ព្រះគម្ពីរ
អាលម៉ា 53


ជំពូក​ទី ៥៣

ពួក​ឈ្លើយ​សាសន៍​លេមិន​ត្រូវ​បាន​ប្រើ​ឲ្យ​ពង្រឹង​ទី​ក្រុង​បរិបូរណ៍ — ការ​បែក​ចេញ​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ធ្វើ​ឲ្យ​ពួក​សាសន៍​លេមិន​មាន​ជ័យ​ជម្នះ — ហេលេមិន​បញ្ជា​កូន​ប្រុស​ពីរ​ពាន់​នាក់ ជា​កូន​របស់​ប្រជាជន​អាំម៉ូន។ ប្រមាណ​ជា​ឆ្នាំ ៦៤–៦៣ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ចាត់​មនុស្ស​ឲ្យ​យាម​ពួក​ឈ្លើយ​សាសន៍​លេមិន ហើយ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ និង​កប់​ពួក​អ្នក​ស្លាប់​របស់​គេ មែន​ហើយ និង​ពួក​អ្នក​ស្លាប់​សាសន៍​នីហ្វៃ​ដែល​ត្រូវ​ស្លាប់​ផង ហើយ​មរ៉ូណៃ​បាន​ដាក់​មនុស្ស​ឲ្យ​យាម​ពួក​គេ នៅ​ពេល​ពួក​គេ​ធ្វើ​ការងារ​ទាំង​ឡាយ​របស់​គេ។

ហើយ​មរ៉ូណៃ​បាន​ទៅ​ទី​ក្រុង​មូលេក​ជាមួយ​នឹង​លីហៃ ហើយ​បាន​ប្រគល់​បញ្ជា​ទី​ក្រុង​នេះ​ឲ្យ​ទៅ​លីហៃ។ ឥឡូវ​នេះ មើល​ចុះ លីហៃ​នេះ​គឺជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​បាន​នៅ​ជាមួយ​នឹង​មរ៉ូណៃ សឹង​តែ​គ្រប់​ទី​ចម្បាំង​របស់​លោក ហើយ​លោក​ជា​មនុស្ស​ម្នាក់ ដូច​ជា​មរ៉ូណៃ ហើយ​ពួក​គេ​បាន​អរ​រីករាយ​នឹង​សន្តិសុខ​របស់​គេ​ទៅ​វិញ​ទៅ​មក មែន​ហើយ ពួក​គេ​ស្រឡាញ់​រាប់​អាន​គ្នា ហើយ​ត្រូវ​បាន​ស្រឡាញ់​ដោយ​ប្រជាជន​នីហ្វៃ​ទាំង​អស់​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​លេមិន​បាន​កប់​ពួក​អ្នក​ស្លាប់​របស់​គេ​ហើយ និង​ពួក​អ្នក​ស្លាប់​សាសន៍​នីហ្វៃ​ផង នោះ​ពួក​គេ​ត្រូវ​បាន​នាំ​ដើរ​ត្រឡប់​ទៅ​ក្នុង​ដែនដី​បរិបូរណ៍ ហើយ​ទីអានគុម តាម​បញ្ជា​ទាំង​ឡាយ​របស់​មរ៉ូណៃ បាន​បញ្ជា​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម ធ្វើ​ការ​ជីក​រណ្ដៅ​មួយ​ជុំវិញ​ដែនដី ឬ​ទី​ក្រុង​បរិបូរណ៍។

ហើយ​លោក​បាន​បញ្ជា​ឲ្យ​ពួក​គេ​ស្ថាបនា​របង ដែល​ធ្វើ​ពី​ដើម​ឈើ​នៅ​លើ​មាត់​រណ្ដៅ​ផ្នែក​ខាង​ក្នុង ហើយ​ពួក​គេ​បាន​ជីក​ដី​ក្នុង​រណ្ដៅ​មក​ទប់​នឹង​របង​ដែល​ធ្វើ​ពី​ឈើ​នោះ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បញ្ជា​ឲ្យ​ពួក​សាសន៍​លេមិន​ធ្វើ​ការ រហូត​ដល់​ពួក​គេ​បាន​ព័ទ្ធជុំវិញ​ទី​ក្រុង​បរិបូរណ៍ ដោយ​កំផែង​មួយ​ដ៏​មាំ ដែល​ធ្វើ​ពី​ឈើ និង​ដី​ដ៏​មាន​កម្ពស់​យ៉ាង​ខ្ពស់។

