ស្មារតីនៃបុណ្យគ្រីស្ទម៉ាស់
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយ
ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដែលមានវត្តមានជាមួយបងប្អូននៅក្នុងការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់នៅទូទាំងពិភពលោកនេះ ។ តន្ដ្រី និងទំនុកបទដ៏សែនពិរោះនេះ បានប៉ះដួងចិត្តរបស់យើងទាំងអស់គ្នា េះបាននាំមកនូវវិញ្ញាណពិតនៃបុណ្យគ្រីស្ទម៉ាស់ សេចក្ដីអំណរក្នុងការថ្វាយបង្គំ និងសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ យើងត្រូវបានចងភ្ជាប់គ្នានៅក្នុងសេចក្ដីស្រឡាញ់ និងការលះបង់របស់យើងចំពោះទ្រង់ ។
អារម្មណ៍នៃការថ្វាយបង្គំនោះកើនឡើងរាល់ពេលខ្ញុំអានព្រះគម្ពីរ ដែលជួយខ្ញុំឲ្យដឹងថា ពីមុន និងពេលនេះទ្រង់ជានរណា ។ តាមរយៈការអាន និងការអធិស្ឋាន នោះខ្ញុំបានស្គាល់ព្រះយេស៊ូវក្នុងនាមជាព្រះយេហូវ៉ា ដែលស្ថិតក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌របស់យើងគឺជាអង្គបង្កបង្កើតគ្រប់អ្វីៗទាំងអស់ ។ ប៉ុលបានរៀបរាប់ដូចនេះថា ៖
« ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប
« នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរតក ព្រមទាំងបង្កើតលោកីយ៍ ដោយសារព្រះរាជបុត្រានោះដែរ
« គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសម្អាតអំពើបាបរបស់យើងរាល់គ្នាទាំងប៉ុន្មាន នោះក៏គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់
« ហើយដែលទ្រង់បានទទួលនាម១ ទុកជាមរតក ជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណា នោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ ។
« ដ្បិតតើព្រះដែលមានព្រះបន្ទូលនឹងទេវតាណាមួយថា « ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ » ឬថា អញនឹងបានជាឪពុកដល់វា ហើយវានឹងបានជាកូនរបស់អញ ដូច្នេះឬទេ ?
« ហើយម្តងទៀត កាលទ្រង់ឱ្យព្រះរាជបុត្រាមកក្នុងលោកីយ៍ នោះទ្រង់មានបន្ទូលថា ចូរឱ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ » ។ ១
នៅពេលកំណើតរបស់ព្រះយេស៊ូវនៅក្នុងភូមិបេថ្លេហិម ពួកទេវតាបានច្រៀង ដូចដែលបានព្យាករ ថាមានផ្កាយថ្មីមួយបានលេចមកបំភ្លឺមេឃ ដោយគោរពដល់ការយាងមកនៃព្រះរាជបុត្រានៃព្រះមកក្នុងជីវិតរមែងស្លាប់ ។
