ឆ្នាំ ២០១៩
ការរង់ចាំ​ទទួល​ពរជ័យ​ក្នុង​ជីវិត
ខែ មិថុនា ឆ្នាំ ២០១៩


ការរង់ចាំ​ទទួល​ពរជ័យ​ក្នុង​ជីវិត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

ការមាន​បទពិសោធន៍​នៃ​ការរលូត​កូន​ពីមួយ​ទៅ​មួយ​ទៀត ធ្វើ​​ឲ្យ​ខ្ញុំ​មានអារម្មណ៍រងទុក្ខជាបន្តបន្ទាប់​ក្នុង​ជីវិត​ខ្ញុំ ប៉ុន្តែពេល​ខ្ញុំ​បង្វែរ​វា​ទៅ​កាន់​ព្រះអម្ចាស់ នោះ​ខ្ញុំ​ឃើញ​ថា ការបាត់បង់​កូន​ម្នាក់ៗ គឺ​មាន​មក​ជាមួយ​នូវ​ភាព​សុខសាន្ត ទស្សនវិស័យ និង​ភាព​រីកចម្រើន ។

woman standing on tree-lined road

ម្រាម​ដៃ​ខ្ញុំ​បាន​កាន់​ចង្កូត​ឡាន ពេល​ខ្ញុំ​សម្លឹង​មើល​ភ្លើង​ក្រហម​មិន​ដាក់​ភ្នែក​ដោយ​អន្ទះសារ ។ ទីបំផុត ពេលភ្លើង​នោះ​បាន​ប្តូរ​ទៅ​ពណ៌​បៃតង ខ្ញុំ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ ដើម្បី​គ្រាន់តែ​រង់ចាំ​ភ្លើង​ស្តុប​មួយ​ផ្សេង​ទៀត​ដែល​ហាក់​ដូច​ជាមាន​ពណ៌ក្រហម​រហូត ។ ខ្ញុំ​ត្រូវចំណាយ​ពេល ១០ នាទី​ទៀត​ដើម្បី​ទៅដល់​កន្លែង​ដែល​ត្រូវរៀន​ជាមួយ​ស៊ីស្ទើរ​ដែល​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដែល​ការបង្រៀ​ននោះ​គួរតែ​ចាប់ផ្តើមតាំង​ពី ៥ នាទី​មុន ។ ប្រសិនបើ​ខ្ញុំ​ជា​ម្តាយ​ដែល​មាន​ភាពវៃឆ្លាត នោះ​ខ្ញុំ​ទាយថា​នឹង​មាន​កំហឹងរយៈពេល ១៥ នាទីមក​ពី​កូនស្រី​អាយុ​ជិត​បី​ឆ្នាំ​របស់​ខ្ញុំ ពេល​យើង​ចាកចេញពី​ផ្ទះ ប៉ុន្តែ​ខ្ញុំ​ពុំ​មែន​ជា​ម្ដាយ​វៃ​ឆ្លាត​ទេ ។ មែន​ហើយ គ្មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ឡើយ ប្រសិនបើ​ខ្ញុំ​ទៅ​យឺត​នោះ ប៉ុន្តែ​ដោយសារ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ល្អៗ​នោះ តើ​ខ្ញុំ​ពុំ​ស័ក្តិសម​នឹង​ទទួល​បាន​អ្វី​ដែល​ល្អឬ សូម្បីតែឲ្យ​ភ្លើង​ស្តុប ដំណើរការ តាម​ចិត្ត​ខ្ញុំ​ចង់​បានមិន​បាន​ទេ​ឬ ? ពេល​ខ្ញុំ​រង់ចាំ​ភ្លើង​ស្តុប​មួយ​ទៀត​ទាំងអន្ទះសារ នោះ​ខ្ញុំ​អាច​ទទួលអារម្មណ៍​នៃ​ភាពស្មុគស្មាញ​របស់​ខ្ញុំ​ក្តៅឆួល​ឲ្យ​មាន​កំហឹង​ឡើង ។ « ខ្ញុំ​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ល្អៗ​ហើយ ខ្ញុំ​ព្យាយាម​អស់​ពី​សមត្ថភាព​ខ្ញុំ​ហើយ ! តើ​ជំនួយ​ដែល​ខ្ញុំ​ត្រូវការ​នោះ​នៅ​ឯណា​ទៅ ? »

