ព្រះគម្ពីរ
អាលម៉ា 43


ជំពូក​ទី ៤៣

អាលម៉ា និង​ពួក​កូន​ប្រុស​របស់​លោក​ផ្សាយ​ព្រះ​បន្ទូល​ — ពួក​សាសន៍​សូរាំ និង​ពួក​ជន​ដែល​បែក​ចេញ​ពី​សាសន៍​នីហ្វៃ​ក្លាយ​ទៅ​ជា​សាសន៍​លេមិន — ពួក​សាសន៍​លេមិន​មក​ប្រឆាំង​នឹង​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​សង្គ្រាម — មរ៉ូណៃ​ប្រដាប់​ពួក​សាសន៍​នីហ្វៃ ដោយ​អាវ​ក្រោះ​សម្រាប់​ការ​ពារ — ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​ដល់​អាលម៉ា​នូវ​យុទ្ធសាស្ត្រ​របស់​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ការ​ពារ​ផ្ទះ​សំបែង សេរីភាព គ្រួសារ និង​សាសនា​របស់​គេ — ពល​ទ័ព​របស់​មរ៉ូណៃ និង​លីហៃ​ហ៊ុមព័ទ្ធ​ពួក​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​កូន​ប្រុស​របស់​អា​ល​ម៉ា​បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន ដើម្បី​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដល់​ពួក​គេ។ ហើយ​អាលម៉ា​ផ្ទាល់ ក៏​មិន​អាច​សម្រាក​ឡើយ ហើយ​លោក​ក៏​បាន​ទៅ​ដែរ។

ឥឡូវ​នេះ យើង​ពុំ​និយាយ​ទៀត​ទេ អំពី​ការ​ផ្សព្វផ្សាយ​របស់​ពួក​គេ លើកលែងតែ​ថា ពួក​គេ​បាន​ផ្សាយ​ព្រះ​បន្ទូល និង​សេចក្ដី​ពិត ស្រប​តាម​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ ហើយ​ពួក​គេ​បាន​ផ្សាយ​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ដែល​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ។

ហើយ​ឥឡូវ​នេះ ខ្ញុំ​ត្រឡប់​មក​និយាយ​អំពី​សង្គ្រាម​ទាំង​ឡាយ រវាង​ពួក​សាសន៍​នីហ្វៃ​នឹង​ពួក​សាសន៍​លេមិន​វិញ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

ត្បិត​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​សូរាំ​បាន​ក្លាយ​ទៅ​ជា​សាសន៍​លេមិន ហេតុ​ដូច្នេះ​ហើយ នៅ​ដើម​ឆ្នាំ​ទី​ដប់​ប្រាំបី នោះ​ប្រជាជន​នៃ​ពួក​នីហ្វៃ​បាន​ឃើញ​ថា ពួក​សាសន៍​លេមិន​លើក​មក​វាយប្រហារ​គេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​រៀបចំ​ធ្វើ​សង្គ្រាម មែន​ហើយ ពួក​គេ​បាន​ប្រមូល​ពល​ទ័ព​របស់​គេ​មក​ក្នុង​ដែនដី​យើសុន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​លើក​គ្នា​មក​ជា​ច្រើន​ពាន់​នាក់ ហើយ​ពួក​គេ​បាន​ចូល​មក​ក្នុង​ដែនដី​អាន់ទីអូនុម ដែល​ជា​ដែនដី​របស់​ពួក​សាសន៍​សូរាំ ហើយ​មាន​បុរស​ម្នាក់​ឈ្មោះ សេរ៉ាហិមណា គឺជា​អ្នក​ដឹកនាំ​របស់​គេ។

ហើយ​ឥឡូវ​នេះ ដោយ​ពួក​សាសន៍​អាម៉ាលេកៃ មាន​ចរិត​អាក្រក់ ហើយ​ចូល​ចិត្ត​ធ្វើ​ឃាត​មនុស្ស​ជាង​ពួក​សាសន៍​លេមិន​ដោយ​ខ្លួន​គេ ហេតុ​ដូច្នេះ​ហើយ ទើប​សេរ៉ាហិមណា​បាន​តែងតាំង​ពួក​មេទ័ព​ឯក​លើ​ពួក​សាសន៍​លេមិន ហើយ​ពួក​គេ​សុទ្ធ​តែ​ពួក​សាសន៍ អាម៉ាលេកៃ និង​ពួក​សាសន៍​សូរាំ។