ទ្រង់គង់នៅខ្ពស់ជាងយើង ប៉ុន្ដែព្រឹត្តិការណ៍ដែលកើតឡើងជុំវិញការប្រសូតក្នុងជីវិតរមែងស្លាប់របស់ទ្រង់ នាំមកយើងនូវអារម្មណ៍នៃវត្តមានទ្រង់គង់នៅជិតក្បែរយើងវិញ ។ ទ្រង់បានជ្រើសរើសដើម្បីយាងចុះមកពីបល្ល័ង្ករបស់ទ្រង់នៅខាងស្តាំព្រះហស្តនៃព្រះវរបិតា ដើម្បីលើកដាក់លើអង្គទ្រង់នូវជីវិតរមែងស្លាប់ ។ ទ្រង់បានធ្វើដូច្នេះដោយក្តីស្រឡាញ់ដល់បុត្រា និងបុត្រីគ្រប់រូបរបស់ព្រះវរបិតា ដែលនឹងកើតមកក្នុងពិភពលោកនេះ ។ ទ្រង់បានធ្វើដូច្នេះដោយក្តីស្រឡាញ់ចំពោះបងប្អូន—និងចំពោះខ្ញុំ ។
ទ្រង់អាចប្រសូតនៅក្នុងស្ថានភាពណាក៏បានដែរ ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានប្រសូតមកនៅក្នុងស្ថានភាពដ៏រាបសានៅក្នុងភូមិដ៏តូចមួយ ។ ពួកអ្នកគង្វាលចៀមបានស្វាគមន៍ទ្រង់ ។ ពួកហោរាពីរបីនាក់ត្រូវបានដឹកនាំដោយការបំផុសគំនិត ដើម្បីទៅថ្វាយបង្គំទ្រង់ ។ មេដឹកនាំនយោបាយបានបញ្ជាឲ្យសម្លាប់ទ្រង់ ។ ទ្រង់ត្រូវបានគេចទៅប្រទេសផ្សេង ដើម្បីការពារព្រះជន្មរបស់ទ្រង់ ។ នៅពេលទេវតាមួយអង្គបានប្រាប់មាតាបិតាក្នុងជីវិតរមែងស្លាប់របស់ទ្រង់ថា ទ្រង់អាចត្រឡប់ទៅប្រទេសកំណើតរបស់ទ្រង់វិញ នោះពួកគាត់បាននាំទ្រង់ទៅណាសារ៉ែត ។ ទ្រង់ចំណាយពេលជិត ៣០ ឆ្នាំនៅទីនោះ ធំឡើង និងធ្វើការជាជាងឈើ មុនពេលការងារបម្រើជាសាធារណៈរបស់ទ្រង់អាចចាប់ផ្តើម។
បងប្អូនប្រហែលជាងឿងឆ្ងល់ដូចជារូបខ្ញុំដែរថា ហេតុអ្វីចាំបាច់ត្រូវឲ្យព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ព្រះ បញ្ជូនមកធ្វើបេសកកម្មបែបនោះទៅវិញ ។ សូមចងចាំពីរបៀបដែលទ្រង់បានពិពណ៌នា អំពីការទទួលយកដោយរាបសារបស់ទ្រង់ចំពោះការហៅរបស់ទ្រង់ ៖
« ខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក ។
« ឯបំណងព្រះហឫទ័យ នៃព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកនោះ គឺមិនចង់ឲ្យខ្ញុំបាត់អ្នកណាក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើងនៅថ្ងៃចុងបំផុតវិញ ។
« នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុត » ។ ២
ព្រះយេស៊ូវបានបង្ហាញនូវសេចក្តីស្រឡាញ់ និងចិត្តរាបសារបស់ទ្រង់ ។ ទោះបីជាកន្លែងដ៏មានឫទ្ធានុភាព និងភាពរុងរឿងរបស់ទ្រង់ជាមួយព្រះវរបិតារបស់ទ្រង់ក៏ដោយ ក៏ព្រះយេស៊ូវបានជ្រើសរើសពួកសិស្សរបស់ទ្រង់នៅលើផែនដីជាមនុស្សសាមញទូទៅ ដែលរួមមាន អ្នកនេសាទ អ្នកយកពន្ធ និងហ្ស៊ីឡុតជាដើម ។
ទ្រង់បានបង្រៀន និងបានប្រាស្រ័យទាក់ទងជាមួយនឹងពួកអ្នកកើតឃ្លង់ អ្នកឈឺ មនុស្សពិការ និងមនុស្សទាំងឡាយណាដែលត្រូវបានគេស្អប់ ។ ទ្រង់បានស្រឡាញ់ និងទទួលយកអ្នកដែលទាបបំផុតក្នុងចំណោមពួកគេ ទោះបីជាទ្រង់បានយាងចុះមកពីព្រះរាជវាំងដ៏ខ្ពង់ខ្ពស់ក្តី ។ ទ្រង់បានបម្រើពួកគេ បានស្រឡាញ់ពួកគេ ហើយបានលើកពួកគេឡើង ។
