ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ទទួល​ស្តេច​ដ៏​ថ្កុំ​ថ្កើង


11:46

ទទួល​ស្តេច​ដ៏​ថ្កុំ​ថ្កើង

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ​ឆ្នាំ ២០២២

ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២២

សូម​បើក​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល

ភាពសុខសាន្ត និង​ភាពកក់ក្តៅ​នៃ​តន្ត្រី​បំផុស​គំនិត​បាន​បំពេញ​ដល់​ព្រលឹង​របស់​យើង ។

រីករាយ​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស !

ខែ ធ្នូ ឆ្នាំ ១៩៤៣ ដែល​ពិភពលោក​ត្រូវ​បាន​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ។ មនុស្ស​ទាំងអស់​មាន​ការព្រួយបារម្ភ​ដល់​មនុស្ស​ជា​ទីស្រលាញ់​ដែល​នៅ​ឯ​សមរភូមិ ហើយ​នៅ​ផ្ទះ​បារម្ភ​ពី​ការគ្មាន​ប្រាក់ និង​ម្ហូប​អាហារ ។ ដោយ​មាន​ការទុកដាក់​ធនធាន​គ្រួសារ​ដោយ​ប្រុងប្រយ័ត្ន នោះ ឪពុក​របស់​ខ្ញុំ ឈ្មោះ ហារ៉ូដ វិលល្លាម​មាន​ការភ្ញាក់ផ្អើល ដែល​ពេល​នោះ​គាត់​មាន​អាយុ​ប្រាំបួន​ឆ្នាំ បាន​ទទួល​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់ ជា​―រថភ្លើង​មួយ​ឈុត​ដ៏​គួរ​ឲ្យ​ភ្ញាក់ ។ នេះ​មិនមែន​ជា​រថភ្លើង​ចាស់​ទេ រថភ្លើង​នេះ​រត់​នៅលើ​ផ្លូវ​រថភ្លើង​ដោយ​ខ្លួនឯង ។ ពុំ​បាច់​រុញ​ឡើយ ។ វា​នឹក​ស្មាន​មិន​ដល់​ថា គាត់​អាច​ទទួល​បាន​អំណោយ​ដ៏​អស្ចារ្យ​បែប​នេះ​សោះ ។ ហារ៉ូដ បាន​ចាត់ទុក​រថភ្លើង​នោះ​ជា​ទ្រព្យសម្បត្តិ​របស់​គាត់​ ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​បុណ្យគ្រីស្ទម៉ាស់​ខិត​ចូល​មក​ដល់ ពិភពលោក​កំពុង​ងើប​ចេញ​ពី​សង្រ្គាម ។ ក៏​ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ច​នៅ សេន អាន់តូនី រដ្ឋ​អៃដាហូ មិន​បាន​ប្រសើរ​ឡើង​ឡើយ ឯ​គ្រួសារ​ឪពុក​ខ្ញុំ គឺ​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ ។ ឪពុក​របស់ ហារ៉ូដ បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ស្ទើរ​បាត់​បង់​ជីវិត ។ គ្មាន​នរណា​ម្នាក់​បាន​ទទួល​អំណោយ សម្រាប់​បុណ្យគ្រីស្ទម៉ាស់​ពេល​នោះ​ឡើយ —​រួមទាំង ហារ៉ូដ និង អាណុល​ប្អូនប្រុស​របស់​គាត់ ។

ពីរបី​ថ្ងៃ​មុន​បុណ្យគ្រីស្ទម៉ាស់ ឪពុក​របស់ ហារ៉ូដ បាន​មក​ជួប​គាត់ ហើយ សួរ​ស្ងាត់ៗ​ថា « ហារ៉ូដ តើ​កូន​សុខចិត្ត​ឲ្យ​រថភ្លើង​របស់​កូន​ទៅ អាណុល ដើម្បី​ប្អូន​អាច​មាន​អំណោយ​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​នៅ​ឆ្នាំ​នេះ​បានដែរឬ​ទេ ? »

