំ​ហ្វូង​ចៀម​ទៅ​ផឹកទឹក​ថា ពួក​គេ​ត្រូវ​រៀបចំ​សេះ និង​រាជរថ​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​នាំ​ទ្រង់​ទៅ​ដែនដី​នីហ្វៃ ព្រោះ​មាន​ការ​ជប់​លៀង​មួយ​យ៉ាង​ធំ​នៅ​ដែនដី​នីហ្វៃ ដែល​បាន​ធ្វើ​ឡើង​ដោយ​បិតា​របស់​ឡាម៉ូណៃ គឺជា​ស្ដេច​លើ​ដែនដី​ទាំង​មូល។

១០ឥឡូវ​នេះ កាលដែល​ស្ដេច​ឡាម៉ូណៃ​បាន​ឮ​ថា អាំម៉ូន​កំពុងតែ​រៀបចំ​សេះ និង​រាជរថ​ទាំង​ឡាយ​របស់​ទ្រង់ ទ្រង់​ក៏​កាន់​តែ​មាន​សេចក្ដី​អស្ចារ្យ​មក​ពី​ចិត្ត​ស្មោះត្រង់​របស់​អាំម៉ូន ដោយ​មាន​បន្ទូល​ថា ៖ ប្រាកដជា​គ្មាន​អ្នក​បម្រើ​របស់​យើង​ណាមួយ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដូច​បុរស​នេះ​សោះ ព្រោះ​គាត់​ចាំ​បញ្ជា​របស់​យើង​ទុក​ទាំង​អស់ ហើយ​ក៏​អនុវត្ត​តាម​បញ្ជា​ទាំង​នោះ​ដែរ។

១១ឥឡូវ​នេះ យើង​ដឹង​ប្រាកដ​ថា នេះ​គឺជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា​នោះ​មែន ហើយ​យើង​ចង់​ឲ្យ​គាត់​មក​ជួប​នឹង​យើង តែ​យើង​មិន​ហ៊ាន​សោះ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អាំម៉ូន​បាន​រៀបចំ​សេះ និង​រាជរថ​ទាំង​ឡាយ​រួច​ស្រេច​សម្រាប់​ស្ដេច និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ហើយ នោះ​លោក​បាន​ចូល​ទៅ​គាល់​ស្ដេច ហើយ​លោក​បាន​ឃើញ​ទឹកមុខ​របស់​ស្ដេច​ផ្លាស់​ប្ដូរ ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក​បម្រុង​នឹង​វិល​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់។

១៣ហើយ​អ្នក​បម្រើ​ម្នាក់​របស់​ស្ដេច បាន​និយាយ​ទៅ​លោ​ក​ថា រ៉ាបាណា ប្រែ​ថា ស្ដេច​ដ៏​ធំ ឬ​ឧត្ដម ដោយ​ចាត់​ទុក​ថា ស្ដេច​របស់​គេ​មាន​អានុភាព ម្ល៉ោះ​ហើយ អ្នក​នោះ​និយាយ​ទៅ​លោ​ក​ថា ៖ រ៉ាបាណា ស្ដេច​ចង់​ឲ្យ​អ្នក​នៅ​ទី​នេះ។

