សេចក្តីពិតត្រូវបានស្ដារឡើងវិញ
ល្ងាចមួយជាមួយអែលឌើរ រីឆាត ជេ ម៉េណេស
ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក • ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៦ • រោងឧបោសថ សលត៍ លេក
បងប្អូនប្រុសស្រី ខ្ញុំចូលចិត្តស្ដាប់ដំណើររឿងប្រែចិត្តជឿរបស់ភរិយាខ្ញុំ ណានស៊ី ថែមទាំងរឿងការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមនដែលបានមានអានុភាពលើទីបន្ទាល់ និងការប្រែចិត្តជឿរបស់គាត់តាំងពីដំបូង ។ ខ្ញុំតែងមានអំណរគុណចំពោះឱកាសដែលខ្ញុំមានជាអ្នកផ្សព្វផ្សាយសាសនា ប្រាប់អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅកាន់គាត់បន្ទាប់ពីខ្ញុំបានត្រឡប់ពីបម្រើបេសកកម្មពេញម៉ោងជាច្រើនឆ្នាំមកនោះ ។ អ្នកអាចស្រមៃថា ខ្ញុំរំភើបចិត្តដែលអ្វីគ្រប់យ៉ាងបានដំណើរការយ៉ាងល្អរវាងយើងទាំងពីរនាក់ ។ សាសនាចក្រ និងជីវិតគ្រួសារយើងមានតម្លៃបំផុតចំពោះយើង ។
ខ្ញុំអរគុណដោយស្មោះចំពោះការចាត់តាំងមកពីគណៈប្រធានទីមួយ ឲ្យថ្លែងទៅកាន់ប្អូនៗនាល្ងាចនេះ។ ខ្ញុំដឹងថាវាសំខាន់សម្រាប់ប្អូនៗដែលត្រូវដឹងថា ខ្ញុំបានទទួលអារម្មណ៍ពីឥទ្ធិពល និងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ពេលកំពុងរៀបចំសារលិខិតនេះ ហើយខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំចែកចាយនឹងផ្ដល់ប្រយោជន៍ដល់ប្អូនៗ ។
ការស្តារឡើងវិញនៃភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ត្រូវបានមើលឃើញ ហើយទស្សទាយទុកជាមុនដោយពួកព្យាការីពេញប្រវត្តិសាស្ត្រ ។ ដោយហេតុនេះ ទើបការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពុំគួរជារឿងភ្ញាក់ផ្អើលទេចំពោះអ្នកដែលសិក្សាបទគម្ពីរ ។ ក្នុងបទគម្ពីរទាំងនោះមានសេចក្ដីថ្លែងការណ៍ទាយទុកជាមុនរាប់មិនអស់ពេញព្រះគម្ពីរសញ្ញាចាស់ សញ្ញាថ្មី និង ព្រះគម្ពីរមរមន ដែលទស្សទាយ ហើយបង្ហាញយ៉ាងច្បាស់អំពីការស្តារឡើងវិញនៃដំណឹងល្អ ។ ឧទាហរណ៍នានាចេញពីព្រះគម្ពីរសញ្ញាចាស់មាននៅក្នុង ចោទិយកថា១ អេសាយ២ យេរេមា៣ អេសាយ៤ ដានីយ៉ែល៥ អេម៉ុស៦ និង ម៉ាឡាគី.៧ ឧទាហរណ៍នានាចេញពីព្រះគម្ពីរសញ្ញាថ្មីមាននៅក្នុងគម្ពីរម៉ាថាយ៨ ម៉ាកុស៩ កិច្ចការ១០ រ៉ូម១១ អេភេសូរ១២ ថែស្សាឡូនីចទី ២១៣ និង វិវរណៈ.១៤ ការព្យាករណ៍ជាច្រើនទៀតបង្ហាញអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានពេញក្នុងព្រះគម្ពីរមរមន ។ ឧទាហរណ៍មាននៅក្នុង នីហ្វៃទី ១១៥ នីហ្វៃទី ២១៦ យ៉ាកុប១៧ និង នីហ្វៃទី ៣ ១៨
ឧទាហរណ៍អំពីការព្យាករមួយនៃការព្យាករទាំងនេះដែលខ្ញុំពេញចិត្ត គឺការស្ដារឡើងវិញដែលចេញពីគម្ពីរដានីយ៉ែលក្នុងគម្ពីរសញ្ញាចាស់ ។ ព្រះបាទនេប៊ូក្នេសានៃក្រុងបាប៊ីឡូន បានឡោមព័ទ្ធ ហើយវាយដណ្ដើមយកក្រុងយេរូសាឡិមប្រមាណឆ្នាំ ៥៨៦ មុន គ.ស. ។ បន្ទាប់ពីបានវាយឈ្នះពួកសាសន៍យូដាហើយ ស្តេចនេប៊ូក្នេសាក៏បានបង្គាប់ពួកនាយទ្រង់ម្នាក់ឲ្យប្រមូលកូនចៅអ៊ីស្រាអែលមួយចំនួនមកបម្រើការងារក្នុងរាជវាំងជាអ្នកប្រឹក្សា ។ ស្តេចមានបន្ទូលថា ក្រុមដែលបានជ្រើសតាំងនេះនឹង « ចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្តីជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានដំរិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន » ។១៩
ក្នុងចំណោមអ្នកទាំងនោះមាន ដានីយ៉ែល ហាណានា មីសាអែល និង អ័សារា ។ ប្អូនៗអាចចងចាំថា ក្នុងគ្រានៃសេវកភាព យុវជនទាំងនេះត្រូវបានគេឲ្យឈ្មោះថ្មីជាឈ្មោះបាប៊ីឡូនថា បេលថិស្សាសារ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ដែលជាផ្នែកមួយនៃវប្បធម៌ពួកបាប៊ីឡូន ។
ស្តេចនេប៊ូក្នេសាមានឱកាសប្រឹក្សាជាមួយយុវជនសាសន៍យូដាវ័យក្មេងទាំងបួនរូបនេះ ។ បទគម្ពីរប្រាប់យើងថា « ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនឹងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន » ។២០
យប់មួយកាលទ្រង់ផ្ទំ ទ្រង់បានយល់សុបិនមួយ ។ ទ្រង់មានព្រះទ័យខ្វល់ខ្វាយអំពីសុបិននោះ ហើយចង់ដឹងអំពីអត្ថន័យ ។ ទ្រង់សម្រេចព្រះទ័យសាកល្បងដល់អ្នកប្រឹក្សាដោយចេញរាជបញ្ជាមិនប្រក្រតីមួយ ។ ទ្រង់បានកោះហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និង គ្រូអាបធ្មប់ឲ្យមកជុំគ្នា ហើយបានត្រាស់បង្គាប់ពួកគេឲ្យទូលប្រាប់អំពីសុបិនរបស់ទ្រង់ជាមុនសិន រួចសឹមស្រាយសុបិននោះ ។ ទ្រង់ពិតជាហ្មត់ចត់បំផុតអំពីព្រះរាជបញ្ជានេះ ។ ស្ដេចនេប៊ូក្នេសាមានបន្ទូលប្រាប់ពួកគេថា « បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ » ។២១
កាលពួកហោរាទ្រង់មិនអាចប្រាប់អំពីសុបិនរបស់ទ្រង់ទេ ប្រាកដណាស់ពួកគេមិនអាចស្រាយសុបិននោះបានឡើយ ដូច្នេះទ្រង់ខ្ញាល់យ៉ាងខ្លាំង ហើយបានចេញបញ្ជាថា ពួកហោរាទាំងអស់នៃក្រុងបាប៊ីឡូនត្រូវតែបំផ្លាញបង់ រួមទាំង ដានីយ៉ែល និងដៃគូរបស់គាត់ផងដែរ ។ ប៉ុន្តែ ដានីយ៉ែល បានសុំចូលគាល់ទ្រង់ ហើយបានទូលបញ្ចុះបញ្ចូលទ្រង់ឲ្យប្រទានពេលខ្លះដល់គាត់ ហើយគាត់នឹងស្រាយសុបិនថ្វាយទ្រង់ ។