តើ​គាត់​ស្តាប់​ឮ​សម្តី ឪពុក​គាត់​មិន​ច្រឡំ​ទេ​ឬ ? តើ​ជា​រថភ្លើង​ដែល​ជា​សំណព្វ​ចិត្ត​របស់​គាត់​នោះ​ឬ ? ការស្នើសុំ​នេះ​ដូចជា​លើសលុប​ពេក​ហើយ ។

នៅព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​មក​ដល់ ហើយ​អាណុល បាន​ត្រេកអរ​នៅពេល​គាត់ បាន​ទទួល រថភ្លើង​មួយ​ដូច​ជា​របស់ ហារ៉ូដ ។

មិន​យូរ​ប៉ុន្មាន អាណុល បាន​ដឹង​ថា ហារ៉ូដ ពុំ​បាន​លេង​រថភ្លើង​របស់​គាត់​ទៀត​ទេ ។ ទីបំផុត អាណុល បាន​ដឹង​ថា​អំណោយ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​គាត់​ពុំ​មែន​គ្រាន់​តែ​ដូច រថភ្លើង​របស់​ហារ៉ូដ នោះ​ទេ—តែ​វា​ជា​រថភ្លើង​របស់ ហារ៉ូដ ! នៅ​ពេល​ដែល អាណុល យល់​ពី​ការលះបង់​ដ៏​សំខាន់​នៅ​ពី​ក្រោយ​អំណោយ​នោះ រថភ្លើង​នេះ​កាន់​តែ​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន ។

សម្រាប់​ខ្ញុំ រឿង​គ្រួសារ​មួយ​នេះ​គឺ​ជា​អំណោយ—វា​ពុំ​គ្រាន់​តែ​រំឭក​ខ្ញុំ​អំពី​ឪពុក​ជា​ទីស្រឡាញ់​របស់​ខ្ញុំ និង​ប្អូន​ប្រុស​ដែល​គាត់​ស្រឡាញ់ប៉ុណ្ណោះ​ទេ ។ តែ​សំខាន់​ជាង​នេះ​គឺ វា​រំឭក​ខ្ញុំ​ពី​ការលះបង់ និង​សេចក្តីស្រឡាញ់​របស់​ព្រះរាជបុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ព្រះ ដែល​យើង​ប្រារព្ធ​ពិធី​រំឭក​ដល់​ការប្រសូត​របស់​ទ្រង់​នោះ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា និង​អំណោយទាន​បុណ្យគ្រីស្ទម៉ាស់​ដំបូង និង​ជា​និរន្តរ៍​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ​ថា ៖ ទ្រង់​បាន​ប្រសូត​មក ទ្រង់​បាន​រស់នៅ ហើយ​ទ្រង់​បាន​សុគត​ដើម្បី​យើង ហើយ​ថា​ទ្រង់​នៅ​តែ―​មាន​ព្រះជន្ម​រស់ !

ឱ​មាន​ពរ​អ្វី​ម៉្លេះ​ដែល​យើង​ជា​អ្នក​ទទួលអំណោយ​ពេញ​ដោយ​អំណរ​នេះ ។ ទំនុក​នៃ​បទចម្រៀង​បុណ្យគ្រីស្ទម៉ាស់​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​បទ ៖ « អំណរ​ដល់​លោក ព្រះបុត្រ​កើត​ហើយ ទទួលស្តេច​ដ៏​ថ្កុំ​ថ្កើង ! »

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​យើ​ងថា « នៅក្នុង​គ្រប់​ទស្សន​វិស្ស័យ​ទាំងអស់​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ការទទួល​យក​របស់​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ។ យើង​ដែល​ចាត់ទុក​ខ្លួន​ឯង​ថា​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​ឯករាជ្យ​នោះ ច្រើន​តែ​ទទួលយក​ដោយ​ខុស​ឆ្គង​ឬ​ថែម​ទាំង​ពិបាក​ទៀតផង ។ …

