ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
សម្រាប់​ពួក​សុចរិត​បុណ្យ​គ្រីស្ទម៉ាស់​មាន​ន័យ​ថា អ្វីៗ​នឹង​ស្រួល​ទាំង​អស់


12:3

សម្រាប់​ពួក​សុចរិត​បុណ្យ​គ្រីស្ទម៉ាស់​មាន​ន័យ​ថា អ្វីៗ​នឹង​ស្រួល​ទាំង​អស់

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ​ឆ្នាំ ២០២២

ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២២

ខ្ញុំ​សូម​អរគុណ​ដល់ ប្រធាន ណិលសុន និង គណៈប្រធាន​ទី​មួយ​សម្រាប់​ឯកសិទ្ធិ​ក្នុង​ការនិយាយ​នា​យប់​នេះ ។ គ្រួសារ​របស់​យើង​បាន​សាទរ​ប្រពៃណី​នៃ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ នៅ​ក្នុង​ប្រទេស​របស់​យើង​ផ្ទាល់ និង​នៅ​ប្រទេស​បារាំង អាល្លឺម៉ង់ និង ប្រេស៊ីល ។ មិន​ថា​យើង​រស់នៅ​ទីណា​នោះ​ទេ សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​ជឿ និង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដីពិត​ដ៏​ស្រស់ស្អាត​មួយ​គឺ​នៅ​តែ​ដដែល ៖ យើង​រីករាយ​ថា​ទ្រង់​ដែល​ត្រូវ​បាន​ហៅ​តាំង​ពី​ដើម​មក ជា​ទ្រង់​ដែល​ត្រូវ​បាន​រំពឹង​ទុក​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ទ្រង់​ដែល​​ជា​បុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា ទ្រង់​បាន​យាង​មក—ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​លក្ខខណ្ឌ​ដ៏​រាបទាប​បំផុត—ទ្រង់​បាន​យាង​មក ។ ហើយ​ដោយសារ​ទ្រង់​បាន​យាង​មក នោះ​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ​នឹង​រស់នៅ​ជា​ថ្មី ហើយ​ប្រសិនបើ​ពួកគេ​ជ្រើសរើស ពួកគេ​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ជា​អំណោយទាន​ដ៏​ប្រសើរ​បំផុត​ពី​អស់​ទាំង​អំណោយ​ទាន​នៃ​ព្រះ ។

ក្នុង​ដំណើររឿង​ដ៏​អស្ចារ្យ​នៃ​ការប្រសូត​របស់​ទ្រង់​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ មាន​មេរៀន​ជា​ច្រើន​ដែល​យើង​អាច​រៀន​បាន ។

នេះ​ជា​មេរៀន​ដែល​ខ្ញុំ​នឹង​ចែកចាយ​ជាមួយ​បងប្អូន​នា​យប់​នេះ ៖ ដោយ​មាន​នូវ​គ្រប់​ការព្រួយ​បារម្ភ និង​ភាព​មិន​ប្រាកដប្រជា ការលំបាក និង​បញ្ហា​ដែល​ដើរ​តាម​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ សម្រាប់​ពួក​សុចរិត—ពោល​គឺ​អ្នក​មាន​សេចក្តីជំនឿ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់—នៅ​ទីបំផុត អ្វីៗ​នឹង​ស្រួល​ទាំង​អស់ ។

សូម​គិត​អំពី​គំរូ​ដ៏​អស្ចារ្យ​ទាំង​នេះ ។

ស្ត្រី​ដ៏​សុចរិត​ម្នាក់​ឈ្មោះ អេលីសាបិត និងស្វាមី​របស់​គាត់​ឈ្មោះ សាការី ដែល​កាល​នោះ​មាន​វ័យ​ចំណាស់​ទៅ​ហើយ​កើត​ទុក្ខ​ដោយ​ពុំ​បាន​ពរ​ឲ្យ​មាន​កូន ។ ប៉ុន្តែ​ពួកគាត់​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

