ព្រះគម្ពីរ
ម៉ូសាយ 6


ជំពូក​ទី ៦

ស្ដេច​បេនយ៉ាមីន​កត់​ឈ្មោះ​ប្រជាជន ហើយ​តែងតាំង​ពួក​សង្ឃ​ឲ្យ​បង្រៀន​ពួក​គេ — ម៉ូសាយ​សោយរាជ្យ​ជា​ស្ដេច​ដ៏​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ១២៤–១២១ ម.គ.ស.។

ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​មាន​បន្ទូល​ទៅ​ប្រជាជន​ហើយ នោះ​ស្ដេច​បេនយ៉ាមីន​បាន​គិត​ថា ជា​ការ​ចាំ​បាច់​ដែល​ទ្រង់​ត្រូវ​កត់​ឈ្មោះ​នៃ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​មនុស្ស​ណាមួយ​សោះ ក្រៅ​ពី​ពួក​កូន​ក្មេង គឺ​មនុស្ស​គ្រប់​រូប​បាន​ធ្វើ​សេចក្ដី​សញ្ញា ហើយ​បាន​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ។

ហើយ​ម្ដង​ទៀត ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ស្ដេច​បេនយ៉ាមីន​បាន​បញ្ចប់​នូវ​ការណ៍​អស់​ទាំង​នេះ​ហើយ ហើយ​បាន​អភិ​សេក​ម៉ូសាយ​ជា​បុត្រ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ហើយ​ជា​ស្ដេច​លើ​ប្រជាជន​របស់​ទ្រង់ ព្រម​ទាំង​បាន​ប្រគល់​ឲ្យ​បុត្រ​នូវ​បន្ទុក​ផ្សេងៗ ដែល​ទាក់​ទង​ទៅ​នឹង​នគរ ហើយ​ក៏​បាន​តែងតាំង​ពួក​សង្ឃ​ឲ្យ​បង្រៀន​ប្រជាជន ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ឮ ហើយ​ស្គាល់​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដើម្បី​ដាស់​រំជួល​ពួក​គេ​ឲ្យ​នឹក​ចាំ​ដល់​ពាក្យ​សម្បថ ដែល​គេ​បាន​ធ្វើ​រួច​ស្រេច​ហើយ នោះ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ ហើយ​ពួក​គេ​ក៏​ត្រឡប់​ទៅ​កាន់​ផ្ទះ​គេ ជាមួយ​គ្រួសារ​គេ​រៀងៗ​ខ្លួន។

ហើយ​ម៉ូសាយ​បាន​ចាប់​ផ្ដើម​សោយរាជ្យ​ជំនួស​បិតា​ទ្រង់។ ទ្រង់​បាន​ចាប់​ផ្ដើម​សោយរាជ្យ នៅ​ក្នុង​ជន្មាយុ​សាមសិប​ឆ្នាំ គឺ​រួម​ទាំង​អស់​មក គឺ​ប្រមាណ​ជា​បួន​រយ​ចិតសិប​ប្រាំ​មួយ​ឆ្នាំ ក្រោយ​ពី​ពេល​ដែល​លីហៃ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

ហើយ​ស្ដេច​បេនយ៉ាមីន​មាន​ព្រះ​ជន្ម​រស់នៅ​បី​ឆ្នាំ​ទៀត ក៏​ទ្រង់​សុគត​ទៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ម៉ូសាយ​បាន​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ហើយ​បាន​គោរព​តាម​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ នូវ​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បញ្ជា​ដល់​លោក។

ហើយ​ស្ដេច​ម៉ូសាយ​បាន​ទូន្មាន​ឲ្យ​ប្រជាជន​ទ្រង់​ថា ពួក​គេ​ត្រូវ​ភ្ជួរ​ដី។ រីឯ​រូប​ទ្រង់​ក៏​បាន​ភ្ជួរ​ដី​ដែរ ដើម្បី​កុំ​ឲ្យ​រូប​ទ្រង់​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​ដល់​ប្រជាជន​ទ្រង់ ហើយ​ដើម្បី​ទ្រង់​អាច​ធ្វើ​តាម​គំរូ​ដែល​បិតា​លោក​បាន​ធ្វើ​ចំពោះ​ការណ៍​សព្វ​សារពើ។ ហើយ​គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់​ឡើយ អស់​រយៈ​ពេល​បី​ឆ្នាំ៕