« [ ប៉ុន្តែ] អំណោយ​របស់​ព្រះ មិន​ដូច​អំណោយ​តាម​រដូវកាល​នោះ​ទេ គឺជា​អំណោយ​​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ ដែល​បង្កើត​បាន​ជា​បុណ្យគ្រីស្ទម៉ាស់​​បន្តបន្ទាប់​មិន​ចេះចប់ ! » ។

ដូច្នេះ តើ​យើង​ទទួល​បាន​អំណោយ​ដ៏​អស្ចារ្យ​បែប​នេះ​ដោយ​របៀប​ណា ? តើ​យើង​ជ្រើសរើស​អំណោយ​នៃ​ព្រះអង្គសង្គ្រោះ សេចក្តីស្រឡាញ់​របស់​ទ្រង់ និង​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា ?

ចូរ​យើង​ចេញ​ឆ្ងាយ​ពី​បង្អួច​ដែល​មាន​ទឹកកក និង​ស្ករគ្រាប់​ពណ៌ ហើយ​អនុញ្ញាត​ឲ្យ​យើង​រៀន​ពី​តួនាទី​ដ៏​រាបទាបរបស់​អ្នក​ទទួលទារក​ព្រះអង្គសង្គ្រោះ​ដំបូង ។

ទទួល​យក​ភាពបរិសុទ្ធ​របស់​ទ្រង់

នៅពេល​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ខិត​ជិត​មក​ដល់ ម៉ារា និង​យ៉ូសែប បាន​ខិតខំ​ស្វែង​រក​គ្រប់​មធ្យោបាយ​ក្នុង​ក្រុង​បេថ្លេហិម ប៉ុន្តែ​ពុំ​មាន​បន្ទប់​ក្នុង​ផ្ទះ​សំណាក់​ឡើយ ។ តើ​គ្មាន​នរណា​ម្នាក់​មាន​បន្ទប់​សម្រាប់​ពួក​លោក​ទេ​ឬ​អី ? តើ​គ្មាន​នរណា​ម្នាក់​ឲ្យ​កន្លែង​ដល់​ពួកលោក​សម្រាក​ទេ​ឬ​អី ? ម៉ារា​បាន​ដឹង​ពី​អំណោយ​ដែល​នាង​កំពុង​តែ​នាំ​មក​នោះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មាន​កន្លែង​ដើម្បី​ទទួល​ទ្រង់​ឡើយ ។

យើង​ពិត​ជា​មិន​អាច​ដឹង​ពី​អារម្មណ៍​ដែល​ម៉ារា និង​យ៉ូសែប មាន​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​តែងតែ​គិត​ថា ពួកលោក​ឆ្ពោះ​ទៅ​មុខ​ដោយ​ភាពរឹងមាំ និង​ទំនុកចិត្ត ។ ការ​យកចិត្តទុកដាក់​ដល់​ការអញ្ជើញ​របស់​ទេវតា​ប្រាប់​ថា « កុំ​ខ្លាច​អី »ហើយ​ឥឡូវ​នេះ​ដល់​វេលា​រៀបចំ​សម្រាប់​ការប្រសូត​របស់​ព្រះយេស៊ូវ ពួកលោក​អាច​បោះបង់​ការរំពឹង​ទុក​ណា​មួយ​ពី​កន្លែង​ស្នាក់​នៅ​ដ៏​សុខស្រួល ហើយ​ជំនួស​មក​វិញ​ដោយ​ការស្នាក់​នៅ​ក្នុង​ក្រោល​ដ៏​រាបទាប​ស្ងប់ស្ងាត់ ។ ប៉ុន្តែ ពុំ​មាន​អារម្មណ៍​ទទេ​ស្អាត​នោះ​ទេ ។ ព្រោះ​មិន​យូរ​ប៉ុន្មាន​ព្រះអម្ចាស់​នឹង​បំពេញ​ចន្លោះនោះ​ជា​មួយ​ភាពបរិសុទ្ធ ។

ដូច​គម្ពីរ លូកា ២:៧ ដ៏​ពេញនិយម​អាន​ថា « ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំម្បង​មក​រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូកពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់ គ្មាន​កន្លែង​ណា​នៅ​ទេ »។

