ការប្រែក្លាយជាបុគ្គលដែលអ្នកត្រូវតែប្រែក្លាយ
រាត្រីជួបជាមួយប្រធាន រ័សុល អិម ណិលសុន
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យ ទូទាំងពិភពលោក• ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦•សាកលវិទ្យាល័យព្រិកហាំ យ៉ង់–ហាវ៉ៃ
ប្អូនៗប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ពួកយើងរីករាយក្រៃលែងដែលមានវត្តមានជាមួយអ្នកនៅថ្ងៃឈប់សម្រាកនេះ ។ ពួកយើងស្រឡាញ់អ្នកទាំងអស់គ្នា ! ពួកយើងទុកចិត្តលើអ្នក ! ពេលខ្ញុំផ្ដល់គំនិតខ្លះៗ ខ្ញុំអធិស្ឋានសូមឲ្យអ្នកនឹងប្រើសិទ្ធិជ្រើសរើសរបស់ខ្លួនដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នក ។១
ដំបូង ខ្ញុំចង់និយាយ សួស្ដីឆ្នាំថ្មី ! វាគឺជា ឆ្នាំថ្មីចែសតែម្ដង ។ តើអ្នកបានធ្វើការសម្រេចចិត្ត សម្រាប់ឆ្នាំថ្មីហើយឬនៅ ? តើអ្នកបានធ្វើការសម្រេចចិត្តបណ្ដើរៗហើយឬនៅ ? តើអ្នកចង់ឲ្យឆ្នាំនេះក្លាយជា ឆ្នាំដ៏មានជោគជ័យបំផុត ក្នុងជីវិតរបស់អ្នកដែរឬទេ ? ជាឆ្នាំដែលអ្នកបន្តទៅមុខទៀត—ដោយមានភាពជោគជ័យជាងឆ្នាំមុនៗ—លើការសម្រេចចិត្ត តើនោះ មានន័យបំផុត ចំពោះអ្នកដែរឬទេ ? ខ្ញុំចង់ពិភាក្សាជាមួយអ្នក អំពីអ្វីមួយដែលខ្ញុំជឿថាអាចជួយអ្នកបាន ។ ចូរមើលថាតើអ្នកអាចដឹងថានោះជាអ្វីដែរឬទេ ។
ចូរគិតអំពីស្ត្រីម្នាក់ដែលបានរងទុក្ខនឹងជំងឺរ៉ាំរ៉ៃរយៈពេល ១២ ឆ្នាំមកហើយ ។ នាងបានលូកដៃទៅប៉ះព្រះពស្តព្រះអង្គសង្គ្រោះ ។ នេះគឺជាឱកាសតែម្ដងគត់ ដែលនាងអាចត្រូវបានប្រោសឲ្យជា ។២
ចូរគិតអំពីបុរសម្នាក់នៅស្រះទឹកបេថែសដា ដែលមានជំងឺរយៈពេល ៣៨ ឆ្នាំមកហើយ និងពុំដែលមានឱកាសចុះទៅក្នុងទឹកស្រះនោះបានមុនគេនោះទេ ។៣
ចូរគិតអំពីពួកសិស្សរបស់ព្រះអង្គសង្គ្រោះ ដែលរលកសមុទ្របក់បោកទូកនេសាទដ៏តូចរបស់ពួកគេដែលគំរាមកំហែងដល់អាយុជីវិត ហើយបានអំពាវនាវទៅកាន់ព្រះអង្គសង្គ្រោះថា « យើងវិនាសហើយ លោកមិនរវល់ទេឬអី ? »៤
តើជាទូទៅ មនុស្សទាំងនេះមានអារម្មណ៍យ៉ាងដូចម្ដេច ?
