ព្រះគម្ពីរ
អាលម៉ា 62


ជំពូក​ទី ៦២

មរ៉ូណៃ​ធ្វើ​ដំណើរ​ទៅ​ជួយ​ពេហូរ៉ាន​នៅ​ដែនដី​គេឌាន — ពួក​និយម​ស្ដេច​ដែល​ប្រកែក​មិន​ព្រម​ការ​ពារ​ប្រទេស​គេ ត្រូវ​យក​ទៅ​ប្រហារជីវិត​ចោល — ពេហូរ៉ាន និង​មរ៉ូណៃ​យក​ក្រុង​នីហ្វៃ​ហា​បាន​មក​វិញ — ពួក​សាសន៍​លេមិន​ជា​ច្រើន រួបរួម​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន — ទីអានគុម​សម្លាប់​អាំម៉ូរ៉ុន ហើយ​ត្រូវ​គេ​សម្លាប់​គាត់​វិញ — ពួក​សាសន៍​លេមិន​ត្រូវ​រុញច្រាន​ចេញ​ពី​ដែនដី ហើយ​សន្តិ​ភាព​ត្រូវ​បាន​បង្កើត​ឡើង​វិញ — ហេលេមិន​ត្រឡប់​ទៅ​ធ្វើ​ការងារ​បម្រើ និង​ស្ថាបនា​សាសនាចក្រ​ឡើង។ ប្រមាណ​ជា​ឆ្នាំ ៦២–៥៧ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ​បាន​ទទួល​សំបុត្រ​នេះ​ហើយ នោះ​លោក​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដ៏​ខ្លាំង​ពន់ប្រមាណ ដោយ​សារ​សេចក្ដី​ស្មោះត្រង់​របស់​ពេហូរ៉ាន ព្រោះ​លោក​មិនមែន​ជា​មនុស្ស​ក្បត់​សេរីភាព និង​ឧត្ដម​គតិ​របស់​ប្រទេស​លោក​ទេ។

ប៉ុន្តែ​លោក​បាន​កើត​ទុក្ខ​ជា​ខ្លាំង​ណាស់​ដែរ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ពួក​ជន​ដែល​បាន​រុញច្រាន​ពេហូរ៉ាន​ចេញ​ពី​វេទិកា​ជំនុំ​ជំរះ មែន​ហើយ សរុប​សេចក្ដី​មក គឺ​មក​ពី​ពួក​ជន​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ប្រទេស​របស់​គេ និង​ព្រះ​របស់​គេ​ផង​ដែរ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​នាំ​ទ័ព​មួយ​ចំនួន​តូច ស្រប​តាម​បំណង​របស់​ពេហូរ៉ាន ហើយ​បាន​ប្រគល់​ឲ្យ​លីហៃ និង​ទីអានគុម​នូវ​បញ្ជាការ​លើ​ទ័ព ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​លោក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដែនដី​គេឌាន។

ហើយ​លោក​បាន​លើក​ទង់ឥស្សរភាព​នៅ​ទីណា​ក៏​ដោយ ដែល​លោក​ចូល​ទៅ ហើយ​រក​បាន​ទ័ព​បន្ថែម​ដែល​លោក​អាច​ធ្វើ​បាន នៅ​គ្រប់​ដំណើរ​របស់​លោក​ឆ្ពោះ​ទៅ​ឯ​ដែនដី​គេឌាន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​មក​រក​ទង់​របស់​លោក ហើយ​បាន​ចាប់​យក​ដាវ​របស់​គេ​ក្នុង​កិច្ចការ​ពារ​សេរីភាព​របស់​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ធ្លាក់ ទៅ​ក្នុង​សេវក​ភាព​បាន​ឡើយ។

ម្ល៉ោះ​ហើយ កាល​មរ៉ូណៃ​បាន​ប្រមូល​ចំនួន​ទ័ព ដែល​លោក​អាច​ធ្វើ​បាន​នៅ​តាម​គ្រប់​ដំណើរ​របស់​លោក នោះ​លោក​បាន​មក​ដល់​ដែនដី​គេឌាន ហើយ​ដោយ​បាន​រួបរួម​កង​កម្លាំង​របស់​លោក ជាមួយ​នឹង​កង​កម្លាំង​របស់​ពេហូរ៉ាន នោះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ខ្លាំង​ក្លា​ជា​អតិបរមា គឺ​ខ្លាំង​ជាង​ទ័ព​របស់​ពេគូស​ទៅ​ទៀត ដែល​ជា​ស្ដេច​នៃ​ពួក​អ្នក​ដែល​បាន​បែក​ចេញ ដែល​បាន​បណ្ដេញ​ពួក​សេរី​ចេញ​ពី​ដែនដី​សារ៉ាហិមឡា ហើយ​បាន​យក​ដែនដី​នោះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ និង​ពេហូរ៉ាន បាន​នាំ​ពល​ទ័ព​របស់​ខ្លួន ចុះ​ទៅ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ទៅ​ច្បាំង​នឹង​ទី​ក្រុង​នោះ ហើយ​បាន​ជួប​នឹង​ទ័ព​របស់​ពេគូស ដរាប​ដល់​ពួក​គេ​បាន​ចេញ​មក​ច្បាំង។

ហើយ​មើល​ចុះ ពេគូស​បាន​ស្លាប់ ឯ​ទ័ព​របស់​ទ្រង់​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ ហើយ​ពេហូរ៉ាន​ត្រូវ​បាន​ប្រគល់​ឡើង​វិញ​នូវ​វេទិកា​ជំនុំ​ជំរះ​របស់​លោក។

ហើយ​ទ័ព​របស់​ពេគូស ត្រូវ​បាន​ទទួល​ការ​ជំនុំ​ជំរះ​តាម​ច្បាប់ ហើយ​ពួក​និយម​ស្ដេច​ផង ត្រូវ​បាន​ចាប់ ហើយ​ត្រូវ​បាន​ដាក់​គុក ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ទោស​ដល់​ជីវិត​តាម​ច្បាប់ មែន​ហើយ ទ័ព​របស់​ពេគូស​ទាំង​ប៉ុន្មាន​នោះ និង​ពួក​និយម​ស្ដេច គឺ​អស់​អ្នក​ណា​ដែល​មិន​ព្រម​កាន់​អាវុធ​ការ​ពារ​ប្រទេស​ខ្លួន តែ​ប្រយុទ្ធ​តទល់​នឹង​ប្រទេស​ខ្លួន​វិញ ត្រូវ​យក​ទៅ​ប្រហារជីវិត​ចោល។

១០ម្ល៉ោះ​ហើយ ជា​ការ​ចាំ​បាច់ ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រឹង ដើម្បី​សន្តិសុខ​របស់​ប្រទេស​គេ មែន​ហើយ ហើយ​អស់​អ្នក​ណា​ដែល​បដិសេធ​សេរីភាព ត្រូវ​បាន​យក​ទៅ​ប្រហារជីវិត​ជា​ប្រញាប់​តាម​ច្បាប់។

១១ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ មរ៉ូណៃ និង​ពេហូរ៉ាន​បាន​សាង​សន្តិ​ភាព​ឡើង​វិញ​ដល់​ដែនដី​សារ៉ាហិមឡា​នៅ​ក្នុង​ចំណោម​ប្រជាជន​គេ​ផ្ទាល់ ដោយ​បាន​ផ្ដល់​សេចក្ដី​ស្លាប់​ទៅ​អស់​អ្នក​ណា​ដែល​មិន​ស្មោះ​ត្រង់​នឹង​ឧត្ដម​គតិ​នៃ​សេរីភាព។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​សាមសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ នោះ​មរ៉ូណៃ​បាន​បញ្ជា​ភ្លាម​ថា ត្រូវ​បញ្ជូន​ស្បៀង ហើយ​ព្រម​ទាំង​ទ័ព​មួយ​កង​មាន​ចំនួន​ប្រាំមួយ​ពាន់​នាក់​ផង ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ហេលេមិន​ដែរ ដើម្បី​ជួយ​លោក​នៅ​ក្នុង​ការ​រក្សា​ភូមិ​នៃ​ដែនដី​នោះ។