ទោះបី​ជា​ព្រះគម្ពីរ​មិន​បាន​កត់ត្រា​អំពី​អារម្មណ៍ និង​អ្វី​ដែល សាការី និង អេលីសាបិត បាន​និយាយ​គ្នា​ក្តី ក៏​ល្ខោន​បែប​តន្ត្រី​ក្រោម​ចំណងជើង​ថា ព្រះអង្គ​សង្រ្គោះ​នៃ​ពិភព​លោក ជួយ​យើង​ឲ្យ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​អាច​មាន​នៅក្នុង​ដួងចិត្ត​របស់​ពួកគាត់ ។ សាការី​ប្រកាស​ប្រាប់​អេលីសាបិត ៖ « យើង​មិន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មាន​កូន​ទេ ។ ប៉ុន្តែ​យើង​នៅ​តែ​ទុកចិត្ត​លើ​ព្រះអម្ចាស់ » ។ បន្ទាប់​មក​ពួកគាត់​​ច្រៀង ៖ « ខ្ញុំ​នឹង​ថ្វាយ​ចំពោះ​ព្រះ​ជា​រៀង​រហូត ប៉ុន្តែ​មិន​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្ញុំ​ទេ ។… បើ​មិន​ដូច្នោះ​ទេ នោះ​ការថ្វាយ​ដល់​ទ្រង់​ជា​រៀង​រហូត​មាន​ន័យ​ថា ខ្ញុំ​នឹង​រង់ចាំ ហើយ​មើល និង​ឈ្វេង​យល់ ។… ខ្ញុំ​នឹង … បន្ត​ទុក​ឲ្យ​ទ្រង់​ដឹកនាំ​ខ្ញុំ … រហូត​ដល់​ម៉ោង​របស់​ខ្ញុំ រហូត​ដល់​ថ្ងៃ​របស់​ខ្ញុំ រហូត​ដល់​ឆ្នាំ​របស់​ខ្ញុំ​បាន​បញ្ចប់ » ។

បន្ទាប់​មក អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ ព្រះគម្ពីរ​បាន​កត់ត្រា​ថា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេវតា​កាព្រីយ៉ែល បាន​បង្ហាញ​ព្រះកាយ​ដល់​សាការី ។ ទេវតា​បាន​ប្រកាស​ថា ៖ « អេលីសាបិត​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា​យ៉ូហាន ។… ហើយ​កូន​នោះ​នឹង … រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សម្រាប់​ជា​រាស្ត្រ​របស់​ព្រះអម្ចាស់ ។

សាការី​តប​ថា « ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ » ។

កាព្រីយ៉ែល​បាន​តប​ថា « មើល​លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង … សម្រេច » ។

សូម​គិត​អំពី​អារម្មណ៍​ដែល​នឹង​កើត​ឡើង​ចំពោះ​អេលីសាបិត និង សាការី ។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពួកគាត់​បាន​អធិស្ឋាន​ទូល​សុំ​កូន ប៉ុន្តែ​ពួកគាត់ពុំ​បាន​ទទួល​ចម្លើយ​ទេ ។ ពួកគាត់​បាន​បន្ត​កាន់​តាម​ព្រះបញ្ញត្តិ និង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ បន្ទាប់​មក ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ដល់​សាការី ប៉ុន្តែ​ក្រោយ​ពី​ការជួប​នោះ​មក គាត់​មិន​អាច​និយាយ​បាន ។ គាត់​អាច​សង្ស័យ​អំពី​ជំហរ​របស់​គាត់​ចំពោះ​ព្រះអម្ចាស់ ។ ប៉ុន្តែ​តាម​កាល​កំណត់ ទារក​នោះ​បាន​កើត​មក ។ សាការី​អាច​និយាយ​បាន​វិញ ។ ហើយ​ទារក​នោះ​បាន​ក្លាយជា​ព្យាការី​យ៉ូហាន ដែល​បាន​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះសង្រ្គោះ ។ ជាមួយ​នឹង​ភាពមិន​ប្រាកដ​ប្រជា និង​ការលំបាក​ទាំងអស់ នៅ​ទីបំផុត​សម្រាប់​ពួក​សុចរិត អ្វីៗ​ស្រួល​ទាំងអស់ ។

