កណ្ឌទី ៤៦
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការីចំពោះសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៣១ (History of the Church, ១:១៦៣–១៦៥)។ នៅសម័យដើមនៃសាសនាចក្រនេះ ពុំទាន់មានរបៀបស្រុះស្រួលគ្នាសម្រាប់ចាត់ចែងការងារនៃសាសនាចក្រទេ។ ប៉ុន្តែសណ្ដាប់ធ្នាប់អំពីការបង្រួមសមាជិក និងពួកអ្នកស្វែងរកសាសនាចក្រដ៏ស្មោះ ដើម្បីឲ្យចូលរួមក្នុងការប្រជុំសាក្រាម៉ង់ និងការប្រជុំផ្សេងៗទៀតនៃសាសនាចក្រ នោះបានក្លាយទៅជាការទូទៅធម្មតា។ វិវរណៈនេះថ្លែងប្រាប់ពីបំណងព្រះហឫទ័យនៃព្រះអម្ចាស់ អំពីការត្រួតត្រា និងការចាត់ចែងការប្រជុំទាំងឡាយ។
១–២, ពួកអែលឌើរត្រូវដឹកនាំការប្រជុំ ដូចបានណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ; ៣–៦, មិនត្រូវបដិសេធពួកអ្នកស្វែងរកសេចក្ដីពិតពីការប្រជុំសាក្រាម៉ង់ឡើយ; ៧–១២, ចូរសូមដល់ព្រះ ហើយស្វែងរកអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ; ១៣–២៦, ការរ៉ាយរាប់អំពីអំណោយទានទាំងនេះខ្លះៗត្រូវបានចែងប្រាប់; ២៧–៣៣, ពួកមេដឹកនាំសាសនាចក្រត្រូវបានប្រទានអំណាច ដើម្បីឲ្យសង្កេតស្គាល់នូវអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជារាស្ត្រនៃសាសនាចក្រយើងអើយ ត្បិតយើងប្រាប់អ្នកជាប្រាកដថា ការណ៍ទាំងនេះត្រូវបានប្រាប់ដល់អ្នក ដើម្បីជាប្រយោជន៍ និងតម្រិះដល់អ្នក។
២ប៉ុន្តែទោះជាការណ៍ទាំងនោះត្រូវបានសរសេរទុកយ៉ាងណាក៏ដោយ គង់តែការណ៍នោះត្រូវបានប្រទានដល់ពួកអែលឌើរនៃសាសនាចក្រយើងជានិច្ចដែរ ចាប់តាំងពីដើមដំបូងមកម្ល៉េះ ហើយជារហូតតទៅ ដើម្បីចាត់ចែងការប្រជុំទាំងអស់ ដូចជាពួកគេត្រូវបានដឹកនាំ និងណែនាំដោយព្រះវិញ្ញាណបរិសុទ្ធ។
៣ក៏ប៉ុន្តែអ្នករាល់គ្នាត្រូវបានបញ្ជាមិនឲ្យបណ្ដេញជនណាមួយចេញពីការប្រជុំទូទៅ ដែលត្រូវធ្វើនៅចំពោះពិភពលោកឡើយ។
៤អ្នករាល់គ្នាក៏ត្រូវបានបញ្ជាមិនឲ្យបណ្ដេញជនណាមួយ ដែលជាសមាជិកសាសនាចក្រ ឲ្យចេញពីការប្រជុំសាក្រាម៉ង់ទាំងឡាយរបស់អ្នករាល់គ្នាឡើយ ក៏ប៉ុន្តែបើសិនជាមានជនណាមួយបានរំលង នោះចូរកុំឲ្យអ្នកនោះទទួលទានឡើយ លុះត្រាអ្នកនោះធ្វើយ៉ាងណាឲ្យបានស្រុះស្រួលសិន។
៥ហើយជាថ្មីទៀត យើងប្រាប់អ្នកថា អ្នករាល់គ្នាមិនត្រូវបណ្ដេញជនណាមួយ ដែលកំពុងតែព្យាយាមស្វែងរកនគរឲ្យចេញពីការប្រជុំសាក្រាម៉ង់ទាំងឡាយរបស់អ្នកឡើយ — យើងមានបន្ទូលអំពីពួកអ្នកទាំងនោះ ដែលពុំមែនជាសមាជិកនៃសាសនាចក្រ។
៦ហើយជាថ្មីទៀត យើងប្រាប់អ្នកពីការប្រជុំរបស់អ្នកទាំងឡាយសម្រាប់បុណ្យបញ្ជាក់ថា បើសិនជាមានជនណាមួយដែលពុំមែនជាសមាជិកនៃសាសនាចក្រ ដែលកំពុងតែព្យាយាមស្វែងរកនគរ នោះអ្នករាល់គ្នាមិនត្រូវបណ្ដេញពួកគេចេញឡើយ។