១៣ហើយ​លោក​ក៏​បាន​បញ្ជា​ដែរ​ថា ទ័ព​មួយ​កង​ចំនួន​ប្រាំមួយ​ពាន់​នាក់ ជាមួយ​នឹង​ស្បៀង​គ្រប់​គ្រាន់ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ពល​ទ័ព​របស់​លីហៃ និង​ទីអានគុម។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ដែនដី​ប្រឆាំង​នឹង​ពួក​លេមិន។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ និង​ពេហូរ៉ាន កាល​បាន​ទុក​ទ័ព​មួយ​ក្រុម​យ៉ាង​ធំ​នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា​ហើយ​នោះ ក៏​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​កងទ័ព​មួយ​ក្រុម​យ៉ាង​ធំ​ឆ្ពោះ​ទៅ​ឯ​ដែនដី​នីហ្វៃ​ហា ដោយ​ប្ដេជ្ញា​ថា​នឹង​យកជ័យ​ជម្នះ​លើ​ពួក​លេមិន​នៅ​ទី​ក្រុង​នោះ​ឲ្យ​បាន។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ពួក​គេ​កំពុងតែ​ដើរ​សំដៅ​ទៅ​ដែនដី​នោះ នោះ​ពួក​គេ​ចាប់​បាន​ទ័ព​មួយ​ក្រុម​ធំ​នៃ​ពួក​សាសន៍​លេមិន ហើយ​បាន​សម្លាប់​ពួក​គេ​អស់​ជា​ច្រើន ហើយ​បាន​យក​ស្បៀង និង​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​ពួក​គេ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​ពួក​វា​ហើយ នោះ​គេ​បាន​បញ្ជា​ឲ្យ​ពួក​វា​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ​ថា ពួក​វា​ឈប់​កាន់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម ប្រឆាំង​នឹង​ពួក​សាសន៍​នីហ្វៃ​ទៀត​ហើយ។

១៧ហើយ​កាល​ពួក​គេ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ​ហើយ នោះ​ពួក​គេ​បាន​បញ្ជូន​ពួក​វា​ទៅ​នៅ​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន ហើយ​ពួក​វា​មាន​ចំនួន​ប្រហែល​បួន​ពាន់​នាក់​ដែល​ពុំ​បាន​ស្លាប់។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​បញ្ជូន​ពួក​វា​ទៅ​ហើយ នោះ​ពួក​គេ​បាន​បន្ត​ដំណើរ​ទៅ​ឯ​ដែនដី​នីហ្វៃ​ហា​ទៀត។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ទៅ​ដល់​ទី​ក្រុង​នីហ្វៃ​ហា​ហើយ នោះ​ពួក​គេ​បាន​បោះ​ត្រសាល​នៅ​ក្នុង​ទីវាល​ទំនាប​នៃ​នីហ្វៃ​ហា ដែល​នៅ​ជិត​ទី​ក្រុង​នីហ្វៃ​ហា។

១៩ឥឡូវ​នេះ មរ៉ូណៃ​មាន​បំណង​ចង់​ឲ្យ​ពួក​លេមិន​ចេញ​មក​ច្បាំង​តតាំង​នឹង​ពួក​គេ​នៅ​លើ​វាលទំនាប ប៉ុន្តែ​ពួក​លេមិន​បាន​ស្គាល់​នូវ​សេចក្ដី​ក្លាហាន​ដ៏​ខ្លាំង​អស្ចារ្យ​របស់​ពួក​គេ ហើយ​ដោយ​បាន​ឃើញ​ពួក​គេ​មាន​ចំនួន​ច្រើន ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​ហ៊ាន​ចេញ​មក​តតាំង​នឹង​គេ​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​វា​ពុំ​បាន​ចេញ​មក​ច្បាំង​នៅ​ថ្ងៃ​នោះ​ទេ។

