ព្រះគម្ពីរ
អាលម៉ា 3


ជំពូក​ទី ៣

ពួក​សាសន៍​អាំលីសៃ​បាន​គូស​ខ្លួន​តាម​ពាក្យ​ព្យាករណ៍ — ពួក​លេមិន​ត្រូវ​បណ្ដា​សា​មក​ពី​ការ​បះបោរ​របស់​ពួក​គេ — មនុស្ស​លោក​នាំ​បណ្ដា​សា​មក​លើ​ខ្លួន​ឯង — ពួក​នីហ្វៃ​មាន​ជ័យ​ជម្នះ​លើ​កងទ័ព​សាសន៍​លេមិន​មួយ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ៨៧–៨៦ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​នីហ្វៃ​ដែល​ពុំ​ត្រូវ​បាន​ស្លាប់​ដោយ​គ្រឿង​សស្ត្រាវុធ​ពិជ័យសង្គ្រាម នោះ​បាន​កប់​ពួក​អ្នក​ដែល​ត្រូវ​បាន​ស្លាប់ — ឥឡូវ​នេះ ចំនួន​អ្នក​ដែល​ត្រូវ​បាន​ស្លាប់​នោះ​មាន​ច្រើន​ណាស់​មិន​អាច​រាប់​បាន​ឡើយ — ក្រោយ​ពី​គេ​បាន​កប់​ពួក​អ្នក​ស្លាប់​រួច​ស្រេច​ហើយ នោះ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដែនដី​គេ ហើយ​ទៅ​រក​ផ្ទះ​គេ និង​ប្រពន្ធ​គេ និង​កូន​ចៅ​គេ​វិញ។

ឥឡូវ​នេះ មាន​ស្ត្រី និង​ក្មេងៗ​ជាច្រើន ដែល​ត្រូវ​បាន​ស្លាប់​ដោយ​ដាវ ព្រម​ទាំង​ភាគច្រើន​នៃ​ហ្វូង​ចៀម​គេ និង​ហ្វូង​គោ​គេ​ផង ហើយ​ព្រម​ទាំង​ភាគច្រើន​នៃ​ស្រែ​ចម្ការ​គេ​ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ ព្រោះ​ស្រែ​ចម្ការ​ទាំង​នោះ​ត្រូវ​កងទ័ព​ដើរ​ទន្ទ្រាន​លើ។

ហើយ​ឥឡូវ​នេះ ពួក​លេមិន និង​ពួក​អាំលីសៃ​ភាគច្រើន ដែល​ត្រូវ​បាន​ស្លាប់​នៅ​ឯ​ច្រាំងទន្លេ​ស៊ីដូន នោះ​ក៏​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ​ស៊ីដូន ហើយ​មើល​ចុះ ឆ្អឹង​របស់​គេ​នៅ​ក្នុង​ទី​ជម្រៅ​នៃ​សមុទ្រ ឯ​ឆ្អឹង​ទាំង​នោះ​មាន​ច្រើន​ណាស់។

ឯ​ពួក​អាំលីសៃ​ក៏​ត្រូវ​ញែក​ចេញ​ពី​ពួក​នីហ្វៃ ព្រោះ​គេ​បាន​គូស​ពណ៌​ក្រហម​នៅ​លើ​ថ្ងាស​គេ តាម​របៀប​ពួក​សាសន៍​លេមិន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​មិន​បាន​កោរសក់​ដូច​ពួក​លេមិន​ដែរ។

ឥឡូវ​នេះ ពួក​លេមិន​កោរសក់ ហើយ​ពួក​គេ​នៅ​អាក្រាត លើក​លែង​តែ​ប៉ឹង​ស្បែក​នៅ​ជុំវិញ​ចង្កេះ ហើយ​មាន​ស្ពាយ​គ្រឿង​អាវុធ​ជុំវិញ​ខ្លួន​ផង ហើយ​មាន​ធ្នូ​របស់​គេ និង​ព្រួញ​របស់​គេ និង​ក្រួស​របស់​គេ និង​ខ្សែ​ដង្ហក់​របស់​គេ​ជាដើម។