ព្រះអង្គ​សង្គ្រោះ​របស់​យើង— ដែល​ជា​អំណោយ​ដ៏​រុងរឿង​នៃ​ជីវិត នៃ​ក្តី​សង្ឃឹម និង​ការសន្យា—​នោះ​បាន​យាង​មក​កាន់​ផែនដី ។

តើ​យើង​អាច​រៀបចំ​បន្ទប់​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​ព្រះគ្រីស្ទ និង​ទុក​ឲ្យ​ភាព​បរិសុទ្ធ​របស់​ទ្រង់​បំពេញ​ចន្លោះ របស់​យើងបាន​ដែរ​ឬ​ទេ ? ដូច​ម៉ារា និង​យ៉ូសែប​ដែរ យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​បាន សូម្បី​តែ​ពេល​ខ្លះ​មាន​ការលំបាក​ដ៏​លើសលប់​ក្តី ។ ការដឹកនាំ—សូម្បី​តែ​អព្ភូតហេតុ—ចូល​មក​ក្នុង​ជីវិត​របស់​យើង ប្រហែល​មិន​រហ័ស​និង​ញាប់ ឬ​នៅ​លើ​ឆាក ឬ​ក្នុង​ទីលានកីឡា​នោះ​ទេ ប៉ុន្តែ​ចូលមក​ក្នុង​កន្លែង​ស្ងាត់​ដែល​យើង​រស់នៅ និង​ធ្វើការ—ជា​កន្លែង​ដែល​យើង​ទៅ​ដើម្បី​​សុំ​ជំនួយ ។ គ្រប់ទីកន្លែង​ដែល​សេចក្តី​ត្រូវការ​ដ៏​រាបទាប​របស់​យើង​កើតឡើង នោះ​យើង​អាច ហើយ​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ខ្សឹបៗ​របស់​យើង ។

ទទួលយក​ការអញ្ជើញ​របស់​ទ្រង់​ដើម្បី​ធ្វើ​សកម្មភាព

តើ​វា​មិន​អស្ចារ្យ​ទេ​ឬ​អី​ដែល​ពួក​អ្នក​ទទួល​កូនចៀម​របស់​ព្រះ​ដំបូង​គេ​មួយ​ចំនួន​គឺ​ជា​ពួក​អ្នកគង្វាល ?

យប់​ងងឹត​បាន​គ្រប់ដណ្តប់​លើ​ផ្ទៃ​ផែនដី នៅពេល​ដែល​ពួក​អ្នកគង្វាល​ដ៏​ភ្ញាក់ផ្អើល​ទាំង​នោះ​បាន​ជួបជុំ​គ្នា​នៅ​ក្រោម​ពន្លឺ​ព្រិចៗ​ដ៏​អស្ចារ្យ ខណៈ​ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាន​ជួប​គ្នា​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​កំណើត​របស់​ព្រះអង្គ​សង្គ្រោះ ។

« ហើយ​ទេវតា​ប្រាប់​ថា កុំខ្លាច​អី មើល​ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ។ …

« ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ » ។

យើង​ពេញចិត្ត​ដែល​ពួក​អ្នក​គង្វាល​ដ៏​លះបង់​ទាំងនេះ​មិន​បាន​ពន្យារ​ពេល​ក្នុង​ការទទួលយក​របស់​ពួកគេ ប៉ុន្តែ​បាន​ប្រញាប់​ទៅ​ជួប​ស្តេច​របស់​ពួកគេ ។ យើង​រៀន​ចេញ​ពី​ពួកគេ​ថា ការទទួលយក គឺ​ជា​ទង្វើ​នៃ​ពាក្យ​សម្តី ។ លូកា​ប្រាប់​យើង​ថា ពួក​អ្នក​គង្វាល « ក៏​ទៅ​ជា​ប្រញាប់ ឃើញ … ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង » ។