២០ហើយ​កាល​យប់​មក​ដល់ នោះ​មរ៉ូណៃ​បាន​ដើរ​ទៅ​ក្នុង​យប់​ងងឹត ហើយ​បាន​ទៅ​ដល់​កំផែង​ដើម្បី​ស៊ើបការណ៍​ឲ្យ​ដឹង​ថា តើ​នៅ​ផ្នែក​ណាមួយ​នៃ​ទី​ក្រុង ដែល​ពួក​លេមិន​បាន​បោះជំរំ​ជាមួយ​នឹង​កង​ទ័ព​របស់​គេ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​នៅ​ទិស​ខាង​កើត គឺ​ជិត​ទ្វារ​ចូល ហើយ​ពួក​វា​ទាំង​អស់​កំពុងតែ​ដេកលក់។ ហើយ​ឥឡូវ​នេះ មរ៉ូណៃ​បាន​ត្រឡប់​មក​ឯ​កងទ័ព​លោក​វិញ ហើយ​បាន​បញ្ជា​ថា ពួក​គេ​ត្រូវ​រៀបចំ​យ៉ាង​ប្រញាប់​នូវ​ខ្សែ​ពួរ​ដ៏​មាំ និង​ជណ្ដើរ​ទាំង​ឡាយ ទុក​សម្រាប់​ដាក់​ចុះ​ពីលើ​កំផែង​ទៅ​ផ្នែក​ខាង​ក្នុង​កំផែង។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​បញ្ជា​ឲ្យ​ទ័ព​របស់​លោក​ដើរ​ទៅ​មុខ ហើយ​ឡើង​ទៅ​លើ​កំផែង ហើយ​ចុះ​ទៅ​ផ្នែក​នោះ​នៃ​ទី​ក្រុង មែន​ហើយ គឺ​នៅ​ខាង​លិច ជា​កន្លែង​ដែល​ពួក​លេមិន​ពុំ​បាន​បោះជំរំ​ជាមួយ​នឹង​ពល​ទ័ព​របស់​ពួក​គេ។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ទាំង​អស់​គ្នា ត្រូវ​បាន​ចុះ​ទៅ​ខាង​ក្នុង​ទី​ក្រុង នៅ​ពេល​យប់​ដោយ​ប្រើ​ខ្សែ​ពួរ​ដ៏​មាំ​របស់​គេ និង​ជណ្ដើរ​ទាំង​ឡាយ​របស់​គេ ម្ល៉ោះ​ហើយ កាល​ព្រឹក​ឡើង នោះ​ពួក​គេ​ទាំង​អស់​គ្នា​បាន​នៅ​ខាង​ក្នុង​កំផែង​ក្រុង។

២៤ហើយ​ឥឡូវ​នេះ កាល​ពួក​លេមិន​ភ្ញាក់​ឡើង ហើយ​បាន​ឃើញ​ពល​ទ័ព​របស់​មរ៉ូណៃ នៅ​ខាង​ក្នុង​កំផែង​ទាំង​ឡាយ ពួក​គេ​តក់​ស្លុត​ជា​ខ្លាំង ដរាប​ដល់​ពួក​គេ​បាន​រត់គេច​តាម​ច្រក​ចេញ។

២៥ហើយ​ឥឡូវ​នេះ កាល​មរ៉ូណៃ​បាន​ឃើញ​ថា ពួក​វា​កំពុងតែ​រត់គេច​ចេញ​ពី​លោក នោះ​លោក​បាន​បញ្ជា​ឲ្យ​ទ័ព​របស់​លោក​ដេញ​តាម​ពួក​វា ហើយ​សម្លាប់​ពួក​វា​ជា​ច្រើន​ចោល ហើយ​បាន​ព័ទ្ធជុំវិញ​ពួក​វា​ជា​ច្រើន​ទៀត ហើយ​បាន​ចាប់​ពួក​វា​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​វា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​បាន​រត់​ទៅ​ក្នុង​ដែនដី​មរ៉ូណៃ គឺ​នៅ​ក្នុង​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ។