ឥឡូវ​នេះ គាត់​ធ្វើ​បែប​នេះ គឺ​ដើម្បី​គាត់​អាច​ទុក​ឲ្យ​គេ​មាន​សម្អប់​ដល់​ពួក​សាសន៍​នីហ្វៃ ដើម្បី​គាត់​អាច​នាំ​ពួក​នេះ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​គាត់ ដើម្បី​គាត់​អាច​សម្រេច​គោលបំណង​ទាំង​ឡាយ​របស់​គាត់។

ត្បិត​មើល​ចុះ គោលបំណង​របស់​គាត់ គឺ​ដើម្បី​ចាក់​រុក​ឲ្យ​ពួក​សាសន៍​លេមិន​ខឹង​នឹង​ពួក​សាសន៍​នីហ្វៃ គាត់​ធ្វើ​បែប​នេះ​គឺ​ដើម្បី​គាត់​អាច​ដណ្ដើមយក​អំណាច​ដ៏​ធំ​ទៅ​លើ​ពួក​គេ ហើយ​ក៏​ដើម្បី​គាត់​អាច​មាន​អំណាច​ទៅ​លើ​ពួក​សាសន៍​នីហ្វៃ ដោយ​នាំ​ពួក​គេ​ទៅ​ក្នុង​សេវក​ភាព។

ហើយ​ឥឡូវ​នេះ គោលបំណង​របស់​ពួក​សាសន៍​នីហ្វៃ គឺ​គាំទ្រ​ដែនដី​របស់​គេ ផ្ទះ​សំបែង​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ ដើម្បី​គេ​អាច​ថែរក្សា​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ក៏​ដើម្បី​គេ​អាច​រក្សា​សិទ្ធិ និង​ឯកសិទ្ធិ​របស់​គេ មែន​ហើយ ព្រម​ទាំង​ឥស្សរភាព​របស់​គេ​ផង ដើម្បី​គេ​អាច​ថ្វាយ​បង្គំ​ដល់​ព្រះ​គេ តាម​បំណង​របស់​គេ។

១០ព្រោះ​គេ​បាន​ដឹង​ថា បើ​សិន​ជា​គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន ថា​អស់​អ្នក​ណា​ដែល​នឹង​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ និង​សេចក្ដី​ពិត គឺ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ពួក​លេមិន​នឹង​បំផ្លាញ​ចោល។

១១មែន​ហើយ ពួក​គេ​ក៏​បាន​ដឹង​នូវ​សម្អប់​ដ៏​ធំ​របស់​ពួក​សាសន៍​លេមិន​ដល់​បង​ប្អូន​គេ ដែល​ជា​ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ ដែល​គេ​ហៅ​ថា ប្រជាជន​អាំម៉ូន — ហើយ​ពួក​គេ​ពុំ​ព្រម​កាន់​អាវុធ​សោះ មែន​ហើយ ពួក​គេ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ ហើយ​គេ​មិន​ព្រម​បំបាក់​ឡើយ — ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន នោះ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​បង់។

១២ហើយ​ពួក​សាសន៍​នីហ្វៃ​ពុំ​ទុក​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចោល​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​គេ​បាន​ឲ្យ​ពួក​នោះ​នូវ​ដី​សម្រាប់​ជា​កេរ្តិ៍​អាករ។

១៣ហើយ​ប្រជាជន​អាំម៉ូន​បាន​ឲ្យ​ពួក​សាសន៍​នីហ្វៃ​នូវ​ទ្រព្យ​របស់​គេ​មួយ​ធំ ដើម្បី​ចិញ្ចឹម​ពល​ទ័ព​របស់​គេ ហេតុ​ដូច្នេះ​ហើយ ពួក​សាសន៍​នីហ្វៃ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ទប់​ទល់​នឹង​ពួក​សាសន៍​លេមិន​តែឯង ដែល​ជា​ជនជាតិ​ចម្រុះ​រវាង​សាសន៍​លេមិន​នឹង​លេមយួល និង​កូន​ចៅ​របស់​អ៊ីសម៉ាអែល និង​ជន​ទាំង​អស់​ដែល​បែក​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ គឺ​ពួក​សាសន៍​អាម៉ាលេកៃ និង​ពួក​សាសន៍​សូរាំ និង​ពូជ​ពង្ស​របស់​ពួក​សង្ឃ​នៃ​ស្ដេច​ណូអេ។