បន្ទាប់​មក នៅ​ក្នុង​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស់ យើង​បាន​ជួប​ម៉ារា​ដ៏​ជា​ទី​ស្រឡាញ់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​មាតា​របស់​ព្រះ​រាជបុត្រា​នៃ​ព្រះ ។ ប៉ុន្តែ​នៅ​តែ​មាន​ការព្រួយ​បារម្ភ និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត​របស់​នាង ។ កាព្រីយ៉ែល​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា ដោយ​ប្រាប់​នាង​ពី​ការហៅ​ដ៏​រុងរឿង​របស់​នាង ។ ម៉ារា​បាន​សួរ​ថា « ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​នឹង​ឲ្យ​ការនេះ​សម្រេច​បាន ? » កាព្រីយ៉ែល​បាន​ពន្យល់​ថា ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហើយ​នាង​នឹង​មាន​គភ៌​គឺ​ព្រះរាជបុត្រ​របស់​ព្រះ ហើយ​ព្រះនាម​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ ។

សូម​គិត​អំពី​អំណរ និង​សុភមង្គល​ដែល​នាង​បាន​ទទួល​អារម្មណ៍ ដែល​ទេវតា​នៃ​ព្រះ​បាន​យាង​មក​ជួប​នាង ។ ឱ​វា​ជា​ការរាបសា​អ្វី​ម៉្លេះ នៅ​ពេល​នាង​បាន​សញ្ជឹង​គិត​ក្នុង​ការធ្វើ​ជា​មាតា​របស់​ព្រះ​មែស៊ី ដែល​បាន​ទន្ទឹង​រង់ចាំ​មក​ជា​យូរ ។ ហើយ​នៅ​ពេល​ប្រាប់​យ៉ូសែប អ្វីៗ​ទាំងអស់​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ។ យ៉ូសែប​គឺ​ជា​មនុស្ស​សុចរិត​ម្នាក់ ហើយ​មិន​ចង់​ឲ្យ​ម៉ារា​មាន​ភាព​អាម៉ាស់ ប៉ុន្តែ​គាត់​មិន​ដឹង​ច្បាស់​ពី​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ដើរ​តាម​ទេ ។ អំឡុង​ពេល​គាត់​មាន​កង្វល់ និង​ភាព​មិន​ប្រាកដប្រជា នោះ​ទេវតា​ម្នាក់​បាន​យាង​មក​រក​គាត់​ក្នុង​សុបិន​មួយ​ថា ៖ « យ៉ូសែប … កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា « យេស៊ូវ » ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ពី​បាប » ។

ប្រាកដ​ណាស់ យើង​អាច​យល់​ថា ម៉ារា​មាន​កង្វល់ និង​មិន​ប្រាកដ​ប្រជា ដោយ​ឆ្ងល់​ពី​របៀប​ដែល​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្តេច ។ យ៉ូសែប​ក៏​មាន​ការព្រួយ​បារម្ភ និង​មិន​ស្ងប់​ចិត្ត​ផងដែរ ។ ប៉ុន្តែ​ឥឡូវ​នេះ វា​ច្បាស់​ណាស់​ថា ពួកគាត់​នឹង​ដើរ​លើ​ផ្លូវ​នេះ​ជាមួយ​គ្នា ។ ម៉ារា​ច្បាស់​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ដឹង​ថា ទេវតា​នោះ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ។ យ៉ូសែប​ច្បាស់​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ដឹង​ថា នេះ​គឺ​ជា​ព្រះហឫទ័យ​របស់​ព្រះ ។ ជាមួយ​នឹង​ភាព​មិន​ប្រាកដប្រជា និង​ការលំបាក នៅ​ទីបំផុត​សម្រាប់​ពួក​សុចរិត អ្វីៗ​ស្រួល​ទាំងអស់ ។

ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ​ថា ការលំបាក​នៅតែ​មាន​នៅ​ពេលខាង​មុខ វា​នឹង​មាន​ជានិច្ច ។ នៅពេល​ម៉ារា​ជិត​សម្រាល ពួក​សាសន៍​រ៉ូម​តម្រូវ​ឲ្យ​យ៉ូសែប​ត្រឡប់​ទៅកាន់​ទីក្រុង​បេថ្លេហិម​វិញ ។ ម៉ារា និង យ៉ូសែប បាន​ប្តេជ្ញា​ចិត្ត​ថា ពួកគាត់​នឹង​ទៅ​ជាមួយ​គ្នា ។ យើង​ទាំងអស់​គ្នា​ចូលចិត្ត​រឿង​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ​នេះ​ណាស់ ។ ពេលទៅ​ដល់​បេថ្លេហិម ផ្ទះ​សំណាក់​គ្មាន​សល់​បន្ទប់​នោះ​ទេ ។ ឱ​យ៉ូសែប​ច្បាស់​ជា​មាន​ការបារម្ភ​ខ្លាំង​ណាស់ ។ តើ​វា​អាច​កើត​ឡើង​បែបនេះ​យ៉ាង​ណា​ទៅ ? ហេតុអ្វី​ម៉ារា​ត្រូវ​បាន​ជ្រើសរើស​លើ​ស្ត្រី​ទាំងអស់ ដើម្បី​បង្កើត​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នៅក្នុង​ក្រោល​សត្វ​ដ៏​សាមញ​ខ្លាំង​បែប​នេះ ? តើ​ការប្រសូត​នេះ​នឹង​គ្មាន​បញ្ហា ឬ​ភាពស្មុគស្មាញ​ទេ​ឬ ?

វា​ហាក់​ដូចជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ និង​អយុត្តិធម៌ ។ តែ​បុត្រ​តូច​នោះ​បាន​ប្រសូត​មក ហើយ​ព្រះបុត្រា​មាន​សុខភាព​ល្អ ។ ដូច​ជា​ការរៀបរាប់​នៅក្នុង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ​នេះ​ថា « ផ្ទុំ​នៅក្នុង​ស្នូក​ទីឆ្ងាយ​ឥត​មាន​គ្រែ​ផ្ទុំ​ឡើយ ព្រះយេស៊ូវ​ទារក​តូច​ផ្ទុំ​នៅ​ឥត​មាន​ខ្នើយ » ។

មុន​ពេល​យប់​នោះ​បាន​កន្លង​ផុត​ទៅ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួក​អ្នក​គង្វាល​នៅ​ទីវាល​ដោយ​នាំ​ដំណឹង​ល្អ​ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ។ ហើយ​ពួកទេវតា​បាន​ច្រៀង​ថា « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី​នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។

ពួក​អ្នក​គង្វាល​បាន​ទៅ​ឯ​ភូមិ​បេថ្លេហិម ដើម្បី​ស្វែងរក​ព្រះ​ឱរស​យេស៊ូវ ។ ហើយ​នៅពេល​ពួកគេ​បាន​រកឃើញ​ព្រះឱរស​ព្រះ​គ្រីស្ទ នោះ យ៉ូសែប និង ម៉ារា​ច្បាស់​ជា​បាន​ទទួល​អារម្មណ៍​លួងលោម និង​ការបញ្ជាក់​យ៉ាងណា​ទៅ នៅពេល​ពួកគាត់​បាន​ដឹង​ថា មាន​គោលបំណង​ក្នុង​ការលំបាក​ដែល​បាន​ហ៊ុម​ព័ទ្ធ​ពួកគាត់ ។ ពួកទេវតា​បាន​ប្រកាស​អំពី​ការយាង​មក និង​បេសកកម្ម​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់ ។ បន្ទាប់ពី​ការលំបាក និង​ភាព​មិន​ប្រាកដប្រជា នៅ​ទីបំផុត​សម្រាប់​ពួក​សុចរិត អ្វីៗ​ស្រួល​ទាំងអស់ ។