២៦ម្ល៉ោះ​ហើយ មរ៉ូណៃ និង​ពេហូរ៉ាន យក​បាន​ទី​ក្រុង​នីហ្វៃ​ហា ដោយ​ពុំ​បាត់បង់​មនុស្ស​ម្នាក់​សោះ ហើយ​មាន​ពួក​លេមិន​ជា​ច្រើន​ត្រូវ​ស្លាប់។

២៧ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​ជា​ច្រើន​ដែល​ជា​ឈ្លើយ មាន​បំណង​ចង់​ចូល​រួម​នឹង​ប្រជាជន​អាំម៉ូន ហើយ​ក្លាយ​ទៅ​ជា​ប្រជាជន​សេរី។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​មាន​បំណង​ចង់​បាន​ដូច្នោះ ពួក​គេ​នោះ​ហើយ​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​ស្រប​តាម​បំណង​របស់​គេ។

២៩ហេតុ​ដូច្នេះ​ហើយ ពួក​ឈ្លើយ​សាសន៍​លេមិន​ទាំង​អស់ បាន​ចូល​រួម​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​យ៉ាង​ខិតខំ ភ្ជួរ​រាស់​ដី ដាំ​ធញ្ញជាតិ​គ្រប់​ធុន ចិញ្ចឹម​ហ្វូង​ចៀម និង​ហ្វូង​សត្វ​គ្រប់​មុខ ម្ល៉ោះ​ហើយ ពួក​សាសន៍​នីហ្វៃ​បាន​រួច​ពី​បន្ទុក​ដ៏​ធ្ងន់ មែន​ហើយ ដរាប​ដល់​ពួក​គេ​បាន​រួច​ពី​អស់​ទាំង​ពួក​ឈ្លើយ​សាសន៍​លេមិន។

៣០ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ បន្ទាប់​ពី​យក​បាន​ទី​ក្រុង​នីហ្វៃ​ហា​ហើយ ដោយ​បាន​ចាប់​យក​ឈ្លើយ​ជា​ច្រើន ដែល​បាន​បន្ថយ​ចំនួន​ពល​ទ័ព​សាសន៍​លេមិន​ជា​ខ្លាំង ហើយ​ដោយ​បាន​មក​វិញ​នូវ​សាសន៍​នីហ្វៃ​ជា​ច្រើន ដែល​ត្រូវ​បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ ការ​នេះ​បាន​បន្ថែម​កម្លាំង​ដល់​កងទ័ព​របស់​មរ៉ូណៃ​ជា​ខ្លាំង ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃ​បាន​ចេញ​ពី​ដែនដី​នីហ្វៃ​ហា​ទៅ​ដែនដី​លីហៃ។

៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ឃើញ​ថា​មរ៉ូណៃ​កំពុងតែ​មក​វាយ​ពួក​វា នោះ​ពួក​វា​កើត​សេចក្ដី​តក់​ស្លុត​ជា​ថ្មី​ទៀត ហើយ​បាន​រត់គេច​ចេញ​ពី​កងទ័ព​របស់​មរ៉ូណៃ។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ និង​កងទ័ព​របស់​លោក បាន​ដេញ​តាម​ពួក​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​រហូត​ដល់​ពួក​វា​ត្រូវ​បាន​ប្រទះ​នឹង​លីហៃ និង​ទីអានគុម ហើយ​ពួក​លេមិន​បាន​រត់គេច​ពី​លីហៃ និង​ពី​ទីអានគុម គឺ​ចុះ​ទៅ​ដល់​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ រហូត​ដល់​ពួក​វា​ទៅ​ដល់​ដែនដី​មរ៉ូណៃ។