១៤ឥឡូវ​នេះ ពូជ​ពង្ស​ទាំង​នោះ​មាន​គ្នា​ច្រើន​ជិត​ស្មើ​នឹង​ពួក​សាសន៍​នីហ្វៃ ម្ល៉ោះ​ហើយ ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​បង្ខំ​ឲ្យ​តតាំង​នឹង​បង​ប្អូន​ខ្លួន គឺ​រហូត​ដល់​មាន​ការ​ខ្ចាយ​ឈាម។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​នៅ​ពេល​ដែល​ពល​ទ័ព​សាសន៍​លេមិន បាន​ប្រមូល​គ្នា​នៅ​ក្នុង​ដែនដី អាន់ទីអូនុម មើល​ចុះ ពល​ទ័ព​សាសន៍​នីហ្វៃ​បាន​រៀបចំ​ខ្លួន ដើម្បី​ទៅ​ជួប​ពួក​គេ​នៅ​ឯ​ដែនដី​យើសុន។

១៦ឥឡូវ​នេះ មេដឹកនាំ​ពួក​នីហ្វៃ ឬ​បុរស​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ជា​មេទ័ព​ឯក​លើ​ពួក​នីហ្វៃ — ឥឡូវ​នេះ មេទ័ព​ឯក គឺជា​អ្នក​ត្រួតត្រា​លើ​ពល​ទ័ព​សាសន៍​នីហ្វៃ​ទាំង​អស់ — ហើយ​លោក​មាន​ឈ្មោះ​ថា មរ៉ូណៃ

១៧ហើយ​មរ៉ូណៃ ជា​អ្នក​បញ្ជាការ ហើយ​ជា​អភិបាល​នៃ​សង្គ្រាម​របស់​គេ​ទាំង​អស់។ ហើយ​លោក​មាន​អាយុ​តែ​ម្ភៃ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ នៅ​ពេល​លោក​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេទ័ព​ឯក​លើ​ពល​ទ័ព​សាសន៍​នីហ្វៃ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ជួប​តទល់​នឹង​ពួក​លេមិន នៅ​ឯ​ព្រំប្រទល់​ដែនដី​យើសុន ហើយ​ទ័ព​របស់​លោក បាន​ប្រដាប់​ខ្លួន​ដោយ​ដាវ​ទាំង​ឡាយ និង​សាប​ទាំង​ឡាយ និង​អស់​ទាំង​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​គ្រប់​យ៉ាង។

១៩ហើយ​កាល​ពល​ទ័ព​សាសន៍​លេមិន​បាន​ឃើញ​ថា ប្រជាជន​នីហ្វៃ ឬ​ថា​មរ៉ូណៃ បាន​ប្រដាប់​ឲ្យ​ទ័ព​លោក​នូវ​អាវ​ក្រោះ​ទាំង​ឡាយ និង​ខែល​ដៃ​ទាំង​ឡាយ មែន​ហើយ ព្រម​ទាំង​ខែល​ការ​ពារ​ក្បាល​ទាំង​ឡាយ ហើយ​ពួក​គេ​បាន​ស្លៀកពាក់​នូវ​សំលៀកបំពាក់​ដ៏​ក្រាស់ៗ​ផង —

២០ឥឡូវ​នេះ កងទ័ព​របស់​សេរ៉ាហិមណា ពុំ​បាន​រៀបចំ​នូវ​គ្រឿង​ប្រដាប់​បែប​នេះ​ទេ ពួក​គេ​មាន​តែ​ដាវ​ទាំង​ឡាយ​របស់​គេ និង​សាប​ទាំង​ឡាយ​របស់​គេ ធ្នូ​ទាំង​ឡាយ​របស់​គេ និង​ព្រួញ​ទាំង​ឡាយ​របស់​គេ ក្រួស​ទាំង​ឡាយ​របស់​គេ និង​ខ្សែ​ដង្ហក់​ទាំង​ឡាយ​របស់​គេ​ប៉ុណ្ណោះ ហើយ​ពួក​គេ​នៅ​ខ្លួន​អាក្រាត លើកលែងតែ​ស្បែក​មួយ​បន្ទះ​ដែល​ក្រវាត់​នៅ​ចង្កេះ មែន​ហើយ គេ​ទាំង​អស់​គ្នា​នៅ​អាក្រាត លើកលែងតែ​ពួក​សាសន៍​សូរាំ និង​ពួក​សាសន៍​អាម៉ាលេកៃ​ប៉ុណ្ណោះ

២១តែ​ពួក​គេ​មិន​បាន​ពាក់​អាវ​ក្រោះ​ទាំង​ឡាយ ឬ​ខែល​ទាំង​ឡាយ​ទេ — ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ខ្លាច​ពល​ទ័ព​សាសន៍​នីហ្វៃ​ក្រៃលែង ដោយ​សារ​គ្រឿង​ប្រដាប់​ក្រោះ​របស់​គេ ទោះ​ជា​ពួក​គេ​មាន​ចំនួន​ច្រើន​ជាង​ពួក​សាសន៍​នីហ្វៃ​ដ៏​លើសលប់​ក៏​ដោយ។

២២មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មិន​ហ៊ាន​វាយប្រហារ​ពួក​នីហ្វៃ នៅ​ឯ​ព្រំប្រទល់​ដែនដី​យើសុន​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចេញ​ពី​ដែនដី​អាន់ទីអូនុម​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ក្នុង​ទី​រហោស្ថាន​ទៅ​ខាង​ដើម​ទន្លេ​ស៊ីដូន ដើម្បី​គេ​អាច​ចូល​ទៅ​ឯ​ដែនដី​ម៉ាន់តៃ ហើយ​មក​ដែនដី​នោះ ព្រោះ​ពួក​គេ​បាន​គិត​ស្មាន​ថា ពល​ទ័ព​របស់​មរ៉ូណៃ នឹង​មិន​ដឹង​ថា គេ​បាន​ទៅ​ទីណា​ឡើយ។

២៣តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ភ្លាម នោះ​មរ៉ូណៃ​បាន​ចាត់​ឲ្យ​ពួក​អ្នក​ស៊ើប​ការណ៍​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​លប​មើល​ជំរំ​របស់​គេ ហើយ​មរ៉ូណៃ ដោយ​ដឹង​នូវ​ការ​ព្យាករណ៍​ទាំង​ឡាយ​របស់​អាលម៉ា ក៏​បាន​ចាត់​ឲ្យ​មនុស្ស​ខ្លះ​ទៅ​ជួប​នឹង​លោក សូម​ឲ្យ​លោក​សួរ​ដល់​ព្រះ​អម្ចាស់​ថា តើ​ពល​ទ័ព​ទាំង​ឡាយ​របស់​សាសន៍​នីហ្វៃ​ត្រូវ​ទៅ​ទីណា ដើម្បី​ការ​ពារ​ខ្លួន​គេ​ពី​ពួក​លេមិន។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​បាន​ប្រាប់​មក​អាលម៉ា ហើយ​អាលម៉ា​ឲ្យ​ដំណឹង​ទៅ​អ្នក​នាំសារ​ទាំង​ឡាយ​របស់​មរ៉ូណៃ​ថា ពល​ទ័ព​សាសន៍​លេមិន​កំពុង​ដើរ​ជុំវិញ​នៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​គេ​អាច​ចូល​ទៅ​ឯ​ដែនដី​ម៉ាន់តៃ ដើម្បី​គេ​អាច​ចាប់​ផ្ដើម​ការ​វាយប្រហារ​ទៅ​លើ​ផ្នែក​ប្រជាជន​ដែល​ទន់ខ្សោយ។ ហើយ​ពួក​អ្នក​នាំសារ​ទាំង​នោះ បាន​នាំ​ដំណឹង​ទៅ​ប្រាប់​មរ៉ូណៃ។

២៥ឥឡូវ​នេះ មរ៉ូណៃ ដោយ​បាន​ទុក​កងទ័ព​របស់​លោក​មួ​យ​ភាគ នៅ​ឯ​ដែនដី​យើសុន ខ្លាចក្រែង​ពួក​លេមិន​មួយភាគ​នឹង​ចូល​ទៅ​ឯ​ដែនដី​នោះ ហើយ​ដណ្ដើមយក​ទី​ក្រុង នោះ​លោក​បាន​យក​កងទ័ព​របស់​លោក ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ដែនដី​ម៉ាន់តៃ។