ហើយ​ស្បែក​ពួក​លេមិន​មាន​ពណ៌​ក្រមៅ​ស្រប​តាម​គំនូស​ចំណាំ ដែល​មាន​ដាក់​ទៅ​លើ​ពួក​អយ្យកោ​គេ គឺជា​ការ​បណ្ដា​សា​ដល់​គេ មក​ពី​ការ​រំលង​របស់​គេ និង​ការ​បះបោរ​របស់​គេ ទាស់​នឹង​ប្អូនៗ​គេ ដូច​ជា​នីហ្វៃ យ៉ាកុប និង​យ៉ូសែប និង​សាំ ដែល​ជា​មនុស្ស​សុចរិត ហើយ​បរិសុទ្ធ។

ហើយ​ពួក​បង​ប្អូន​គេ​បាន​ស្វែងរក​ផ្លូវ​បំផ្លាញ​គេ​ចោល ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បណ្ដា​សា ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​គូស​ចំណាំ​លើ​គេ មែន​ហើយ លើ​លេមិន និង​លេមយួល ព្រម​ទាំង​កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល​ផង និង​លើ​ស្ត្រីៗ​នៃ​ពួក​អ៊ីសម៉ាអែល​ដែរ។

ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឡើង ដើម្បី​ឲ្យ​ពូជ​គេ​អាច​បាន​ញែក​ចេញ ពី​កូន​ចៅ​របស់​ប្អូនៗ​គេ ដើម្បី​ព្រះ​អម្ចាស់​ទ្រង់​អាច​រក្សា រាស្ត្រ​របស់​ទ្រង់​ទុក ដើម្បី​កុំ​ឲ្យ​ពួក​គេ​ទៅ​លាយឡំ ហើយ​ជឿ​សណ្ដាប់​ដ៏​ខុសឆ្គង​ទាំង​ឡាយ ដែល​នឹង​នាំ​គេ​ទៅ​កាន់​សេចក្ដី​បំផ្លិច បំផ្លាញ​នោះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​លាយ​ទឹកកាម​របស់​ខ្លួន​ទៅ​ជាមួយ​នឹង​ពួក​លេមិន អ្នក​នោះ​ក៏​បាន​នាំ បណ្ដា​សា​មក​លើ​ពូជ​របស់​ខ្លួន​ដែរ។

១០ហេតុ​ដូច្នេះ​ហើយ បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​ពួក​លេមិន​ដឹក​នាំ​ទៅ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​នោះ ហើយ​នឹង​មាន​គំនូស ដៅ​នៅ​លើ​អ្នក​នោះ​ផង។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​មិន​ជឿ​តាម​សណ្ដាប់​នៃ​ពួក​លេមិន តែ​ជឿ​តាម​បញ្ជី​ទាំង​នោះ ដែល​ត្រូវ​បាន​យក​ចេញ​ពី​ដែនដី​យេរូសាឡិម​មក ហើយ​ជឿ​ដល់​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​វិញ ដែល​ជា​សណ្ដាប់​ដ៏​ត្រូវ ហើយ​ជឿ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ព្រម​ទាំង​កាន់​តាម​ព្រះ​បញ្ញត្តិ​ផង អ្នក​នោះ​ហើយ​ដែល​ត្រូវ​បាន​ហៅ​ថា ពួក​សាសន៍​នីហ្វៃ ឬ​ប្រជាជន​នីហ្វៃ ចាប់​តាំង​ពី​ពេល​នោះ​ត​ទៅ —

១២គឺ​ពួក​គេ​នេះ​ហើយ​ដែល​បាន​កត់​បញ្ជី​ទាំង​ឡាយ​ទុក គឺជា​បញ្ជី​ដ៏​ពិត​អំពី​ប្រជាជន​គេ និង​ព្រម​ទាំង​អំពី​ពួក​សាសន៍​លេមិន​ផង។