៣៣ហើយ​ពល​ទ័ព​សាសន៍​លេមិន​បាន​ប្រមូល​គ្នា​មក​ជា​ក្រុម​មួយ​នៅ​លើ​ដែនដី​មរ៉ូណៃ។ ឥឡូវ​នេះ អាំម៉ូរ៉ុន ដែល​ជា​ស្ដេច​នៃ​ពួក​សាសន៍​លេមិន ក៏​គង់នៅ​ជាមួយ​ពួក​វា​ដែរ។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ និង​លីហៃ និង​ទីអានគុម បាន​បោះជំរំ​ជាមួយ​នឹង​ពល​ទ័ព​របស់​ខ្លួន​នៅ​ជុំវិញ​នៅ​ព្រំប្រទល់​នៃ​ដែនដី​មរ៉ូណៃ ដរាប​ដល់​ពួក​លេមិន​ត្រូវ​ព័ទ្ធជុំវិញ​នៅ​ព្រំប្រទល់​ជិត​ទី​រហោស្ថាន​ខាង​ត្បូង និង​នៅ​ព្រំប្រទល់​ជិត​ទី​រហោស្ថាន​ខាង​កើត។

៣៥ម្ល៉ោះ​ហើយ ពួក​គេ​បាន​បោះជំរំ​សម្រាប់​យប់​នោះ។ ត្បិត​មើល​ចុះ ពួក​នីហ្វៃ និង​ពួក​លេមិន​ផង មាន​ការ​នឿយហត់ ដោយ​សារ​ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​បាន​សម្រេច​នឹង​យក​ឧបាយ​សឹក​ណាមួយ​មក​ប្រើ​ក្នុង​វេលា​យប់​នោះ​ទេ លើក​លែងតែ ទីអានគុម​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​ខឹង​នឹង​អាំម៉ូរ៉ុន​ជា​ខ្លាំង ដរាប​ដល់​លោក​ចាត់​ទុក​ថា អាំម៉ូរ៉ុន និង​អាម៉ាលិកាយ​ជា​ព្រះ​ជេដ្ឋា​ទ្រង់ គឺ​ជា​មូលហេតុ​នៃ​សង្គ្រាម​ដ៏​ធំ ហើយ​ជា​យូរ​នេះ រវាង​ពួក​គេ​នឹង​ពួក​លេមិន ដែល​ជា​មូលហេតុ​នៃ​សង្គ្រាម និង​ការ​ខ្ចាយ​ឈាម​ដ៏​ច្រើន មែន​ហើយ និង​អំណត់​អត់​ដ៏​ច្រើន។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទីអានគុម នៅ​ក្នុង​កំហឹង​បាន​ចូល​ទៅ​ក្នុង​ជំរំ​របស់​ពួក​លេមិន ហើយ​បាន​ចុះ​ពីលើ​កំផែង​ទី​ក្រុង។ ហើយ​លោក​បាន​យក​ខ្សែ​ពួរ​មួយ​ចង្វាយ​ទៅ​ជា​មួយ​ផង គឺ​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដរាប​ដល់​លោក​បាន​រក​ឃើញ​ស្ដេច ហើយ​លោក​បាន​ចាក់​ទ្រង់​នឹង​លំពែង ដែល​បាន​ទម្លុះ​ទ្រង់​ត្រង់​ជិត​បេះដូង។ ប៉ុន្តែ​មើល​ចុះ ស្ដេច​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ​ទ្រង់​ភ្ញាក់​មុន​ពេល​ទ្រង់​សុគត ធ្វើ​ឲ្យ​ពួក​គេ​ដេញ​តាម​ទីអានគុម ហើយ​សម្លាប់​លោក។

៣៧ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លីហៃ និង​មរ៉ូណៃ​បាន​ដឹង​ថា ទីអានគុម​ស្លាប់​ទៅ​ហើយ នោះ​ពួក​គេ​កើតទុក្ខ​ជា​ខ្លាំង ត្បិត​មើល​ចុះ លោក​គឺជា​បុរស​ម្នាក់​ដែល​ធ្លាប់​បាន​ប្រយុទ្ធ​យ៉ាង​អង់​អាច ដើម្បី​ប្រទេស​របស់​លោក មែន​ហើយ ជា​មិត្ត​ដ៏​ស្មោះ​ម្នាក់​នៃ​ឥស្សរភាព ហើយ​លោក​ធ្លាប់​បាន​រង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន។ ប៉ុន្តែ​មើល​ចុះ លោក​បាន​ស្លាប់ ហើយ​បាន​ទៅ​តាម​ផ្លូវ​នៃ​អស់​ទាំង​ផែនដី។

