ព្រះគម្ពីរ
អាលម៉ា 33


ជំពូក​ទី ៣៣

ស៊ីណូស​បាន​បង្រៀន​ថា មនុស្ស​ត្រូវ​អធិស្ឋាន ហើយ​ថ្វាយ​បង្គំ​នៅ​គ្រប់​ទីកន្លែង ហើយ​ថា​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​ត្រូវ​បង្វែរ​ចេញ ដោយ​សារ​ព្រះ​រាជ​បុត្រា — ស៊ីណុក​បាន​បង្រៀន​ថា សេចក្ដី​មេត្តាករុណា​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​ដោយ​សារ​ព្រះ​រាជ​បុត្រា — ម៉ូសេ​បាន​លើក​និមិត្តរូប​មួយ​ឡើង​នៅ​ក្នុង​ទី​រហោស្ថាន ដែល​ជា​តំណាង​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ឥឡូវ​នេះ បន្ទាប់​ពី​អាលម៉ា​បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ នោះ​គេ​បាន​ចាត់​ឲ្យ​មនុស្ស​មក​ជួប​នឹង​លោក ដោយ​ចង់​ដឹង​ថា តើ​គេ​ត្រូវ​ជឿ​ព្រះ​មួយ​អង្គ ដើម្បី​គេ​អាច​បាន​នូវ​ផល ដែល​លោក​បាន​និយាយ ឬ​គេ​ត្រូវ​បណ្ដុះ​គ្រាប់ ឬ​ព្រះ​បន្ទូល​ដែល​លោក​បាន​និយាយ​មក​នោះ​យ៉ាង​ណា គឺ​លោក​បាន​និយាយ​ថា ត្រូវ​ដាំ​នៅ​ក្នុង​ចិត្ត​របស់​គេ ឬ​គេ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​គេ​ដោយ​របៀប​ណា។

ហើយ​អាលម៉ា​បាន​និយាយ​ទៅ​គេ​ថា ៖ មើល​ចុះ អ្នក​រាល់​គ្នា​បាន​និយាយ​ថា អ្នក​មិន​អាច​ថ្វាយ​បង្គំ​ដល់​ព្រះ​របស់​អ្នក ពី​ព្រោះ​អ្នក​រាល់​គ្នា ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​អ្នក។ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ថ្វាយ បង្គំ​ព្រះ នោះ​អ្នក​រាល់​គ្នា​គិត​ខុស​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​គួរតែ​ពិចារណា​មើល​បទគម្ពីរ​ទាំង​ឡាយ បើ​សិន​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា បទគម្ពីរ​ទាំង​ឡាយ​ត្រូវ​បាន​បង្រៀន​ដល់​អ្នក​យ៉ាង​នេះ នោះ​អ្នក​ពុំ​យល់​បទគម្ពីរ​ទេ។

តើ​អ្នក​រាល់​គ្នា​ចាំ​បាន​ទេ ដែល​ធ្លាប់​បាន​អាន​អំពី​ពាក្យ​ដែល​លោក​ស៊ីណូស ដែល​ជា​ព្យាការី​ពី​ដើម បាន​និយាយ​អំពី​ការ​អធិស្ឋាន ឬ​ការ​ថ្វាយ​បង្គំ?

ត្បិត​លោក​បាន​ទូល​ថា ៖ ឱ​ព្រះ​អង្គ​អើយ ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ព្រោះ​ព្រះ​អង្គ​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ទាំង​កាលដែល​ទូលបង្គំ​នៅ​ក្នុង​ទី​រហោស្ថាន​នៅ​ឡើយ ព្រះ​ពរ ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា កាលដែល​ទូលបង្គំ​អធិស្ឋាន​អំពី​ពួក​ជន ដែល​ជា​ពួក​ខ្មាំងសត្រូវ​នៃ​ទូលបង្គំ ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​គេ​ត្រឡប់​មក​រក​ទូលបង្គំ​វិញ។

ព្រះ​ពរ ឱ​ព្រះ​អង្គ​អើយ ហើយ​ព្រះ​អង្គ​បាន​មេត្តា​កុរ​ណា​ដល់​ទូលបង្គំ កាលដែល​ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះ​អង្គ នៅ​ឯ​ចម្ការ​របស់​ទូលបង្គំ កាល​ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះ​អង្គ នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ទូលបង្គំ នោះ​ព្រះ​អង្គ​បាន​ឮ​ទូលបង្គំ។