២៦ហើយ​លោក​បាន​បញ្ជា​ឲ្យ​ប្រជាជន​ទាំង​អស់ នៅ​ភូមិ​នៃ​ដែនដី​ប្រមូល​គ្នា​មក​វាយ​តទល់​នឹង​ពួក​លេមិន ដើម្បី​ការ​ពារ​ដែនដី​របស់​គេ និង​ប្រទេស​របស់​គេ និង​សិទ្ធិ​របស់​គេ និង​សេរីភាព​របស់​គេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ប្រុងប្រៀប​ខ្លួន​ចាំ នៅ​ពេល​ដែល​ពួក​លេមិន​នឹង​មក។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​បញ្ជា​ឲ្យ​កងទ័ព​របស់​លោក​ពួន​នៅ​ក្នុង​ច្រក​ភ្នំ ជិត​ច្រាំងទន្លេ​ស៊ីដូន គឺ​នៅ​ត្រើយ​ខាង​លិច​ទន្លេ​ស៊ីដូន នៅ​ក្នុង​ទីរហោស្ថាន។

២៨ហើយ​មរ៉ូណៃ​បាន​ដាក់​ពួក​អ្នក​ស៊ើបការណ៍​នៅ​ជុំវិញ ដើម្បី​ឲ្យ​ដឹង​ថា កាលណា​ពួក​លេមិន​នឹង​មក​ដល់។

២៩ហើយ​ឥឡូវ​នេះ មរ៉ូណៃ​បាន​ដឹង​នូវ​បំណង​របស់​ពួក​សាសន៍​លេមិន​ថា បំណង​របស់​គេ គឺ​ដើម្បី​បំផ្លាញ​បង​ប្អូន​គេ​ចោល ឬ​ដាក់​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច ហើយ​យក​ពួក​គេ​ទៅ​ក្នុង​សេវក​ភាព ដើម្បី​គេ​អាច​បង្កើត​នគរ​សម្រាប់​ខ្លួន​គេ​នៅ​លើ​អស់​ទាំង​ដែនដី

៣០ហើយ​លោក​ក៏​ដឹង​ថា បំណង​តែមួយ​របស់​ពួក​សាសន៍​នីហ្វៃ គឺ​ដើម្បី​ការ​ពារ​ដែនដី​របស់​គេ និង​ឥស្សរភាព​របស់​គេ និង​សាសនាចក្រ​របស់​គេ ហេតុ​ដូច្នេះ​ហើយ លោក​បាន​គិត​ថា គ្មាន​បាប​អ្វី​ទេ ដែល​លោក​ត្រូវ​ការ​ពារ​ពួក​គេ ដោយ​ប្រើ​យុទ្ធោបាយ ហេតុ​ដូច្នេះ​ហើយ លោក​បាន​ដឹង​ពី​ពួក​អ្នក​ស៊ើបការណ៍​មក​ថា តើ​ពួក​លេមិន​នឹង​ដើរ​តាម​ផ្លូវ​ណា។

៣១ហេតុ​ដូច្នេះ​ហើយ លោក​បាន​បំបែក​កងទ័ព​របស់​លោក ហើយ​យក​មួយ​ផ្នែក​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​ពួន​នៅ​ខាង​កើត និង​ខាង​ត្បូង​ភ្នំ​រីពឡា

៣២ហើយ​ទ័ព​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​លោក​បាន​លាក់​នៅ​ខាង​លិច​ច្រក​ភ្នំ នៅ​ខាង​លិច​ទន្លេ​ស៊ីដូន រហូត​ទៅ​ទល់​នឹង​ព្រំដែន​នៃ​ដែនដី​ម៉ាន់តៃ។

៣៣ម្ល៉ោះ​ហើយ ដោយ​បាន​ដាក់​កងទ័ព​ទៅ​តាម​បំណង​របស់​លោកហើយ នោះ​លោក​បាន​ប្រុងប្រៀប​ខ្លួន​ដើម្បី​ទៅ​ជួប​នឹង​ពួក​គេ។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ឡើង​មក​ខាង​ជើង​ភ្នំ ជា​កន្លែង​ដែល​មាន​កងទ័ព​របស់​មរ៉ូណៃ​មួយ​ផ្នែក​បង្កប់​នៅ​ទី​នោះ។

៣៥ហើយ​នៅ​ពេល​ដែល​ពួក​លេមិន​បាន​ឆ្លង​ហួស​ភ្នំ​រីពឡា ហើយ​បាន​ចូល​មក​ក្នុង​ច្រក​ភ្នំ ហើយ​បាន​ចាប់​ផ្ដើម​ឆ្លងទន្លេ​ស៊ីដូន នោះ​កងទ័ព​ដែល​បាន​ពួន​នៅ​ខាង​ត្បូង​ភ្នំ នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ម្នាក់​ឈ្មោះ លីហៃ ក៏​បាន​ចេញ​មក​ហ៊ុមព័ទ្ធ​ពួក​លេមិន​ពី​ខាង​ក្រោយ ពី​ទិស​ខាង​កើត។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ពួក​លេមិន​បាន​ឃើញ​ពួក​នីហ្វៃ មក​វាយប្រហារ​គេ​ពី​ខាង​ក្រោយ ក៏​បែរ​មក​ក្រោយ​វិញ ហើយ​បាន​ចាប់​ផ្ដើម​តតាំង​នឹង​កងទ័ព​លីហៃ។

៣៧ហើយ​ការ​ស្លាប់​ក៏​បាន​ចាប់​ផ្ដើម​មាន​ដល់​ពល​ទ័ព​ទាំង​សង​ខាង ប៉ុន្តែ​ផ្នែក​ខាង​ពួក​លេមិន​មាន​ច្រើន​ជាង ព្រោះ​ខ្លួន​របស់​ពួក​គេ​នៅ​ទទេ ត្រូវ​ទទួល​រង​ការ​វាយប្រហារ​របស់​ពួក​នីហ្វៃ​យ៉ាង​ខ្លាំង ដែល​ប្រដាប់​ដោយ​ដាវ​ទាំង​ឡាយ​របស់​គេ និង​សាប​ទាំង​ឡាយ​របស់​គេ ដែល​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់​សឹង​តែ​គ្រប់​ពេល​ដែល​កាប់​ចាក់។

៣៨រីឯ​ផ្ទុយ​មក​វិញ នៅ​ខាង​ពួក​នីហ្វៃ ម្ដង​ម្កាល​ទើប​មាន​មនុស្ស​ម្នាក់​ដួល​ចុះ ដោយ​សារ​ដាវ​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​ត្រូវ​ហូរ​អស់​ឈាម ពួក​គេ​ត្រូវ​ស្រោប​ត្រង់​ផ្នែក​នៃ​រាងកាយ​ដែល​សំខាន់ ឬ​ផ្នែក​សំខាន់​ទាំង​ឡាយ នៃ​រាងកាយ​ត្រូវ​បាន​ស្រោប​ការ​ពារ​ពី​ការ​កាប់​ចាក់​របស់​ពួក​លេមិន ដោយ​អាវ​ក្រោះ​ទាំង​ឡាយ​របស់​គេ និង​ខែល​ដៃ​ទាំង​ឡាយ​របស់​គេ និង​មួក​ការ​ពារ​ក្បាល​ទាំង​ឡាយ​របស់​គេ ម្ល៉ោះ​ហើយ ពួក​នីហ្វៃ​បាន​បន្ត​ការ​កាប់​សម្លាប់​នៅ​ក្នុង​ចំណោម​ពួក​លេមិន។

៣៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​មាន​ការ​តក់​ស្លុត ដោយ​ព្រោះ​ការ​បំផ្លិចបំផ្លាញ​ដ៏​មហិមា​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​រហូត​ដល់​ពួក​គេ​បាន​ចាប់​ផ្ដើម​រត់​ភៀស​ខ្លួន ឆ្ពោះ​ទៅ​ទន្លេ​ស៊ីដូន។

៤០ហើយ​ពួក​គេ​ត្រូវ​លីហៃ និង​ទ័ព​របស់​លោក​ដេញ​តាម ហើយ​គេ​ត្រូវ​រុញច្រាន​ដោយ​លីហៃ ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទឹកទន្លេ​ស៊ីដូន ហើយ​ពួក​គេ​បាន​ឆ្លងទន្លេ​ស៊ីដូន។ ហើយ​លីហៃ​បាន​បញ្ឈប់​ពល​ទ័ព​របស់​លោក នៅ​ត្រង់​ច្រាំងទន្លេ​ស៊ីដូន​មិន​ឲ្យ​ឆ្លង។

៤១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ និង​កងទ័ព​របស់​លោក ប្រទះ​នឹង​ពួក​លេមិន​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ខាង​នាយ​ទន្លេ​ស៊ីដូន ហើយ​បាន​ចាប់​ផ្ដើម​វាយ ហើយ​សម្លាប់​ពួក​គេ​ចោល។

