ការស្វែងរកគោលបំណងរបស់ខ្ញុំ
ល្ងាចមួយជាមួយនឹងអែលឌើរ រីឆាត ជេ ម៉េណេស
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ• ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៦ • រោងឧបោសថសលត៍ លេក
ខ្ញុំមានចិត្តសោមនស្សដើម្បីនៅទីនេះនារាត្រីនេះជាមួយស្វាមីខ្ញុំ ហើយខ្ញុំមានអំណរគុណសម្រាប់ឱកាសដើម្បីនិយាយទៅកាន់ប្អូនៗ ។
ពេលស្វាមីខ្ញុំ បានប្រាប់ខ្ញុំពីដំបូងថា គាត់នឹងនិយាយអំពីការស្តារឡើងវិញនៃដំណឹងល្អ ហើយជាពិសេសអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ នោះយើងបានពិភាក្សាអំពីប្រធានបទនេះបានជះឥទ្ធិពលខ្លាំងយ៉ាងណាក្នុងជីវិតខ្ញុំ ហើយបទពិសោធន៍ខ្ញុំអាចមានឥទ្ធិពលវិជ្ជមានយ៉ាងណាក្នុងការពង្រឹងសេចក្តីជំនឿរបស់ប្អូនៗ ។
ខ្ញុំគឺជាអ្នកប្រែចិត្តជឿមួយរូបក្នុងសាសនាចក្រនេះ ហើយខ្ញុំចង់ចែកចាយបទពិសោធន៍ដ៏មានតម្លៃបំផុតជាមួយប្អូនៗ—គឺរឿងនៃការប្រែចិត្តជឿរបស់ខ្ញុំ ។
ខ្ញុំបានធំឡើងនៅក្នុងគេហដ្ឋានដ៏កក់ក្តៅមួយ ហើយខ្ញុំមានឪពុកម្តាយដ៏ល្អ ។ ពួកខ្ញុំពុំបានទៅព្រះវិហារញឹកញាប់ឡើយ ប៉ុន្តែជាសមាជិកព្រះវិហារពួកប្រែសប៊ីធារាន យើងតែងតែចូលរួមព្រះវិហារក្នុងឱកាសបុណ្យគ្រីស្ទម៉ាស់ និង បុណ្យអ៊ីសស្ទើរ ពេលខ្លះ ម្តាយខ្ញុំ បាននាំខ្ញុំទៅរៀននៅថ្នាក់សាលាថ្ងៃអាទិត្យ ។ ទីនោះហើយ ជាកន្លែងដំបូងដែលខ្ញុំបានទទួលទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ខ្ញុំចូលចិត្តស្តាប់រឿងអំពីព្រះយេស៊ូវ ។ ខ្ញុំបានដឹងថា ទ្រង់ជាអង្គពិសេសណាស់ ។
កាលខ្ញុំនៅក្មេង ខ្ញុំមានអារម្មណ៍ថាត្រូវតែអធិស្ឋានដោយខ្លួនខ្ញុំផ្ទាល់លើគ្រែដេកខ្ញុំនាពេលយប់ ។ ខ្ញុំបានដឹងថាព្រះវរបិតាសួគ៌ព្រះសណ្តាប់ខ្ញុំ ។
កាលវ័យ ២០ ឆ្នាំ ខ្ញុំបានដើរលេងជាគូ ពេលខ្លះ ខ្ញុំជួបនឹងការមួរម៉ៅ ការខកចិត្ត និង ការបាក់ទឹកចិត្តជាច្រើនក្នុងការដើរលេងជាគូនោះ ។ ប្រហែលជាប្អូនៗមួយចំនួនធ្លាប់មានអារម្មណ៍បែបនោះដែរ ប៉ុន្តែប្អូនៗប្លែកពីខ្ញុំ ។ ប្អូនៗមានដំណឹងល្អព្រះយេស៊ូវគ្រីស្ទក្នុងជីវិត ។ នោះជាពរជ័យអស្ចារ្យណាស់ ។ ដំណឹងល្អផ្តល់នូវគោលបំណង និង កម្លាំងដល់ប្អូនៗ ។ ដំណឹងល្អផ្តល់ក្តីសង្ឃឹមដល់ប្អូនៗ ។ ជីវិតខ្ញុំនាគ្រានោះ ខ្ញុំបានដឹងថាខ្ញុំហាក់ដូចជាខ្វះអ្វីម្យ៉ាង ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានគោលបំណង ឬ ការដឹកនាំពិតប្រាកដក្នុងជីវិតទេ ។ ខ្ញុំបានចាប់ផ្តើមទៅព្រះវិហារផ្សេងៗ ដោយរពឹងថារកឃើញចម្លើយមួយចំនួននោះ ។ ខ្ញុំបានស្វែងរកអ្វីមួយដែលនឹងធ្វើឲ្យជីវិតខ្ញុំមានន័យខ្លះ ប៉ុន្តែខ្ញុំពុំដឹងថាទៅស្វែងរកនៅឯណាទេ ។