ជា​ច្រើន​ដង ការនៅស្ងៀម មិន​សូវ​ចាប់​អារម្មណ៍​តិចតួច​ពី​ព្រះ​អម្ចាស់​ហើយ​អាច​នឹង​ទទួល​យក ដោយសារ​តែ​ខុស​នឹង​កាលវិភាគ ផែនការ​ ឬ​ពេល​វេលា​របស់​យើង។ ដំណើរ​រឿង​បុណ្យ​គ្រីស្ទម៉ាស់​រំឭក​យើង​ឲ្យ​ធ្វើ​ដូច​អ្នក​គង្វាល​ដែល​លះបង់​ទាំង​នេះ ដែល​មិន​បង្អង់​យូរ​ចេញ​ទៅ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ទទួល​ស្ដេច​របស់​ពួកគេ ។

ឥឡូវនេះ តើ​បងប្អូន​មាន​កត់​សម្គាល់​ឃើញ​លូកា​បាន​បញ្ចូល​ទៅ​ក្នុង​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស់​នូវ​ការបំផុសគំនិត​ដ៏​រីករាយ​ដែល​ការ​ទទួល​ទ្រង់​គឺ​ការ​ចែកចាយ​អំពី​ទ្រង់ ដោយ​ពន្យល់​ថា « កាល​បាន​ឃើញ [ ព្រះ​យេស៊ូវ ] ហើយ​នោះ គេ​ក៏​រ៉ាយរ៉ាប់​រឿង ពី​សេចក្តី ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះឱរស »​ដែរ​ឬ​ទេ ? ពួក​អ្នក​គង្វាល​ទាំងនេះ​បាន​ទទួល​សារ​ពី​ស្ថានសួគ៌ ក៏​បាន​ប្រញាប់ប្រញាល់​ទៅ បន្ទាប់​ពី​នោះ​ក៏​មាន​ពួកសារទូត​នៃ​ស្ថានសួគ៌​បាន​ប្រកាស​ពី​អំណរ​របស់​ពួកគេ​ថា « អំណរ​ដល់​លោក » ហើយ អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ« ទទួលស្តេច [ របស់​ពួក​គេ ] ! »​

ទទួលយក​ដោយ​សេចក្តីជំនឿ​ដ៏​អត់ធ្មត់

ឥឡូវ​ចូរ​ផ្តោត​ចំណាប់​អារម្មណ៍​របស់​យើង​ចំពោះ​ពួក​ហោរ ។ ពួក​គេ​លេចធ្លោ​ក្នុង​ចំណោម​អ្នក​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​ដ៏​អស្ចារ្យ ។ ពួកគេ​បាន​ចំណាយ​ពេល​យ៉ាង​ឧស្សាហ៍​ដើម្បី​ការបើកបង្ហាញ​ដោយ​ស្ថានសួគ៌ ហើយ​នៅ​ពេល​ដែល​វា​បាន​មក​ដល់ ពួកគេ​បាន​ទុក​ចោល​នូវ​ភាពសុខសាន្ត​នៃ​គេហដ្ឋាន ការងារ គ្រួសារ និង​មិត្តភ័ក្តិ ដើម្បី​ដើរ​តាម​ផ្កាយ និង​ស្វែងរក​ស្តេច​របស់​ពួកគេ ។

ពួកលោក​មិន​ដូច​ជា​ពួកអ្នក​គង្វាល​ទេ ការដំណើរ​របស់​ពួកលោក​គឺ​ជា​ដំណើរ​បន្ត​ទៅ​មុខ​ទៀត—ដែល​ត្រូវ​ចំណាយ​ពេលវេលា ។ ពួកលោក​ត្រូវ​ស្វែងរក សាកសួរ រង់ចាំ​ហើយ​ទៅ ហើយ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត តែ​នៅ​ទីបំផុត​ពួកលោក​បាន​ឃើញ​ព្រះ​ឱរស​តូច​នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា​របស់​ទ្រង់ ។ ពួកលោក​បាន​ថ្វាយ​អំណោយ​ដ៏​មាន​តម្លៃ​បំផុត ហើយ​ក្រាបថ្វាយ​បង្គំ​ទ្រង់ ។