ដានីយ៉ែលបានត្រឡប់ទៅផ្ទះវិញ ហើយបានប្រាប់ដំណឹងនោះដល់ដៃគូគាត់ ។ ពួកគាត់បានទូលអង្វរព្រះអម្ចាស់ឲ្យត្រាស់សម្ដែងអាថ៌កំបាំងនៃការនិមិត្តរបស់ស្ដេច ដើម្បីឲ្យពួកគាត់ ព្រមទាំងពួកហោរាដទៃទៀតនៃក្រុងបាប៊ីឡូននឹងមិនត្រូវវិនាស ។ បទគម្ពីរបានប្រាប់អំពីលទ្ធផលនៃការទូលអង្វរនោះដូចនេះ ៖ « ដូច្នេះ សេចក្តីអាថ៌កំបាំងនោះ បានសម្ដែងមកឲ្យដានីយ៉ែលឃើញក្នុងការជាក់ស្តែងនៅវេលាយប់នោះ ។ លោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌ » ។២២
បន្ទាប់ពីបានសរសើរតម្កើង ហើយថ្លែងអំណរគុណដល់ព្រះហើយ ដានីយ៉ែល ក៏ទៅជួប អើយ៉ុក ជាមេទាហានរបស់ស្ដេច រួចនិយាយថា « សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្តីថ្វាយទ្រង់ជ្រាបវិញ » ។២៣
អើយ៉ុកបានរួសរាន់នាំដានីយ៉ែលចូលគាល់ស្ដេច រួចទូលថា « ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹងកាត់ស្រាយសេចក្តីថ្វាយព្រះករុណាឲ្យទ្រង់ជ្រាបបាន » ។២៤
កាលដានីយ៉ែលបានចូលគាល់ស្ដេច ទ្រង់ចោទសំណួរដូចនេះ ៖ « តើអ្នកអាចនឹងប្រាប់សប្តិ ដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ ? »២៥
ដានីយ៉ែលបានទូលឆ្លើយដូចនេះ ៖
« សេចក្តីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ
« តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សម្ដែងឲ្យយល់សេចក្តីអាថ៌កំបាំងបាន ហើយទ្រង់បានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាបពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ ។ សុបិនរបស់ទ្រង់ និងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់គឺយ៉ាងនេះ » ។២៦
លំដាប់នោះ ដានីយ៉ែលបានសំដែងសុបិនដល់ព្រះបាទនេប៊ូក្នេសា ។ គាត់បានថ្លែងដូចនេះ ៖
« បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំ ។ រូបនោះដែលធំសម្បើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច ។
« ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះនឹងភ្លៅជាលង្ហិន
« ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ ។
« ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ ។
« រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមទៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល » ។២៧
បន្ទាប់ពីបានដំណាលទូលអំពីសុបិនដល់ស្ដេចនេប៊ូក្នេសាហើយ ដានីយ៉ែលក៏បានបន្តស្រាយសុបិននោះថ្វាយទ្រង់ ។ ដានីយ៉ែលបានថ្លែងដូចនេះ ៖
« បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អទាំងនេះ ។
« ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី និងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង ។ គឺទ្រង់ដែលជាក្បាលមាសនោះ » ។២៨
ដានីយ៉ែលបន្តពន្យល់ទ្រង់អំពីនគរជាច្រើនដែលកើតមានបន្ទាប់ពីនគរទ្រង់ ដែលបង្ហាញជាដើមទ្រូង និងដៃជាប្រាក់ ពោះ និងភ្លៅជាលង្ហិន ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ ។
ឥឡូវនេះហេតុការណ៍កើតឡើងជាការព្យាករអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងការស្ថាបនានគរព្រះនៅថ្ងៃចុងក្រោយបង្អស់ ។ ដានីយ៉ែលបានថ្លែងដូចនេះ ៖
« រីឯនៅគ្រានៃស្តេចទាំងនោះ [ សំដៅលើថ្ងៃចុងក្រោយបង្អស់ ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច ។
« គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសម្ដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្តីសម្រាយក៏ជាពិតដែរ » ។២៩
ប្អូនប្រុសស្រី ការស្តារឡើងវិញ និងវឌ្ឍនភាពជាបន្តបន្ទាប់របស់សាសនាចក្រ និងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយនេះ គឺជាការចាប់ផ្តើមនៃបំពេញតាមការព្យាករដ៏ច្បាស់នោះដែលបានធ្វើឡើងដោយព្យាការីដានីយ៉ែលពីបុរាណ ។
ឥឡូវនេះចូរយើងខារទៅមុខ ២៤០០ ឆ្នាំបន្ទាប់ពីរជ្ជកាលស្ដេចនេប៊ូក្នេសា ទៅដល់ពេលមុនបន្តិចពីមុនការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមចែកចាយប្រវត្តិខ្លះៗ ដែលកើតឡើងពីមុនការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ។
ជីតារបស់ យ៉ូសែប ស៊្មីធ គឺ អាសាអែល ស៊្មីធ បានចូលបម្រើកងទ័ពអាមេរិកអំឡុងពេលសង្គ្រាមបដិវត្តន៍ ហើយបានមើលឃើញប្រទេសមួយថ្មីត្រូវបានបង្កើតដំបូងគេ ។
ឪពុកម្ដាយរបស់ យ៉ូសែប ស៊្មីធ គឺ យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ម៉ាក នៅជាកុមារនៅឡើយកាលរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកត្រូវបានអនុមតិក្នុងឆ្នាំ ១៧៨៨ រួមទាំងវិសោធនកម្មទីមួយក្នុងឆ្នាំ ១៧៩១ ដែលបានអះអាងថា រដ្ឋាភិបាលនឹងមិនគ្រប់គ្រងលើសាសនា ហើយសាសនាក៏នឹងមិនគ្រប់គ្រងលើរដ្ឋាភិបាលដែរ ។
ហេតុដូច្នេះ សាសនានៅសហរដ្ឋអាមេរិកមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយរដ្ឋក៏មិនទ្រទ្រង់សាសនាណាមួយដែរ ជនជាតិអាមេរិកទាំងប្រុសស្រីមានសេរីភាពប្រតិបត្តិសាសនាណាមួយ ឬមិនប្រតិបត្តិសាសនាសោះក៏បាន ។
ក្រោយមក អាសាអែល ស៊្មីធ បានរីករាយនឹងការប្រតិបត្តិសាសនាដោយសេរីនៅក្នុងប្រទេសថ្មីនេះ ។ គាត់ពោលថា « [ ព្រះ ] បាននាំឲ្យមានបដិវត្តន៍ដ៏រុងរឿងមួយ ហើយនាំយើងទៅរកដែនដីសន្យានៃសន្តិភាព និង សេរីភាព » ។៣០