នាថ្ងៃមួយវាពិបាកណាស់ ខ្ញុំបានសម្រេចចិត្តអធិស្ឋាន ។ ដូច្នោះខ្ញុំបានលុតជង្គង់ចុះនៅក្បែរគ្រែខ្ញុំ—ជាអ្វីដែលខ្ញុំពុំធ្លាប់ធ្វើ—ខ្ញុំបានបើកដួងចិត្តខ្ញុំទៅព្រះវរបិតាសួគ៌ ទូលសូមជំនួយទ្រង់ បើទ្រង់នឹងប្រទាននូវការណែនាំមួយចំនួនសម្រាប់ជីវិតខ្ញុំ ។ ខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុន ហើយខ្ញុំបានបន្តធ្វើកិច្ចការរបស់ខ្ញុំដូចសព្វមួយដង ។
ពីរបីថ្ងៃក្រោយមក ការអធិស្ឋានខ្ញុំបានទទួលចម្លើយ ។ អ្នកត្រឡប់ពីបេសកកម្មម្នាក់បានចូលមកក្នុងជីវិតខ្ញុំ ។ គាត់ឈ្មោះរីឆាត ចន ម៉េណេស គាត់បានសុំខ្ញុំដើរលេងជាគូ ហើយធ្វើកិច្ចការល្អៗដែលអ្នកត្រឡប់ពីបេសកកម្មវិញបានធ្វើ ៖ គាត់បានសួរខ្ញុំ តើខ្ញុំបានដឹងអ្វីខ្លះពីព្រះវិហារនេះ តើខ្ញុំធ្លាប់អានព្រះគម្ពីរមរមនដែរឬទេ ។
មិនយូរប៉ុន្មានក្រោយមក គាត់បានផ្ដល់ព្រះគម្ពីរមរមនមួយក្បាលឲ្យខ្ញុំអាន ។ ខ្ញុំបានចាប់ផ្តើមអាន ហើយភ្លាមនោះ ខ្ញុំបានចាប់អារម្មណ៍លើទំព័រចំណងជើងរបស់វា ដែលសរសេរថា « ព្រះគម្ពីរមរមន ៖ សក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ។ ខ្ញុំពុំដឹងសោះថា ព្រះគម្ពីរមរមននិយាយអំពីព្រះយេស៊ូវ ។
ខ្ញុំក៏ចាប់ផ្តើមរៀនជាមួយអ្នកផ្សព្វផ្សាយសាសនា ពន្លឺបានបំភ្លឺឡើងនៅក្នុងជីវិតខ្ញុំ ។ នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនខ្ញុំអំពីយុវជន យ៉ូសែប ស្ម៊ីធ បានជួបព្រះជាព្រះវរបិតា និង បុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ជាតួអង្គពីរផ្សេងគ្នា វាជាសេចក្តីពិតដែលខ្ញុំតែងតែដឹងក្នុងអារម្មណ៍ និង ជឿ ប៉ុន្តែព្រះវិហារខ្ញុំពុំបានបង្រៀនអំពីការណ៍នេះទេ ។ ការនិមិត្តដំបូងគឺជាផ្នែកដ៏សំខាន់នៃការប្រែចិត្តជឿរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ភ្ជាប់នឹងយ៉ូសែប ស្ម៊ីធ ដោយសារលោកមានសំណួរដូចខ្ញុំដែរ ៖ តើខ្ញុំស្វែងរកសេចក្តីពិតនៅឯណា ? ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានដ៏ស្មោះសររបស់លោក ហើយទ្រង់បានឆ្លើយតបការអធិស្ឋានខ្ញុំ ។ ខ្ញុំបានបន្តរៀនមេរៀនទាំងអស់ ហើយខ្ញុំបានដឹងក្នុងចិត្តថា អ្វីដែលបានបង្រៀនមក គឺជាការពិត ។
