គម្ពីរអោមណៃ
ជំពូកទី ១
អោមណៃ, អ័ម៉ារ៉ុន, កេមីស, អ័ប៊ីណាដុម, និងអាម៉ាលេកៃ ផ្លាស់គ្នាកត់បញ្ជីទាំងឡាយ — ម៉ូសាយជួបប្រទះប្រជាជនសារ៉ាហិមឡា ដែលចេញមកពីក្រុងយេរូសាឡិម នៅក្នុងជំនាន់សេដេគា — ម៉ូសាយត្រូវគេលើកឲ្យធ្វើជាស្ដេច — ពួកពូជពង្សនៃមូលេកនៅឯសារ៉ាហិមឡា បានជួបកូរីអានទុមើរ ជាមនុស្សចុងក្រោយបង្អស់នៃពួកសាសន៍យ៉ារេឌ — ស្ដេចបេនយ៉ាមីនសោយរាជ្យជំនួសម៉ូសាយ — មនុស្សលោកត្រូវថ្វាយព្រលឹងខ្លួនជាដង្វាយថ្វាយដល់ព្រះគ្រីស្ទ។ ប្រមាណជាឆ្នាំ ៣២៣–១៣០ ម.គ.ស.។
១មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ អោមណៃ ដោយបានទទួលបញ្ជាពីឪពុកខ្ញុំ គឺយ៉ារ៉ុម ថាខ្ញុំត្រូវសរសេររឿងខ្លះនៅលើផ្ទាំងទាំងនេះ ដើម្បីរក្សាពង្សាវតាររបស់យើងទុកឲ្យបានគង់វង់ —
២ហេតុដូច្នោះហើយ ក្នុងជីវិតខ្ញុំនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានប្រយុទ្ធជាច្រើនដងដោយដាវដើម្បីការពារប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវរបស់គេ គឺពួកសាសន៍លេមិន។ ប៉ុន្តែមើលចុះ រូបខ្ញុំនេះផ្ទាល់ជាមនុស្សទុច្ចរិត ហើយខ្ញុំពុំបានកាន់តាមវិន័យ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ដែលខ្ញុំគួរតែកាន់តាមនោះទេ។
៣ហើយហេតុការណ៍បានកើតឡើងថា ពីររយចិតសិបប្រាំមួយឆ្នាំបានកន្លងផុតទៅ ហើយយើងបានប្រកបដោយសេចក្ដីសុខសាន្តជាច្រើនរដូវ ហើយយើងមានសង្គ្រាម និងការខ្ចាយឈាមដ៏ធ្ងន់ធ្ងរអស់ជាច្រើនរដូវដែរ។ មែនហើយ សរុបសេចក្ដីមក គឺពីររយប៉ែតសិបពីរឆ្នាំបានកន្លងផុតទៅ ហើយខ្ញុំបានរក្សាផ្ទាំងទាំងនេះទុក ស្របតាមបញ្ជានៃពួកអយ្យកោខ្ញុំ ហើយខ្ញុំបានប្រគល់ផ្ទាំងទាំងនេះដល់កូនប្រុសខ្ញុំ គឺអ័ម៉ារ៉ុន ហើយខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនចុះ។
៤ហើយឥឡូវនេះ ខ្ញុំ អ័ម៉ារ៉ុន សរសេរនូវអ្វីៗដែលខ្ញុំសរសេរ គឺរឿងបន្តិចបន្តួចនៅក្នុងសៀវភៅរបស់ឪពុកខ្ញុំ។
៥មើលចុះ ហេតុការណ៍បានកើតឡើងថា បីរយម្ភៃឆ្នាំបានកន្លងផុតទៅ ហើយភាគច្រើននៃពួកសាសន៍នីហ្វៃដែលទុច្ចរិតនោះត្រូវបានបំផ្លាញចោល។
