![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F75%2Ff7%2F75f79e9617b68e2536dddfde3944bd2e083c6748%2F75f79e9617b68e2536dddfde3944bd2e083c6748.jpeg/full/!250,/0/default)
ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ
ការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយ ឆ្នាំ២០២២
ថ្ងៃ អាទិត្យ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២២
សូមរីករាយបុណ្យគ្រីស្ទម៉ាស ! សូមអរគុណដល់បងប្អូនដែលបានថ្លែងសារលិខិត និងតន្ត្រី ព្រមទាំងការបម្រើដែលបានប្រកាស « ដំណឹងល្អនៃសេចក្តីអំណរដ៏អស្ចារ្យ » នៅក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ។
មនុស្សរាប់រយលាននាក់សាទរដល់ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ អំឡុងរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ។ ពិភពលោកទាំងមូលគួរតែសាទរបែបនេះ ។ ព្រះជន្មរបស់ទ្រង់ធ្លាប់ជា និងជាព្រះជន្មដ៏មហិមាបំផុតដែលធ្លាប់បានរស់នៅ ។
I.
សូម្បីតែនៅក្នុងបរិបទលោកិយនេះ ព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត បានជះឥទ្ធិពលយ៉ាងខ្លាំងលើលោកិយ និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងជាងជីវិតរបស់បុគ្គលណាៗទាំងអស់ដែលធ្លាប់បានរស់នៅ ។ ទ្រង់គឺជាប្រធានបទចម្បងរបស់ពួកព្យាការី និងកវីនិពន្ធនានា អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ។ សិល្បៈ និងតន្ត្រីដ៏អស្ចារ្យបំផុតនៃប្រទេសលោកខាងលិច ត្រូវបានឧទ្ធិសសម្រាប់សាទរដល់ការប្រសូត និងព្រះជន្ម ព្រមទាំងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកអ្នកទស្សនវិជ្ជា និងពួកសាសនាវិទូបានចំណាយជីវិតរបស់ខ្លួន ដើម្បីសិក្សាការបង្រៀនរបស់ទ្រង់ ។ ការបង្រៀនទាំងនោះបានបំផុសគំនិតនៃកិច្ចការសប្បុរសរាប់មិនអស់ ដែលជាការបើកសម្តែងនូវសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។
គ្មាននរណាម្នាក់មានស្នាដៃច្រើនជាងព្រះជន្មរបស់ទ្រង់ និងការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទឡើយ ។ ប្រាកដណាស់ ការណ៍នេះរួមមានព្រះវិហារកាតូលិកដ៏ធំបំផុតនានា ដែលមាននៅពាសពេញក្នុងទ្វីបអឺរ៉ុប និងអាមេរិក ដែលព្រះវិហារទាំងនេះតម្រូវឲ្យប្រើពេលច្រើនជាងមួយសតវត្សរ៍ដើម្បីសាងសង់ ។ ថ្មីៗនេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានព្រះវិហារបរិសុទ្ធដែលបានឧទ្ធិសឆ្លងរួច និងកំពុងដំណើរការចំនួន ១៧១ ហើយមានព្រះវិហារបរិសុទ្ធ១២៩ ទៀតកំពុងជួសជុលកែម្អ កំពុងសាងសង់ កំពុងគូរប្លង់ ឬទើបតែបានប្រកាសដោយប្រធាន រ័សុល អិម ណិលសុន នៅក្នុងសន្និសីទទូទៅរបស់យើងកាលពីខែតុលាថ្មីៗនេះ ។ ព្រះដំណាក់របស់ព្រះអម្ចាស់ទាំងនេះមាននៅគ្រប់ទ្វីប និងនៅក្នុងប្រទេសចំនួន ៧៤ ជុំវិញពិភពលោក ។ នៅទីនោះ យើងឧទ្ធិសជីវិតរបស់យើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
មនុស្សរាប់លាននាក់បានថ្វាយជីវិត—របស់ពួកគេហើយកាន់តែសំខាន់នោះ មនុស្សរាប់លាននាក់បានតម្រង់ជីវិតរបស់ពួកគេធ្វើតាមព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែល ព្រះយេហូវ៉ា ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ពុំបានបំផ្លើសចំណុចនេះឡើយកាលលោកបានប្រកាសថា « គំរូដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ [ គឺជា ] ព្រះចេស្តាដ៏មហិមាបំផុតសម្រាប់សេចក្តីល្អ និងភាពសុខសាន្តនៅក្នុងពិភពលោកទាំងអស់ » ។១
II.
