ឆ្នាំ ២០១៩
អត្តសញ្ញាណ​អស់កល្បជានិច្ច​របស់​យើង​ក្នុងនាម​ជាឪពុក​ម្តាយ
ខែ មិថុនា ឆ្នាំ ២០១៩


អត្តសញ្ញាណ​អស់កល្បជានិច្ច​របស់​យើង​ក្នុងនាម​ជាឪពុក​ម្តាយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

តាម​រយៈការសន្មត់​នៃបទដ្ឋាន​របស់​លោកិយ នោះ​ខ្ញុំ​ពុំមែន​ជា​ម្តាយ​ម្នាក់​ទេ ប៉ុន្តែ​ព្រះ​ជ្រាប​ដឹង—ហើយ​ខ្ញុំ​ដឹង​ថា​វា​ជា​—អត្តសញ្ញាណ​អស់កល្បជានិច្ច​របស់​ខ្ញុំ ។

ជួនកាល ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​ក្លាយ​ជា​ម្តាយ​ម្នាក់​នៅក្នុង​ជីវិត​នេះ ឬ​ខ្ញុំ​ត្រូវ​រង់ចាំ​ទទួល​ពរជ័យ​ដែល​ព្រះបាន​សន្យា​នេះ​នៅ​ក្នុង​ជីវិត​បន្ទាប់ ។ ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​ពុំ​ធ្លាប់​ត្អូញត្អែរ​ក្នុង​ការនៅ​លីវ​នោះ​ទេ ។ ប៉ុន្តែ​និយាយ​ឲ្យ​ត្រង់​ទៅ មាន​ថ្ងៃ​ខ្លះ​គឺ​វា​ពិបាក​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ។

ប៉ុន្តែ​និយាយ​ឲ្យ​ត្រង់​ទៅ មាន​ថ្ងៃ​ខ្លះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ មាន​ថ្ងៃ​ខ្លះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សុខសាន្ត​​ពី​​ទិសដៅ​ដែល​ខ្ញុំ​កំពុង​ឆ្ពោះ​ទៅ ហើយ​ពោរពេញ​ទៅ​ដោយ​​អ្វីៗ​ដែល​ខ្ញុំ​កំពុង​រៀន ។ ថ្មីៗ​នេះ​អារម្មណ៍​ដ៏​សុខសាន្ត​មួយ ខ្ញុំ​បាន​គិត​ថា ៖ « ហេតុអ្វី​ខ្ញុំមាន​សំណាង​ម៉្លេះ ? ហេតុអ្វី​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​អស្ចារ្យ​ទាំង​អស់​នេះ ? »

ខ្ញុំ​បាន​រកឃើញ​ចម្លើយ​របស់​ខ្ញុំ​នៅក្នុង​ព្រះគម្ពីរ​មរមន ៖ « ព្រះ​ទ្រង់​បាន​ទុកដាក់​មក​លើ​កូន នូវ​វត្ថុ​ទាំង​នេះ​ដែល​ពិសិដ្ឋ ដែល​ទ្រង់​បាន​រក្សាទុក​ឲ្យ​បាន​ពិសិដ្ឋ ហើយ​ដែល​ទ្រង់​នឹង​ថែរក្សា​ទុក​ឲ្យ​បាន​គង់​វង្ស ដើម្បី​ប្រយោជន៍​ដ៏​វាងវៃ​មួយ​ដែល​នៅ​ក្នុង​ទ្រង់ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​ពួក​ជំនាន់​ក្រោយ » ( អាលម៉ា ៣៧:១៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ទោះបី​ជា​ខគម្ពីរ​នោះ​​សរសេរ​អំពី​ផ្ទាំង​លង្ហិន​ក្តី ពាក្យ​ទាំង​នោះ​បាន​បង្រៀន​ខ្ញុំ​នូវ​អ្វី​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​គិត​ដល់​កាល​ពីមុន ។ ព្រះបានប្រទានដល់​ខ្ញុំ​នូវ​បទពិសោធន៍​ទាំងនេះ ដើម្បី​ខ្ញុំ​អាច​ផ្តល់​ពរ​ដល់​ជំនាន់​ក្រោយ ។ ដូច្នេះ​ខ្ញុំ​អាច​ជួយ​កូនៗ​ខ្ញុំ​នា​ពេល​អនាគត និង​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ដើម្បី​ស្គាល់​ទ្រង់ ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​​​ បាន​ពន្យល់​ថា « ទោះ​ជា​ស្ថានភាព​បងប្អូន​បែប​ណា​ក្ដី ក៏​បងប្អូន​គឺជា​ផ្នែក​មួយ—ផ្នែក​មួយ​ដ៏​សំខាន់—នៃ​គ្រួសារ​របស់​ព្រះ និង​គ្រួសារ​របស់​បងប្អូន​ផ្ទាល់​ដែរ មិន​ថា​នា​ពេល​អនាគត នៅ​ក្នុង​ពិភពលោក​នេះ ឬ​ក្នុង​ពិភព​វិញ្ញាណ​នោះ​ទេ ។ ព្រះ​ទុក​ព្រះទ័យ​ឲ្យ​បងប្អូន​ចិញ្ចឹម​បីបាច់​សមាជិក​គ្រួសារ​របស់​ទ្រង់ និង​របស់​បងប្អូន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ប្រើ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។