មិនយូរប៉ុន្មានបន្ទាប់ពីបដិវត្តន៍អាមេរិក ភាពរីកចម្រើនខាងគមនាគមន៍ ទំនាក់ទំនង និងឧស្សាហកម្ម បានជួយបង្កើតឲ្យមានវប្បធម៌នៃសាធារណរដ្ឋនៅក្នុងប្រទេសថ្មីនេះ ។ ធនាគារជាច្រើនបានបង្កើតឡើងដើម្បីផ្ដល់ប្រាក់កម្ចីដល់សហគ្រាសថ្មីតាមសេដ្ឋកិច្ចទីផ្សារសេរី និងទូលាយ ។
ទន្ទឹមនឹងការផ្លាស់ប្ដូរក្នុងសង្គម និងវប្បធម៌អាមេរិក នោះការរីកដុះដាលឡើងវិញនៃសាសនាបានចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ ១៧៩០ ដែលប្រវត្តិវិទូស្គាល់ថាជាការក្រោកឡើងវិញដ៏អស្ចារ្យជាលើកទីពីរ ។ ការរីកដុះដាលនេះរួមមានការជួបជុំគ្នាខាងក្រៅអគារសាសនា ការបង្រៀនប្រកបដោយភាពរំជើបរំជួល និងប្រើមនោសញ្ចេតនាច្រើន និងការប្រែចិត្តជឿរបស់មនុស្សទាំងក្រុមៗ ។ សាសនាដែលមានប្រជាប្រិយភាពខ្លាំងជាងគេក្នុងគ្រានៃការក្រោកឡើងវិញដ៏អស្ចារ្យជាលើកទីពីរនេះគឺ បាទីស្ទ និង មេតូឌីស ជានិកាយដែលច្រានចោលគោលលទ្ធិរបស់ពួកកាល់វីនីសអំពីព្រេងវាសនាដែលមានបង្រៀនក្នុងក្រុមជំនុំពួកគេនៅគ្រានោះ ។ ពួកកាល់វីនីសគិតស្មានថា ព្រះទ្រង់មានតួអង្គមួយដែលកំណត់ព្រេងវាសនាឲ្យបុរសស្ត្រីទទួលបានសេចក្ដីសង្គ្រោះ ។ ពួកកាល់វីនីសជឿថា ជាលទ្ធផលមកពីការធ្លាក់ បុរសស្ត្រីគឺជាមនុស្សមានបាប ហើយគ្មានអំណាចនឹងបានសង្គ្រោះតាមរយៈព្រះគ្រីស្ទឡើយ ។
យ៉ាងណាក៏ដោយ អំឡុងពេលនៃការក្រោកឡើងវិញដ៏អស្ចារ្យជាលើកទីពីរនេះ ពួកបាទីស្ទ និងពួកមេតូឌីសបានបង្រៀនច្រើនអំពីក្ដីមេត្តារបស់ព្រះ ហើយសង្កត់ធ្ងន់លើសេចក្ដីសង្គ្រោះថាជាជម្រើសបុគ្គលម្នាក់ៗ ។ ទស្សនអំពីសេចក្ដីសង្គ្រោះផ្ទាល់ខ្លួននេះ មានឫសគល់មកពីសាសនវិទ្យាអាមិនី ឬជាគោលលទ្ធិរបស់សាសនវិទូជនជាតិហូឡង់ឈ្មោះ យ៉ាកុបប៊ើស អាមិនឺស ។ អាមិនឺស ដែលក្រោយមកក៏មានអ្នកដឹកនាំសាសនានៅអាមេរិក មានមនុស្សជាច្រើននាក់បានជឿថា ព្រះគុណនៃព្រះប្រទានឲ្យបុគ្គលម្នាក់ៗនូវលទ្ធភាពដើម្បីជ្រើសយកព្រះគ្រីស្ទ ហើយថាទ្រង់មានឥទ្ធិឫទ្ធិសង្គ្រោះមនុស្សទាំងអស់ដែលជ្រើសយកការសង្គ្រោះ ។៣១
ដោយសារតែការខ្វែងគំនិតគ្នាអំពីសេចក្ដីសង្គ្រោះនេះហើយ ទើបគ្រួសាររបស់យ៉ូសែប ស្ម៊ីធ បានធ្វើការប្រៀបធៀបគ្នា ហើយសម្រេចចិត្តចូលរួមនិកាយសាសនាមួយ ។ ជីតា និង ឪពុករបស់ យ៉ូសែប ស៊្មីធ គឺ អាសាអែល និង យ៉ូសែប ស៊ីញ្ញ័រ បានយល់ស្របនឹងទស្សនរបស់ពួកអាមិនីអំពីព្រះដ៏មានក្ដីមេត្តា និងក្ដីស្រឡាញ់ ។ ក្រោយមក អាសាអែល បានសរសេរថា « ដោយសារព្រះយេស៊ូវគ្រីស្ទអាចសង្គ្រោះមនុស្សខ្លះបាន នោះទ្រង់ក៏អាចសង្គ្រោះមនុស្សទាំងអស់បានដែរ » ។៣២ អាសាអែល និង យ៉ូសែប ស៊ីញ្ញ័រ បានប្រកាសថាពួកគាត់គឺជាពួកយូនីវើសល្លីស ហើយជឿថា ព្រះនឹងប្រោសលោះមនុស្សលោកទាំងអស់ដោយគ្មានលក្ខខណ្ឌ—ដែលផ្ទុយពីទស្សនទូទៅរបស់ពួកកាលវីនីសអំពីសេចក្ដីសង្គ្រោះ ។
ពុំមាននរណាម្នាក់ស្គាល់ប្រវត្តិសាសនារបស់ លូស៊ី ម៉ាកឡើយរហូតដល់ឆ្នាំ ១៨០២ ជាពេលដែលគាត់មានជំងឺធ្ងន់ ហើយបានសន្យាថានឹងបម្រើព្រះដោយអស់ពីសមត្ថភាព បើគាត់អាចជាសះស្បើយវិញនោះ ។ បន្ទាប់ពីគាត់បានជាសះស្បើយហើយនោះ លូស៊ី ម៉ាក បានសរសេរថា « [ ខ្ញុំបាននិយាយ ] តែបន្តិចបន្តួចអំពីសាសនា ទោះជាគំនិតខ្ញុំបានផ្ដោតទាំងស្រុងទៅលើសាសនាក្ដី » ។៣៣ ទីបំផុត យ៉ូសែប ស៊ីញ្ញ័រ និង លូស៊ី ម៉ាក បានផ្លាស់លំនៅពីក្រុងទៅក្រុងមួយដើម្បីស្វែងរកសេចក្ដីសង្គ្រោះទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
អំឡុងពេលគ្រាអស្ថេរភាពនៃការផ្លាស់ទីលំនៅនេះ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានកើតនៅ ភូមិសារ៉ុន រដ្ឋវ័រម៉ន្ត នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥ ។ ទីបំផុត គ្រួសារ ស្ម៊ីធ បានតាំងលំនៅនៅភូមិប៉ាលម៉ៃរ៉ា រដ្ឋញ៉ូវយ៉ោក ក្រោយមកទៅនៅក្បែររដ្ឋម៉ានឆែសស្ទើរ ។ គ្រួសារស្ម៊ីធបានឃើញថាមានភាពរំជើបរំជួលខាងសាសនាជុំវិញផ្ទះថ្មីរបស់ពួកគាត់ ។ ពួកបាទីស្ទ ពួកប្រែសប៊ីធារាន និង ពួកមេតូឌីស បានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងតំបន់នោះនៅចន្លោះឆ្នាំ ១៨១៦ និង ១៨២១ ដែលធ្វើឲ្យមានការបង្កើតក្រុមជំនុំប្រែសប៊ីធារានថ្មីមួយ សាងសង់សាលាប្រជុំមេតូឌីស និង ការប្រែចិត្តជឿរបស់បុរសស្ត្រីរាប់រយនាក់ ។
លូស៊ី ម៉ាក បានសាកល្បងកាន់និកាយប្រែសប៊ីធារាន ប៉ុន្តែគាត់ពោលថា « គ្មានភាពពេញលេញ » ។ ក្រោយមក គាត់ក៏សាកល្បងកាន់និកាយមេតូឌីស ប៉ុន្តែ យ៉ូសែប ស៊ីញ្ញ័រ មិនចង់ឲ្យគាត់បន្តឡើយ ព្រោះគាត់ និង ឪពុកគាត់ អាសាអែល មិនសូវជឿលើគោលលទ្ធិដែលពួកគេបង្រៀននោះទេ ។ ទោះជាគ្រួសារស្ម៊ីធមិនទាន់មាននិកាយណាដើម្បីកាន់ក្ដី ក៏ពួកគាត់ព្យាយាមបង្រៀនគោលការណ៍គ្រិស្តសាសនាដល់កូនៗរបស់ខ្លួននៅក្នុងផ្ទះដែរ រួមមានការអានព្រះគម្ពីរប៊ីប និងអធិស្ឋានផ្ទាល់ខ្លួន ។៣៤
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានចូលរួមការប្រជុំសាសនាដែលកំពុងរីកដុះដាលនោះច្រើនដងជាមួយគ្រួសារលោកកាលលោកនៅកុមារភាព ។ លោកទទួលឥទ្ធិពលខ្លាំងបំផុតពីការបង្រៀន និងការពិភាក្សារបស់ឪពុកលោក ដែលស្រាវជ្រាវ ហើយនៅតែមិនអាចរកឃើញនិកាយសាសនាដែលបង្កើតឡើងតាមរបៀបពីបុរាណរបស់ព្រះយេស៊ូវគ្រីស្ទ និងពួកសាវកទ្រង់ឡើយ ។ យ៉ូសែបតែងស្ដាប់ ហើយពិចារណារាល់ពេលសិក្សាព្រះគម្ពីរប៊ីបជាគ្រួសារ ។ ត្រឹមអាយុ ១២ ឆ្នាំ លោកបានចាប់ផ្ដើមបារម្ភអំពីអំពើបាប និងសុខុមាលភាពព្រលឹងនៃជីវិតរមែងស្លាប់របស់លោក ហើយបាននាំឲ្យលោកសិក្សាស្រាវជ្រាវព្រះគម្ពីរដោយខ្លួនលោកផ្ទាល់ ។