កាល​ពី​ម្ភៃ​ខែមុន ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​សួរ​សំណួរ​ស្រដៀង​គ្នា​នេះ​នៅក្នុង​ស្ថានភាព​ស្រដៀង​គ្នា​មួយ គ្រាន់តែវា​នៅក្នុង​កន្លែង​មួយ​ដែល​ខ្ញុំ​នៅ​ខ្វះ​ភាពសុខសាន្ត និង​ស្ងប់ស្ងាត់ ។

នៅក្នុង​ព្រៃ​ពិសិដ្ឋនៅ​ទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ស្លឹក​ឈើ​ទើបតែ​នឹង​ចេញពន្លក​នៅលើ​មែក​ឈើ​ពណ៌ត្នោត​នៅជុំវិញ​ខ្ញុំ ។ រុក្ខជាតិ​តូចៗថ្មី​ពណ៌​បៃតង​ដែល​ដុះពាសពេញ​ដី​ហាក់ដូចជា​ដក​ដង្ហើម​ជីវិត​ចេញ​ទៅក្នុង​អាកាស ។ ខ្ញុំ​ឮ​តែ​សំឡេង​ស្លឹកឈើ​ត្រូវ​ខ្យល់​ស្រទន់ ការដើរ​កម្សាន្ត និង​សម្រឹបជើង​របស់​ខ្ញុំ​ប៉ុណ្ណោះ—គ្មាន​ឡាន គ្មាន​ផ្លូវ គ្មាន​សំឡេង​សន្ទនា​គ្នា​ឮៗ​ឡើយ ។ ប៉ុន្តែ​ទោះបីជាមាន​ភាពស្ងប់ស្ងាត់​ក្តី ចិត្ត​ខ្ញុំបាន​ពោរពេញ​ទៅដោយ​សំណួរ និង​ភាព​មិន​ប្រាកដ​ប្រជា ។ ស្វាមី​ខ្ញុំ​ឡែន និង​ខ្ញុំ បាន​រង់ចាំ​យ៉ាង​លំបាក​អស់ពេល ៧២ ម៉ោង ដើម្បី​ចាំស្តាប់​វេជ្ជបណ្ឌិត​របស់​ខ្ញុំ​ទូរសព្ទ​ប្រាប់​ពី​លទ្ធផល​នៃ​ការពិនិត្យ​អេកូ និង​តេស្ត​ឈាម​នៅ​នាទី​ចុងក្រោយ ។ ខ្ញុំចង់ទទួល​បាន​ចម្លើយ និង​ការលួងចិត្ត​យ៉ាង​ខ្លាំង ។

ការទទួល​ការលួងលោម

« ព្រះអម្ចាស់​ទ្រង់បាន​យាង​មក​រក​គេ​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ ហើយមាន​ព្រះបន្ទូល​ទៅ​គេ​ថា ៖ ចូរ​ក្សាន្ដ​ចិត្ត​ចុះ ។ ហើយ​ពួកគេ​ក៏​បាន​ក្សាន្ដ​ចិត្ត​ទៅ » ( អាលម៉ា ១៧:១០ ) ។

ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បាន​សម្លឹង​មើលរង​ផ្កា​ដែល​នៅរស់​ក្នុង​រដូវ​រងារ នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ប៉ាលម៉ៃរ៉ា នូវ យ៉ោក ។ ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​សំណួរ​ដែល​ខ្ញុំ​បាន​គិត​អំពី​វា ៖ « ប្រសិនបើ​ខ្ញុំ​រលូត​កូន​នេះ តើ​បន្ទាប់​ទៀត​មាន​អ្វី​កើត​ឡើង​ទៅ ? ហេតុអ្វី ? » ពេល​ខ្យល់​នៃ​រដូវ​ផ្ការីក​បក់​ជុំវិញ​ខ្ញុំ ព្រះអម្ចាស់​បាន​មាន​បន្ទូល​លួងលោម​មក​ក្នុង​ចិត្តខ្ញុំ ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ។ ខ្ញុំ​លែង​ត្រូវការ​វេជ្ជបណ្ឌិត​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ទៀត​ហើយ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​រលូត​កូន​នេះ ប៉ុន្តែ​រំពេច​នោះ ខ្ញុំ​បាន​យល់​ថា ព្រលឹង​ដ៏​តូច​នេះ​គឺ​នៅក្នុង​ព្រះហស្តល្អ​ឥតខ្ចោះ ព្រះហស្ត​ពោរពេញ​ដោយ​ក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។ ភ្លាមនោះ ភាពអស់សង្ឃឹម​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ បាន​ជំនួស​ដោយ​ភាពសុខសាន្ត​ដែល​បាន​បញ្ជាក់​​គាំទ្រ​ខ្ញុំពេញប៉ុន្មាន​សប្តាហ៍ និង​ខែ​ក្រោយ​មក ។