ពួកគេមានអារម្មណ៍ ត្រូវការជំនួយ ! ត្រូវការជំនួយពីព្រះអង្គសង្គ្រោះប្រោសពួកគេ ជួយពួកគេ សម្អាតពួកគេ ដឹកនាំពួកគេ ការពារពួកគេ ហើយសង្គ្រោះពួកគេ ! ពួកគេត្រូវការជំនួយពីព្រះយេស៊ូវគ្រីស្ទ ជួយពួកគេធ្វើកិច្ចការដែលពួកគេ មិនអាច ធ្វើដោយខ្លួនឯងបាន ។ ពួកគេត្រូវការមានកម្លាំង និង ព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតពួកគេ ។ តើអ្នកស្គាល់ពីអារម្មណ៍នោះដែរឬទេ ? សូមជឿចុះថាខ្ញុំស្គាល់ ។
អ្នកប្រហែលជាត្រូវការជំនួយ ដើម្បីធ្វើកិច្ចការសាលា ព្រោះតែថ្ងៃផុតកំណត់បានមកដល់យ៉ាងឆាប់រហ័ស—ឬ បានកន្លងផុតកំណត់ហើយ ។ អ្នកប្រហែលជាត្រូវការមាននរណាម្នាក់ដែល ពិតជា យល់ចិត្តអ្នក ហើយពិតជាស្រឡាញ់អ្នក ។ សព្វថ្ងៃនេះ អ្នកប្រហែលជាត្រូវការឲ្យគេទទួលចូលសាកលវិទ្យាល័យ ស្វែងរកការងារ ឬ កន្លែងស្នាក់នៅ ត្រូវការមានមិត្តថ្មី ហើយរកឃើញដៃគូអស់កល្បជានិច្ច ។
ដូច្នេះ នេះគឺជាដំណឹងល្អ ៖ ការត្រូវការជំនួយបន្ទាន់ អាចជារឿងជំរុញចិត្តមួយដ៏អស្ចារ្យ ។
ប្រាកដណាស់ ព្យាការី យ៉ូសែប ស៊្មីធ បានជួបបទពិសោធន៍នឹងការត្រូវការជំនួយនៅក្នុងគុកលីប៊ើធី ។ លោកបានទូលអង្វរព្រះអម្ចាស់ថា « ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? »៥ ដោយសារតែការត្រូវការជំនួយខាងវិញ្ញាណនោះហើយ ទើបព្យាការីបានទទួលវិវរណៈអស្ចារ្យៗមួយចំនួន សម្រាប់សម័យកាន់កាប់ត្រួតត្រានេះ ។
នៅពេលយើងត្រូវការជំនួយបន្ទាន់ដើម្បីបានដឹកនាំដោយស្ថានសួគ៌ យើងប្រឹងប្រែងធ្វើការកាន់តែខ្លាំងជាងមុនដើម្បីមានទំនាក់ទំនងនឹងស្ថានសួគ៌ ។ នៅពេលយើងចង់មានសុខភាពរាងកាយរឹងមាំ យើងទទួលទាន ហើយហាត់ប្រាណឲ្យបានសមស្រប ។ គ្មានការលើកលែងទេ ! នៅពេលយើងចង់មានប្រាក់កាន់តែច្រើន យើងធ្វើតាមក្រឹត្យវិន័យហិរញ្ញវត្ថុរបស់ព្រះអម្ចាស់ដោយក្លៀវក្លា—ប្រាកដណាស់ ជាដង្វាយមួយភាគក្នុងដប់ !
សូមពិចារណាអំពីការធ្វើតាមក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់របស់ប្រធាន ចច ឃ្យូ ខានុន កាលលោកជាយុវជនក្រខ្សត់ម្នាក់ ។ កាលប៊ីស្សពបានផ្ដល់វិចារលើចំនួនទឹកប្រាក់ដ៏ច្រើននៃដង្វាយមួយភាគក្នុងដប់ដែល ចច វ័យក្មេងដ៏ក្រខ្សត់បានថ្វាយ ចច បានឆ្លើយ ៖ « ប៊ីស្សព ខ្ញុំមិនថ្វាយដង្វាយមួយភាគក្នុងដប់តាមអ្វីដែលខ្ញុំ រកបាននោះទេ ។ខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់តាមអ្វីដែលខ្ញុំ ចង់ ថ្វាយ » ។ នៅឆ្នាំបន្ទាប់នោះ ចច រកប្រាក់បានតាមចំនួនប្រាក់ ដែលលោកបានថ្វាយដង្វាយមួយភាគក្នុងដប់កាលពីឆ្នាំមុន !៦