៧ប៉ុន្តែអ្នករាល់គ្នាត្រូវបានបញ្ជានូវគ្រប់ទាំងអស់ឲ្យសូមដល់ព្រះ ដែលប្រទានដោយសទ្ធា ហើយអ្វីដែលព្រះវិញ្ញាណធ្វើបន្ទាល់ដល់អ្នករាល់គ្នា នោះយើងចង់ឲ្យអ្នករាល់គ្នាធ្វើដូច្នោះ ដោយអស់ពីបរិសុទ្ធភាពក្នុងចិត្ត គឺដើរដោយស្មោះត្រង់នៅចំពោះយើង ដោយពិចារណាពីចុងបង្ហើយនៃសេចក្ដីសង្គ្រោះរបស់អ្នក ដោយធ្វើនូវអ្វីគ្រប់ទាំងអស់ដោយការអធិស្ឋាន និងអំណរគុណ ដើម្បីកុំឲ្យអ្នករាល់គ្នា អាចត្រូវបញ្ឆោតដោយអារក្សអសោចិ៍ ឬដោយលទ្ធិទាំងឡាយនៃអារក្ស ឬដោយបញ្ញត្តិនៃមនុស្សលោកឡើយ ត្បិតមានខ្លះជារបស់ផងមនុស្សលោក ហើយខ្លះទៀតជារបស់ផងអារក្សទាំងឡាយ។
៨ហេតុដូច្នោះហើយ ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាត្រូវគេបញ្ឆោត ហើយប្រយោជន៍កុំឲ្យអ្នករាល់គ្នាត្រូវគេបញ្ឆោត នោះអ្នករាល់ត្រូវព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ ដោយចងចាំជានិច្ចថា មកពីហេតុអ្វីបានជាអំណោយទានទាំងនេះត្រូវបានប្រទានមក
៩ត្បិតយើងប្រាប់អ្នកជាប្រាកដថា អំណោយទានទាំងនេះត្រូវបានប្រទានឲ្យមក ដើម្បីជាប្រយោជន៍ដល់អស់អ្នកណាដែលស្រឡាញ់យើង ហើយកាន់តាមគ្រប់បញ្ញត្តិទាំងអស់របស់យើង ហើយនិងដល់អ្នកណាដែលស្វែងរកផង ដើម្បីឲ្យមនុស្សទាំងអស់អាចបានប្រយោជន៍ ពីអ្នកដែលស្វែងរក ឬដែលសូមពីយើង ដែលសូម តែមិនមែនរកទីសំគាល់ ដើម្បីឲ្យពួកគេអាចចាយបំពេញសេចក្ដីសម្រើបរបស់គេឡើយ។
១០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា យើងចង់ឲ្យអ្នកចងចាំជានិច្ច ហើយទុកក្នុងគំនិតជានិច្ចពីអំណោយទានទាំងនោះ ដែលបានប្រទានដល់សាសនាចក្រ។
១១ត្បិតមនុស្សទាំងអស់ពុំបានគ្រប់អំណោយទាន ដែលបានប្រទានដល់ពួកគេឡើយ ត្បិតមានអំណោយទានជាច្រើន ហើយមនុស្សរាល់គ្នាត្រូវបានប្រទានអំណោយទានមួយដោយព្រះវិញ្ញាណនៃព្រះ។
១២ចំពោះមនុស្សខ្លះ ត្រូវបានប្រទានឲ្យមួយ រីឯចំពោះមនុស្សខ្លះ ត្រូវបានប្រទានឲ្យមួយផ្សេងទៀត ដើម្បីឲ្យមនុស្សទាំងអស់អាចបានផលប្រយោជន៍ដោយសាររបៀបនេះ។
១៣ចំពោះមនុស្សខ្លះ ត្រូវបានប្រទានដោយព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ហើយថាទ្រង់ត្រូវគេឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក។
១៤ចំពោះមនុស្សខ្លះទៀត ត្រូវបានប្រទានឲ្យជឿដល់ពាក្យពេចន៍នៃពួកគេ ប្រយោជន៍ឲ្យពួកគេអាចមានជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ បើសិនជាពួកគេមានចិត្តស្មោះត្រង់រហូតតទៅ។
១៥ហើយជាថ្មីទៀត ចំពោះមនុស្សខ្លះ ត្រូវបានប្រទានឲ្យដោយព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងពីការសម្ដែងផ្សេងៗពីគ្នា ដែលនឹងសព្វព្រះហឫទ័យដល់ព្រះអម្ចាស់ តាមបំណងរបស់ព្រះអម្ចាស់ដដែល ដែលសមនឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមលក្ខខណ្ឌនៃកូនចៅមនុស្ស។
១៦ហើយជាថ្មីទៀត ត្រូវបានប្រទានដល់មនុស្សខ្លះ ដោយសារព្រះវិញ្ញាណបរិសុទ្ធឲ្យដឹងពីការងារផ្សេងៗពីគ្នា ទោះជាមកពីព្រះក៏ដោយ ប្រយោជន៍ឲ្យការសម្ដែងនៃព្រះវិញ្ញាណ បានប្រទានមកដល់មនុស្សគ្រប់គ្នា ដើម្បីឲ្យបានផលប្រយោជន៍។
១៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា ដល់មនុស្សខ្លះ ឲ្យមានពាក្យសម្ដីនៃប្រាជ្ញាវាងវៃដោយសារព្រះវិញ្ញាណនៃព្រះ។
១៨ដល់ម្នាក់ទៀត ឲ្យមានពាក្យសម្ដីនៃចំណេះចេះស្ទាត់ ដើម្បីឲ្យមនុស្សទាំងអស់អាចត្រូវបានបង្រៀនឲ្យមានប្រាជ្ញា និងឲ្យមានចំណេះចេះដឹង។
១៩ហើយជាថ្មីទៀត ដល់មនុស្សខ្លះ ត្រូវបានប្រទានឲ្យមានសេចក្ដីជំជឿ ដើម្បីបានប្រោសឲ្យជា
២០ហើយដល់ម្នាក់ទៀត ត្រូវបានប្រទានឲ្យមានសេចក្ដីជំជឿ ដើម្បីប្រោសឲ្យជា។
២១ហើយជាថ្មីទៀត ដល់មនុស្សខ្លះ ត្រូវបានប្រទានឲ្យអាចសម្ដែងអព្ភូតហេតុទាំងឡាយ
២២ហើយដល់ម្នាក់ទៀត ត្រូវបានប្រទានឲ្យចេះព្យាករ
២៣ហើយឲ្យម្នាក់ទៀត ការចេះសង្កេតស្គាល់វិញ្ញាណទាំងឡាយ។
២៤ហើយជាថ្មីទៀត ត្រូវបានប្រទានដល់មនុស្សខ្លះ ឲ្យចេះនិយាយភាសាដទៃផ្សេង
២៥ហើយដល់ម្នាក់ទៀត ត្រូវបានប្រទានឲ្យចេះបកប្រែភាសាដទៃ។
២៦ហើយអំណោយទានទាំងអស់នេះសុទ្ធតែមកពីព្រះ សម្រាប់ផលប្រយោជន៍ដល់កូនចៅនៃព្រះ។
២៧ហើយដល់ប៊ីស្សពនៃសាសនាចក្រ និងដល់មនុស្សនានា ដែលព្រះទ្រង់នឹងតាំង ហើយតែងតាំងឡើង ដើម្បីឲ្យមើលគន់លើសាសនាចក្រ ហើយដើម្បីឲ្យធ្វើជាពួកអែលឌើរដល់សាសនាចក្រ នោះត្រូវបានប្រទានដល់ពួកគេឲ្យចេះសង្កេតស្គាល់អំណោយទានទាំងអស់នោះ ក្រែងមានមនុស្សណាមួយនៅក្នុងចំណោមអ្នករាល់គ្នាអះអាងថាមកពីព្រះ ប៉ុន្តែពុំមែនសោះ។
២៨ហើយហេតុការណ៍នឹងកើតឡើងថា អ្នកណាដែលសូមដោយនូវព្រះវិញ្ញាណ នោះនឹងបានទទួលដោយសារព្រះវិញ្ញាណ
២៩ប្រយោជន៍ឲ្យមនុស្សខ្លះអាចត្រូវបានប្រទានឲ្យមានអំណោយទានទាំងអស់នោះ ប្រយោជន៍ឲ្យអាចមានមេ ដើម្បីឲ្យសមាជិកគ្រប់គ្នាអាចបានផលប្រយោជន៍ដោយសាររបៀបនេះ។
៣០អ្នកណាដែលសូមដោយនូវព្រះវិញ្ញាណ នោះសូមតាមព្រះហឫទ័យរបស់ព្រះ ហេតុដូច្នោះហើយ ត្រូវបានសម្រេចតាមសំណូមពររបស់គេ។
៣១ហើយជាថ្មីទៀត យើងប្រាប់អ្នកថា គ្រប់ទាំងអស់ត្រូវបានសម្រេចដោយនូវព្រះនាមនៃព្រះគ្រីស្ទ គឺទោះជាអ្វីក៏ដោយដែលអ្នកធ្វើដោយនូវព្រះវិញ្ញាណ
៣២ហើយអ្នករាល់គ្នាត្រូវថ្លែងអំណរគុណដល់ព្រះដោយនូវព្រះវិញ្ញាណ សម្រាប់ព្រះពរនានាដែលអ្នករាល់គ្នាបានទទួលមក។
៣៣ហើយអ្នករាល់គ្នាត្រូវប្រព្រឹត្តដោយគុណធម៌ និងដោយបរិសុទ្ធភាពនៅចំពោះយើងជានិច្ច។ គឺដូច្នោះមែន។ អាម៉ែន៕