៣៨ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មរ៉ូណៃ​បាន​ធ្វើ​ដំណើរ​ទៅ​នៅ​ថ្ងៃ​ស្អែក​ឡើង ហើយ​បាន​វាយប្រហារ​ពួក​លេមិន ដរាប​ដល់​ពួក​គេ​បាន​សម្លាប់​ពួក​វា ក្នុង​ការ​កាប់​សម្លាប់​មួយ​ដ៏​ធំ ហើយ​ពួក​គេ​បាន​រុញច្រាន​ពួក​វា​ចេញ​ពី​ដែនដី ហើយ​ពួក​វា​បាន​រត់​គេច គឺ​ថា ពួក​គេ​ពុំ​បាន​ត្រឡប់​មក​ប្រឆាំង​នឹង​ពួក​នីហ្វៃ នៅ​ពេល​នោះ​ឡើយ។

៣៩ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​សាមសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ ម្ល៉ោះ​ហើយ ពួក​គេ​ធ្លាប់​មាន​សង្គ្រាម​ទាំង​ឡាយ និង​ការ​ខ្ចាយ​ឈាម​ទាំង​ឡាយ និង​អំណត់​អត់ និង​សេចក្ដី​ទុក្ខ​វេទនា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

៤០ហើយ​ធ្លាប់​មាន​ការ​ឃាតកម្ម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ និង​ការ​បែក​គ្នា​ទាំង​ឡាយ និង​អស់​ទាំង​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ដើម្បី​ពួក​សុចរិត មែន​ហើយ ដោយ​សារ​ការ​អធិស្ឋាន​ទាំង​ឡាយ​នៃ​ពួក​សុចរិត នោះ​ពួក​គេ​ត្រូវ​បាន​លើក​លែង​ជីវិត​ឲ្យ។

៤១ប៉ុន្តែ​មើល​ចុះ មក​ពី​រយៈ​ពេល​ដ៏​យូរ​ក្រៃលែង​នៃ​សង្គ្រាម​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន នោះ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​រឹងទទឹង មក​ពី​រយៈ​ពេល​ដ៏​យូរ​ក្រៃលែង​នៃ​សង្គ្រាម ហើយ​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ទន់ភ្លន់​មក​ពី​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ ដរាប​ដល់​ពួក​គេ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ជម្រៅ​នៃ​ភាព​ទន់​ទាប។

៤២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​មរ៉ូណៃ​បាន​ពង្រឹង​ផ្នែក​ទាំង​នោះ​នៃ​ដែនដី​ដែល​ចំហ​ដល់​ពួក​សាសន៍​លេមិន រហូត​ដល់​ពួក​គេ​មាន​កម្លាំង​គ្រប់​គ្រាន់​ហើយ លោក​បាន​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​សារ៉ាហិមឡា​វិញ ហើយ​ហេលេមិន​ផង ក៏​បាន​ត្រឡប់​ទៅ​ឯ​កន្លែង​កេរ្តិ៍​អាករ​របស់​លោក​ដែរ ហើយ​សន្តិ​ភាព​ត្រូវ​បាន​បង្កើត​ឡើង​ម្ដង​ទៀត នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ។

៤៣ហើយ​មរ៉ូណៃ​បាន​ប្រគល់​បញ្ជា​របស់​ព​ល​ទ័ព​លោក​ទៅ​ក្នុង​ដៃ​របស់​កូន​ប្រុស​លោក ដែល​មាន​ឈ្មោះ​ថា មរ៉ូណៃហា ហើយ​លោក​បាន​ចូល​និវត្ត នៅ​ឯ​ផ្ទះ​របស់​លោក​ផ្ទាល់ ដើម្បី​លោក​អាច​ចំណាយ​ពេល​វេលា​របស់​លោក ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ក្នុង​សន្តិ​ភាព។

