ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
« ហើយ​បងប្អូន​ក៏​អាច​ដឹង​ផង​ដែរ »


« ហើយ​បងប្អូន​ក៏​អាច​ដឹង​ផង​ដែរ »

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ

ថ្ងៃ អាទិត្យ ទី៥ ខែ​ធ្នូ ឆ្នាំ២០២១

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ បុណ្យ​គ្រីស្ទម៉ាស់​នៅក្នុង​ផ្ទះ​កាល​ពី​កុមារភាព​របស់​ខ្ញុំ​ត្រូវ​បាន​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ប្រពៃណី​វប្បធម៌ខាង​ស្រុកកំណើត​របស់​ឪពុកម្តាយ​ខ្ញុំ ។ ម្តាយ​របស់​ខ្ញុំ​បាន​ធ្វើ​អន្តោប្រវេសន៍​មកកាន់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ស៊ុយអែត ហើយ​ឪពុកខ្ញុំ​មកពី​ប្រទេស​ហ្វាំងឡង់ ។ នៅក្នុង​ការរៀបចំ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ យើង​តុបតែង​ដើម​គ្រីស្ទម៉ាស​របស់យើង​ជាមួយ​គ្រឿងលម្អរ​ដែល​ធ្វើ​ដោយដៃ ហើយ​ម្តាយ​របស់​ខ្ញុំ​ដុតនំ​ម្តងហើយ​ម្តងទៀត ។ សម្រាប់​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ជីដូន​របស់​ស៊ីស្ទើរ ក្រេហ្គ ឡងហ្គ្រេន ។ ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​របស់​យើង​បាន​ចាប់ផ្តើម​ជាមួយ​នឹង​អាហារ​ដ៏​ឆ្ងាញ់ ហូរហៀ​ដែល​ជា​ប្រពៃណី​ដ៏​ពិសេស​ដែល​ម្តាយ​របស់ខ្ញុំ​បាន​រៀបចំ—មាន​ដុំប្រហិត បង្អែម​ធ្វើ​ពី​អង្ករ និង​នំបុ័ងផ្អែម និង​នំ​ខូឃី ដ៏​សម្បូរបែប ។ ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​បាន​បញ្ចប់​ជាមួយនឹង​ការមកដល់​របស់​Jultomten—តា សាន់តាក្លូស—ដែលបាន​នាំយក​អំណោយ​សម្រាប់​ក្មេងៗ​ទាំងអស់ ។ ប៉ុន្តែ​ពីមុន​Jultomten​មក​ដល់ ម្តាយ​របស់​ខ្ញុំ​តែងតែ​ប្រមូល​បងប្អូន​ប្រុសស្រី និង​ខ្ញុំ​ដើម្បី​ស្តាប់​ឪពុក​របស់​ខ្ញុំ​អាន​អំពី​ដំណើរ រឿង​បុណ្យ​គ្រីស្ទម៉ាស់​ចេញ​ពី​ព្រះគម្ពីរសញ្ញាថ្មី ។

ឪពុក​ខ្ញុំ​ជា​មនុស្ស​ស្ងៀមស្ងាត់​ម្នាក់ គាត់​ចេះ​អាន ភាសា​កំណើត​និង​ភាសា​អង់គ្លេស​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​គាត់​ចូល​រៀន​នៅ​ពេល​គាត់​ធំ​ហើយ ។ គាត់​ជា​មនុស្ស​និយាយ​ត្រង់​បំផុត ហើយ មិន​ដែល​ចេះ​សរសើរ​អ្នក​ណា​ឡើយ ។ គាត់​មិន​ស៊ីវីល័យ ហើយ​ក៏​មិន​ឡូយឆាយ​ដែរ ។ នៅ​ល្ងាច​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស​គាត់​អាន​ចេញពី​លូកា ជំពូក​ទី ២ ​ចំពោះ​ពួក​អ្នកគង្វាល ការប្រសូត​របស់​ព្រះយេស៊ូវ ហើយ​ម៉ារី​បាន​សញ្ជឹង​គិត​អំពី​អ្វី​ទាំងអស់​ដែល​បាន​កើត​ឡើង​ក្នុង​ចិត្ត​របស់​គាត់ ។ ប៉ុន្តែ​ឪពុក​របស់​ខ្ញុំ​មិន​បាន​ឈប់​នៅ​ត្រឹម ខទី ១៩​នោះទេ គាត់​បាន​បន្ត​ទៅ​ដំណើរ​រឿង​របស់​ម៉ារី និង​យ៉ូសែប​ដែល​បាន​នាំ​ទារក​យេស៊ូ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទីក្រុង​យេរូសាឡិម​ដើម្បី​បង់ដង្វាយទៅតាម​ច្បាប់​របស់​ម៉ូសេ ។