រីឆាត ជន ម៉េណេស ដែលជាអ្នកត្រឡប់ពីបេសកកម្មបានជ្រមុជទឹកឲ្យខ្ញុំនារដូវក្តៅឆ្នាំនោះ ។ ពួកខ្ញុំបានបន្តដើរលេងជាគូ ហើយមួយឆ្នាំក្រោយមក ពួកខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ម៉ានតៃ យូថាហ៍ ។
នេះគឺគ្រាន់តែជាការចាប់ផ្តើមនៃការប្រែចិត្តជឿរបស់ខ្ញុំប៉ុណ្ណោះ ។ ក៏ដូចជាពួកយើងជាច្រើននាក់ផងដែរ ការប្រែចិត្តជឿគឺជាដំណើរការមួយ ។ ទីបន្ទាល់យើងត្រូវតែចិញ្ចឹមបីបាច់ ហើយពង្រឹងជារៀងរាល់ថ្ងៃ ដោយការអានព្រះគម្ពីរ ការអធិស្ឋាន ការទៅព្រះវិហារ ការចូលរួមព្រះវិហារបរិសុទ្ធ និងការធ្វើតាមព្យាការីរបស់យើង ។
ព្រះគម្ពីរគួរតែជាផ្នែកដ៏សំខាន់មួយនៃជីវិតយើង ។ កាលខ្ញុំនៅក្មេង ពុំទាន់ជាសមាជិកសាសនាចក្រនេះនៅឡើយ ខ្ញុំត្រូវបានសុំឲ្យរើសខគម្ពីរមួយមកទន្ទេញឲ្យចាំ ។ ខ្ញុំបានជ្រើសរើសយក សុភាសិត ៣:៥–៦ ៖
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវអ្នកចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់អ្នក » ។
ខ្ញុំមិនអាចប្រាប់ប្អូនៗអស់ថា ខគម្ពីរនោះបានផុសឡើងនៅក្នុងគំនិតខ្ញុំប៉ុន្មានដងទេ នៅពេលខ្ញុំត្រូវការជំនួយមួយចំនួនមកពីព្រះវរបិតាសួគ៌នោះ ។ ប្រសិនបើយើងនឹងគ្រាន់តែដាក់ជំនឿ និង ការទុកចិត្តយើងទៅលើព្រះអម្ចាស់ ទាំងដឹងថា យើងពុំយល់អ្វីគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតយើង ហើយចងចាំថ្លែងអំណរគុណទ្រង់ចំពោះពរជ័យជាច្រើនដែលយើងមាន នោះទ្រង់នឹងបង្ហាញផ្លូវដល់ពួកយើង ។ ឥឡូវនេះវាពុំអាចកើតឡើងតាមអ្វីដែលយើងចង់បានទេ ប៉ុន្តែខ្ញុំដឹងថា ព្រះវរបិតាសួគ៌មានផែនការមួយសម្រាប់ពួកយើងម្នាក់ៗ ។
ខគម្ពីរមួយទៀតដែលខ្ញុំពេញចិត្តនោះគឺនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១២ ៖ « ដ្បិតមានមនុស្សជាច្រើននៅលើផែនដីនៅឡើយ នៅក្នុងចំណោមក្រុម បក្ស និកាយទាំងឡាយ ដែលបានខ្វាក់ដោយសារឧបាយកលដ៏ប្រសប់នៃមនុស្ស ម្ល៉ោះហើយ ទើបពួកគេពួនចាំបញ្ឆោត ហើយជាពួកអ្នកដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » ។