ការ​រង់ចាំ​ពន្លឺ​ពណ៌​បៃតង

« ខ្ញុំ​អរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​យាងមក​រក​ខ្ញុំ​តាម​វិធី​ជាច្រើន​ជាមួយ​ព្រះដ៏ជាជំនួយ ពេល​ខ្ញុំ​ត្រូវការ​ភាពសុខសាន្ដ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​របស់​យើង​ពុំ​ខ្វល់​ព្រះទ័យ​តែ​អំពី​ការក្សាន្ដ​ចិត្ត​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ខ្វល់​ព្រះទ័យកាន់តែ​ខ្លាំង​អំ​ពីការ​រីកចម្រើន​ឡើង​របស់​យើង » ។ —ប្រធាន ហិនរី ប៊ី អាវរិង

បីបួន​ថ្ងៃ​បន្ទាប់​ពី​ទៅ​លេងទីក្រុង​ប៉ាល់ម៉ៃរ៉ា ខ្ញុំ​បាន​រលូត​កូន​ដែល​ធ្វើ​ឲ្យចិត្ត​ខ្ទេចខ្ទាំ​ជា​ខ្លាំង ។ ទោះបីជា​អារម្មណ៍​នៃ​ភាពសុខសាន្ត​បាន​បន្ត​គាំទ្រ​ខ្ញុំ​ក្តី ខ្ញុំ​មាន​អារម្មណ៍​ថា ទន់​ខ្សោយ​ទាំង​ផ្នែក​រាងកាយ និង​អារម្មណ៍ ដោយសារ​ការបាត់បង់ និង​ការពុំ​បាន​រៀបចំ​សម្រាប់​ការរង់ចាំ​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​ទៀត ។ ដំបូង​ខ្ញុំ​បាន​រង់ចាំ​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍ ដែល​បាន​បង្ហាញ​ថា វា​ជាការមាន​ផ្ទៃពោះ​កម្រកើត​មាន​មួយ ជាការមាន​ផ្ទៃពោះ​កូនពង ។ បន្ទាប់​មក ខ្ញុំ​រង់ចាំ​តេស្ត​ឈាម​ប្រចាំសប្តាហ៍ ពីរ​សប្តាហ៍​ម្តង ហើយ​ទីបំផុត​ប្រចាំ​ខែ ដើម្បី​ប្រាកដ​ថា គ្មាន​សញ្ញា​នៃ​មហារីក​ទេ ។ ទោះបី​ជា​រង់ចាំ​អស់​ពេល​ជា​ច្រើន​ខែ​ក្តី ឡែន និង​ខ្ញុំ​អាច​ឃើញ​ជំនួយ​ពី​ព្រះអម្ចាស់​យ៉ាងងាយ ក្នុងការ​លួងលោម និង​អះអាង​ដល់​យើង​នៅអំឡុង​គ្រា​នោះ ។ ការមាន​ផ្ទៃពោះ​ពង​កូន​ពុំ​មាន​ឥទ្ធិពល​យូរ​អង្វែង​ឡើយ ហើយ​បន្ទាប់​ពី​ប្រាំមួយ​ខែ​បន្ទាប់​មក​ទៀត វេជ្ជបណ្ឌិត​របស់​ខ្ញុំ​បាន​និយាយ​ថា យើង​អាច​ព្យាយាម​យក​កូន​មួយ​ទៀត​បាន ។ ខ្ញុំ​បាន​ត្រឡប់​មក​លើ​ផ្លូវ​នៃ​ភាព​រីកចម្រើន​ក្នុង​ជីវិត​ខ្ញុំ ទីបំផុត​ភ្លើង​បាន​ដូរ​ពី​ពណ៌​ក្រហម​ទៅ​ជា​ពណ៌​បៃតង​វិញ ។