កាលយ៉ូសែប ជុញ្ញ័រ មានអាយុ ១៤ ឆ្នាំ លោកកត់ត្រាដូចនេះ ៖
« នោះថ្ងៃមួយ ខ្ញុំបានអាននៅក្នុងសំបុត្រយ៉ាកុប ជំពូកទី១ ខទី៥ ដែលអានថា តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា, មានតែសូមដល់ព្រះ, ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ ។
« ពុំដែលមានបទគម្ពីរណាមួយ ដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្ស ដូចជាបទគម្ពីរនេះមានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយ ។ មើលទៅហាក់បីដូចជាចូលមកពេញដួងចិត្តដោយឥទ្ធិពលដ៏មហិមា ។ ខ្ញុំតែងតែពិចារណាគិតអំពីរឿងនេះម្ដងហើយម្ដងទៀត ដោយដឹងថា បើមានអ្នកណាមួយដែលត្រូវការប្រាជ្ញាពីព្រះ គឺជារូបខ្ញុំនេះហើយ » ។៣៥
ទីបំផុត យ៉ូសែបបានសម្រចចិត្តទូលសួរព្រះ ។
យ៉ូសែបបានសរសេរ ឬបង្ហាញដំណើររឿងនៃការនិមិត្តដំបូងរបស់លោកទាំងបួនដែលគេស្គាល់ ។ មិនតែប៉ុណ្ណោះ អ្នកដែលរស់នៅជំនាន់លោកក៏បានកត់ត្រាការចងចាំរបស់ខ្លួនអំពីអ្វីដែលពួកគេបានឮយ៉ូសែបប្រាប់ពួកគេអំពីការនិមិត្តដែរ ដូច្នេះដំណើររឿងចំនួនប្រាំត្រូវគេស្គាល់ ។ វាជាពរជ័យមួយដែលមានកំណត់ត្រាទាំងនេះ ។ កំណត់ត្រាទាំងនេះធ្វើឲ្យការនិមិត្តដំបូងរបស់យ៉ូសែបក្លាយជាឯកសារដ៏ល្អឯកក្នុងប្រវត្តិសាស្ត្រ ។ ខ្ញុំសូមលើកទឹកចិត្តប្អូនៗឲ្យចូលទៅគេហទំព័រ history.lds.org ដើម្បីរៀនបន្ថែមអំពីដំណើររឿងទាំងនេះ និងរបៀបដែលវាត្រូវបានដាក់បញ្ចូលគ្នាដើម្បីបង្កើតបានជាប្រវត្តិមួយដ៏ពេញលេញ ។
អត្ថបទក្នុង Gospel Topics ក្រោមចំណងជើង « First Vision Accounts » ចែងដូចនេះ ៖ « ដំណើររឿងជាច្រើននៃការនិមិត្តដំបូងប្រាប់អំពីប្រវត្តិដូចគ្នា ទោះជាមានការគូសសម្គាល់ ឬសេចក្ដីលម្អិតខុសគ្នាក្ដី ។ ប្រវត្តិវិទូយល់ថា ពេលបុគ្គលម្នាក់ដំណាលឡើងវិញអំពីបទពិសោធន៍មួយតាមរបៀបជាច្រើនទៅកាន់អ្នកស្ដាប់ផ្សេងៗគ្នាអស់ពេលច្រើនឆ្នាំ នោះដំណើរឿងនិមួយៗនឹងគូសសម្គាល់ទិដ្ឋភាពខុសៗគ្នានៃបទពិសោធន៍នោះ ហើយមាននូវសេចក្ដីលម្អិតពិសេសៗ ។ ប្រាកដណាស់ ភាពខុសគ្នានានាដែលស្រដៀងនឹងដំណើររឿងការនិមិត្តដំបូង ក៏មានក្នុងដំណើររឿងជាច្រើនក្នុងព្រះគម្ពីរអំពីការនិមិត្តរបស់ប៉ុលនៅតាមផ្លូវទៅស្រុកដាម៉ាស និងបទពិសោធន៍ពួកសាវកនៅលើភ្នំប្រែរូបដែរ ។ ទោះជាមានភាពខុសគ្នាក្ដី ក៏មានមូលដ្ឋានដូចគ្នាពេញមួយដំណើររឿងនៃការនិមិត្តដំបូងដែរ ។ មនុស្សខ្លះបានប្រកែកថា ភាពខុសគ្នាក្នុងការដំណាលរឿងឡើងវិញនេះ គឺជាភស្ដុងតាងបញ្ជាក់ថានេះជារឿងប្រឌិត ។ ផ្ទុយទៅវិញ កំណត់ត្រាប្រវត្តិសាស្ត្រសម្បូរបែបធ្វើឲ្យយើងដឹងកាន់តែច្រើនអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាងពេលយើងមិនសូវមានឯកសារ » ។៣៦
ខ្ញុំសូមរំឭកដោយសង្ខេបជាមួយប្អូនៗ អំពីដំណើររឿងទាំងបួនដែលត្រូវបានសរសេរ ឬបង្ហាញដោយ យ៉ូសែប ស៊្មីធ ។
ទីមួយ ដំណើររឿងឆ្នាំ ១៨៣២ គឺជាដំណើររឿងដំបូងបង្អស់អំពីការនិមិត្តដំបូង ។ វាមានក្នុងស្វ័យជីវប្រវត្តិទាំងប្រាំមួយទំព័រ ដែលភាគច្រើនបានសរសេរដោយយ៉ូសែប ។ ឯកសារនេះគឺជាទ្រព្យសម្បត្តិរបស់សាសនាចក្រចាប់តាំងពីវាត្រូវបានសរសេរ ។ បន្ទាប់ពីបានធ្វើដំណើរទៅភាគខាងលិច វាត្រូវបានវេចទុកក្នុងប្រអប់មួយ ហើយគ្មាននរណាដឹងទេ រហូតដល់វាត្រូវបានបោះពុម្ពជានិក្ខេបបទក្នុងឆ្នាំ ១៩៦៥ ។ ចាប់តាំងពីពេលនោះមក វាត្រូវបានបោះពុម្ពជាបន្តបន្ទាប់រួមទាំងលើគេហទំព័រ LDS.org និងក្នុងឯកសាររបស់យ៉ូសែប ស្ម៊ីធ ។ ក្នុងឯកសារនេះ យ៉ូសែបប្រាប់អំពីទុក្ខព្រួយព្រោះពុំដឹងថាត្រូវស្វែងរកការអត់ទោសបាបពីព្រះអង្គសង្គ្រោះតាមរបៀបណា ។ លោកថ្លែងទីបន្ទាល់ថា « ព្រះអម្ចាស់បានបើកទ្វារស្ថានសួគ៌ ហើយខ្ញុំបានឃើញទ្រង់ »៣៧ ដែលមនុស្សខ្លះស្រាយថា លោកសំដៅលើការបង្ហាញព្រះកាយតួអង្គព្រះមួយអង្គគត់ ប៉ុន្តែពេលយល់បរិបទនៃឯកសារផ្សេងៗទៀត ឃ្លានេះអាចយល់ន័យថា ព្រះជាព្រះវរបិតាបានបើកទ្វារស្ថានសួគ៌ ហើយបង្ហាញបុត្រាទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យយ៉ូសែបឃើញ ។
ដំណើររឿងនេះគូសសម្គាល់យ៉ាងច្បាស់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងការប្រោសលោះផ្ទាល់ខ្លួនដែលទ្រង់ប្រទានឲ្យយ៉ូសែប ។ វាចែងដូចនេះថា « ព្រះអម្ចាស់បានបើកទ្វារស្ថានសួគ៌ ហើយខ្ញុំបានឃើញទ្រង់ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ‹ យ៉ូសែបបុត្រយើងអើយ អំពើបាបរបស់បុត្រត្រូវបានអត់ទោសឲ្យហើយ ។ … យើងត្រូវគេឆ្កាងដើម្បីលោកិយ ដើម្បីមនុស្សទាំងអស់ដែលជឿលើព្រះនាមយើងអាចមានជីវិតដ៏អស់កល្បជានិច្ច › » ។ យ៉ូសែបបានថ្លែងទីបន្ទាល់ថា លោកទទួលបានអំណរ និងក្ដីស្រឡាញ់ ប៉ុន្តែគ្មាននរណាម្នាក់ជឿសម្ដីលោកឡើយ ។ « ព្រលឹងខ្ញុំពេញដោយក្ដីស្រឡាញ់ ហើយខ្ញុំអាចរីករាយខ្លាំងជាច្រើនថ្ងៃ រីឯព្រះអម្ចាស់ក៏បានគង់ជាមួយខ្ញុំ ប៉ុន្តែគ្មាននរណាម្នាក់ជឿលើការនិមិត្តសួគ៌ានោះទេ ។ យ៉ាងណាក៏ដោយ ខ្ញុំបានរំពឹងគិតតែក្នុងចិត្ត » ។៣៨