ឪពុក​ខ្ញុំ​បាន​អានថា ៖

« នោះ​មើល នៅ​ក្រុង​យេរូសាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន …

« ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះគ្រីស្ទ​នៃ​ព្រះអម្ចាស់ ។

« គាត់​ចូល​មក​ក្នុង​ព្រះវិហារ​ដោយ​នូវ​ព្រះវិញ្ញាណ រួច​[ យ៉ូសែប និង​ម៉ារី​ ]​នាំ​យក​ព្រះយេស៊ូវ ជា​ឱរស​ចូល​មក …

« នោះ [ ស៊ីម្មាន ] ក៏ ទទួល មក បី ហើយ សរសើរ ដល់ ព្រះ ដោយ ពាក្យ ថា

« ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បម្រើទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ៖

« ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្តីសង្គ្រោះ​របស់​ផង​ទ្រង់

« ដែល​ទ្រង់​បាន​រៀបចំ​នៅមុខ​បណ្តាជន​ទាំងឡាយ ។ »​

ដល់​ចំណុច​នេះ ឪពុក​របស់​ខ្ញុំ​តែង​តែ​ឈប់​បន្តិច​សិន ។ បន្ទាប់​មក​គាត់​បាន​ធ្វើ​ទីបន្ទាល់​របស់​គាត់ ។ ដោយ​សង្ខេប ដដែលៗ លោក​បាន​ប្រកាស​ជា​ភាសាអង់គ្លេស ដោយ​ខ្លាំងៗ​ថា ៖​« ឪពុក​ដឹង​ដូច​ដែល​ស៊ីម្មាន​ដឹង​ដែរ​ថា ទារក​នោះ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​ឪពុក ។ ទ្រង់​គឺ​មាន​ពិតប្រាកដមែន ហើយ​ទ្រង់​មាន​ព្រះជន្ម​នៅរស់ » ។ បន្ទាប់​ពី​ការប្រកាស​ប្រកប គាត់​បាន​មើល​មក​យើង​ម្នាក់ៗ​ដោយ​បញ្ចេញ​ពន្លឺ​ពណ៌​ខៀវ​ខ្ចី​ពី​កែវភ្នែក​របស់​គាត់ ហើយ​បាន​និយាយ​ដោយ​ងក់​ក្បាល​ជឿជាក់​ថា « ហើយ​កូនៗ​ក៏​អាច​ដឹង​ផងដែរ » ។

ឪពុក និង​ម្តាយ​របស់​ខ្ញុំ​បាន​ដឹង​ថា​ទារក​នៅ​ក្រុង​យេរូសាឡិម​ជា​នរណា និង​អ្វី​ដែល​ទ្រង់​សម្រេច​បាន​នៅពេល​ធំឡើង ។ ចំណេះដឹង​នេះ​បាន​ផ្លាស់ប្ដូរ​ពួកគាត់ ។ ពួកគាត់​មិន​ត្រឹមតែ​ចង់​ឲ្យ​យើង​ជាកូនៗ​ជឿ​លើ​ពាក្យ​សម្ដី​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថា​យើង​នឹង​មក​ស្គាល់​ដោយ​ខ្លួន​យើង​ដើម្បី​ឲ្យ​យើង​អាច​បាន​ផ្លាស់ប្តូរ​ផងដែរ ។ ដោយ​ទទួល​បាន​ការ​បំផុស​គំនិត​ពីទីបន្ទាល់​របស់​ឪពុកម្ដាយ​របស់ខ្ញុំ នោះ​ខ្ញុំ​បាន​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដោយ​មាន​បំណង​ប្រាថ្នា​ចង់ « ដឹង​ផងដែរ » ។

