ជំពូកទី ៥៣
ពួកឈ្លើយសាសន៍លេមិនត្រូវបានប្រើឲ្យពង្រឹងទីក្រុងបរិបូរណ៍ — ការបែកចេញទាំងឡាយនៅក្នុងចំណោមពួកសាសន៍នីហ្វៃធ្វើឲ្យពួកសាសន៍លេមិនមានជ័យជម្នះ — ហេលេមិនបញ្ជាកូនប្រុសពីរពាន់នាក់ ជាកូនរបស់ប្រជាជនអាំម៉ូន។ ប្រមាណជាឆ្នាំ ៦៤–៦៣ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចាត់មនុស្សឲ្យយាមពួកឈ្លើយសាសន៍លេមិន ហើយបានបង្ខំពួកគេឲ្យធ្វើដំណើរទៅ និងកប់ពួកអ្នកស្លាប់របស់គេ មែនហើយ និងពួកអ្នកស្លាប់សាសន៍នីហ្វៃដែលត្រូវស្លាប់ផង ហើយមរ៉ូណៃបានដាក់មនុស្សឲ្យយាមពួកគេ នៅពេលពួកគេធ្វើការងារទាំងឡាយរបស់គេ។
២ហើយមរ៉ូណៃបានទៅទីក្រុងមូលេកជាមួយនឹងលីហៃ ហើយបានប្រគល់បញ្ជាទីក្រុងនេះឲ្យទៅលីហៃ។ ឥឡូវនេះ មើលចុះ លីហៃនេះគឺជាមនុស្សម្នាក់ដែលធ្លាប់បាននៅជាមួយនឹងមរ៉ូណៃ សឹងតែគ្រប់ទីចម្បាំងរបស់លោក ហើយលោកជាមនុស្សម្នាក់ ដូចជាមរ៉ូណៃ ហើយពួកគេបានអររីករាយនឹងសន្តិសុខរបស់គេទៅវិញទៅមក មែនហើយ ពួកគេស្រឡាញ់រាប់អានគ្នា ហើយត្រូវបានស្រឡាញ់ដោយប្រជាជននីហ្វៃទាំងអស់ផង។
៣ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកលេមិនបានកប់ពួកអ្នកស្លាប់របស់គេហើយ និងពួកអ្នកស្លាប់សាសន៍នីហ្វៃផង នោះពួកគេត្រូវបាននាំដើរត្រឡប់ទៅក្នុងដែនដីបរិបូរណ៍ ហើយទីអានគុម តាមបញ្ជាទាំងឡាយរបស់មរ៉ូណៃ បានបញ្ជាឲ្យពួកគេចាប់ផ្ដើម ធ្វើការជីករណ្ដៅមួយជុំវិញដែនដី ឬទីក្រុងបរិបូរណ៍។
៤ហើយលោកបានបញ្ជាឲ្យពួកគេស្ថាបនារបង ដែលធ្វើពីដើមឈើនៅលើមាត់រណ្ដៅផ្នែកខាងក្នុង ហើយពួកគេបានជីកដីក្នុងរណ្ដៅមកទប់នឹងរបងដែលធ្វើពីឈើនោះ ម្ល៉ោះហើយ ពួកគេបានបញ្ជាឲ្យពួកសាសន៍លេមិនធ្វើការ រហូតដល់ពួកគេបានព័ទ្ធជុំវិញទីក្រុងបរិបូរណ៍ ដោយកំផែងមួយដ៏មាំ ដែលធ្វើពីឈើ និងដីដ៏មានកម្ពស់យ៉ាងខ្ពស់។
៥ហើយទីក្រុងនេះ បានក្លាយទៅជាតំបន់ការពារមួយដ៏មាំទាំរហូតទៅ ហើយនៅក្នុងទីក្រុងនេះ ពួកគេបានយាមពួកឈ្លើយសាសន៍លេមិន មែនហើយ គឺនៅខាងក្នុងកំផែងដែលពួកគេបានបញ្ជាពួកវាឲ្យស្ថាបនាដោយដៃពួកវាផ្ទាល់។ ឥឡូវនេះ មរ៉ូណៃត្រូវបានបង្ខំចិត្តឲ្យបញ្ជាពួកលេមិនឲ្យធ្វើការ ពីព្រោះជាការងាយយាមពួកវា នៅពេលពួកវាធ្វើការ ហើយលោកមានបំណងចង់បានកងកម្លាំងរបស់លោកទាំងអស់ កាលលោកត្រូវធ្វើការវាយប្រហារទៅលើពួកលេមិន។
៦ហើយហេតុការណ៍បានកើតឡើងថា មរ៉ូណៃ ទើបយកជ័យជម្នះបានទៅលើពលទ័ពសាសន៍លេមិនមួយដ៏ធំបំផុត ហើយយកទីក្រុងមូលេកបាន ដែលជាទីការពារដ៏មាំបំផុតមួយរបស់ពួកលេមិននៅក្នុងដែនដីនីហ្វៃ ហើយលោកក៏បានស្ថាបនាទីតាំងការពារមួយយ៉ាងនេះ ដើម្បីរក្សាទុកពួកឈ្លើយរបស់លោក។
៧ហើយហេតុការណ៍បានកើតឡើងថា លោកពុំបម្រុងនឹងធ្វើចម្បាំងជាមួយពួកលេមិននៅក្នុងឆ្នាំនោះទៀតទេ ប៉ុន្តែលោកបានប្រើឲ្យទ័ពរបស់លោករៀបចំធ្វើសង្គ្រាម មែនហើយ ហើយពង្រឹងទីការពារដើម្បីទប់ទល់នឹងពួកលេមិន មែនហើយ ហើយក៏ដោះលែងពួកស្ត្រីរបស់គេ និងកូនចៅរបស់គេឲ្យរួចផុតពីអំណត់អត់ និងសេចក្ដីទុក្ខវេទនាផង ហើយផ្ដល់អាហារដល់ពលទ័ពរបស់គេ។
៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ពលទ័ពសាសន៍លេមិននៅខាងត្បូង គឺខាងសមុទ្រខាងលិច នៅពេលដែលមរ៉ូណៃពុំបាននៅទីនោះ ដោយរវល់នឹងឧបាយកលខ្លះ នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ដែលនាំឲ្យមានការបែកចេញទាំងឡាយនៅក្នុងចំណោម ពួកគេ យកបានដែនដីខ្លះពីពួកសាសន៍នីហ្វៃ មែនហើយ ដរាបដល់ពួកគេយកទីក្រុងគេមួយចំនួនបាន ដែលនៅភូមិនេះនៃដែនដី។
៩ម្ល៉ោះហើយ ដោយព្រោះសេចក្ដីទុច្ចរិតនៅក្នុងចំណោមពួកគេ មែនហើយ ដោយព្រោះការបែកចេញទាំងឡាយ និងឧបាយកលនៅក្នុងចំណោមពួកគេផ្ទាល់ នោះពួកគេត្រូវស្ថិតនៅក្នុងកាលៈទេសៈទាំងឡាយដ៏ប្រកបទៅដោយគ្រោះថ្នាក់បំផុត។
១០ហើយឥឡូវនេះ មើលចុះ ខ្ញុំមានការណ៍ខ្លះគួរនិយាយអំពីប្រជាជនអាំម៉ូន កាលពីដើម គឺជាពួកសាសន៍លេមិន ប៉ុន្តែដោយអាំម៉ូន និងបងប្អូនលោក ឬនិយាយឲ្យចំ គឺដោយព្រះចេស្ដា និងព្រះបន្ទូលនៃព្រះ នោះពួកគេត្រូវបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយពួកគេត្រូវបាននាំចុះមកឯដែនដីសារ៉ាហិមឡា ហើយចាប់ពីពេលនោះមក ត្រូវបានការពារដោយពួកសាសន៍នីហ្វៃ។
១១ហើយដោយព្រោះពាក្យសម្បថរបស់គេ នោះពួកគេពុំព្រមកាន់អាវុធប្រឆាំងនឹងបងប្អូនគេទេ ព្រោះពួកគេបានស្បថថា ពួកគេនឹងពុំកំចាយឈាមទៀតឡើយ ហើយស្របតាមពាក្យសម្បថរបស់គេ នោះពួកគេច្បាស់ជាត្រូវវិនាស មែនហើយ ពួកគេច្បាស់ជាត្រូវរងទុក្ខវេទនា ដោយត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃបងប្អូនគេ បើកុំតែដោយសារសេចក្ដីអាណិតអាសូរ និងសេចក្ដីស្រឡាញ់ដ៏លើសលប់ដែលអាំម៉ូន និងបងប្អូនលោក មានចំពោះពួកគេ។
១២ម្ល៉ោះហើយ ពួកគេត្រូវបាននាំចុះមកឯដែនដីសារ៉ាហិមឡា ហើយពួកគេត្រូវបានការពារ ដោយពួកសាសន៍នីហ្វៃ ចាប់តាំងពីពេលនោះរហូតមក។
១៣ប៉ុន្តែហេតុការណ៍បានកើតឡើងថា កាលពួកគេបានឃើញគ្រោះថ្នាក់ និងសេចក្ដីទុក្ខវេទនា និងសេចក្ដីទុក្ខលំបាកជាច្រើន ដែលពួកសាសន៍នីហ្វៃបានរងជំនួសពួកគេ នោះពួកគេមានចិត្តក្ដួលអាណិត ហើយមានបំណងចង់កាន់អាវុធ ដើម្បីការពារប្រទេសរបស់គេ។
១៤ប៉ុន្តែមើលចុះ នៅពេលពួកគេរៀបនឹងកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាម នោះពួកគេត្រូវចាញ់ពាក្យបញ្ចុះបញ្ចូលរបស់ហេលេមិន និងបងប្អូនលោកថា ពួកគេជិតបំភាន់នឹងពាក្យសម្បថដែលពួកគេបានធ្វើ។