ប៉ុន្តែ​គ្រាន់តែ​បី​ខែ និង​តេស្ត​ឈាម​បីបួន​ដង​មក ខ្ញុំ​បាន​រលូត​កូនម្តង​ទៀត—លើក​នេះ​វា​កើត​ឡើងតែ​មួយ​សប្តាហ៍​មុន​បុណ្យ​គ្រីស្ទម៉ាស់​ប៉ុណ្ណោះ ។ បី​ខែ​ទៀត​បាន​កន្លង​ផុត​ទៅ ហើយ​ក្តីសង្ឃឹម​របស់​ខ្ញុំ​បាន​មាន​ឡើង​វិញ បន្ទាប់​ពីធ្វើតេស្តថា ខ្ញុំ​មាន​ផ្ទៃពោះ​ម្តង​ទៀត តែ​មួយ​សប្តាហ៍​ក្រោយ​មក​ខ្ញុំ​បាន​រលូត​កូន​ទៀត—ជាភ្លើង​ស្តុប​ម្តង​ទៀត ។

ការដាក់​សេចក្តីជំនឿ​ទៅ​នឹង​ការសាកល្បង

« ទោះ​ជាយើង​មាន​ជំនឿ​រឹងមាំ​ក្ដី ក៏មាន​ភ្នំ​ជាច្រើន​នឹង​ពុំ​រំកិល​ចេញ​ដែរ ។ … ប្រសិនបើ​រាល់​ការ​ផ្ទុយ​ទាំងអស់ ត្រូវ​បាន​កាត់បន្ថយ ប្រសិនបើ​រាល់ការ​ឈឺចាប់​ត្រូវ​បាន​ដកចេញ នោះ​គោលបំណង​សំខាន់​នៃ​ផែនការ​របស់ព្រះវរបិតា នឹង​ត្រូវ​បំផ្លាញ​ហើយ » ។ —អែលឌើរ ដាវីឌ អេ បែដណា

ខ្ញុំ​បាន​មាន​ផ្ទៃពោះ​ម្តង​ទៀត ហើយ​ថ្ងៃ​កំណត់​ឆ្លង​ទន្លេ​របស់​ខ្ញុំ​គឺ​គៀក​នឹង​បុណ្យគ្រីស្ទម៉ាស់បន្ទាប់ ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​នឹង​ការមាន​ផ្ទៃពោះ​លើក​នេះ ។ យើង​បាន​ឃើញ​ចង្វាក់​បេះដូង​កូននៅ​លើក​ដំបូង​នៃ​ការពិនិត្យ​អេកូ ហើយ​បាន​ដឹង​ថា សមាជិក​គ្រួសារ​យើង​បាន​អធិស្ឋាន​សម្រាប់យើង ។ អំឡុងពេល​យើង​អង្គុយ​នៅក្នុង​វគ្គ​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធនា​ថ្ងៃ​មួយ ខ្ញុំ​បាន​មាន​គំនិត​ប្លែក​ជាច្រើន ៖ « ប្រសិនបើ​ខ្ញុំ​នឹង​រលូត​កូននេះ តើ​សេចក្តីជំនឿ​របស់​ខ្ញុំ​នឹង​បន្ត​រឹងមាំ​ដែរ​ឬទេ ? ប្រាកដ​ណាស់ សេចក្តីជំនឿ​ខ្ញុំ​នៅតែ​រឹងមាំ ។ ប៉ុន្តែ​ប្រាកដណាស់ ខ្ញុំ​ពុំ​រលូត​កូន​ទៀត​ឡើយ ដោយសារ​លើក​នេះ ខ្ញុំ​បាន​ត្រៀម​ទទួល​យក​ព្រះទ័យ​របស់​ព្រះអម្ចាស់​ទោះវា​ជាអ្វី​ក៏ដោយ » ។