យើងអាចមើលឃើញគោលបំណង និងនិមិត្តរូបដ៏សំខាន់មួយ នៅក្នុងការប្រកាសដ៏ទេវភាពនៃការប្រសូតរបស់ព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ ។ យើងរៀនពីដំណើររឿងក្នុងព្រះគម្ពីរសញ្ញាថ្មីថា ការប្រកាសអំពីការប្រសូតរបស់ព្រះឱរសព្រះគ្រីស្ទនៅអឌ្ឍគោលខាងកើត ត្រូវបានប្រកាសទៅកាន់ក្រុមបីផ្សេងគ្នា ដែលក្រុមនីមួយៗមានបុគ្គលិកលក្ខណៈខុសគ្នាឆ្ងាយណាស់ ។ អស់អ្នកដែលបានទទួលការប្រកាសពីសួគ៌ាអំពីការប្រសូតនេះគឺជាអ្នករាបសា អ្នកបរិសុទ្ធ និងអ្នកមានប្រាជ្ញាដ៏ខ្លាំង ។
ការប្រកាសទីមួយគឺប្រកាសដល់ពួកអ្នកគង្វាលនៅលើភ្នំក្បែរភូមិបេថ្លេហិម ។ ទេវតាមួយអង្គ និងក្រុមចម្រៀងសួគ៌ាបានប្រកាស « ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសម្រាប់បណ្តាជនទាំងអស់គ្នា … ព្រះអង្គសង្គ្រោះមួយអង្គ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។២ ពួកអ្នកគង្វាលប្រហែលជាត្រូវបានរើសដើម្បីទទួលដំណឹងល្អទាំងនេះ ដោយសារពួកគេស្លូតបូត និងរាបសា ។ ហេតុដូច្នេះហើយ ពួកគេមានលក្ខណៈពិសេសមួយក្នុងការងាយទទួលយកសារលិខិតមកពីស្ថានសួគ៌ ដែលពួកគេបានបញ្ជាក់តាមរយៈការទៅគាល់បុត្រតូចដែលទើបប្រសូតនោះ ។ បន្ទាប់មក ព្រះគម្ពីរកត់ត្រាថា ពួកគេ « ក៏រ៉ាយរ៉ាប់រឿងពីសេចក្តីដែលទេវតាបានប្រាប់ពីព្រះឱរស » ។៣ ទាំងការងាររបស់ពួកគេក្នុងនាមជាពួកអ្នកគង្វាល និងកូនចៀមដែលពួកគេមើលថែ ដែលព្រាងទុកជាគំរូអំពីព្រះអង្គសង្គ្រោះ ដែលតំណាងនៅក្នុងការបង្រៀនរបស់ទ្រង់ ។ ដូចគ្នានេះផងដែរ ពេលព្រះយេស៊ូវបានយាងទៅឯ យ៉ូហាន បាទីស្ទ នៅគ្រាចាប់ផ្តើមនៃការងារបម្រើរបស់ទ្រង់ ព្យាការីនោះបានប្រកាសថា « នុ៎ះន៍ កូនចៀមនៃព្រះដែលដោះបាបមនុស្សលោក » ។៤
ការប្រកាសទីពីរអំពីការប្រសូតនៃព្រះមែស៊ីគឺនៅក្នុងព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិម ទៅកាន់អ្នកធ្វើការដ៏បរិសុទ្ធពីរនាក់ ដែលបានរស់នៅក្នុងជីវិតដ៏បរិសុទ្ធ ដែលធ្វើឲ្យពួកគេស័ក្តិសមដើម្បីទទួលសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលម៉ារា និង យ៉ូសែប បាននាំយកព្រះឱរសយេស៊ូវទៅព្រះវិហារបរិសុទ្ធ សម្រាប់ការបូជាដែលជាសេចក្តីបង្គាប់ដល់កូនច្បង នោះទាំង ស៊ីម្មាន និង អាណ បានថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះមែស៊ី ។ ព្រះគម្ពីរកត់ត្រាថា ស៊ីម្មាន បានទទួលព្រះឱរសមកបី ហើយសរសើរដល់ព្រះដែលបានប្រទានឲ្យលោកឃើញ « សេចក្តីសង្គ្រោះរបស់ផងទ្រង់ » ជា « ពន្លឺសម្រាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អរបស់អ៊ីស្រាអែលជារាស្ត្រទ្រង់ » ។ ហើយអាណ « ហោរាស្រី បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរសដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះ នៅក្រុងយេរូសាឡិម » ។៥
ក្រុមទីបីបានដឹងពីការប្រសូតដ៏អស្ចារ្យនេះ ។ ព្រះគម្ពីរប៊ីបដែលបានកែសម្រួលបន្តិចដោយ យ៉ូសែប ស្ម៊ីធ កត់ត្រាថា « មានពួកអ្នកប្រាជ្ញពីទិសខាងកើតទៅក្រុងយេរូសាឡិម ដោយថ្លែងថា តើព្រះអង្គដែលប្រសូតមកធ្វើជាព្រះមែស៊ីនៃសាសន៍យូដាទ្រង់គង់នៅឯណា ? ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់ » ។៦
តាមរយៈការថ្លែងសាកសួររបស់ពួកគេ នោះយើងពុំសង្ស័យឡើងថា ព្រះអម្ចាស់បានដឹកនាំពួកគេក្នុងព្រះរាជបំណងដ៏ពិសិដ្ឋរបស់ទ្រង់ ។ ព្រះគម្ពីរប៊ីបបង្រៀនថា « បើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ ។៧ ពួកអ្នកប្រាជ្ញទាំងនេះមកពីដែនដី និងមានវប្បធម៌មួយផ្សេង ដូច្នេះសាក្សីមួយចំពោះពួកគេគឺជាការរំឭកថា ព្រះមែស៊ីបានប្រសូតមកសម្រាប់មនុស្សទាំងអស់ ។ ក្រៅពីនោះទៀត ប្រហែលជាមានគោលបំណងផ្សេងមួយទៀត ។ អំណោយដ៏មានតម្លៃជាមាស និងអំណោយផ្សេងទៀតដែលពួកអ្នកប្រាជ្ញបានថ្វាយប្រហែលជាអាចបានជួយដល់ ម៉ារា និង យ៉ូសែប ធ្វើដំណើរយ៉ាងប្រញាប់ទៅស្រុកអេស៊ីព្ទ ហើយបន្តនៅទីនោះដើម្បីជួយសង្គ្រោះដល់ព្រះឱរសព្រះគ្រីស្ទ កាលព្រះជន្មរបស់ទ្រង់ត្រូវបានគំរាមធ្វើគុត ដោយការត្រាស់បង្គាប់ដ៏ទុច្ចរិតរបស់ស្តេចហេរ៉ូឌ ។៨
តើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬអី ដែលព្រឹត្តិការណ៍ដ៏ប្រកបដោយអព្ភូតហេតុនៃការប្រសូតរបស់ព្រះគ្រីស្ទ និងអ្វីមួយដែលសំខាន់អំពីព្រឹត្តិការណ៍នោះគឺត្រូវបានប្រាប់ឲ្យដឹងតែដល់ពួកអ្នករាបសា អ្នកបរិសុទ្ធ និងអ្នកមានប្រាជ្ញាខ្លាំងប៉ុណ្ណោះនោះ ? ដូចអែលឌើរ ជេមស៍ អ៊ី ថាល់មេហ្គ បានបង្រៀននៅក្នុង Jesus the Christថា « ប្រាកដណាស់ ព្រះបានលើកឡើងនូវសាក្សីនានាសម្រាប់ទ្រង់ ដើម្បីបំពេញគ្រប់ឋានៈ និងស្ថានភាពទាំងអស់របស់មនុស្ស—ពោលគឺទីបន្ទាល់របស់ពួកទេវតាទៅកាន់ពួកអ្នកក្រីក្រ និងអ្នករាបទាប ទីបន្ទាល់នៃពួកអ្នកប្រាជ្ញទៅកាន់ស្តេចដ៏ឃោរឃៅ និងពួកសង្ឃដ៏មានអំនួតនៃស្រុកយូដា » ។៩
ការចងចាំពី ស៊ីម្មាន និង អាណ នោះអាចបំផុសគំនិតដល់យើងឲ្យធ្វើដូចជាពួកលោក ហើយបន្ថែមទីបន្ទាល់របស់យើងអំពីការប្រសូតដ៏ពិសិដ្ឋ និងគោលបំណងនៃការប្រសូតនេះ នៅក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ។
III.