១៤ហេតុ​ដូច្នេះ​ហើយ អាំម៉ូន​បាន​បែរ​ទៅ​រក​ស្ដេច ហើយ​ទូល​ទៅ​កាន់​ទ្រង់​ថា ៖ ឱ​ព្រះ​រាជា​អើយ តើ​ព្រះ​អង្គ​ចង់​ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី​ថ្វាយ? ហើយ​ស្ដេច​ពុំ​បាន​ឆ្លើយតប​នឹង​លោក​សោះ អស់​រយៈ​ពេល​មួយ​ម៉ោង តាម​ម៉ោង​របស់​ពួក​គេ ព្រោះ​ទ្រង់​មិន​ដឹង​ជា​និយាយ​ជាមួយ​នឹង​លោក​ដូច​ម្ដេច​ទេ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូន​បាន​ទូល​ទៅ​កាន់​ទ្រង់​ទៀត​ថា ៖ តើ​ព្រះ​អង្គ​ចង់​ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី? តែ​ស្ដេច​ក៏​នៅ​តែ​មិន​ឆ្លើយតប​នឹង​លោក​ទៀត​ឡើយ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូន​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ហេតុ​ដូច្នេះ​ហើយ ទើប​លោក​យល់​គំនិត​របស់​ស្ដេច។ ហើយ​លោក​បាន​ទូល​ទៅ​ទ្រង់​ថា ៖ តើ​ពី​ព្រោះ​ទ្រង់​បាន​ឮ​ថា ទូលបង្គំ​បាន​ការ​ពារ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ និង​ហ្វូង​ចៀម​របស់​ទ្រង់ ហើយ​បាន​សម្លាប់​ពួក​គេ​ចំនួន​ប្រាំពីរ​នាក់​ដោយ​ខ្សែ​ដង្ហក់ និង​ដាវ ហើយ​បាន​កាត់​ផ្ដាច់​ដៃ​របស់​អ្នក​ឯ​ទៀត​ដើម្បី​ការ​ពារ​ហ្វូង​ចៀម និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ មើល​ចុះ តើ​ការណ៍​នេះ​ឬ​ដែល​បណ្ដា​ល​ឲ្យ​ទ្រង់​ឆ្ងល់?

១៧ទូលបង្គំ​សូម​ទូល​សួរ​ទ្រង់ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ឆ្ងល់​ដ៏​ខ្លាំង​បែប​នេះ? មើល​ចុះ ទូលបង្គំ​ជា​មនុស្ស​ទេតើ ហើយ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទោះ​ជា​ទ្រង់​ចង់​ឲ្យ​ទូលបង្គំ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​ជា​ការ​ត្រូវ គង់តែ​ទូលបង្គំ​នឹង​ធ្វើ​ទាំង​អស់។

១៨ឥឡូវ​នេះ កាលដែល​ស្ដេច​បាន​ឮ​ពាក្យ​ទាំង​នេះ​ហើយ ទ្រង់​ក៏​កាន់តែ​ឆ្ងល់​ឡើង​ទៀត ព្រោះ​ទ្រង់​ឃើញ​ថា អាំម៉ូន​អាច​យល់​គំនិត​របស់​ទ្រង់ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គង់តែ​ស្ដេច​ឡាម៉ូណៃ​បាន​បើក​ព្រះ​ឱស្ឋ​ដែរ ហើយ​មាន​បន្ទូល​ទៅ​លោ​ក​ថា ៖ តើ​លោក​ជា​នរ​ណា? តើ​លោក​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​ជ្រាប​រឿង​ទាំង​អស់​នោះ​ឬ​អី?

១៩អាំម៉ូន​បាន​ឆ្លើយ ហើយ​ទូល​ទៅ​ទ្រង់​ថា ៖ ទេ ទូលបង្គំ​មិនមែន​ទេ។

២០ហើយ​ស្ដេច​មាន​បន្ទូល​ថា ៖ ម្ដេច​ក៏​លោក​ជ្រាប​គំនិត ដែល​នៅ​ក្នុង​ចិត្ត​យើង​បាន? ចូរ​និយាយ​ដោយ​ក្លាហាន ហើយ​ប្រាប់​យើង​អំពី​រឿង​ទាំង​នេះ​ចុះ ហើយ​ចូរ​ប្រាប់​យើង​ផង​ថា តើ​ដោយ​អំណាច​អ្វី​ដែល​លោក​បាន​សម្លាប់ ហើយ​កាត់​ដៃ​បង​ប្អូន​ដែល​បាន​បង្អើល​ហ្វូង​ចៀម​របស់​យើង​នោះ —

២១ហើយ​ឥឡូវ​នេះ បើ​សិន​ជា​លោក​ប្រាប់​យើង​អំពី​រឿង​ទាំង​នេះ នោះ​លោក​ចង់​បាន​អ្វី​ក៏​យើង​ឲ្យ​ដែរ ហើយ​ប្រសិនបើ​ជា​ការ​ចាំ​បាច់ យើង​នឹង​ការ​ពារ​លោក​ដោយ​ពល​ទ័ព​របស់​យើង តែ​យើង​ដឹង​ថា លោក​មាន​អំណាច​ជាង​អស់​ទាំង​ពល​ទ័ព​យើង​ទៅ​ទៀត ក៏​ប៉ុន្តែ​ទោះ​ជា​អ្វី​ក៏​ដោយ ដែល​លោក​ចង់​បាន​ពី​យើង ក៏​យើង​នឹង​ឲ្យ​លោក​ដែរ។

២២ឥឡូវ​នេះ អាំម៉ូន ជា​មនុស្ស​ឈ្លាសវៃ តែ​មិន​បៀតបៀន​អ្នក​ណា​ឡើយ នោះ​លោក​បាន​ទូល​ទៅ​ឡាម៉ូណៃ​ថា ៖ តើ​ព្រះ​អង្គ​នឹង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ទូលបង្គំ​ទេ បើ​សិន​ជា​ទូលបង្គំ​ប្រាប់​ព្រះ​អង្គ​ថា​ដោយ​អំណាច​អ្វី​ដែល​ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ? នេះ​ហើយ​គឺ​ការណ៍​ដែល​ទូលបង្គំ​ចង់​បាន​ពី​ព្រះ​អង្គ។

២៣ហើយ​ស្ដេច​បាន​ឆ្លើយតប​ទៅ​លោក​ថា ៖ មែន​ហើយ យើង​នឹង​ជឿ​ពាក្យ​លោក​ទាំង​អស់។ ហើយ​ដោយ​ហេតុ​នេះ ទ្រង់​ក៏​បាន​ជាប់​ក្នុង​កលោបាយ។

២៤ហើយ​អាំម៉ូន​បាន​ចាប់​ផ្ដើម​ទូល​ទៅ​ទ្រង់ ដោយ​ក្លាហាន ហើយ​ទូល​ទ្រង់​ថា ៖ តើ​ព្រះ​អង្គ​ជឿ​ថា មាន​ព្រះ​ឬ​ទេ?

២៥ហើយ​ទ្រង់​បាន​ឆ្លើយ​តប ហើយ​មាន​បន្ទូល​ទៅ​លោក​វិញ​ថា ៖ យើង​មិន​ដឹង​ថា ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា​ទេ។

២៦ហើយ​ខណៈ​នោះ អាំម៉ូន​បាន​ទូល​ថា ៖ តើ​ព្រះ​អង្គ​ជឿ​ថា មាន​ព្រះ​វិញ្ញាណ​ដ៏​មហិមា​មួយ​ឬ​ទេ?

២៧ហើយ​ទ្រង់​បាន​និយាយ​ថា ជឿ។

២៨ហើយ​អាំម៉ូន​បាន​ទូល​ថា ៖ នេះ​ហើយ​ជា​ព្រះ។ ហើយ​អាំម៉ូន​បាន​ទូល​ទៅ​ទ្រង់​ទៀត​ថា ៖ តើ​ព្រះ​អង្គ​ជឿ​ថា ព្រះ​វិញ្ញាណ​ដ៏​មហិមា​នេះ ដែល​ជា​ព្រះ​បាន​បង្កើត​របស់​សព្វ​សារពើ ដែល​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី​ឬ​ទេ?

២៩ហើយ​ទ្រង់​មាន​បន្ទូល​ថា ៖ មែន​ហើយ យើង​ជឿ​ថា ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី តែ​យើង​មិន​ដឹង​ថា ស្ថានសួគ៌​ជា​អ្វី​ទេ។

៣០ហើយ​អាំម៉ូន​បាន​ទូល​ទៅ​ទ្រង់​ថា ៖ ស្ថានសួគ៌​គឺជា​ទីកន្លែង​ដែល​ព្រះ និង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​របស់​ទ្រង់​គង់នៅ។

៣១ហើយ​ស្ដេច​ឡាម៉ូណៃ​បាន​និយាយ​ថា ៖ តើ​នៅ​ពីលើ​ផែនដី​ឬ?

៣២ហើយ​អាំម៉ូន​បាន​ទូល​ថា ៖ ក្រាបទូល ហើយ​ទ្រង់​សម្លឹង​ចុះ​មក​ក្រោម ទត​មើល​កូន​ចៅ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​ជ្រាប​នូវ​គំនិត​ទាំង​អស់ និង​បំណង​ទាំង​អស់​នៅ​ក្នុង​ចិត្ត ព្រោះ​ដោយ​ព្រះ​ហស្ត​របស់​ទ្រង់​នោះ​ហើយ ដែល​របស់​សព្វ​សារពើ​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​ពី​ដើមដំបូង​មក​ម្ល៉េះ។

៣៣ហើយ​ស្ដេច​ឡាម៉ូណៃ​មាន​បន្ទូល​ថា ៖ យើង​ជឿ​ការណ៍​ដែល​លោក​និយាយ​ទាំង​អស់​នេះ។ ចុះ​តើ​ព្រះ​ទ្រង់​បាន​ចាត់​លោក​ឲ្យ​មក​ឬ?

៣៤អាំម៉ូន​បាន​ទូល​ទៅ​ទ្រង់​ថា ៖ ទូលបង្គំ​ជា​មនុស្ស​ម្នាក់ ហើយ​កាលពី​ដើមដំបូង​ឡើយ មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង តាម​រូប​ភាព​នៃ​ព្រះ ហើយ​ទូលបង្គំ​ក៏​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​មក​បង្រៀន​ពី​ការណ៍​ទាំង​នេះ​ដល់​ប្រជាជន​នេះ ដើម្បី​នាំ​ឲ្យ​គេ​ស្គាល់​នូវ​អ្វីៗ​ដែល​ត្រឹម​ត្រូវ ហើយ​ពិត

៣៥ហើយ​មួយ​នៃ​ព្រះ​វិញ្ញាណ​នេះ​គង់នៅ​ក្នុង​ទូលបង្គំ ដែល​ប្រទាន​ដល់​ទូលបង្គំ​នូវ​តម្រិះ និង​អំណាច​ផង ស្រប​តាម​សេចក្ដី​ជំនឿ និង​បំណង​របស់​ទូលបង្គំ​ដែល​នៅ​ក្នុង​ព្រះ។

៣៦ឥឡូវ​នេះ កាល​អាំម៉ូន​បាន​និយាយ​ពាក្យ​អស់​ទាំង​នេះ​ចប់​អស់​ហើយ នោះ​លោក​ក៏​ចាប់​ផ្ដើម​និយាយ​អំពី​ការ​បង្ក​បង្កើត​លោកិយ ព្រម​ទាំង​ការ​បង្កើត​លោក​អ័ដាម​ផង ហើយ​បាន​ប្រាប់​ទ្រង់​នូវ​ការណ៍​ទាំង​អស់ អំពី​ការ​ធ្លាក់​នៃ​មនុស្ស ហើយ​បាន​និយាយ​សារ​ឡើង​វិញ និង​លាតត្រដាង​នៅ​ចំពោះ​ទ្រង់​នូវ​បញ្ជី​ទាំង​ឡាយ និង​បទគម្ពីរ​ទាំង​ឡាយ​នៃ​ប្រជាជន ដែល​បាន​និយាយ​ដោយ​ពួក​ព្យាការី រហូត​មក​ដល់​ពេល​ដែល​លីហៃ ជា​អយ្យកោ​របស់​លោក បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

