ដំណើររឿងអំពីការផ្សាយរបស់អើរ៉ុន និងមូឡូកៃ និងបងប្អូនគេដល់ពួកសាសន៍លេមិន។
មានរួមពីជំពូកទី ២១ ដល់ ២៦។
ជំពូកទី ២១
អើរ៉ុនបង្រៀនពួកសាសន៍អាម៉ាលេកៃអំពីព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ — អើរ៉ុន និងបងប្អូនលោក ត្រូវជាប់គុកនៅដែនដីមិឌដូណៃ — បន្ទាប់ពីគេបានរួច ពួកគេក៏បង្រៀននៅក្នុងសាលាប្រជុំទាំងឡាយ ហើយធ្វើឲ្យមនុស្សជាច្រើនប្រែចិត្តជឿ — ឡាម៉ូណៃអនុញ្ញាតឲ្យមានសេរីភាពនៅខាងផ្លូវសាសនាដល់ប្រជាជននៅក្នុងដែនដីអ៊ីសម៉ាអែល។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ឥឡូវនេះ កាលអាំម៉ូន និងបងប្អូនលោកបានបែកផ្លូវគ្នា នៅឯព្រំប្រទល់ដែនដីនៃពួកលេមិនហើយ មើលចុះ អើរ៉ុនបានធ្វើដំណើរឆ្ពោះទៅឯដែនដីមួយ ដែលពួកលេមិនហៅថា យេរូសាឡិម គឺហៅតាមដែនដីកំណើតរបស់ពួកអយ្យកោគេ ហើយដែនដីនេះជាប់នឹងដែនដីមរមន។
២ឥឡូវនេះ ពួកសាសន៍លេមិន និងពួកសាសន៍អាម៉ាលេកៃ និងប្រជាជនរបស់អាមូឡុន បានកសាងទីក្រុងដ៏ធំមួយ ដែលហៅថា យេរូសាឡិម។
៣ឥឡូវនេះ ពួកសាសន៍លេមិន គឺជាសាសន៍ដ៏រឹងរូសណាស់ទៅហើយ តែពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុនរឹងរូសជាងនេះទៅទៀត ហេតុដូច្នេះហើយ ពួកគេបានបណ្ដាលឲ្យពួកលេមិន កាន់តែធ្វើចិត្តរឹងរូសថែមទៀត ដើម្បីឲ្យពួកគេជោកជាំនៅក្នុងអំពើទុច្ចរិត និងអំពើដ៏គួរខ្ពើមឆ្អើមទាំងឡាយរបស់គេ។
៤ហើយហេតុការណ៍បានកើតឡើងថា អើរ៉ុនបានមកដល់ទីក្រុងយេរូសាឡិម ហើយមុនដំបូង បានចាប់ផ្ដើមផ្សាយសាសនាប្រាប់ពួកសាសន៍អាម៉ាលេកៃ។ ហើយលោកបានចាប់ផ្ដើមផ្សាយសាសនាប្រាប់ពួកគេនៅក្នុងសាលាប្រជុំទាំងឡាយរបស់គេ ព្រោះគេបានស្ថាបនាសាលាប្រជុំទាំងឡាយ តាមរបៀបពួកនីហូរ ព្រោះពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុនជាច្រើនធ្វើតាមរបៀបពួកនីហូរ។
៥ហេតុដូច្នេះហើយ នៅពេលដែលអើរ៉ុនកំពុងតែចូលទៅក្នុងសាលាប្រជុំ ដើម្បីផ្សាយសាសនាប្រាប់ប្រជាជន ហើយនៅពេលដែលលោកកំពុងតែនិយាយទៅកាន់ពួកគេ មើលចុះ ស្រាប់តែមានសាសន៍អាម៉ាលេកៃម្នាក់បានក្រោកឡើង ហើយបានចាប់ផ្ដើមប្រកែកនឹងលោកថា ៖ តើលោកបានធ្វើទីបន្ទាល់អំពីអ្វីនោះ? តើលោកបានឃើញទេវតាឬ? ហេតុអ្វីបានជាពួកទេវតាមិនឲ្យយើងឃើញផង? មើលចុះ តើប្រជាជននេះមិនល្អដូចជាប្រជាជនលោកទេឬ?