ហើយ​ទី​ក្រុង​នេះ បាន​ក្លាយ​ទៅ​ជា​តំបន់​ការ​ពារ​មួយ​ដ៏​មាំទាំ​រហូត​ទៅ ហើយ​នៅ​ក្នុង​ទី​ក្រុង​នេះ ពួក​គេ​បាន​យាម​ពួក​ឈ្លើយ​សាសន៍​លេមិន មែន​ហើយ គឺ​នៅ​ខាង​ក្នុង​កំផែង​ដែល​ពួក​គេ​បាន​បញ្ជា​ពួក​វា​ឲ្យ​ស្ថាបនា​ដោយ​ដៃ​ពួក​វា​ផ្ទាល់។ ឥឡូវ​នេះ មរ៉ូណៃ​ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​បញ្ជា​ពួក​លេមិន​ឲ្យ​ធ្វើ​ការ ពី​ព្រោះ​ជា​ការ​ងាយ​យាម​ពួក​វា នៅ​ពេល​ពួក​វា​ធ្វើ​ការ ហើយ​លោក​មាន​បំណង​ចង់​បាន​កងកម្លាំង​របស់​លោក​ទាំង​អស់ កាល​លោក​ត្រូវ​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​ពួក​លេមិន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ ទើប​យកជ័យ​ជម្នះ​បាន​ទៅ​លើ​ពល​ទ័ព​សាសន៍​លេមិន​មួយ​ដ៏​ធំ​បំផុត ហើយ​យក​ទី​ក្រុង​មូលេក​បាន ដែល​ជាទី​ការ​ពារ​ដ៏​មាំ​បំផុត​មួយ​របស់​ពួក​លេមិន​នៅ​ក្នុង​ដែនដី​នីហ្វៃ ហើយ​លោក​ក៏​បាន​ស្ថាបនា​ទីតាំង​ការ​ពារ​មួយ​យ៉ាង​នេះ ដើម្បី​រក្សាទុក​ពួក​ឈ្លើយ​របស់​លោក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​ពុំ​បម្រុង​នឹង​ធ្វើ​ចម្បាំង​ជាមួយ​ពួក​លេមិន​នៅ​ក្នុង​ឆ្នាំ​នោះ​ទៀត​ទេ ប៉ុន្តែ​លោក​បាន​ប្រើ​ឲ្យ​ទ័ព​របស់​លោក​រៀបចំ​ធ្វើ​សង្គ្រាម មែន​ហើយ ហើយ​ពង្រឹង​ទី​ការ​ពារ​ដើម្បី​ទប់​ទល់​នឹង​ពួក​លេមិន មែន​ហើយ ហើយ​ក៏​ដោះ​លែង​ពួក​ស្ត្រី​របស់​គេ និង​កូន​ចៅ​របស់​គេ​ឲ្យ​រួច​ផុត​ពី​អំណត់​អត់ និង​សេចក្ដី​ទុក្ខ​វេទនា​ផង ហើយ​ផ្ដល់​អាហារ​ដល់​ពល​ទ័ព​របស់​គេ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពល​ទ័ព​សាសន៍​លេមិន​នៅ​ខាង​ត្បូង គឺ​ខាង​សមុទ្រ​ខាង​លិច នៅ​ពេល​ដែល​មរ៉ូណៃ​ពុំ​បាន​នៅ​ទី​នោះ ដោយ​រវល់​នឹង​ឧបាយកល​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដែល​នាំ​ឲ្យ​មាន​ការ​បែក​ចេញ​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម ពួក​គេ យក​បាន​ដែនដី​ខ្លះ​ពី​ពួក​សាសន៍​នីហ្វៃ មែន​ហើយ ដរាប​ដល់​ពួក​គេ​យក​ទី​ក្រុង​គេ​មួយ​ចំនួន​បាន ដែល​នៅ​ភូមិ​នេះ​នៃ​ដែនដី។

ម្ល៉ោះ​ហើយ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចំណោម​ពួក​គេ មែន​ហើយ ដោយ​ព្រោះ​ការ​បែក​ចេញ​ទាំង​ឡាយ និង​ឧបាយកល​នៅ​ក្នុង​ចំណោម​ពួក​គេ​ផ្ទាល់ នោះ​ពួក​គេ​ត្រូវ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ទាំង​ឡាយ​ដ៏​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​បំផុត។

១០ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​មាន​ការណ៍​ខ្លះ​គួរ​និយាយ​អំពី​ប្រជាជន​អាំម៉ូន កាលពីដើម គឺជា​ពួក​សាសន៍​លេមិន ប៉ុន្តែ​ដោយ​អាំម៉ូន និង​បង​ប្អូន​លោក ឬ​និយាយ​ឲ្យ​ចំ គឺ​ដោយ​ព្រះ​ចេស្ដា និង​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​ពួក​គេ​ត្រូវ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ចុះ​មក​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​ចាប់​ពី​ពេល​នោះ​មក ត្រូវ​បាន​ការ​ពារ​ដោយ​ពួក​សាសន៍​នីហ្វៃ។

១១ហើយ​ដោយ​ព្រោះ​ពាក្យ​សម្បថ​របស់​គេ នោះ​ពួក​គេ​ពុំ​ព្រម​កាន់​អាវុធ​ប្រឆាំង​នឹង​បង​ប្អូន​គេ​ទេ ព្រោះ​ពួក​គេ​បាន​ស្បថ​ថា ពួក​គេ​នឹង​ពុំ​កំចាយ​ឈាម​ទៀត​ឡើយ ហើយ​ស្រប​តាម​ពាក្យ​សម្បថ​របស់​គេ នោះ​ពួក​គេ​ច្បាស់​ជា​ត្រូវ​វិនាស មែន​ហើយ ពួក​គេ​ច្បាស់​ជា​ត្រូវ​រង​ទុក្ខ​វេទនា ដោយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បង​ប្អូន​គេ បើ​កុំ​តែ​ដោយ​សារ​សេចក្ដី​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់​ដែល​អាំម៉ូន និង​បង​ប្អូន​លោក មាន​ចំពោះ​ពួក​គេ។

១២ម្ល៉ោះ​ហើយ ពួក​គេ​ត្រូវ​បាន​នាំ​ចុះ​មក​ឯ​ដែនដី​សារ៉ាហិមឡា ហើយ​ពួក​គេ​ត្រូវ​បាន​ការ​ពារ ដោយ​ពួក​សាសន៍​នីហ្វៃ ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក។

១៣ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ឃើញ​គ្រោះថ្នាក់ និង​សេចក្ដី​ទុក្ខ​វេទនា និង​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន ដែល​ពួក​សាសន៍​នីហ្វៃ​បាន​រង​ជំនួស​ពួក​គេ នោះ​ពួក​គេ​មាន​ចិត្ត​ក្ដួល​អាណិត ហើយ​មាន​បំណង​ចង់​កាន់​អាវុធ ដើម្បី​ការ​ពារ​ប្រទេស​របស់​គេ។

១៤ប៉ុន្តែ​មើល​ចុះ នៅ​ពេល​ពួក​គេ​រៀប​នឹង​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម នោះ​ពួក​គេ​ត្រូវ​ចាញ់​ពាក្យ​បញ្ចុះ​បញ្ចូល​របស់​ហេលេមិន និង​បង​ប្អូន​លោក​ថា ពួក​គេ​ជិត​បំភាន់​នឹង​ពាក្យ​សម្បថ​ដែល​ពួក​គេ​បាន​ធ្វើ។

១៥ហើយ​ហេលេមិន​ខ្លាចក្រែង​ធ្វើ​ដូច្នេះ នោះ​ពួក​គេ​នឹង​បាត់បង់​ព្រលឹង​របស់​គេ​ទៅ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​មើល​បង​ប្អូន​គេ​ឆ្លងកាត់​នូវ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ នៅ​ក្នុង​កាលៈទេសៈ​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ គ្រោះថ្នាក់​របស់​គេ​ក្នុង​ពេល​នេះ។