ទីពីរ ដំណើររឿងឆ្នាំ ១៨៣៥ គឺជាការរៀបរាប់របស់យ៉ូសែបអំពីការនិមិត្តដំបូងរបស់លោកទៅកាន់ រ៉ូបឺត ម៉ាថាយ ជាអ្នកមកទស្សនាទីក្រុងខឺតឡង់ក្នុងឆ្នាំ ១៨៣៥ ។ វាត្រូវបានស្មៀនគាត់កត់ត្រាក្នុងទិន្នានុប្បវត្តិរបស់យ៉ូសែប ។ វាមិនបានបញ្ចូលទៅក្នុងការបោះពុម្ពដំបូងនៃប្រវត្តិយ៉ូសែបទេ ហើយបានបោះពុម្ពដំបូងក្នុង BYU Studies ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ក្នុងដំណើររឿងនេះ យ៉ូសែបថ្លែងទីបន្ទាល់ថា ព្រះបានបង្ហាញព្រះកាយឲ្យលោកឃើញជាលើកដំបូង ក្រោយមកលោកក៏បានឃើញព្រះអង្គសង្គ្រោះដែរ ៖ « ខ្ញុំបានទូលអង្វរព្រះក្នុងការអធិស្ឋានដ៏ខ្លាំង ។ បង្គោលភ្លើងមួយបានលេចមកលើក្បាលខ្ញុំ វាបានចុះមកលើខ្ញុំ ហើយធ្វើឲ្យខ្ញុំរីករាយឥតឧបមា ។ តួអង្គមួយបានបង្ហាញព្រះកាយឲ្យខ្ញុំឃើញក្នុងបង្គោលភ្លើងដែលមានអណ្ដាតភ្លើងជះទៅជុំវិញ ប៉ុន្តែមិនបានដុតអ្វីឲ្យឆេះឡើយ ។ មិនយូរប៉ុន្មាន តួអង្គមួយទៀតក៏បានបង្ហាញព្រះកាយមកដូចតួអង្គទីមួយដែរ ។ ទ្រង់មានបន្ទូលមកខ្ញុំថា ‹ អំពើបាបរបស់បុត្រត្រូវបានអត់ទោសឲ្យហើយ › » ។ ក្នុងដំណើររឿងនេះ យ៉ូសែបបានកត់ចំណាំថា « ខ្ញុំបានឃើញពួកទេវតាជាច្រើនក្នុងការនិមិត្តនេះ » ។៣៩
ទីបី ដំណើររឿងឆ្នាំ ១៨៣៨ គឺជាដំណើររឿងដែលគេស្គាល់ច្រើនបំផុត ហើយវាចេញមកពីសំណៅប្រវត្តិរបស់យ៉ូសែប ។ សេចក្ដីព្រាងទីមួយបានសរសេរបន្ទាប់ពីយ៉ូសែបគេចខ្លួនពីទីក្រុងខឺតឡង់នៅដើមឆ្នាំ ១៨៣៨ រីឯសេចក្ដីព្រាងទីពីរបានសរសេរបន្ទាប់ពីបានគេចខ្លួនពីរដ្ឋមិសសួរីក្នុងឆ្នាំ ១៨៣៩ ។ ដូច្នេះ វាត្រូវបានសរសេរអំឡុងពេលនៃសេចក្ដីបៀតបៀន ។ ដំណើររឿងនេះត្រូវបានបោះពុម្ពដំបូងក្នុងឆ្នាំ ១៨៤២ លើទំព័រកាសែត Times and Seasons ។ វាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមាក្នុងឆ្នាំ ១៨៥១ ដែលដំបូងឡើយជាកូនសៀវភៅមួយសម្រាប់ពួកបរិសុទ្ធអង់គ្លេស ក្រោយមកបានអនុមតិជាព្រះគម្ពីរផ្លូវការសម្រាប់ពួកបរិសុទ្ធទាំងអស់ក្នុងឆ្នាំ ១៨៨០ ។
សេចក្ដីព្រាងជាច្រើននៃដំណើររឿងនេះ ត្រូវបានបោះពុម្ពច្រើនលើកក្នុងឯកសាររបស់យ៉ូសែប ស្ម៊ីធ ។ ដូចក្នុងដំណើររឿងឆ្នាំ ១៨៣៥ សំណួរសំខាន់អំពីដំណើររឿងនេះគឺថា តើនិកាយសាសនាណាមួយពិត ។ ដោយសារជាប្រវត្តិសាសនាចក្រ ហើយមិនគ្រាន់តែជាប្រវត្តិយ៉ូសែប នោះដំណើររឿងនេះ « ផ្ដោតទៅលើការនិមិត្តថាជាការចាប់ផ្ដើមនៃ ‹ ការកើតឡើង និងវឌ្ឍនភាពនៃសាសនាចក្រ › » ។៤០ ហេតុដូច្នេះហើយ វាមិនបញ្ចូលព័ត៌មានអំពីការអត់ទោសផ្ទាល់ខ្លួនដែលមាននិយាយក្នុងដំណើររឿងចំនួនពីរដំបូងទេ ។
ហើយនៅទីបំផុត ដំណើររឿងឆ្នាំ ១៨៤២ គឺជាការឆ្លើយតបនឹងសំណើរសុំព័ត៌មានពី យ៉ូហាន វែនវើស ដែលជាអ្នកបោះពុម្ពកាសែត Chicago Democrat ។ យ៉ូសែបបានសរសេរសំបុត្រទៅគាត់ដែលមិនគ្រាន់តែមានមាត្រានៃសេចក្ដីជំនឿទេ ប៉ុន្តែក៏មានការរៀបរាប់អំពីការនិមិត្តដំបូងដែរ ។ សំបុត្រនោះបានបោះពុម្ពក្នុងទំព័រកាសែត Times and Seasons ក្នុងឆ្នាំ ១៨៤២ ។ ដោយមានការអនុញ្ញាតពីយ៉ូសែប វាត្រូវបានបោះពុម្ពម្ដងទៀតក្នុងឆ្នាំ ១៨៤៣ ដោយប្រវត្តិវិទូជនជាតិអ៊ីស្រាអែលឈ្មោះ ដានីយ៉ែល រឺភ នៅក្នុងសៀវភៅរបស់គាត់អំពីនិកាយគ្រិស្តសាសនានៅសហរដ្ឋអាមេរិក ។ ដំណើររឿងនេះគឺសម្រាប់អ្នកដែលមិនទាន់ស្គាល់ជំនឿពួកមរមន ។ វាត្រូវបានសរសេរអំឡុងពេលភាពសុខសាន្តពីការប្រឆាំងដែលព្យាការីបានជួប ។
ក្នុងដំណើររឿងផ្សេងៗទៀត យ៉ូសែបបានលើកឡើងអំពីភាពច្របូកច្របល់ដែលលោកមាន និងការបង្ហាញព្រះកាយនៃតួអង្គទាំងពីរឆ្លើយតបការអធិស្ឋានរបស់លោកដូចនេះថា « ខ្ញុំបានស្លុងទៅក្នុងការនិមិត្តសួគ៌ាមួយ ហើយបានឃើញតួអង្គពីរព្រះអង្គដ៏មានសិរីរុងរឿងដែលមានទ្រង់ទ្រាយ និងរូបរាងដូចគ្នា ហ៊ុមព័ទ្ធដោយពន្លឺចែងចាំងលើសជាងកណ្ដាលថ្ងៃត្រង់ទៅទៀត ។ ទ្រង់ទាំងទ្វេមានបន្ទូលប្រាប់ខ្ញុំថា និកាយសាសនាទាំងអស់ជឿទៅលើគោលលទ្ធិមិនត្រឹមត្រូវ ហើយគ្មាននិកាយណាមួយត្រូវបានទទួលស្គាល់ដោយព្រះថាជាសាសនាចក្រ និងនគរទ្រង់ឡើយ ។ ហើយទ្រង់បានត្រាស់បង្គាប់ខ្ញុំដាច់ខាត ‹ មិនឲ្យចូលរួមជាមួយពួកគេឡើយ › នៅគ្រានោះដែរ ខ្ញុំទទួលបានការសន្យាមួយថា ភាពពោរពេញនៃដំណឹងល្អនឹងបានបង្ហាញដល់ខ្ញុំក្នុងពេលណាមួយនៅពេលអនាគត » ។៤១
វាគឺជាពរជ័យមួយដែលមានដំណើររឿងទាំងនេះអំពីការនិមិត្តដំបូងរបស់យ៉ូសែប ។ គឺដូចជាដំណឹងល្អទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលរួមគ្នាពិពណ៌នាអំពីព្រះជន្ម និងការងារបម្រើរបស់ព្រះគ្រីស្ទ នោះដំណើររឿងនិមួយៗដែលពិពណ៌នាអំពីការនិមិត្តដំបូងរបស់យ៉ូសែប ក៏ដាក់បញ្ចូលសេចក្ដីលម្អិតសំខាន់ និងទស្សនទៅដល់ហេតុការណ៍ទាំងស្រុងដែរ ។ ដំណើររឿងទាំងនោះប្រាប់អំពីប្រវត្តិដូចគ្នា និងស្របគ្នារបស់យ៉ូសែប ។ វាគូសសម្គាល់ថា មានភាពច្របូកច្របល់ និងវិវាទក្នុងចំណោមនិកាយគ្រិស្តសាសនា ដែលជំរុញឲ្យយ៉ូសែបចង់ដឹង ( ថាតើនិកាយណាមួយ ) ដែលពិត លោកបានសិក្សាបទគម្ពីរ ហើយអធិស្ឋាន ពន្លឺមួយបានចុះមកពីស្ថានសួគ៌ ហើយតួអង្គព្រះបង្ហាញព្រះកាយ ថែមទាំងឆ្លើយតបការអធិស្ឋានរបស់លោក ។