១៣ឥឡូវ​នេះ យើង​ត្រឡប់​មក​ឯ​ពួក​អាំលីសៃ​វិញ ព្រោះ​ពួក​គេ​ក៏​មាន​គំនូស​លើ​ខ្លួន​គេ​ដែរ មែន​ហើយ គេ​គូស​គំនូស​លើ​ខ្លួន​គេ មែន​ហើយ គឺជា​គំនូស​ក្រហម​មួយ​នៅ​លើ​ថ្ងាស​គេ។

១៤ម្ល៉ោះ​ហើយ ព្រះ​បន្ទូល​នៃ​ព្រះ​ត្រូវ​បាន​បំពេញ ត្បិត​ព្រះ​បន្ទូល​ទាំង​នេះ​ហើយ​ដែល​ទ្រង់​បាន​ប្រាប់​ទៅ​នីហ្វៃ​ថា ៖ មើល​ចុះ យើង​បាន​ដាក់​បណ្ដា​សា​ដល់​ពួក​លេមិន ហើយ​យើង​នឹង​គូស​ចំណាំ​លើ​គេ ដើម្បី​ពួក​គេ និង​ពូជ​គេ​ត្រូវ​បាន​ញែក​ចេញ​ពី​ពួក​អ្នក និង​ពូជ​អ្នក​ចាប់​ពី​ពេល​នេះ និង​រៀង​រហូត​ត​ទៅ លើក​លែង​តែ​ពួក​គេ​ប្រែចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​បែរ​មក​រក​យើង​វិញ ទើប​យើង​អាចមាន​សេចក្ដី​មេត្តាករុណា​ទៅ​លើ​គេ។

១៥ហើយ​ម្យ៉ាង​ទៀត ៖ យើង​នឹង​គូស​ចំណាំ​លើ​ជន​ណា ដែល​លាយ​ទឹកកាម​របស់​ខ្លួន​ទៅ​ជាមួយ​នឹង​បងៗ​របស់​អ្នក ដើម្បី​ឲ្យ​ពួក​គេ​អាច​ត្រូវ​បណ្ដា​សា​ផង​ដែរ។

១៦ហើយ​ម្យ៉ាង​ទៀត ៖ យើង​នឹង​គូស​ចំណាំ​លើ​ជន​ណា ដែល​ប្រឆាំង​នឹង​អ្នក និង​ពូជ​អ្នក។

១៧ហើយ​ម្យ៉ាង​ទៀត យើង​ប្រាប់​ថា អ្នក​ណា​ដែល​ចាក​ចេញ​ពី​អ្នក​ទៅ នោះ​នឹង​ឈប់​បាន​ហៅ​ថា​ជា​ពូជ​អ្នក​ទៀត​ហើយ ហើយ យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក ហើយ​ដល់​អ្នក​ណា​ដែល​មាន​ឈ្មោះ​ថា​ជា​ពូជ​អ្នក ចាប់​ពី​ពេល​នេះ និង​រៀង​រហូត​ត​ទៅ ហើយ​នេះ​គឺជា សេចក្ដី​សន្យា​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់​ចំពោះ​នីហ្វៃ និង​ពូជ​របស់​លោក។

១៨ឥឡូវ​នេះ ពួក​អាំលីសៃ​ពុំ​បាន​ដឹង​ថា គេ​កំពុងតែ​បំពេញ​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ នៅ​ពេល​ពួក​គេ​ចាប់​ផ្ដើម​គូស​លើ​ថ្ងាស គេ​នោះ​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​បាន​បះបោរ​ចេញ​មុខ​មក​ទាស់​នឹង​ព្រះ​ដែរ ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំបាច់ ដែល​បណ្ដា​សា​ត្រូវ​ធ្លាក់​មក​លើ​ពួក​គេ។

១៩ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា ពួក​គេ​បាន​ទាញ​យក​បណ្ដា​សា​មក​លើ​ខ្លួន​ឯង ហើយ​ក៏​ដូច្នោះ​ដែរ គឺ​អ្នក​ណា​ដែល​ត្រូវ បណ្ដា​សា ក៏​នាំ​ការ​កាត់ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។