កាល​ខ្ញុំ​អាយុ ១១ ឆ្នាំ គ្រួសារ​របស់​យើង​បាន​រស់នៅ​ក្នុង​ទីក្រុង​ហ្គោថេនបឺក ប្រទេសស៊ុយអែត ។ ប្រធាន​បេសកកម្ម​បាន​អញ្ជើញ​ដល់​យុវវ័យ​ទាំងអស់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ តាមពិតទៅ​ខ្ញុំ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អញ្ជើញ​នោះ​ទេ ប៉ុន្តែ​បងប្រុស​របស់​ខ្ញុំ​កាលនោះ​ជា ឌីកុន ហើយ​គាត់​បាន​ទទួល​យក​ការអញ្ជើញ​នោះ ។ ខ្ញុំ​តែងតែ​ចង់​ធ្វើ​ដូច​បងប្រុស​របស់​ខ្ញុំ ហើយ​ធ្វើ​អ្វី​ដែល​គាត់ធ្វើ ហេតុដូច្នេះ​ហើយ​ខ្ញុំ​ក៏​បាន​ចូលរួម ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ និង​ខ្ញុំ​នូវ​បណ្តុំ​គម្ពីរ​រៀងៗ​ខ្លួន ហើយ​ខ្ញុំ​ចាប់​ផ្ដើម​អាន​រៀងរាល់​ល្ងាច ។

ប៉ុន្មាន​ខែ​ក្រោយ​មក ប្រធាន ហ្គោស្តា ម៉ាម ជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈ​ប្រធាន​បេសកកម្ម​ ដែល​ត្រូវ​ជា​ឪពុក​អតីត​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​របស់ អែលឌើ ភើរ ជី ម៉ាម បាន​លើក​ទឹកចិត្ត​យុវវ័យ​ដែល​បាន​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​សូមសួរ​ដល់​ព្រះ​អំពី​សេចក្តី​ពិត​នៃ​ព្រះគម្ពីរមរមន ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​តាមដូច្នោះ ។ នៅ​យប់​នោះ​ខ្ញុំ​រង់​ចាំ​រហូត​ដល់​បង​ប្រុស​របស់​ខ្ញុំ​បាន​គេង​លក់ ។ ខ្ញុំ​បាន​ចុះ​ពី​គ្រែ លុតជង្គង់​ចុះ​លើ​កម្រាលឥដ្ឋ​ដ៏​ត្រជាក់ ហើយ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ការអធិស្ឋាន ។ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ភ្លាមថា​ខ្ញុំ​ដូចជា​មាន​គេ​ប្រាប់ថា​« ខ្ញុំ​បាន​ប្រាប់​អ្នក​តាំង​ពីមុនៗ​មកថា​វាជា​ការពិត » ។ ហើយ​ជាមួយ​ហេតុការណ៏​នោះ សេចក្តី​សុខសាន្ត​ដែល​មិនអាច​ពិពណ៌នា​បាន​គ្របដណ្តប់​មកលើខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួនឯង​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។ 

ដូចដែល​បាន​សន្យា​នៅ​ក្នុង បុព្វកថា​នៃ​ព្រះគម្ពីរ​មរមនខ្ញុំ​ក៏ « [ បាន ]​ដឹង​ដោយសារ [ ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ]​ដែលថា​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ថា យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​ទទួល​វិវរណៈ និង​ជា​ព្យាការី​របស់​ទ្រង់ នៅ​ជាន់​ចុង​ក្រោយ​បង្អស់ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​នគរ​នៃ​ព្រះអម្ចាស់ ដែល​បាន​សាង​ឡើង​វិញ​ម្ដង​ទៀត​នៅលើ​ផែនដី ដើម្បី​រៀបចំ​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​នៃ​ព្រះមែស៊ី » ចំណេះ​ដឹង​នោះ រួម​បញ្ចូល​ជាមួយនឹង​សាក្សី​ជា​បន្ត​បន្ទាប់​ទាំងឡាយ បាន​ផ្លាស់​ប្តូរ​ខ្ញុំ​ដូច​ឪពុក​ម្តាយ​របស់​ខ្ញុំ​ដែរ ។