សណ្តានចិត្តល្អពេញដោយក្តីស្រឡាញ់ និងការអត់ធ្មត់ដ៏គួរឲ្យកត់សម្គាល់របស់ទ្រង់ បានកើនឡើង សូម្បីតែនៅចុងបញ្ចប់នៃបេសកកម្មនៅលើផែនដីរបស់ទ្រង់ ។ ទ្រង់បានប្រឈមមុខនឹងការជំទាស់ប្រឆាំង និងការស្អប់ ទ្រង់បានត្រាស់ដឹងថា នោះជាផ្នែកមួយនៃបេសកកម្មនេះដែលទ្រង់ត្រូវបានហៅ ហើយទ្រង់ព្រមទទួលយក ។ គឺដើម្បីរងទុក្ខចំពោះអំពើបាប និងទុក្ខវេទនានៃមនុស្សទាំងអស់ដែលមានជីវិតរមែងស្លាប់នេះ ។
បងប្អូនចាំពាក្យសម្ដីរបស់ យ៉ាកុប កាលលោកបង្រៀនអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ៖
« ឱសេចក្ដីបរិសុទ្ធនៃព្រះរបស់យើងធំណាស់ហ្ន៎ ! ត្បិតទ្រង់ជ្រាបគ្រប់អស់ទាំងការណ៍ ហើយគ្មានការណ៍អ្វីដែលទ្រង់មិនជ្រាបនោះឡើយ ។
« ហើយទ្រង់យាងមកឯលោកិយ ដើម្បីទ្រង់អាចសង្គ្រោះមនុស្សលោកទាំងអស់ បើសិនជាពួកគេព្រមស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ ត្បិតមើលចុះទ្រង់រងទុក្ខការឈឺចាប់នៃមនុស្សលោកទាំងអស់ មែនហើយ គឺការឈឺចាប់របស់សត្វលោកសព្វសារពើ ដែលរស់នៅទាំងប្រុសទាំងស្រី និងក្មេងៗដែលជាគ្រួសារនៃលោកអ័ដាម ។
« ហើយទ្រង់រងទុក្ខបែបនេះ គឺដើម្បីឲ្យមានដំណើររស់ឡើងវិញ ដល់មនុស្សលោកទាំងអស់ ហើយដើម្បីឲ្យមនុស្សលោកទាំងអស់អាចឈរចំពោះទ្រង់នៅក្នុងថ្ងៃជំនុំជម្រះដ៏ធំ » ។ ៣
ព្រះឱរសនៅក្នុងស្នូកនៅឯភូមិបេថ្លេហិមគឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវបានបញ្ជូនមកដោយព្រះវរបិតា ដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់យើង ។ ទ្រង់គឺជាព្រះរាជបុត្រាបង្កើតតែមួយគត់នៃព្រះវរបិតានៅក្នុងសាច់ឈាម ។ ទ្រង់គឺជាគំរូរបស់យើង ។
ដើម្បីមានស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ យើងត្រូវតែព្យាយាមស្រឡាញ់ឲ្យដូចដែលទ្រង់បានស្រឡាញ់ ។ ព្រះបន្ទូលរបស់ទ្រង់មកកាន់បងប្អូន និងរូបខ្ញុំថា គឺឲ្យ« អ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។ ៤
បងប្អូនអាចមានអារម្មណ៍ថាមានស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ ដូចដែលខ្ញុំមាន នៅក្នុងពាក្យទាំងនោះដែរ ។ ខ្ញុំមានអារម្មណ៍ពីពន្លឺ និងសុទិដ្ឋិនិយម ដែលបានមកពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលណាខ្ញុំចងចាំ និងសញ្ជឹងគិតអំពីគំរូនៃព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។
សម្រាប់ខ្ញុំ អាចជាការចងចាំដ៏ផ្អែមល្ហែមបំផុតមួយថា ព្រះអម្ចាស់ត្រៀមព្រះកាយរួចជាស្រេច ដើម្បីជួយដល់យើងគ្រប់បញ្ហាទាំងអស់ ។ ដូចមរ៉ូណៃបានបង្រៀន ៖