៦លោកនិយាយដែរថា លើកលែងតែយើងប្រែចិត្ត នោះយើងនឹងត្រូវវិនាស។ ហេតុដូចម្ដេចក៏លោកដឹងគំនិត និងបំណងនៅក្នុងចិត្តយើង? ហេតុដូចម្ដេចក៏លោកដឹងថា យើងមានហេតុដល់ទៅប្រែចិត្ត? ហេតុដូចម្ដេចក៏លោកដឹងថា ពួកយើងមិនមែនជាប្រជាជនសុចរិត? មើលចុះ យើងបានសង់ទីបរិសុទ្ធទាំងឡាយ ហើយយើងមកប្រជុំគ្នាមកថ្វាយបង្គំព្រះ យើងជឿថា ព្រះនឹងជួយសង្គ្រោះមនុស្សទាំងអស់។
៧ឥឡូវនេះ អើរ៉ុនបាននិយាយទៅគាត់ថា ៖ តើអ្នកជឿថា ព្រះរាជបុត្រានៃព្រះនឹងយាងមកប្រោសលោះមនុស្សលោកពីអំពើបាបទាំងឡាយរបស់គេឬទេ?
៨ហើយជននោះបាននិយាយទៅកាន់លោកថា ៖ យើងមិនជឿថា លោកដឹងការណ៍បែបនេះឡើយ។ យើងមិនជឿសណ្ដាប់ដ៏ឆ្កួតលីលាបែបនេះទេ។ យើងមិនជឿថា លោកដឹងការណ៍ដែលនឹងកើតឡើងនៅពេលខាងមុខទេ ហើយក៏មិនជឿថា ពួកអយ្យកោរបស់លោក និងពួកអយ្យកោរបស់យើងផង ដឹងអំពីការណ៍ទាំងឡាយដែលគេនិយាយ គឺអំពីអ្វីៗដែលនឹងកើតឡើងនោះទេ។
៩ឥឡូវនេះ អើរ៉ុនបានចាប់ផ្ដើមបើកព្រះគម្ពីរទាំងឡាយឲ្យគេមើល អំពីការយាងមកនៃព្រះគ្រីស្ទ ព្រមទាំងអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ ហើយថានឹងមិនត្រូវមានការប្រោសលោះដល់មនុស្សលោកឡើយ លើកលែងតែដោយការសុគត ការរងទុក្ខវេទនារបស់ព្រះគ្រីស្ទ និងដង្វាយធួននៃព្រះលោហិតរបស់ទ្រង់ប៉ុណ្ណោះ។
១០ហើយហេតុការណ៍បានកើតឡើងថា កាលលោកបានចាប់ផ្ដើមអធិប្បាយប្រាប់ការណ៍ទាំងនេះដល់គេហើយ ស្រាប់តែពួកគេខឹងនឹងលោកទៅវិញ ហើយបានចាប់ផ្ដើមចំអកឡកឡឺយលោក ហើយគេមិនព្រមស្ដាប់តាមពាក្យសម្ដីដែលលោកបាននិយាយសោះ។
១១ហេតុដូច្នេះហើយ កាលលោកបានឃើញថា ពួកគេមិនព្រមស្ដាប់តាមពាក្យសម្ដីលោកទេ នោះលោកក៏ចេញពីសាលាប្រជុំរបស់គេទៅ ហើយបានមកដល់ភូមិមួយទៀតដែលហៅថា អាណៃ-អាន់តៃ ហើយនៅទីនោះ លោកបានជួបនឹងមូឡូកៃ កំពុងតែផ្សាយព្រះបន្ទូលទៅពួកគេ ព្រមទាំងអាំម៉ា និងបងប្អូនលោកផង។ ហើយគេបានប្រកែកគ្នាជាមួយនឹងមនុស្សជាច្រើនអំពីព្រះបន្ទូល។
១២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានឃើញថា ប្រជាជនធ្វើចិត្តរឹងរូស ហេតុដូច្នេះហើយ ពួកគេបានចាកចេញពីទីនោះទៅ ហើយបានមកឯដែនដីមិឌដូណៃ។ ហើយពួកគេបានផ្សាយព្រះបន្ទូលដល់មនុស្សជាច្រើន ហើយមនុស្សចំនួនភាគតិចបានជឿតាមពាក្យសម្ដីដែលគេបានបង្រៀន។
១៣ទោះជាយ៉ាងណាក៏ដោយ គង់តែអើរ៉ុន និងបងប្អូនលោកមួយចំនួន ត្រូវគេចាប់ដាក់គុកដែរ ហើយអ្នកដែលនៅសល់ប៉ុន្មាន ក៏គេចចេញពីដែនដីមិឌដូណៃទៅតាមតំបន់ដែលនៅជុំវិញនោះ។