ពេលយើងត្រូវការជំនួយបន្ទាន់ដើម្បីប្រែក្លាយជាមនុស្សដែលយើងត្រូវកើតមកជានោះ ទស្សនៈរបស់យើងផ្លាស់ប្ដូរ ។ យើងភ្ញាក់ខ្លួនពីការភ្លេចភ្លាំងខាងវិញ្ញាណដែលបច្ចាមិត្តគ្រប់គ្រងដោយឆ្លាតវៃ ហើយរំពេចនោះយើងមើលឃើញអ្វីៗអំពីខ្លួនយើង មនុស្សទូទៅ ព្រមទាំងជីវិតយើងដែលយើងមិនដែលឃើញពីមុនមក ។ ពាក្យ « សប្បាយ » និង « ការកម្សាន្ត » ចាប់ផ្ដើមមើលទៅមិនសមហេតុផល ទំនងជាមានគ្រោះថ្នាក់ខាងវិញ្ញាណផង ។ យើងចាប់ផ្ដើមឃើញការបញ្ឆោត និង អន្ទាក់របស់បច្ចាមិត្ត ដ្បិតវាពិតជា—ការល្បួងដែលធ្វើឲ្យយើងភ្លេចអត្តសញ្ញាណ និង ជោគវាសនាដ៏ពិតរបស់យើង ។
យើងចាប់ផ្ដើមចំណាយពេលវេលា តាមរបៀបខុសៗគ្នា ។ ការចំណាយពេលលើ Facebook ពុំហាក់ដូចជា ជំរុញចិត្តដូចនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ យើងដកពិសោធន៍ដោយខ្លួនយើង អំពីសេចក្ដីពិតដ៏ស៊ីជម្រៅ ដែលបានបង្រៀនដោយប្រធានព្រះវិហារបរិសុទ្ធដ៏ឆ្លាតវៃម្នាក់ ៖ « ពេលយើងចូលក្នុងព្រះវិហារបរិសុទ្ធ យើងចាកចេញពីពិភពក្លែងក្លាយ » ។៧ យើងប្រែជាចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសេចក្ដីពិតដ៏អស់កល្ប ដែលព្រះអម្ចាស់នឹងបង្រៀនយើងនៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ជាជាងវិចាមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាញឹកញាប់ជាពាក្យបំផ្លើស និងមិនច្បាស់លាស់ ។
សិស្សរួមសាលា ប៊ី.វ៉ាយ.យូ ដ៏ឆ្នើមម្នាក់បានប្រាប់ខ្ញុំថា នាងបានឃើញទំនាក់ទំនងផ្ទុយគ្នាមួយរវាងកម្រិតនៃទំនុកចិត្ត និង ភាពរីករាយដែលនាងមាន និងរយៈពេលដែលនាងបានចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នាងបានបន្ថយពេលចំណាយលើ Facebook ហើយនិយាយថា ៖ « ខ្ញុំមានអារម្មណ៍ដូចជាមានមនោគតិ និង គំនិតកាន់តែស្រស់ថ្លា ដើម្បីគិតអំពីប្រធានបទ ហើយមានការសន្ទនាកាន់តែស៊ីជម្រៅជាមួយមនុស្សទូទៅ ។ ឥឡូវនេះខ្ញុំមានវត្តមានព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើនក្នុងជីវិត ដែលជារឿងដ៏ប្រសើរបំផុតដែលខ្ញុំអាចទូលសុំ » ។
ពេលយើងត្រូវការជំនួយបន្ទាន់ដើម្បីស្មោះត្រង់ចំពោះខ្លួនឯង នោះយើងប្រើបច្ចេកវិទ្យាដោយសុរិត ។ ប្រសិនបើអ្នកពុំដឹងថាអាចធ្វើតាមរបៀបណាទេនោះ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យចូលទៅ LDS.org ហើយរៀនចុះ ។
ពេលយើងចង់ធ្វើជាសិស្សដ៏ស្មោះត្រង់នៃព្រះយេស៊ូវគ្រីស្ទ រំពេចនោះយើងរកឃើញភាពក្លាហាន និង ការប្ដេជ្ញាចិត្ត ដើម្បីដកយកអ្វីគ្រប់យ៉ាងចេញពីជីវិត ជារបស់មិនបរិសុទ្ធ និង មិនស្អាតស្អំ ។ ឆន្ទៈរបស់យើងក្នុងការធ្វើតាមដំបូន្មានថ្នាក់ដឹកនាំយើង នឹងផ្លាស់ប្ដូរ ។ យើង ស្វែងរក ដំបូន្មាន ហើយមានចិត្តក្លៀវក្លាក្នុងការធ្វើតាម—ដោយប្រាកដប្រជា ! ភាពរាបសារុញច្រានភាពឆ្មើងឆ្មៃ និង ភាពក្រអឺតក្រទមចេញ ។ ព្រះគម្ពីរក្លាយជា « ប្រភពដើម » ដើម្បីស្វែងរកចម្លើយ និង ការលួងលោមចិត្ត ដែលយើងដឹងថាជាញឹកញាប់យើងស្វែងរកនៅលើអ៊ិនធើរណិត ។
តើអ្នកចង់សាកល្បងព្យាយាម ដកពិសោធន៍រយៈពេល ៣០ ថ្ងៃដែរឬទេ ?