« ព្រះទ្រង់ជ្រាបគ្រប់រឿងទាំងអស់ ចាប់តាំងពីភាពអស់កល្បជានិច្ច ទៅភាពអស់កល្បជានិច្ច មើលចុះ ទ្រង់បានចាត់ឲ្យពួកទេវតាមកធ្វើការងារបម្រើដល់កូនចៅមនុស្ស គឺដើម្បីមកសម្ដែងឲ្យដឹង អំពីការយាងមកនៃព្រះគ្រីស្ទ ហើយនៅក្នុងព្រះគ្រីស្ទ នោះអ្វីដែលល្អគ្រប់យ៉ាងនឹងចេញមក ។
« ហើយព្រះទ្រង់ក៏ប្រកាសដល់ពួកព្យាការី ដោយព្រះឱស្ឋទ្រង់ផ្ទាល់ថា ព្រះគ្រីស្ទនឹងយាងមក ។
« ហើយមើលចុះ មានមធ្យោបាយជាច្រើន ដែលទ្រង់បានសម្ដែងការណ៍ផ្សេងៗដល់កូនចៅមនុស្ស ដែលជាការណ៍ល្អ ហើយគ្រប់អស់ទាំងការណ៍ណាដែលល្អ នោះចេញមកពីព្រះគ្រីស្ទ បើពុំនោះសោតទេ មនុស្សលោកត្រូវបានធ្លាក់ ហើយនឹងពុំអាចមានការណ៍ល្អណាកើតឡើងដល់គេបានឡើយ ។
« ហេតុដូច្នោះហើយ ដោយការងារបម្រើនៃពួកទេវតា និងដោយគ្រប់ពាក្យទាំងអស់ ដែលចេញមកពីព្រះឱស្ឋនៃព្រះ នោះមនុស្សបានចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ម្ល៉ោះហើយ ដោយសេចក្ដីជំនឿ នោះពួកគេបានក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ម្ល៉ោះហើយ គឺយ៉ាងដូច្នោះហើយ រហូតដល់ព្រះគ្រីស្ទទ្រង់យាងមក ។
« ហើយបន្ទាប់ពីទ្រង់បានយាងមក នោះមនុស្សលោកក៏ត្រូវបានសង្គ្រោះដោយសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហើយដោយសេចក្ដីជំនឿ នោះពួកគេក្លាយទៅជាកូន [ ប្រុសស្រីរបស់ ] ព្រះ ។ ហើយប្រាកដដូចជាព្រះគ្រីស្ទមានព្រះជន្មរស់នៅ នោះទ្រង់មានព្រះបន្ទូលទៅកាន់ពួកអយ្យកោយើងថា ៖ អ្វីក៏ដោយ ដែលអ្នកសូមពីព្រះវរបិតាដោយនូវនាមយើង ដែលជាការល្អ ដោយនូវសេចក្ដីជំនឿជឿថាអ្នកនឹងបានទទួល មើលចុះ នោះនឹងបានប្រទានឲ្យអ្នក » ។ ៥
នៅរដូវកាលនេះ បងប្អូនជាច្រើនអធិស្ឋានសុំកម្លាំងដើម្បីស៊ូទ្រាំនឹងការសាកល្បងនានាដែលសាកល្បងបងប្អូន ដែលបងប្អូនអាចមានអារម្មណ៍ថាដល់ដែនកំណត់របស់បងប្អូនហើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះ និងព្រះវរបិតាបានស្ដាប់ឮនូវពាក្យអង្វររបស់បងប្អូនសម្រាប់ការសង្គ្រោះនិងសម្រាប់អ្វីដែលល្អចំពោះបងប្អូន និងសម្រាប់អ្នកដែលបងប្អូនស្រឡាញ់ និងបម្រើ ។
ចម្លើយនឹងមកដូចដែលវាបានមានចំពោះព្យាការី យ៉ូសែប ស្ម៊ីធដែរ ។ បងប្អូននឹងទទួលស្គាល់ការអធិស្ឋានរបស់យ៉ូសែបសម្រាប់ជំនួយដូចជាការអធិស្ឋានរបស់បងប្អូនផ្ទាល់ផងដែរ ។ ហើយបងប្អូននឹងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះយ៉ូសែប និងចំពោះបងប្អូននៅក្នុងចម្លើយលួងលោមរបស់ទ្រង់ចំពោះការអំពាវនាវរបស់យ៉ូសែប ។ យ៉ូសែបបានអធិស្ឋានថា ៖
« ឱ ព្រះអង្គអើយ តើព្រះអង្គ គង់នៅទីណា ? ហើយតើព្រះពន្លាដែលគ្របបាំងទីបំពួនទ្រង់នៅទីណា ?
