ឆ្នាំ ២០១៩
អាពាហ៍ពិពាហ៍ ប្រាក់ និង​សេចក្តីជំនឿ
May 2019


អាពាហ៍ពិពាហ៍ ប្រាក់ និង​សេចក្តីជំនឿ

អ្នក​និពន្ធ​រស់​នៅ​តំបន់​អាស្សានទី ប្រទេស ហ្គាណា ។

គូដណ្តឹង​ខ្ញុំ និង​ខ្ញុំ​មាន​ពេល​ខ្លី​ពីមុន​ការរៀបការ​របស់​យើង ហើយ​ថែមទាំង​មាន​ប្រាក់​តិច ប៉ុន្តែ​យើង​មាន​អ្វី​មួយ​ដែល​កាន់តែ​សំខាន់​ទៅ​ទៀត ៖ គឺ​សេចក្តី​ជំនឿ ។

Sunday and Priscilla on their wedding day

ខ្ញុំ​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​របស់​យុវមជ្ឈិមវ័យ​នៅ​លីវ​នៅទីក្រុង គូម៉ាស៊ី ប្រទេស ហ្គាណា មិន​មែន​ដោយសារ​ខ្ញុំ​ត្រូវការមិត្ត​ស្រី​ម្នាក់​នោះ​ទេ — ខ្ញុំ​បាន​ភ្ជាប់ពាក្យ​រួច​ទៅ​ហើយ — ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវការ​ការជំរុញ​ទឹកចិត្ត​បន្ថែម​ទៀត ហើយ​ថា​កិច្ច​ប្រជុំ​នោះ​នឹងក្លាយ​ជា​កន្លែង​ត្រឹមត្រូវ​ដើម្បី​រក​ការជំរុញទឹកចិត្ត​នោះ ។ ប្រាកដណាស់ ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយ​នៅ​កិច្ច​ប្រជុំ​នោះ​បន្ទាប់​ពី​ស៊ីស្ទើរ ខល ជាអ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដែល​បាន​ចាត់​ឲ្យ​ធ្វើការ​ជាមួយ​យុវមជ្ឈិមវ័យ​នៅលីវ បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រហូត​ដល់​ចុង​បញ្ចប់​នៃ​ការពិភាក្សា ​ទឹកមុខ​របស់​គាត់​ស្រាប់តែ​បាន​ផ្លាស់ប្តូរ ហើយ​គាត់​បាន​និយាយ​ថា « អ្នក​ពុំ​ចាំបាច់​ត្រូវការ​ប្រាក់​ដើម្បី​រៀបការ​ឡើយ — ​អ្នក​គ្រាន់តែ​ត្រូវការ​សេចក្តីជំនឿ​ប៉ុណ្ណោះ » ។ ខ្ញុំ​មាន​អារម្មណ៍ថា គាត់​កំពុង​និយាយ​ប្រាប់​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​ខ្ញុំ​ពុំ​គិត​ថា វា​អាច​អនុវត្ត​ចំពោះ​ខ្ញុំ​ឡើយ ដោយសារ​យើង​ត្រូវតែ​ទិញ​ឥវ៉ាន់​មួយ​ចំនួន ដើម្បី​រៀបចំ​សម្រាប់​អាពាហ៍ពិពាហ៍ ។ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯងថា « តើ​ខ្ញុំ​អាច​ពុំ​ត្រូវការ​ប្រាក់ ប៉ុន្តែ​ត្រូវការតែ​សេចក្តីជំនឿ​បាន​យ៉ាង​ដូចម្តេច ? »