៤២ហើយ​ពួក​លេមិន​បាន​រត់គេច​ពី​ពួក​គេ​ទៀត សំដៅ​ទៅ​ដែនដី​ម៉ាន់តៃ ហើយ​ពួក​គេ​ក៏​ជួបប្រទះ​នឹង​ពល​ទ័ព​របស់​មរ៉ូណៃ​ជាថ្មី​ទៀត។

៤៣ឥឡូវ​នេះ ក្នុង​ករណី​នេះ ពួក​លេមិន​បាន​វាយ​តប​ត​យ៉ាង​អស់​ទំហឹង មែន​ហើយ គ្មាន​ពេល​ណា​សោះ ដែល​ពួក​លេមិន​ប្រយុទ្ធ​ដោយ​អស់​ពី​កម្លាំង និង​សេចក្ដី​ក្លាហាន​ដ៏​ខ្លាំង​បែប​នេះ​ទេ គ្មាន​ទេ ទោះ​ចាប់​តាំង​ពី​ដើមដំបូង​មក​ក៏​ដោយ។

៤៤ហើយ​ពួក​គេ​ត្រូវ​បាន​បំផុស​គំនិត ដោយ​ពួក​សាសន៍​សូរាំ និង​ពួក​សាសន៍​អាម៉ាលេកៃ ដែល​ជា​មេទ័ព​ឯក ហើយ​ជា​មេដឹកនាំ​របស់​គេ និង​ដោយ​សេរ៉ាហិមណា ដែល​ជា​មេទ័ព​ឯក ឬ​មេដឹកនាំ ហើយ​ជា​មេបញ្ជាការ​របស់​គេ មែន​ហើយ ពួក​គេ​បាន​ប្រយុទ្ធ ដូច​នាគរាជ ហើយ​ពួក​នីហ្វៃ​ជា​ច្រើន​ត្រូវ​ស្លាប់​ដោយ​ស្នាដៃ​ពួក​គេ មែន​ហើយ ព្រោះ​គេ​បាន​កាប់​ជា​ពីរ​នូវ​មួក​ការ​ពារ​ក្បាល​ជា​ច្រើន ហើយ​គេ​បាន​ចាក់​ធ្លុះ​អាវ​ក្រោះ​ជា​ច្រើន​របស់​គេ ហើយ​គេ​បាន​កាត់​ដៃ​គេ​ដាច់​ជា​ច្រើន ម្ល៉ោះ​ហើយ ពួក​លេមិន​បាន​កាប់​សម្លាប់​ដោយ​កំហឹង​ដ៏​ពុះពារ​របស់​គេ។

៤៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​នីហ្វៃ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដែរ ដោយ​ហេតុ​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត ព្រោះ​គេ​មិន​បាន​ប្រយុទ្ធ​ដើម្បី​រាជាធិបតេយ្យ ឬ​ដើម្បី​អំណាច​ទេ ប៉ុន្តែ​គេ​បាន​ប្រយុទ្ធ​ដើម្បី​ផ្ទះ​សំបែង​របស់​គេ និង​សេរីភាព​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន មែន​ហើយ ដើម្បី​ពិធី​ថ្វាយ​បង្គំ និង​សាសនាចក្រ​របស់​គេ។

៤៦ហើយ​ពួក​គេ​បាន​ធ្វើ​នូវ​អ្វីៗ ដែល​គេ​យល់​ថា ជា​កិច្ច​ការ​ដែល​គេ​ត្រូវ​ធ្វើ​ចំពោះ​ព្រះ​របស់​គេ ព្រោះ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​គេ និង​ពួក​អយ្យកោ​គេ​ផង​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​ពុំ​មាន​ទោស​នៃ​ការ​បង្អាក់​បង្អន់​ចិត្ត​ទី​មួយ ឬ​ទី​ពីរ​ទេ នោះ​អ្នក​នឹង​ពុំ​ត្រូវ​ស្លាប់ ដោយ​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ។

៤៧ហើយ​មួយ​ទៀត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ អ្នក​ត្រូវ​ការ​ពារ​គ្រួសារ​របស់​អ្នក គឺ​រហូត​ដល់​ការ​ខ្ចាយ​ឈាម។ ហេតុ​ដូច្នេះ ដោយ​សារ​ហេតុការណ៍​នេះ​ហើយ ទើប​ពួក​នីហ្វៃ​បាន​តតាំង​នឹង​ពួក​លេមិន ដើម្បី​ការ​ពារ​ខ្លួន​គេ និង​គ្រួសារ​របស់​គេ និង​ដែនដី​របស់​គេ ប្រទេស​របស់​គេ និង​សិទ្ធិ​របស់​គេ និង​សាសនា​របស់​គេ។