នៅ​ទ្វីប​អាមេរិក​ឯណោះ​វិញ បញ្ហា ភាព​មិន​ប្រាកដប្រជា និង​កង្វល់​នានា​ក៏​កើត​មាន​ដល់​ពួក​សុចរិត​ផងដែរ ។ ព្យាការី​សាំយូអែល​បាន​បញ្ជាក់​ថា ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​កើត​ឡើង​ក្នុង​រយៈពេលប្រាំ​ឆ្នាំ​ខាង​មុខ ហើយ​ថា​នឹង​មាន​ទីសម្គាល់​មួយ ដែល​ពេញ​មួយ​យប់​នោះ​ពុំ​ងងឹត​ឡើយ ។ នៅ​ថ្ងៃ​នោះ​ជិត​មក​ដល់ ស្រាប់​តែ​មាន​រឿង​នឹក​ស្មាន​មិន​ដល់បាន​កើត​ឡើង ។ « មាន​មួយ​ថ្ងៃ [ ដែល​បាន ] កំណត់​ទុក​ដោយ​ពួក​អ្នក​ដែល​ពុំ​ជឿ [ ជា​អ្នក​ដែល​ប្រកាស​ថា​ពេល​នោះ​បាន​កន្លង​ផុត​ទៅ​ហើយ ] ថា អស់​អ្នក​ណា​ដែល​ជឿ [ ថា​ព្រះអង្គសង្គ្រោះ​នឹង​យាង​មក ] នឹង​ត្រូវ​ប្រហារជីវិត​ចោល លើកលែង​តែ​មាន​ទី​សម្គាល់​កើត​ឡើង » ។ អ្នក​មិន​ជឿ​បាន​ចំអក​ដល់​អ្នក​ជឿ​ថា « សេចក្ដី​អំណរ និង​សេចក្ដី​ជំនឿ​របស់​អ្នក​អំពី​រឿង​នេះ​បែរជា​ឥត​ប្រយោជន៍​ទៅ​វិញ » ។១០ សូម​ស្រមៃ​គិត​អំពី​ការថប់​បារម្ភ និង​កង្វល់​របស់​ពួកសុចរិត ។ ព្រះគម្ពីរ​ចែង​ថា នីហ្វៃ « បាន​ក្រាប​ទៅ​លើ​ដី ហើយ​បាន​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ​របស់​លោក ជំនួស​ប្រជាជន​របស់​លោក » ។១១ ហើយ​នៅពេល​នីហ្វៃ​កំពុង​អធិស្ឋាន « សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​កាន់​លោក​ថា ៖ ចូរ​ងើប​ឡើង ហើយ​មាន​សេចក្ដី​សង្ឃឹម​ចុះ ដ្បិត​មើល​ចុះ ពេល​នោះ​ជិត​មក​ដល់​ហើយ ហើយ​នៅ​ក្នុង​យប់​នេះ ទី​សម្គាល់នឹង​លេច​មក ហើយ​ថ្ងៃ​ស្អែក​ឡើង យើង​នឹង​ចុះ​មក​ឯ​លោកិយ » ។១២

ព្រះគម្ពីរ​ប្រកាស​ថា « ពាក្យ​ដែល​បាន​បន្លឺ​ដល់​នីហ្វៃ ត្រូវ​បាន​បំពេញ​មែន … ដ្បិត​មើល​ចុះ នៅ​វេលា​ថ្ងៃ​លិច ក៏​ពុំ​ងងឹត​សោះ ។ … [ ហើយ ] ប្រជាជន​ទាំង​អស់ … មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង រហូត​ដល់​គេ​ដួល​ទៅ​លើ​ដី ។ … [ ហើយ ] ពេញ​មួយ​យប់​នោះ គ្មាន​ភាព​ងងឹត​អ្វី​សោះ ប៉ុន្តែ​ភ្លឺ​ដូច​ពេល​កណ្ដាល​ថ្ងៃ​ត្រង់ ។ … ហើយ​ពួក​គេ​បាន​ដឹង​ថា នេះ​គឺជា​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​ទ្រង់​ត្រូវ​ប្រសូត » ។១៣

ជាមួយ​នឹង​ការលំបាក និង​ភាពមិន​ប្រាកដ​ប្រជា​ទាំងអស់ នៅ​ទីបំផុត​សម្រាប់​ពួក​សុចរិត—សម្រាប់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ—ទោះ​បី​នោះ​ក្នុង​ជីវិត​នេះ ឬ​នៅពេល​យើង​លុត​ជង្គង់​នៅ​ព្រះបាទា​របស់​ទ្រង់​ក្តី អ្វីៗ​ស្រួល​ទាំង​អស់ ។១៤