ចំណេះដឹង​នេះ—ដែលថា​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក—គឺជា​អំណោយទាន​ខាងវិញ្ញាណ​ អំណោយ​នេះ​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ទៅនឹង​ការិយាល័យ​បព្វជិតភាព​ជាក់លាក់​ណាមួយ ឬ​ចំពោះ​ភេទ​ជាក់លាក់​មួយ​ឡើយ ផ្ទុយទៅវិញ វា​គឺ​មាន​សម្រាប់​អ្នក​ទាំងឡាយណា​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​វា ។ យើង​មិន​បាន​សុំ​ឲ្យ​នាំយក​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីងទេស​មកថ្វាយ​ព្រះអង្គសង្រ្គោះ​ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​សម្រាប់​អំណោយទាន​ខាងវិញ្ញាណ​ដ៏ស្រស់​ស្អាតនេះ​ទេ ។ យើង​ត្រូវ​បាន​សុំ​ឲ្យ​ថ្វាយ​ខ្លួន​របស់​យើង​វិញ​ ព្យាការី​ព្រះគម្ពីរ​មរមន អាម៉ាលេក​បាន​អង្វរ​ប្រជាជន​ថា​« ហើយ​ឥឡូវ … ខ្ញុំ​ចង់​ឲ្យ​អ្នក មក រក ព្រះគ្រីស្ទ ជា ព្រះ ដ៏ បរិសុទ្ធ នៃ សាសន៍ អ៊ីស្រាអែល ហើយ ទទួលទាន នូវ សេចក្ដី សង្គ្រោះ របស់ ទ្រង់ និង ព្រះចេស្ដា នៃ សេចក្ដី ប្រោសលោះ របស់ ទ្រង់ ចុះ ។ មែន​ហើយ ចូរ​មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំង​មូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់​… ហើយ​ប្រាកដ​ដូចជា​ព្រះអម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់នៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ »

ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ឃើញ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បម្រើ​អ្នក​ដទៃ ។ ខ្ញុំ​បាន​ឃើញ​ពួកគាត់​កាន់តាម​សេចក្ដី​សញ្ញា​ដែល​ពួកគាត់​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ ខ្ញុំ​បាន​ឃើញ​ពួកគាត់​ធ្វើ​ការបង្រៀន និង​សួរ​សុខទុក្ខ​តាម​ផ្ទះ​យ៉ាង​ឧស្សាហ៍ ដោយ​ខិតខំ​បម្រើ​ដល់​អស់អ្នក​ដែល​ពួកគាត់​បម្រើ ។ ខ្ញុំ​បាន​ឃើញ​ពួកគាត់​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​យក​ការហៅ​បម្រើ​របស់​សាសនាចក្រ ។ ហើយ​ជារៀងរាល់​ឆ្នាំ​នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស ឪពុក​របស់​ខ្ញុំ​បាន​ថ្លែងទីបន្ទាល់​ជាមួយ ស៊ីម្មាន ថា​ព្រះ​យេស៊ូវ គ្រីស្ទ គឺជា​ព្រះអង្គ​សង្រ្គោះ ។ ជាច្រើន​ឆ្នាំ​មកនេះ ឪពុក​របស់ខ្ញុំ​បាន​បន្ត​ការអញ្ជើញ​របស់​គាត់​ទៅដល់​សាច់ថ្លៃ និងចៅៗ​ដើម្បី​ឲ្យ​ពួកគេ« បានដឹងផងដែរ »​។