១៥ហើយហេលេមិនខ្លាចក្រែងធ្វើដូច្នេះ នោះពួកគេនឹងបាត់បង់ព្រលឹងរបស់គេទៅ ហេតុដូច្នេះហើយ អស់អ្នកដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ត្រូវបង្ខំចិត្តឲ្យមើលបងប្អូនគេឆ្លងកាត់នូវសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ នៅក្នុងកាលៈទេសៈទាំងឡាយដ៏ប្រកបដោយ គ្រោះថ្នាក់របស់គេក្នុងពេលនេះ។
១៦ប៉ុន្តែមើលចុះ ហេតុការណ៍បានកើតឡើងថា ពួកគេមានកូនប្រុសជាច្រើន ដែលពុំបានចូលក្នុងសេចក្ដីសញ្ញាថា គេមិនកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមការពារខ្លួនគេ ដើម្បីប្រឆាំងនឹងពួកខ្មាំងសត្រូវរបស់គេទេ ហេតុដូច្នេះហើយ ពួកគេបានមកប្រជុំគ្នាក្នុងពេលនេះ អស់អ្នកណាដែលអាចកាន់អាវុធបាន ហើយពួកគេបានហៅខ្លួនគេថា សាសន៍នីហ្វៃ។
១៧ហើយពួកគេបានធ្វើសេចក្ដីសញ្ញាមួយថា នឹងប្រយុទ្ធដើម្បីឥស្សរភាពដល់ពួកសាសន៍នីហ្វៃ មែនហើយ ដើម្បីការពារដែនដីរហូតដល់ត្រូវប្ដូរជីវិតរបស់ខ្លួន មែនហើយ គឺពួកគេថែមទាំងបានធ្វើសេចក្ដីសញ្ញាថា ពួកគេនឹងពុំបោះបង់ឥស្សរភាពរបស់គេជាដាច់ខាត ប៉ុន្តែពួកគេនឹងប្រយុទ្ធក្នុងគ្រប់ករណីទាំងអស់ ដើម្បីការពារពួកសាសន៍នីហ្វៃ និងខ្លួនគេឲ្យរួចផុតពីសេវកភាព។
១៨ឥឡូវនេះ មើលចុះ កំលោះទាំងនោះមានចំនួនពីរពាន់នាក់ ដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ហើយបានកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាម ដើម្បីការពារប្រទេសរបស់ខ្លួន។
១៩ហើយឥឡូវនេះ មើលចុះ ពួកគេពុំដែលបានធ្វើអ្វីពីមុនមកឲ្យមានការខូចខាតដល់ពួកសាសន៍នីហ្វៃឡើយ ឥឡូវនេះ ពួកគេបានក្លាយទៅជាការគាំទ្រដ៏ធំមួយក្នុងរយៈពេលនេះ ព្រោះពួកគេបានកាន់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយពួកគេចង់ឲ្យហេលេមិន ធ្វើជាមេដឹកនាំរបស់គេ។
២០ហើយពួកគេទាំងអស់គ្នាជាកំលោះ ហើយពួកគេមានចិត្តក្លាហានអង់អាចជាអតិបរមា ហើយមានកម្លាំង និងសកម្មភាពជាអតិបរមាដែរ ប៉ុន្តែមើលចុះ នេះពុំទាន់អស់នៅឡើយទេ — ពួកគេជាមនុស្សស្មោះត្រង់គ្រប់ពេលវេលា ទោះនៅក្នុងកិច្ចការណាក៏ដោយ ដែលពួកគេទទួលផ្ទុក។
២១មែនហើយ ពួកគេគឺជាមនុស្សស្មោះត្រង់ ហើយម៉ឺងម៉ាត់ ព្រោះពួកគេត្រូវបានបង្ហាត់ឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយឲ្យដើរដោយស្មោះត្រង់នៅចំពោះទ្រង់។
២២ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ហេលេមិនបានដើរនាំមុខកងពលកំលោះពីរពាន់នាក់របស់លោកទៅគាំទ្រដល់ប្រជាជន ដែលនៅព្រំប្រទល់ទាំងឡាយ នៃដែនដីផ្នែកខាងត្បូងជិតសមុទ្រខាងលិច។
២៣ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីម្ភៃប្រាំបីក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ៕