ចូរលុតជង្គង់ ហើយថ្លែងអំណរគុណព្រះវរបិតាសួគ៌អ្នកជារៀងរាល់ថ្ងៃ សម្រាប់ព្រះគម្ពីរ ។ ចូរទូលប្រាប់ទ្រង់អំពីចម្ងល់មួយ ដែលអ្នកត្រូវការចម្លើយនៅថ្ងៃនោះ ។ ចូរទូលអង្វរសុំឲ្យមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ នៅពេលអ្នកអាន ។ ក្រោយមកបើកព្រះគម្ពីររបស់អ្នកកន្លែងណាក៏បាន រួចអានដរាបអ្នករកឃើញចម្លើយ ។៨ សូមសាកល្បងអនុវត្ត ៣០ ថ្ងៃ ហើយមើលថាតើមានអ្វីកើតឡើង ។
ពេលយើងចង់ធ្វើជាមនុស្សដែលព្រះសព្វព្រះទ័យ នោះយើងអាចយល់វាថាជាបន្ទុកតូចតាចដែលដាក់នៅលើខ្នងយើង ។ បន្ទុកនោះអាចជាការឈឺចាប់ខាងវិញ្ញាណ ដែល តែងតែ មានមកជាមួយជម្រើសខុសឆ្គង និង អំពើបាបដែលមិនប្រែចិត្ត ។ សេចក្តីពិតគឺថា អំពើបាបដែលមិនប្រែចិត្ត គឺដូចជាមេដែកដែលឆក់ទាញយកអំពើបាបកាន់តែច្រើនដែរ ! ដូច្នេះ ប្រសិនបើអ្នកត្រូវប្រែចិត្ត សូមចាប់ផ្ដើមឥឡូវនេះ ។ ពេលយើងចង់ប្រែចិត្ត ដូចជាបិតាស្ដេចឡាម៉ូណៃ ដែលមានព្រះទ័យលះបង់ចោល គ្រប់ទាំង អំពើបាបរបស់យើង៩ ( រួមទាំងអំពើបាបដែលយើងចូលចិត្តធ្វើផង ) នោះការពន្យារពេលពុំកើតមានឡើយ ភាពខ្មាស់អៀនក៏រលាយបាត់ទៅ ហើយមានបំណង ទាំងចិត្តក្លៀវក្លា ដើម្បីទៅ—ប្រាកដណាស់យើងចង់ទៅ—ជួបប៊ីស្សពរបស់យើងដើម្បីសុំជំនួយ ដែលយើងត្រូវការដើម្បីប្រែចិត្តឲ្យដាច់ស្រឡះ ។
ឥឡូវ មានការធានាមួយចំនួនក្នុងជីវិតនេះ ប៉ុន្តែនេះគឺជាការធានាមួយ ៖ មានការធានា ១០០ ភាគរយ ថា ប្រសិនបើយើងប្រែចិត្តដាច់ស្រឡះ នោះព្រះអង្គសង្គ្រោះនឹងសម្អាត ហើយប្រោសយើង—យ៉ាងពិត យ៉ាងពេញលេញ និង ទាំងស្រុង !
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖ « ព្រះចេស្តានៃដង្វាយធួន [ របស់ព្រះអង្គសង្គ្រោះ ] អាចលុបបំបាត់ឥទ្ធិពលនៃអំពើបាបដែលមានក្នុងយើងបាន ។ ពេលយើងប្រែចិត្ត ព្រះគុណដ៏ធួនទ្រង់ធ្វើឲ្យយើងឥតទោស ហើយសម្អាតយើង ( សូមមើល នីហ្វៃទី៣ ២៧:១៦–២០ ) ។ វាកើតឡើងនៅពេលយើងមិនទោរទន់ នៅពេលយើងមិនបណ្ដោយខ្លួនទៅតាមការល្បួង » ។១០
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមសន្យាថានេះជាការពិត ! ទោះជាវាគឺជាអំពើបាបដ៏ធ្ងន់ធ្ងរដែលមិនប្រែចិត្ត ឬ ភាពទន់ខ្សោយដែលធ្វើឲ្យខ្វល់ក្ដី ក៏យើងម្នាក់ៗត្រូវការជំនួយព្រះអង្គសង្គ្រោះដើម្បីជួយយើងក្លាយជាមនុស្សដែលយើងត្រូវតែប្រែក្លាយនោះដែរ ។ វាពុំអាចទៅរួចដោយពុំមានកម្លាំង និង ព្រះចេស្តាពីទ្រង់នោះឡើយ ។