ជាច្រើន​ទសវត្សរ៍​បន្ទាប់​ពី​បទពិសោធន៍​នៅ​ក្នុង​វ័យ​កុមារភាព​របស់​ខ្ញុំ​ជាមួយនឹង​ព្រះគម្ពីរ​មរមន ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួកចិតសិបនាក់​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ហើយ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​និយាយ​នៅ​ក្នុង​សន្និសីទទូទៅ​នៅ​ខែ​តុលា ។ បងប្អូន​ស្រី​របស់ខ្ញុំ​បាន​ធ្វើ​ឲ្យ​ប្រាកដថា ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ ៩២ ឆ្នាំ​អាច​មើល​សន្និសីទ — ហើយ​ជា​ពិសេស​ការនិយាយ​របស់​ខ្ញុំ ។ ក្រោយពី​សន្និសីទ​ទូទៅ ខ្ញុំ​បាន​ទៅ​ផ្ទះ​គាត់ ។ ខ្ញុំ​បាន​និយាយ​ថា « ប៉ា តើ​ប៉ា បាន​មើល​សន្និសីទ​ដែរ​ឬ​ទេ ? » គាត់​បាន​ឆ្លើយ​ថា « បាន » ។ ខ្ញុំ​សួរ​ថា « តើ​ប៉ា បាន​ឮ​ខ្ញុំ​និយាយ​ដែរ​ឬ​ទេ ? » គាត់​បាន​ឆ្លើយ​ថា « បាន » ។ ដោយ​ការហួសចិត្ត ខ្ញុំ​បាន​សួរ​ភ្លាមៗ​ថា « ​តើ​ចុះ​ប៉ា​គិត​យ៉ាង​ម៉េច​ដែរ ? » គាត់​បាន​ឆ្លើយ​ថា « អូ៎ វា​ល្អ​តើ ។ ប៉ា​ស្ទើរ​តែមាន​មោទភាព​ចំពោះ​កូន​ណាស់ » ។

មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​និយាយ​ថា « ឌែល ប៉ា​មាន​រឿង​ចង់​ប្រាប់​កូន » ។ ពេល​នោះ​ខ្ញុំ​បាន​ដឹង​ថា​ខណៈ​ដែល​ខ្ញុំ​កំពុង​ស្វែងរក​ការសរសើរ នោះ​ឪពុក​របស់​ខ្ញុំ​កំពុង​មាន​កង្វល់​នឹង​អ្វី​ដែល​សំខាន់​ជាង​ការ​សរសើរ​ដល់​ខ្ញុំ ។ គាត់​បាន​បន្ត​ថា​« យប់​មិញ​ប៉ា​បាន​មាន​សុបិន​មួយ ។ ប៉ា​បាន​សុបិន​ឃើញ​ថា​ប៉ា​បាន​ស្លាប់ ហើយ​ប៉ា​បាន​ឃើញ​ព្រះអង្គ​សង្រ្គោះ ។ ទ្រង់​បាន​ឱប​ប៉ា​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ ហើយ​បាន​ប្រាប់​ប៉ា​ថា អំពើ​បាប​របស់​ប៉ា​ត្រូវ​បាន​អភ័យទោស​ហើយ ។ ហើយ​នោះ​ធ្វើ​ឲ្យ​ប៉ា​មាន​អារម្មណ៍​ល្អ​ណាស់ » ។ ពាក្យ​នោះ​ឪពុក​របស់​ខ្ញុំ​បាន​និយាយ​ដោយ​ឮ ៗ។ ប៉ុន្តែ​នៅ​លើ​ទឹកមុខ​របស់​គាត់​អាច​បញ្ចាក់​យ៉ាង​ច្បាស់​ថា​គាត់​បាន​ស្គាល់​ព្រះ​យេស៊ូវគ្រីស្ទ ។ គាត់​បាន​ដឹងថា​ទារក​ដែល​នៅក្នុង​ក្រុង​បេថ្លេហិម ដែល​« កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង »​ ១០ គឺជា​អង្គ​សង្គ្រោះ​របស់​គាត់ថា​ ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​ធំ​ឡើង ហើយ​បាន​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើ​បាប​របស់​គាត់ ។ ហើយ​ឪពុក​ខ្ញុំ​បាន​ដឹង​វា​ជា​យូរ​មក​ហើយ​ពីមុន​សុបិន​នេះ​ទៅទៀត ។ សុបិន​នោះ​គឺ​គ្រាន់តែ​ជា​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​—​គឺ​ជា​អំណោយ​មួយ​—​មក​ពី​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​ដល់​បុរស​ចំណាស់​ម្នាក់ ដែល​បាន​លាចាក​លោក​នេះ​ពីរ​ខែ​បន្ទាប​មក ។ អំណោយ​បុណ្យ គ្រីស្ទម៉ាស់​ទាំងអស់​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល ហើយ​ខ្ញុំ​ឲ្យ​តម្លៃ​ជាងគេ​បំផុត​នោះ​គឺ​អំណោយទាន​នៃ​សក្ខីភាព និង​ជំនឿ​ដែលជា​គំរូ​មកពី​ឪពុក ម្តាយ​របស់​ខ្ញុំ ។

បុណ្យ​គ្រីស្ទម៉ាស់​នេះ សូមទូល​សុំ​ព្រះវរបិតាសួគ៌​របស់បងប្អូន នូវ​អំណោយ​ទាន​ខាងវិញ្ញាណ​នៃ​ការដឹង​ពី​ការ​មាន​ព្រះជន្ម​ពិតៗ​របស់​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​នោះ ។ រដូវ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពេលវេលា​ដ៏​ស្រស់ស្អាត នៃ​ធម្មជាតិ​ដើម្បី​សិក្សា​ពី​ព្រះជន្ម​របស់ទ្រង់ ហើយ​ព្យាយាម​ធ្វើ​តាម​ចរិត និង​លក្ខណៈ​សម្បត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​អាច​ដឹង​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​បាន​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើបាប​របស់បងប្អូន ។ ចំណេះដឹង​នេះ​គឺ​ប្រសើរ​ជាង និង​បាន​យូរ​អង្វែង​ជាង​កញ្ចប់​កាដូ​ដែល​Jultomten​ធ្លាប់​បាន​នាំ​យក​មក​ឲ្យ​បងប្អូន ដោយ​សារ​វា​អាច​ផ្លាស់ប្តូរ​បងប្អូន​បាន ។ បងប្អូន​នឹង​រៀន​ថា ព្រះអង្គ​សង្គ្រោះ​សព្វព្រះទ័យ​ស្ថាបនា​ឡើង​វិញ​នូវ​អ្វី​ដែល​បងប្អូន​មិន​អាច​ស្ថាបនា​ឡើង​វិញ​បាន ព្យាបាល​របួស​ដែល​បងប្អូន​មិន​អាច​ជា​សះស្បើយ ជួសជុល​អ្វី​ដែល​បែកបាក់ បង់សង​ចំពោះ​ភាពអយុត្តិធម៌​ទាំងឡាយ​ដែល​បងប្អូន​បាន​រងទុក្ខ ហើយ​ព្យាបាល​ដួងចិត្ត​ដែល​ខ្ទេចខ្ទាំ​ជា​អចិន្ត្រៃយ៍ ។

ដូច​ឪពុក​នៅលើ​ផែនដី​របស់​ខ្ញុំ ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​មិន​អាច​បី​ទារក​ព្រះយេស៊ូវ​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ដូចជា​ស៊ីម្មាន​ដែល​បាន​ដឹងថា​ទារក​នោះ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គសង្គ្រោះ​របស់ខ្ញុំ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​បងប្អូន​ជា​ព្រះប្រោសលោះ​របស់​ខ្ញុំ និង​ជា​ព្រះប្រោសលោះ​របស់​បង​ប្អូន​ផងដែរ ។ ទ្រង់​គឺ​មាន​ពិតប្រាកដមែន ហើយ​ទ្រង់​មាន​ព្រះជន្ម​នៅរស់ ។ ហើយ​បងប្អូន​ក៏​អាច​ដឹង​ផង​ដែរ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

បោះពុម្ព