៤៤ហើយ​ពេហូរ៉ាន បាន​ត្រឡប់​ទៅ​ឯ​វេទិកា​ជំនុំ​ជំរះ​របស់​លោក​វិញ ហើយ​ហេលេមិន​បាន​ទទួល​បន្ទុក​ជា​ថ្មី​នៅ​ក្នុង​ការ​ផ្សាយ​ប្រាប់​ប្រជាជន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​ព្រោះ​សង្គ្រាម និង​ការ​ទាស់ទែង​គ្នា​ជា​ច្រើន វា​ជា​ការ​ចាំ​បាច់​ថា របៀប​ចាត់ចែង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី នៅ​ក្នុង​សាសនាចក្រ។

៤៥ហេតុ​ដូច្នេះ​ហើយ ហេលេមិន និង​បង​ប្អូន​លោក ក៏​បាន​ចេញ​ទៅ ហើយ​បាន​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​នៃ​ព្រះ​ដោយ​អំណាច​ដ៏​ច្រើន ចំពោះ​ការ​បរិវត្តន៍​មនុស្ស​ជា​ច្រើន​អំពី​សេចក្ដី​ទុច្ចរិត​របស់​គេ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ។

៤៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​តាំង​ជា​ថ្មី​នូវ​សាសនាចក្រ​នៃ​ព្រះ​ទូ​ទៅ​អស់​ទាំង​ដែនដី។

៤៧មែន​ហើយ ហើយ​ការ​ចាត់ចែង​ទាំង​ឡាយ ត្រូវ​បាន​ធ្វើ​ឡើង​អំពី​ច្បាប់។ ហើយ​ចៅក្រម​ទាំង​ឡាយ​របស់​ពួក​គេ និង​មេ​ចៅ​ក្រម​ទាំង​ឡាយ​របស់​ពួក​គេ ក៏​បាន​រើស​ឡើង។

៤៨ហើយ​ប្រជាជន​នីហ្វៃ​បាន​ចាប់​ផ្ដើម​ចម្រើន​ឡើង​ទៀត​នៅ​លើ​ដែនដី ហើយ​បាន​ចាប់​ផ្ដើម​កើន​ចំនួន​ឡើង និង​ខ្លាំង​ពូកែ​ដ៏​លើស​លប់​ទៀត​នៅ​លើ​ដែនដី ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ដុះដាល មាន​ទ្រព្យ​ច្រើន​ជា​អតិបរមា។

៤៩ប៉ុន្តែ​ទោះ​ជា​គេ​មាន​ទ្រព្យ​ដ៏​ស្តុក​ស្ដម្ភ ឬ​មាន​កម្លាំង ឬ​មាន​ការ​ចម្រើន​ក្ដី គង់តែ​ពួក​គេ​ពុំ​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ភ្នែក​របស់​គេ​ទេ ហើយ​ពួក​គេ​ក៏​មិន​កម្រ​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​បន្ទាប​ខ្លួន​ជា​ខ្លាំង​នៅ​ចំពោះ​ទ្រង់។

៥០មែន​ហើយ ពួក​គេ​បាន​នឹក​ឃើញ​ដល់​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ដើម្បី​ពួក​គេ​ថា ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់ និង​ពី​សេវក​ភាព និង​ពី​គុក និង​ពី​សេចក្ដី​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ។

៥១ហើយ​ពួក​គេ​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​មិន​ឈប់​ឈរ​ឡើយ ដរាប​ដល់​ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ខ្លាំង​ពូកែ ហើយ​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី។

៥២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កិច្ចការ​ទាំង​អស់​នេះ​ត្រូវ​បាន​សម្រេច។ ហើយ​ហេលេមិន​បាន​ស្លាប់​ទៅ គឺ​នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ៕