ខ្ញុំ​បាន​គិត​អំពី​រឿង​នេះ​ម្តង​ហើយ​ម្តង​ទៀត​ពេញ​មួយសប្តាហ៍​នោះ ។ នៅក្នុង​ដំណើរការនោះ ខ្ញុំ​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះ​មាន​ដែន​កំណត់​ចំពោះអ្វី​ដែល​ទ្រង់​អាច​ធ្វើ​បាន​ឬ ? » មុនដំបូង ខ្ញុំ​បាន​គិត​ថា មិន​មាន​ទេ ប៉ុន្តែ​បន្ទាប់ពី​ការគិត​ម្តង​ទៀត​នោះ ខ្ញុំ​បាន​គិត​ថា មាន ។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​កើត​មាន​សំណួរ​តាមដាន​មួយ​ថា « តើ​ទ្រង់​អាច​មាន​ដែន​កំណត់​ដូចម្តេច ប្រសិនបើទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្តា​នោះ ? » ព្រះវិញ្ញាណ​បាន​បង្រៀន​ខ្ញុំ​នូវ​ចម្លើយ​នេះ ៖ ពរជ័យ​របស់​ព្រះ​អាស្រ័យ​លើ​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​ទ្រង់ ។ ទ្រង់​គ្មាន​ដែន​កំណត់​នៅក្នុង​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ប្រទាន​ពរ​ដល់​យើង​ឡើយ ប៉ុន្តែ​យើង​ត្រូវ​អញ្ជើញ​ពរជ័យ​ទាំង​នោះ តាមរយៈ​ការអនុវត្ត​សេចក្តីជំនឿ​ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ។

ក្រោយ​មក ខ្ញុំ​បាន​ទូរសព្ទ​ទៅ​គូដណ្តឹង​ខ្ញុំ ព្រីសស៊ីឡា ដើម្បី​ពិភាក្សា​អំពី​គម្រោង​អាពាហ៍ពិពាហ៍​ដែល​បាន​គិត​ទុក​របស់​យើង ។ ទោះបី​ជា​យើង​ខ្វះខាត​ប្រាក់​ក្តី យើង​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក​កាលបរិច្ឆេទ​រៀបការ​របស់​យើង ប៉ុន្តែ​យើង​ពុំ​អាច​សម្រេច​យក​ថ្ងៃ​ជាក់លាក់​ណា​មួយ​ឡើយ ។ យើង​បាន​យល់​ព្រម​ថា នាង​គួរតែ​សួរ​ប៊ីស្សព​របស់​នាង​នូវ​កាលបរិច្ឆេទ​ណា​មួយ​​ដែល​កាលវិភាគ​របស់​វួដ និង​ស្តេក​ទំនេរ ។ ប៊ីស្សព​បាន​ផ្តល់​កាលបរិច្ឆេទ​ពីរ យើង​បាន​ជ្រើសយក​ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៤ — ដែល​មាន​ន័យ​ថា យើង​មាន​រយៈពេល​ប្រាំពីរ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ​រហូត​ដល់​ថ្ងៃ​រៀបការ !

ព្រីសស៊ីឡា បាន​សួរ « អូប៊ីម [ មានន័យ​ថា « បងសំឡាញ់ » ជា​ភាសា អ៊ីគប៊ូ ] តើ​បង​មាន​ប្រាក់​ខ្លះ​ដែរ​ឬ​ទេ ? ពេលវេលា​ខ្លី​ណាស់ » ។

ខ្ញុំ​បាន​ឆ្លើយតប​ថា « អត់ទេ ប៉ុន្តែ​បង​មាន​សេចក្តីជំនឿ » ។

នាង​បានសើច ហើយ​និយាយ​ថា « វា​មិន​អី​ទេ ។ ចូរ​យើង​តមអាហារ ហើយ​អធិស្ឋាន ។ ដោយ​ដកស្រង់​ពី នីហ្វៃទី ១ ៣:៧ គាត់​បាន​បន្ត​ថា « ព្រះអម្ចាស់​នឹង​បើក​ផ្លូវ​មួយ​សម្រាប់​យើង ដោយសារ​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​រៀបការ » ។

នៅ​អំឡុង​សប្តាហ៍​នោះ ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ការងារ​ខ្ញុំ ដែល​ខ្ញុំ​បាន​ធ្វើ​ជា​ច្រើន​ខែ​មុន ។ ក្រោយ​មក ព្រីសស៊ីឡា បាន​ប្រាប់​ខ្ញុំ​ថា នាង​ចង់​ចាប់ផ្តើម​ជំនួញ​មួយ​ដើម្បី​បង្កើន​ប្រាក់​ឲ្យ​ច្រើន​ឡើង ។ ជាមួយ​ប្រាក់​ដែល​ខ្ញុំ​រកបាន នោះ​នាង​បាន​ទិញ​កាបូប​ស្ត្រី​យូរ​ដៃជជុះមក​លក់ ។ បន្ទាប់ពី​ទិញ​ឥវ៉ាន់​បាន​មួយ​ចំនួ​ន​ដែល​មាន​នៅក្នុង​បញ្ជី​ដែល​ត្រូវ​ទិញ​ហើយ​នោះ នាង​នៅ​តែ​មាន​ប្រាក់​ទ្វេ​ដង​ជាងពេល​ដែល​ខ្ញុំ​បាន​ឲ្យ​ទៅនាង ។

អំឡុង​គ្រា​នេះ ខ្ញុំ​គ្មាន​ការងារ​ធ្វើ​ឡើយ ។ គ្រប់​ការងារ​ដែល​បាន​សន្យា​នោះ​បាន​បរាជ័យ​ទាំងស្រុង ។ យើង​នៅសល់​ពីរ​សប្តាហ៍ទៀត ហើយ​នៅតែ​មាន​ឥវ៉ាន់​ដែ​លយើង​ត្រូវទិញ ។ គូដណ្តឹង​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា កាលបរិច្ឆេទ​នោះ​នឹង​ត្រូវ​ពន្យារ​ទៀត ។ អ្វី​ដែល​ខ្ញុំ​និយាយ​នោះ​គឺ « អព្ភូតហេតុកំពុងតែកើតមានឡើង » ។

ពីរថ្ងៃ​ពីមុន​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​យើង អព្ភូតហេតុបានកើតឡើង ៖ ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ពីជាងពីរ​សប្តាហ៍​មុន ។ ខ្ញុំ​ក៏​បាន​រៀន​ផងដែរថា ជាមួយ​នឹង​សេចក្តីជំនឿ និង​ការខិតខំ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ដ៏​សុចរិត​របស់​យើង ។

យើង​បាន​ទៅ​ធនាគារ​ដើម្បី​ប្តូរយក​ប្រាក់ចេញ​ពី​មូលប្បទានប័ត្រ ហើយ​ចេញ​ពីធនាគារ​ទៅ​ផ្សារ​ទិញ​ឥវ៉ាន់​ទាំងប៉ុន្មាន​ដែល​យើង​មិនទាន់​បាន​ទិញ​ចំនឹងពេលភ្លៀងយ៉ាងខ្លាំង ដែល​យើង​ចាត់​ទុកថា​ជា​ការយល់​ព្រម​ពី​សួគ៌ា​​ចំពោះទង្វើ​នៃ​សេចក្តីជំនឿ​របស់​យើង ។

មិន​ដល់ ២៤ ម៉ោង​ក្រោយ​មក ពួកយើង​បាន​រៀបការ ។ នៅពេល​យើង​ត្រូវបានស្នើសុំ​ឲ្យ​ប្តូរ​ពាក្យសច្ចានឹងគ្នា អារម្មណ៍​នោះ​គឺ​ជាអារម្មណ៍​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មា​ន​នៅ​ក្នុង​ជីវិត​ខ្ញុំ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ជោគជ័យ​ថា ខ្ញុំ​បាន​ជឿ​ថា ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ទាំងអស់​បាន​តាមរយៈ​សេចក្តីជំនឿ​ចាប់តាំង​ពីពេល​នោះ​មក ។ ក្រោយ​មក​យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា ។

ទោះបី​អ្នក​ត្រូវការ​ប្រាក់ មួយ​ចំនួន ដើម្បី​រៀបចំ​អាពាហ៍ពិពាហ៍​ក្តី រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវការ​នោះ​គឺ​សេចក្តីជំនឿ ។