យើងមានអំណរគុណដែលព្រះអង្គសង្គ្រោះ បានបង់ថ្លៃសម្រាប់អំណោយនៃវិញ្ញាណដែលយើងនឹងត្រូវការជានិច្ច ។១១ វាអាស្រ័យលើយើងទេ ដែលត្រូវស្វែងរកដោយយកចិត្តទុកដាក់ ថាតើយើងត្រូវការអំណោយមួយណា ។ យើងអាចត្រូវការអំណោយនៃការលុតដំខ្លួន ឬ ភាពសោមនស្ស ។ យើងអាចនឹងត្រូវការអំណោយនៃការអត់ធន់ ឬ អំណោយបានប្រោសឲ្យជា ឬ អំណោយដើម្បីអភ័យទោស ។ យើងអាចនឹងត្រូវការអំណោយដើម្បីគ្រប់គ្រងអារម្មណ៍ខាងផ្លូវភេទឲ្យចុះសម្រុងទៅនឹងក្រឹត្យវិន័យដ៏អស់កល្ប ។ យើងអាចនឹងដឹងថា យើងពុំអាចរស់នៅបានលើសពីមួយនាទីដោយគ្មានអំណោយនៃក្ដីជំនឿដ៏នឹងថ្កល់លើព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងនោះទេ ។ ពេលយើងចង់មានអំណោយនៃវិញ្ញាណណាមួយ នោះហើយជាពេលដែលយើងនឹងអធិស្ឋានដោយអស់ពីកម្លាំងចិត្តដើម្បីបានអំណោយនោះ ។១២ អ្វីដែលជាដំណឹងល្អនោះគឺថា អំណោយនៃវិញ្ញាណនីមួយៗដែលយើងទទួលបាន នាំយើងឈានឆ្ពោះទៅកាន់ភាពជាខ្លួនយើងដ៏ពិត ។
ប្អូនៗប្រុសស្រីជាទីស្រឡាញ់ ភាពពិតនោះគឺថា ថ្ងៃណាមួយ អ្នក និង ខ្ញុំ យើងម្នាក់ៗនឹងមានការសម្ភាសន៍ប្រទល់ព្រះភក្ត្រជាមួយព្រះអង្គសង្គ្រោះ ។ កាលឱកាសនេះក្លាយជាការពិតចំពោះយើង យើងនឹងមានបំណងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានត្រៀមខ្លួនជាស្រេច !
ឥឡូវ ខ្ញុំសូមសួរសំណួរមួយដើម្បីបញ្ចប់ការនិយាយនេះ ៖ ចុះបើអ្នកបានដឹងថា ព្រះអង្គសង្គ្រោះបានយាងមកផែនដីវិញហើយនោះ—ហើយទ្រង់បានជួបជាមួយអ្នកដើរតាមទ្រង់មួយចំនួននៅក្នុងការជួបជុំមួយទុកជាផ្នែកមួយនៃការយាងមកជាលើកទីពីររបស់ទ្រង់១៣—ជាការជួបជុំមួយដ៏ធំលើពិភពលោក ដែលបណ្ដាញទូរទស្សន៍ CNN និង blogosphere មិនបានដឹងនោះ ។ បើអ្នកបានដឹងថា ព្រះអង្គសង្គ្រោះបានគង់នៅលើផែនដីហើយ តើអ្នកនឹងចង់ធ្វើអ្វីខ្លះ ហើយថាតើអ្នកនឹងមានឆន្ទៈ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីខ្លះនៅថ្ងៃស្អែក ?
ខ្ញុំអធិស្ឋានសូមឲ្យអ្នកនឹងមានគ្រាដែលត្រូវការជំនួយបន្ទាន់ក្នុងឆ្នាំនេះដើម្បីដោះស្រាយបញ្ហាប៉ះទង្គិច ដែលនឹងរុញអ្នកឲ្យទៅមុខនៅលើមាគ៌ានេះ ដើម្បីក្លាយជាបុរស ឬ ស្ត្រីដែលអ្នកត្រូវប្រែក្លាយ ។ លក្ខណៈពិតផ្ទាល់ខ្លួនអ្នកគឺអស្ចារ្យណាស់ ! ចូរកុំធ្វើឲ្យអន់ជាងនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© ២០១៥ ដោយ Intellectual Reserve, Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ 11/15 ។ អនុមតិឲ្យបកប្រែ ៖ ១១/១៥ ។ ការបកប្រែនៃ « Becoming the Person You Were Meant to Be » ។ Cambodian ។ PD60000934 258