ហើយ​មួយ​ទៀត ឱ​ព្រះ​អង្គ​អើយ កាលដែល​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទូលបង្គំ​វិញ ព្រះ​អង្គ​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ។

ហើយ​កាលដែល​ទូលបង្គំ​បាន​ចូល​ក្នុង​បន្ទប់​របស់​ទូលបង្គំ ឱ​ព្រះ​អម្ចាស់​អើយ ហើយ​ទូលបង្គំ​បាន​អធិស្ឋាន​ដល់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​បាន​ឮ​ទូលបង្គំ។

ព្រះ​ពរ ព្រះ​អង្គ​មេត្តាករុណា​ដល់​កូន​ចៅ​របស់​ព្រះ​អង្គ កាលណា​គេ​អំពាវនាវ​រក​ព្រះ​អង្គ ដើម្បី​ឲ្យ​ទ្រង់​ឮ ហើយ​មិនមែន​ឲ្យ​មនុស្ស​ឮ​ទេ ហើយ​ព្រះ​អង្គ​នឹង​ឮ​ពួក​គេ។

ព្រះ​ពរ ឱ​ព្រះ​អង្គ​អើ​យ ព្រះ​អង្គ​បាន​មេត្តាករុណា​ដល់​ទូលបង្គំ ហើយ​បាន​ឮ​ពាក្យ​អំពាវនាវ​របស់​ទូលបង្គំ​នៅ​កណ្ដាល​ក្រុម​ជំនុំ​របស់​ទ្រង់។

១០ព្រះ​ពរ ព្រះ​អង្គ​ក៏​បាន​ឮ​ទូលបង្គំ កាលដែល​ទូលបង្គំ​ត្រូវ​ពួក​ខ្មាំងសត្រូវ​របស់​ទូលបង្គំ​បណ្ដេញ​ចេញ​ហើយ​ស្អប់ ព្រះ​ពរ ព្រះ​អង្គ​បាន​ឮ​ពាក្យ​អំពាវនាវ​របស់​ទូលបង្គំ ហើយ​បាន​ខឹង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​ទូលបង្គំ ហើយ​ព្រះ​អង្គ​បាន​យាង​ទៅ​ពិនិត្យ​ពិច័យ​ពួក​គេ​នៅ​ក្នុង​ព្រះ​ពិរោធ​របស់​ទ្រង់ ដោយ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ឆាប់​រហ័ស។

១១ហើយ​ព្រះ​អង្គ​បាន​ឮ​ទូលបង្គំ ដោយ​សារ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ទូលបង្គំ និង​ចិត្ត​ស្មោះ​របស់​ទូលបង្គំ ហើយ​គឺ​ដោយ​សារ ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ទើប​ទ្រង់​បាន​មេត្តាករុណា​ដល់​ទូលបង្គំ​យ៉ាង​នេះ ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ព្រះ​អង្គ​នូវ​គ្រប់ សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ទូលបង្គំ ព្រោះ​នៅ​ក្នុង​ព្រះ​អង្គ គឺជា​សេចក្ដី​អំណរ​របស់​ទូលបង្គំ ព្រោះ​ព្រះ​អង្គ​បាន​បង្វែរ​សេចក្ដី​ជំនុំ​ជំរះ​ចេញ​ពី​ទូលបង្គំ ដោយ​សារ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ។

១២ហើយ​ឥឡូវ​នេះ អាលម៉ា​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ តើ​អ្នក​រាល់​គ្នា​ជឿ​បទ​គម្ពីរ​ទាំង​នោះ ដែល​បាន​សរសេរ​ដោយ​មនុស្ស​ជំនាន់​ដើម​ឬ​ទេ?

១៣មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ជឿ​នូវ​អ្វីៗ​ដែល​លោក​ស៊ីណូស​បាន​និយាយ ត្បិត​មើល​ចុះ លោក​បាន​និយាយ​ថា ៖ ព្រះ​អង្គ​បាន​បង្វែរ​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​អង្គ​ចេញ ដោយ​សារ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ។

១៤ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​បាន​អាន​បទគម្ពីរ​ទាំង​នោះ​ឬ​នៅ? បើ​សិន​ជា​អ្នក​បាន​អាន​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ?

១៥ព្រោះ​បទគម្ពីរ​ពុំ​បាន​ចែង​ថា មាន​តែ​លោក​ស៊ីណូស​ម្នាក់​ទេ ដែល​បាន​និយាយ​អំពី​ការណ៍​ទាំង​នេះ តែ​លោក​ស៊ីណុក​ផង ក៏​បាន​និយាយ​អំពី​ការណ៍​ទាំង​នេះ​ដែរ —

១៦ត្បិត​មើល​ចុះ លោក​បាន​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​ខឹង​នឹង​ប្រជាជន​នេះ ព្រោះ​គេ​មិន​យល់​ពី​សេចក្ដី​មេត្តាករុណា​ទាំង​ឡាយ​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​គេ ដោយ​សារ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ។

១៧ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ព្យាការី​ជំនាន់​ដើមទី​ពីរ បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ដោយ​មក​ពី​ប្រជាជន​មិន​យល់​ពាក្យ​ពេចន៍​របស់​លោក ទើប​គេ​ចោល​ថ្ម​លើ​លោក​ដល់​ស្លាប់។

១៨ប៉ុន្តែ​មើល​ចុះ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពុំ​មែន​មាន​តែ​អ្នក​ទាំង​នេះ​ទេ ដែល​បាន​និយាយ​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

១៩មើល​ចុះ លោក​ម៉ូសេ​ក៏​បាន​និយាយ​ដល់​ទ្រង់​ដែរ មែន​ហើយ ហើយ​មើល​ចុះ និមិត្តរូប​មួយ​បាន​ត្រូវ​លើក​ឡើង​នៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សម្លឹង​មើល​និមិត្ត​រូប​នោះ​នឹង​អាច​រស់នៅ។ ហើយ​មនុស្ស​ជា​ច្រើន​បាន​សម្លឹង​មើល ហើយ​បាន​រស់នៅ។

២០ប៉ុន្តែ​មាន​មនុស្ស​ភាគតិច ដែល​យល់​ន័យ​អំពី​ការណ៍​ទាំង​នោះ ហើយ​នេះ​ក៏​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​រឹងរូស​ខ្លាំង​ពេក រហូត​ដល់​គេ​មិន​សម្លឹង​មើល ហេតុ​ដូច្នេះ​ហើយ ទើប​គេ​វិនាស​ទៅ។ ឥឡូវ​នេះ ឯ​ហេតុ​ដែល​គេ​មិន​ព្រម​សម្លឹង​មើល​នោះ គឺ​មក​ពី​ពួក​គេ​មិន​ជឿ​ថា​វា​នឹង​ព្យាបាល​គេ​ឲ្យ​ជា​ឡើយ។

២១ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​អាច​បាន​ជា ដោយ​គ្រាន់តែ​ចោល​ភ្នែក​មើល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ជា តើ​អ្នក​រាល់​គ្នា​មិន​មើល​ជា​យ៉ាង​ឆាប់​ទេ​ឬ​អី ឬ​ក៏​អ្នក​រាល់​គ្នា​បែរជា​ធ្វើ​ចិត្ត​រឹងរូស​ក្នុង​ការ​ឥត​ជំនឿ ហើយ​ខ្ជិលច្រអូស រហូត​ដល់​អ្នក​រាល់​គ្នា មិន​ព្រម​ចោល​ភ្នែក​មើល ដោយ​ទុក​ឲ្យ​ខ្លួន​វិនាស​ទៅ​វិញ​ឬ?

២២បើ​ដូច្នោះ សេចក្ដី​វេទនា​នឹង​កើត​ឡើង​ដល់​អ្នក ប៉ុន្តែ បើ​មិន​ដូច្នោះ​ទេ លំដាប់​នោះ ចូរ​អ្នក​ចោល​ភ្នែក​មើល ហើយ​ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ចុះ ថា​ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រង​ទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ថា​ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដែល​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ ថា​មនុស្ស​ទាំង​អស់​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ថ្ងៃ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ។

២៣ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បណ្ដុះ​ពាក្យ​នេះ នៅ​ក្នុង​ចិត្ត​អ្នក ហើយ​នៅ​ពេល​ពាក្យ​នេះ​ចាប់​ផ្ដើម​រីក​ឡើង ចូរ​ថែទាំ​វា​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក។ ហើយ​មើល​ចុះ វា​នឹង​បាន​ទៅ​ជា​ដើម​មួយ ដោយ​លូតលាស់​ឡើង​នៅ​ក្នុង​ខ្លួន​អ្នក ដល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ហើយ​បន្ទាប់​មក សូម​ព្រះ​ទ្រង់​សម្រាល​បន្ទុក​របស់​អ្នក តាម​រយៈ​សេចក្ដី​អំណរ​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។ ហើយ​ការណ៍​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ។ អាម៉ែន៕