៦ត្បិតព្រះអម្ចាស់ទ្រង់មិនទ្រាំ គឺបន្ទាប់ពីទ្រង់បាននាំពួកគេចេញពីដែនដីយេរូសាឡិម ហើយបានការពារពួកគេទុកមិនឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវពួកគេ មែនហើយ ទ្រង់នឹងមិនទ្រាំឲ្យព្រះបន្ទូលរបស់ទ្រង់ ពុំបានបញ្ជាក់នោះឡើយ ដែលទ្រង់មានព្រះបន្ទូលទៅនឹងពួកអយ្យកោយើងថា ៖ ដរាបណាអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នករាល់គ្នានឹងពុំបានចម្រើនឡើងនៅលើដែនដីសោះឡើយ។
៧ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់បានមកពិនិត្យពិច័យពួកគេ ដោយសេចក្ដីជំនុំជំរះដ៏ធំ ទោះជាយ៉ាងណាក៏ដោយ គង់តែទ្រង់បានប្រណីដល់ពួកសុចរិត ដើម្បីកុំឲ្យពួកគេត្រូវវិនាសឡើយ តែទ្រង់បានរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេវិញ។
៨ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានប្រគល់ផ្ទាំងទាំងឡាយទៅឲ្យប្អូនប្រុសរបស់ខ្ញុំ គឺកេមីស។
៩ឥឡូវនេះ ខ្ញុំ កេមីស សរសេរនូវរឿងបន្តិចបន្តួចដែលខ្ញុំសរសេរនៅក្នុងសៀវភៅដដែល ដែលបងប្រុសខ្ញុំបានសរសេរនោះ ត្បិតមើលចុះ ខ្ញុំបានឃើញអក្សរចុងក្រោយបង្អស់ ដែលបងខ្ញុំបានសរសេរ គឺលោកបានសរសេរដោយដៃលោកផ្ទាល់ ហើយលោកបានសរសេរនៅថ្ងៃ ដែលលោកបានប្រគល់ផ្ទាំងទាំងនេះដល់ខ្ញុំ។ ហើយតាមរបៀបនេះហើយដែលយើងបានកត់បញ្ជីទាំងឡាយទុក ព្រោះនេះគឺជាបញ្ជាពីពួកអយ្យកោយើង ហើយខ្ញុំសូមបញ្ចប់តែត្រឹមនេះសិនចុះ។
១០មើលចុះ ខ្ញុំ អ័ប៊ីណាដុម ជាកូនប្រុសរបស់កេមីស។ មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញសង្គ្រាម និងការទាស់ទែងគ្នាជាច្រើនរវាងប្រជាជនខ្ញុំ គឺពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ហើយដោយដាវផ្ទាល់របស់ខ្ញុំ ខ្ញុំបានផ្ដាច់ជីវិតពួកសាសន៍លេមិនជាច្រើន ដើម្បីការពារបងប្អូនខ្ញុំ។
១១ហើយមើលចុះ បញ្ជីនៃប្រជាជននេះ ត្រូវបានឆ្លាក់ត្រានៅលើផ្ទាំងទាំងឡាយ ដែលស្ដេចទាំងឡាយបានរក្សាទុកតាមតំណទាំងឡាយ ហើយខ្ញុំពុំស្គាល់វិវរណៈណាទេ ឬក៏ការព្យាករណ៍ណាដែរ លើកលែងតែអ្វីដែលបានសរសេរមកនោះ ហេតុដូច្នោះហើយ អ្វីដែលបានសរសេរមកនេះ គឺល្មមគ្រប់គ្រាន់ហើយ ហើយខ្ញុំសូមបញ្ចប់តែត្រីមនេះសិនចុះ។
១២មើលចុះ ខ្ញុំ អាម៉ាលេកៃ ជាកូនប្រុសរបស់អ័ប៊ីណាដុម។ មើលចុះ ខ្ញុំសូមនិយាយទៅអ្នកបន្តិចអំពីម៉ូសាយ ដែលត្រូវបានតាំងឲ្យធ្វើជាស្ដេចនៅលើដែនដីសារ៉ាហិមឡា ត្បិតមើលចុះ លោកត្រូវបានព្រមានពីព្រះអម្ចាស់ថា លោកត្រូវភៀសខ្លួនចេញពីដែនដីនីហ្វៃ ហើយអស់អ្នកណាដែលស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ក៏គួរតែចាកចេញពីដែនដីនេះជាមួយលោកដែរ ហើយចូលទៅក្នុងទីរហោស្ថាន–
១៣ហើយហេតុការណ៍បានកើតឡើងថា លោកបានធ្វើតាមអ្វីដែលព្រះអម្ចាស់ ទ្រង់បានបញ្ជាដល់លោក។ ហើយពួកគេបានចេញពីដែនដីចូលទៅក្នុងទីរហោស្ថាន គឺអស់អ្នកណាដែលស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ហើយពួកគេត្រូវបានដឹកនាំដោយការផ្សាយសាសនា និងការព្យាករណ៍ជាច្រើន។ ហើយពួកគេត្រូវបានដាស់តឿនមិនឈប់ឈរដោយព្រះបន្ទូលនៃព្រះ ហើយពួកគេត្រូវបានដឹកនាំដោយព្រះចេស្ដានៃព្រះពាហុរបស់ទ្រង់ កាត់តាមទីរហោស្ថាន រហូតដល់ពួកគេបានចុះទៅដល់ដែនដីមួយ ដែលហៅថា សារ៉ាហិមឡា។
១៤ហើយពួកគេបានជួបប្រទះប្រជាជនមួយ ដែលហៅថា ប្រជាជនសារ៉ាហិមឡា។ ឥឡូវនេះ មានការអររីករាយជាខ្លាំងនៅក្នុងចំណោមប្រជាជនសារ៉ាហិមឡា ឯសារ៉ាហិមឡាក៏បានអររីករាយជាខ្លាំងដែរ ពីព្រោះព្រះអម្ចាស់ទ្រង់បានបញ្ជូនមកជាមួយនឹងប្រជាជនម៉ូសាយ នូវផ្ទាំងលង្ហិន ដែលមានបញ្ជីនៃពួកសាសន៍យូដា។
១៥មើលចុះ ហេតុការណ៍បានកើតឡើងថា ម៉ូសាយបានឃើញថា ប្រជាជនសារ៉ាហិមឡា បានចេញមកពីក្រុងយេរូសាឡិមនៅក្នុងគ្រាដែលសេដេគា ជាស្ដេចនៃស្រុកយូដា ត្រូវចាប់ជាឈ្លើយយកទៅឯក្រុងបាប៊ីឡូន។
១៦ហើយពួកគេបានធ្វើដំណើរក្នុងទីរហោស្ថាន ហើយព្រះហស្តនៃព្រះអម្ចាស់ បាននាំឆ្លងកាត់ទឹកដ៏ធំធេងមកឯដែនដីដែលម៉ូសាយបានជួបគេនោះ ហើយពួកគេបានរស់នៅទីនោះ ចាប់តាំងពីពេលនោះមក។
១៧ហើយនៅពេលដែលម៉ូសាយបានជួបគេ នោះពួកគេមានចំនួនច្រើនអនេក។ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេធ្លាប់មានសង្គ្រាមជាច្រើន និងការទាស់ទែងគ្នាដ៏ធំដែរ ហើយត្រូវស្លាប់ដោយដាវជាច្រើនគ្រា ឯភាសារបស់ពួកគេបានក្លាយទៅជាប្រែប្រួល ហើយពួកគេមិនបានយកបញ្ជីមកតាមខ្លួនឡើយ ហើយពួកគេមិនទទួលស្គាល់ព្រះដ៏បង្កបង្កើតរបស់ពួកគេទេ ឯម៉ូសាយ ព្រមទាំងប្រជារាស្ត្ររបស់ម៉ូសាយ មិនអាចយល់ភាសាគេបានឡើយ។
១៨ប៉ុន្តែហេតុការណ៍បានកើតឡើងថា ម៉ូសាយបានធ្វើឲ្យពួកគេរៀនភាសារបស់លោក។ ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេរៀនភាសារបស់ម៉ូសាយហើយ សារ៉ាហិមឡា បានប្រាប់អំពីពង្សាវតាររបស់ពួកអយ្យកោលោក ស្របតាមដែលលោកចាំបាន ហើយប្រវត្តិទាំងនោះបានសរសេរទុក តែមិនមែននៅលើផ្ទាំងទាំងនេះទេ។
១៩ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនសារ៉ាហិមឡា និងប្រជាជនរបស់ម៉ូសាយបានរួបរួមគ្នា ហើយម៉ូសាយត្រូវបានតែងតាំងឡើងឲ្យធ្វើជាស្ដេចរបស់ពួកគេ។
២០ហើយហេតុការណ៍បានកើតឡើងថា នៅជំនាន់ម៉ូសាយ មានថ្មមួយធំដែលគេយកមកឲ្យលោកដោយមានឆ្លាក់ត្រានៅលើថ្មនោះ ហើយលោកបានបកប្រែឆ្លាក់ត្រានោះ ដោយអំណោយទាន និងដោយព្រះចេស្ដានៃព្រះ។
២១ហើយឆ្លាក់ត្រាទាំងនោះប្រាប់ដំណើររឿងអំពីមនុស្សម្នាក់ឈ្មោះ កូរីអានទុមើរ និងការស្លាប់បង់នៃប្រជាជនលោក។ ឯកូរីអានទុមើរ ត្រូវបានជួបប្រទះដោយប្រជាជនសារ៉ាហិមឡា ហើយលោកបាននៅជាមួយនឹងពួកគេអស់រយៈពេលប្រាំបួនខែ។
២២នៅលើថ្មនោះ មានចែងបន្តិចបន្តួចអំពីពួកអយ្យកោរបស់លោក។ ហើយពួកឪពុកម្ដាយដើមរបស់លោកបានចេញមកពីប៉ម នៅពេលដែលព្រះអម្ចាស់ទ្រង់បានបំភាន់ភាសាមនុស្ស ហើយការតឹងរឹងនៃព្រះអម្ចាស់បានធ្លាក់មកលើពួកគេ ស្របតាមសេចក្ដីជំនុំជំរះទាំងឡាយរបស់ទ្រង់ដែលត្រឹមត្រូវ ហើយឆ្អឹងរបស់ពួកគេរាយនៅលើដែនដីនៅទិសខាងជើង។
២៣មើលចុះ ខ្ញុំ អាម៉ាលេកៃ បានកើតនៅជំនាន់ម៉ូសាយ ហើយខ្ញុំបានរស់នៅ រហូតដល់បានឃើញមរណភាពរបស់លោក ឯបេនយ៉ាមីន ជាបុត្ររបស់លោក ក៏បានសោយរាជ្យជំនួសលោក។
២៤ហើយមើលចុះ ខ្ញុំបានឃើញនៅក្នុងជំនាន់ស្ដេចបេនយ៉ាមីននូវសង្គ្រាមដ៏ធំមួយ និងការខ្ចាយឈាមដ៏ច្រើនរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។ ប៉ុន្តែមើលចុះ ពួកសាសន៍នីហ្វៃមានប្រៀបលើពួកគេជាខ្លាំង មែនហើយ រហូតដល់ស្ដេចបេនយ៉ាមីន បានដេញពួកគេចេញពីដែនដីសារ៉ាហិមឡា។
២៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំចាប់ផ្ដើមមានវ័យចំណាស់ ហើយដោយគ្មានកូនតពូជឡើយ ហើយដោយដឹងថា ស្ដេចបេនយ៉ាមីន ជាមនុស្សសុចរិតនៅចំពោះព្រះអម្ចាស់ ហេតុដូច្នោះហើយ ខ្ញុំនឹងប្រគល់ផ្ទាំងទាំងនេះទៅឲ្យទ្រង់ទូន្មានដល់អស់ទាំងមនុស្សឲ្យមករកព្រះ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយឲ្យជឿដល់ការព្យាករណ៍ និងដល់វិវរណៈទាំងឡាយ និងដល់ការងារបម្រើនៃពួកទេវតា និងដល់អំណោយទានខាងការនិយាយភាសាច្រើន និងដល់អំណោយទានខាងការបកប្រែភាសាទាំងឡាយ និងដល់គ្រប់ការណ៍ទាំងអស់ដែលល្អ ត្បិតឥតមានអ្វីដែលល្អឡើយ លើកលែងតែមកពីព្រះអម្ចាស់ ហើយអ្វីដែលអាក្រក់ គឺមកពីអារក្សវិញ។
២៦ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំចង់ឲ្យអ្នកមករកព្រះគ្រីស្ទ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទទួលទាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ និងព្រះចេស្ដានៃសេចក្ដីប្រោសលោះរបស់ទ្រង់ចុះ។ មែនហើយ ចូរមករកទ្រង់ ហើយចូរថ្វាយព្រលឹងអ្នកទាំងមូល ជាដង្វាយថ្វាយដល់ទ្រង់ ហើយចូរបន្តការតមអាហារ និងការអធិស្ឋាន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ហើយប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ នោះអ្នករាល់គ្នានឹងបានសង្គ្រោះ។
២៧ហើយឥឡូវនេះ ខ្ញុំចង់និយាយបន្តិច អំពីមនុស្សមួយចំនួនដែលបានឡើងទៅឯទីរហោស្ថានដើម្បីត្រឡប់ទៅឯដែនដីនីហ្វៃវិញ ព្រោះមានមនុស្សមួយចំនួនធំ ដែលមានប្រាថ្នាចង់បានដែនដីនៃកេរ្តិ៍អាកររបស់គេ។
២៨ហេតុដូច្នោះហើយ ពួកគេបានឡើងទៅឯទីរហោស្ថាន។ ឯអ្នកដឹកនាំរបស់គេ គឺជាមនុស្សខ្លាំងពូកែម្នាក់ ហើយក្បាលរឹង ហេតុដូច្នោះហើយ គាត់បានធ្វើឲ្យមានការទាស់ទែងគ្នា នៅក្នុងចំណោមពួកគេ ហើយពួកគេត្រូវបានស្លាប់ទាំងអស់នៅក្នុងទីរហោស្ថាន លើកលែងតែហាសិបនាក់ប៉ុណ្ណោះ ហើយពួកគេបានត្រឡប់មកដែនដីសារ៉ាហិមឡាវិញ។
២៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេក៏បាននាំអ្នកផ្សេងទៀតក្នុងចំនួនគួរសម ហើយបានធ្វើដំណើរទៅឯទីរហោស្ថានទៀត។
៣០ហើយខ្ញុំ អាម៉ាលេកៃ មានប្អូនប្រុសម្នាក់ ដែលបានទៅជាមួយនឹងពួកគេដែរ ហើយចាប់ពីពេលនោះមក ខ្ញុំមិនដែលបានដឹងអំពីពួកគេទៀតឡើយ។ ហើយខ្ញុំជិតដេកនៅក្នុងផ្នូររបស់ខ្ញុំហើយ ឯផ្ទាំងទាំងនេះពេញអស់ហើយ។ ហើយខ្ញុំសូមបញ្ចប់នូវការនិយាយរបស់ខ្ញុំតែត្រឹមនេះសិនចុះ៕ :៚