ព្រះគម្ពីរ
អាលម៉ា 21


ដំណើរ​រឿង​អំពី​ការ​ផ្សាយ​របស់​អើរ៉ុន និង​មូឡូកៃ និង​បង​ប្អូន​គេ​ដល់​ពួក​សាសន៍​លេមិន។

មាន​រួម​ពី​ជំពូក​ទី ២១ ដល់ ២៦។

ជំពូក​ទី ២១

អើរ៉ុន​បង្រៀន​ពួក​សាសន៍​អាម៉ាលេកៃ​អំពី​ព្រះ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ — អើរ៉ុន និង​បង​ប្អូន​លោក ត្រូវ​ជាប់​គុក​នៅ​ដែនដី​មិឌដូណៃ — បន្ទាប់​ពី​គេ​បាន​រួច ពួក​គេ​ក៏​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រែ​ចិត្ត​ជឿ — ឡាម៉ូណៃ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នៅ​ខាង​ផ្លូវ​សាសនា​ដល់​ប្រជាជន​នៅ​ក្នុង​ដែនដី​អ៊ីសម៉ាអែល។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ឥឡូវ​នេះ កាល​អាំម៉ូន និង​បង​ប្អូន​លោកបាន​បែក​ផ្លូវ​គ្នា នៅ​ឯ​ព្រំប្រទល់​ដែនដី​នៃ​ពួក​លេមិន​ហើយ មើល​ចុះ អើរ៉ុន​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ឯ​ដែនដី​មួយ ដែល​ពួក​លេមិន​ហៅ​ថា យេរូសាឡិម គឺ​ហៅ​តាម​ដែនដី​កំណើត​របស់​ពួក​អយ្យកោ​គេ ហើយ​ដែនដី​នេះ​ជាប់​នឹង​ដែនដី​មរមន។

ឥឡូវ​នេះ ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​អាម៉ាលេកៃ និង​ប្រជាជន​របស់​អាមូឡុន បាន​កសាង​ទី​ក្រុង​ដ៏​ធំ​មួយ ដែល​ហៅ​ថា យេរូសាឡិម។

ឥឡូវ​នេះ ពួក​សាសន៍​លេមិន គឺជា​សាសន៍​ដ៏​រឹងរូស​ណាស់​ទៅ​ហើយ តែ​ពួក​សាសន៍​អាម៉ាលេកៃ និង​ពួក​សាសន៍​អាមូឡុន​រឹងរូស​ជាង​នេះ​ទៅ​ទៀត ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បណ្ដា​ល​ឲ្យ​ពួក​លេមិន កាន់តែ​ធ្វើ​ចិត្ត​រឹងរូស​ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ជោកជាំ​នៅ​ក្នុង​អំពើ​ទុច្ចរិត និង​អំពើ​ដ៏​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អើរ៉ុន​បាន​មក​ដល់​ទី​ក្រុង​យេរូសាឡិម ហើយ​មុនដំបូង បាន​ចាប់​ផ្ដើម​ផ្សាយ​សាសនា​ប្រាប់​ពួក​សាសន៍​អាម៉ាលេកៃ។ ហើយ​លោក​បាន​ចាប់​ផ្ដើម​ផ្សាយ​សាសនា​ប្រាប់​ពួក​គេ​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​គេ ព្រោះ​គេ​បាន​ស្ថាបនា​សាលា​ប្រជុំ​ទាំង​ឡាយ តាម​របៀប​ពួក​នីហូរ ព្រោះ​ពួក​សាសន៍​អាម៉ាលេកៃ និង​ពួក​សាសន៍​អាមូឡុន​ជា​ច្រើន​ធ្វើ​តាម​របៀប​ពួក​នីហូរ។

ហេតុ​ដូច្នេះ​ហើយ នៅ​ពេល​ដែល​អើរ៉ុន​កំពុងតែ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ដើម្បី​ផ្សាយ​សាសនា​ប្រាប់​ប្រជាជន ហើយ​នៅ​ពេល​ដែល​លោក​កំពុងតែ​និយាយ​ទៅ​កាន់​ពួក​គេ មើល​ចុះ ស្រាប់​តែ​មាន​សាសន៍​អាម៉ាលេកៃ​ម្នាក់​បាន​ក្រោក​ឡើង ហើយ​បាន​ចាប់​ផ្ដើម​ប្រកែក​នឹង​លោក​ថា ៖ តើ​លោក​បាន​ធ្វើ​ទី​បន្ទាល់​អំពី​អ្វី​នោះ? តើ​លោក​បាន​ឃើញ​ទេវតា​ឬ? ហេតុ​អ្វី​បាន​ជា​ពួក​ទេវតា​មិន​ឲ្យ​យើង​ឃើញ​ផង? មើល​ចុះ តើ​ប្រជាជន​នេះ​មិន​ល្អ​ដូច​ជា​ប្រជាជន​លោក​ទេ​ឬ?

លោក​និយាយ​ដែរ​ថា លើក​លែង​តែ​យើង​ប្រែ​ចិត្ត នោះ​យើង​នឹង​ត្រូវ​វិនាស។ ហេតុ​ដូច​ម្ដេច​ក៏​លោក​ដឹង​គំនិត និង​បំណង​នៅ​ក្នុង​ចិត្ត​យើង? ហេតុ​ដូច​ម្ដេច​ក៏​លោក​ដឹង​ថា យើង​មាន​ហេតុ​ដល់​ទៅ​ប្រែ​ចិត្ត? ហេតុ​ដូច​ម្ដេច​ក៏​លោក​ដឹង​ថា ពួក​យើង​មិនមែន​ជា​ប្រជាជន​សុចរិត? មើល​ចុះ យើង​បាន​សង់​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​យើង​មក​ប្រជុំ​គ្នា​មក​ថ្វាយ​បង្គំ​ព្រះ យើង​ជឿ​ថា ព្រះ​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​អស់។

ឥឡូវ​នេះ អើរ៉ុន​បាន​និយាយ​ទៅ​គាត់​ថា ៖ តើ​អ្នក​ជឿ​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នឹង​យាង​មក​ប្រោស​លោះ​មនុស្ស​លោក​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ឬ​ទេ?

ហើយ​ជន​នោះ​បាន​និយាយ​ទៅ​កាន់​លោក​ថា ៖ យើង​មិន​ជឿ​ថា លោក​ដឹង​ការណ៍​បែប​នេះ​ឡើយ។ យើង​មិន​ជឿ​សណ្ដាប់​ដ៏​ឆ្កួត​លីលា​បែប​នេះ​ទេ។ យើង​មិន​ជឿ​ថា លោក​ដឹង​ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ទេ ហើយ​ក៏​មិន​ជឿ​ថា ពួក​អយ្យកោ​របស់​លោក និង​ពួក​អយ្យកោ​របស់​យើង​ផង ដឹង​អំពី​ការណ៍​ទាំង​ឡាយ​ដែល​គេ​និយាយ គឺ​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​នោះ​ទេ។

ឥឡូវ​នេះ អើរ៉ុន​បាន​ចាប់​ផ្ដើម​បើក​ព្រះ​គម្ពីរ​ទាំង​ឡាយ​ឲ្យ​គេ​មើល អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ព្រម​ទាំង​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ ហើយ​ថា​នឹង​មិន​ត្រូវ​មាន​ការ​ប្រោស​លោះ​ដល់​មនុស្ស​លោក​ឡើយ លើក​លែង​តែ​ដោយ​ការ​សុគត ការ​រង​ទុក្ខ​វេទនា​របស់​ព្រះ​គ្រីស្ទ និង​ដង្វាយ​ធួន​នៃ​ព្រះ​លោហិត​របស់​ទ្រង់​ប៉ុណ្ណោះ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លោក​បាន​ចាប់​ផ្ដើម​អធិប្បាយ​ប្រាប់​ការណ៍​ទាំង​នេះ​ដល់​គេ​ហើយ ស្រាប់​តែ​ពួក​គេ​ខឹង​នឹង​លោក​ទៅ​វិញ ហើយ​បាន​ចាប់​ផ្ដើម​ចំអកឡកឡឺយ​លោក ហើយ​គេ​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​ដែល​លោក​បាន​និយាយ​សោះ។

១១ហេតុ​ដូច្នេះ​ហើយ កាល​លោក​បាន​ឃើញ​ថា ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​លោក​ទេ នោះ​លោក​ក៏​ចេញ​ពី​សាលា​ប្រជុំ​របស់​គេ​ទៅ ហើយ​បាន​មក​ដល់​ភូមិ​មួយ​ទៀត​ដែល​ហៅ​ថា អាណៃ-អាន់តៃ ហើយ​នៅ​ទី​នោះ លោក​បាន​ជួប​នឹង​មូឡូកៃ កំពុងតែ​ផ្សាយ​ព្រះ​បន្ទូល​ទៅ​ពួក​គេ ព្រម​ទាំង​អាំម៉ា និង​បង​ប្អូន​លោក​ផង។ ហើយ​គេ​បាន​ប្រកែក​គ្នា​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​អំពី​ព្រះ​បន្ទូល។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ឃើញ​ថា ប្រជាជន​ធ្វើ​ចិត្ត​រឹងរូស ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ ហើយ​បាន​មក​ឯ​ដែនដី​មិឌដូណៃ។ ហើយ​ពួក​គេ​បាន​ផ្សាយ​ព្រះ​បន្ទូល​ដល់​មនុស្ស​ជា​ច្រើន ហើយ​មនុស្ស​ចំនួន​ភាគតិច​បាន​ជឿ​តាម​ពាក្យ​សម្ដី​ដែល​គេ​បាន​បង្រៀន។

១៣ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អើរ៉ុន និង​បង​ប្អូន​លោក​មួយ​ចំនួន ត្រូវ​គេ​ចាប់​ដាក់​គុក​ដែរ ហើយ​អ្នក​ដែល​នៅ​សល់​ប៉ុន្មាន ក៏​គេច​ចេញ​ពី​ដែនដី​មិឌដូណៃ​ទៅ​តាម​តំបន់​ដែល​នៅ​ជុំវិញ​នោះ។

១៤ហើយ​ពួក​អ្នក​ដែល​ជាប់​គុក​ទាំង​នោះ បាន​រង​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង ហើយ​ពួក​គេ​បាន​រួច ដោយ​ស្នាដៃ​របស់​ឡាម៉ូណៃ និង​អាំម៉ូន ហើយ​គេ​បាន​ទទួល​អាហារ និង​សំលៀកបំពាក់។

១៥ហើយ​ពួក​គេ​បាន​ចេញ​ទៅ​ប្រកាស​ព្រះ​បន្ទូល​ទៀត ហើយ​ពួក​គេ​បាន​រួច​ពី​គុក ជា​លើក​ទី​មួយ​យ៉ាង​ដូច្នោះ ហើយ​គេ​ក៏​បាន​រង​ទុក្ខ​យ៉ាង​នោះ​ដែរ។

១៦ហើយ​គេ​បាន​ចេញ​ទៅ​គ្រប់​ទិសទី តាម​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ទ្រង់​នាំ ដោយ​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​គ្រប់​សាលា​ប្រជុំ​របស់​ពួក​សាសន៍​អាម៉ាលេកៃ ឬ​ក៏​នៅ​គ្រប់​ទី​ជំនុំ​របស់​ពួក​លេមិន ឲ្យ​តែ​គេ​អនុញ្ញាត​ឲ្យ​ចូល។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ប្រទាន​ពរ​ដល់​គេ ដរាប​ដល់​ពួក​គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្គាល់​សេចក្ដី​ពិត មែន​ហើយ ពួក​គេ​បាន​បរិវត្ត​មនុស្ស​ជា​ច្រើន​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ និង​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​គេ ដែល​ជា​សណ្ដាប់​ខុសឆ្គង។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាំម៉ូន និង​ឡាម៉ូណៃ​បាន​ត្រឡប់​ពី​ដែនដី​មិឌដូណៃ មក​ដែនដី​អ៊ីសម៉ាអែល​វិញ គឺជា​ដែន​ដី​នៃ​កេរ្តិ៍​អាករ​របស់​គេ។

១៩ហើយ​ស្ដេច​ឡាម៉ូណៃ​មិន​ព្រម​ឲ្យ​អាំម៉ូន​បម្រើ​ទ្រង់ ឬក៏​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ទៀត​ឡើយ។

២០ប៉ុន្តែ ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​ស្ថាបនា​សាលា​ប្រជុំ​ទាំង​ឡាយ​នៅ​លើ​ដែនដី​អ៊ីសម៉ាអែល ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​ប្រជាជន​របស់​ទ្រង់ ឬ​ប្រជាជន​ដែល​នៅ​ក្រោម​រាជ្យ​របស់​ទ្រង់​មក​ប្រជុំ​គ្នា។

២១ហើយ​ទ្រង់​បាន​អរ​រីករាយ​ចំពោះ​គេ ហើយ​ទ្រង់​បាន​បង្រៀន​គេ​អំពី​ការណ៍​ជា​ច្រើន។ ហើយ​ទ្រង់​បាន​ប្រកាស​ប្រាប់​ទៅ​គេ​ដែរ​ថា ពួក​គេ​ជា​ប្រជាជន​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់ ហើយ​ថា ពួក​គេ​ជា​ប្រជាជន​សេរី​មួយ គឺ​គេ​មិន​នៅ​ក្រោម​ការ​រឹបជាន់​របស់​ស្ដេច ដែល​ជា​បិតា​ទ្រង់​ឡើយ ព្រោះ​អី​បិតា​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ទ្រង់​អាច​សោយរាជ្យ​លើ​ប្រជាជន ដែល​នៅ​លើ​ដែនដី​អ៊ីសម៉ាអែល ហើយ​នៅ​ក្នុង​តំបន់​ជុំវិញ​ទាំង​អស់​ផង។

២២ហើយ​ទ្រង់​ក៏​បាន​ប្រកាស​ប្រាប់​ដល់​គេ​ដែរ​ថា ពួក​គេ​អាច​មាន​ឥស្សរភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ តាម​បំណង​របស់​គេ​នៅ​ទីណា​ក៏​ដោយ ឲ្យ​តែ​នៅ​លើ​ដែនដី ដែល​នៅ​ក្រោម​រាជ្យ​របស់​ស្ដេច​ឡាម៉ូណៃ។

២៣ហើយ​អាំម៉ូន​បាន​ផ្សាយ​សាសនា​ដល់​ប្រជាជន​របស់​ស្ដេច​ឡាម៉ូណៃ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​បង្រៀន​ពួក​គេ​នូវ​គ្រប់​ការណ៍​ទាំង​អស់ អំពី​ការណ៍​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត។ ហើយ​លោក​បាន​ទូន្មាន​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​អស់​ពី​ការ​ព្យាយាម ហើយ​ពួក​គេ​បាន​ស្ដាប់​តាម​ពាក្យ​លោក ហើយ​គេ​ក៏​មាន​ចិត្ត​ឧស្សាហ៍ ចំពោះ​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​៕