វាសំខាន់ណាស់ចំពោះយើងក្នុងនាមជាសមាជិកសាសនាចក្រ ឈោងទៅជួយ ហើយចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ មានមនុស្សជាច្រើនដូចជារូបខ្ញុំ ដែលកំពុងស្វែងរកសេចក្តីពិត ប៉ុន្តែពុំដឹងជាទៅរកសេចក្តីពិតនៅឯណា ។
ការសម្រេចចិត្តសំខាន់បំផុតពីរដែលខ្ញុំបានធ្វើក្នុងជីវិត គឺបានជ្រមុជទឹក និង រៀបការនឹងស្វាមីខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានអំណរគុណណាស់ចំពោះដំណឹងល្អក្នុងជីវិតខ្ញុំ ។ យើងទាំងអស់គ្នាដឹងថា ពេលខ្លះជីវិតនេះពុំងាយស្រួលទេ ។ យើងត្រូវតែចាំពីប្រសាសន៍អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ លោកថ្លែងថា
« លោកចៅហ្វាយនៃស្ថានសួគ៌ និង ផែនដីគង់នៅទីនោះដើម្បីប្រទានពរដល់អ្នក ។ …
« ចូរពឹងផ្អែកលើទ្រង់ ។ ចូរពឹងផ្អែកលើទ្រង់ឲ្យខ្លាំងឡើង ។ ចូរពឹងផ្អែកលើទ្រង់ជារៀងដរាបតទៅ » ។១
ខ្ញុំដឹងថាព្រះវរបិតាសួគ៌មានពិតប្រាកដ ។ ទ្រង់ស្រឡាញ់ពួកយើង ។ ទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់យើង ។ ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្រ្គោះរបស់យើង ។ ទ្រង់បានសុគតសម្រាប់យើងគ្រប់គ្នា ហើយប្រទានអំណោយទានដ៏អស្ចារ្យនៃការប្រែចិត្តដល់យើង ដែលយើងអាចផ្លាស់ប្តូរក្នុងជីវិតឲ្យល្អប្រសើរជារៀងរាល់ថ្ងៃ ។ ខ្ញុំដឹងថា យើងមានព្យាការីនៅរស់គឺ ប្រធាន ថូម៉ាស អេស ម៉នសុន ហើយខ្ញុំដឹងថា ព្យាការី យ៉ូសែប ស៊្មីធ បានឃើញព្រះវរបិតា និង ព្រះរាជបុត្រា ហើយបានប្រទានព្រះគម្ពីរមរមនដល់យើង ៖ ដែលជាសក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសូមអធិស្ឋានឲ្យប្អូនៗនឹងបន្តពង្រឹង ហើយបីបាច់ទីបន្ទាល់ប្អូនៗជារៀងរាល់ថ្ងៃ ដោយធ្វើកិច្ចការទាំងឡាយ ដែលយើងត្រូវបានព្រះអង្គសង្គ្រោះ និង ពួកព្យាការីរបស់យើង បង្រៀនឲ្យធ្វើ ។ ខ្ញុំសូមអធិស្ឋានឲ្យប្អូនៗនឹងបន្តទុកចិត្តលើព្រះអម្ចាស់ ហើយដឹងថាទ្រង់ស្គាល់ប្អូនៗ ហើយទ្រង់នឹងដឹកនាំផ្លូវប្អូនៗ ។
ខ្ញុំសូមថ្លែងពាក្យពេចន៍ទាំងនេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© 2016 by Intellectual Reserve Inc ។ All rights reserved. អនុមតិជាភាសាអង់គ្លេស ៖ ៣/១៦ ។ អនុមតិឲ្យបកប្រែ ៖ ៣/១៦ ។ ការបកប្រែនៃ « Finding My Purpose » ។ Cambodian ។ PD60001510 258