ជំពូកទី ១៨
ស្ដេចឡាម៉ូណៃស្មានថា អាំម៉ូនជាព្រះវិញ្ញាណដ៏មហិមា — អាំម៉ូនបង្រៀនស្ដេចអំពីការបង្កបង្កើត, អំពីទំនាក់ទំនងនៃព្រះជាមួយនឹងមនុស្ស, និងអំពីការប្រោសលោះដែលនឹងមកតាមរយៈព្រះគ្រីស្ទ — ឡាម៉ូណៃជឿ ហើយដួលទៅលើដី ហាក់ដូចជាសុគត។ ប្រមាណជាឆ្នាំ ៩០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ស្ដេចឡាម៉ូណៃបានបញ្ជាឲ្យពួកអ្នកបម្រើរបស់ទ្រង់ ឈរ ហើយធ្វើបន្ទាល់នូវការណ៍ទាំងអស់ ដែលគេបានឃើញអំពីរឿងនេះ។
២ហើយកាលពួកគេទាំងអស់គ្នាបានធ្វើបន្ទាល់ចប់នូវអ្វីៗដែលគេបានឃើញហើយ នោះទ្រង់បានដឹងអំពីការស្មោះត្រង់របស់អាំម៉ូនក្នុងការថែរក្សាហ្វូងចៀមរបស់ទ្រង់ ព្រមទាំងអំណាចដ៏ខ្លាំងរបស់លោកក្នុងការតតាំងនឹងពួកដែលរកសម្លាប់លោកចោល ទ្រង់ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ហើយមានបន្ទូលថា ៖ ប្រាកដណាស់ នេះមិនមែនជាមនុស្សធម្មតាទេ។ មើលចុះ តើនេះមិនមែនជាព្រះវិញ្ញាណដ៏មហិមា ដែលដាក់ទោសដ៏ធំមកលើប្រជាជននេះ មកពីអំពើឃាតកម្មរបស់គេទេឬ?
៣ហើយពួកគេឆ្លើយទូលទៅស្ដេចថា ៖ យើងខ្ញុំមិនដឹងថា អ្នកនេះជាព្រះវិញ្ញាណដ៏មហិមា ឬជាមនុស្សទេ ប៉ុន្តែយើងខ្ញុំដឹងតែប៉ុណ្ណេះថា មនុស្សនេះមិនអាចត្រូវសត្រូវរបស់ស្ដេចសម្លាប់បានឡើយ ហើយពួកគេក៏មិនអាចបង្អើលហ្វូងចៀមរបស់ស្ដេចបានដែរ នៅពេលលោកនៅជាមួយនឹងយើងខ្ញុំ មកពីការជំនាញ និងកម្លាំងដ៏មហិមារបស់លោក ហេតុដូច្នេះហើយ យើងខ្ញុំដឹងថា លោកជាមិត្តម្នាក់របស់ស្ដេច។ ហើយឥឡូវនេះ ឱព្រះរាជាអើយ យើងខ្ញុំមិនជឿថា មនុស្សនេះមានអំណាចដ៏ខ្លាំងបែបនេះឡើយ ព្រោះយើងខ្ញុំដឹងថា លោកមិនអាចត្រូវគេសម្លាប់បានទេ។
៤ហើយឥឡូវនេះ កាលស្ដេចបានឮពាក្យទាំងនេះរួចហើយ នោះទ្រង់មានបន្ទូលទៅគេថា ៖ ឥឡូវនេះ យើងដឹងថា នេះគឺជាព្រះវិញ្ញាណដ៏មហិមាមែន ហើយលោកបានចុះមកក្នុងពេលនេះ ដើម្បីរក្សាជីវិតអ្នករាល់គ្នាដើម្បីកុំឲ្យយើងសម្លាប់អ្នក ដូចយើងបានសម្លាប់បងប្អូនអ្នកមុនៗមក។ ឥឡូវនេះ នេះគឺព្រះវិញ្ញាណដ៏មហិមា ដែលពួកអយ្យកោរបស់យើងធ្លាប់បាននិយាយមកនោះហើយ។
៥ឥឡូវនេះ នេះគឺជាសណ្ដាប់របស់ឡាម៉ូណៃ ដែលទ្រង់បានទទួលពីបិតាទ្រង់ថា មានព្រះវិញ្ញាណដ៏មហិមាមួយ។ ទោះបីពួកគេជឿដល់ព្រះវិញ្ញាណដ៏មហិមាក្ដី គង់តែគេបានគិតស្មានថា អ្វីៗដែលគេធ្វើគឺត្រូវទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ គង់តែឡាម៉ូណៃបានចាប់ផ្ដើមខ្លាចជាខ្លាំងដែរ ព្រោះខ្លាចក្រែងទ្រង់បានធ្វើខុសក្នុងការប្រហារពួកអ្នកបម្រើរបស់ទ្រង់។
៦ព្រោះទ្រង់បានសម្លាប់ពួកគេជាច្រើនមកហើយ ពីព្រោះបងប្អូនគេបានធ្វើឲ្យហ្វូងចៀមបែកខ្ញែកនៅកន្លែងទឹក ម្ល៉ោះហើយ មកពីហ្វូងចៀមរបស់គេត្រូវបានបែកខ្ញែក ទើបពួកគេត្រូវស្លាប់។
៧ឥឡូវនេះ នេះគឺជាសណ្ដាប់របស់ពួកលេមិន ដែលឈរនៅក្បែរទឹកស៊ីប៊ុស ដើម្បីដេញបង្អើលហ្វូងចៀមរបស់ប្រជាជន ដើម្បីគេអាចកៀងចៀម ដែលរត់បែកខ្ញែកនោះទៅដីរបស់គេ នោះគឺជារបៀបប្លន់មួយរបស់គេដែរ។
៨ហើយហេតុការណ៍បានកើតឡើងថា ស្ដេចឡាម៉ូណៃបានសួរទៅពួកអ្នកបម្រើរបស់ទ្រង់ថា ៖ តើអ្នកដែលមានអំណាចដ៏មហិមានេះនៅឯណា?
៩ហើយពួកគេបានទូលទៅទ្រង់ថា ៖ មើលចុះ អ្នកនោះកំពុងតែឲ្យស្មៅដល់សេះទាំងឡាយរបស់ទ្រង់។ ឥឡូវនេះ ស្ដេចបានប្រើពួកអ្នកបម្រើរបស់ទ្រង់ មុនពេលដែលគេនាំហ្វូងចៀមទៅផឹកទឹកថា ពួកគេត្រូវរៀបចំសេះ និងរាជរថទាំងឡាយរបស់ទ្រង់ ហើយនាំទ្រង់ទៅដែនដីនីហ្វៃ ព្រោះមានការជប់លៀងមួយយ៉ាងធំនៅដែនដីនីហ្វៃ ដែលបានធ្វើឡើងដោយបិតារបស់ឡាម៉ូណៃ គឺជាស្ដេចលើដែនដីទាំងមូល។
១០ឥឡូវនេះ កាលដែលស្ដេចឡាម៉ូណៃបានឮថា អាំម៉ូនកំពុងតែរៀបចំសេះ និងរាជរថទាំងឡាយរបស់ទ្រង់ ទ្រង់ក៏កាន់តែមានសេចក្ដីអស្ចារ្យមកពីចិត្តស្មោះត្រង់របស់អាំម៉ូន ដោយមានបន្ទូលថា ៖ ប្រាកដជាគ្មានអ្នកបម្រើរបស់យើងណាមួយដែលមានចិត្តស្មោះត្រង់ដូចបុរសនេះសោះ ព្រោះគាត់ចាំបញ្ជារបស់យើងទុកទាំងអស់ ហើយក៏អនុវត្តតាមបញ្ជាទាំងនោះដែរ។
១១ឥឡូវនេះ យើងដឹងប្រាកដថា នេះគឺជាព្រះវិញ្ញាណដ៏មហិមានោះមែន ហើយយើងចង់ឲ្យគាត់មកជួបនឹងយើង តែយើងមិនហ៊ានសោះ។
១២ហើយហេតុការណ៍បានកើតឡើងថា កាលដែលអាំម៉ូនបានរៀបចំសេះ និងរាជរថទាំងឡាយរួចស្រេចសម្រាប់ស្ដេច និងពួកអ្នកបម្រើរបស់ទ្រង់ហើយ នោះលោកបានចូលទៅគាល់ស្ដេច ហើយលោកបានឃើញទឹកមុខរបស់ស្ដេចផ្លាស់ប្ដូរ ហេតុដូច្នេះហើយ បានជាលោកបម្រុងនឹងវិលចេញពីវត្តមានរបស់ទ្រង់។
១៣ហើយអ្នកបម្រើម្នាក់របស់ស្ដេច បាននិយាយទៅលោកថា រ៉ាបាណា ប្រែថា ស្ដេចដ៏ធំ ឬឧត្ដម ដោយចាត់ទុកថា ស្ដេចរបស់គេមានអានុភាព ម្ល៉ោះហើយ អ្នកនោះនិយាយទៅលោកថា ៖ រ៉ាបាណា ស្ដេចចង់ឲ្យអ្នកនៅទីនេះ។
១៤ហេតុដូច្នេះហើយ អាំម៉ូនបានបែរទៅរកស្ដេច ហើយទូលទៅកាន់ទ្រង់ថា ៖ ឱព្រះរាជាអើយ តើព្រះអង្គចង់ឲ្យទូលបង្គំធ្វើអ្វីថ្វាយ? ហើយស្ដេចពុំបានឆ្លើយតបនឹងលោកសោះ អស់រយៈពេលមួយម៉ោង តាមម៉ោងរបស់ពួកគេ ព្រោះទ្រង់មិនដឹងជានិយាយជាមួយនឹងលោកដូចម្ដេចទេ។
១៥ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូនបានទូលទៅកាន់ទ្រង់ទៀតថា ៖ តើព្រះអង្គចង់ឲ្យទូលបង្គំធ្វើអ្វី? តែស្ដេចក៏នៅតែមិនឆ្លើយតបនឹងលោកទៀតឡើយ។
១៦ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូនបានពោរពេញទៅដោយព្រះវិញ្ញាណនៃព្រះ ហេតុដូច្នេះហើយ ទើបលោកយល់គំនិតរបស់ស្ដេច។ ហើយលោកបានទូលទៅទ្រង់ថា ៖ តើពីព្រោះទ្រង់បានឮថា ទូលបង្គំបានការពារពួកអ្នកបម្រើរបស់ទ្រង់ និងហ្វូងចៀមរបស់ទ្រង់ ហើយបានសម្លាប់ពួកគេចំនួនប្រាំពីរនាក់ដោយខ្សែដង្ហក់ និងដាវ ហើយបានកាត់ផ្ដាច់ដៃរបស់អ្នកឯទៀតដើម្បីការពារហ្វូងចៀម និងពួកអ្នកបម្រើរបស់ទ្រង់ មើលចុះ តើការណ៍នេះឬដែលបណ្ដាលឲ្យទ្រង់ឆ្ងល់?
១៧ទូលបង្គំសូមទូលសួរទ្រង់ តើអ្វីទៅដែលធ្វើឲ្យទ្រង់ឆ្ងល់ដ៏ខ្លាំងបែបនេះ? មើលចុះ ទូលបង្គំជាមនុស្សទេតើ ហើយជាអ្នកបម្រើរបស់ទ្រង់ ហេតុដូច្នេះហើយ ទោះជាទ្រង់ចង់ឲ្យទូលបង្គំធ្វើអ្វីក៏ដោយ ឲ្យតែជាការត្រូវ គង់តែទូលបង្គំនឹងធ្វើទាំងអស់។
១៨ឥឡូវនេះ កាលដែលស្ដេចបានឮពាក្យទាំងនេះហើយ ទ្រង់ក៏កាន់តែឆ្ងល់ឡើងទៀត ព្រោះទ្រង់ឃើញថា អាំម៉ូនអាចយល់គំនិតរបស់ទ្រង់ តែទោះជាយ៉ាងនេះក៏ដោយ គង់តែស្ដេចឡាម៉ូណៃបានបើកព្រះឱស្ឋដែរ ហើយមានបន្ទូលទៅលោកថា ៖ តើលោកជានរណា? តើលោកជាព្រះវិញ្ញាណដ៏មហិមា ដែលជ្រាបរឿងទាំងអស់នោះឬអី?
១៩អាំម៉ូនបានឆ្លើយ ហើយទូលទៅទ្រង់ថា ៖ ទេ ទូលបង្គំមិនមែនទេ។
២០ហើយស្ដេចមានបន្ទូលថា ៖ ម្ដេចក៏លោកជ្រាបគំនិត ដែលនៅក្នុងចិត្តយើងបាន? ចូរនិយាយដោយក្លាហាន ហើយប្រាប់យើងអំពីរឿងទាំងនេះចុះ ហើយចូរប្រាប់យើងផងថា តើដោយអំណាចអ្វីដែលលោកបានសម្លាប់ ហើយកាត់ដៃបងប្អូនដែលបានបង្អើលហ្វូងចៀមរបស់យើងនោះ —
២១ហើយឥឡូវនេះ បើសិនជាលោកប្រាប់យើងអំពីរឿងទាំងនេះ នោះលោកចង់បានអ្វីក៏យើងឲ្យដែរ ហើយប្រសិនបើជាការចាំបាច់ យើងនឹងការពារលោកដោយពលទ័ពរបស់យើង តែយើងដឹងថា លោកមានអំណាចជាងអស់ទាំងពលទ័ពយើងទៅទៀត ក៏ប៉ុន្តែទោះជាអ្វីក៏ដោយ ដែលលោកចង់បានពីយើង ក៏យើងនឹងឲ្យលោកដែរ។
២២ឥឡូវនេះ អាំម៉ូន ជាមនុស្សឈ្លាសវៃ តែមិនបៀតបៀនអ្នកណាឡើយ នោះលោកបានទូលទៅឡាម៉ូណៃថា ៖ តើព្រះអង្គនឹងស្ដាប់តាមពាក្យសម្ដីរបស់ទូលបង្គំទេ បើសិនជាទូលបង្គំប្រាប់ព្រះអង្គថាដោយអំណាចអ្វីដែលទូលបង្គំបានធ្វើការទាំងនេះ? នេះហើយគឺការណ៍ដែលទូលបង្គំចង់បានពីព្រះអង្គ។
២៣ហើយស្ដេចបានឆ្លើយតបទៅលោកថា ៖ មែនហើយ យើងនឹងជឿពាក្យលោកទាំងអស់។ ហើយដោយហេតុនេះ ទ្រង់ក៏បានជាប់ក្នុងកលោបាយ។
២៤ហើយអាំម៉ូនបានចាប់ផ្ដើមទូលទៅទ្រង់ ដោយក្លាហាន ហើយទូលទ្រង់ថា ៖ តើព្រះអង្គជឿថា មានព្រះឬទេ?
២៥ហើយទ្រង់បានឆ្លើយតប ហើយមានបន្ទូលទៅលោកវិញថា ៖ យើងមិនដឹងថា ពាក្យនេះមានន័យយ៉ាងណាទេ។
២៦ហើយខណៈនោះ អាំម៉ូនបានទូលថា ៖ តើព្រះអង្គជឿថា មានព្រះវិញ្ញាណដ៏មហិមាមួយឬទេ?
២៧ហើយទ្រង់បាននិយាយថា ជឿ។
២៨ហើយអាំម៉ូនបានទូលថា ៖ នេះហើយជាព្រះ។ ហើយអាំម៉ូនបានទូលទៅទ្រង់ទៀតថា ៖ តើព្រះអង្គជឿថា ព្រះវិញ្ញាណដ៏មហិមានេះ ដែលជាព្រះបានបង្កើតរបស់សព្វសារពើ ដែលនៅលើស្ថានសួគ៌ និងនៅលើផែនដីឬទេ?
២៩ហើយទ្រង់មានបន្ទូលថា ៖ មែនហើយ យើងជឿថា ទ្រង់បានបង្កើតរបស់សព្វសារពើនៅលើផែនដី តែយើងមិនដឹងថា ស្ថានសួគ៌ជាអ្វីទេ។
៣០ហើយអាំម៉ូនបានទូលទៅទ្រង់ថា ៖ ស្ថានសួគ៌គឺជាទីកន្លែងដែលព្រះ និងពួកទេវតាបរិសុទ្ធទាំងអស់របស់ទ្រង់គង់នៅ។
៣១ហើយស្ដេចឡាម៉ូណៃបាននិយាយថា ៖ តើនៅពីលើផែនដីឬ?
៣២ហើយអាំម៉ូនបានទូលថា ៖ ក្រាបទូល ហើយទ្រង់សម្លឹងចុះមកក្រោម ទតមើលកូនចៅមនុស្សទាំងអស់ ហើយទ្រង់ជ្រាបនូវគំនិតទាំងអស់ និងបំណងទាំងអស់នៅក្នុងចិត្ត ព្រោះដោយព្រះហស្តរបស់ទ្រង់នោះហើយ ដែលរបស់សព្វសារពើត្រូវបានបង្កើតឡើងចាប់ពីដើមដំបូងមកម្ល៉េះ។
៣៣ហើយស្ដេចឡាម៉ូណៃមានបន្ទូលថា ៖ យើងជឿការណ៍ដែលលោកនិយាយទាំងអស់នេះ។ ចុះតើព្រះទ្រង់បានចាត់លោកឲ្យមកឬ?
៣៤អាំម៉ូនបានទូលទៅទ្រង់ថា ៖ ទូលបង្គំជាមនុស្សម្នាក់ ហើយកាលពីដើមដំបូងឡើយ មនុស្សត្រូវបានបង្កើតឡើង តាមរូបភាពនៃព្រះ ហើយទូលបង្គំក៏ត្រូវបានហៅដោយព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់ឲ្យមកបង្រៀនពីការណ៍ទាំងនេះដល់ប្រជាជននេះ ដើម្បីនាំឲ្យគេស្គាល់នូវអ្វីៗដែលត្រឹមត្រូវ ហើយពិត
៣៥ហើយមួយនៃព្រះវិញ្ញាណនេះគង់នៅក្នុងទូលបង្គំ ដែលប្រទានដល់ទូលបង្គំនូវតម្រិះ និងអំណាចផង ស្របតាមសេចក្ដីជំនឿ និងបំណងរបស់ទូលបង្គំដែលនៅក្នុងព្រះ។
៣៦ឥឡូវនេះ កាលអាំម៉ូនបាននិយាយពាក្យអស់ទាំងនេះចប់អស់ហើយ នោះលោកក៏ចាប់ផ្ដើមនិយាយអំពីការបង្កបង្កើតលោកិយ ព្រមទាំងការបង្កើតលោកអ័ដាមផង ហើយបានប្រាប់ទ្រង់នូវការណ៍ទាំងអស់ អំពីការធ្លាក់នៃមនុស្ស ហើយបាននិយាយសារឡើងវិញ និងលាតត្រដាងនៅចំពោះទ្រង់នូវបញ្ជីទាំងឡាយ និងបទគម្ពីរទាំងឡាយនៃប្រជាជន ដែលបាននិយាយដោយពួកព្យាការី រហូតមកដល់ពេលដែលលីហៃ ជាអយ្យកោរបស់លោក បានចាកចេញពីក្រុងយេរូសាឡិមមក។