ជា​ញឹកញាប់​ខ្ញុំ​ឆ្ងល់​ថា ៖​នៅ​ក្នុង​ការទទួល​ព្រះគ្រីស្ទ​របស់​យើង តើ​យើង​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍ ហើយ​ទុក​ឲ្យ​ទ្រង់​ដឹកនាំ​ដំណើរ​របស់​យើង​ទៅ​កាន់​ទីកន្លែង និង​មនុស្ស​មិន​ស្គាល់​​យើងដែរ​ឬ​ទេ ? តើ​យើង​បង្ហាញ​ការដឹងគុណ​របស់​យើង​តាមរយៈ​អំណោយ និង​ការថ្វាយ​បង្គំ​ដែល​យើង​ធ្វើ​ដោយ​របៀប​ណា ?

មាន​ពរ​ហើយ​អស់​អ្នក​ដែល​ទទួលយក

ដូច្នេះ—នៅ​ទីនោះ​វា​គឺ​ជា​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ ។

មិត្ត​ជាទីស្រឡាញ់​មាន​ពរ​ហើយ​អស់​អ្នក​ដែល​ទទួលយក ។ អំណោយ​ជា​រថភ្លើង​របស់​ឪពុក​ខ្ញុំ និង​អំណោយ​ដ៏​ថ្លៃថ្លា​នៃ​ពេលវេលា និង​ទ្រព្យសម្បត្តិ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​គ្រួសារ​នៅ​គ្រប់​ទីកន្លែង អំណោយ​ទាំង​នោះ​មាន​ពណ៌​ស្លេកៗ បើ​ប្រៀបធៀប​ទៅ​នឹង​ការទទួល​យក​អំណោយ​ពិតប្រាកដ​នៃ​បុណ្យ​គ្រីស្ទម៉ាស់—គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ​នោះ ។

« ដ្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើ​សិន​ជា​បាន​ប្រទាន​អំណោយទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួលយក​អំណោយ​ទាន​សោះ ? »

សូម​ពិចារណា​បទ​គម្ពីរ​នោះ​ដោយ​ពន្លឺ​នៃ​សេចក្ដីពិត​ដ៏​អស់កល្ប​ថា ៖ « ដ្បិត​ព្រះទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បីឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ចវិញ »១០

ខ្ញុំ​ស្រឡាញ់​ការសន្យា​ថា អស់​អ្នក​ដែល ទទួល យក​អំណោយ​ជា​ព្រះគ្រីស្ទ​នៅ​យប់​ដ៏​បរិសុទ្ធនោះ​ដោយ​ពិតប្រាកដ នោះ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច !

ដូច្នេះ យើង​ឃើញ​ថា តាមរយៈ​ការខិតខំ​ប្រចាំ​ថ្ងៃ​របស់​យើង​ដើម្បី​ទទួល​ព្រះគ្រីស្ទ​កាន់តែ​ពេញលេញ​ជា​រៀងរាល់​ថ្ងៃ នោះ​យើង​នឹង​ក្លាយ​ដូច​ដែល​ព្យាការី​របស់​យើង​ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​គឺ​ថា « មនុស្ស​ដែល​មាន​សមត្ថភាព ដែល​ត្រៀម​ខ្លួន និង​ដែល​ស័ក្តិសម​ដើម្បី ទទួលព្រះអម្ចាស់ ពេល​ទ្រង់​យាង​មក​ម្តង​ទៀត ជា​មនុស្ស​ដែល​បាន​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​រួច​ហើយ » ។១២

វា​អស្ចារ្យ​ណាស់​ពេល​គិត​អំពី​រូបភាព​នៅ​ក្នុងថ្ងៃ​នោះ​កាល​ដែល​យើង​នឹង​ប្រកាស​ម្តងទៀត​ជា​មួយ​គ្នា​ថា ៖ « អំណរ​ដល់​លោក​ព្រះ​បុត្រ​កើត​ហើយ [ ហើយពួក​យើង​ម្នាក់ៗ ] ទទួលស្តេច​ដ៏​ថ្កុំថ្កើង ! »១២ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