៣៧ហើយ​លោក​ក៏​បាន​និយាយ​សារ​ឡើង​វិញ​ឲ្យ​ពួក​គេ​ស្ដាប់ (ព្រោះ​លោក​និយាយ​ទៅ​ស្ដេច និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់) នូវ​ការ​ធ្វើ​ដំណើរ​ទាំង​អស់​របស់​ពួក​អយ្យកោ​លោក​នៅ​ក្នុង​ទី​រហោស្ថាន និង​ការ​ឈឺ​ចាប់​របស់​គេ ដោយ​ការ​ស្រេកឃ្លាន និង​ទុក្ខ​របស់​គេ​ជាដើម។

៣៨ហើយ​លោក​ក៏​បាន​និយាយ​សារ​ឡើង​វិញ​ប្រាប់​ពួក​គេ អំពី​ការ​បះបោរ​របស់​លេមិន និង​លេមយួល និង​កូន​ប្រុសៗ​ទាំង​អស់​របស់​អ៊ីសម៉ាអែល​ដែរ មែន​ហើយ គឺ​អស់​ទាំង​ការ​បះបោរ​របស់​ពួក​គេ នោះ​លោក​បាន​រៀប​រាប់​ប្រាប់​គេ ហើយ​លោក​បាន​អធិប្បាយ​ប្រាប់​គេ​នូវ​បញ្ជី និង​បទគម្ពីរ​ទាំង​អស់ ចាប់​ពី​ពេល​ដែល​លីហៃ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

៣៩ប៉ុន្តែ ការណ៍​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ព្រោះ​លោក​បាន​អធិប្បាយ​ប្រាប់​គេ អំពី​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក ហើយ​លោក​ក៏​បាន​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ហើយ​លោក​បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ​កិច្ចការ​ទាំង​អស់​នៃ​ព្រះ​អម្ចាស់។

៤០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​លោក​បាន​ប្រាប់​រឿង​អស់​ទាំង​នេះ ហើយ​បាន​អធិប្បាយ​រឿង​ទាំង​នេះ​ដល់​ស្ដេច​ហើយ នោះ​ស្ដេច​ក៏​ជឿ​តាម​ពាក្យ​ទាំង​អស់​របស់​លោក។

៤១ហើយ​ទ្រង់​បាន​ចាប់​ផ្ដើម​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ សូម​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា តាម​សេចក្ដី​មេត្តាករុណា​ដ៏​បរិបូរ ដែល​ទ្រង់​ធ្លាប់​មាន​ដល់​ប្រជាជន​នីហ្វៃ​មក​លើ​ទូលបង្គំ និង​ប្រជាជន​របស់​ទូលបង្គំ​ផង​ចុះ។

៤២ហើយ​ឥឡូវ​នេះ កាល​ទ្រង់​បាន​ពោល​ដូច្នេះ​ហើយ នោះ​ទ្រង់​ក៏​ដួល​ចុះ​ទៅ​លើ​ដី​ហាក់​ដូច​ជា​សុគត។

៤៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន​សែង​ទ្រង់​ចូល​ទៅ​ឲ្យ​អគ្គមហេសី​ទ្រង់ ហើយ​បាន​ដាក់​ទ្រង់​ចុះ​នៅ​លើ​គ្រែ ហើយ​ទ្រង់​បាន​ផ្ទំ​ហាក់​ដូច​ជា​សុគត​អស់​រយៈ​ពេល​ពីរ​ថ្ងៃ និង​ពីរ​យប់ ហើយ​អគ្គមហេសី​ទ្រង់ និង​ពួក​បុត្រា​ទ្រង់ និង​ពួក​បុត្រី ទ្រង់​បាន​កាន់ទុក្ខ​ឲ្យ​ទ្រង់ តាម​របៀប​ពួក​លេមិន​ដោយ​ទួញ​សោក​ចំពោះ​ការ​បាត់បង់​រូប​ទ្រង់៕