![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Fc2%2F9b%2Fc29bea784677c587ac7732d9bd3a7884057e7b19%2Fc29bea784677c587ac7732d9bd3a7884057e7b19.jpeg/full/!250,/0/default)
អំណោយដ៏អស្ចារ្យបំផុតនៃបុណ្យគ្រីស្ទម៉ាស់
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០២២
ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២២
« កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង ។
« គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង » ។១
ខគម្ពីរដ៏សាមញ្ញទាំងនេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបានសរសេរដោយលូកា ផ្ដល់ជារូបភាពនៃព្រឹត្តិការណ៍ដ៏ ទេវភាពនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទនៅ ក្នុងគំនិតរបស់យើង ដែលយើងប្រារព្ធនៅទូទាំងពិភពលោកនៅសព្វ ថ្ងៃនេះ ។
នៅ ក្នុងប្រទេសកំណើតរបស់យើងនៅព័រទុយហ្គាល់ ប្រពៃណីនៃការរំឭកជាថ្មីនៃព្រឹត្តិការណ៍តាមបទគម្ពីរនេះ តាមរយៈការដាក់តាំងឈុតប្រសូតិកម្ម គឺ ជាប្រពៃណីជា ទីស្រឡាញ់មួយ ។ បងប្អូននឹងឃើញមានប្រសូតិកម្មនៅគ្រប់កន្លែងពេញទូទាំងប្រទេស នៅ តាមទីតាំងខុសៗគ្នាអំឡុងរដូវបុណ្យគ្រីស្ទម៉ាស់—ជាប្រពៃណីមួយដែលមាននៅ ក្នុងផ្ទះជា ច្រើនផងដែរ ។ ជា រឿយៗ ការដាក់តាំងឈុតប្រសូតិកម្មពាក់ព័ន្ធនឹងកិច្ចខិតខំក្នុងការប្រមូលស្លែស្រស់ៗ ចំបើង ថ្ម និងរបស់ធម្មជាតិផ្សេងៗទៀតដើម្បីបង្កើត ជាផ្ទាំងឈុតឆាកប្រសូតិកម្មដ៏ស្រស់ស្អាត ។
ប្រពៃណីបុណ្យគ្រីស្ទម៉ាស់នៃការដាក់តាំងឈុតប្រសូតិកម្មនេះឡើង គឺជាសកម្មភាពមួយដែលយើងពេញចិត្តបំផុតកាលយើងនៅក្មេង និងកាលនៅជាយុវវ័យជាមួយឪពុកម្ដាយរបស់យើង ហើយក្រោយមកជាមួយកូនៗរបស់យើង ។ ការដាក់តាំងឈុតប្រសូតិកម្មគឺជាសកម្មភាពមួយដែលខ្ញុំចូលចិត្តខ្លាំងនៅអំឡុងរដូវនេះ ។
យើងបានទុករូបចម្លាក់តូចៗទាំងអស់ ដែលយើងប្រើដើម្បីបង្កើតជាឈុតប្រសូតិកម្ម និងមជ្ឈដ្ឋានជុំវិញវានៅក្នុងប្រអប់ឈើមួយ ។ ជាញឹកញាប់ រូបសូនតូចមួយនៃភូមិកំណើតរបស់យើងក៏ត្រូវបានដាក់បង្ហាញដែរ ។ ជារៀងរាល់ឆ្នាំ រាល់បុណ្យគ្រីស្ទម៉ាស់ យើងបានបន្ថែមរូបចម្លាក់ ឬរូបសូនតូចថ្មីពីរបីទៅក្នុងឈុតប្រសូតិកម្មរបស់យើង ។ មានរូបចម្លាក់តូចៗនៃអ្នកស្រុក ផ្ទះ កសិករ និងសត្វ កង្ហារខ្យល់ និងរហាត់ទឹក ព្រមទាំងរបស់ធម្មជាតិផ្សេងៗទៀតដើម្បីធ្វើជាកូនភ្នំ ជ្រលងភ្នំ ដើមឈើ និងវាលស្រែ ។ បំណែកនៃកញ្ចក់តូចៗត្រូវបានប្រើធ្វើជាទន្លេ និងស្ទឹង ។ ជួនកាលសូម្បីតែស្ពានក៏ត្រូវបានបង្ហាញផងដែរ ។ ហើយប្រាកដណាស់ ចំណុចសំខាន់នៃការណ៍ទាំងអស់នេះគឺជារូបចម្លាក់តូចដ៏សំខាន់ៗ ជាអ្វីដែលបានពិពណ៌នានៅក្នុងគម្ពីរដ៏បរិសុទ្ធ ៖ ហ្វូងចៀម និង « ពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន » ២ទេវតាដែលបានមានបន្ទូលទៅកាន់ពួកអ្នកគង្វាលថា កុំខ្លាចអី និងអ្នកដែលបានប្រកាសពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ដែលបាននាំមកនូវ « ដំណឹងល្អ … សេចក្តីអំណរយ៉ាងអស្ចារ្យដែលសម្រាប់បណ្តាជនទាំងអស់គ្នា »៣ហើយនិងរូបចម្លាក់ម៉ារា និងយ៉ូសែបដែលបានដាក់ជុំវិញស្នូកយ៉ាងល្អឯក ។៤ បន្ទាប់មកមានផ្កាយ ដែលព្រះគម្ពីរចែងថា បានផ្ដល់អំណរដ៏អស្ចារ្យដល់ពួកហោរ ហើយបានប្រាប់ផ្លូវពួកលោកឲ្យធ្វើដំណើរមករកព្រះយេស៊ូវ ។៥
វាស្រេចតែលើសមាជិកគ្រួសារទាំងអស់ដើម្បីតុបតែងឈុតប្រសូតិកម្មនេះ ។ ក្នុងរយៈពេលបីបួនថ្ងៃ ឬបីបួនសប្ដាហ៍ក្រោយមក ម្ដងបន្ដិចៗ នោះឈុតប្រសូតិកម្មនេះបានចេញជារូបរាងឡើង ដែលផ្គុំដោយបំណែកតូចៗទាំងអស់តាមកន្លែងត្រឹមត្រូវរបស់វា ។
ពេញមួយរដូវកាលនេះ យើងស្ងើចសរសើរដល់ឈុតប្រសូតិកម្ម ហើយចងចាំពីព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងដំណើររឿងនៃគម្ពីរម៉ាថាយ និងលូកា ដែលធ្វើឲ្យការប្រារព្ធបុណ្យនេះមានអត្ថន័យយ៉ាងខ្លាំង ។ ដំណើររឿងដែលបានតំណាលអំពីសេចក្ដីជំនឿ និងការធ្វើដំណើររបស់ម៉ារា និងយ៉ូសែបដែលបាន « ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែល [ មាន ] ឈ្មោះថា បេថ្លេហិម »៦ហើយអំពីការពុះពាររបស់ពួកលោកដើម្បីស្វែងរកកន្លែងមួយនៅទីនោះ ។
ប៉ុន្តែនៅទីបំផុត ថ្ងៃបុណ្យគ្រីស្ទម៉ាស់បានមកដល់ ហើយយើងបានដាក់រូបចម្លាក់ព្រះឱរសយេស៊ូវនៅក្នុងស្នូក ហើយការសន្ទនា បន្ទាប់មកបង្វែរទៅកាន់សារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង៧និងអំពីទ្រង់ដែលជា អំណោយទានដ៏ប្រសើរបំផុតពីអស់ទាំងអំណោយទាន ។
បទចម្រៀងគ្រីស្ទម៉ាស់នេះសង្ខេបពីអារម្មណ៍នៃស្មារតីនៃការប្រារព្ធបុណ្យនេះ ៖
« ឱ បុត្រម៉ារាថែយ៉ាងស្ងួនភ្ងា !
ឱ បុត្រតូចបរិសុទ្ធថ្លាថ្លៃ !
រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក
នៅថ្ងៃគ្រីស្ទម៉ាស់ទេវភាពដំបូង !
សង្ឃឹមនៃគ្រប់ជាតិសាសន៍សម័យ
មានពីព្រះភ័ក្ដ្រដ៏ចែងចាំងទ្រង់ !
ឱ បុត្រមានសិរីពេញផែនដី !
ឱ បុត្រតូចប្រសូតមកប្រពៃ !
ពួកអ្នកគង្វាលប្រាប់ពីចម្ងាយ
ឈរថ្វាយបង្គំនៅក្រោមដួងផ្កាយ
កាលពួកហោរទាំងឡាយលុតជង្គង់
ហើយបានច្រៀងកោតសរសើរដល់ទ្រង់ !
ឱ បុត្រទេវតាច្រៀងសរសើរ !
ឱ បុត្រតូច ព្រះឱរសស្ដេចយើង !
ទ្រង់ជាប្រភពព្យាបាលទុក្ខសោក
ដែលមានជាក់ច្បាស់នៅនឹងភ្នែកយើង !
ឱ អំណោយដ៏ថ្លៃដល់មនុស្ស
ជាមរតកដល់យើងនៅស្ថានសួគ៌ ! » ៨
ព្រះអង្គសង្គ្រោះផ្ទាល់បានថ្លែងទីបន្ទាល់អំពីអំណោយរបស់ទ្រង់ដល់យើង ៖ « ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្ត ។ ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។ ៩
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។១០
ឱ នោះជាអំណោយមួយដ៏អស្ចារ្យណាស់ ជាអំណោយដ៏ប្រសើរលើសលុប !