៤៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​ទ័ព​របស់​មរ៉ូណៃ​បាន​ឃើញ​ភាព​សាហាវ និង​កំហឹង​របស់​ពួក​លេមិន នោះ​គេ​ស្ទើរតែ​នឹង​ដកថយ ហើយ​រត់គេច​ពី​ពួក​គេ​ទៅ។ ហើយ​មរ៉ូណៃ ដោយ​បាន​ដឹង​បំណង​របស់​ពួក​គេ ក៏​បាន​ឲ្យ​មនុស្ស​ទៅ​លើក​ទឹក​ចិត្ត​គេ ដោយ​យោបល់​ទាំង​នេះ — មែន​ហើយ នេះ​គឺជា​យោបល់​អំពី​ដែនដី​របស់​គេ ឥស្សរភាព​របស់​គេ មែន​ហើយ សេរីភាព​របស់​ពួក​គេ​ពី​សេវក​ភាព។

៤៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​វាយ​តប​ត​នឹង​ពួក​លេមិន​វិញ ហើយ​គេ​បាន​អំពាវនាវ​ដោយ​សំឡេង​តែមួយ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ សូម​ឥស្សរភាព​របស់​ពួក​គេ និង​សេរីភាព​របស់​ពួក​គេ​ពី​ទាស​ភាព។

៥០ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​តទល់​ប្រឆាំង​នឹង​ពួក​លេមិន​ដោយ​ខ្លាំងក្លា ហើយ​នៅ​ក្នុង​ម៉ោង​នោះ​ដែល​គេ​បាន​អំពាវនាវ​ដល់​ព្រះ សូម​សេរីភាព​របស់​គេ នោះ​ពួក​លេមិន​បាន​ចាប់​ផ្ដើម​រត់គេច​ចេញ​ពី​គេ​ទៅ ហើយ​ពួក​វា​រត់​ទៅ​ដល់​ទន្លេ​ស៊ីដូន។

៥១ឥឡូវ​នេះ ពួក​លេមិន​មាន​ចំនួន​ជា​ច្រើន មែន​ហើយ ច្រើន​ជាង​ពួក​នីហ្វៃ​ពីរ​ដង​ទៅ​ទៀត ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ត្រូវ​រុញច្រាន​ជា​ខ្លាំង​ដែរ រហូត​ដល់​រួម​មក​ជា​ក្រុម​មួយ នៅ​ក្នុង​ច្រក​ភ្នំ​នៅ​លើ​ច្រាំង​ក្បែរ​ទន្លេ​ស៊ីដូន។

៥២ហេតុ​ដូច្នេះ​ហើយ ពល​ទ័ព​របស់​មរ៉ូណៃ​បាន​ឡោមព័ទ្ធ​ពួក​គេ​ជុំជិត មែន​ហើយ ទាំង​សង​ខាង​ទន្លេ ត្បិត​មើល​ចុះ នៅ​ទិស​ខាង​កើត គឺ​ទ័ព​របស់​លីហៃ។

៥៣ហេតុ​ដូច្នេះ​ហើយ កាលដែល​សេរ៉ាហិមណា បាន​ឃើញ​ទ័ព​របស់​លីហៃ​នៅ​ខាង​កើត​ទន្លេ​ស៊ីដូន ហើយ​ពល​ទ័ព​របស់​មរ៉ូណៃ​នៅ​ខាង​លិច​ទន្លេ​ស៊ីដូន គឺ​គេ​ត្រូវ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ពួក​នីហ្វៃ នោះ​ពួក​គេ​ក៏​កើត​សេចក្ដី​តក់​ស្លុត​ជា​ខ្លាំង។

៥៤ឥឡូវ​នេះ មរ៉ូណៃ កាល​លោក​បាន​ឃើញ​សេចក្ដី​តក់​ស្លុត​របស់​ពួក​គេ ក៏​បាន​បញ្ជា​ទ័ព​របស់​លោក ឲ្យ​ឈប់​កំចាយ​ឈាម​ពួក​គេ​ត​ទៅ​ទៀត៕