ដោយគិត​ពី​គ្រា​ដ៏​ពិសិដ្ឋ​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ហេតុអ្វី​ព្រះអម្ចាស់​ទន្ទឹង​រង់ចាំ​រហូត​ដល់​យប់​ចុង​ក្រោយ​ទើប​មាន​បន្ទូល​ប្រាប់​នីហ្វៃ​ថា ទ្រង់​នឹង​ប្រសូត​នៅ​ថ្ងៃ​ស្អែក ? ទ្រង់​គួរ​តែ​មាន​បន្ទូល​ប្រាប់​លោក​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​ជា​មុន ។ ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​អេលីសាបិត និង សាការី នៅ​រហូត​ដល់​ចាស់​ដោយ​គ្មាន​កូន ពីមុន​បញ្ជាក់​ថា ព្យាការី​យ៉ូហាន​នឹង​កើត​មក​ពី​ពួកគាត់ ? ហើយ​ហេតុអ្វី​ម៉ារា​ត្រូវ​ឆ្ងល់​អំពី​កិច្ចការ​ដែល​នាង​ត្រូវ​ធ្វើ ហើយ​យ៉ូសែប​ឆ្ងល់​ពី​តួនាទី​របស់​គាត់​នៅក្នុង​រឿង​នេះ ដែល​ជា​រឿង​សំខាន់​បំផុត​នៃ​រឿង​ណាៗ​ទាំងអស់ ? ហេតុអ្វី​បាន​ជា​គ្មាន​នរណា​ដឹង​អំពី​តួនាទី​របស់​ស្នូក និង​ពួកអ្នក​គង្វាល ព្រមទាំង​ពួក​ទេវតា រហូត​ដល់​ព្រឹត្តិការណ៍​ទាំង​នោះ​បាន​កើត​ឡើង ?

នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ ព្រះអម្ចាស់​បាន​ប្រកាស​« យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។១៥ ហើយ​ចេញពី សុភាសិត ៖ « ចូរ ទី ពឹង ដល់ ព្រះយេហូវ៉ា ឲ្យ អស់ អំពី ចិត្ត កុំ ឲ្យ ពឹង ផ្អែក លើ យោបល់ របស់ ខ្លួន ឡើយ ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។១៦

នៅ​ក្នុង​គ្រា​នៃ​ភាព​មិន​ប្រាកដប្រជា​របស់​យើង​ផ្ទាល់ នៅក្នុង​គ្រា​នៃ​បញ្ហា និង​ការលំបាក នៅ​ក្នុង​ការពុះពារ​នានា​របស់​យើង ចូរ​យើង​មាន​ភាព​ស្មោះត្រង់ ។ ព្រះយេស៊ូវ​បាន​មក​ដល់​នៅ​យប់​ដ៏​បរិសុទ្ធ​នោះ ។ ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក ជា​ម្ចាស់​នៃ​មេត្រី​ភាព ជា​ស្តេច​នៃ​អស់​ទាំង​ស្តេច ។ ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ « ក្តី​ស​ង្ឃឹម និង​ភាព​ភ័យ​ខ្លាច​ជា​យូរ​មក​ត្រូវ​បាន [ ទ្រង់ ] បំ​ពេញ » ។១៧ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា កាល​យើង​មាន​ភាពសុចរិត នោះ​ទឹក​ភ្នែក​សោកសៅ ការលំបាក និង​ភាព​មិន​ប្រាកដប្រជា​ទាំង​អស់​របស់​យើង នឹង​ត្រូវ​បាន​បំពេញ ហើយ​ធ្វើ​ឲ្យ​ធូរស្បើយ​នៅ​ក្នុង​ទ្រង់ ដែល​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ព្រះ ។ « អំណរ​ដល់​លោក ព្រះបុត្រ​កើត​ហើយ » ។១៨ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