១៦ប៉ុន្តែ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​មាន​កូន​ប្រុស​ជា​ច្រើន ដែល​ពុំ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថា គេ​មិន​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ការ​ពារ​ខ្លួន​គេ ដើម្បី​ប្រឆាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​មក​ប្រជុំ​គ្នា​ក្នុង​ពេល​នេះ អស់​អ្នកណា​ដែល​អាច​កាន់​អាវុធ​បាន ហើយ​ពួក​គេ​បាន​ហៅ​ខ្លួន​គេ​ថា សាសន៍​នីហ្វៃ។

១៧ហើយ​ពួក​គេ​បាន​ធ្វើ​សេចក្ដី​សញ្ញា​មួយ​ថា នឹង​ប្រយុទ្ធ​ដើម្បី​ឥស្សរភាព​ដល់​ពួក​សាសន៍​នីហ្វៃ មែន​ហើយ ដើម្បី​ការ​ពារ​ដែនដី​រហូត​ដល់​ត្រូវ​ប្ដូរ​ជីវិត​របស់​ខ្លួន មែន​ហើយ គឺ​ពួក​គេ​ថែម​ទាំង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា ពួក​គេ​នឹង​ពុំ​បោះបង់​ឥស្សរភាព​របស់​គេ​ជាដាច់ខាត ប៉ុន្តែ​ពួក​គេ​នឹង​ប្រយុទ្ធ​ក្នុង​គ្រប់​ករណី​ទាំង​អស់ ដើម្បី​ការ​ពារ​ពួក​សាសន៍​នីហ្វៃ និង​ខ្លួន​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

១៨ឥឡូវ​នេះ មើល​ចុះ កំលោះ​ទាំង​នោះ​មាន​ចំនួន​ពីរ​ពាន់​នាក់ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ហើយ​បាន​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម ដើម្បី​ការ​ពារ​ប្រទេស​របស់​ខ្លួន។

១៩ហើយ​ឥឡូវ​នេះ មើល​ចុះ ពួក​គេ​ពុំ​ដែល​បាន​ធ្វើ​អ្វី​ពីមុន​មក​ឲ្យ​មាន​ការ​ខូចខាត​ដល់​ពួក​សាសន៍​នីហ្វៃ​ឡើយ ឥឡូវ​នេះ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ការ​គាំទ្រ​ដ៏​ធំ​មួយ​ក្នុង​រយៈ​ពេល​នេះ ព្រោះ​ពួក​គេ​បាន​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ហើយ​ពួក​គេ​ចង់​ឲ្យ​ហេលេមិន ធ្វើ​ជា​មេដឹកនាំ​របស់​គេ។

២០ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ជា​កំលោះ ហើយ​ពួក​គេ​មាន​ចិត្ត​ក្លាហាន​អង់​អាច​ជា​អតិបរមា ហើយ​មាន​កម្លាំង និង​សកម្ម​ភាព​ជា​អតិបរមា​ដែរ ប៉ុន្តែ​មើល​ចុះ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ — ពួក​គេ​ជា​មនុស្ស​ស្មោះត្រង់​គ្រប់​ពេល​វេលា ទោះ​នៅ​ក្នុង​កិច្ចការ​ណា​ក៏​ដោយ ដែល​ពួក​គេ​ទទួល​ផ្ទុក។

២១មែន​ហើយ ពួក​គេ​គឺជា​មនុស្ស​ស្មោះត្រង់ ហើយ​ម៉ឺងម៉ាត់ ព្រោះ​ពួក​គេ​ត្រូវ​បាន​បង្ហាត់​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ឲ្យ​ដើរ​ដោយ​ស្មោះត្រង់​នៅ​ចំពោះ​ទ្រង់។

២២ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ហេលេមិន​បាន​ដើរ​នាំ​មុខ​កងពល​កំលោះ​ពីរ​ពាន់​នាក់​របស់​លោក​ទៅ​គាំទ្រ​ដល់​ប្រ​ជា​ជន ដែល​នៅ​ព្រំប្រទល់​ទាំង​ឡាយ នៃ​ដែនដី​ផ្នែក​ខាង​ត្បូង​ជិត​សមុទ្រ​ខាង​លិច។

២៣ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ៕