ទោះបីខ្ញុំ​មាន​ឥរិយាបថ​វិជ្ជមានក្តី បីបួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ឃើញ​រោគសញ្ញា​រលូត ខ្ញុំ​បាន​ទៅ​ពិនិត្យ​អេកូ ហើយ​បាន​ចាប់ផ្តើម​ដំណើរការ​នៃ​ឈឺចាប់​ដែល​ខ្ញុំ​បាន​ធ្លាប់​ទទួលទាំងអស់ ។ សេចក្ដី​ជំនឿ​ពុំ​បាន​រឹងមាំ​ដូច​ខ្ញុំ​បាន​រំពឹង​ទុក​ឡើយ ។ ចម្លើយ​ដែល​គាំទ្រ​ខ្ញុំ​កាល​ពី​ការរលូតកូន​ពីមុនៗ​របស់​ខ្ញុំ​ហាក់ដូចជាពុំ​គ្រាប់គ្រាន់​ឡើយ ។ ការបាក់​ទឹកចិត្ត​បាន​មាន​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខូចចិត្ត ទទេ​ស្អាត ហើយ​ត្រូវគេ​ក្បត់​ទៀតផង ។ ស្វាមី​ខ្ញុំ និង​ខ្ញុំ​ពុំមែន​ជា​មនុស្ស​តែ​មួយ​គត់​ដែល​រង់ចាំ​ព្រះអម្ចាស់​ឡើយ ជារឿយៗកូនស្រី​របស់​យើង​បាន​ប្រាប់យើង​ថា គាត់​ចង់​បាន​ប្អូនប្រុស ឬ​ប្អូន​ស្រី​ម្នាក់​ខ្លាំង​ណាស់ ។ យើង​ក៏​ឈឺចិត្ត​ជំនួស​នាង ។ ពេល​ខ្ញុំ​បង្វែរ​អារម្មណ៍​ទន់ខ្សោយ​នោះ​ថ្វាយ​ទៅ​ព្រះអម្ចាស់​ក្នុងការអធិស្ឋាន​ដ៏​ស្មោះសរ នោះ​ខ្ញុំ​បាន​ទទួល​សាក្សី​យ៉ាង​ច្បាស់ម្តង​ទៀត​ថា ព្រះវរបិតាសួគ៌​ជ្រាបដឹង​ពី​ការឈឺចាប់ និង​កាលៈទេសៈ​របស់​ខ្ញុំ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ទោះបី​កាលៈទេសៈ​របស់​ខ្ញុំ​នៅ​ដដែល​ក្តី បទពិសោធន៍​ដ៏​ផ្អែមល្ហែម និង​សាមញ្ញ​ប្រកប​ដោយ​អព្ភូតហេតុ​នេះ បានសម្រាល​បន្ទុក​ដែល​ខ្ញុំ​មាន ហើយ​ផ្តល់​លទ្ធភាព​ឲ្យ​ខ្ញុំ​ដោះស្រាយ ហើយ​មាន​អារម្មណ៍​រីករាយ ពេល​ខ្ញុំ​បាន​បន្ត​ហែលឆ្លង​កាត់​ក្នុង​ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ទោះជាថ្ងៃ​អនាគត​មាន​សភាព​បែបណា​ក្តី ខ្ញុំ​នឹង​មិន​កើត​អ្វីទេ ។

ពេល​ការធ្វើ​តេស្ត​ផ្នែក​ស្សែន​ដែល​គ្មាន​ចម្លើយ​បាន​ត្រឡប់​មក​វិញ​ក្នុង​រយៈពេល​បីបួន​ខែ​ក្រោយ​មក នោះ​យើង​មាន​អារម្មណ៍​ច្របូកច្របល់​ម្តង​ទៀត​អំពី​គោលបំណង​នៃ​ឧបសគ្គ​ទាំង​នេះ​ដែល​កើតឡើង​ក្នុង​ជីវិត​យើង ។ ខ្ញុំ​បាន​ព្យាយាម​អស់ពីលទ្ធភាព​ខ្ញុំ​ដើម្បី​ដាក់​បំណង​ខ្ញុំ​ផ្ទាល់​មួយ​អន្លើរ ហើយ​សម្រប​ឆន្ទៈ​ខ្ញុំ​ជាមួយ​នឹង​ព្រះទ័យ​របស់​អម្ចាស់ ប៉ុន្តែ​អំឡុងពេល​នៃ​គ្រា​លំបាកនេះ ចិត្ត​ខ្ញុំ​បាន​ស្រែក​ឡើង​ថា « តើ​ខ្ញុំគួរតែ​រៀន​អ្វី​ពី​បទពិសោធន៍​នេះ ? ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​កិច្ចការ​ល្អៗ​ហើយ ! តើ​ជំនួយ​ដែល​ខ្ញុំ​ត្រូវការ​នោះ​នៅ​ឯណា​ទៅ ? »