ឥឡូវនេះ ចូរយើងត្រឡប់ទៅមើលសេចក្ដីលម្អិតដែលអនុមតិជាផ្លូវការក្នុងឆ្នាំ ១៨៣៨ លើដំណើររឿងរបស់ យ៉ូសែប ស៊្មីធ អំពីការនិមិត្តដំបូង ។ វាគឺជាបទពិសោធន៍នៃការរៀនសូត្រដ៏មានអានុភាពដែលមនុស្សគ្រប់រូបអាចមាន ។ បទពិសោធន៍នេះបានកែប្រែជីវិតយ៉ូសែប វាបានកែប្រែជីវិតខ្ញុំ ហើយខ្ញុំដឹងថា វាបាន ហើយក៏នឹងកែប្រែជីវិតប្អូនៗដែរ ពេលប្អូនៗទូលសុំការបញ្ជាក់ពីភាពពិតរបស់វាមកពីព្រះអម្ចាស់ ។
« ជាយូរយារក្រែលមក ខ្ញុំបានសម្រេចចិត្តថា តើខ្ញុំត្រូវនៅក្នុងសេចក្ដីងងឹតងងល់តទៅ ឬក៏ខ្ញុំត្រូវធ្វើតាមពាក្យដែលយ៉ាកុបបានដឹកនាំ គឺថាត្រូវសូមដល់ព្រះ ។ ជាយូរយារក្រែលមក ខ្ញុំបានប្ដេជ្ញាចិត្តថានឹង ‹ សូមដល់ព្រះ › ដោយសម្រេចចិត្តថា បើទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នក ដែលខ្វះប្រាជ្ញា ហើយនឹងប្រទានឲ្យដោយសទ្ធាឥតបន្ទោសផង នោះខ្ញុំនឹងប្រថុយចិត្តចុះ ។
« ម្ល៉ោះហើយ ស្របតាមបែបនេះ គឺតាមការប្ដេជ្ញាចិត្តរបស់ខ្ញុំថានឹងសូមដល់ព្រះ ខ្ញុំបានចូលទៅក្នុងព្រៃដើម្បីនឹងបម្រុងសូម ។ នៅពេលព្រលឹមនៃថ្ងៃដ៏ល្អភ្លឺស្វាង គឺនៅដើមនិទាឃៈរដូវ ក្នុងឆ្នាំមួយពាន់ប្រាំបីរយម្ភៃ ។ គឺជាពេលដំបូងបំផុតនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំបានបម្រុងធ្វើយ៉ាងនេះ ដ្បិតនៅកណ្ដាលការថប់បារម្ភរបស់ខ្ញុំទាំងអស់ នោះខ្ញុំពុំដែលបម្រុងនឹងអធិស្ឋានចេញសំឡេងឡើយ ។
« បន្ទាប់ពីខ្ញុំបានទៅដល់កន្លែងដែលខ្ញុំសម្រេចថានឹងទៅ ព្រមទាំងបានសម្លឹងមើលជុំវិញខ្លួនហើយ ដោយបានឃើញថា ខ្ញុំនៅតែម្នាក់ឯង នោះខ្ញុំក៏លុតជង្គង់ចុះ ហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំទើបតែចាប់ផ្ដើមធ្វើ នៅមួយរំពេចនោះ ស្រាប់តែខ្ញុំត្រូវបានគ្របសង្កត់ដោយអំណាចណាមួយ ដែលគ្របពីលើរូបខ្ញុំទាំងស្រុង ហើយមានឥទ្ធិពលមកលើរូបខ្ញុំយ៉ាងអស្ចារ្យ ដែលចងអណ្ដាតខ្ញុំទុក ធ្វើឲ្យខ្ញុំមិនអាចនិយាយបានឡើយ ។ ក៏មានភាពងងឹតហ៊ុមព័ទ្ធជុំវិញខ្ញុំ ហើយនៅពេលនោះ មើលទៅហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្នុងការបំផ្លិចបំផ្លាញយ៉ាងឆាប់ៗ ។
« ប៉ុន្តែដោយខំប្រឹងប្រែងអស់ពីសមត្ថភាពដែលខ្ញុំមាន ដើម្បីអំពាវនាវដល់ព្រះ សូមឲ្យដោះលែងខ្ញុំរួចពីអំណាចនៃខ្មាំងសត្រូវនេះ ដែលគ្របសង្កត់មកលើខ្ញុំ ហើយនៅខណៈនោះ កាលខ្ញុំហៀបនឹងលិចលង់ទៅក្នុងការអស់សង្ឃឹម ហើយបោះបង់ខ្លួនទៅក្នុងការបំផ្លិចបំផ្លាញ — ពុំមែនទៅក្នុងការហិនហោចដែលស្រមៃគិតឃើញនោះទេ តែទៅក្នុងអំណាចនៃអ្នកណាមួយពិត ដែលមកពីពិភពមើលមិនឃើញ ដែលមានអំណាចដ៏សែនអស្ចារ្យ ដែលខ្ញុំពុំធ្លាប់ឃើញអ្នកណាមួយមានពីមុនមកឡើយ — នៅខណៈការភ្ញាក់ផ្អើលដ៏មហិមានេះ ស្រាប់តែខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។
« នៅពេលរស្មីនោះលេចមកមិនយូរប៉ុន្មាន ស្រាប់តែខ្ញុំបានឃើញថា ខ្ញុំបានរួចពីខ្មាំងសត្រូវដែលបានចងខ្ញុំទុក ។ កាលពន្លឺនោះស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួអង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ !
« គោលបំណងរបស់ខ្ញុំ ក្នុងការទៅទូលដល់ព្រះអម្ចាស់ គឺចង់ដឹងថាបក្សពួកណាមួយទៅដែលត្រូវ ដើម្បីឲ្យខ្ញុំបានដឹងថា ខ្ញុំត្រូវចូលរួមនឹងបក្សណាមួយ ។ ហេតុដូច្នេះហើយ មិនយូរប៉ុន្មានខ្ញុំក៏បានដឹងខ្លួនវិញ ដែលអាចនិយាយបាន ខ្ញុំបានទូលដល់តួអង្គពីរនោះ ដែលឈរនៅក្នុងពន្លឺចំពីលើរូបខ្ញុំថា តើបក្សពួកទាំងអស់ណាមួយត្រូវ ( ដ្បិតនៅពេលនោះ ខ្ញុំមិនដែលបានគិតក្នុងចិត្តថា បក្សពួកទាំងនោះសុទ្ធតែខុសទាំងអស់គ្នាឡើយ ) — ហើយថា តើខ្ញុំគប្បីចូលរួមមួយណា ។
« ខ្ញុំបានទទួលចម្លើយថា ខ្ញុំមិនត្រូវចូលរួមនឹងបក្សពួកណាមួយឡើយ ដ្បិតគេសុទ្ធតែខុសទាំងអស់គ្នា » ។៤២
ដូចមានថ្លែងក្នុងឯកសារ « ដំណើររឿងការនិមិត្តដំបូង » លើគេហទំព័រ LDS.org ដូចនេះ « យ៉ូសែប ស៊្មីធ បានថ្លែងទីបន្ទាល់ម្ដងហើយម្ដងទៀតថា លោកបានមានការនិមិត្តអស្ចារ្យមួយឃើញព្រះជាព្រះវរបិតា និងបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទាំងសេចក្ដីពិតនៃការនិមិត្តដំបូង ទាំងការជំទាស់ចំពោះវា មិនអាចបញ្ជាក់បានតាមរយៈការស្រាវជ្រាវប្រវត្តិតែម្យ៉ាងនោះទេ ។ ការដឹងសេចក្ដីពិតនៃទីបន្ទាល់របស់ យ៉ូសែប ស៊្មីធ តម្រូវឲ្យមនុស្សគ្រប់រូបស្វែងរកសេចក្ដីពិតដោយស្មោះត្រង់ក្នុងការសិក្សាកំណត់ត្រា រួចប្រើសេចក្ដីជំនឿលើព្រះគ្រីស្ទឲ្យបានគ្រប់គ្រាន់ដើម្បីទូលសួរព្រះដោយចិត្តស្មោះ ដោយការអធិស្ឋានរាបទាបថាតើកំណត់ត្រានេះពិតដែរឬទេ ។ បើអ្នកស្វែងរកទូលសួរដោយស្មោះអស់ពីចិត្តដើម្បីធ្វើសកម្មភាពលើចម្លើយដែលផ្ដល់ដោយព្រះវិញ្ញាណបរិសុទ្ធ នោះភាពពោរពេញនៃសេចក្ដីពិតនៃការនិមិត្តរបស់ យ៉ូសែប ស៊្មីធ នឹងបង្ហាញឲ្យឃើញ ។ តាមរបៀបនេះ មនុស្សគ្រប់រូបអាចដឹងថា យ៉ូសែប ស៊្មីធ បានថ្លែងដោយទៀងត្រង់ថា ‹ ខ្ញុំបានឃើញការនិមិត្ត ខ្ញុំដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំដឹងថា ព្រះទ្រង់ក៏ដឹងថាខ្ញុំបានឃើញការនិមិត្ត ហើយខ្ញុំពុំអាចបដិសេធរឿងនេះ › បានឡើយ » [ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:២៥ ] » ។៤៣