២០ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មិន​ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​ចម្បាំង ដែល​បាន​ច្បាំង​នៅ​លើ​ដែនដី​សារ៉ាហិមឡា ដោយ​ពួក​លេមិន និង​ពួក​អាំលីសៃ នោះ​មាន​កងទ័ព​លេមិន កង​ផ្សេង​មួយ​ទៀត បាន​មក​វាយ​មក​លើ​ប្រជាជន​នីហ្វៃ​នៅ​ត្រង់​កន្លែង​ដដែល ដែល​កងទ័ព​មុន​បាន​ជួប​នឹង​ពួក​អាំលីសៃ​នោះ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ទ័ព​មួយ​កង​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​រុញច្រាន​ពួក​គេ​ចេញ​ពី​ដែនដី។

២២ឥឡូវ​នេះ អាលម៉ា ដែល​ត្រូវ​របួស​ផ្ទាល់ ពុំ​បាន​ឡើង​ទៅ​ច្បាំង​នឹង​ពួក​លេមិន​ពេល​នេះ​ទេ

២៣ប៉ុន្តែ លោក​បាន​បញ្ជា​ឲ្យ​កងទ័ព​ជាច្រើន​ទៅ​តទល់​នឹង​ពួក​គេ ហើយ​ពួក​គេ​បាន​ឡើង​ទៅ ហើយ​បាន​សម្លាប់​ពួក​លេមិន​អស់​ជា​ច្រើន​នាក់ ហើយ​បាន​រុញច្រាន​ពួក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ឲ្យ​ចេញ​ទៅ​ក្រៅ​ព្រំប្រទល់​ដែនដី​គេ​វិញ។

២៤ហើយ​បន្ទាប់​មក ពួក​គេ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​ចាប់​ផ្ដើម​កសាង​សេចក្ដី​សុខសាន្ត នៅ​លើ​ដែនដី​វិញ​ទៀត ដោយ​ពុំ​មាន​បន្ទូល​រឿង​អ្វី​ទៀត ជាមួយ​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ​អស់​មួយ​រយៈ។

២៥ឥឡូវ​នេះ ការណ៍​អស់​ទាំង​នេះ​ត្រូវ​បាន​កើត​ឡើង មែន​ហើយ អស់​ទាំង​សង្គ្រាម និង​ការ​ទាស់ទែង​គ្នា បាន​ចាប់​ផ្ដើម​ឡើង ហើយ​ក៏​ចប់​ទៅ នៅ​ឆ្នាំ​ទី​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

២៦ហើយ​នៅ​ក្នុង​រយៈ​ពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ មាន​ព្រលឹង​រាប់​ពាន់ និង​រាប់​ម៉ឺន ត្រូវ​បាន​បញ្ជូន​ទៅ​ឯ​បរលោក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ពួក​គេ​អាច​ច្រូត​នូវ​រង្វាន់​ទាំង​ឡាយ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន បើ​សិន​ជា​ពួក​គេ​ល្អ ឬ​ក៏​បើ​សិន​ជា​ពួក​គេ​អាក្រក់ នោះ​នឹង​បាន​ច្រូត​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច ស្រប​តាម​វិញ្ញាណ​ដែល​គេ​បាន​ចុះ​ធ្វើ​តាម ថា​តើ​ជា​វិញ្ញាណ​ល្អ ឬ​ជា​វិញ្ញាណ​អាក្រក់​វិញ។

២៧ត្បិត​មនុស្ស​គ្រប់​រូប​ទទួល​ឈ្នួល​ពី​អ្នក​ណា​ដែល​គេ​ចុះ​ធ្វើ​តាម ហើយ​នេះ​គឺ​ស្រប​តាម​ពាក្យ​ទាំង​ឡាយ​នៃ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ ហេតុ​ដូច្នេះ​ហើយ សូម​ឲ្យ​បាន​តាម​ការ​ពិត​ចុះ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ៕