ការផ្លាស់ប្ដូរ​ប្រតិកម្ម​របស់​ខ្ញុំ

couple walking and holding hands

« ការលំបាក​គឺ​ជា រឿង​ដែល​មាន​ជាប់​ជានិច្ច ! យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ ។ អ្វី​ដែល​ប្រែប្រួល គឺជា​ប្រតិកម្ម​យើង​ចំពោះ​ភាពលំបាក​នោះ » ។ —អែលឌើរ ស្ទែនលី ជី អេលីស

ប្រាំបីខែ​បន្ទាប់​ពី​ការរលូតកូន​លើក​ទីបួន​របស់​ខ្ញុំ​មក និង​បីបួន​សប្តាហ៍​បន្ទាប់​ពី​ការបើកឡាន​ទាំង​ថប់​បារម្ភ​ក្នុង​ចិត្ត ​ទៅ​ជួប​ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាមក ខ្ញុំ​បាន​រង់ចាំ​ដោយ​សុខសាន្ត​នៅ​ភ្លើង​ស្តុប​មួយ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​ខ្ញុំ​វិញ ពេល​ចម្លើយ​របស់​ខ្ញុំ​ត្រូវបាន​ឆ្លើយ​តប ។ ពេល​ខ្ញុំ​បាន​មើល​ទៅ​ឡាន​ជាច្រើន​ដែល​ឈប់​នៅជាប់​នឹង​ខ្ញុំ និង​ឡាន​ដែល​បើក​នៅ​មុខ​ឡាន​ខ្ញុំ ខ្ញុំបាន​ទទួល​ទស្សនវិស័យ​អស់កល្ប​មួយ​អំពីជីវិត​ខ្ញុំ ។ ភ្លាមនោះខ្ញុំ​បាន​ដឹង​ថា អ្វីៗ​ទាំងអស់​ដែល​សំខាន់​នៅក្នុង​ជីវិត​ខ្ញុំ​គឺថា ខ្ញុំ​បន្ត​នៅលើ​ផ្លូវ​ដែល​នឹង​នាំ​ខ្ញុំត្រឡប់​ទៅ​ផ្ទះ​សួគ៌ារបស់​ខ្ញុំ​វិញ ។ ការង់ចាំ​នៅ « ភ្លើង​ស្តុប » ប៉ុន្មាន​ដង​ក៏​ដោយ ក៏​វា​មិនប៉ះពាល់​ដល់​ទិសដៅ​របស់ខ្ញុំដែរ ។ ប៉ុន្តែ​របៀប​ដែល​ខ្ញុំ​ឆ្លើយ​តប​ចំពោះ​រឿង​ទាំងនោះទេ​ដែល​វា​ប៉ះពាល់​ដល់​ទិសដៅ​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់ផ្តើម​រីករាយ​នៅ​គ្រប់​ការរង់ចាំ​ពរជ័យនានា​នៅក្នុង​ជីវិត​ខ្ញុំ ទាំង​ការប្រៀបធៀប និង​ពិតប្រាកដ ។ ជំនួស​ឲ្យ​ការ​ខ្ជះខ្ជាយ​ពេលវេលា ឱកាស​នីមួយៗ​តម្រូវ​ឲ្យ​មាន​ភាពអត់ធ្មត់ ហើយ​ទទួល​ទស្សនវិស័យ​ដែល​កើត​មាន​បានតែតាម​រយៈ​ការរង់ចាំ​តែ​ប៉ុណ្ណោះ ។ គឺ​ដូចជា​គ្រប់​ពេល​ដែល​ភ្លើងចរាចរណ៍​ពណ៌​ក្រហម​ត្រូវ​ជាគូ​នឹង​ភ្លើង​ពណ៌បៃតង​នៅក្នុង​ទិសដៅ​ផ្សេង​គ្នា​ក្តី ខ្ញុំបាន​រកឃើញ​ថា គ្រប់​ការរង់ចាំ​ក្នុងជីវិត​របស់ខ្ញុំ បាន​បើក​ឱកាស​សម្រាប់​ភាពរីកចម្រើន គ្រាន់តែ​វា​មិន​ចាំបាច់​តែ​តាម​របៀប​ដែល​ខ្ញុំ​បាន​គ្រោង​ទុក​ដើម្បី​រីកចម្រើនតែ​ប៉ុណ្ណោះ ។ ជាជាង​ការបន្ត​មាន​ការខកចិត្ត ខ្ញុំ​បាន​ចាប់ផ្តើម​រីករាយ​នៅក្នុង​ឱកាស​សម្រាប់ការ​រីកចម្រើន ដែល​គ្រប់​ការផ្លាស់ប្តូរ​ព្រឹត្តិការណ៍​នានា​ដែល​ពុំបាន​រំពឹង​ទុក​បាន​កើត​ឡើង ។