ជ្រើសរើស​ដើម្បី​រៀបចំ​​

ថ្ងៃ​ណា​មួយ ខ្ញុំ​ចង់​នៅ​ជាមួយ​ដៃគូ​អស់កល្ប​របស់​ខ្ញុំ និង​កូនៗ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ។ វា​ហាក់ដូចជា​​ខ្ញុំ​ដឹង​ថា ខ្ញុំ​នៅតែ​ពុំ​ទាន់​បាន​ជួប​​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ប្រាថ្នា​​ចង់​ផ្តល់​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​ដល់​ពួកគេ ។

ប៉ុន្តែ​ការពិត​នោះ​គឺ​ថា ទោះបី​ពួកគេ​ពុំ​នៅទីនេះ​ក្តី ហើយ​ទោះបី​វា​ហាក់ដូចជា​សុបិន​ដ៏​នៅ​សែន​ឆ្ងាយ​ក្តី ខ្ញុំ​​អាច​ជ្រើសរើស​ក្នុង​ពេល​នេះ​ដើម្បី​ពួកគេ ។

ប្រធាន​អាវរិង​ក៏​បាន​ចែកចាយ​​ពី​រឿង​មួយ កាល​លោក​ជា​ប៊ីស្សព ហើយ​យុវជន​ម្នាក់​បាន​ចូល​មក​កាន់​ការិយាល័យ​របស់​លោក ។ យុវជននោះបាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ​មួយ​ចំនួន​ ប៉ុន្តែ​គាត់​ចង់​ផ្លាស់ប្តូរ ។ គាត់​ចង់​ឲ្យ​កូនៗ​នាពេល​អនាគតរបស់​គាត់​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឪពុក​ម្នាក់​ដែល​ប្រើប្រាស់​បព្វជិតភាព​របស់​ខ្លួន ។ គាត់​​មាន​ចិត្ត​ពុះពារ​ឆ្លង​កាត់​ដំណើរ​ការ​នៃ​ការប្រែចិត្ត ដើម្បី​ផ្តល់​អំណោយ​នោះ​ដល់​កូនៗ​របស់​គាត់ ។

ប្រធាន​អាវរិង​បាន​មាន​ប្រសាសន៍​ថា បុរស​នេះ « មាន​អារម្មណ៍​ដឹង​ពី​តម្រូវការ​របស់​កូនៗ ដែល​គាត់​គ្រាន់តែអាច​ស្រមៃ​ដល់ ហើយ​គាត់​បាន​ផ្តល់​ឲ្យ​យ៉ាង​លឿន និង​ដោយ​សេរី ។ គាត់​បាន​លះបង់​អំនួត​គាត់ និង​អារម្មណ៍ខ្ជិលច្រអូស និង​​ភាពរឹងរូស​របស់​គាត់ ។ ខ្ញុំ​ដឹង​ថា វា​ពុំ​ដូច​ជា​ការលះបង់​ក្នុង​ពេល​នេះ​ទេ » ។

អត្តសញ្ញាណ​របស់​ខ្ញុំ ៖ ម្តាយ​មួយ​រូប

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​រូបថត​របស់​ម្តាយ​ខ្ញុំ​កាល​គាត់​នៅ​តូច ។ មើល​ទៅ​គាត់​ស្រស់ស្អាត​ណាស់​ជាមួយ​នឹង​សក់​រួញ ពាក់​រ៉ូប​ពណ៌ខៀវ ។ ប៉ុន្តែ​ពេល​ខ្ញុំ​មើល​ទៅ​រូបថត​នោះ អ្វី​ទាំងអស់​ដែល​ខ្ញុំ​អាច​ឃើញ​គឺ​ជា​មុខ​ម្តាយ​ខ្ញុំ​នៅលើ​រូបកាយ​នៃ​ក្មេង​ស្រី​តូច​នោះ ។ ខ្ញុំ​ដឹង​ថា គាត់​ពុំមែន​អញ្ចឹង​ទេ កាល​គាត់​ថត​រូប​នេះ—ប៉ុន្តែ​គាត់​គឺ​ជា​ម្តាយ​របស់​ខ្ញុំ​ជានិច្ច ។

វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​អំណោយ​​ទាំងអស់​ដែល​គាត់​បាន​រៀបចំសម្រាប់​ខ្ញុំ ពីមុន​ខ្ញុំ​កើត ។ ខ្ញុំ​បាន​គិត​​អំពី​របៀប​ដែល​គាត់​បាន​រៀន​បង្កើតគេហដ្ឋាន​ដ៏​ស្រស់ស្អាត​មួយ ។ ខ្ញុំ​បាន​គិត​​អំពី​របៀប​ដែល​គាត់​ខិតខំ​​រៀន​នៅ​សាលា ដើម្បី​ក្លាយ​ជា​គិលានុបដ្ឋាយិកា​ម្នាក់ និង​របៀប​ដែល​គាត់​បាន​សិក្សា​ដំណឹងល្អ ដើម្បី​បង្កើត​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​គាត់ ។ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​គាត់​បាន​ជ្រើសរើស​លះបង់​យ៉ាង​រាបសា នូវ​អ្វី​​គ្រប់​យ៉ាង​ដើម្បីមើល​ថែ​ខ្ញុំ និង​គ្រួសារ​យើង ។

ហើយ​បន្ទាប់​មក ខ្ញុំ​បាន​ដឹង​ថា ៖ សម្រាប់​កូនៗ​របស់​ខ្ញុំ​នាពេល​អនាគត ខ្ញុំ​គឺ​ជាម្តាយ​មួយ​រូប ។ នៅក្នុង​ព្រះនេត្រ​ព្រះ អត្តសញ្ញាណ​អស់កល្ប​របស់​ខ្ញុំ​គឺ​ជា​ម្តាយ​មួយ​រូប ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ស្ត្រីគ្រប់​រូប គឺជា​ម្ដាយ​ម្នាក់ ដោយសារ​តែ​គុណធម៌​នៃ​និស្ស័យ​ជា​ព្រះ​ដ៏​អស់កល្ប​ជានិច្ច​របស់​នាង » ។ ស្ត្រី​គ្រប់​រូប​គឺជា​ម្តាយ​ម្នាក់ ហើយ​បុរស​គ្រប់​រូប​គឺ​ជា​ឪពុកម្នាក់ មិន​​ថាអ្នកនឹង​មាន​​កូន ឬ​មិន​ទាន់​មាន​នោះ​ទេ ។ ពូជពង្ស​របស់យើង​នឹង​កើត​មក​ក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់ ប៉ុន្តែ​វា​ពុំ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​អស់កល្ប​ជានិច្ច​​របស់យើង​ក្នុង​នាម​ជា​ឪពុកម្តាយ​ឡើយ ។

អំណោយ​របស់​ខ្ញុំ​​សម្រាប់​ជំនាន់​ក្រោយ

ឥឡូវ​នេះ ​វា​ពិបាក​ស្រមៃ​ឃើញ​ណាស់ ។ ថ្ងៃ​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ។ ថ្ងៃ​ខ្លះខ្ញុំ​មាន​បារម្ភ​ថា តើ​ខ្ញុំ​ពិតជា​បំពេញ​តាម​គោលបំណង​ខ្ញុំ ឬខ្ញុំបង្កើតនូវការ​ផ្លាស់​ប្តូរ​សម្រាប់​នរណា​ម្នាក់ ។

ប៉ុន្តែ​ខ្ញុំ​អាច​ជ្រើសរើស​ក្នុង​ពេលនេះ ដើម្បី​ធ្វើ​ជា​ឥទ្ធិពល​វិជ្ជមាន​មួយ​ដល់​មនុស្ស​នានា​នៅក្នុង​ជីវិត​ខ្ញុំ ។ មាន​កូន​ដែលខ្ញុំ​អាច​ចិញ្ចឹម​បីបាច់ និង​បង្រៀន ។ មាន​របៀប​ជា​ច្រើន ដែល​ខ្ញុំ​អាច​ប្រើ​បទពិសោធន៍​របស់​ខ្ញុំ​​ដើម្បី​ផ្តល់​ពរ​ដល់​មនុស្ស​ដទៃ ។ ហើយ​នៅ​ថ្ងៃ​ណា​មួយ ប្រហែល​ជា​កូនៗ​របស់​ខ្ញុំ​នឹង​ត្រឡប់​ទៅ​មើល​រូបថត​របស់​ខ្ញុំ ហើយ​ពុំ​អាច​យល់​បាន​អ្វី​គ្រប់​យ៉ាង ក្រៅពី​យល់​ថា​ខ្ញុំ​គឺ​ជា​ម្តាយ​របស់​ពួកគេ​ឡើយ ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរិង « ស្ត្រី និង​ការរៀន​សូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៩ ។

  2. ហិនរី ប៊ី អាវរិង « Gifts of Love » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៨០ ) ទំព័រ ៥–៦ គេហទំព័រ speeches.byu.edu ។

  3. រ័សុល អិម ណិលសុន « ការចូលរួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨ ។