ការកាន់ខ្ជាប់ ដ៏មានតុល្យភាព
ដកស្រង់ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « These Are Your Days » បានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៥ ។ ដើម្បីទទួលបានសុន្ទរកថាពេញលេញជាភាសាអង់គ្លេស សូមចូលទៅគេហទំព័រ web.byui.edu/devotionalsandspeeches ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងអាច « រីករាយដរាបដល់ចុងបំផុត » បាន នៅពេលយើងធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ជ្រើសរើសធ្វើល្អជាងធ្វើអាក្រក់ និងធ្វើឲ្យមានតុល្យភាពក្នុងការទទួលខុសត្រូវទាំងឡាយរបស់យើង ។
ថ្មីៗនេះ ខ្ញុំបាននិយាយទៅកាន់កូនៗ ក្មួយស្រីៗ និងមិត្តយុវវ័យម្នាក់របស់ខ្ញុំដើម្បីទទួលបានការយល់ដឹងអំពីសំណួរ ឧបសគ្គ ភាពស្មុគស្មាញ និងជ័យជម្នះនានាដែលពួកយុវមជ្ឈិមវ័យជួបប្រទះនាសព្វថ្ងៃនេះ ។ ខ្ញុំបានពិចារណា និងអធិស្ឋានអំពីអ្វីដែលបានចែកចាយជាមួយខ្ញុំ ហើយខ្ញុំបានសង្ខេបវាទៅជាចំណុចមួយចំនួន ដែលខ្ញុំនឹងចែកចាយឥឡូវនេះដោយក្តីសង្ឃឹមថា វាអាចជួយឆ្លើយតបសំណួរ និងឧបសគ្គទាំងនោះ ។
ស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ
ផ្ទុយពីរបៀបដែលប្អូនៗមួយចំនួនមានអារម្មណ៍នាគ្រាខ្លះ នោះខ្ញុំសូមប្រកាសថា ព្រះវរបិតាសួគ៌របស់យើងពិតជាឆ្លើយតបការអធិស្ឋានរបស់យើងតាមរបៀបរបស់ទ្រង់ ។ សូមពិចារណាពីខគម្ពីរដូចតទៅនេះ ៖
« ដ្បិតអស់អ្នកណាដែលសូមនោះរមែងបាន ហើយអ្នកណាដែលរកនោះរមែងឃើញហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ » ( នីហ្វៃទី៣ ១៤:៨ ) ។
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ( យ៉ាកុប ១:៥ ) ។
« មើលចុះ យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធដែលនឹងសណ្ឋិតមកលើអ្នក ហើយដែលនឹងគង់នៅក្នុងចិត្តរបស់អ្នក » ( គ. និង ស. ៨:២ ) ។
ដូច្នោះ តើយើងទទួលចម្លើយ និងវិវរណៈតាមរបៀបណា ? តើយើងដឹងថា វាកើតពីព្រះវិញ្ញាណបរិសុទ្ធ និងពុំមែនកើតមកពីការគិតផ្ទាល់របស់ខ្ញុំយ៉ាងដូចម្តេច ? ខ្ញុំសូមចែកចាយបទពិសោធន៍ពីរនៅក្នុងជីវិតរបស់ខ្ញុំ ដែលវាបានក្លាយជាលំនាំ ។