សម្រាប់យើង គ្មានអ្វីថ្មីទេនៅក្នុងការសាទរដល់ការប្រសូតរបស់ព្រះគ្រីស្ទ ។ សារលិខិតនេះគឺមានរាប់មិនអស់ ហើយមានគេស្គាល់ច្រើន ។ សារលិខិតនេះបានបង្រៀនដល់លោកអ័ដាម ។ សារលិខិតនេះបានផ្សាយដល់កូនចៅអ៊ីស្រាអែល ។ សារលិខិតនេះបានបើកសម្តែងដល់ពូជពង្សរបស់លោកឪពុកលីហៃ ។ ម្តងហើយម្តងទៀត ពួកព្យាការីបានប្រកាសអំពីសេចក្តីពិតដ៏សំខាន់នៃការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ម្តងហើយម្តងទៀត ពួកលោកបានប្រកាសពីបេសកកម្មរបស់ទ្រង់ ហើយបានបង្រៀនព្រះបញ្ញត្តិរបស់ទ្រង់ថា បុត្រាបុត្រីរបស់ព្រះស្រឡាញ់ និងបម្រើព្រះ និងគ្នាទៅវិញទៅមក ។ ការប្រកាសទាំងនេះគឺជាសារលិខិតដ៏សំខាន់បំផុតនៅក្នុងភាពអស់កល្បទាំងអស់ ដែលបានកើតឡើងដដែលៗគ្រប់ជំនាន់ ។ ចំពោះអស់អ្នកដែលដើរតាមព្រះគ្រីស្ទ ការប្រកាសទាំងនេះគឺមិនត្រូវបាន ធ្វើកំណែឡើងវិញ ឡើយ ។ ការប្រកាសទាំងនោះត្រូវបាន រំឭក នៅក្នុងជីវិតរបស់ពួកយើងគ្រប់គ្នា ។
បុណ្យគ្រីស្ទម៉ាស់ពញ្ញាក់ស្មារតីយើងឲ្យមានបំណងប្រាថ្នាពង្រីកខ្លួនយើងហួសពីចំណងធម្មតានៃសេចក្តីស្រឡាញ់ និងមិត្តភាពរបស់យើង ។ ការប្រកាសសួគ៌ាពី « សេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស »១០ពុំត្រូវបានកំណត់ចំពោះអស់អ្នកដែលយើងស្រឡាញ់ និងអាណិតអាសូររួចហើយនោះទេ ។ បុណ្យគ្រីស្ទម៉ាស់បានដឹកនាំសុច្ឆន្ទៈទៅកាន់មិត្តភក្តិទូទៅ ជនប្លែកមុខ និងសូម្បីតែមារសត្រូវ ។ បុណ្យគ្រីស្ទម៉ាស់ក៏ជាគ្រាមួយសម្រាប់ការអភ័យទោស ជាគ្រាមួយដើម្បីព្យាបាលដំបៅចាស់ ហើយស្តារទំនាក់ទំនងដែលបានប្រេះឆា ។
បុណ្យគ្រីស្ទម៉ាស់គឺជាគ្រាមួយដើម្បីកម្ចាត់ចោលនូវភាពក្រអឺតក្រទម និង ជាគ្រាដើម្បីបង្ក្រាបការរិះគន់ អនុវត្តភាពអត់ធ្មត់ និងដើម្បីដកចេញនូវការសង្កត់ធ្ងន់លើភាពខុសគ្នាក្នុងចំណោមមនុស្ស ។ យើងមានការលើកទឹកចិត្តដើម្បីធ្វើស្របទៅនឹងមនុស្សទាំងអស់ ទាំងអ្នកដែលមាន និងអ្នកដែលមិនមានជំនឿដូចយើង ដោយគោរពតាមព្រះបញ្ញាតិដែលព្រះបានមានបន្ទូលដែលព្យាការីម៉ូសេបានប្រាប់ដល់កូនចៅអ៊ីស្រាអែលថា ៖
« បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ ។
« ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ » ។១១
បុណ្យគ្រីស្ទម៉ាស់គឺជាគ្រាមួយដើម្បីចងចាំថា យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលបានប្រទានព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានប្រោសលោះពីសេចក្តីស្លាប់ ហើយជាអង្គដែលបានប្រទានពរជ័យនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងដល់មនុស្សលោកតាមលក្ខខណ្ឌដូចគ្នានេះ ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគប្បីធ្វើជាមនុស្សរួសរាយរាក់ទាក់បំផុត