៣៧ហើយលោកក៏បាននិយាយសារឡើងវិញឲ្យពួកគេស្ដាប់ (ព្រោះលោកនិយាយទៅស្ដេច និងពួកអ្នកបម្រើរបស់ទ្រង់) នូវការធ្វើដំណើរទាំងអស់របស់ពួកអយ្យកោលោកនៅក្នុងទីរហោស្ថាន និងការឈឺចាប់របស់គេ ដោយការស្រេកឃ្លាន និងទុក្ខរបស់គេជាដើម។
៣៨ហើយលោកក៏បាននិយាយសារឡើងវិញប្រាប់ពួកគេ អំពីការបះបោររបស់លេមិន និងលេមយួល និងកូនប្រុសៗទាំងអស់របស់អ៊ីសម៉ាអែលដែរ មែនហើយ គឺអស់ទាំងការបះបោររបស់ពួកគេ នោះលោកបានរៀបរាប់ប្រាប់គេ ហើយលោកបានអធិប្បាយប្រាប់គេនូវបញ្ជី និងបទគម្ពីរទាំងអស់ ចាប់ពីពេលដែលលីហៃបានចាកចេញពីក្រុងយេរូសាឡិម រហូតមកដល់ពេលបច្ចុប្បន្ននេះ។
៣៩ប៉ុន្តែ ការណ៍នេះពុំទាន់អស់នៅឡើយទេ ព្រោះលោកបានអធិប្បាយប្រាប់គេ អំពីផែនការនៃសេចក្ដីប្រោសលោះ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីកំណើតលោកិយមក ហើយលោកក៏បានប្រាប់ឲ្យគេដឹងអំពីការយាងមកនៃព្រះគ្រីស្ទ ហើយលោកបានប្រាប់ឲ្យគេដឹងនូវកិច្ចការទាំងអស់នៃព្រះអម្ចាស់។
៤០ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីលោកបានប្រាប់រឿងអស់ទាំងនេះ ហើយបានអធិប្បាយរឿងទាំងនេះដល់ស្ដេចហើយ នោះស្ដេចក៏ជឿតាមពាក្យទាំងអស់របស់លោក។
៤១ហើយទ្រង់បានចាប់ផ្ដើមអំពាវនាវដល់ព្រះអម្ចាស់ថា ៖ ឱព្រះអម្ចាស់អើយ សូមទ្រង់មានសេចក្ដីមេត្តាករុណា តាមសេចក្ដីមេត្តាករុណាដ៏បរិបូរ ដែលទ្រង់ធ្លាប់មានដល់ប្រជាជននីហ្វៃមកលើទូលបង្គំ និងប្រជាជនរបស់ទូលបង្គំផងចុះ។
៤២ហើយឥឡូវនេះ កាលទ្រង់បានពោលដូច្នេះហើយ នោះទ្រង់ក៏ដួលចុះទៅលើដីហាក់ដូចជាសុគត។
៤៣ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកបម្រើរបស់ទ្រង់បានសែងទ្រង់ចូលទៅឲ្យអគ្គមហេសីទ្រង់ ហើយបានដាក់ទ្រង់ចុះនៅលើគ្រែ ហើយទ្រង់បានផ្ទំហាក់ដូចជាសុគតអស់រយៈពេលពីរថ្ងៃ និងពីរយប់ ហើយអគ្គមហេសីទ្រង់ និងពួកបុត្រាទ្រង់ និងពួកបុត្រី ទ្រង់បានកាន់ទុក្ខឲ្យទ្រង់ តាមរបៀបពួកលេមិនដោយទួញសោកចំពោះការបាត់បង់រូបទ្រង់៕