១៤ហើយពួកអ្នកដែលជាប់គុកទាំងនោះ បានរងទុក្ខវេទនាជាច្រើនយ៉ាង ហើយពួកគេបានរួច ដោយស្នាដៃរបស់ឡាម៉ូណៃ និងអាំម៉ូន ហើយគេបានទទួលអាហារ និងសំលៀកបំពាក់។
១៥ហើយពួកគេបានចេញទៅប្រកាសព្រះបន្ទូលទៀត ហើយពួកគេបានរួចពីគុក ជាលើកទីមួយយ៉ាងដូច្នោះ ហើយគេក៏បានរងទុក្ខយ៉ាងនោះដែរ។
១៦ហើយគេបានចេញទៅគ្រប់ទិសទី តាមតែព្រះវិញ្ញាណនៃព្រះអម្ចាស់ទ្រង់នាំ ដោយផ្សាយព្រះបន្ទូលនៃព្រះនៅគ្រប់សាលាប្រជុំរបស់ពួកសាសន៍អាម៉ាលេកៃ ឬក៏នៅគ្រប់ទីជំនុំរបស់ពួកលេមិន ឲ្យតែគេអនុញ្ញាតឲ្យចូល។
១៧ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានចាប់ផ្ដើមប្រទានពរដល់គេ ដរាបដល់ពួកគេបាននាំមនុស្សជាច្រើនឲ្យស្គាល់សេចក្ដីពិត មែនហើយ ពួកគេបានបរិវត្តមនុស្សជាច្រើនពីអំពើបាបទាំងឡាយរបស់គេ និងសណ្ដាប់ទាំងឡាយនៃពួកអយ្យកោគេ ដែលជាសណ្ដាប់ខុសឆ្គង។
១៨ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូន និងឡាម៉ូណៃបានត្រឡប់ពីដែនដីមិឌដូណៃ មកដែនដីអ៊ីសម៉ាអែលវិញ គឺជាដែនដីនៃកេរ្តិ៍អាកររបស់គេ។
១៩ហើយស្ដេចឡាម៉ូណៃមិនព្រមឲ្យអាំម៉ូនបម្រើទ្រង់ ឬក៏ធ្វើជាអ្នកបម្រើរបស់ទ្រង់ទៀតឡើយ។
២០ប៉ុន្តែ ទ្រង់បានបញ្ជាឲ្យគេស្ថាបនាសាលាប្រជុំទាំងឡាយនៅលើដែនដីអ៊ីសម៉ាអែល ហើយទ្រង់បានបញ្ជាឲ្យប្រជាជនរបស់ទ្រង់ ឬប្រជាជនដែលនៅក្រោមរាជ្យរបស់ទ្រង់មកប្រជុំគ្នា។
២១ហើយទ្រង់បានអររីករាយចំពោះគេ ហើយទ្រង់បានបង្រៀនគេអំពីការណ៍ជាច្រើន។ ហើយទ្រង់បានប្រកាសប្រាប់ទៅគេដែរថា ពួកគេជាប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយថា ពួកគេជាប្រជាជនសេរីមួយ គឺគេមិននៅក្រោមការរឹបជាន់របស់ស្ដេច ដែលជាបិតាទ្រង់ឡើយ ព្រោះអីបិតាទ្រង់បានអនុញ្ញាតឲ្យទ្រង់អាចសោយរាជ្យលើប្រជាជន ដែលនៅលើដែនដីអ៊ីសម៉ាអែល ហើយនៅក្នុងតំបន់ជុំវិញទាំងអស់ផង។
២២ហើយទ្រង់ក៏បានប្រកាសប្រាប់ដល់គេដែរថា ពួកគេអាចមានឥស្សរភាពក្នុងការថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់គេ តាមបំណងរបស់គេនៅទីណាក៏ដោយ ឲ្យតែនៅលើដែនដី ដែលនៅក្រោមរាជ្យរបស់ស្ដេចឡាម៉ូណៃ។
២៣ហើយអាំម៉ូនបានផ្សាយសាសនាដល់ប្រជាជនរបស់ស្ដេចឡាម៉ូណៃ ហើយហេតុការណ៍បានកើតឡើងថា លោកបានបង្រៀនពួកគេនូវគ្រប់ការណ៍ទាំងអស់ អំពីការណ៍ទាំងឡាយ ដែលទាក់ទងទៅនឹងសេចក្ដីសុចរិត។ ហើយលោកបានទូន្មានពួកគេជារៀងរាល់ថ្ងៃដោយអស់ពីការព្យាយាម ហើយពួកគេបានស្ដាប់តាមពាក្យលោក ហើយគេក៏មានចិត្តឧស្សាហ៍ ចំពោះការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ៕