និងចេះគិតគូរខ្លាំងបំផុត ជាងមនុស្សទាំងអស់នៅគ្រប់ទីកន្លែង ។ យើងគប្បីបង្រៀនកូនចៅរបស់យើងឲ្យមានចិត្តសប្បុរស និងចេះគិតគូរដល់មនុស្សគ្រប់រូប ។ ប្រាកដណាស់ យើងគួរតែចៀសវាងពីទំនាក់ទំនង និងសកម្មភាពនានាដែលបន្ទាបបន្ថោកដល់អាកប្បកិរិយារបស់យើង ឬបន្សាបសេចក្តីជំនឿ និងការថ្វាយបង្គំរបស់យើង ។ ប៉ុន្តែ នោះមិនគួររារាំងយើងពីការខិតខំរបស់យើងក្នុងការសហការជាមួយមនុស្សសម្រាប់ការបញ្ចុះបញ្ចូល ពោលគឺ—អ្នកជឿ និងអ្នកមិនជឿ ។
កាលពីរបីទសវត្សរ៍មុន ប្រធានម៉នសុនបានថ្លែងពាក្យទាំងនេះ ៖
« ពួកអ្នកគង្វាលកាលពីបុរាណបានស្វែងរកព្រះឱរសយេស៊ូវ ។ ប៉ុន្តែយើងត្រូវស្វែងរកព្រះយេស៊ូវដែលជាព្រះគ្រីស្ទ ជាបងប្រុសបង្អស់របស់យើង ជាអង្គបង្រួបបង្រួមរបស់យើងជាមួយនឹងព្រះវរបិតា ជាព្រះដ៏ប្រោសលោះរបស់យើង ជាអង្គនាំឲ្យមានសេចក្ដីសង្គ្រោះដល់យើង ទ្រង់បានគង់នៅជាមួយនឹងព្រះវរបិតាតាំងពីដំបូង ទ្រង់ដែលបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបនៃពិភពលោក ហើយបានស្ម័គ្រព្រះទ័យសុគតដើម្បីយើងអាចរស់ជារៀងរហូត ។ នេះគឺជាព្រះយេស៊ូវដែលយើងស្វែងរក » ។១២
ពួកបរិសុទ្ធថ្ងៃចុងក្រោយមានលក្ខណៈពិសេសមួយដែលស័ក្តិសម ដើម្បីសាទរដល់សារលិខិតនៃសេចក្តីសង្គ្រោះអំពីព្រះយេស៊ូវគ្រីស្ទពេញមួយឆ្នាំ ។ យើងមានអំណាយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់មានបេសកកម្មដើម្បីថ្លែងទីបន្ទាល់ពីព្រះវរបិតា និងព្រះរាជបុត្រា ។១៣ យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលបានប្រកាសថា « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។១៤ ហើយពួកព្យាការីរបស់ព្រះអង្គសង្គ្រោះយើង—ដែលជាព្រះយេស៊ូវគ្រីស្ទដែលចា ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែល—បានប្រកាសដំណឹងល្អរបស់ទ្រង់ ។
« ទ្រង់បានយាងមកក្នុងពិភពលោកគឺព្រះយេស៊ូវ ដើម្បីត្រូវគេឆ្កាងជំនួសពិភពលោក ហើយដើម្បីផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជម្រះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ ។
« ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចបានសង្គ្រោះ ដែលព្រះវរបិតាបានដាក់ក្នុងព្រះចេស្ដារបស់ទ្រង់ ហើយបានបង្កើតដោយទ្រង់ ។
ដែលសរសើរតម្កើងព្រះវរបិតា ហើយសង្គ្រោះអស់ទាំងការនៃព្រះហស្តទ្រង់ » ។១៥
ហេតុដូច្នេះហើយ នៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញរបស់ទ្រង់ យើងប្រកាសថា « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ។១៦ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