ជំពូកទី ២៥
អំពើឈ្លានពានទាំងឡាយនៃពួកលេមិនរាលដាលឡើង — ពូជរបស់ពួកសង្ឃនៃណូអេ ត្រូវវិនាសដូចអ័ប៊ីណាដៃបានព្យាករមក — ពួកសាសន៍លេមិនជាច្រើនប្រែចិត្តជឿ ហើយចូលរួមជាមួយនឹងប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ — ពួកគេជឿដល់ព្រះគ្រីស្ទ ហើយកាន់តាមក្រឹត្យវិន័យលោកម៉ូសេ។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ហើយមើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពួកលេមិនទាំងនោះកាន់តែខឹងខ្លាំងឡើង ពីព្រោះពួកគេបានសម្លាប់បងប្អូនខ្លួន ហេតុដូច្នេះហើយ ពួកគេបានសច្ចាថានឹងសងសឹកទៅលើពួកនីហ្វៃ ហើយពួកគេមិនបានខំសម្លាប់ប្រជាជនអាន់តៃ-នីហ្វៃ-លីហៃទៀតទេនៅពេលនោះ។
២ប៉ុន្តែ ពួកគេបានយកពលទ័ពរបស់គេ ហើយបានចូលទៅឯព្រំប្រទល់ទាំងឡាយនៃដែនដីសារ៉ាហិមឡា ហើយបានវាយមកលើប្រជាជនដែលនៅលើដែនដីអាំម៉ូណៃហា ហើយបានបំផ្លាញប្រជាជនទាំងនោះចោល។
៣ហើយបន្ទាប់ពីនោះមក ពួកគេបានប្រយុទ្ធជាច្រើនលើកជាមួយនឹងពួកនីហ្វៃនៅក្នុងការប្រយុទ្ធទាំងនោះ ពួកគេត្រូវរុញច្រាន ហើយត្រូវស្លាប់។
៤ហើយនៅក្នុងចំណោមពួកលេមិនដែលត្រូវស្លាប់ នោះសឹងតែពូជទាំងអស់នៃអាមូឡុន និងបងប្អូនទ្រង់ ដែលជាពួកសង្ឃនៃណូអេ ហើយពួកគេត្រូវបានសម្លាប់ចោលដោយដៃពួកនីហ្វៃ
៥ហើយចំនួនដែលនៅសល់ ដោយបានរត់ចូលទៅក្នុងទីរហោស្ថានខាងកើត ហើយដោយបានដណ្ដើមយកអានុភាព និងសិទ្ធិអំណាចទៅលើពួកលេមិន នោះបានធ្វើឲ្យពួកលេមិនជាច្រើនត្រូវវិនាសដោយភ្លើង ដោយសារតែជំនឿរបស់គេ —
៦ព្រោះពួកគេជាច្រើននាក់ ដោយបន្ទាប់ពីត្រូវរងការខូចខាតដ៏ធ្ងន់ធ្ងរ និងការវេទនាដ៏ច្រើន នោះបានចាប់ផ្ដើមរំជួលនឹកឃើញដល់ពាក្យសម្ដីដែលអើរ៉ុន និងបងប្អូនលោកបានផ្សាយដល់ពួកគេនៅឯដែនដីគេ ហេតុដូច្នេះហើយ ពួកគេបានចាប់ផ្ដើមឈប់ជឿដល់សណ្ដាប់ទាំងឡាយនៃពួកអយ្យកោខ្លួន ហើយជឿដល់ព្រះអម្ចាស់ ហើយជឿថា ទ្រង់បានប្រទានព្រះចេស្ដាដ៏ខ្លាំងក្លាដល់ពួកនីហ្វៃ ម្ល៉ោះហើយ ទើបពួកគេជាច្រើនបានប្រែចិត្តជឿនៅក្នុងទីរហោស្ថាន។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកត្រួតត្រាទាំងនេះ ដែលជាសំណល់នៃកូនចៅរបស់អាមូឡុន បានបញ្ជាឲ្យយកពួកគេទៅប្រហារចោល មែនហើយ គឺអស់អ្នកណាដែលជឿដល់ការណ៍ទាំងនេះ។
៨ឥឡូវនេះ ទុក្ករកម្មនេះបានបណ្ដាលឲ្យបងប្អូនគេជាច្រើនចាក់រុកគ្នាឲ្យមានកំហឹង ហើយក៏ចាប់ផ្ដើមមានការទាស់ទែងគ្នានៅក្នុងទីរហោស្ថាន ហើយពួកលេមិនបានចាប់ផ្ដើមដេញចាប់ពូជរបស់អាមូឡុន និងបងប្អូនទ្រង់ ហើយបានចាប់ផ្ដើមសម្លាប់ពួកនោះចោល ហើយពួកគេបានរត់ភៀសខ្លួនចូលទៅក្នុងទីរហោស្ថានខាងកើត។
៩ហើយមើលចុះ សព្វថ្ងៃពួកគេត្រូវពួកលេមិនដេញចាប់។ ម្ល៉ោះហើយ ពាក្យសម្ដីនៃអ័ប៊ីណាដៃត្រូវបានសម្រេច ដែលលោកបាននិយាយអំពីពូជនៃពួកសង្ឃ ដែលបានបញ្ជាឲ្យលោកត្រូវរងទុក្ខដល់ស្លាប់ដោយភ្លើងនោះ។
១០ព្រោះលោកបាននិយាយទៅកាន់ពួកគេថា ៖ អ្វីដែលអ្នកធ្វើដល់ខ្ញុំនឹងទៅជាគំរូអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃក្រោយ។