« តើព្រះហស្តទ្រង់នឹងទប់ទុក ហើយព្រះនេត្រទ្រង់ មែនហើយ ព្រះនេត្រដ៏សុទ្ធសាធរបស់ទ្រង់ ដែលទតមើលមកពីស្ថានសួគ៌ដ៏នៅអស់កល្បជានិច្ចនូវកំហុសទាំងឡាយនៃរាស្ត្ររបស់ទ្រង់ និងពួកអ្នកបម្រើរបស់ទ្រង់ ហើយនឹងព្រះកាណ៌ទ្រង់ ដែលឮសម្រែករបស់ពួកគេដល់ណាទៅ ? » ៦
ហើយព្រះអម្ចាស់បានឆ្លើយតបដូចដែលទ្រង់អាចធ្វើចំពោះបងប្អូន និងចំពោះរូបខ្ញុំដែរ ៖
« ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និង សេចក្ដីលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ អ្នកនឹងបានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់ ។
« មិត្តភក្តិទាំងឡាយរបស់អ្នកកំពុងឈរគាំទ្រអ្នក ហើយពួកគេនឹងជម្រាបសួរអ្នកដោយចិត្តសាទរ និងដៃសោមនស្សទៀត » ។ ៧
ខ្ញុំដឹងដោយខ្លួនខ្ញុំថា ការសន្យាទាំងនោះគឺមានពិតប្រាកដសម្រាប់បងប្អូន និងខ្ញុំ និងសម្រាប់អស់អ្នកទាំងឡាយដែលយើងស្រឡាញ់ ។ ព្រះអម្ចាស់បានទទួលអារម្មណ៍ពីការឈឺចាប់របស់យើង ។ ទ្រង់បានធ្វើបែបនោះ ដោយសារទ្រង់ស្រឡាញ់យើង ។ ទ្រង់ញាណដឹងពីរបៀបដើម្បីជួយយើងឲ្យមានអារម្មណ៍សុខសាន្តនៅក្នុងគ្រាលំបាក ទោះបីជាការសាកល្បងនៅតែបន្តក៏ដោយ ។ ទ្រង់នឹងបញ្ជូនមិត្តដូចជាទេវតា ដើម្បីមកឈរក្បែរបងប្អូន« ដោយចិត្តល្អ និងដៃរួសរាយរាក់ទាក់ » ។ ដួងចិត្តរបស់យើងនឹងបានផ្លាស់ប្តូរប្រសើរឡើង នៅពេលដែលយើងស៊ូទ្រាំនឹងការសាកល្បងផ្ទាល់ខ្លួន តាមរយៈជំនឿនៅលើទ្រង់ ។ ៨ ហើយជាមួយនឹងការផ្លាស់ប្តូរនោះ យើងនឹងក្លាយជាមិត្តសម្លាញ់ដែលព្រះអម្ចាស់អាចចាត់ដូចជាទេវតា ទៅចំពោះអ្នកដទៃផងដែរ ។
ក្នុងនាមជាសាក្សីរបស់ទ្រង់ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទារកដែលកើតនៅក្នុងភូមិបេថ្លេហិម គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ព្រះ ។ ខ្ញុំសូមសន្យាថា នៅពេលដែលបងប្អូនទូលទៅព្រះវរបិតាសួគ៌ដោយសេចក្ដីជំនឿ ហើយនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះព្រះវិញ្ញាណនឹងនាំអារម្មណ៍សុខសាន្តដល់បងប្អូន និងមនុស្សជាទីស្រឡាញ់របស់បងប្អូន ។
ខ្ញុំសូមបង្ហាញនូវសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូន ជាមួយនឹងបំណងប្រាថ្នារបស់ខ្ញុំថា សូមឲ្យបងប្អូនមានរដូវបុណ្យគ្រីស្ទម៉ាស់ដ៏រីករាយមួយ—នៅឆ្នាំនេះ និងជានិច្ចតទៅ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