យោងតាមប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ « ព្រឹត្តិការណ៍សំខាន់បំផុត ដែលបានកើតឡើងនៅក្នុងពិភពលោក ចាប់តាំងពីការមានព្រះជន្មរស់ឡើងវិញនៃព្រះរាជបុត្រារបស់ព្រះ ដែលយាងចេញពីផ្នូរ និងការយាងឡើងទៅស្ថានសួគ៌វិញ នោះគឺការយាងមករបស់ព្រះវរបិតា និងព្រះរាជបុត្រា មកជួបក្មេងប្រុស យ៉ូសែប ស៊្មីធ » ។៤៤
ប្អូនប្រុសស្រី វាជាបទពិសោធន៍ដ៏អស្ចារ្យ និងត្រចះត្រចង់ដើម្បីវិភាគលើអ្វីដែលយើងបានរៀនចេញពីបទពិសោធន៍ដ៏ពិសិដ្ឋ និងស្ញប់ស្ញែងរបស់ យ៉ូសែប ស៊្មីធ ។ ខ្ញុំចង់ចែកចាយឧទាហរណ៍ខ្លះអំពីសេចក្ដីពិតនានា ដែលយើងរៀនចេញពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ទាក់ទងនឹងនិស្ស័យរបស់ព្រះជាព្រះវរបិតា បុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ភាពពិតនៃសាតាំង និងភាពមិនចុះសម្រុងរវាងល្អ និងអាក្រក់ ព្រមទាំងទិដ្ឋភាពសំខាន់ដទៃទៀតក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។
យើងដឹងថាបទគម្ពីរជាការពិត ហើយអាចទទួលយកបាន ព្រមទាំងអនុវត្តក្នុងជីវិតយើង ។
យើងដឹងថាការពិចារណាលើបទគម្ពីរ នាំឲ្យមានអំណាច និងការចេះដឹង ។
យើងដឹងថាចំណេះដឹងតែម្យ៉ាងមិនគ្រប់គ្រាន់ឡើយ ព្រោះការប្រព្រឹត្តតាមអ្វីដែលយើងដឹងនាំមកនូវពរជ័យពីព្រះ ។
យើងរៀនដាក់ការទុកចិត្តលើព្រះ ហើយទូលសុំចម្លើយពីទ្រង់ចំពោះសំណួរសំខាន់ៗក្នុងជីវិត ហើយមិនដាក់ការទុកចិត្តយើងលើមនុស្សឡើយ ។
យើងដឹងថាការអធិស្ឋានត្រូវបានឆ្លើយស្របតាមសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនយើង និងតាមព្រះឆន្ទៈព្រះវរបិតាសួគ៌ ។
យើងស្គាល់ភាពពិតនៃជីវិតសាតាំង ហើយវាមានអំណាចពិតដើម្បីជះឥទ្ធិពលលើពិភពខាងសាច់ឈាម រួមទាំងយើងផងដែរ ។
យើងដឹងថាអំណាចសាតាំងមានកំណត់ ហើយព្រះមានព្រះចេស្ដាលើសលុបជាងវាទៅទៀត ។
យើងដឹងថាសាតាំងនឹងមិនឈប់បំផ្លាញកិច្ចការរបស់ព្រះឡើយ ហើយវាច្បាស់ជាបានដឹងអំពីសារៈសំខាន់របស់ យ៉ូសែប ស៊្មីធ ក្នុងតួនាទីលោកជាព្យាការីនៃការស្ដារឡើងវិញ ។
យើងដឹងថាយើងអាចយកឈ្នះលើសាតាំងបានដោយអំពាវនាវទៅព្រះ ហើយដាក់សេចក្ដីជំនឿ និងការទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ។
យើងដឹងថាទីណាមានពន្លឺ នោះភាពងងឹតត្រូវបាត់បង់ទៅ ។
យើងដឹងថាព្រះជាព្រះវរបិតា និងបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ គឺជាតួអង្គពីរដាច់ដោយឡែកពីគ្នា ដែលមានទ្រង់ទ្រាយ និងរូបរាងដូចគ្នា ។
យើងដឹងថាយើងត្រូវបានបង្កើតឡើងដូចរូបអង្គព្រះ ។
យើងដឹងថាព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ។
យើងដឹងថាព្រះស្គាល់យើងម្នាក់ៗ ហើយទ្រង់ជ្រាបអំពីសេចក្ដីត្រូវការ និងកង្វល់របស់យើង ។ ទ្រង់បានហៅយ៉ូសែបដោយឈ្មោះ ។
យើងស្គាល់ទំនាក់ទំនងរវាងព្រះជាព្រះវរបិតា និងបុត្រាទ្រង់គឺ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវធ្វើតាមព្រះវរបិតាទ្រង់ រីឯព្រះវរបិតាទាក់ទងមនុស្សលើផែនដីតាមរយៈបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
យើងដឹងថាព្រះវរបិតាសព្វព្រះទ័យនឹងព្រះយេស៊ូវគ្រីស្ទ ទើបទ្រង់ហៅព្រះយេស៊ូវថាជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ។
យើងដឹងថាសាសនាចក្រដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានស្ថាបនាពីបុរាណ គ្មានលើផែនដីនេះនៅជំនាន់ យ៉ូសែប ស៊្មីធ ទេ នោះជាការបញ្ជាក់ភាពពិតនៃការក្បត់សាសនាដ៏ធំដែលបានទាយទុកដោយសាវកប៉ុល ។
យើងដឹងថាពេលយើងចង់បានការតម្រែតម្រង់មកពីព្រះក្នុងជីវិតយើង នោះទ្រង់នឹងបង្ហាញទិសដៅមួយដល់យើង ។ នៅជំនាន់យ៉ូសែប និកាយ និងសាសនាទាំងអស់សុទ្ធតែខុស ។
យើងដឹងថាគ្រប់គ្រាកាន់កាប់ត្រួតត្រាទទួលបានការនិមិត្ត ពរជ័យ និងសិរីល្អពីព្រះ ។
យើងស្គាល់របៀបដែលព្រះជ្រើសរើសព្យាការី ។
យើងដឹងថាព្រះជ្រើសរើសអ្នកដែលមានចិត្តបរិសុទ្ធជាមនុស្សសុចរិត ហើយមានបំណងសុចរិតឲ្យធ្វើកិច្ចការទ្រង់ នោះជាការបញ្ជាក់ការបង្រៀនចេញពីព្រះគម្ពីរប៊ីបថា ព្រះទតមើលចិត្ត មិនមែនជ្រើសរើសដោយផ្អែកលើរូបរាង ឬស្ថានភាព ឬគោលជំហខាងសង្គមទេ ។
ប្អូនប្រុសស្រី ការនិមិត្តដំបូងគឺជាកូនសោចាក់បើកសេចក្ដីពិតជាច្រើនដែលបានកប់បាត់អស់ច្រើនសតវត្សរ៍មកហើយ ។ ចូរយើងកុំបំភ្លេច ឬមើលស្រាលសេចក្ដីពិតដ៏មានតម្លៃជាច្រើនដែលយើងបានរៀនចេញពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ឡើយ ។
ការបង្ហាញព្រះកាយរបស់ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដល់ យ៉ូសែប ស៊្មីធ ធ្វើឲ្យមានគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ។ យើងគប្បីចែកចាយព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ និងអ្វីទាំងអស់ដែលយើងបានរៀន ជាមួយមនុស្សដែលយើងស្រឡាញ់ ហើយខ្វល់ខ្វាយ ។
នេះជាសំណួរពីរដែលអ្នកអាចពិចារណា ឆ្លើយ ហើយចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #LDSdevo ។
-
តើសេចក្តីពិតអ្វីខ្លះ ដែលប្អូនៗអាចរៀនចេញពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ?
-
តើព្រះអម្ចាស់ធ្លាប់ឆ្លើយតបប្អូនៗ កាលប្អូនៗបានស្វែងរកសេចក្ដីពិត និងចម្លើយចំពោះសំណួរដែលប្អូនៗមានតាមរបៀបណា ?