១១ហើយឥឡូវនេះ អ័ប៊ីណាដៃគឺជាមនុស្សមុនដំបូងបង្អស់ ដែលត្រូវរងទុក្ខដល់ស្លាប់ដោយភ្លើង ដោយព្រោះជំនឿរបស់លោកដល់ព្រះ ឥឡូវនេះ នេះហើយដែលមានន័យថា មនុស្សជាច្រើននឹងត្រូវរងទុក្ខដល់ស្លាប់ដោយភ្លើង ដូចដែលលោកបានរងទុក្ខដូច្នោះដែរ។
១២ហើយលោកបាននិយាយទៅកាន់ពួកសង្ឃរបស់ណូអេថា ពូជរបស់គេនឹងធ្វើឲ្យមនុស្សជាច្រើន ត្រូវគេយកទៅប្រហារជីវិតចោល ដូចរបៀបដែលលោកត្រូវស្លាប់ដូច្នោះដែរ ហើយថា ពួកគេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ហើយត្រូវស្លាប់ គឺបីដូចជាសត្វចៀមដែលគ្មានអ្នកគង្វាល ត្រូវរុញច្រាន ហើយត្រូវស្លាប់ដោយសត្វសាហាវទាំងឡាយ ហើយឥឡូវនេះ មើលចុះ ពាក្យទាំងនេះត្រូវបានបញ្ជាក់ ព្រោះពួកគេត្រូវរុញច្រានដោយពួកលេមិន ហើយត្រូវគេដេញចាប់ ហើយពួកគេត្រូវគេវាយ។
១៣ហើយហេតុការណ៍បានកើតឡើងថា កាលពួកលេមិនបានឃើញថា ពួកគេមិនអាចយកឈ្នះលើពួកនីហ្វៃបានទេ នោះគេក៏ត្រឡប់ទៅកាន់ដែនដីគេវិញ ហើយពួកគេជាច្រើននាក់ បានមកអាស្រ័យនៅឯដែនដីរបស់អ៊ីសម៉ាអែល និងដែនដីនីហ្វៃ ហើយបានចូលរួមជាមួយនឹងរាស្ត្រនៃព្រះ ដែលជាប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ។
១៤ហើយពួកគេក៏បានកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេផង ដូចដែលបងប្អូនគេបានធ្វើ ហើយពួកគេបានចាប់ផ្ដើមក្លាយទៅជាមនុស្សមួយដ៏សុចរិត ហើយពួកគេបានដើរតាមផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយបានប្រតិបត្តិតាមព្រះបញ្ញត្តិ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់។
១៥មែនហើយ ហើយពួកគេបានកាន់តាមក្រឹត្យវិន័យលោកម៉ូសេ ត្បិតជាការចាំបាច់ថា ពួកគេត្រូវកាន់តាមក្រឹត្យវិន័យលោកម៉ូសេសិន ត្បិតក្រឹត្យវិន័យនោះពុំទាន់បានបំពេញនៅឡើយទេ។ តែទោះជាមានក្រឹត្យវិន័យលោកម៉ូសេក៏ដោយ គង់តែពួកគេបានទន្ទឹងចាំដល់ការយាងមកនៃព្រះគ្រីស្ទដែរ ដោយចាត់ទុកថា ក្រឹត្យវិន័យលោកម៉ូសេជាគំរូអំពីការយាងមករបស់ទ្រង់ ហើយជឿថា ពួកគេត្រូវកាន់តាមការប្រព្រឹត្តខាងក្រៅទាំងនេះ រហូតដល់ពេលដែលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់ពួកគេ។
១៦ឥឡូវនេះ ពួកគេពុំបានគិតស្មានថា សេចក្ដីសង្គ្រោះបានមកដោយសារក្រឹត្យវិន័យលោកម៉ូសេនោះទេ ប៉ុន្តែក្រឹត្យវិន័យលោកម៉ូសេបានជួយពង្រឹងសេចក្ដីជំនឿរបស់គេក្នុងព្រះគ្រីស្ទ ម្ល៉ោះហើយ ទើបពួកគេមានសេចក្ដីសង្ឃឹមមួយ តាមរយៈសេចក្ដីជំនឿដល់សេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដោយអាងទៅលើវិញ្ញាណនៃការព្យាករណ៍ ដែលបាននិយាយអំពីការណ៍ទាំងនេះ ដែលនឹងកើតឡើង។
១៧ហើយឥឡូវនេះ មើលចុះ អាំម៉ូន និងអើរ៉ុន និងអោមណើរ និងហិមណៃ ហើយបងប្អូនគេបានត្រេកអររីករាយជាអតិបរមាចំពោះការជោគជ័យដែលគេមានទៅលើពួកលេមិន ដោយបានឃើញថា ព្រះអម្ចាស់ទ្រង់បានប្រទានដល់គេ ស្របតាមការអធិស្ឋានទាំងឡាយរបស់គេ ហើយថា ទ្រង់បានបញ្ជាក់ព្រះបន្ទូលរបស់ទ្រង់ចំពោះគេនៅគ្រប់ករណីទាំងអស់៕