« រដូវកាលបុណ្យគ្រីស្ទម៉ាស់គឺជាគ្រាមួយដើម្បីសញ្ជឹងគិត និងធ្វើសកម្មភាពតាម ពរជ័យ និង ឱកាស ដែលយើងមានដោយសារតែការប្រសូត ព្រះជន្ម ដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ » ។១១
ខ្ញុំគិតអំពីពរជ័យនៃការរកឃើញសេចក្ដីសុខសាន្ដ និងសេចក្ដីសង្ឃឹម ទោះជានៅកណ្ដាលឧបសគ្គ និងការសាកល្បងក្ដី១២ពរជ័យនៃការណែនាំមកពីព្រះនៅគ្រាជោគជ័យផង និងគ្រាសោកសៅផង១៣ពរជ័យនៃការមានទស្សនវិស័យ និងគោលបំណងដ៏ធំជាងមុន ដោយដឹង និងជឿថា មានអ្វីច្រើនទៀតបន្ទាប់ពីបទពិសោធន៍រមែងស្លាប់នេះ១៤ពរជ័យនៃការដឹងគុណ ទោះជាពេលយើងមានតិចតួចដើម្បីបំពេញតាមតម្រូវការរបស់យើងក្ដី ពរជ័យនៃការទទួលបានការលួងលោមពេលយើងមានអារម្មណ៍ឯកោ១៥និងពរជ័យនៃការអាចផ្ដល់ឲ្យ ទោះជាពេលយើងមិនមានច្រើនក៏ដោយ ។
ពរជ័យទាំងនេះ និងពរជ័យជាច្រើនទៀតដែលយើងមានដោយសារតែព្រះយេស៊ូវគ្រីស្ទ ! មែនហើយ ដោយសារតែព្រះឱរសយេស៊ូវដែលខ្ញុំអន្ទះសាខ្លាំង រង់ចាំដាក់ទ្រង់នៅក្នុងស្នូកនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់នៅឯឈុតប្រសូតិកម្មរបស់យើង ! ទ្រង់គឺជាអំណោយដ៏អស្ចារ្យបំផុតរបស់យើង ទ្រង់បានប្រទានពរជ័យដ៏មានតម្លៃបែបនោះដោយសារតែព្រះជន្ម គំរូ ការបង្រៀន និងពលិកម្មរបស់ទ្រង់ ។
រួចហើយខ្ញុំសួរថា ជាការតបស្នងទៅទ្រង់វិញ តើយើងមិនអាចប្រើពរជ័យទាំងនេះដើម្បីសម្រាលបន្ទុករបស់អ្នកដទៃ ជួយលើកទឹកចិត្តពួកគេឲ្យភ្ជាប់នឹងស្មារតីនៃរដូវកាលដ៏បរិសុទ្ធនេះ ហើយអបអរសាទរដល់ដំណឹងដ៏ល្អដែលបានប្រកាសដល់អ្នកគង្វាលនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់លើកដំបូងទេឬអី ?
ព្រះគ្រីស្ទ បុណ្យគ្រីស្ទម៉ាស់របស់យើងអាចមានលើសពីការបង្ហាញសន្ដានចិត្ត និងការស្រឡាញ់ពេញចិត្តទៅទៀត គឺវាបង្ហាញពីអារម្មណ៍ដ៏មហិមានៃសេចក្ដីសប្បុរស ដែលជា « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ [ ដែល ] ស្ថិតស្ថេរនៅជានិច្ច » ។ ១៦ « ទោះជាអារម្មណ៍របស់យើងកើតមាន ហើយរសាយទៅវិញក្ដី ក៏ក្ដីស្រឡាញ់របស់ទ្រង់សម្រាប់យើងបន្ដនៅជារៀងរហូតដែរ » ។១៧ សេចក្តីស្រឡាញ់របស់ទ្រង់បានបំផុសគំនិតពួកគេឲ្យ មានបំណងផ្លាស់ប្តូរជីវិត ។
ការរៀនផ្ដោតចិត្តយើងកាន់តែខ្លាំងថែមទៀតលើព្រះគ្រីស្ទអំឡុងបុណ្យគ្រីស្ទម៉ាស់ នឹងផ្ដល់ដល់យើងនូវសេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅរបស់ទ្រង់មកក្នុងជីវិតយើង ហើយជាកម្លាំងកាន់តែរឹងមាំដើម្បីស្រឡាញ់ និងបម្រើដល់មនុស្សដទៃដែលនៅជុំវិញយើង ។
នៅពេលយើងរក្សាស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ នោះយើងរក្សាព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ សូមឲ្យយើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ជាពន្លឺនៃពិភពលោកនៅរដូវកាលនេះ ហើយសូមឲ្យយើងអនុញ្ញាតឲ្យពន្លឺរបស់យើងផ្ទាល់បំភ្លឺរដូវកាលនេះ តាមរយៈការចែកចាយសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងការបម្រើរបស់យើងជាមួយមនុស្សដទៃ ។
ដោយសារទ្រង់បានយាងមក នោះជីវិតរបស់យើងមានអត្ថន័យ ។ ដោយសារទ្រង់បានយាងមក នោះយើងមានសេចក្ដីសង្ឃឹម ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ហើយទ្រង់គឺជាអំណោយដ៏អស្ចារ្យបំផុតរបស់យើង ហើយខ្ញុំថ្លែងទីបន្ទាល់អំពីការណ៍នេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