ឆ្នាំ ២០១៩
ការមាន​ភាពទៀងត្រង់​ជាមួយ​ខ្លួន​ឯង—និង​ជាមួយ​ព្រះ
May 2019


ការមាន​ភាពទៀងត្រង់​ជាមួយ​ខ្លួន​ឯង — និង​ជាមួយ​ព្រះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

អំនួត​របស់​ខ្ញុំ​បាន​រារាំង​ខ្ញុំ​ពី​ការទទួល​យកការស្តីប្រដៅ​របស់​ប៊ីស្សព​ដែល​ជា​សេចក្តីពិត — ប៉ុន្តែ តើ​ខ្ញុំ​ពិតជា​អាចឈ្លោះប្រកែក​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ ​?

sister missionaries meeting with bishop

នៅ​អំឡុងពេលពាក់​កណ្តាល​នៃ​បេសកម្ម​របស់​ខ្ញុំ ដៃគូ​ខ្ញុំ និង​ខ្ញុំ​មាន​ការលំបាក​ក្នុង​ការធ្វើការ​បាន​ល្អ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​បេសកកម្ម​វួដ​របស់​យើង ។ មាន​ការជំទាស់​ជាច្រើន ដូច្នេះ​យើង​បានសម្រេច​ចិត្ត​និយាយ​ជាមួយ​ប៊ីស្សព​ដើម្បី​ដឹង​ថា យើង​គួរ​ធ្វើ​បែប​ណា ។ ក្នុង​ជម្រៅ​នៃ​ដួងចិត្ត​របស់​ខ្ញុំ​ខ្ញុំ​សង្ឃឹម​ថា ប៊ីស្សព​នឹង​និយាយ​ជាមួយ​គាត់ ហើយ​សម្រួល​បញ្ហា​ឲ្យ​ពួកយើង ។

ប៉ុន្តែ​ផ្ទុយ​ទៅវិញ ប៊ីស្សព​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​អំនួត និង​រិះគន់​ខ្លាំងក្លា​ពេក​ចំពោះ​អ្នកដទៃ ។ ខ្ញុំ​បាន​ទៅ​ផ្ទះ​វិញ​ទាំង​ខឹង​សម្បារ មាន​អារម្មណ៍​ថា គេបានយល់​ខុសអំពីរូបខ្ញុំ និង​មានភាពស្មុគស្មាញ​ចិត្ត — តើ​គាត់​អាច​និយាយ​ពាក្យ​ទាំងនោះ​ថា ឲ្យ​ខ្ញុំ​យ៉ាង​ដូចម្តេច ? តើ​គាត់​ធ្លាប់​ខ្វល់ខ្វាយ​ពីឧបសគ្គ​របស់​ពួកយើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ដែរ​ឬទេ ?

នៅពេល​យើង​កំពុង​ដើរ នោះ​ខ្ញុំ​បានប្រាប់​អារម្មណ៍​នោះដល់​ដៃគូ​របស់​ខ្ញុំ ។ ប៉ុន្តែ​ភ្លាម​នោះ​មាន​ឃ្លា​មួយ​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ៖ « អ្នក​ណា​ដែល​មាន​ទោស រាប់​សេចក្ដី​ពិត​ទុកជា​ការ​ពិបាក » ( នីហ្វៃ​ទី១ ១៦:២ ) ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​គិត​បែប​នោះ​ទៀត ។​ វា​ប្រាកដ​ណាស់​ចំពោះ​ខ្ញុំ​ថា គំនិត​នោះ​កើត​មក​ពី​ព្រះវិញ្ញាណ ។ អំនួត​របស់​ខ្ញុំ​អាច​រារាំង​ខ្ញុំ​ពី​ការទទួល​យកការស្តីប្រដៅ​របស់​ប៊ីស្សព​ដែល​ជា​សេចក្តីពិត​ — ប៉ុន្តែ តើ​ខ្ញុំ​ពិតជា​អាច​ឈ្លោះ​ប្រកែក​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ ​?

ខ្ញុំ​មាន​ទោស ហើយ​ព្រះ​កំពុង​ឲ្យ​ខ្ញុំ​ដឹង​អំពី​កំហុស​នោះ ។

ការកម្ចាត់​ចោល​នូវ​ការគិត​ថា​ខ្លួន​មាន​ភាព​សុចរិត

នៅ​គ្រា​នោះ វា​ជា​ពេល​នៃ​ការល្បួង​យ៉ាង​ខ្លាំង​ឲ្យ​ព្រងើយ​នឹង​រឿង​ដែល​ខ្ញុំ​កំពុង​ធ្វើខុស ។ អែលឌើរ ឌៀថើរ អេហ្វ អុចដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែង​ថា « គ្មាន​ពួកយើង​ណា​ម្នាក់​ចូលចិត្ត​សារភាព​ឡើយ ពេល​យើង​ម្នាក់ៗ​រអិល​ចេញ​ពី​ផ្លូវ​ត្រឹមត្រូវ​នោះ ។ … ជាលទ្ធផល ពេលយើង​ពិនិត្យ​មើល​ពី​ជីវិត​ពិត​យើង នោះ​យើង​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​គំនិត​ផ្ទាល់​ខ្លួន ការដោះសារ និង​រឿង​នានាដែល​ប្រាប់​ខ្លួន​ឯង ដើម្បី​ការពារ​គំនិត និង​ទង្វើ​មិន​សក្ដិសម » ។

នៅក្នុង​ករណី​របស់​ខ្ញុំ ខ្ញុំ​បាន​ជឿ​លើ​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​បាន​រអ៊ូរទាំ​សម្រាប់​សេចក្តីល្អ​នៃ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​តំបន់​របស់​យើង ។ ហើយ​ជាជាង​ទទួល​យក​ការបម្រើ​ដោយ​ស្មោះត្រង់​របស់​អ្នកដឹកនាំ​បេសកកម្ម​វួដ​របស់​យើង — ដែល​វា​ហាក់ដូចជា​មិន​ល្អឥត​ខ្ចោះ​ចំពោះ​ខ្ញុំ — ភ្លាមនោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​គ្មាន​អំណរគុណ, គ្មាន​ក្តីអំណត់ និង​ឥត​ទៀងត្រង់ ឥត​សប្បុរស ។ ដោយសារ​តែ​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ខ្ញុំ​អាច​យល់​ពី​ទង្វើ​ពិត​ប្រាកដ​របស់​ខ្ញុំ ។

ការភ្ញាក់រឭក​ខាង​វិញ្ញាណ

ការទទួល​ការ​ស្តី​ប្រដៅ​ដោយ​ផ្ទាល់​បែប​នោះ​ពី​ព្រះវិញ្ញាណ​គឺ​មាន​ការឈឺចាប់​ណាស់ ប៉ុន្តែ​ជា​របៀប​ដ៏​ល្អ​បំផុត ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ទៀងត្រង់​ជាមួយ​ខ្លួន​ឯង​អំពី​ភាពទន់ខ្សោយ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ដឹង​ជាមុន​ថា ព្រះវិញ្ញាណ​អាច​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​នៅក្នុង​ដំណើរការ​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា អែលឌើរ លែរី អរ ឡរិន ក្នុង​ពួកចិត​សិប​នាក់​បាន​ថ្លែង​ដោយ​ផ្ទាល់​ប្រាប់​ខ្ញុំ ពេល​លោក​បាន​អញ្ជើញ​ឲ្យ​សមាជិក​សាសនាចក្រ « បន្ទាបខ្លួន ហើយ​ទូល​សួរព្រះអម្ចាស់​នូវ​សំណួរ​ដូច​តទៅ​នេះ ៖ ‹ តើ​មាន​អ្វី​កំពុង​រារាំង​ខ្ញុំ មិន​ឲ្យ​រីកចម្រើន​បាន ? › … លោក​បាន​ថ្លែង​ថា បើ​អ្នក​សួរ​ដោយ​ស្មោះ ​ចម្លើយ​នឹង​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់​ក្នុង​ពេល​ឆាប់ៗ ។ វានឹងជាវិវរណៈដែលបម្រុងទុកសម្រាប់អ្នក » ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មានអំណាច​មិន​គ្រាន់តែ​ដើម្បី​ទទួល​ការបំផុសគំនិត​អំពី​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ​ទេ តែខ្ញុំ​ក៏​អាច​កែលម្អ​វា​បាន​ប្រសើរ​ឡើង​ផងដែរ ។

ចេញពីភាព​ទន់​ខ្សោយ​ឆ្ពោះ​ទៅរកភាព​រឹងមាំ

បទពិសោធន៍​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា « បើ​ភាពទន់ខ្សោយ និង​កំហុស [ របស់​ខ្ញុំ ] បន្ត​លាក់​ទុក នោះ​ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៃ​ព្រះអង្គសង្គ្រោះ​មិន​អាច​ព្យាបាល​វា ហើយ​ធ្វើ​ឲ្យ​វា​រឹងមាំ​បាន​ឡើយ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​ខ្ញុំ​មាន​ភាព​ក្លាហាន​ល្មម ហើយ​សារភាព​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ដោយ​រាបសា នោះ​ព្រះអាច​ជួយ​យើង​ឲ្យ​បែរ​ភាព​ទន់ខ្សោយ​ទាំងនោះ​ឲ្យ​ទៅ​ជា​ភាព​ខ្លាំង​វិញ​តាមរយៈ​ព្រះគុណ​ទ្រង់​ ( សូមមើល អេធើរ ១២:២៧, ពេត្រុស​ទី១ ៥:៥ ) ។

លើ​សពីអ្វីៗ​ទាំងអស់ ការទទួលស្គាល់​ភាពទន់ខ្សោយ​របស់​យើង​ដោយទៀង​ត្រង់ — ឬ​ស្គាល់​ខ្លួន​យើង​ពិត​ប្រាកដ — ​វា​ជា​ជំហាន​ដំបូងដែលនៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​វិជ្ជមាន ។ ពេល​ខ្ញុំ​បន្ត​មានភាព​ទៀងត្រង់ ហើយ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ នោះ​ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ចាំបាច់​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ។ ហើយនៅពេលខ្ញុំ​បាន​ពឹកផ្អែក​លើ​ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួន​របស់​ទ្រង់ និង​អំណាច​នៃ​ការបន្សុទ្ធ​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​ឃើញ​ពី​ភាពរីកចម្រើ​នៅក្នុង​ខ្លួន​ខ្ញុំ ។

ទោះបីជា​ខ្ញុំពុំ​រីករាយ​ដើម្បី​សារភាព​កំហុស​របស់​ខ្ញុំ​នៅក្នុង​ពេល​នៃ​ការស្តី​ប្រដៅ​នោះ​ក្តី ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ហើយ​ទៀងត្រង់​ជាមួយ​ខ្លួន​ឯង និង​ជាមួយ​ព្រះ នោះ​ខ្ញុំ​កាន់តែ​រីករាយ ហើយ​កាន់តែ​ទទួល​យក​អ្វី​ដែល​ជា​ខ្លួន​ឯង ។ ខ្ញុំ​ដឹង​ថា ទោះបី​ជា​ខ្ញុំ​មាន​កំហុស​ក្តី ខ្ញុំ​មាន​តម្លៃ​ដ៏​ទេវភាព​ចំពោះ​ព្រះវរបិតាសួគ៌​ខ្ញុំ — ប៉ុន្តែ​ទ្រង់​នៅតែ​ចង់​ឲ្យ​ខ្ញុំ​រីកចម្រើន ។ តាមរយៈ​ព្រះចេស្តា​របស់​ព្រះបុត្រា​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ដោយ​ស្មោះសរ នោះ​ខ្ញុំ​អាច​ក្លាយ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ជាង​អ្វី​ដែល​ខ្ញុំ​អាច​គិត​ស្រមៃ​ដល់​ទៅ​ទៀត ។

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « Lord, Is It I ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៨ ។

  2. លែរី អរ ឡរិន « What Lack I Yet ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ ។

  3. ឌៀថើរ អេស្វ អុជដូហ្វ « Lord, Is It I ? » ទំព័រ ៥៨ ។