ខ្ញុំរំភើបដើម្បីអានអ្វីដែលប្អូនៗនឹងចែកចាយទាក់ទងនឹងប្រធានបទ និងសំណួរសំខាន់ៗទាំងនេះ ។
ខ្ញុំសូមបញ្ចប់ដោយចែកចាយសេចក្ដីពិតមួយទៀតដែលខ្ញុំបានរៀន ដែលជាលទ្ធផលមកពីការផ្ដោតទៅលើការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ នៅពេលបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ប៉ុន្មានឆ្នាំមុន ខ្ញុំមានឯកសិទ្ធិបម្រើក្នុងគណៈប្រធានតំបន់ហ្វីលីពីន ។ សមាជិកក្នុងគណៈប្រធានតំបន់ដាក់វេនគ្នាថ្លែងសុន្ទរកថាក្នុងការប្រជុំធម្មនិដ្ឋាននៅឯ មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាទីក្រុងម៉ានីល ។ អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែលបានហៅថ្មីៗទៅទីក្រុងម៉ានីលពីបណ្ដាប្រទេសប្រមាណ ១៤ ពាសពេញអាស៊ី និងជុំវិញតំបន់ប៉ាស៊ីភិច ។
ពេលការចាត់តាំងយើងនៅតំបន់ហ្វីលីពីនបានដល់ទីបញ្ចប់ យើងរីករាយនឹងឱកាសចុងក្រោយដើម្បីថ្លែងទៅកាន់អ្នកផ្សព្វផ្សាយសាសនាក្នុងការប្រជុំធម្មនិដ្ឋាននៅ អិម.ធី.ស៊ី ។ ខ្ញុំនឹងចាំមិនភ្លេចកាលអង្គុយលើវេទិកា មើលទៅអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យទាំងនេះ ។ ខ្ញុំបានអធិស្ឋានសុំការបំផុសគំនិតដើម្បីអាចចែកចាយនឹងពួកគេ នូវអ្វីដែលនឹងជួយពួកគេយល់អំពីសារៈសំខាន់នៃកិច្ចការដែលពួកគេនឹងធ្វើនោះ ។ កាលខ្ញុំកំពុងគិតថាត្រូវនិយាយអ្វី ខ្ញុំបានឃើញគំនូរមួយនៅលើជញ្ជាំងបន្ទប់ប្រជុំ ។ វាជាគំនូរមួយដែលប្អូនៗប្រហែលជាធ្លាប់ឃើញក្នុងសាលាប្រជុំ ។ វាជាគំនូរល្បីឈ្មោះមួយអំពីការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ដោយ ដេល ផាសុន ។ វាបរិយាយអំពី យ៉ូសែប ស៊្មីធ អាយុ ១៤ ឆ្នាំកំពុងលុតជង្គង់ក្នុងព្រៃពិសិដ្ឋ ដើម្បីទទួលបានការណែនាំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំបានចាប់ផ្ដើមសារលិខិតខ្ញុំទៅកាន់អ្នកផ្សព្វផ្សាយសាសនាដោយចង្អុលទៅគំនូរការនិមិត្តដំបូងដោយ ដេល ផាសុន ហើយពន្យល់ប្រាប់ពួកគេថា នៅគ្រាដែល យ៉ូសែប ស៊្មីធ លុតជង្គង់ក្នុងព្រៃពិសិដ្ឋ អធិស្ឋានសុំការដឹកនាំក្នុងជីវិត វាជាតំណាងឲ្យសាសនាគន់ការីទាំងអស់ដែលស្វែងរកសេចក្ដីពិត តាំងពី អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ ហេតុអ្វី ? ព្រោះលោកមានសំណួរដែលសាសនាគន់ការីទៀងត្រង់ និងស្មោះត្រង់ទាំងអស់មានផងដែរ ។ កាលលោកទូលសួរព្រះអម្ចាស់ថាតើសាសនាណាមួយត្រឹមត្រូវ នោះលោកកំពុងស្វែងរកសេចក្ដីពិតហើយ ។ លោកបានស្វែងរកគោលបំណងក្នុងជីវិត ។ លោកបានស្រាវជ្រាវអំពីផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមា ។
តើមានអ្នកផ្សព្វផ្សាយសាសនាដែលមានសិទ្ធិអំណាចលើផែនដី នៅជំនាន់ដែលយ៉ូសែបបានអធិស្ឋានដោយស្មោះពីដួងចិត្ត មកចម្លើយដែរឬទេ ? ទេ ពុំមានទេ ។ ដូច្នេះ នៅគ្រាដ៏ពិសិដ្ឋនោះ ព្រះវរបិតាសួគ៌ និងបុត្រាស្ងួនភ្ងាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ បានបង្ហាញអង្គទ្រង់ ហើយឆ្លើយនឹងសំណួររបស់យ៉ូសែប ព្រមទាំងស្ដារឡើងវិញនៃភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានចាប់ផ្ដើម ។
ក៏ដូចជា យ៉ូសែប ស៊្មីធ ដែរ សាសនាគន់ការីដែលនឹងធ្វើ ហើយគោរពតាមការតាំងចិត្តខ្លួន ទីបញ្ចប់រីកចម្រើនឆ្ពោះទៅទទួលបុណ្យជ្រមុជទឹក គឺជាការស្វែងរកសេចក្ដីពិត និងគោលបំណងខ្លួនលើផែនដីនេះយ៉ាងសកម្ម ។ នេះមិនគ្រាន់តែជាមេរៀនដ៏សំខាន់មួយសម្រាប់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងទេ វាក៏សម្រាប់យើងដើម្បីរៀនពេលយើងចែកចាយដំណឹងល្អផងដែរ ។ វាសំខាន់ដែលត្រូវកត់ចំណាំថា មនុស្សជាច្រើនដែលស្វែងរកការដឹកនាំ និងគោលបំណងក្នុងជីវិត ត្រូវបានតំណាងដោយអ្នកផ្សព្វផ្សាយសាសនាក្នុងការប្រជុំធម្មនិដ្ឋាននេះ។ ពួកគេជាមិត្តភក្ដិ និង ជាអ្នករួមការងារប្អូនៗ ។ ភរិយាខ្ញុំ ណានស៊ី ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ ដែលមានវ័យស្របាលប្អូនៗពេលនេះ កាលគាត់ស្វែងរកសេចក្ដីពិត និងគោលបំណងក្នុងជីវិត ។
មិត្តវ័យក្មេងអើយ វាជាពរជ័យអស្ចារ្យដែលយើងបានកើតមកក្នុងជំនាន់ដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញលើផែនដីនេះពេញលេញ ។ ខ្ញុំសូមធ្វើជាសាក្សី និងថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ បានជួបនឹងព្រះជាព្រះវរបិតា និងបុត្រាទ្រង់គឺ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នាទិវាមួយក្នុងនិទាឃរដូវដ៏ស្រស់ស្អាត នាឆ្នាំ ១៨២០ ។ ខ្ញុំសូមធ្វើជាសាក្សីថា ព័ត៌មានដ៏ពិសិដ្ឋដែលពួកគេចែកចាយ និងអ្វី ដែលយ៉ូសែបបានទទួល គឺជាការបំពេញតាមការព្យាករដោយព្យាការីដ៏បរិសុទ្ធពេញប្រវត្តិសាស្ត្រផែនដី ។ ខ្ញុំក៏សូមធ្វើជាសាក្សីថា សេរីភាពខាងសាសនាដែលបានផ្ដល់ឲ្យតាមរយៈការបង្កើត និងស្ថាបនាសហរដ្ឋអាមេរិកឡើង បានជួយរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមអំពីភាពពោរពេញនៃសេចក្ដីពិតក្នុងប្រសាសន៍ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ដែលលោកថ្លែងអំពីការនិមិត្តដំបូងថា « យ៉ូសែប ស៊្មីធ បានដឹងនៅគ្រានោះ ទោះជាវែង ឬដោយសង្ខេប លោកបានដឹងកាន់តែច្បាស់អំពីនិស្ស័យនៃព្រះ ជាងការដែលលោករៀនពេលណាៗទាំងអស់ » ។៤៥ នោះឱកាសដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នាដើម្បីចែកចាយទីបន្ទាល់អំពីការស្ដារឡើងវិញនៃភាពពោរពេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយនេះ ។
ប្អូនប្រុសស្រី សេចក្តីពិតបានស្ដារឡើងវិញហើយ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
© ឆ្នាំ ២០១៦ ដោយ Intellectual Reserve,Inc ។ រក្សាសិទ្ធិគ្រប់យ៉ាង ។ អនុមតិជាភាសាអង់គ្លេស ៖ ៣/១៦ ។ អនុមតិឲ្យបកប្រែ ៖ ៣/១៦ ការបកប្រែនៃ “The Truth Restored.” ។ Cambodian PD60001510 258