ផ្តោតទៅ​លើ​ព្រះអង្គ​សង្គ្រោះ

« សំណួរ​សំខាន់​មួយ​ដើម្បី​ពិចារណា​នោះ​គឺ ‹ តើ​យើង​ដាក់​សេចក្តីជំនឿ​របស់​យើង​នៅ​ទីណា ? › តើ​សេចក្តីជំនឿ​របស់​យើង​ផ្តោត​ទៅលើ​ការចង់​បាន​ដ៏​ងាយស្រួល ដើម្បី​ឲ្យ​បាន​ធូរស្បើយ​ពី​ការឈឺចាប់ និង​ការរងទុក្ខ ឬ​សេចក្តីជំនឿ​យើង​ផ្តោត​យ៉ាង​រឹងប៉ឹង​លើ​ព្រះ​ជា​ព្រះវរបិតា និង​ផែនការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ និង​លើ​ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដែរ​ឬ​ទេ ? » —អែលឌើរ ដូណល អិល ហលស្ត្រម

រយៈពេល​ពីរ​ឆ្នាំ​ដ៏​យូរ​បន្ទាប់​ពី​ការរលូត​កូន​ដំបូង​របស់​ខ្ញុំ​មក ខ្ញុំ​បាន​ផ្តល់​កំណើត​ដល់​កូន​ប្រុស​ម្នាក់​ដ៏ស្រស់ស្អាត​ដែលមាន​សុខភាពល្អ ។ នៅក្នុង​គ្រា​ដែល​នាំ​ទៅរក​ថ្ងៃ​នៃអំណរ​សម្រាប់​គ្រួសារ​យើង នោះ​ខ្ញុំ​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​បាន​រងទុក្ខ​សម្រាប់​ខ្ញុំ ដើម្បីដកយក​ការរងទុក្ខ​ទាំងអស់​ចេញពីជីវិត​ខ្ញុំ​ឡើយ ។ ផ្ទុយទៅវិញ ទ្រង់​បាន​រងទុក្ខ​ដើម្បី​ខ្ញុំ​អាចត្រូវបាន​ពង្រឹង និង​រីកចម្រើន​ពី​ឧបសគ្គ​ដែល​ខ្ញុំ​ជួប​វិញ ។ ទោះបីជា​ក្នុង​គ្រា​នៃ​ការខូចចិត្ត​ចំពោះការបាត់បង់ និង​រយៈពេល​រង់ចាំ​រាប់ខែ​ដ៏​យូរ​នៅតែ​ចងចាំដោយ​ក្តីឈឺចាប់ក្តី វា​បាន​ក្លាយ​ជា​រតនៈសម្បត្តិ​នៅក្នុង​ជីវិត​ខ្ញុំ ។ នៅក្នុង​គ្រា​ពិសិដ្ឋ​ទាំង​នោះ ខ្ញុំ​បាន​យល់​ច្បាស់​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ជ្រាបពី​ការរងទុក្ខ​នីមួយៗ​របស់​ខ្ញុំ ។ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​តាមរបៀប​មួយ ដែល​ខ្ញុំ​មាន​តែ​បុគ្គល​ម្នាក់​ដែល​ដឹង​ពី​ក្តីទុក្ខ​ផ្ទាល់​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​ខ្ញុំ​បាន ។ ខណៈ​ដែល​ការផ្ទុយ​នៅក្នុង​ជីវិត​យើង​ហាក់ដូចជា​រារាំង​ផែនការ​រីកចម្រើន​របស់យើង នោះ​ព្រះអម្ចាស់​ប្រើការផ្ទុយ​នោះ​ដើម្បីជំរុញ​យើង​ឲ្យ​ឆ្ពោះ​ទៅមុខ​ទៅ​កាន់ទី​ដ៏​ខ្ពស់​ជាង​—ដោយការស្គាល់ និង​ការនៅជាប់​នឹង​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរិង « My Peace I Leave with You » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័ ១៧ ។

  2. ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ២២ ។

  3. ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៣ ។

  4. ដូណល អិល ហលស្ត្រម « តើ​ឈប់​មាន​ថ្ងៃ​នៃ​អព្ភូតហេតុ​ហើយ​ឬ ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩០ ។