ទីបំផុតបានទៅដល់ព្រះវិហារបរិសុទ្ធ
ការរស់នៅលើកោះតូចមួយនៅប្រទេសការីប៊ីន ធ្វើឲ្យការទៅព្រះវិហារបរិសុទ្ធហាក់ដូចជារឿងដែលពុំអាចកើតឡើងបានឡើយ ។
អ្នកនិពន្ធរស់នៅបាបាដូស ។
កាលពីពីរបីឆ្នាំមុន ខ្ញុំពុំធ្លាប់ឮអំពីព្រះវិហារបរិសុទ្ធទេ ។ បន្ទាប់ពីស្គាល់ព្រះវិហារបានជិតបីឆ្នាំកន្លងមក ព្រះវិហារបរិសុទ្ធនៅតែហាក់ដូចជាអ្វីមួយដែលគ្រាន់តែជាការស្រមើរស្រមៃដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្កើតឡើងតែប៉ុណ្ណោះ ។ នៅលើកោះតូចក្នុងតំបន់ការីប៊ីននៃទីក្រុងបាបាដូស គំនិតអំពីព្រះវិហារបរិសុទ្ធនៅលើផែនដី ហាក់បីដូចជាវាគឺរឿងនិទានវេទមន្តមួយដែលល្អស្តាប់ប៉ុណ្ណោះ ។ ប្រសិនបើព្រះវិហារបរិសុទ្ធអស្ចារ្យមែននោះ ហេតុអ្វីគ្មានព្រះវិហារបរិសុទ្ធមួយនៅបាបាដូសដូច្នេះ ?
មួយឆ្នាំបន្ទាប់ពីចូលជាសមាជិកសាសនាចក្រមក ទីបំផុតខ្ញុំបានយល់កាន់តែច្បាស់អំពីតួនាទីរបស់ព្រះវិហារបរិសុទ្ធនៅក្នុងជីវិតយើង ក្នុងនាមជាសមាជិកសាសនាចក្រពិតរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំប្រាថ្នាចង់ទៅព្រះវិហារបរិសុទ្ធដែលនៅជិតជាងគេបំផុតនឹងកោះតូចៗរបស់ខ្ញុំខ្លាំងណាស់—គឺព្រះវិហារបរិសុទ្ធ សាន់ដូម៉ាំងសាធារណរដ្ឋ ដូមីនីក ។
ឧបគ្គស និងការរៀបចំ
តម្លៃសំបុត្រយន្តហោះទៅកាន់សាធារណៈរដ្ឋដូមីនីក ថ្លៃជាងប្រាក់ដែលខ្ញុំមានបន្តិចបន្តួចនៅក្នុងគណនីធនាគាររបស់ខ្ញុំទៅទៀត ។ ឧបសគ្គកើតឡើងបន្តបន្ទាប់ ហាក់ដូចជាជម្រុញឲ្យខ្ញុំមានអារម្មណ៍ថា គោលដៅទៅព្រះវិហារបរិសុទ្ធគឺពុំអាចធ្វើបានទេ ។ ប៉ុន្តែខ្ញុំបានធ្វើវាជាទម្លាប់មួយ ដោយមិនភ្លេចសម្ដីប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ថា ៖ « ចូរមានព្រះវិហារបរិសុទ្ធនៅក្នុងចិត្តរបស់អ្នកជានិច្ច ។ ចូរកុំធ្វើអ្វីដែលនឹងរារាំងអ្នកមិនឲ្យចូលព្រះវិហារបរិសុទ្ធ ហើយទទួលទាននូវពរជ័យដ៏ពិសិដ្ឋ និងអស់កល្បជានិច្ចនៅទីនោះនោះឡើយ » ( « The Holy Temple—a Beacon to the World » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ) ។
អំណរមួយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតនេះគឺអំណរដែលកើតមកពីព្រះវិហារបរិសុទ្ធ ។ ការស្តាប់ឮពួកអ្នកផ្សព្វផ្សាយសាសនានិយាយអំពីអំណរ និងវិញ្ញាណនៃភាពសុខសាន្តដ៏ច្រើនលើសលុបដែលពួកគេបានមានជានិច្ច ពេលពួកគេទៅព្រះវិហារបរិសុទ្ធ វាតែងតែធ្វើឲ្យខ្ញុំមានចិត្តច្រណែនបន្តិចបន្តួច ដោយសារទោះបីខ្ញុំបន្តតាំងចិត្តចំពោះសេចក្តីសញ្ញាខ្ញុំក្តី ក៏ខ្ញុំគ្មានសំណាងដូចពួកគេដែរ ព្រោះខ្ញុំពុំទាំងអាចដើរ ឬបើកបរទៅព្រះវិហារបរិសុទ្ធដែលជិតបំផុតនោះបានផង ។ ដោយសារព្រះវិហារបរិសុទ្ធ សាធារណៈរដ្ឋដូមីនីក នៅឆ្ងាយ វាហាក់ដូចជាខ្ញុំពុំអាចទទួលពរជ័យដែលកំពុងរង់ចាំខ្ញុំនោះបានទេ ។
នៅពេលដែលខ្ញុំបានបោះបង់ក្តីសង្ឃឹមទាំងអស់របស់ខ្ញុំដើម្បីទៅព្រះវិហារបរិសុទ្ធ នោះស្រាប់តែមានការធ្វើដំណើរមួយរបស់ពួកយុវមជ្ឈិមវ័យនៅបេសកកម្ម បាបាដូស ប្រ៊ីចថោន ទៅសាធារណរដ្ឋដូមីនីក ដែលបានធ្វើឲ្យក្តីសុបិនរបស់ខ្ញុំដើម្បីទៅព្រះវិហារបរិសុទ្ធក្លាយជាការពិត ។ ការរៀបចំគឺជាគន្លឹះ ។ ការចូលព្រះវិហារបរិសុទ្ធគឺពុំមែនជារឿងតូចតាច ឬមិនសំខាន់នោះទេ ដូច្នេះនៅដើមឆ្នាំនោះ ខ្ញុំបានខិតខំសម្របខ្លួនដើម្បីបង្កើនជីវភាពខាងវិញ្ញាណរបស់ខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំបានទទួលទានសាក្រាម៉ង់កាន់តែយកចិត្តទុកដាក់ឡើង ខ្ញុំបានចាប់ផ្តើមយកចិត្តទុកដាក់ខ្លាំងអំឡុងពេលប្រជុំសាក្រាម៉ង់ ខ្ញុំបានថ្លែងទីបន្ទាល់របស់ខ្ញុំ នៅពេលណាដែលខ្ញុំមានឱកាស ហើយខ្ញុំបានបញ្ឈប់មិនឲ្យឧបករណ៍អេឡិចត្រូនិចរំខានខ្ញុំទៀត ហើយខ្ញុំបានសម្រេចចិត្តចំណាយពេលវេលារបស់ខ្ញុំនៅព្រះវិហារ ដើម្បីស្វែងរករបៀបទទួលអារម្មណ៍ពីព្រះវិញ្ញាណកាន់តែច្រើនថែមទៀត ។
ទីបំផុត…
ការរៀបចំខាងវិញ្ញាណ និងភាពស័ក្តិសមពីមុនចូលព្រះវិហារបរិសុទ្ធ ដើម្បីប្រាកដថា យើងនឹងទទួលពរជ័យដែលព្រះវរបិតាសួគ៌បានរៀបចំសម្រាប់យើង ។ បន្ទាប់ពីការលំបាក ការសាកល្បង អស់រយៈពេលជាច្រើនខែ ព្រមទាំងលោកយាយជាទីស្រឡាញ់របស់ខ្ញុំបានទទួលមរណភាពទៀត នោះ គ្មានពាក្យណាអាចនឹងថ្លែងពីអារម្មណ៍ដែលខ្ញុំមាន ពេលខ្ញុំឈានជើងចូលបរិវេណនៃព្រះវិហារបរិសុទ្ធសាធារណរដ្ឋដូមីនីកបានឡើយ ។ ពេលខ្ញុំឈរនៅទីនោះទាំងទឹកភ្នែក នោះខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណ ដែលខ្ញុំពុំធ្លាប់ទទួលបានពីមុន ។
អំឡុងពេលទៅព្រះវិហារបរិសុទ្ធជាច្រើនដង នៅក្នុងការធ្វើដំណើរនោះ ខ្ញុំតែងតែបើកព្រះគម្ពីរមរមនរបស់ខ្ញុំទៅកាន់ខគម្ពីរពិសេសមួយ ។ វាជាខគម្ពីរមួយដែលខ្ញុំអានវាជារឿយៗឲ្យលោកយាយខ្ញុំស្តាប់ ទោះបីគាត់ពុំមែនជាសមាជិកសាសនាចក្រពីមុនគាត់មរណភាពក្តី ។ វាដកស្រង់ចេញពី នីហ្វៃទី១ ៣:៧ ដែលចែងថា « ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅឪពុកខ្ញុំថា ៖ ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ។
ខ្ញុំដឹងយ៉ាងជាក់ច្បាស់ថា ព្រះវរបិតាសួគ៌បានរៀបចំផ្លូវមួយឲ្យខ្ញុំ ដើម្បីមកដល់ព្រះវិហារបរិសុទ្ធ ហើយនោះគឺដោយសារអន្តរាគមន៍ដ៏ទេវភាពរបស់ទ្រង់ ដែលទីបំផុតខ្ញុំអាចទៅកាន់ទីនោះបាន ។ កន្លែងណាដែលមានការប្រឆាំង ឬថ្មជំពប់ដួលនៅលើផ្លូវរបស់យើង នោះព្រះវរបិតាសួគ៌នឹងរៀបចំផ្លូវឲ្យយើងបន្តបោះជំហានទៅមុខ ទោះបីជាផ្លូវរបស់យើងហាក់ដូចជាលំបាកក្តី ។ ព្រះវិហារបរិសុទ្ធគឺពិតជាកន្លែងពិសិដ្ឋ ជាកន្លែងដែលយើងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់យើងនៅលើផែនដីនេះ ។