បន្ទាប់ពីស៊ីស្ទើរ ថេ និងខ្ញុំបានណាត់ដើរលេងជាគូអស់មួយរយៈពេលមក វាសបញ្ជាក់ឲ្យឃើញច្បាស់ថា ខ្ញុំចង់ចំណាយពេលអស់កល្បជានិច្ចជាមួយគាត់ ។ ប្រាកដណាស់ ខ្ញុំបានយកវាធ្វើជាប្រធានបទនៃការអធិស្ឋាន និងការតមអាហារដោយស្មោះសរ ។ គ្មានការផ្លាស់ប្តូរជាក់លាក់ណាមួយនៅក្នុងអារម្មណ៍ខ្ញុំបានកើតឡើងនាពេលក្រោយមកទៀតឡើយ ។ ខ្ញុំគ្មានអារម្មណ៍ខ្មួលខ្មាញ់នៅក្នុងទ្រូងខ្ញុំឡើយ ។ ប៉ុន្ដែខ្ញុំបានបន្តមានអារម្មណ៍ល្អអំពីការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំបានខិតខំព្យាយាម ។ ស៊ីស្ទើរ ថេ បានទទួលចម្លើយដូចគ្នា ដូច្នេះយើងបានរៀបការជាមួយគ្នា ។ ចាប់តាំងពីបទពិសោធន៍នោះមក ខ្ញុំបានធ្វើការសម្រេចចិត្តជាច្រើនតាមរបៀបស្រដៀងគ្នានោះ ( សូមមើល គ. និង ស. ៦:២២–២៣ ) ។
ផ្ទុយពីបទពិសោធន៍ទាំងនោះ ឥឡូវខ្ញុំមានការចាត់តាំងជាក់លាក់មកពីកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យហៅប្រធានស្តេកថ្មីម្នាក់ ។ នៅពេលខ្ញុំបានបំពេញតាមការចាត់តាំងនេះនៅក្នុងស្មារតីនៃការអធិស្ឋាន និងការតមអាហារ ខ្ញុំបានទទួលពរជាមួយនឹងការបំផុសគំនិតខុសៗគ្នាដែលជួយខ្ញុំឲ្យដឹងពីបុគ្គលដែលគួរតែត្រូវហៅបម្រើ ។ ជួនកាល ការបំផុសគំនិតកើតឡើងមុនពេល ជួនកាលអំឡុងពេល ឬជួនកាលកើតឡើងបន្ទាប់ពីដំណើរការនៃការសម្ភាសន៍ ។ ខ្ញុំតែងតែមានអារម្មណ៍ខ្មួលខ្មាញ់នៅក្នុងទ្រូងខ្ញុំជានិច្ច ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានទទួលស្គាល់ថា នោះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធនាំផ្លូវខ្ញុំក្នុងការចាត់តាំងបែបនោះ ។
ហេតុអ្វីមានភាពខុសប្លែកគ្នានៅក្នុងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធទាក់ទងជាមួយខ្ញុំដូច្នេះ ? ខ្ញុំមិនដឹងទេ ។ រឿងដ៏សំខាន់នោះគឺថា ខ្ញុំបានរៀនទទួលស្គាល់លំនាំទាំងនេះក្នុងរបៀបនានាដែលខ្ញុំទទួលវិវរណៈផ្ទាល់ខ្លួន ។ ខ្ញុំទទួលការលួងលោម និងមានទំនុកចិត្តក្នុងការធ្វើតាមការទូន្មានដូចតទៅនេះ ៖ « ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក » ( គ. និង ស. ១១២:១០ ) ។
ជ្រើសរើសសេចក្តីល្អជាជាងសេចក្តីអាក្រក់
មនុស្សមួយចំនួនគិតថា វាកាន់តែលំបាកឡើងៗក្នុងការញែកឲ្យដាច់រវាងរឿងខុស និងត្រូវ ។ វាហាក់មានភាពស្រពិចស្រពិលកាន់តែខ្លាំងឡើង ។ មានទស្សនៈពុំត្រឹមត្រូវ ប៉ុន្តែមានប្រជាប្រិយភាពជាច្រើននៅជំនាន់នេះទំនងជាមានន័យខ្លឹមសារនៅពេលគេមើលវាតាមទស្សនៈដ៏តូចចង្អៀតមួយ ។ ប៉ុន្តែសំរាមចាស់ដែលបានខ្ចប់ដោយកញ្ចប់ថ្មី ហើយបានផ្សាយពាណិជ្ជកម្មដោយភាពច្នៃប្រឌិតក្ដី ក៏វានៅតែជាសំរាម ។
ការញែកឲ្យដឹងរវាងរឿងត្រូវ និងខុសគឺគ្មានអ្វីពិបាកឡើយ ។ ទោះបីពីមុនយើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធក្តីក៏យើងបានទទួលពរជ័យជាមួយនឹងពន្លឺនៃព្រះគ្រីស្ទដែរ ៖
« ដ្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្តា និងអំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នេះហើយអ្នករាល់គ្នាអាចដឹងដោយតម្រិះដ៏ឥតខ្ចោះថាមកពីព្រះ ។
ប៉ុន្តែអ្វីៗដែលបញ្ចុះបញ្ចូលឲ្យមនុស្សធ្វើអាក្រក់ ហើយមិនឲ្យជឿដល់ព្រះគ្រីស្ទ ហើយបដិសេធទ្រង់ ហើយមិនបម្រើព្រះទេ នោះអ្នករាល់គ្នាអាចដឹងដោយតំរិះដ៏ឥតខ្ចោះថា មកពីអារក្ស ត្បិតតាមរបៀបនេះហើយដែលអារក្សប្រព្រឹត្ត ដ្បិតវាមិនដែលបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើល្អឡើយ » ( មរ៉ូណៃ ៧:១៦–១៧ ) ។
ការសាកល្បងមួយដ៏ធំបំផុតមួយនៅជំនាន់របស់យើងគឺការគាំទ្រព្យាការីនៅរស់ ។ ភាគច្រើនពួកយើងនឹងនិយាយថា « អូ៎ រឿងនោះគឺងាយស្រួលទេ ។ ខ្ញុំដឹងពីរឿងនោះហើយ ។ ខ្ញុំបានធ្វើវាហើយ » ។
ប៉ុន្តែវាអស្ចារ្យណាស់ក្នុងការមើលឃើញរបៀបដែលមនុស្សមួយចំនួនដែលទំនងជាគាំទ្រដល់ព្យាការីនៅរស់មានប្រតិកម្មចំពោះទស្សនៈដ៏មានប្រជាប្រិយភាពមួយចំនួននៅជំនាន់បច្ចុប្បន្ននេះ ។ នៅពេលយើងជួបនឹងសម្ពាធពីមនុស្សស្រករគ្នា ពួកយើងមួយចំនួនធ្វើហាក់ដូចជា ឬបង្កើតទស្សនៈនានាដែលផ្តល់ជាយោបល់ថា យើងពុំដឹងថាមានព្យាការីនៅរស់ឡើយ ។
ស្វែងរកតុល្យភាពត្រឹមត្រូវ
តើអ្នកមានអ្វីដែលត្រូវធ្វើជាច្រើន រហូតដល់ថ្នាក់អ្នកមានអារម្មណ៍ថា អ្នកត្រូវបានទាញឲ្យដើរទៅរកទិសដៅខុសគ្នាឬ ? ប៉ុន្ដែអ្នកដឹងទេ ? វានឹងកាន់តែពិបាកទៅៗប៉ុណ្ណោះ ។ ដូច្នេះសំណួរសួរថា ៖ តើអ្នកស្វែងរកតុល្យភាពដ៏ត្រឹមត្រូវដោយរបៀបណា ?
សូមរំឭកចាំជានិច្ចថា ធម្មជាតិដ៏អស់កល្បនៃវិញ្ញាណរបស់យើងនិងអត្តសញ្ញាណរបស់អ្នកគឺថា អ្នកជាបុត្រា ឬបុត្រីម្នាក់របស់ព្រះ ។ សូមផ្តោតថាមពលរបស់អ្នកលើសេចក្តីពិតនោះ និងអត្ថន័យរបស់វា ។ នោះរឿងផ្សេងទៀតនឹងចាកចេញពីជីវិតរបស់អ្នក ឬក៏ចូលមកតាមកន្លែងត្រឹមត្រូវរបស់វា ។១ ខគម្ពីរពីរអាចធ្វើជាគោលការណ៍ណែនាំចំណុចនេះ ៖
« ចូរអ្នកស្វែងរកនគរនៃព្រះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ( នីហ្វៃទី៣ ១៣:៣៣ ) ។
« ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង ៖
ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ » ( ម៉ាថាយ ៦:២០–២១ ) ។
តើប្អូនៗជឿទេថា ខ្ញុំធ្លាប់ស្ថិតនៅក្នុងស្ថានភាពដូចជាប្អូនៗដែរ ។ មានគ្រាមួយក្នុងជីវិតរបស់ខ្ញុំកាលខ្ញុំមានការងារពេញម៉ោងមួយ ទៅសាលារៀនពេលយប់ ហើយមានការងារទីពីរក្រៅម៉ោងមួយបន្ទាប់ពីសាលារហូតដល់យប់ជ្រៅឈានដល់ទាបភ្លឺ — គឺអំឡុងពេលដែលស៊ីស្ទើរ ថេ និងខ្ញុំកំពុងចិញ្ចឹមគ្រួសារថ្មោងថ្មីរបស់យើង ។ ខ្ញុំមានពេលតែពីរបីម៉ោងសម្រាប់ដេក ពីរបីថ្ងៃក្នុងមួយសប្តាហ៍អស់រយៈពេលពីរខែ ។ លើសពីនោះទៅទៀត ខ្ញុំកំពុងបម្រើនៅក្នុងគណៈប៊ីស្សពវួដ ។
នោះគឺជាគ្រាមួយដ៏ស្វិតស្វាញបំផុតនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំគិតថា ខ្ញុំមិនដែលប្រើប្រាស់ពេល ២៤ ម៉ោងក្នុងមួយថ្ងៃឲ្យមានប្រសិទ្ធិភាពដូចខ្ញុំបានប្រើវាអំឡុងពេលនោះឡើយ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) រំឭកយើងថា យើងមានការទទួលខុសត្រូវចំពោះគ្រួសារយើង ចំពោះនិយោជកយើង ចំពោះព្រះអម្ចាស់ និងចំពោះខ្លួនយើង ។
តើយើងអាចធ្វើឲ្យការទទួលខុសត្រូវទាំងនោះមានតុល្យភាពដោយរបៀបណា ? ប្រធាន ហ៊ីងគ្លី បានមានប្រសាសន៍ថា ៖ « ខ្ញុំគិតថា រឿងនោះមិនពិបាកឡើយ ។ ខ្ញុំបានបម្រើក្នុងមុខងារជាច្រើននៅក្នុងសាសនាចក្រនេះ ។ ខ្ញុំជាឪពុកដែលមានកូនប្រាំនាក់ ដែលនៅក្មេង ហើយកំពុងចម្រើនវ័យឡើង នៅពេលដែលខ្ញុំកំពុងបម្រើនៅក្នុងមុខងារផ្សេងៗជាច្រើននោះ ។ … យើងមានភាពរីករាយក្នុងជីវិត ។ យើងធ្វើរាត្រីជួបជុំក្រុមគ្រួសារ ។ យើងបានធ្វើនូវអ្វីដែលសាសនាចក្ររំពឹងចង់បានឲ្យពួកយើងធ្វើ » ។២
រីករាយដរាបដល់ចុងបំផុត
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតពុំមែនជាការគូសបញ្ជីដំណឹងល្អថាយើងធ្វើបានហើយ បន្ទាប់មកនិយាយថា ៖ « ខ្ញុំល្អហើយនោះទេ ។ ឥឡូវនេះ អ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវបន្តទៅមុខដោយពុំចាំបាច់ប្រឹងប្រែងអ្វីបន្ថែមទៀតឡើយ ហើយគ្រាន់តែបន្តធ្វើកិច្ចការនោះប៉ុណ្ណោះ » ។ ផ្ទុយទៅវិញ វាគឺជាការបន្តរៀនសូត្រ និងរីកចម្រើនឡើង ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាការប្រែចិត្ត និងការផ្លាស់ប្តូរជាប់ជានិច្ច — វាគឺជាការឡើងភ្នំពុំមែនជាការដើរលំហែរនៅក្នុងសួនឧស្យានឡើយ ។
ស្តេចបេនយ៉ាមីនមានបន្ទូលថា « ចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះ ត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និងរបៀបរៀបរយ ដ្បិតមិនត្រូវឲ្យអ្នកណារត់លឿនជាងកម្លាំងដែលគេមាននោះឡើយ » ( ម៉ូសាយ ៤:២៧ ) ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនបានយកវគ្គបទគម្ពីរនេះធ្វើជាលេសក្នុងការគ្មានឆន្ទៈដើម្បីព្យាយាមកាន់តែខ្លាំង ឬធ្វើកិច្ចការនានាឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ។ អ្វីដែលជាបញ្ហានោះគឺថា ពួកគេផ្តោតតែទៅលើវគ្គបទគម្ពីរតែពាក់កណ្តាលដំបូងប៉ុណ្ណោះ ។
នេះគឺជាវគ្គបទគម្ពីរពាក់កណ្តាលទៀត ៖ « ជាការចាំបាច់ឲ្យអ្នកនោះត្រូវព្យាយាម ដើម្បីគេអាចបានរង្វាន់ ហេតុដូច្នេះហើយគ្រប់ការណ៍ទាំងអស់ត្រូវបានប្រព្រឹត្តឡើងតាមរបៀបរៀបរយ » ។ វគ្គបទគម្ពីរទាំងពីរបញ្ចូលគ្នាបញ្ជាក់ច្បាស់នូវអត្ថន័យនៃការធ្វើកិច្ចការនានានៅក្នុងប្រាជ្ញា និងតាមរបៀបរៀបរយ ។
មិត្តភក្ដិដែលជាកីឡាករវ័យក្មេងម្នាក់បានណែនាំខ្ញុំឲ្យស្គាល់បាតុភូតមួយហៅថា ខ្យល់ទីពីរ ដែលជាអារម្មណ៍មួយនៃការទទួលបានថាមពលស្រស់ស្រាយឡើងវិញ ដែលផ្តល់កម្លាំងដល់អ្នកឲ្យបន្តព្យាយាមទៀត ទោះបីជាអ្នកអស់កម្លាំងក៏ដោយ ។
ដូចគ្នានឹងការស្វែងរកខ្យល់ទីពីរនៅក្នុងផ្នែកផ្សេងៗទៀតនៃជីវិតរបស់គាត់ នោះមិត្តភក្ដិរបស់ខ្ញុំបាននិយាយថា ៖ « ក្នុងនាមជានិស្សិតមហាវិទ្យាល័យ វាពិតជាងាយស្រួលណាស់ក្នុងការមកដល់ផ្ទះវិញនៅយប់អាធ្រាត ហើយធ្វើការដោះសារថា គេនឿយហត់ណាស់មិនអាចអធិស្ឋាន ឬអានព្រះគម្ពីរ ឬសូម្បីតែទៅព្រះវិហារបរិសុទ្ធឲ្យបានទៀងទាត់បានឡើយ ។ វាអាចមានការដោះសារជាច្រើនក្នុងការពុំធ្វើកិច្ចការទាំងនេះ ជាពិសេសសម្រាប់និស្សិតមហាវិទ្យាល័យ ។ ប៉ុន្តែនៅទីបញ្ចប់ យើងត្រូវតែស្វែងរកខ្យល់ទីពីររបស់យើង ហើយធ្វើនូវកិច្ចការតូចតាចទាំងនោះ » ។
ប្រហែលជាជំនួសឲ្យ ការកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះយើងអាចស្វែងរកខ្យល់ទីពីររបស់យើង — គឺខ្យល់ខាងវិញ្ញាណរបស់យើង — ហើយ រីករាយ ដរាបដល់ចុងបំផុត ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងអាចធ្វើបែបនោះបាន នៅពេលយើងធ្វើការតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ជ្រើសរើសធ្វើល្អជាងធ្វើអាក្រក់ និងធ្វើឲ្យការទទួលខុសត្រូវរបស់យើងមានតុល្យភាព ។